សន្និសីទទូទៅ
ស្ថានភាព​ធម្មតា​ជា​ថ្មី
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ស្ថានភាព​ធម្មតា​ជា​ថ្មី

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បង្វែរ​ដួងចិត្ត គំនិត និង​ព្រលឹង​កាន់តែ​ខ្លាំង​ទៅ​រក​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ សន្និសីទ​អំឡុង​ពីរ​ថ្ងៃ​នេះ ពិត​ជា​អស្ចារ្យ​ណាស់ ! ខ្ញុំ​យល់​ស្រប​នឹង​អែលឌើរ ជែហ្វ្រី អរ ហូឡិន ។ ដូចជា​លោក​បាន​ប្រាប់ គ្រប់សារលិខិត ការអធិស្ឋាន និង​តន្ត្រី ទាំងអស់នេះ​ត្រូវ​បាន​បំផុសគំនិត​ដោយ​ព្រះអម្ចាស់ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​បងប្អូន​ទាំងអស់គ្នា​ដែល​បាន​ចូលរួម​តាម​របៀប​ផ្សេងៗ ។

នៅ​ក្នុង​អង្គប្រជុំ ខ្ញុំ​បាន​នឹក​ស្រម៉ៃ​រូប​បងប្អូន​នៅក្នុង​ចិត្ត​ថា​កំពុង​ស្ដាប់​សន្និសីទ ។ ខ្ញុំ​បាន​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​ជួយ​ខ្ញុំ​យល់​នូវ​អ្វី​ដែល​បងប្អូន​កំពុង​មាន​អារម្មណ៍ កំពុង​បារម្ភ ឬ​កំពុង​ព្យាយាម​ដោះស្រាយ ។ ខ្ញុំ​ងឿង​ឆ្ងល់​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ថ្លែង​នៅ​ចុង​បញ្ចប់​នៃ​សន្និសីទ​នេះ ដើម្បី​នឹង​ផ្ញើរ​ទៅកាន់​បងប្អូន​ដោយ​សុទិដ្ឋិនិយម​អំពី​អនាគត ដែល​ខ្ញុំ​ដឹង​ថា​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ដឹង ។

យើង​រស់នៅក្នុង​យុគសម័យ​ដ៏​រុងរឿង ដូច​ដែលបាន​ទាយទុក​ដោយ​ពួក​ព្យាការី​អស់ជា​ច្រើន​សតវត្សរ៍​មក​ហើយ ។ នេះ​គឺ​ជា​គ្រា​កាន់កាប់ត្រួតត្រា ដែល​ពុំ​មាន​ពរជ័យ​ខាង​វិញ្ញាណ​ណា​មួយ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​ពួក​សុចរិត​ឡើយ ។ ក្រៅ​ពី​ការ​រំជើបរំជួល​ខាង​លោកិយ ព្រះអម្ចាស់​ចង់​ឲ្យ​យើង « បាន​ទន្ទឹង​រង់​ចាំ​យ៉ាង​រីករាយ​ចំពោះ​ជំនាន់​ដែល​យើង​រស់​នៅ » ។ ចូរ​យើង​កុំ​ចំណាយ​ពេល​ឥតប្រយោជន៍​នៅ​ក្នុង​ការ​ចងចាំ​ពី​អតីតកាល​ឡើយ ។ ការ​ប្រមូល​ផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល​កំពុង​រំកិល​ឆ្ពោះទៅ​មុខ ។ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដឹកនាំ​កិច្ចការ​នៃ​សាសនាចក្រ​របស់​ទ្រង់ ហើយ​នឹង សម្រេច​នូវ​គោលដៅ​ដ៏​ទេវភាព​នៃ​កិច្ចការ​ទ្រង់ ។

បញ្ហា​របស់​បងប្អូន និង​ខ្ញុំ​គឺ​ត្រូវ​ប្រាកដ​ថា យើង ម្នាក់ៗ​នឹង​សម្រេច​សក្ដានុពល​ដ៏​ទេវភាព​របស់​ខ្លួន ។ ថ្ងៃនេះ យើង​ស្ដាប់​ឮ​ជា​ញឹកញាប់​អំពី « ស្ថានភាព​ធម្មតា​ជា​ថ្មី » ។ បើ​បងប្អូន​ពិតជា​ចង់​ឱប​ក្រសោប​ស្ថានភាព​ធម្មតា​ជាថ្មី ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បង្វែរ​ដួងចិត្ត គំនិត និង​ព្រលឹង​កាន់តែ​ខ្លាំង​ទៅ​រក​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​ការណ៍​នោះ​គឺជា​ស្ថាន​ភាព​ធម្មតាជា​ថ្មី របស់​បងប្អូន

ឱបក្រសោប​យក​ភាព​ធម្មតា​ជាថ្មី​របស់​បងប្អូន​ដោយ​ការ​ប្រែចិត្ត​ជា​ប្រចាំ​ថ្ងៃ ។ សូម​ព្យាយាម​បង្កើន​បរិសុទ្ធភាព​នៅ​ក្នុង​គំនិត ក្នុង​ពាក្យសម្ដី និង​ទង្វើ ។ ផ្ដល់​ការងារ​បម្រើ​ដល់​អ្នកដទៃ ។ រក្សា​ទស្សនៈវិស័យ​អស់​កល្បជានិច្ច ។ តម្កើង​ការហៅ​របស់​បងប្អូន ។ ហើយ​មិន​ថា​ឧបសគ្គ​របស់​បងប្អូន​ជា​យ៉ាងណា​ទេ បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​ខ្ញុំ​អើយ សូម​បងប្អូន​រស់នៅ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ឲ្យ បងប្អូន កាន់តែ​បាន​ត្រៀម​ខ្លួន​ដើម្បី​ជួប​នឹង​អង្គ​បង្កបង្កើត​របស់​បងប្អូន ។

