សន្និសីទទូទៅ
ចូរ​សូម ចូររក ចូរ​គោះ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ចូរ​សូម ចូររក ចូរ​គោះ

ផ្នែកមួយ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ​គឺជា​ឱកាស​ដើម្បី​ទំនាក់​ទំនង​ជាមួយ​ទ្រង់​គ្រប់​ពេល​ដែល​យើង​ចង់ ។

នៅក្នុង​ការ​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំកាលពីបួន​ខែ​មុន ខ្ញុំ​អាន​អំពី​បេសកកម្ម​របស់​អាលម៉ា​នៅលើ​ទឹកដី​អាំម៉ូណៃហា ខ្ញុំ​បាន​យោបល់​នេះ​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ៖  « ពេលអ្នកអាន​អំពី​ពរជ័យ​ដ៏​មហិមា​ដែល​ព្រះបាន​ប្រទាន​ដល់​ប្រជាជន​នីហ្វៃ ( សូមមើល អាលម៉ា ៩:១៩-២៣ ) សូម​ពិចារណា​អំពី​ពរជ័យ​ដ៏​មហិមា ដែល​ទ្រង់​បាន​ប្រទាន​ដល់​បងប្អូន ។ »   ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្កើត​ជា​បញ្ជី​មួយ​អំពី​ពរជ័យ​ដែល​ព្រះ​ប្រទាន​ដល់​ខ្ញុំ និង​កត់ត្រា​វានៅក្នុង​សៀវភៅ​សិក្សា ឌីជីថល ។  ខ្ញុំបាន​បង្កើត​បញ្ជី​ពរជ័យ​ចំនួន ១៦ ក្នុង​រយៈ​ពេល​ដ៏​ខ្លី ។

ពរជ័យ​ដែល​សំខាន់​ជាងគេ គឺ​ពរជ័យ​ដ៏មហិមា​នៃ​សេចក្តីមេត្តា​ករុណា ​និង ពលិកម្ម​ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ ។ ខ្ញុំក៏បាន​សរសេរ​អំពី​ពរជ័យ​ដែល​ខ្ញុំ​បាន​ធ្វើ​ជាអ្នក​តំណាង​របស់​ព្រះអង្គសង្គ្រោះ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​នៅ​ប្រទេស​ព័រទុយហ្គាល់​និង​ក្រោយមក​បាន​បម្រើ​បេសកកម្ម​ប្រេស៊ីល​ព័រតូ​អាលេហ្គ្រី​ខាង​ត្បូង ជា​មួយ​ដៃគូ​ដ៏អស់​កល្ប​ជាទីស្រឡាញ់​របស់​ខ្ញុំ ផាទ្រីស្សា នៅទីនោះ​យើង​បាន​បម្រើ​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ប្រកប​ដោយ​ព្រះ​ចេស្តា និង អស្ចារ្យ​ចំនួន ៥២២ រូប ។ និយាយ​អំពី ផាទ្រីស្សា ពរជ័យ​ជាច្រើន​ដែល​ខ្ញុំ​បាន​កត់ត្រា​នៅក្នុង​ថ្ងៃនោះ គឺជា​ពរជ័យ​ដែល​យើង​បាន​រីករាយ​ជាមួយ​គ្នា​អស់​ពេល​ ៤០ ឆ្នាំ នៃ​អាពាហ៍ពិពាហ៍​យើង—រួមទាំង​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សៅ ប៉ូឡូ ប្រទេស ប្រេស៊ីល កូនទាំងបី​ដ៏អស្ចារ្យ​របស់​យើង និង​ស្វាមីភរិយា​របស់​ពួកគេ និង ចៅៗ​ទាំង​១៣ នាក់​របស់​យើង​ផងដែរ ។

