សន្និសីទទូទៅ
ការ​រង់​ចាំ​ព្រះអម្ចាស់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ការ​រង់​ចាំ​ព្រះអម្ចាស់

សេចក្ដី​ជំនឿ​មានន័យ​ថា ការទុក​ចិត្ត​លើ​ព្រះ​នៅក្នុង​គ្រា​ល្អ និង​គ្រា​អាក្រក់ សូម្បី​តែ​បើ​វា​រួម​បញ្ចូល​ទាំង​ការរង​ទុក្ខ​ខ្លះ​រហូត​ទាល់​តែ​យើង​ឃើញ​ព្រះហស្ដ​របស់​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ ។

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់ យើង​ទាំងអស់​គ្នា​ចង់​ស្ដាប់​យ៉ាង​ខ្លាំង—គ្មាន​នរណា​ចង់​ស្តាប់​ខ្លាំង​ជាង​ខ្ញុំ​—នូវ​សុន្ទរកថា​បិទ​មក​ពី​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ។ នេះ​ជា​សន្និសីទ​ដ៏​អស្ចារ្យ ប៉ុន្តែ​វា​ជា​លើក​ទីពីរ​ហើយ​ដែល​ជំងឺ​​កូវីដ-១៩ បាន​ផ្លាស់ប្ដូរ​ការប្រជុំ​ជា​ប្រពៃណី​របស់​យើង​នេះ ។ យើងនឿយហត់​នឹង​ការឆ្លង​មេរោគ​នេះ​ណាស់ ដែល​យើង​មាន​អារម្មណ៍​ថា​ចង់​បោច​សក់​យើង​ចេញ ។ ហើយ​ច្បាស់ណាស់ បងប្អូន​ប្រុស​របស់​ខ្ញុំ​មួយ​ចំនួន​បាន​ធ្វើ​ដូច្នោះ​រួច​ទៅ​ហើយ ។ សូម​ដឹង​ថា យើង​ពិត​ជា​អធិស្ឋាន​ឥត​ឈប់ឈរ​សម្រាប់​ពួក​អ្នក​ដែល​ទទួល​រងតាម​របៀប​ណា​ក៏​ដោយ ជា​ពិសេស​អ្នក​ដែល​បាន​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ។ គ្រប់គ្នា​យល់​ស្រប​ថា ការណ៍​នេះ​បន្ត​នៅ​យូរ​ពេក​ហើយ ។

តើ​យើង​ត្រូវ​រង់ចាំ​ការធូរ​ស្បើយ​ពី​ទុក្ខ​លំបាក​ដែល​មាន​មក​លើ​យើង​ដល់​ពេល​ណា ? ចុះ​ចំណែក​ឯការស៊ូទ្រាំ​នឹង​ការសាកល្បង​ផ្ទាល់ខ្លួន ខណៈ​យើង​រង់ចាំ ហើយ​រង់ចាំទៀត ​ហើយ​ជំនួយ​ហាក់​ដូច​ជា​មក​ដល់​យឺត​ណាស់​នោះ ? ហេតុ​អ្វី​ពន្យារពេល នៅពេល​ដែល​បន្ទុក​ហាក់​ដូច​ជា​ធ្ងន់​ជាង​អ្វី​ដែល​យើង​អាច​រែក​ពន់​បាន​ទៀតនោះ ?

ខណៈ​កំពុង​សួរ​សំណួរ​បែប​នោះ បើ​យើង​ព្យាយាម យើង​អាច​ឮ​សំឡេង​យំ​របស់​មនុស្ស​ម្នាក់​ទៀត ​ចេញ​មក​ពី​ក្នុង​គុក​ដ៏​សើម និង​ងងឹត អំឡុង​រដូវ​រងា​ដ៏​ត្រជាក់​បំផុត​នាគ្រា​នោះ តាម​កំណត់ត្រា​នៅក្នុង​មូលដ្ឋាន​នោះ ។

« ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់​នៅ​ទីណា ? ី​ជម្រៅ​នៃ​គុក​លិបើទី ។ « ហើយ​តើ​ព្រះ​ពន្លា​ដែល​គ្រប​បាំង​ទី​បំពួន​ទ្រង់​នៅ​ទីណា ? តើ​ព្រះហស្ដ​ទ្រង់​នឹង​ទប់ទុក​ដល់​ណា​ទៅ ? » ឱ​ព្រះអម្ចាស់​អើយ តើ​ដល់​ពេល​ណា​ទៅ ?