នោះ​ជា​មូលហេតុ​ដែល​យើង​មាន​ព្រះវិហារបរិសុទ្ធ ិត​អស់កល្បជានិច្ច ជា​ពរជ័យ​ដ៏​មហិមា​បំផុតនៃ​ព្រះ ។ ដូច​បងប្អូន​បាន​ដឹង​ហើយ ការរាតត្បាត​ជំងឺ​កូវីដ តម្រូវ​ឲ្យ​មាន​ការ​បិទ​ព្រះវិហារបរិសុទ្ធ​របស់​យើង​មួយ​រយៈ ។ បន្ទាប់មក យើង​បាន​ចាប់​ផ្ដើម​សម្របសម្រួល ដាក់​ដំណាក់កាល​បើក​ជា​ថ្មី​ម្ដងទៀត​យ៉ាង​ប្រុង​ប្រយ័ត្ន ។ ឥឡូវ ព្រះវិហារបរិសុទ្ធ​ជាច្រើន​ស្ថិត​ក្នុង​ដំណាក់កាលទី ២ ដែល​មាន​គូ​ស្វាមីភរិយា​រាប់ពាន់នាក់​ត្រូវ​បាន​ផ្សារភ្ជាប់ ហើយ​រាប់ពាន់​នាក់ទៀត​បាន​ទទួល​អំណោយទានពិសិដ្ឋ​ផ្ទាល់ខ្លួន​របស់ពួកគេ គ្រាន់តែ​ក្នុង​រយៈពេល​ពីរបី​ខែ​កន្លង​ទៅនេះ ។ យើង​ទន្ទឹង​ចាំ​ដល់​ថ្ងៃ​ដែល​សមាជិក​សក្ដិសម​ទាំងអស់​ក្នុង​សាសនាចក្រ អាច​បម្រើ​ដល់​ជីដូនជីតា​របស់ពួកគេ​ និង​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ម្ដងទៀត ។

ឥឡូវ ខ្ញុំ​រីករាយ​នឹង​ប្រកាស​អំពី​ផែនការ​សម្រាប់ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​ថ្មី​ចំនួន​ប្រាំមួយ ដែល​នឹង​ត្រូវ​សាងសង់​នៅ​​​ទីតាំង​ដូច​ខាង​ក្រោម ៖ តារ៉ាវ៉ា គីរីបាទី, ផត វីឡា វ៉ានូតុ, លីនដុន យូថាហ៍, ហ្គ្រេធើរ ហ្គូតាម៉ាឡា ស៊ីធី ហ្គូតាម៉ាឡា, សៅ​ប៉ូឡូខាងកើត ប្រទេស​ប្រេស៊ីល និង សាន់តា ហ្គ្រូហ្ស បូលីវៀ ។

នៅពេល​យើង​សាងសង់ និង​ថែទាំ​ដល់​ព្រះវិហារបរិសុទ្ធ​ទាំងនេះ យើង​សូម​អធិស្ឋាន​ឲ្យ បងប្អូន​ម្នាក់ៗ​នឹង​ស្ថាបនា និង​ថែទាំ​ខ្លួនឯង ដើម្បី​បងប្អូន​អាច​មាន​ភាព​សក្ដិសម​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ។

ឥឡូវ បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់អើយ ខ្ញុំ​សូម​ប្រទានពរ​ឲ្យ​បងប្អូន​ត្រូវ​បាន​ពេញ​ទៅដោយ​សេចក្ដីសុខសាន្ដ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ន្ដ​របស់​ទ្រង់ គឺ​មាន​ហួស​ពី​ការយល់ដឹង​នៃជីវិត​រមែង​ស្លាប់​ទាំងអស់ ។ ខ្ញុំ​សូម​ប្រទានពរ​ដល់​បងប្អូន​ឲ្យ​មាន​បំណងប្រាថ្នា និង​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ ។ ខ្ញុំ​សូម​សន្យា​ថា នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ នោះ​បងប្អូន​នឹង​ត្រូវ​បាន​ចាក់ស្រោច​ដោយ​ពរជ័យ​ទាំងឡាយ រួមទាំង​ការមានភាព​ក្លាហាន​កាន់តែ​ខ្លាំង និង​ចម្រើន​វិវរណៈ​ផ្ទាល់ខ្លួន មានក្ដីសុខុដុម​កាន់តែ​ផ្អែមល្ហែម​នៅក្នុង​គេហដ្ឋាន និង​មាន​អំណរ​នៅកណ្ដាល​នៃ​ភាព​មិន​ប្រាកដ​ប្រជា ។

សូម​ឲ្យ​យើង​ឆ្ពោះ​ទៅមុខ​ជាមួយគ្នា​ដើម្បី​បំពេញ​តាម​បញ្ញត្តិ​ពី​ព្រះ​របស់​យើង— ដើម្បី​រៀបចំ​ខ្លួន​យើង និង​ពិភពលោក​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​អធិស្ឋាន​ និង​សម្ដែង​ក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ដូច្នោះ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។