គំនិត​របស់​ខ្ញុំ​ក៏បាន​គិតទៅ​រក​ឪពុកម្តាយ​ដ៏​សុចរិត​របស់​ខ្ញុំ ដែល​បាន​ចិញ្ចឹម​បីបាច់​ខ្ញុំនៅក្នុងគោលការណ៍​នៃ​ដំណឹងល្អ ។ ខ្ញុំបាន​នឹក​ឃើញឱកាស​ពិសេស​នៅពេល​អ្នកម្តាយ​ជាទី​ស្រឡាញ់​របស់ខ្ញុំ បាន​លុតជង្គង់​អធិស្ឋានជាមួយខ្ញុំ​នៅក្បែរគ្រែ​ខ្ញុំ នៅពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​១០ ឆ្នាំ ។ គាត់​ប្រហែល​ជាមាន​អារម្មណ៍ថា​ពាក្យពេចន៍​អធិស្ឋាន​គួរ​តែមាន​ការកែលម្អ បើខ្ញុំ​ចង់​ឲ្យ​ការអធិស្ឋាន​អាច​ទៅដល់​ព្រះវរបិតា​ដែល​គង់​នៅស្ថាន​សួគ៌ ។ ដូច្នេះ​ម៉ាក់​បាន​និយាយថា ៖ « ម៉ាក់​នឹង​អធិស្ឋាន​មុន​បន្ទាប់​ពីម៉ាក់​អធិស្ឋាន កូនអធិស្ឋានម្ដង » ។ ម៉ាក់​បាន​បន្ត​ធ្វើ​តាម​លំនាំនេះ​ជាច្រើនយប់​រហូត​ដល់​គាត់​មាន​ទំនុកចិត្ត​ថា ខ្ញុំបាន​រៀន​គោលការណ៍ និង​អនុវត្តន៍​របៀប​ទូល​ទៅកាន់​ព្រះវរបិតា​សួគ៌ ។ ខ្ញុំ​មាន​អំណរ​គុណ​ជានិច្ច​ដែល​គាត់​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​អធិស្ឋាន ព្រោះ​ខ្ញុំ​បាន​ដឹងថា ព្រះវរបិតា​សួគ៌​ព្រះសណ្ដាប់​ការអធិស្ឋាន និង​ឆ្លើយតបខ្ញុំ ។

តាមពិត មាន​ពរជ័យ​ផ្សេង​ទៀត ដែល​ខ្ញុំ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​របស់​ខ្ញុំ—វាគឺជា​អំណោយ​ទាន​ដែល​អាច​ឮ និង​រៀន​ធ្វើ​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះអម្ចាស់ ។ ផ្នែកមួយ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ​គឺជា​ឱកាស​ដើម្បី​ទំនាក់​ទំនង​ជាមួយ​ទ្រង់​គ្រប់​ពេល​ដែល​យើង​ចង់ ។

ការអញ្ជើញ​មួយ​មក​ពី​ព្រះអម្ចាស់

នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅ​ទ្វីប​អាមេរិក​បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ទ្រង់​បាន​ធ្វើការ​អញ្ជើញ​ជាថ្មី​ដូចអ្វី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​សិស្ស​របស់​ទ្រង់​នៅកាលីឡេ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ៖

« ចូរ​សូម នោះ​តែង​នឹងឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ។

« ដ្បិត​អស់​អ្នក​ដែល​សូម​នោះ​រមែង​បាន អ្នក​ណា​ដែល​រក​នោះ​រមែង​ឃើញ​ហើយ​និង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ » ។ (នីហ្វៃទី ៣ ១៤:៧–៨,សូមមើល​ផងដែរ ម៉ាថាយ ៧:៧–៨) ។

ព្យាការី​របស់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន ក៏​ធ្លាប់​ផ្ដល់​ការ​អញ្ជើញ​ដូចគ្នា​នេះ​ផង​ដែរ​នៅក្នុង​ជំនាន់​របស់​យើង ។ លោក​បាន​មាន​ប្រសាសន៍ថា ៖ « សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​អំពី​កង្វល់ ការ​ភ័យខ្លាច ភាព​ទន់ខ្សោយ​របស់​បងប្អូន—ពិត​ណាស់ អំពី​បំណង​ប្រាថ្នា​នៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន ។ បន្ទាប់​មក ចូរ​ស្តាប់ ! សូម​សរសេរ​គំនិត​ដែល​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ។ សូម​កត់ត្រា​អារម្មណ៍​របស់​បងប្អូន ហើយ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បងប្អូន​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ ។ កាល​បងប្អូន​ធ្វើ​ដំណើរ​ការ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​រៀង​រាល់​ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ នោះ​បងប្អូន​នឹង ‹« រីកចម្រើន​នៅ​ក្នុង​គោលការណ៍​នៃ​វិវរណៈ ›» ។

