សន្និសីទទូទៅ
បងប្អូន​ស្រ្តី​ក្នុង​ស៊ីយ៉ូន
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


បងប្អូន​ស្រ្តី​ក្នុង​ស៊ីយ៉ូន

បងប្អូន​នឹង​ធ្វើ​ជា​កម្លាំង​ដ៏សំខាន់​ក្នុង​ការ​ប្រមូលផ្តុំ​អ៊ីស្រាអែល និង​ក្នុង​ការបង្កើត​ប្រជាជន​ស៊ីយ៉ូន ។

បងប្អូន​ស្រ្តី​ជាទីស្រឡាញ់ ខ្ញុំមានពរ​ជ័យដ៏ធំ​ដោយ​បានថ្លែង​ក្នុងអំឡុងពេល​ដ៏អស្ចារ្យ​នៅក្នុងប្រវត្តិ​ពិភពលោកនេះ ។ រៀងរាល់​ថ្ងៃ យើង​កំពុង​តែ​ឈាន​ជើង​កាន់​តែ​ជិត​គ្រា​ដ៏​រុងរឿង នៅ​ពេល​ដែល​ព្រះ​អង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ នឹង​យាង​មក​លើ​ផែនដី​ម្តង​ទៀត​ហើយ ។ យើង​ដឹងខ្លះៗ​អំពី​ព្រឹត្តិការណ៍គួរ​ឱ្យ​ភ័យ​ខ្លាច ដែលនឹង​កើតឡើង​មុន​ការយាង​មក​របស់ទ្រង់ ប៉ុន្តែ​ដួងចិត្ត​យើង​ពោរពេញទៅដោយ​​អំណរ​និង​ទំនុក​ចិត្ត កាលដឹង​​អំពី​សេចក្តីសន្យា​ដ៏​រុង​រឿង ដែល​នឹង​ត្រូវ​បាន​បំពេញ មុន​នឹង​ការ​យាងមក​វិញ​របស់​ទ្រង់​ផងដែរ ។

ក្នុងនាមជា​បុត្រី​ជាទីស្រឡាញ់​របស់ព្រះវរ​បិតាសួគ៌ និងក្នុង​នាម​ជា​បុត្រី​របស់​ព្រះ​អម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​នគរ​របស់ទ្រង់ បងប្អូន​នឹង​ដើរតួយ៉ាងសំខាន់​ក្នុង​ពេលដ៏ធំអនេក​នាអនាគត ។ យើង​ដឹង​ថា​ព្រះអង្គសង្គ្រោះនឹង​យាង​មក​ជួប​ប្រជាជន​ដែល​បានប្រមូល​ផ្តុំ​គ្នា ហើយ​បាន​រៀបចំ​ខ្លួន ដើម្បី​រស់​នៅ​ដូចជា​ប្រជាជន​បានធ្វើ​ក្នុង​ក្រុង​ហេណុក ។ ប្រជាជន រស់នៅ ក្នុងក្រុង​នោះ​បាន​រួមចិត្តគំនិត​តែមួយ​ក្នុង​សេចក្តី​ជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ហើយ​បាន​ក្លាយ​ទៅ​ជាប្រជាជន​ល្អឥតខ្ចោះ​យ៉ាង​ពេញលេញ ដែល​ព្រះអម្ចាស់​បាន​យក​ពួក​គេឡើង​ទៅ​ស្ថាន​សួគ៌ ។

នេះគឺជា​ការពិពណ៌នា​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ពីអ្វី​ដែល​នឹង​កើតឡើង​ដល់​ប្រជាជន​របស់​ហេណុក និងអ្វីដែល​នឹង​កើតឡើងនៅក្នុង គ្រា កាន់កាប់​ត្រួតត្រា​នៃ​ដំណឹង​ល្អ​សម្រាប់​ពេល​ចុង​ក្រោយ​បង្អស់ ។

« ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់ កាល​ផែនដី​នឹង​បាន​សម្រាក ប៉ុន្តែ​មុន​ថ្ងៃ​នោះ​មក​ដល់ នោះ​ផ្ទៃ​មេឃ​នឹង​ទៅ​ជា​ងងឹត ហើយ​វាំងនន​នៃ​សេចក្ដី​ងងឹត​នឹង​គ្រប​ដណ្ដប់​លើ​ផែនដី ហើយ​ផ្ទៃ​មេឃ​នឹង​ញាប់​ញ័រ ហើយ​ព្រម​ទាំង​ផែនដី​ផង​ដែរ ហើយ​នឹង​មាន​សេចក្ដី​វេទនា​ដ៏​ធំ​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ប៉ុន្តែ​រីឯ​រាស្ត្រ​យើង​វិញ នោះ​យើង​នឹង​រក្សាទុក

« ហើយ​រី​ឯ​សេចក្ដី​សុចរិត នោះ​យើង​នឹង​ចាត់​ឲ្យ​ចុះ​មក​ពី​ស្ថាន​សួគ៌ ហើយ​ឯ​សេចក្ដី​ពិត នោះ​យើង​នឹង​ចាត់​ឲ្យ​ចេញ​ពីផែនដីដើម្បី​ទៅ​ធ្វើ​បន្ទាល់​ពី​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ពី​ដំណើរ​ដែល​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ មែន​ហើយ គឺ​ពី​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​លោក​ទាំង​អស់ ហើយ​សេចក្ដី​សុចរិត និង​សេចក្ដី​ពិត នោះ​យើង​នឹង​បណ្ដាល​ឲ្យ​បោស​ផែនដី ដូច​ជា​ទឹកជំនន់ ដើម្បី​ប្រមូល​ពួក​អ្នក​ជម្រើស​របស់​យើង​ពី​ទិស​ទាំង​បួន​នៃ​ផែនដី ឲ្យ​មក​ឯ​កន្លែង​ដែល​យើង​នឹង​រៀបចំ​ទុក គឺជា​ទី​ក្រុង​បរិសុទ្ធ ប្រយោជន៍​ឲ្យ​រាស្ត្រ​យើង អាច​ក្រវាត់​ចង្កេះ​គេ ហើយ​រង់ចាំ​ពេល​នៃ ការ​យាង​មក​របស់​យើង ត្បិត​ ទី​ក្រុង​នោះនឹង​ទៅ​ជា​រោង ឧបោសថ​​របស់​យើង ហើយ​នឹង​ត្រូវ​បាន​ហៅថា « ស៊ីយ៉ូន » ជា​ក្រុង​យេរូសាឡិម​ថ្មី ។

« ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ ខណៈ​នោះ អ្នក​ហើយ​នឹង​ទី​ក្រុង​របស់​អ្នក​នឹង​ទៅ​ជួប​ពួក​គេ​នៅ​ទី​នោះ ហើយ​យើង​នឹង​ទទួល​យក​ពួក​គេ​មក​ឯ​ឱរា​របស់​យើង ហើយ​ពួក​គេ​នឹង​បាន​ឃើញ​យើង ហើយ​យើង​នឹង​ដួល​ទៅ​លើក​គេ ហើយ​ពួក​គេ​នឹង​ដួល​មក​លើក​យើង ហើយ​យើង​នឹង​ថើប​គ្នា​ទៅ​វិញ​ទៅ​មក

«ហើយ​នោះ​នឹង​ទៅ​ជា​ទីលំនៅ​របស់​យើង ហើយ​នឹង​ត្រូវ​បាន​ហៅថា ស៊ីយ៉ូន ដែល​នឹង​ចេញ​មក​ពី​ការ​បង្ក​បង្កើត​ទាំង​អស់ ដែល​យើង​បាន​ធ្វើ​មក ហើយ​អស់​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ នោះ​ផែនដី​នឹង​បាន​សម្រាក ។

បងប្អូនស្រ្តី កូនស្រី​របស់​បងប្អូន និង​ចៅស្រី​របស់​បងប្អូន​និង​ស្ត្រី​ដែល​បងប្អូន បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​នឹង ក្លាយ​ជា​ស្នូលកណ្តាល​នៃ​ការបង្កើត​សង្គម​មនុស្ស ដែល​នឹង​ចូលរួម​ក្នុង​ការផ្សារភ្ជាប់​ដ៏​រុងរឿង​ជា​មួយ​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​នឹង​ធ្វើ​ជា​កងពល​ដ៏​សំខាន់​ក្នុង​ការប្រមូល​ពួកសាសន៍​អ៊ីស្រាអែល​ និង​ក្នុង​ការបង្កើត​ប្រជាជន​ស៊ីយ៉ូន ដែល​នឹង​រស់​នៅ​ដោយ​សុខសាន្ត​ក្នុង​ក្រុង​យេរូសាឡិម​ថ្មី ។

