សន្និសីទទូទៅ
ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ

ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ

ព្រះអង្គសង្គ្រោះ​បង្រៀន​យើង​ពី​របៀប​មាន​អារម្មណ៏​នៃ​ភាពសុខសាន្ត និង ស្ងប់​ស្ងាត់​សូម្បី តែ​នៅ​ក្នុង​គ្រា​ដែល​មាន​ខ្យល់​ព្យុះ​សាហាវ​បក់​បោក​ជុំវិញ​យើង​និង​រលក​សមុទ្រ​គម្រាម​កំហែង​ពន្លិច​សេចក្តី​សង្ឃឹម​របស់​យើង​ក្តី ។

ពេល​កូន​របស់​យើង​នៅ​តូច គ្រួសារ​យើង​បាន​ចំណាយ​ពេល​ពីរបីថ្ងៃ នៅ​បឹង​ដ៏​ស្រស់ស្អាត​មួយ ។ រសៀល​ថ្ងៃ​មួយ កូនខ្លះពាក់​អាវពោង មុន​ពេល​លោត​ចុះ​ពីនាវា ចូល​ក្នុង​ទឹក ។ កូន​ស្រី​ពៅ​យើង​សម្លឹង​មើល​ទាំង​ស្ទាក់​ស្ទើរ សង្កេត​មើល​បងប្អូននាង​ដោយ​យក​ចិត្ត​ទុកដាក់ ។ ជា​មួយ​ភាពក្លាហាន ទាំងអស់​ដែល នាង មាន នាងបាន​យក​ដៃ​បិទ​ច្រមុះ​របស់​នាង​ហើយ​លោត​ចុះ​ទៅ ។ រំពេច​នោះនាង​បាន​អណ្តែត​ឡើង​ហើយ​ហាក់​បី​ដូច​ជា​ភ័យ​ខ្លាច​បន្តិចនាង​បាន​ស្រែក​ថា​« ជួយ​ផង ! ជួយ​ផង !

ឥឡូវ​នេះ​នាង​មិន​មាន​គ្រោះថ្នាក់ ដល់​ជីវិត​ទេ តួនាទី​អាវពោង បាន​ធ្វើ​ឲ្យ​នាង​អណ្តែត​ឡើង​ដោយ​សុវត្ថិភាព ។ យើង​ប្រើ​កម្លាំង​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ទាញ​នាង​ឡើង មក​លើ​នាវា​វិញ ។ ប៉ុន្តែ​តាម​ទស្សនៈ​របស់​នាង គឺ​នាង​ត្រូវការ​ជំនួយ ។ ប្រហែល​ជា​មក​ពី​ទឹក​ត្រជាក់​ពេក ឬ ជា​បទពិសោធន៍​ថ្មី ។ ក្នុង​ស្ថានភាព​ណា​ក៏​ដោយ នាង​បាន​ឡើង​មក​លើ​នាវា​វិញ នៅ​កន្លែង​ដែល​យើង​ជូត​ខ្លួន​ឲ្យ​នាង​នឹង​កន្សែង​ស្ងួត ហើយ​យើង​បានសរសើរ​ចំពោះ​សេចក្តី​ក្លាហាន​របស់​នាង ។

មនុស្ស​យើង​ភាគ​ច្រើន​មិន​ថា​ចាស់​ឬ​ក្មេង បាន​ស្រែក​ដោយ​ភាពបស្លន់ស្លោនៅ ក្នុង គ្រា​ដែល​មាន​ទុក្ខ​នូវ​ពាក្យ​ដូច​ជា​« ជួយ​ផង! » « សង្គ្រោះ​ខ្ញុំ​ផង !» ឬ « សូម​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​ទូល​បង្គំផង ! »

ព្រឹត្តិការណ៏​ដូច្នេះ​បាន​កើត​ឡើង ជាមួយ​នឹង​សិស្ស​របស់​ព្រះយេស៊ូវ ក្នុង អំឡុង​ការងារ​បម្រើ​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ នៅ​ក្នុង​ម៉ាកុស​យើង​អាន​ថា​ព្រះយេស៊ូវ « ទ្រង់​តាំង​បង្រៀន​នៅ​ត្រង់​មាត់​សមុទ្រ​ម្តង​ទៀត​ហើយ​មាន​មនុស្ស​ទាំងហ្វូង​មូលគ្នា មកឯ​ទ្រង់ »  ពេល​មាន​ហ្វូង​មនុស្ស​កាន់​តែ​ច្រើន​ព្រះយេស៊ូវ ក៏ « យាង​ចុះ​ទៅ​គង់​ក្នុង​ទូក »  ហើយ​មាន​ព្រះ​បន្ទូល​ពីលើ​ទូក ។ ពេញ​មួយ​ថ្ងៃ​ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​រឿង​ប្រៀប​ប្រដូច នៅពេល​ពួកគេ​អង្គុយ​នៅលើ​ច្រាំង ។