ប្រធាន​ណិលសុន​បាន​បន្ថែម​ថា « នៅ​ពេល​ខាង​មុខ យើង​នឹង​មិន​អាច​រស់រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេសា្ត ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។ 

ហេតុអ្វី​បាន​ជា​វិវរណៈ​សំខាន់​ចំពោះ​ការ​រស់​រាន​ខាង​វិញ្ញាណ​របស់​យើង ? ពីព្រោះ​ពិភពលោក​ពោរពេញ​ទៅដោយភាព​ច្របូក​ច្របល់ និង អ៊ូអរ ពេញ​ដោយការបោក​បញ្ឆោត និង ភាពរំខាន ។ ទំនាក់​ទំនង​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង អាច​ធ្វើ​ឲ្យយើង​ដឹង​អ្វី​ខុស និង​អ្វី ត្រូវ​ហើយ​អ្វី​ដែល​ជាប់​ទាក់ទង​នឹង​ផែនការណ៍​របស់​ព្រះ ​និង​អ្វី​ដែល​មិន​ទាក់ទង ។ ពិភពលោក​ក៏អាច​ជាកន្លែង​ដ៏​ឃោរឃៅ និង ឈឺចាប់ ។ ប៉ុន្តែ​នៅពេល​ដែលយើង​បើក​ដួង​ចិត្ត​របស់​យើង​ក្នុង​ការអធិស្ឋាន យើង​នឹង​ទទួល​អារម្មណ៍​លួងលោម ដែល​បាន​មក​ពីព្រះវរបិតា​ដែល​គង់​នៅស្ថានសួគ៌ របស់យើង និង​ការអះអាង​ថា​ទ្រង់​ស្រឡាញ់​និង​ឲ្យ​តម្លៃយើង ។

ចូរសូម

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖ « ដ្បិត​អស់​អ្នកណា​ដែល​សូម ​នោះ​រមែង​បាន »។ ការសូម​ហាក់​ដូច​ជាសាមញ្ញ​ ប៉ុន្តែ​វាមាន​ព្រះចេស្តា ពីព្រោះ​វាបាន​បើក​សម្តែង​ពី​បំណង​ប្រាថ្នា និង សេចក្តី​ជំនឿ​របស់​យើង ។ ទោះ​ជាយ៉ាង​ណាក្តី​វាត្រូវ​ការពេល​វេលា និង​ការ​អត់ធ្មត់​ក្នុង​ការរៀន​យល់​សំឡេង​របស់​ព្រះអម្ចាស់ ។ យើង​យកចិត្ត​ទុកដាក់​លើគំនិត​និង​អារម្មណ៍ ដែល​ចូល​មក​ក្នុង​គំនិត​នឹង​ដួង​ចិត្ត​របស់យើង ហើយ​យើង​នឹង​កត់ត្រា​គំនិត​ទាំងនោះ​ដូច​ដែល​ព្យាការី​របស់យើង​បាន​ផ្តល់​ដំបូន្មាន​ឲ្យយើង​ធ្វើ ។ ការកត់ត្រា​ពី​ចំណាប់អារម្មណ៍​របស់យើង គឺជាផ្នែក​មួយ​ដ៏សំខាន់​នៃ​ការទទួល​យក ។ វាជួយ​យើងឲ្យ​នឹកឃើញ​ឡើង​វិញ រំឮក​ឡើងវិញ និង​ទទួល​អារម្មណ៏​ឡើងវិញ នូវ​អ្វីដែល​ព្រះអម្ចាស់​កំពុងបង្រៀន​ដល់​យើង ។

ថ្មីៗ​នេះ​មនុស្ស​ជាទីស្រឡាញ់​ម្នាក់​របស់​ខ្ញុំ​បាន​និយាយ​មក​កាន់​ខ្ញុំថា « ខ្ញុំ​ជឿថា​វិវរណៈ​ផ្ទាល់ខ្លួន​គឺជាការពិត ។ ខ្ញុំជឿថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ខ្ញុំ​នូវ​អ្វី​ទាំងអស់​ដែល​ខ្ញុំ​គួរ​ធ្វើ ។ វាងាយ​ស្រួល​ជឿ​នៅពេល​ខ្ញុំ​មាន​អារម្មណ៏​ខ្មួលខ្មាញ់​ព្រម​ជាមួយ​នឹង​ជំនឿ​មិន​សង្ស័យ ។  ប៉ុន្តែ តើ​ខ្ញុំអាច​ដឹង​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ខ្ញុំ​ជានិច្ច​ដោយ​មិនប្រែប្រួល​បែបនេះ​យ៉ាងដូចម្ដេច ? »