ព្រះអម្ចាស់​បាន​ធ្វើ​សេចក្តីសន្យា​ចំពោះ​បងប្អូន​តាម​រយៈ​ពួកព្យាការី​របស់​ទ្រង់ ។ ក្នុង​សម័យ​ដើម​របស់​សមាគមសង្គ្រោះ ព្យាការី​យ៉ូសែប​ស្ម៊ីធ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូន​ស្ត្រី​ថា « បើ​សិន​អ្នក​រស់នៅ​ស្របតាម​ឯកសិទ្ធិ​របស់​អ្នក ពួកទេវតា មិន​អាច​ឈប់​ធ្វើ​ជា​សហការីរបស់​អ្នក​ឡើយ »។

សក្តានុពល​ដ៏​អស្ចារ្យ​នោះ​គឺ​ស្ថិត​នៅ​ក្នុង​ខ្លួន​របស់​បងប្អូន ហើយ​បងប្អូន​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ទទួល​សក្តានុពល​ដ៏​អស្ចារ្យ​នេះ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​ថា ៖

« បងប្អូន​ស្រ្តីៗ…កុំ​គិត​ថា​ខ្លួនឯង​មិន​សំខាន់​នៅ​ក្នុង​ផែនការ​របស់​ព្រះ​វរបិតា សម្រាប់​សុភមង្គល និង​សុខុមាលភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូន​ចៅ​របស់​ទ្រង់​ឡើយ ។ បងប្អូន​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​ផែនការ​នោះ ។

« ងប្អូន​ទេ នោះ​ផែនការ​មិន​អាច​មាន​ដំណើរការ​ឡើយ ។ បើ​ពុំ​មាន​បងប្អូន​ទេ កម្មវិធី​ទាំងមូល​នឹង​ត្រូវ​បាន​ជា​អសារឥតការ​ហើយ ។…

« បងប្អូន​ម្នាក់ៗ គឺ​ជា​បុត្រី​របស់​ព្រះ ដោយ​បាន​ទទួល​នូវ​អំណាច​មរតក​ទេវភាព » ។

ព្យាការី​បច្ចុប្បន្ន​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​ការពិពណ៌នា​នេះ​អំពី​ចំណែក ដែល​អ្នក​ទទួល​ក្នុង​ការរៀបចំ​សម្រាប់​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ៖

« វា​មិន​អាច​ធ្វើ​បាន​ទេ ដើម្បី​វាស់វែង​ពី​ឥទ្ធិពល​ដែល…ស្ត្រី​មាន មិន​គ្រាន់​តែ​លើ​ក្រុមគ្រួសារ ប៉ុន្តែ​លើ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ផង​ដែរ ក្នុង​នាម​ជា​ភរិយា ជា​ម្ដាយ និង​ជា​ជីដូន ជា​បងស្រី និង​ជា​ម្តាយមីង ជា​គ្រូបង្រៀន និង​ជា​អ្នកដឹកនាំ ហើយ​ជា​ពិសេស​ក្នុង​នាម​ជា​អ្នក​តាំង​ជា​គំរូ ជា​អ្នកការពារ​សេចក្ដីជំនឿ​ដ៏​ម៉ឺងម៉ាត់ ។

ការណ៍​នេះ​មាន​ពិត​នៅ​ក្នុង​គ្រប់​ជំនាន់​នៃ​ដំណឹងល្អ ចាប់​តាំង​ពី​ជំនាន់​អ័ដាម និង​អេវ៉ា​មក​ម្ល៉េះ » ។ ប៉ុន្តែ ស្ត្រីនៃ គ្រា កាន់កាប់​តត្រានេះ គឺខុសប្លែកពីស្ត្រី ផ្សេងៗ ដោយសារ​គ្រា​កាន់​កាប់​ត្រួតត្រា​នេះ គឺ​ពិសេស​លើស​ពី​គ្រា​ណាៗ​ទាំងអស់ ។ ភាពខុសប្លែក​នេះ នាំ​មក​នូវ​ឯកសិទ្ធិ និង​ការទទួល​ខុសត្រូវ » ។