« លុះ … [ ពេល ល្ងាច ] ថ្ងៃ នោះ ឯង ទ្រង់ មាន ព្រះបន្ទូល ទៅ ពួក សិស្ស ថា ចូរ យើង ឆ្លង ទៅ ត្រើយ ម្ខាង ។ កាល​បាន​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ​ហើយ »  ពួកគេ​បាន​ចាកចេញ​ពី​ច្រាំង ហើយ​នៅ​តាម​ផ្លូវ​របស់​ពួកគេ​ឆ្លងកាត់​សមុទ្រ​កាលីឡេ ។ កន្លែង​មួយ​នៅក្រោយ​ទូក​ព្រះយេស៊ូវ​បាន​ផ្តុំ​លក់​ភ្លាម ។ មិន​យូរ​ប៉ុន្មាន « នោះ កើត មាន ខ្យល់ ព្យុះ ជា ខ្លាំង ហើយ រលក បោក ចូល ក្នុង ទូក ដល់ ម៉្លេះ បាន ជា ទូក [ជិត] ពេញ ហើយ » ចូល​ទឹក​ពេញ  

សិស្ស​ភាគ​ច្រើន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្លាប់​មាន​បទពិសោធន៍​ជា​អ្នកនេសាទ​ហើយ​ដឹង​ពី​របៀប​ការពារ​ទូក​នៅ​ក្នុង​ខ្យល់​ព្យុះ ។ ពួកគេ​ជា​មនុស្ស​ដែល​ទ្រង់​ទុក​ព្រះ​ទ័យ—ពិត ជា​សិស្ស—ជា​ទីស្រឡាញ់​របស់​ទ្រង់ ។ ពួកគេ​បាន​បោះបង់​ការងារ ផ្ទាល់ខ្លួន និង​គ្រួសារ​ដើម្បី ដើរ​តាម​ព្រះយេស៊ូវ ។ វត្តមាន​របស់​ពួកគេ​នៅ​លើ​ទូក​គឺ​ជា​ភស្តុតាង នៃ សេចក្តី​ជំនឿ របស់​ពួកគេ​លើ​ទ្រង់ ។ ហើយ​ឥឡូវ​នេះ​ទូក​របស់​ពួកគេ​នៅ​កណ្តាល ព្យុះ​កំពុង​បោក​បក់​ខ្លាំង​និង ហៀប​នឹង​លិច​លង់ ។

យើង​មិន​ដឹង​ថា ពួកគេ​បាន​ទប់ទល់​ការពារ​ទូក​មិន​ឲ្យ​លិច​ក្នុង​ព្យុះយូរ​ប៉ុណ្ណាទេ ប៉ុ​ន្តែ​ពួកគេ​បាន​ចូល​ទៅ​តើន​ព្រះយេស៊ូវ ដោយ​សម្លេង​ភ័យ​ខ្លាច ដោយ​ពោល​ថា ៖

 « លោកគ្រូ​អើយ​យើង​វិនាស​ហើយ​លោក​មិន​រវល់​ទេ​ឬ​អី ?​

« ព្រះអម្ចាស់ អើយ​សូម​ជួយ​សង្គ្រោះផង យើង​ខ្ញុំ​វិនាស​ហើយ » ។ 

ពួកគេ​បាន​ហៅ​ទ្រង់​ថា « លោកគ្រូ » ដើម្បី​បញ្ជាក់​ពី​នាម​ទ្រង់ ។ ទ្រង់​ក៏​ត្រូវ​បាន​ហៅ​ថា « ព្រះ​យេស៊ូវ​គ្រីស្ទ ព្រះ​រាជ​បុត្រា​នៃ​ព្រះ ព្រះ​វរបិតា​នៃ​ស្ថានសួគ៌ និង​ផែនដី ព្រះ​ដែល​បង្កើត​វត្ថុ​សព្វ​សារពើ​ចាប់​តាំង​ពី​ដំបូង​មក 

