សន្និសីទទូទៅ
អំណោយ​ដ៏​ជ្រួតជ្រាប​នៃ​ព្រះរាជបុត្រា

អំណោយ​ដ៏​ជ្រួតជ្រាប​នៃ​ព្រះរាជបុត្រា

តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​គេច​ចេញ​ពី​ក្ដីឈឺចាប់​ដែល​សម​នឹង​ទទួល​ដោយសារ​តែ​ការបរាជ័យ​ខាង​សីលធម៌​របស់​យើង និង​យក​ឈ្នះ​លើ​ក្ដីឈឺចាប់​ដែល​មិន​សម​ទទួល​ដោយសារ​រឿង​អាក្រក់​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។

ពេល​កំពុង​អាន​ព្រះគម្ពីរ​មរមនក្នុង​មេរៀន ចូរ​មក​តាម​ខ្ញុំ កាល​ពី​រដូវ​ក្ដៅ​មុន​នេះ ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​ជា​ខ្លាំង​ចំពោះ​អ្វី​ដែល​អាលម៉ា​បាន​ប្រាប់ នៅពេល​ដែល​លោក​ភ្ញាក់​ខ្លួន​ពី​អំពើ​បាប ថា « គ្មាន​អ្វី​ដែល ជ្រួត​ជ្រាប ហើយ ល្វីង​ជូរចត់ ឲ្យ​ស្មើ​នឹង​ការឈឺចាប់ [ របស់​លោក ] បាន​ឡើយ » ។ ខ្ញុំ​សារភាព​ថា ការនិយាយ​ពី​ការឈឺចាប់​ដ៏​ជ្រួតជ្រាប​ទាញយក​អារម្មណ៍​ខ្ញុំ មួយ​ផ្នែក​ដោយសារ​តែ​ការប្រយុទ្ធ​របស់​ខ្ញុំ​នៅ​សប្តាហ៍​នោះ​ជាមួយ​នឹង​ក្រួស​ក្នុង​តម្រង​នោម ទំហំ​៧ មីលីម៉ែត ។ មិន​ដែល​មាន​បុរស​ណា​ម្នាក់​ដក​ពិសោធន៍​នូវ « កិច្ចការ​ដ៏​ធំៗ » ពេល​ដែល​កិច្ចការ « តូចតាច និង​ងាយ » ជា​អ្វី​ដែល « នាំ​ឲ្យ​កើត » ឡើង​នោះ​ទេ ។

ភាសា​របស់​អាលម៉ា​ក៏​លេច​ធ្លោ​ផងដែរ ចំពោះ​ខ្ញុំ ដោយសារ​តែ​ពាក្យ ជ្រួតជ្រាបដែល​នៅក្នុង​ការបកប្រែ​ជា​ភាសា​អង់គ្លេស​នៃ​ព្រះគម្ពីរ​មរមន បាន​ពិពណ៌នា​ជា​ពិសេស​អំពី​អ្វី​ដែល​ជា​ភាពស្រស់​ស្អាត​ដ៏​ប្លែក ឬ​ភាពអស្ចារ្យ​ដែល​មិន​អាច​ប្រៀប​បាន ។ ឧទាហរណ៍ យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ទេវតា​មរ៉ូណៃ​បាន​ស្លៀក​រ៉ូប​ដែល​មាន « ពណ៌​ដ៏​ស​អស្ចារ្យ » « គឺជា​ភាព​ស​ជាង​អ្វីៗ​នៅ​លើ​លោកិយ ដែល [ លោក ] ធ្លាប់​ប្រទះ​ឃើញ​មក » ។ តែ​ពាក្យ ជ្រួតជ្រាប ក៏​អាច​ប្រាប់​ពី​កម្លាំង​ដ៏​ខ្លាំង​ក្រៃលែង​សម្រាប់​រឿង​ដ៏​អាក្រក់​ផងដែរ ។ ហេតុ​ដូច្នោះ​ហើយ អាលម៉ា និង​វចនានុក្រម​កំពូលៗ ភ្ជាប់​ការឈឺចាប់​ដ៏​ជ្រួតជ្រាប​ទៅ​នឹង « សេចក្ដី​ទុក្ខ​វេទនា » « ត្រូវ​ញាំញី » « ត្រូវ​កើតទុក្ខ » ដល់ « អតិបរិមា » ។