គ្រា​កាន់កាប់​ត្រួតត្រា​នេះ​មាន​ប្រភេទ​ខុស​គ្នា ព្រោះ​ថា​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង​ឲ្យ​រៀបចំ​ខ្លួន​ឲ្យ​កាន់​តែ​ដូច​ជា​ប្រជាជន​នៃ​ក្រុង​ហេណុក យ៉ូន​នឹង​ចូលរួម ។

អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី បាន​បង្រៀន ៖

« នៅ​សម័យ​របស់​[ ហេណុក ] នោះ​ជា​ថ្ងៃ​នៃ​អំពើ​ទុច្ចរិត និង​អំពើ​អាក្រក់ ថ្ងៃនេះ​សេចក្តីងងឹត និង​បះបោរ​ជា​ថ្ងៃ​នៃ​សង្រ្គាម និង​ការបំផ្លាញ ជា​ថ្ងៃ​ដែល​នាំ​ទៅ​ដល់​ការសម្អាត​ផែនដី​ដោយ​ទឹក ។

« ប៉ុន្តែ​ហេណុក មាន​ចិត្ត​ស្មោះស្ម័គ្រ ។ លោក ‹ មើល​ឃើញ​ព្រះអម្ចាស់ › ហើយ​បាន​និយាយ​ជា​មួយ​ទ្រង់ ‹ ដោយ​ប្រទល់​មុខ​គ្នា › ដូច​ជា​មនុស្ស​និយាយ​ប្រទល់​មុខ​គ្នា ។(ម៉ូសេ ៧:៤ ) ។ ព្រះ​អម្ចាស់​បាន​បញ្ជូន​លោក​ឲ្យ​ប្រកាស​អំពី​ការប្រែចិត្ត​ទៅ​កាន់​ពិភព​លោក ហើយ​បាន​ផ្តល់​ការអនុញ្ញាត​ដល់​គាត់​ឲ្យ ‹ ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​វរបិតា និង​នៃ​ព្រះ​រាជបុត្រា ដែល​ពោរ​ពេញ​ទៅ​ដោយ​ព្រះ​គុណ និង​សេចក្ដី​ពិត និង​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា › ។​( ម៉ូសេ ៧:១១ ) ។ ហេណុក​បាន​ធើ្វ​សេចក្តី​សញ្ញា​ហើយ​បាន​ប្រមូលផ្តុំ ក្រុម​បណ្តាជន​នៃ​អ្នក​ជឿ​ពិតប្រាកដ ពួកគេ​គ្រប់​រូប បាន​ប្រែជា មាន​ជំនឿ​ស្មោះ​ដែល ‹ ព្រះ​អម្ចាស់​ទ្រង់​បាន​យាង​មក ហើយ​គង់នៅ​ជាមួយ​នឹង​រាស្ត្រ​ទ្រង់ ហើយ​ពួក​គេ​បាន​រស់នៅ​ក្នុង​សេចក្ដី​សុចរិត › ហើយ​បាន​ទទួល​ព្រះពរពី​ស្ថានសួគ៌​ ។ ‹ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួក​គេ​មាន​ចិត្ត​តែ​មួយ និង គំនិត​តែ​មួយ ហើយបានរស់នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​គ្មាន​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ ។ › ។​( ម៉ូសេ ៧:១៨ ) ។…

« បន្ទាប់​ពី​ព្រះអម្ចាស់​បាន​ហៅ​ប្រជាជន​ស៊ីយ៉ូន​របស់​ទ្រង់ ព្រះគម្ពីរ​ចារ​ថា​ហេណុក​បាន ‹ នោះ​គាត់​បាន​សង់​ទី​ក្រុង​មួយ ដែល​បាន​ហៅ​ថា ទី​ក្រុង​នៃ​បរិសុទ្ធ​ភាព គឺ​ក្រុង​ស៊ីយ៉ូន › ក្រុង​ស៊ីយ៉ូន​នោះ ‹ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ទទួល​យក​ទៅ​ឯ​ព្រះ​ឱរា​របស់​ទ្រង់ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ឮ​ពាក្យ​ពោល​ថា ក្រុង​ស៊ីយ៉ូន​បាន​ទៅ​បាត់​ហើយ › ។ ( ម៉ូសេ ៧:១៩, ២១, ៦៩.) ។…