ព្រះយេស៊ូវ​បាន​ក្រោក ចេញ​ពី​កន្លែង ដែល ទ្រង់ នផ្ទុំ នៅ​លើ​ទូក ហើយ​កំហែង​ទៅ​ខ្យល់ និង​បង្គាប់​ទៅ​សមុទ្រ ដែល​កំពុង​បោក​បក់ថា « ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ ។ នោះ​ខ្យល់ [ ក៏​ស្ងប់ ]​ហើយ​ស្ងាត់ ឈឹង សូន្យ​ទាំង​អស់ ទៅ »  ទ្រង់​ជា​លោក​គ្រូ​ដ៏​ឆ្នើម​ជានិច្ច បន្ទាប់​មក​ព្រះ​យេស៊ូវ​បាន​បង្រៀន​សិស្ស​របស់​ទ្រង់ ពី​សំណួរ​ពីរ​ដែល​សាមញ្ញ​ប៉ុន្តែ​ប្រកប​ដោយ​ក្តីស្រឡាញ់ ។ ទ្រង់​បាន​សួរថា ៖

« ហេតុអ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ដល់​ម៉្លេះ ? » 

«តើ​សេចក្ដីជំនឿ​របស់​អ្នករាល់​គ្នា​នៅ​ឯណា ? » ១០

នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​មាន​ការ​លំអៀង​ទៅ​រក​ការល្បួង​នៅ​ពេល​យើង​ស្ថិត​នៅ​ក្នុង ឧបសគ្គ មាន​បញ្ហា​ឬ រងទុក្ខ​ស្ទើរ​ស្រែក​យំ​ខ្លាំង​ថា « លោក​គ្រូ​អើយ លោក​មិន​រវល់​ទេឬ​អី ? សូម​ជួយ​ទូល​បង្គំ​ផង » ។ សូម្បី​តែ​យ៉ូសែប ស្ម៊ីធ​ក៏​សុំ​ទូល​អង្វរ ពី ក្នុង គុក​ដ៏​កខ្វក់ថា ៖ « ឱ​ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់​នៅ​ទី​ណា ?  ហើយ​តើ​ព្រះ​ពន្លា​ដែល​គ្រប​បាំង ទី​បំពួន​នៅ ទីណា ? ១១

ប្រាកដណាស់​ព្រះអង្គសង្គ្រោះ​នៃ​ពិភព​លោក​ជ្រាប​ដឹង​អំពី​ដែន​កំណត់​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ទ្រង់​បាន​បង្រៀន​យើង​ពី​របៀប​មាន​អារម្មណ៏​នៃ​ភាពសុខសាន្ត និង ស្ងប់​ស្ងាត់​សូម្បី តែ​នៅ​ក្នុង​គ្រា​ដែល​មាន​ខ្យល់​ព្យុះ​សាហាវ​បក់​បោក​ជុំវិញ​យើង​និង​រលក​សមុទ្រ​គម្រាម​កំហែង​ពន្លិច​សេចក្តី​សង្ឃឹម​របស់​យើងក្តី ។

ចំពោះ​អស់​អ្នក​ដែល​ចង់​ពិសោធន៍ សេចក្តី​ជំនឿ មាន​សេចក្តី​ជំនឿ​ដូចកូន​ក្មេង​ ឬសូម្បី​តែ​ជា​ភាគ​ដ៏តូច​បំផុត នៃ​សេចក្តី​ជំនឿ ១២ ព្រះ​យេស៊ូវ​បាន​អញ្ជើញ​ដោយមានបន្ទូល​ថា « ចូរ​មក​ឯ​ខ្ញុំ »  ១៣ « ជឿ​លើ​ព្រះនាម​យើង »១៤ « ចូររៀន ពីយើង ហើយ​ស្តាប់​តាម​ព្រះ​បន្ទូល​ទាំងឡាយ​របស់​យើង​ចុះ »១៥ ទ្រង់​បាន​បង្គាប់​ដោយ​ទន់​ភ្លន់​ថា « [ ចូរ ] ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង ។ ១៦ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា​ដូច​ជាខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ។ ១៧ហើយ « ចងចាំ​ដល់​យើង​ជានិច្ច ។ » ។ ១៨ ព្រះយេស៊ូវ​បាន​អះអាង​នៅក្នុង​ការ​ពន្យល់​ទ្រង់ថា៖ « ខ្ញុំ​ប្រាប់​សេចក្ដី​ទាំងនេះ ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​សេចក្ដី​សុខសាន្ដ ។ ដោយ​សារខ្ញុំ​នៅ​លោកីយ៍​នេះ នោះ​អ្នករាល់គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ។ ១៩