ការប្រៀបធៀប​របស់​អាលម៉ា​ឆ្លុះ​បញ្ចាំង​អំពី​ការពិត​ដ៏​សំខាន់​ថា នៅ​ចំណុច​ណា​មួយ​នោះ យើង​មាន​អារម្មណ៍​ដឹង​កំហុស​ដែល​ពេញ​ដោយ​ភាពឈឺផ្សា​នៃ​គ្រប់​អំពើ​បាប​ដែល​យើង​ធ្វើ ។ វា​ជា​តម្រូវការ​នៃ​សេចក្ដី​យុត្តិធម៌ ហើយ​ព្រះ​ទ្រង់​ផ្ទាល់​មិន​អាច​ផ្លាស់​ប្ដូរ​វា​បាន​ទេ ។ ពេល​អាលម៉ា​បាន​ចងចាំ​អំពើ​បាប « ទាំងអស់ » របស់​លោក—ជា​ពិសេស​អំពើ​បាប​ដែល​បាន​បំផ្លាញ​សេចក្ដី​ជំនឿ​របស់​មនុស្ស​ដទៃ—នោះ​ការឈឺចាប់​របស់​លោក​មិន​អាច​ទ្រាំទ្រ​បាន​ទេ ហើយ​គំនិត​នៃ​ការឈរ​នៅ​ចំពោះ​ព្រះ បាន​ធ្វើ​ឲ្យ​លោក​ពោរពេញ​ដោយ « សេចក្ដី​រន្ធត់​ដ៏​មិន​អាច​ថ្លែង​បាន » ។ លោក​ចង់ « រលត់​ទៅ​ទាំង​ព្រលឹង​ទាំង​រូប​កាយ » ។

ទោះ​ជា​យ៉ាង​ណា អាលម៉ា​បាន​និយាយ​ថា អ្វីៗ​គ្រប់​យ៉ាង​បាន​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​នៅ​គ្រា​ដែល​លោក « នឹក​គិត​ទៅលើ » ការព្យាករ​អំពី « ការ​យាង​មក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ … ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក » ហើយ​លោក « បាន​យំ​នៅ​ក្នុង​ចិត្ត [ លោក ] ថា ៖ ឱ​ព្រះ​យេស៊ូវ​អើយ ព្រះ​អង្គជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ទូលបង្គំ​ផង » ។ ជាមួយ​នឹង​គំនិត​មួយ​នោះ និង​ការអង្វរ​មួយ​នោះ អាលម៉ា​បាន​ពោរពេញ​ដោយ​អំណរ​ដ៏ « ជ្រួតជ្រាប » « លើស​ជាង​ការ​ឈឺ​ចាប់ [ របស់​លោក ] ទៅ​ទៀត » ។