« ក្រុង​ស៊ីយ៉ូន​ដដែល​នេះ​ដែល​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន​សួគ៌​និង​ត្រឡប់​មក​វិញ…នៅ​ពេល​ព្រះអម្ចាស់​យក​ក្រុងស៊ីយ៉ូន​មក​វិញ​ម្តង​ទៀត ហើយ​ប្រជាជន​របស់​ក្រុង​នេះ នឹង​ចូលរួម​ជា​មួយ​ក្រុងយេរូសាឡិម​ថ្មី ដែល​នឹង​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ពេល​នោះ » ។​

ប្រសិនបើ​អតីតកាល​គឺ​ជា​បុរេកថា នៅពេល​នៃ​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ​ នោះ​បុត្រី​ដែល​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សេចក្តីសញ្ញា​របស់​ពួកគេ ជាមួយ​ព្រះ នឹង​មានចំនួន​ច្រើន​ជាង​ពាក់​កណ្ដាល នៃ​អ្នក​ដែល​បាន​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​យាង​មក ។ ប៉ុន្តែ​ទោះ​បី​ជា​មាន​ចំនួន​ប៉ុន្មាន​ក៏​ដោយ ការបរិច្ចាគ​របស់​បងប្អូន​ក្នុង​ការ​បង្កើត​សាមគ្គីភាព​ក្នុង​ចំណោម​ប្រជាជន រៀបចំខ្លួន​សម្រាប់​ក្រុងស៊ីយ៉ូន​នឹង​មាន​ចំនួន​យ៉ាង​សន្ធឹក​ច្រើន​ជាង​ពាក់​កណ្តាល ។

ខ្ញុំ​នឹង​ប្រាប់​បងប្អូន​អំពី​មូលហេតុ​ដែល​ខ្ញុំ​ជឿថា​នឹងដូច្នោះ​មែន ។ ព្រះគម្ពីរ​មរមន​ផ្តល់​នូវ​ដំណើររឿង​នៃ​ប្រជាជន​ស៊ីយ៉ូន​មួយ​ក្រុម បងប្អូន​ចាំ​ថា វា​កើត​ឡើង​ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​បង្រៀន ស្រឡាញ់ និង​ប្រទានពរ​ដោយ​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ៖ « គ្មាន​ការ​ទាស់​ទែង​គ្នា​នៅ​ក្នុង​ដែនដី​ឡើយ ដោយ​ព្រោះ​មក​ពី​សេចក្ដីស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស » ។

បទពិសោធន៍​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា បុត្រី​របស់​ព្រះវរបិតាសួគ៌​មាន​អំណោយ​ទាន​ដើម្បី​ដោះស្រាយ​ទំនាស់​និង​លើក​ស្ទួយ​សុចរិតភាព​ដោយ​សេចក្តីស្រឡាញ់​របស់​ពួកគេ និង​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់ ដែល​ពួកគេ​បង្កើត​នៅ​ក្នុង​អស់​អ្នក​ដែល​ពួកគេ​បម្រើ ។