ខ្ញុំ​អាច​ស្រមៃ​ឃើញ សិស្ស​របស់​ព្រះយេស៊ូវ នៅក្នុង​ទូក​ពេល​ដែល​ខ្យល់​កំពុង​បក់បោកយ៉ាងខ្លាំង គឺចាំបាច់​រវល់​មើល​រលក​ដែល​កំពុង​បុក​ចំ​ទូក​របស់​ពួកគេ និង បាច​ទឹកចេញ ។ ខ្ញុំ​អាច​ឃើញ​រូបភាព​ដែល​ពួកគេ​កាន់​ក្តោង​ទូក​និង​ព្យាយាម​រក្សាលំនឹង គ្រប់​គ្រង​លើ​ទូក​តូច​របស់​ពួកគេ ។ ការ​ផ្តោត​អារម្មណ៍​របស់​ពួកគេ​នៅគ្រានោះ គឺ​ត្រូវ​រស់​រាន​មាន​ជីវិត ហើយ​ការទូល​អង្វរ​សុំ​ជំនួយ​របស់​ពួកគេ​គឺ​ស្មោះត្រង់ ។

វា​មិន​ខុស​ពី​យើង​ទាំង​អស់​គ្នា​ភាគ​ច្រើន​ក្នុង​ជំនាន់​របស់​យើង​ទេ ។ ព្រឹត្តការណ៍​ជុំវិញ​ពិភពលោក​នាពេល​បច្ចុប្បន្ន និង​នៅក្នុង​ប្រទេស សហគមន៍ ព្រម​ទាំង​ក្រុមគ្រួសារ​របស់​យើង បានប៉ះ​ទង្គិចជាមួយ​បញ្ហា​ដែល​នឹកស្មាន​មិនដល់ ។ នៅក្នុង​គ្រា​ចលាចល​មាន​អារម្មណ៍​ថា​សេចក្តី​ជំនឿ​របស់​យើង​បាន​លាត​ទៅ​ដល់​ដែន​កំណត់ នៃ​ការស៊ូទ្រាំ និង​ការ​យល់​ដឹង​របស់​យើង ។ រលក​នៃ​ភាព​ភ័យខ្លាច​អាច​រំខាន​យើង បណ្តាល​ឲ្យ​យើង​ភ្លេច​សេចក្តី​ល្អ​របស់​ព្រះ ដូច្នេះ​វាធ្វើ​ឲ្យ​ចក្ខុវិស្ស័យ​របស់​យើង​មើល​ឃើញ​ខ្លី និង​បាត់​បង់​ការផ្តោត​អារម្មណ៍ ។ ប៉ុន្តែ​នៅក្នុង​គ្រា​ដ៏​លំបាក​នៃ​ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​យើង​សេចក្តីជំនឿ​របស់​យើង​មិន​ត្រឹម​តែ​អាច​ត្រូវ​បាន​សាកល្បង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​បាន​ពង្រឹង​ផងដែរ ។

មិន​ថាបងប្អូន​ស្ថិត​នៅក្នុង​ស្ថាន​ភាព​បែបណា​យើង​អាច​នៅតែ​មាន​បំណង​ខិតខំ​ប្រឹងប្រែង​កសាង​និង​បង្កើន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ គ្រីស្ទ​បាន ។ សេចក្ដីជំនឿអាចត្រូវបាន​ពង្រឹង​​នៅពេល​ដែល​យើង​ចាំថា យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ ហើយ​ថា​ទ្រង់​ស្រឡាញ់​យើង ។ សេចក្តី​ជំនឿ​របស់​យើង​នឹង​លូតលាស់​នៅពេល​យើង​ពិសោធន៍​ព្រះបន្ទូល​នៃព្រះ​ជាមួយ​នឹង​សេចក្តី​សង្ឃឹម និង សេចក្តី​ឧស្សាហ៍ ព្យាយាម​អស់​ពីលទ្ធភាព​ក្នុងការ ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះគ្រីស្ទ ។ ជំនឿ​របស់ពួក​យើង​កើនឡើង​នៅពេល​យើង​ជ្រើស​រើសជឿ​ពីលើ​ភាពសង្ស័យ ការអភ័យទោស​ពីលើ​ការវិនិច្ឆ័យ ការប្រែចិត្ត​ពីលើ​ការ​បះបោរ ។ សេចក្តី​ជំនឿ​របស់​យើង​នឹង​បាន​ដុះខាត់​នៅពេល​យើង​អត់​ធ្មត់​ពឹង​ផ្អែក​ទៅលើ សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ​នៃ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ ។ ២០