ដូច្នេះ យើង​មិន​មែន​ជា​មនុស្ស​ទី​មួយទេ ហើយ​យើង​ក៏​មិន​មែន​ជា​មនុស្ស​ចុងក្រោយ​ដែរ ដែល​សួរ​សំណួរ​បែប​នេះ ពេល​មាន​ទុក្ខព្រួយ ឬ​ការឈឺចាប់​ក្នុង​ដួងចិត្ត​ដែល​ចេះ​តែ​បន្ត​ជា​យូរ​នោះ ។ ឥឡូវ ខ្ញុំ​ពុំ​មែន​កំពុង​និយាយ​អំពី​ជំងឺ​រាត​ត្បាត ឬ​គុក​នោះ​ទេ ប៉ុន្តែ​អំពី​បងប្អូន គ្រួសារ​បងប្អូន និង​អ្នក​ជិត​ខាង​បងប្អូន ដែល​ប្រឈម​នឹង​ឧបសគ្គដូច្នេះ ។ ខ្ញុំ​និយាយ​អំពី​ការចង់​បាន​ជា​ខ្លាំង​របស់​មនុស្ស​ជា​ច្រើន ដែល​ចង់​រៀបការ ហើយ​មិន​បាន​រៀបការ ឬ​អ្នក​ដែល​រៀបការ ហើយ​ប្រាថ្នា​ថា ចំណងទាក់ទង​នោះ​វា​មាន​ភាព​សេឡេស្ទាល​ជាង​នេះ​បន្តិច ។ ខ្ញុំ​និយាយ​អំពី​អ្នក​ទាំងឡាយ​ដែល​ប្រឈម​នឹង​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​ចង់​ឲ្យ​កើត​ឡើង—ប្រហែល​ជា​ជំងឺ​ដែល​មិន​អាច​ព្យាបាល​បាន—ឬ​អ្នក​ដែល​ប្រឈម​នឹង​ការប្រយុទ្ធ​អស់​មួយ​ជីវិត​នឹង​ជំងឺ​តំណ​ពូជ​ដែល​គ្មាន​ថ្នាំ​ព្យាបាល ។ ខ្ញុំ​និយាយ​អំពី​ការស៊ូ​ឥត​ឈប់ឈរ​ជាមួយ​នឹង​បញ្ហា​សុខភាព​ខាង​ផ្លូវ​ចិត្ត និង​គំនិត ដែល​មាន​ទម្ងន់​យ៉ាង​ធ្ងន់​លើ​ព្រលឹង​នៃ​មនុស្ស​ជា​ច្រើន ដែល​រង​ការលំបាក​ដោយសារ​វា និង​លើ​ដួងចិត្ត​របស់​អ្នក​ដែល​ស្រឡាញ់ និង​រងទុក្ខ​ជាមួយ​ពួកគេ ​ប៉ុន្មាន​ទេ ជា​អ្នក​ដែល​បាន​ជ្រើសរើស​ផ្លូវ​ផ្សេង​មួយ​ពី​ផ្លូវ​ដែល​បងប្អូន​បាន​អធិស្ឋាន​សូម​ឲ្យ​គាត់​ដើរ​តាម ។​