ខ្ញុំ​បាន​ឃើញ​រឿង​បែប​នោះ​ក្នុង​យុវវ័យ​របស់​ខ្ញុំ នៅ​ពេល​ដែល​សាខា​ដ៏​តូច​របស់​យើង​បាន​ជួបជុំ​គ្នា​ក្នុង​ផ្ទះ​ពី​កុមារភាព​របស់​ខ្ញុំ ។ បងប្រុស​របស់​ខ្ញុំ និង​រូប​ខ្ញុំ​គឺ​ជា​អ្នកកាន់​បព្វជិតអើរ៉ុន​តែ​ពីរ​នាក់​ប៉ុណ្ណោះ ឪពុក​របស់​ខ្ញុំ​គឺ​ជា​អ្នក​កាន់បព្វជិតភាព​ម៉ិលគីស្សាដែក​តែ​ម្នាក់​គត់ ។ ប្រធាន​សមាគម​សង្គ្រោះ​សាខា គឺ​ជា​អ្នកប្រែចិត្ត​ជឿ​ម្នាក់ ដែល​ប្តី​របស់​គាត់​មិន​រីក​រាយ​ចំពោះ​កិច្ចការ​បម្រើ​របស់​សាសនាចក្រ​របស់​គាត់ ។ ក្រុម​សមាជិក​គឺ​ជា​ស្ត្រី​មាន​វ័យចំណាស់​គ្មាន​អ្នក​កាន់​បព្វជិតភាព​ក្នុង​ផ្ទះ​របស់​ពួកគេ​ឡើយ ។ ខ្ញុំ​បាន​ឃើញ​ម្តាយ​របស់​ខ្ញុំ​និង​បងប្អូន​ស្រ្តី​ទាំង​នោះ​ស្រឡាញ់ លើក​ស្ទួយ និង​ថែទាំ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្ជាប់ខ្ជួន ។ ខ្ញុំ​ដឹង​ឥឡូវ​នេះ​ថា ព្រះ​អម្ចាស់​បាន​បើក​បង្ហាញ​នូវ​ក្រុងស៊ីយ៉ូន​ជំនាន់​ដើម​ដល់​ខ្ញុំ ។

ការបង្រៀន​របស់​ខ្ញុំ​ពី​ឥទិ្ធពល​របស់​ស្ត្រី​ស្មោះត្រង់​បាន​បន្ត​មាន​នៅ​ក្នុង​សាខា​តូច​មួយ នៃ​សាសនាចក្រ​នៅ ក្រុងអាល់បឺឃើគី រដ្ឋ​ញូវម៉ិកស៊ិកូ ។ ខ្ញុំ​បាន​ឃើញ​ភរិយា​របស់​ប្រធានសាខា ភរិយា​របស់​ប្រធាន​មណ្ឌល និង​ប្រធាន​សមាគមសង្គ្រោះ​បើក​ដួងចិត្ត​ដោយ​រាក់ទាក់ ទទួល​អ្នកចូលរួម និង​អ្នក​ប្រែចិត្ត​ជឿថ្មីថ្មោង ។ អាទិត្យ​នេះ​ខ្ញុំ​បាន​ចាកចេញ​ពី​ក្រុងអាល់បឺឃើគី បន្ទាប់​ពី​ពីរឆ្នាំ​នៃ​ការ​មើល​ឃើញ​នូវ​អានុភាពនៃ​បងប្អូនស្រ្តី ក្នុង​ស្តេក​ទី​មួយ​ដែល​ត្រូវ​បាន​បង្កើតឡើង ។ ឥឡូវនេះ ព្រះអម្ចាស់​បង្កើត​ព្រះវិហារបរិសុទ្ធ​មួយ នៅ​ទីនោះ ។

ក្រោយ​មក ខ្ញុំ​បាន​រើ​ទៅ​ក្រុង​បូស្តុន ជា​ទីកន្លែង​ដែល​ខ្ញុំ​បាន​បម្រើ​ក្នុង​គណៈប្រធាន​មណ្ឌល ដែល​បាន​មើល​ខុសត្រូវ​លើ​បណ្តា​សាខា​តូចៗ នៅ​ពេញ​រដ្ឋ​ទាំង​ពីរ ។ មាន​នូវ​ទំនាស់​មួយ​ចំនួន​ដែល​ត្រូវ​បាន​ដោះស្រាយ​ដោយ​ក្រុមស្ត្រី​ជា​ទីស្រឡាញ់​និង​អភ័យទោស ដែល​បាន​ជួយ​បន្ទន់​ដួងចិត្ត ។ នៅ​ថ្ងៃ​អាទិត្យ​ខ្ញុំ​បាន​ចាកចេញ​ពី​ក្រុងបុស្តុន សមាជិក​គណៈប្រធានទី​មួយ​ម្នាក់ បាន​បង្កើត​ស្តេក​ដំបូង​ក្នុង​ក្រុង​ម៉ាសាជូសេត្ស ។ ឥឡូវ​នេះ​មាន​ព្រះវិហារបរិសុទ្ធ​មួយ​នៅ​កែ្បរ​ទីកន្លែងដែល​ប្រធាន​មណ្ឌល​បាន​ធ្លាប់​រស់នៅ ។ គាត់​ត្រូវ​បាន​នាំ​មក​ចូល​រួម​ក្នុង​សកម្មភាព​សាសនាចក្រ ហើយ​ក្រោយ​មក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តេក រួច​ហើយ​ជា​ប្រធាន​បេសកកម្ម ដែល​មាន​ការគាំទ្រ​ដោយ ភរិយា​ដ៏ស្មោះ និង​ជាទីស្រឡាញ់ ។