យើង​មិន​ត្រូវ​ភ្លេច​ថា គោលបំណង​នៃ​ការប្រែចិត្ត​គឺ​ត្រូវ​ទទួល​នូវ​សេចក្ដី​វេទនា​ជាក់លាក់ ហើយ​ផ្លាស់​ប្រែ​វា​ទៅ​ជា​សុភមង្គល​ដ៏​បរិសុទ្ធ ។ សូម​អរព្រះគុណ​ដល់ « សេចក្ដី​ល្អ​សប្បុរស​ដ៏​ទាន់​ចិត្ត » របស់​ទ្រង់ នៅ​ពេល​យើង​មក​ឯ​ព្រះគ្រីស្ទ ភ្លាម —ដោយ​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ទ្រង់ និង​ការផ្លាស់​ប្ដូរ​ដួង​ចិត្ត​ដ៏​ពិត—នោះ​ទម្ងន់​ដ៏​លើសលប់​នៃ​អំពើ​បាប​របស់​យើង​ចាប់ផ្ដើម​បង្វែរ​ពី​ខ្នង​យើង​ទៅ​ទ្រង់​វិញ ។ ការណ៍​នេះ​កើត​ឡើង​បាន ដោយសារ​តែ​ទ្រង់​ដែល​គ្មាន​អំពើ​បាប​ប៉ុណ្ណោះ​ដែល​បាន​រង​នូវ « ក្ដី​ឈឺចាប់​ដែល​គ្មាន​ដែន​កំណត់ និង​មិន​អាច​ថ្លែង​បាន » នៃ​គ្រប់​អំពើ​បាប​នៅក្នុង​សកលលោក​នៃ​ការបង្ក​បង្កើត​របស់​ទ្រង់—ជា​ការរង​ទុក្ខ​ដ៏​ខ្លាំង​បំផុត ដែល​បាន​ធ្វើ​ឲ្យ​ព្រះលោហិត​បាន​ហូរ​ចេញ​ពី​គ្រប់​គល់រោម​របស់​ទ្រង់ ។ ចេញ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន ព្រះអង្គ​សង្គ្រោះ​បាន​ព្រមាន​យើង នៅ​ក្នុង​ព្រះគម្ពីរ​សម័យ​ទំនើប ថា​យើង​មិន​ដឹង​សោះ​ឡើយ​ថា « សេចក្ដី​រង​ទុក្ខ​វេទនា » របស់​យើង « ជ្រួតជ្រាប » ប៉ុណ្ណា បើ​យើង​មិន​ប្រែចិត្ត​ទេ​នោះ ។ ប៉ុន្តែ ដោយ​ព្រះទ័យ​សប្បុរស​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ទ្រង់​បាន​បញ្ជាក់​ផងដែរ​ថា « ដ្បិត​មើល​ចុះ យើង​ជា​ព្រះ បាន​រង​ទុក្ខ​នូវ​ការ​ទាំង​នេះ​ជំនួស​មនុស្ស​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​គេ​អាច​រង​ទុក្ខ បើ​សិន​ជា​ពួក​គេ​ប្រែ​ចិត្ត »១០—ជា​ការប្រែ​ចិត្ត​មួយ​ដែល​អនុញ្ញាត​ឲ្យ​យើង « ភ្លក់ » នូវ « សេចក្ដី​អំណរ​ដ៏​លើសលប់ » ដែល​អាលម៉ា​បាន​ភ្លក់ ។១១ គ្រាន់តែ​គោលលទ្ធិ​នេះ​តែ​មួយ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ។១២ ប៉ុន្តែ គួរ​ឲ្យ​ភ្ញាក់ផ្អើល ព្រះគ្រីស្ទ​ប្រទាន​ថែម​ទៀត ។

ពេល​ខ្លះ ការឈឺចាប់​ដ៏​ជ្រួតជ្រាប​មិន​បាន​មក​ពី​អំពើ​បាប​ទេ ប៉ុន្តែ​ចេញ​មក​ពី​កំហុស​ទៀង​ត្រង់ ពី​សកម្មភាព​របស់​មនុស្ស​ផ្សេង​ទៀត ឬ​មក​ពី​កម្លាំង​ដែល​ហួស​ពី​ការគ្រប់គ្រង​របស់​យើង ។ នៅ​ក្នុង​គ្រា​ទាំង​នេះ បងប្អូន​អាច​ស្រែក​យំ​ដូច​ជា​អ្នក​តែង​ទំនុក​តម្កើង​ដ៏​សុចរិត ៖

« ចិត្ត​ទូលបង្គំ​អន្ទះសា​នៅ​ក្នុង​ខ្លួន ហើយ​សេចក្តី​ស្ញែង​ខ្លាច​ចំពោះ​សេចក្តី​ស្លាប់​បាន​គ្រប​សង្កត់​លើ​ទូលបង្គំ ។

« … ហើយ​ញាប់ញ័រ សេចក្តី​តក់ស្លុត​បាន​បង្គ្រប​ទូលបង្គំ​ហើយ ។

« … ឱ​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប​ទៅ​រ៉ា នោះ​អញ​នឹង​ហើរ​ចេញ​ទៅ​ឲ្យ​បាន​សេចក្តី​សុខ » ។១៣

វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ ការប្រឹក្សា​ជំនាញ ឬ​ការ​កែតម្រូវ​ដោយ​ច្បាប់ អាច​ជួយ​កាត់​បន្ថយ​ការរង​ទុក្ខ​បែប​នោះ​បាន ។ ប៉ុន្តែ​សូម​កត់​ចំណាំ​ថា អំណោយទាន​ដ៏​ល្អៗ​ទាំងអស់—រួម​ទាំង​អ្វីៗ​ទាំងនេះ—បាន​មក​ពី​ព្រះអង្គ​សង្គ្រោះ ។១៤ ដោយ​មិន​គិត​ពី​បុព្វហេតុ​នៃ​ការឈឺចាប់ និង​ការឈឺ​ចិត្ត​ដ៏​អាក្រក់​បំផុត​របស់​យើង ប្រភព​ដ៏​ល្អ​បំផុត​ដើម្បី​បាន​ធូរស្បើយ​គឺ​ដូច​គ្នា ៖ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​មាន​អំណាច​ពេញលេញ និង​មាន​ថ្នាំ​ព្យាបាល​ដើម្បី​កែប្រែ​គ្រប់​កំហុស ធ្វើ​ឲ្យ​អ្វី​ដែល​ខុស​ទៅ​ជា​ត្រូវ កែសម្រួល​គ្រប់​ភាពមិន​ឥត​ខ្ចោះ ផ្សះ​គ្រប់​មុខរបួស និង​ប្រទាន​គ្រប់​ពរជ័យ​ដែល​យឺតយ៉ាវ ។ ដូច​ជា​សាក្សី​ពី​បុរាណ​ដែរ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា « ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ »១៥ប៉ុន្តែ​ជា​ព្រះអង្គ​ប្រោសលោះ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ដែល​បាន​ចុះ​មក​ពី​បល្ល័ង្ក​របស់​ទ្រង់​នៅ​ស្ថានលើ ហើយ​បាន​យាង​មក « រង​ការ​ឈឺ​ចាប់ និងទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង … ដើម្បី​ទ្រង់​អាច​ដឹង … តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា » ។១៦

ចំពោះ​បងប្អូន​ណា​ដែល​មាន​ការឈឺចាប់​យ៉ាង​ខ្លាំង ឬ​យ៉ាង​ចម្លែក​ខុស​គេ​នៅ​ថ្ងៃ​នេះ ដែល​បងប្អូន​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​វា បងប្អូន​អាច​ត្រូវ ។ មិន​ថា​វា​ជា​រឿង​ធ្ងន់ធ្ងរ ឬ​ជា​ការព្យាយាម​ធ្វើ​ល្អ​នោះ​ទេ—ប្រហែល​ជា​ពុំ​មាន​សមាជិក​គ្រួសារ មិត្តភក្ដិ ឬ​អ្នក​ដឹកនាំ​បព្វជិតភាព—ដែល​ដឹង​ពិត​ប្រាកដ​ពី​អ្វី​ដែល​បងប្អូន​កំពុង​មាន​អារម្មណ៍ ឬ​ដែល​មាន​ពាក្យ​ត្រឹមត្រូវ​ដើម្បី​ជួយ​បងប្អូន​ជា​សះស្បើយ​នោះ​ទេ ។ ប៉ុន្តែ​សូម​ដឹង​ការណ៍​នេះ ៖ មាន​ព្រះ​មួយ​អង្គ​ដែល​យល់​ជ្រាប​ដឹង​ឥត​ខ្ចោះ​នូវ​អ្វី​ដែល​បងប្អូន​កំពុង​ជួប ដែល​ទ្រង់ « មាន​អំណាច​ជាង​អ្វីៗ​នៅ​លើ​ផែនដី​នេះ​ទាំង​អស់ »១៧ហើយ​ទ្រង់ « អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល [ បងប្អូន ] សូម ឬ​គិត » ។១៨ ដំណើរការ​នឹង​កើតឡើង​តាម​របៀប​របស់​ទ្រង់ និង​តាម​ពេល​របស់​ទ្រង់ ប៉ុន្តែ​ព្រះគ្រីស្ទ​តែងតែ​ត្រៀម​ជា​ស្រេច​ដើម្បី​ព្យាបាល​គ្រប់​ក្ដី​ឈឺចាប់​របស់​បងប្អូន ។