ជាង​នោះ​ទៅ​ទៀត ខ្ញុំ​ទទួល​ស្គាល់​ថា ​បញ្ជី​ដ៏​វែង​នេះ ដែល​យើង​អាច​នឹង​រង់ចាំ​ដោយ​ផ្ទាល់​នេះ ទាំងមិន​បាន​ព្យាយាម​រៀបរាប់​ពី​កង្វល់​ខាង​សេដ្ឋកិច្ច នយោបាយ និង​សង្គម​ដែល​យើង​ប្រឈម​ជា​រួម​ផង ។ ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ច្បាស់​ជា​រំពឹង​យើង​ឲ្យ​ដោះស្រាយ​បញ្ហា​សាធារណៈ​ដ៏​ពិបាក​ទាំងនេះ ក៏​ដូច​ជា​បញ្ហា​ផ្ទាល់​ខ្លួន​ផងដែរ ប៉ុន្តែ​នឹង​មាន​ពេល​វេលា​ទាំងឡាយ​នៅ​ក្នុង​ជីវិត​យើង ជាពេលដែលប្រឹងប្រែង​ខាង​វិញ្ញាណ​ដ៏​អស់​ពី​សមត្ថភាព​ និង​ការអធិស្ឋាន​អង្វរ​ដ៏​ស្មោះសរ​បំផុតហើយ នៅតែ​ពុំ​បាន​​ជ័យជម្នះ ​តាមដែល​យើង​ចង់​បាន​យ៉ាង​ខ្លាំង​នោះ​ទេ មិន​ថា​វា​ទាក់ទង​នឹង​បញ្ហា​ដ៏​ធំ​ជា​សកល ឬ​បញ្ហា​ផ្ទាល់​ខ្លួន​តូចៗ​ក្ដី ។ ដូច្នេះ ខណៈ​ដែល​យើង​ធ្វើ​កិច្ចការ និង​រង់ចាំ​ជាមួយ​គ្នា​ដើម្បី​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​មួយ​ចំនួន​របស់​យើង នោះ​ខ្ញុំ​សូម​ផ្ដល់​ដល់​បងប្អូន​នូវ​ការសន្យា​នៃ​សាវក​របស់​ខ្ញុំ​ថា ទ្រង់​ឮ​កា​រអធិស្ឋាន​ទាំងនោះ ហើយ​វា​នឹង​ត្រូវបាន​ឆ្លើយ​តប ទោះ​យ៉ាង​ណា​ប្រហែល​ជា​មិន​តាម​ពេល​វេលា ឬ​តាម​របៀប​ដែល​យើង​ចង់​បាន​នោះ​ទេ ។​ ប៉ុន្តែ​វា ​តែងតែ ​ត្រូវ​បាន​ឆ្លើយ​តប​តាម​ពេល​វេលា និង​តាម​របៀប ដែល​ព្រះបិតា ​ឬ​ព្រះមាតា​ដែល​ត្រាស់​ដឹង​សព្វ​គ្រប់ និង​មាន​ព្រះទ័យ​អាណិត​អាសូរ​អស់កល្ប​ជានិច្ច​ គួរ​តែ​ឆ្លើយ​តប ។ បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ សូម​យល់​ថា ទ្រង់​ដែល​មិន​ដែល​ងោក​ ក៏​មិន​ដែល​ផ្ទំ​លក់ មាន​ព្រះទ័យ​ខ្វល់​ពី​សុភមង្គល និង​ភាពលើក​តម្កើង​ដ៏​ខ្ពស់​បំផុត​នៃ​បុត្រា​បុត្រី​ទ្រង់ ជាង​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​ត្រូវ​ធ្វើ ។ ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​សុទ្ធសាធ មាន​បុគ្គលិក​លក្ខណៈ​ដ៏​រុងរឿង ហើយ​ព្រះនាម​ទ្រង់​គឺ​ព្រះវរបិតា​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ។

បងប្អូន​អាច​នឹង​និយាយ​ថា « មែនហើយ បើ​ដូច្នោះ​មែន តើ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​មិន​គួរ​តែ​ជា​ផ្នែក​នៃ​សមុទ្រ​ក្រហម​ផ្ទាល់​ខ្លួន​យើង ហើយ​អនុញ្ញាត​ឲ្យ​យើង​ដើរ​ឆ្លង​កាត់​បញ្ហា​របស់​យើង​នៅលើ​ដី​គោក​នោះទេ ? តើ​ទ្រង់​មិន​បញ្ជូន​បក្សី​សមុទ្រ​សតវត្ស​ទី ​២១ ហោះ​ហើរ​មកពី​កន្លែង​មួយ​ដើម្បី​ចឹក​ស៊ី​សត្វ​ចង្រិត​ចង្រៃ​សតវត្ស​ទី ​២១​ របស់​យើង​ទៅ​ទេ​ឬ​អី ? »