ជូន​ចំពោះ​មនុស្ស​ជាទីស្រឡាញ់​របស់ខ្ញុំ និងបងប្អូន​ទាំង​អស់គ្នា ខ្ញុំក៏សូម​និយាយ​ផងដែរថា ខ្ញុំក៏ចង់​មានអារម្មណ៍​បញ្ជាក់​ពីព្រះវិញ្ញាណ​បរិសុទ្ធ​ខ្លាំងក្លា​ជាប្រចាំ ហើយ​តែង​តែ​អាច​មើល​ឃើញ​ពីផ្លូវ​ដែល​ត្រូវ​ដើរតាម ។ ប៉ុន្តែ​ខ្ញុំ​មិនអាច​ទេ ។ ទោះ​ជាយ៉ាងណា អ្វីដែល​យើង​អាច​នឹងមាន​អារម្មណ៍​ជាញឹកញាប់​នោះគឺសំឡេង​តូច​រហៀង​នៃព្រះអម្ចាស់​ដែល​បាន​ខ្សឹប​ប្រាប់​ចូល​ក្នុង​គំនិត និង​ដួង​ចិត្ត​របស់យើង « ទូលបង្គំ​នៅទីនេះ ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ សូម​ទៅមុខ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​បងប្អូន ។ ខ្ញុំ​នឹង​គាំទ្រ​បងប្អូន » ។ យើង​មិន​ចាំបាច់​ត្រូវ​ដឹង​គ្រប់​យ៉ាង​ឬ​មើល​ឃើញ​អ្វី គ្រប់​យ៉ាង​នោះ​ឡើយ ។

សំឡេង​តូច​រហៀង​នឹង​អះអាង លើក​ទឹកចិត្ត និង លួងលោម—ហើយ​ភាគ​ច្រើន នោះ​គ្រាន់​តែជា​អ្វី​ដែល​យើង​ត្រូវការ​សម្រាប់​ថ្ងៃនោះ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺជាការពិត ហើយ​សេចក្តី​សន្យា​របស់ទ្រង់​គឺជាការពិត—ទាំងធំ​និង​តូច ។

ចូរស្វែងរក

ព្រះអម្ចាស់​ក៏​បាន​បន្ត​សន្យា​ទៀតថា ៖ «​ អ្នក​ណា​ដែល​រក​នោះ​រមែង​ឃើញ » ។ ិញ្ញាណ—ដោយ​ការពិចារណា ការសាកល្បង ការព្យាយាម និង​ការសិក្សា ។ យើង​ស្វែងរក​ពីព្រោះ​យើង​ទុកចិត្ត​លើ​ការសន្យា​របស់​ព្រះអម្ចាស់ ។ « តែ​បើ​ឥត​មាន​សេចក្តីជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែជឿ​ថា មាន​ព្រះ​មែន ហើយ​ថា​ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ » (ហេព្រើរ ១១:៦) ។ នៅពេលយើង​ស្វែងរក​យើង​ទទួល​ស្គាល់​ចំណេះ​ដឹង​ដោយ​ចិត្ត​រាបសារថា​យើង​នៅមាន​អ្វី​ជាច្រើន​ទៀត​ដែល​ត្រូវ​រៀន ហើយ​ព្រះអម្ចាស់​នឹង​ពង្រីក​ការយល់​ដឹង​របស់​យើង រៀបចំយើង​ដើម្បីទទួល​បន្ថែម​ទៀត ។ « ដ្បិត​មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ យើង​នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច​… ដ្បិត​ចំពោះ​អ្នកណា​ដែលបាន​ទទួល​នោះ​យើង​នឹង​ឲ្យ​ថែមទៀត » ។ (នីហ្វៃទី ២ ២៨:៣០) ។