អែលឌើរ ណែល អេ. ម៉ាកស្វែល បាន​មាន​ប្រសាសន៍​ថា « សេចក្តី ជំនឿ​មិនមែន​ជា​ចំណេះដឹង​ដ៏​ឥត​ខ្ចោះ​នោះ​ទេ​តែ​វានាំមក​នូវ​ការទុកចិត្ត​ដ៏ជ្រាល​ជ្រៅទៅ​លើព្រះ ដែល​មាន​ចំណេះ​ដឹង​ឥត​ខ្ចោះ » ។ ២១ សូមបី​តែនៅក្នុង​គ្រាដែល​មាន​ចលាចល​ក៏​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ នៅតែ​មាន​សេចក្តី​អំណត់​និង ថិតថេរ ។ វាជួយ​យើង​លុបចោល​ការរំខាន​ដែល​មិន​សំខាន់ ។ វាលើក​ទឹកចិត្ត​យើង​ឲ្យ​នៅ​បន្ត​ទៅមុខ នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ សេចក្តី​ជំនឿ​រុញ​ការបាក់​ទឹកចិត្ត​ចេញ និង​អនុញ្ញាត​ឲ្យ​យើង ប្រឈម​មុខ​នឹង​អនាគត​ដែល​មាន​ដំណោះ​ស្រាយ​និង​មោទនភាព ។ វាបំផុស​គំនិត​យើង​ឲ្យ​ទូលសូម ការសង្គ្រោះ និង បាន​ធូស្បើយ នៅពេល​យើង អធិស្ឋាន​ទៅ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃព្រះរាជ​បុត្រា​ទ្រង់ ។ ហើយ​នៅពេល​ការអធិស្ឋាន​ទូល​សូម​អង្វរ​ដោយ​ស្មោះ​ហាក់​ដូច​ជាគ្មាន​ចម្លើយ នោះ​ការតស៊ូវ​ក្នុង​សេចក្តី​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ បង្កើត​ជាសេចក្តី​អត់ធ្មត់ ការ​បន្ទាប​ខ្លួន និង​សមត្ថភាព​ពោល​ពាក្យ​ដោយ​គារវភាពថា « សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សម្រេច » ។ ២២

ប្រធាន រ័សុលអិម ណិលសុន បាន​បង្រៀន​ថា ៖

« យើង​ពុំ​ត្រូវ​បណ្ដោយ​ឲ្យ​ការភ័យខ្លាច​របស់​យើង​ផ្លាស់ប្ដូរ​ជំនឿ​របស់​យើង​នោះទេ ។ យើង​អាច​តតាំង​នឹង​ការភ័យខ្លាច​ទាំងនោះ ដោយ​ការពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង ។

« សូម​ចាប់​ផ្តើម​ជាមួយ​កូនៗ​របស់​បងប្អូន … សូម​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍​នៃ​សេចក្តី ជំនឿ​របស់​បងប្អូន សូម្បី តែ​ក្នុង​គ្រា​ដែល​ក្តី​ឈឺចាប់​នោះ​ធ្លាក់​មក​លើ​បងប្អូនក្តី ។ សូម​ឲ្យ​សេចក្តី ជំនឿ​របស់​បងប្អូន ផ្តោត​ទៅលើ​ព្រះវរ​បិតាសួគ៌​និង​ព្រះរាជ​បុត្រា​ជាទី​ស្រឡាញ់​របស់ទ្រង់ ជា​ព្រះអម្ចាស់​ព្រះយេស៊ូវ គ្រីស្ទ ។… សូម​បង្រៀន​ក្មេង​ប្រុស​ស្រី​ដ៏មាន​តម្លៃ​ម្នាក់ៗ​នោះថា ពួកគេ​គឺជាកូន​របស់​ព្រះ ដែល​បាន​បង្កើត​ឡើង​តាម​រូប​អង្គ​ទ្រង់​ជាមួយ​នឹង​គោល​បំណង​នឹង​សក្តានុពល​ដ៏ពិសិដ្ឋ ។ ពួកគេម្នាក់ៗ​កើត​មក​ជាមួយ​នឹង​ឧបសគ្គ​ដែល​ត្រូវ​ឆ្លង​កាត់​និង​សេចក្តី​ជំនឿ​ដែលត្រូវអភិវឌ្ឍ » ។ ២៣