បងប្អូនស្រ្តី បងប្អូន​ត្រូវ​បាន​ប្រទានពរ​ក្នុង​នាម​ជា​បុត្រី​របស់​ព្រះ​អម្ចាស់ ដោយ​អំណោយទាន​ពិសេស ស្លាប់​នូវ​សមត្ថភាព​ខាង​វិញ្ញាណ​ដើម្បី​ចិញ្ចឹម​បីបាច់​អ្នកដទៃ​និង​លើកស្ទួយ​ពួកគេ​ឲ្យ​កាន់តែ​ខ្ពស់ ចំពោះ​សេចក្ដីស្រឡាញ់​និង​ភាពបរិសុទ្ធ​ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​លក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដើម្បី​រស់នៅ​ជាមួយ​គ្នា​ក្នុង​សង្គម​ស៊ីយ៉ូន ។ វា​មិន​មែនជារឿង​ចៃដន្យ​ទេ​ដែល​សមាគម​សង្គ្រោះ ដែល​ជា​អង្គការ​សាសនាចក្រ​ដំបូង​បង្អស់ ជា​ពិសេស​សម្រាប់​បុត្រី​របស់​ព្រះវរបិតាសួគ៌ មាន​បាវចនា​ថា « សប្បុរសធម៌​មិន​ដែល​បរាជ័យ​ឡើយ » ។

សេចក្តីសប្បុរស​គឺ​ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ ។ ហើយ​វា​គឺជា​សេចក្តីជំនឿ​ទៅ​លើ​ទ្រង់​ហើយ​ឥទ្ធិពល​ពេញ​លេញ​នៃ​ដង្វាយ​ធួន​ដ៏​គ្មាន​ទីបញ្ចប់​របស់​ទ្រង់​នឹង​ធ្វើ​ឲ្យ​បងប្អូន​និង​អស់​អ្នក​ដែល​បងប្អូន​ស្រឡាញ់​បម្រើ​បាន​សក្ដិសម ដ្បិត​វាជា​អំណោយទាន​ដ៏​វិសេស ដើម្បី រស់​នៅ​ក្នុង​សង្គម​នៃស៊ីយ៉ូន​ដែល​បាន​ទន្ទឹងចាំ​ជាយូរ និង​ដែល​បានសន្យា​នោះ ។ នៅ​ទីនោះ​បង​ប្អូន​គឺ​ជា​បងប្អូន​ស្រ្តី​ក្នុង​ស៊ីយ៉ូន ត្រូវ​បាន​ស្រឡាញ់​ដោយ​ផ្ទាល់​ដោយ​ព្រះអម្ចាស់ និង​អស់​អ្នក​ដែល​បងប្អូន​បាន​ប្រទានពរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា បងប្អូន​គឺ​ជា​រាស្រ្ត​ក្នុង​នគរ​របស់​ព្រះអម្ចាស់ នៅ​លើ ផែនដី​នេះ ។ បងប្អូន​គឺ​ជាបុត្រី​របស់​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​ដែល​បាន​បញ្ជូន​បងប្អូន​មក​ក្នុង​លោកីយយ៍​ ជាមួយ​អំណោយទាន​ដ៏ពិសេស ដែល​បងប្អូន​បាន​សន្យាថា​នឹង​ប្រើប្រាស់​ដើម្បី​ផ្តល់​ជា​ពរ​ដល់​អ្នកដទៃ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ព្រះ​អម្ចាស់​នឹង​ដឹកនាំបងប្អូន​ដោយដឹកដៃ​របស់​បងប្អូន តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ បងប្អូន ខណៈពេល​បងប្អូន​ជួយ​ទ្រង់​រៀបចំ​ប្រជាជន​របស់​ទ្រង់ ឲ្យ​ក្លាយ​ទៅ​ជា​ក្រុងស៊ូយ៉ុន​ដែល​បាន​សន្យា​របស់​ទ្រង់​នោះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