ចម្លើយ​ចំពោះ​សំណួរ​បែប​នោះ​គឺ « បាទ ព្រះ​អាច​ប្រទាន​អព្ភូតហេតុ​ភ្លាមៗ​បាន ប៉ុន្តែ​ឆាប់ៗ​ ឬ​ពេល​ក្រោយ​ទៀត យើង​រៀន​ថា មានតែ​ទ្រង់​មួយ​អង្គ​ប៉ុណ្ណោះ ដែល​អាច​ដឹកនាំ​ពេល​វេលា និង​រដូវកាល​នៃ​ដំណើរ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង​បាន ។ ទ្រង់​បាន​ចាត់ចែង​កាលវិភាគ​នោះ​ដល់​យើង​ម្នាក់ៗដាច់​ដោយ​ឡែក​ពី​គ្នា ។ សម្រាប់​អ្នក​ដែល​អស់​កម្លាំង​គ្រប់​គ្នា​ដែល​ត្រូវបាន​ព្យាបាល​ភ្លាមៗ កាលដែល​គាត់​រង់ចាំ​ចុះ​ទៅក្នុង​ស្រះ​បេថែសដា មនុស្ស​ផ្សេង​ទៀត​នឹង​ចំណាយ​ពេល ៤០ ​ឆ្នាំ នៅក្នុង​ទី​រហោស្ថាន​រង់ចាំ​ដើម្បី​ចូល​ទៅក្នុង​ដែនដី​សន្យា ។ សម្រាប់​នីហ្វៃ និង​លីហៃ​ គ្រប់រូប​ត្រូវបាន​ការពារ​មក​ពី​ព្រះ​ដោយ​អណ្ដាត​ភ្លើង​ហ៊ុំ​ព័ទ្ធ​ ដោយសារ​សេចក្ដី​ជំនឿ​របស់​ពួកគេ នោះ​យើង​មាន​អ័ប៊ីណាដៃ​ម្នាក់​ដែល​ត្រូវបាន​ដុត​ឆេះ​នៅក្នុង​ភ្លើង​ដោយសារ​សេចក្ដី​ជំនឿ​របស់​លោក​វិញ ។ ហើយ​យើង​ចាំ​ថា អេលីយ៉ា ​ដដែល​នោះ​ហើយ ដែល​បាន​ហៅ​ភ្លើង​ឲ្យ​ចុះ​មក​ពី​ស្ថានសួគ៌​ក្នុង​មួយ​រំពេច ដើម្បី​ធ្វើ​ជា​ទីបន្ទាល់​ទាស់​នឹង​ពួក​សង្ឃ​របស់​ព្រះបាល គឺ​ជា​ អេលីយ៉ា​ ដដែល​ដែល​បាន​ស៊ូទ្រាំ​អស់​មួយ​រយៈ​ពេល ​ដែល​គ្មាន​ភ្លៀង​ជា​ច្រើន​ឆ្នាំ ហើយ​មាន​ម្ដង​នោះ លោក​ជា​អ្នក​ដែល​បាន​ទទួល​ចំណី​តែ​បន្តិច​បន្តួច​ដែល​អាច​ពាំ​យក​មក​​ដោយ​ក្រញាំ​សត្វ​ក្អែក​មួយ ។ តាម​ការស្មាន​របស់​ខ្ញុំ ចំណី​នោះ​មិន​មែន​ជា​អ្វី​ដែល​យើង​ហៅ​ថា « អាហារ​ដ៏​រីករាយ » នោះ​ទេ ។