នៅ​ពេល​បងប្អូន​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ បងប្អូន​នឹង​ឃើញ​ថា ការរងទុក្ខ​របស់​បងប្អូន​មិន​អសារ​ឥត​ការ​ទេ ។ និយាយ​អំពី​វិរៈបុរស​ដ៏​អស្ចារ្យ​បំផុត​ជា​ច្រើន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប និង​ទុក្ខសោក​របស់​ពួកគេ សាវក​ប៉ុល​បាន​និយាយ​ថា « ព្រះ … បាន​ផ្គត់ផ្គង់​សេចក្តី​ប្រសើរ​ជាង​សម្រាប់​ពួកគេ តាមរយៈ​សេចក្ដី​វេទនា​របស់​ពួកគេ ដ្បិត​បើ​គ្មាន​សេចក្ដី​វេទនា​ពួកគេ​ពុំ​អាច​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ » ។១៩ បងប្អូន​ឃើញ​ហើយ ធម្មជាតិ​នៃ​ព្រះ និង​គោលបំណង​នៃ​ការមាន​ជីវិត​នៅលើ​ផែនដី​របស់​យើង គឺ​សុភមង្គល២០ ប៉ុន្តែ​យើង​មិន​អាច​ក្លាយ​ជា​តួអង្គ​ឥតខ្ចោះ​ដែល​មាន​អំណរ​ដ៏​ទេវភាព ដោយ​គ្មាន​បទពិសោធន៍​ដែល​សាកល្បង​យើង​នោះ​ទេ ជួនកាល​យើង​ត្រូវ​ខិតខំ​អស់​ពី​លទ្ធភាព​របស់​យើង ។ ដូច​ប៉ុល​និយាយ​ថា សូម្បី​តែ​ព្រះអង្គ​សង្គ្រោះ​ទ្រង់​ផ្ទាល់​ត្រូវបាន​ធ្វើ​ឲ្យ « បាន​គ្រប់​លក្ខណ៍ [ ឬ​ពេញលេញ ] ដោយ​រង​ទុក្ខ​លំបាក » ។២១ ដូច្នេះ​ហើយ ចូរ​ចាំ​ការពារ​ទាស់​នឹង​ការខ្សឹប​របស់​សាតាំង​ដែល​ថា បើ​បងប្អូន​ជា​មនុស្ស​ល្អ​ជាង​នេះ នោះ​បងប្អូន​នឹង​ចៀស​ផុត​ពី​ការសាកល្បង​បែប​នោះ ។

បងប្អូន​ក៏​ត្រូវ​ទប់ទល់​នឹង​ការកុហក់​ដែល​ថា ទុក្ខ​លំបាក​របស់​បងប្អូន​ទោះ​ជា​យ៉ាងណា​ស្នើ​ដល់​បងប្អូន​ឲ្យ​ឈរ​នៅ​ក្រៅ​រង្វង់​នៃ​មនុស្ស​ជម្រើស​របស់​ព្រះ ដែល​ហាក់​ដូច​ជា​រំកិល​យ៉ាង​លឿន​ពី​ស្ថានភាព​មាន​ពរ​មួយ​ទៅ​ស្ថានភាព​មួយ​ផ្សេង​ទៀត ។ ផ្ទុយ​ទៅ​វិញ សូម​មើល​ឃើញ​ខ្លួន​ឯង​ដូច​ជា​យ៉ូហាន​ជា​អ្នក​ទទួល​វិវរណៈ​ដែល​ពិត​ជា​បាន​ឃើញ​បងប្អូន​នៅក្នុង​វិវរណៈ​ដ៏​វិសេស​វិសាល​របស់​លោក​អំពី​ថ្ងៃ​ចុងក្រោយ ។ ដ្បិត​យ៉ូហាន​បាន​ឃើញ « មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា [ ដែល ] ឈរ​នៅ​មុខ​បល្ល័ង្ក និង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង … [ ដែល ] បន្លឺ​សំឡេង​ថា សេចក្តី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង » ។២២