ចូរគោះ

នៅចុង​បញ្ចប់​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូលថា « និង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ » ។ ការគោះ​គឺជា​សកម្មភាព​ក្នុង​សេចក្ដីជំនឿ ។ នៅពេល​ដែល​យើង​សកម្ម​ក្នុង​ការ​ធ្វើ​តាម​ទ្រង់ នោះ​ព្រះអម្ចាស់​និង​បើក​ផ្លូវ​សម្រាប់​យើង ។ នៅក្នុង​ទំនុកតម្កើង​ដ៏ពិរោះ​បាន​បង្រៀន​យើង​ថា « ចូរ​ក្រោក​ឡើង​ធ្វើ​អ្វីៗ​ច្រើន​ទៀត​កុំ​លង់​តែ​ក្នុង​ក្តី​សុបិន [ របស់យើង ] ។  ការ​ធ្វើ​ល្អ​គួរ​ឲ្យ​រីករាយ​ជាក្តី​ល្អ​លើស​ការ​គិត​ជាពរ​នៃ​កាតព្វកិច្ច​និង​ស្នេហ៍ ។ »  6 អែលឌើរ ជែរីត ដ័បុលយូ ហ្កង នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ថ្មីៗនេះ​បាន​ពន្យល់​ថា ជាញឹក​ញាប់​វិវរណៈ​កើត​មាន​ខណៈដែល​យើង​ធ្វើ​អំពើ​ល្អ ។ លោក​បានមាន​ប្រសាសន៏ថា ៖ « កាលណា​យើង​ព្យាយាម​ឈោង​ទៅ​បម្រើ​អស់​អ្នក​ដែល​នៅជុំវិញ​យើង ខ្ញុំគិត​ថា​ព្រះអម្ចាស់ នឹង​ប្រទាន​សេចក្តីស្រឡាញ់​បន្ថែម​ទៀត​ដល់​យើង​សម្រាប់​ពួកគេ ក៏ដូចជា​ខ្លួន​យើង ។ ខ្ញុំគិត​ថាយើង​ឮសំឡេង​ទ្រង់ —យើង​ទទួល​អារម្មណ៏​ដឹង​ពី​ទ្រង់​ក្នុង​របៀប​ផ្សេង— នៅពេល​ដែល​យើងអធិស្ឋាន​ជួយ​អស់​អ្នក​ដែល​នៅជុំ​វិញ​យើង ពីព្រោះ​នោះ​គឺ​ជាពាក្យ​អធិស្ឋាន​មួយ​ដែល​ទ្រង់​ចង់​ឆ្លើយ​តប​បំផុត » 

គំរូ​របស់​អាលម៉ា

យោបល់​សាមញ្ញ​នោះ​មាន​នៅក្នុង ចូរ​មក​តាម​ខ្ញុំ ដើម្បី​គិត​អំពី​ពរជ័យ​របស់ខ្ញុំ​ដែល​បាន​នាំ​មកដោយ​វិញ្ញាណ​ដ៏ផ្អែម​ល្ហែម និង ចំណេះ​ដឹង​ខាង​វិញ្ញាណ​ដែល​មិនបាន​រំពឹង​ទុក​ខ្លះទៀត ។ កាល​ដែល​ខ្ញុំ​បន្ត​ការ​អាន​អំពី​អាលម៉ា និង​ការបម្រើ​របស់​លោក​លើ​ទឹកដី អាំម៉ូណៃហា ខ្ញុំ​បាន​រក​ឃើញ​ថា អាលម៉ា បាន​ផ្តល់​គំរូល្អមួយ ចំពោះ​អត្ថន័យនៃ​ការសួរ ស្វែងរក និង​គោះ ។ យើង​អានថា « អាលម៉ា​បានធ្វើ​ការជាខ្លាំង​ខាង​វិញ្ញាណ ដោយ​ពុះពារ​ខំ​អធិស្ឋាន​ដល់ព្រះ សូមឲ្យ​ទ្រង់​ស្រោច​ព្រះវិញ្ញាណទ្រង់​មកលើប្រជាជន » ។ ទោះ​ជាយ៉ាងណាក្តី ​ការអធិស្ឋាន​នោះមិន​បាន​ឆ្លើយ​តប​ទេ គឺមិន​បាន​ឆ្លើយ​តប​ក្នុង​របៀប​ដែល​លោក​សង្ឃឹម​ចង់បាន​ទេ ហើយ​អាលម៉ា​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពីទីក្រុង ។ នៅពេល​អាលម៉ា ហៀប​នឹងបោះ​បង់ចោល កាល​ដែល​លោក « ពោរពេញ​ទៅ​ដោយ​សេចក្តី​សោក​សៅ » ស្រាប់​តែមាន​ទេវតា​ប្រទាន​សារលិខិត​នេះថា « អាលម៉ា​អើយ​អ្នក​មាន​ពរហើយ ហេតុដូច្នេះ​ហើយ​ ចូរអ្នក​ងើប​មុខឡើង ហើយ​អរ​រីករាយ​ចុះ ដ្បិត​អ្នកមាន​ហេតុ​ដ៏ធំ​ចំពោះ​ការអរ​រីករាយ » ។ បន្ទាប់​មក​ទេវតា​បាន​ប្រាប់​អាលម៉ា​ឲ្យត្រឡប់​ទៅ​ដែនដី អាំម៉ូណៃហា ហើយ​ព្យាយាម​ម្តងទៀត ហើយ​អាលម៉ា « បាន​ត្រឡប់​ទៅ​យ៉ាង​រួសរាន់ » 