តើ​ខ្ញុំ​ចង់​និយាយ​ពី​អ្វី​ទៅ ? អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ​ថា សេចក្ដី​ជំនឿ​មានន័យ​ថា ការទុក​ចិត្ត​លើ​ព្រះ​នៅក្នុង​គ្រា​ល្អ និង​គ្រា​អាក្រក់ សូម្បី​តែ​បើ​វា​រួម​បញ្ចូល​ទាំង​ការរង​ទុក្ខ​ខ្លះ​រហូត​ទាល់​តែ​យើង​ឃើញ​ព្រះហស្ដ​របស់​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ ។ វា​អាច​ជា​ការលំបាក​នៅក្នុង​ពិភពលោក​សម័យ​ទំនើប​របស់​យើង ពេល​ដែល​មនុស្ស​ជា​ច្រើន​បាន​សម្រេច​ជឿ​ថា សេចក្ដី​ល្អ​ដ៏​ខ្ពស់​បំផុត​នៅក្នុង​ជីវិត​គឺ​ជាការចៀសវាង​ពី​ការរងទុក្ខ​ទាំងអស់ ថា​គ្មាន​នរណា​គួរ​តែ​ប៉ះ​ទង្គិច​ចិត្ត​ដោយសារ​រឿង​អ្វី​មួយ​ឡើយ ។ ១០ ប៉ុន្តែ​ការជឿ​នោះ​នឹង​មិន​ដែល​នាំ​យើងទៅ « ​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ » ឡើយ ។ ១១

សុំទោស​ដល់​អែលឌើរ នែល អេ ម៉ាក់ស្វែល ដែល​ខ្ញុំ​ហ៊ាន​កែ​សម្រួល និងពង្រីក​​អ្វី​ដែល​លោក​ធ្លាប់​បាន​មាន​ប្រសាសន៍ នោះ​ខ្ញុំ​ក៏​សូម​ផ្ដល់​យោបល់​ផងដែរ​ថា « ជីវិត​មនុស្ស​ម្នាក់ … ពុំ​អាច​ពោរពេញ​ដោយ​សេចក្ដី​ជំនឿ​ ហើយ​គ្មាន​ភាព​តានតឹង​សោះ​​នោះ​ទេ » ។ វា​នឹង​មិន​ដំណើរការ​ទេ « ក្នុង​ការរស់នៅ​ដោយ​មិន​ស្គាល់​ពី​ការលំបាក​សោះ » ដូច​ជា​យើង​ក្រេប​ទឹក​ក្រូចឆ្មារ​មួយ​កែវ​ទៀត ដោយ​និយាយ​ថា « ព្រះអម្ចាស់​អើយ សូម​ប្រទាន​ដល់​កូន​នូវ​គុណធម៌​ដ៏​ជម្រើស​បំផុត​របស់​ទ្រង់ ប៉ុន្តែ​សូម​ប្រាកដ​ថា​ទ្រង់​មិន​ប្រទាន​ដល់​កូន​នូវ​ទុក្ខសោក គ្រោះ​មហន្តរាយ ការឈឺចាប់ ឬ​ការជំទាស់​ណា​ឡើយ ។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​មិន​ចូលចិត្ត ឬ​ក្បត់​កូន​ឡើយ ហើយ​លើសពីនោះ សូម​កុំ​ឲ្យ​កូន​ត្រូវ​បោះបង់​ចោល​ដោយ​ទ្រង់ ឬ​អ្នក​ដែល​កូន​ស្រឡាញ់​ឡើយ ។ តាមពិត​ទៅ ព្រះអម្ចាស់​អើយ សូម​ប្រយ័ត្ន​កុំ​យក​កូន​ចេញ​ពី​បទពិសោធន៍​ទាំងអស់​ដែល​ធ្វើ​ឲ្យ​ទ្រង់​មាន​លក្ខណៈ​ជា​ព្រះ​ឡើយ ។ ហើយកាល​ណាការលំបាក​របស់មនុស្ស​​ផ្សេង​បាន​កន្លងផុត​ទៅ នោះសូម​ឲ្យ​កូន​បាន​មក ហើយ​នៅ​នឹង​ទ្រង់ ជា​កន្លែង​ដែល​កូន​អាច​និយាយ​អួត​អំពី​កម្លាំង និង​លក្ខណៈ​សម្បត្តិ​របស់​យើង​ដែល​មាន​ភាពស្រដៀង​គ្នា កាល​ដែល​កូន​អណ្តែត​នៅ​លើ​ពពក​នៃ​គ្រីស្ទសាសនា​ដ៏​សុខស្រួល​របស់​កូន » ។ ១២