ថ្មីៗនេះ​ខ្ញុំ​បាន​ស្តាប់​កុមារ​ពីរ​នាក់​ដែល​មាន​អាយុ​ទើបតែ​បួន​ឆ្នាំ​បាន​ចែកចាយ​សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​ឆ្លើយ​តប​នឹង​សំណួរថា « តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ជួយ​ប្អូន​របៀបណា ? » កុមារ​ទីមួយ​និយាយថា « ខ្ញុំដឹង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​ខ្ញុំ ពីព្រោះ​ទ្រង់បាន​សុគត​ជំនួស​ខ្ញុំ ។ ទ្រង់​ក៏ស្រឡាញ់​មនុស្ស​ធំ​ទាំងអស់​ដែរ » ។ កុមារ​ទីពីរ​និយាយថា « ទ្រង់​ជួយ​ខ្ញុំ​ពេលខ្ញុំ​សោកសៅ ឬ មួម៉ៅ ។ ទ្រង់​ក៏បាន​ជួយ​ខ្ញុំ ពេលខ្ញុំ លិច​លង់ » ។

ព្រះយេស៊ូវ​បាន​ប្រកាស​ថា ៖« ហេតុ​ដូច្នេះ​ហើយ អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​មក​រក​យើង ដូច​ជា​កូន​ក្មេង​តូច​ម្នាក់ អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល ត្បិត​នគរ​របស់​ព្រះ​ជា​របស់​ផង​អ្នក​នោះ » ។ ២៤

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ » ។ ២៥

ថ្មីៗនេះ ប្រធាន ណិលសុន បានសន្យាថា « នៅពេល​យើង​ចាប់​ផ្ដើម​ជា​ថ្មី​ស្ដាប់ ផ្ទៀងស្ដាប់ និង​ប្រុងស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ យ៉ាង ពិត​ប្រាកដ នោះយើង​នឹង​កាត់​បន្ថយ​សេចក្តី​ភ័យខ្លាច និង​បង្កើន​សេចក្តី​ជំនឿ​វិញ » ។ ២៦

បងប្អូន​ប្រុស​ស្រី ឧបសគ្គ​និង​ស្ថាន​ភាព​បច្ចុប្បន្ន​របស់​យើង​មិនមែន ជា គោលដៅ​ដ៏​អស់កល្ប​ចុងក្រោយ​របស់​យើង​ទេ ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​បាន​លើក​​ដាក់​លើ​ខ្លួនយើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ តាម​រយៈ​សេចក្តី​សញ្ញា ។ យើង​មានសេចក្តី ជំនឿ​លើ​ព្រះចេស្តារ​នៃ​ការប្រោសលោះ និង​សេចក្តី​សង្ឃឹម នៅក្នុង​សេចក្តី​សន្យា​ដ៏អស្ចារ្យ​និង​មាន​តម្លៃរបស់ទ្រង់ ។ យើង​មាន​ហេតុផល​ជាច្រើន​ដើម្បី​រីករាយ ដោយ សារ ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ របស់​យើង ​ជ្រាប​ដឹង​អំពី​បញ្ហា​កង្វល់ និង ទុក្ខព្រួយ​របស់​យើង ។ ដូច​ជាពេល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ នៅជាមួយ​សិស្ស​របស់​ទ្រង់​ពីបុរាណ ទ្រង់​គឺនៅក្នុង​ទូក​ជាមួយ​យើង ! ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​បាន​លះបង់​ជីវិត​របស់​ទ្រង់​ដើម្បី ឲ្យ​បងប្អូន និង​ខ្ញុំមិន​ត្រូវ​វិនាស ។ សូម​យើង​ទុកចិត្ត​ទ្រង់ គោរព​តាម​បទបញ្ញត្តិ​ទ្រង់​ហើយ​ស្តាប់​ទ្រង់​មាន​ព្រះ​បន្ទូល​ដោយ​សេចក្តី​ជំនឿថា « ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ » ។ ២៧ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។