តើ​យើង​រៀន​អ្វីខ្លះ​មកពី​អាលម៉ា អំពី​ការ​សួរ ការ​ស្វែង​រក​ និង​ការ​គោះ ? យើងបាន​រៀនថា ​ការអធិស្ឋាន​តម្រូវ​ឲ្យមាន​កិច្ច​ខិតខំ​ខាង​វិញ្ញាណ ហើយ​មិន​តែង​តែ​ដឹកនាំ​ទៅ​រកលទ្ធផល​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះទេ ។ ប៉ុន្តែនៅពេល​ដែល​យើង​មាន​អារម្មណ៍​បាក់ទឹកចិត្ត ឬ ពោរពេញ​ទៅ​ដោយ​សេចក្តី​សោក​សៅ​ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ការលួងលោម និង​ភាពរឹងមាំ​ដល់យើង​ក្នុង​របៀប​ផ្សេងៗ ។ ទ្រង់​ប្រហែល​ជានឹង​មិនឆ្លើយ​តប​រាល់​គ្រប់​សំណួរ​របស់យើង ឬ​ដោះស្រាយ​រាល់គ្រប់​បញ្ហា​របស់​យើង​ភ្លាមៗទេ ប៉ុន្តែ​ទ្រង់​លើក​ទឹកចិត្ត​យើង​ឲ្យ​បន្ដ​ព្យាយាម ។ ​បើយើង​រួសរាន់​ដាក់​បញ្ចូល​ផែន​ការ​របស់យើងជាមួយ​ទ្រង់ នោះទ្រង់​នឹងបើក​ផ្លូវ​សម្រាប់​យើង ដូចជា​ទ្រង់​បាន​ធ្វើ​សម្រាប់​អាលម៉ា ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា​ នេះ​ជា​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នៃ​ដំណឹងល្អ ។ យើង​អាច​រីករាយ​នឹង​ពរជ័យ​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​របស់​យើង ។ យើង​មាន​ព្រះគម្ពីរ​នៅគ្រប់​ទីកន្លែង​សម្រាប់​យើង ។ យើង​ត្រូវបាន​ដឹកនាំ​ដោយពួកព្យាការីដែល​បាន​បង្រៀន​យើង​អំពី​ឆន្ទៈ​របស់​ព្រះអម្ចាស់​សម្រាប់​គ្រាលំបាក​ដែល​យើង​កំពុង​រស់នៅ ។ បន្ថែម​ពីលើនោះ​ យើង​មាន​ទំនាក់​ទំនង​ផ្ទាល់​ទៅនឹង​វិវរណៈ​ផ្ទាល់ខ្លួន ដូច្នេះ​ព្រះអម្ចាស់​អាច​លួងលោម និង​ដឹកនាំ​យើង​ដោយ​ផ្ទាល់ ។ ដូចដែល​ទេវតាបាន​មាន​បន្ទូល​ទៅកាន់​អាលម៉ាថា ​យើង​មាន « ហេតុ​ដ៏ធំ​ចំពោះ​ការអរ​រីករាយ » ​( អាលម៉ា ៨:១៥ ) ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។