នៅ​ពេល​ដែល​បាន​សួរ​ថា « តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​ពួក​ណា ? ហើយ​មក​ពី​ណា ? » យ៉ូហាន​បាន​ទទួល​ចម្លើយ​ថា « អ្នក​ទាំង​នោះ​ជា​ពួក​អ្នក​ដែល​បាន​ចេញ​ពី គ្រាវេទនា​យ៉ាង​ធំមក គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង-ស ក្នុង​ឈាម​របស់​កូន​ចៀម » ។២៣

បងប្អូន​ប្រុសស្រី សេចក្ដីទុក្ខវេទនា​នៅក្នុង​សុចរិតភាព ជួយ​ធ្វើ​ឲ្យ​បងប្អូន​មាន​លក្ខណៈ​គ្រប់គ្រាន់​ជា​ពួក​រើស​តាំង​របស់​ព្រះ មិន​មែន​ធ្វើ​ឲ្យ​បងប្អូន​ខុស​ពី​នេះ​នោះ​ទេ ។ ហើយ​វា​ធ្វើ​ឲ្យ​ការសន្យា​របស់​ពួកគេ​ជា​របស់​បងប្អូន​ដែរ ។ ដូច​យ៉ូហាន​ប្រកាស​ថា បងប្អូន « នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​មក​លើ [ បងប្អូន ] ឬ​ចំហាយ​ណា​ទៀត​ឡើយ ។ ពី​ព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល [ បងប្អូន ] ហើយ​នាំ [ បងប្អូន ] ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក [ ​របស់​បងប្អូន ] ចេញ » ។២៤

« និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ » ។២៥

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា តាម​រយៈ​សេចក្ដី​ល្អ​ដ៏​អស្ចារ្យ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​ដ៏​គ្មាន​ទីបំផុត​របស់​ទ្រង់ យើង​អាច​គេច​ផុត​ពី ក្ដី​ឈឺចាប់​ដែល​សម​នឹង​ទទួល​ដោយសារ​តែ​ការបរាជ័យ​ខាង​សីលធម៌​របស់​យើង និង​យក​ឈ្នះ​លើ​ក្ដីឈឺចាប់​ដែល​មិន​សម​ទទួល​ដោយសារ​សំណាង​អាក្រក់​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។ ក្រោម​ការដឹកនាំ​របស់​ទ្រង់ ជោគ​វាសនា​ដ៏​ទេវភាព​របស់​បងប្អូន​នឹង​ជា​ភាព​អស្ចារ្យ​មិន​អាច​ប្រៀប​បាន និង​ជា​សេចក្តី​អំណរ​មិន​អាច​ពិពណ៌នា​បាន—ជា​អំណរ​មួយ​ដែល​ខ្លាំង​ក្រៃលែង ហើយ​ពិសេស​ចំពោះ​បងប្អូន « ផេះ » របស់​បងប្អូន នឹង​ក្លាយ​ជា​ភាព​ស្រស់​ស្អាត « ជាង​អ្វីៗ​នៅ​លើ​លោកិយ » នេះ ។២៦ ដែល​បងប្អូន​អាច​ភ្លក់​សុភមង្គល​នេះ​ឥឡូវ​នេះ ហើយ​បាន​ពោរពេញ​ជា​រៀង​រហូត ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​អាលម៉ា​បាន​ធ្វើ ៖ ចូរ​ឲ្យ​គំនិត​របស់​បងប្អូន​តោង​ចាប់​ឲ្យ​ជាប់​នូវ​អំណោយ​ដ៏​ជ្រួតជ្រាបនៃ​ព្រះរាជបុត្រា​នៃ​ព្រះ ដូច​ដែល​បាន​បើក​សម្ដែង​តាម​រយៈ​ដំណឹងល្អ​របស់​ទ្រង់​នៅក្នុង​សាសនាចក្រ​ដ៏​ពិត និង​សកម្ម​របស់​ទ្រង់​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