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ គ្រីស្ទសាសនា​គឺ​មាន​ការលួងលោមចិត្ត ប៉ុន្តែ​ជាញឹកញាប់​វា​មិន​សុខស្រួល​ទេ ។ ផ្លូវ​ទៅកាន់​ភាព​បរិសុទ្ធ និង​សុភមង្គល​នៅ​ទីនេះ និង​ជីវិត​បន្ទាប់​នេះ គឺ​ជា​ផ្លូវ​ដ៏​វែង​ឆ្ងាយ ហើយ​ជួនកាល​ជា​ផ្លូវ​រដិបរដុប​មួយ ។ វា​ត្រូវការ​ពេលវេលា និង​ភាពតស៊ូ​ស្វិតស្វាញ​ដើម្បី​ដើរ​លើ​វា ។ ប៉ុន្តែ ប្រាកដ​ណាស់ រង្វាន់​ក្នុង​ការធ្វើ​ដូច្នោះ​គឺ​ធំធេង​បំផុត ។ សេចក្ដី​ពិត​នេះ​ត្រូវបាន​បង្រៀន​យ៉ាង​ច្បាស់ និង​គួរ​ឲ្យ​ជឿជាក់​នៅក្នុង ជំពូក​ទី ៣២ នៃ អាលម៉ា នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ ក្នុង​នោះ​មាន​សង្ឃ​ជាន់​ខ្ពស់​ដ៏​អស្ចារ្យ​នេះ​បង្រៀន​ថា បើ​ព្រះបន្ទូល​នៃ​ព្រះ​ត្រូវបាន​បណ្ដុះ​នៅក្នុង​ដួងចិត្ត​យើង​ដូចជា​គ្រាប់​ពូជ​តែ​មួយ​គ្រាប់ ហើយ​បើ​យើង​ខ្វល់​គ្រប់គ្រាន់​នឹង​ស្រោច​ទឹក ដកស្មៅ បីបាច់ ហើយ​ជ្រោមជ្រែង​វា នោះ​វា​នឹង​ផ្ដល់​ផល​ផ្លែ​ នៅ​ពេល​អនាគត « ដែល​ពិសេស​បំផុត …​ដែល​ផ្អែម​ជាង​អ្វីៗ​ដែល​ផ្អែម​ទាំង​អស់ » ដែល​ការទទួលទាន​វា​នាំ​ទៅកាន់​ស្ថានភាព​មួយ​ដែល​មិន​ស្រេក ហើយ​ក៏​មិន​ឃ្លាន​ទៀត​ដែរ ។ ១៣

មេរៀន​ជា​ច្រើន​ត្រូវបាន​បង្រៀន​នៅក្នុង​ជំពូក​ដ៏​អស្ចារ្យ​នេះ ប៉ុន្តែ​មេរៀន​ដែល​សំខាន់​បំផុត​នោះ​គឺ​ ការពិត​ដែល​ថា គ្រាប់​ពូជ​នោះ​ត្រូវតែ​ត្រូវបាន​បីបាច់ ហើយ​យើង​ត្រូវតែ​រង់ចាំ​ឲ្យ​វា​ធំ​ឡើង ដោយ​យើង « [ ទន្ទឹង ] ចាំ​ ដោយ​ភ្នែក​នៃ​សេចក្ដី​ជំនឿ​ដល់​ផល​នៃ​ព្រះ​បន្ទូល » ។ ១៤ អាលម៉ា​និយាយ​ថា ការប្រមូល​ផល​របស់​យើង​បាន​មក « នៅ​មិន​យូរ​មិន​ឆាប់ » ។ ១៥ មិនគួរ​ភ្ញាក់ផ្អើល​ទេ​ដែល​លោក​បាន​បញ្ចប់​ការណែនាំ​ដ៏​អស្ចារ្យ​របស់​លោក ដោយ​ការហៅ​ដដែលៗ​បី​ដង​ឲ្យ​មាន សេចក្ដី​ព្យាយាម និង សេចក្ដី​អត់ធន់ នៅក្នុង​ការបីបាច់​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​យើង « ដោយ​រង់ចាំ» ដូច​ដែល​លោក​និយាយ​ថា ជាមួយ​នឹង « សេចក្ដី​អត់ធ្មត់ … ឲ្យ​ដើម​ផ្ដល់​ផ្លែ​ផ្កា​ដល់​អ្នក » ។ ១៦

ជំងឺកូវីដ និង​មហារីក ការសង្ស័យ និង​ការស្រងាក​ចិត្ត បញ្ហា​ហិរញ្ញវត្ថុ និង​គ្រួសារ ។ តើ​ពេល​ណា​ទៅ​ទើប​បន្ទុក​ទាំងនេះ​នឹង​ត្រូវបាន​ដក​ចេញ ? ចម្លើយ​នោះ​គឺ « នៅ​មិន​យូរ​មិន​ឆាប់ » ។ ១៧ ហើយ​មិន​ថា​វាមាន​រយៈពេល​ខ្លី ឬ​វែងទេ វា​​មិន​មែនជា​កិច្ចការ​យើង​ទេ ប៉ុន្តែ​ដោយ​ព្រះគុណ​នៃ​ព្រះ នោះ​ពរជ័យ​នឹង​មាន​ដល់​ពួក​អ្នក​ដែល​តោង​ជាប់​ទៅនឹង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ បញ្ហា​នោះ​ត្រូវ​បាន​ដោះស្រាយ​នៅក្នុង​សួនច្បារ​ដ៏​ឯកជន​មួយ និង​នៅលើ​ទួល​ដ៏​សាធារណៈ​មួយ​នៅក្នុង​ទីក្រុង​យេរូសាឡិម​ជា​យូរ​មក​ហើយ ។

ឥឡូវ​នេះ កាល​ដែល​យើង​ស្ដាប់​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង​បញ្ចប់​សន្និសីទ​នេះ សូម​ឲ្យ​យើង​ចងចាំ​នូវ​អ្វី​ដែលប្រធាន រ័សុល និលសុន បាន​បង្ហាញ​អស់​មួយ​ជីវិត​លោក​ថា អស់​អ្នក​ដែល « សង្ឃឹម​ដល់​ព្រះយេហូវ៉ា​វិញ នោះ​នឹង​មានកម្លាំង​ចម្រើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅលើ​ដោយ​ស្លាប​ដូចជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ » ។ ១៨ ខ្ញុំ​សូម​អធិស្ឋាន​ថា « នៅ​មិន​យូរ​មិន​ឆាប់ »— ឆាប់ ឬ​យឺត— ពរជ័យ​ទាំងនោះ​នឹង​មក​ដល់​បងប្អូន​គ្រប់​គ្នា​ដែល​ស្វែង​រក​ការធូរ​ស្បើយ​ពី​ទុក្ខ​ព្រួយ​របស់​បងប្អូន និង​សេរីភាព​ពី​គ្រោះ​មហន្តរាយ​របស់​បងប្អូន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​អំពី​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​ដ៏​រុងរឿង​របស់​ទ្រង់ ដែល​តាម​របៀប​មួយ​នេះ ឬ​របៀប​មួយ​ទៀត ជា​ចម្លើយ​ចំពោះ​គ្រប់​បញ្ហា​ដែល​យើង​ជួប​ក្នុង​ជីវិត​យើង ។ នៅក្នុងព្រះនាមដ៏ប្រោសលោះ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។