ឆ្នាំ ២០១០-២០១៩
សុន្ទរកថា​បញ្ចប់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


សុន្ទរកថា​បញ្ចប់

សូម​ឲ្យ​​យើងបូជា​ខ្លួន​យើង និង​បូជា​ជីវិត​របស់​យើង​សារជាថ្មី​ក្នុង​ការ​បម្រើ​ព្រះ និង​កូនចៅ​របស់​ទ្រង់— នៅ​ទាំងសងខាង​នៃ​វាំងនន ។

បងប្អូនប្រុសស្រី​ជា​ទីស្រឡាញ់ នៅពេល​យើង​មក​ដល់​ពេល​បញ្ចប់​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​នេះ យើង​សូម​ថ្លែង​អំណរគុណ​ព្រះអម្ចាស់​ចំពោះ​ការ​បំផុសគំនិត និង​ការការពារ​របស់ទ្រង់ ។ សារលិខិត​ទាំងឡាយ​បាន​បង្រៀន និង​ស្អាង​យើង​ឡើង ។

ប្រធានបទ​ទាំងឡាយ​ពុំ​បាន​ចាត់​ទៅ​ឲ្យ​អ្នក​ឡើង​និយាយ​នោះទេ ។ ពួកគាត់​ម្នាក់ៗ​បានអធិស្ឋាន​សូម​វិវរណៈ​ផ្ទាល់ខ្លួន​ក្នុង​ការ​រៀបចំ​សារលិខិត​របស់ពួកគាត់ ។ ចំពោះ​ខ្ញុំ ប្រធាន​បទទាំងនោះ​គឺ​អស្ចារ្យណាស់ វា​ហាក់ដូចជា​ស៊ីសង្វាក់​គ្នា​យ៉ាង​ល្អ ។ នៅពេល​បងប្អូន​សិក្សា​អំពី​ប្រធានបទ​ទាំងនោះ សូម​រៀន​នូវ​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​ព្យាយាម​បង្រៀន​ដល់ បងប្អូន តាមរយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។

តន្ត្រី​គឺ​រុងរឿងណាស់ ។ យើង​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តន្ត្រីករ​ជាច្រើន​ដែល​បាន​ដាក់បញ្ចូល​ទេពកោសល្យ​របស់ពួកគេ​ជាមួយ​គ្នា ដើម្បី​នាំ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់​នៅ​ក្នុង​សម័យប្រជុំ​នីមួយៗ ។ ហើយ​ទ្រង់​បាន​ប្រទានពរ​ដល់​អ្នក​អធិស្ឋាន និង​ក្រុមជំនុំ​នៅ​គ្រប់​សម័យប្រជុំ ។ ប្រាកដណាស់ សន្និសីទ​គឺជា​អាហារ​ខាង​វិញ្ញាណ​សម្រាប់​យើង​ទាំងអស់​គ្នា ។

យើង​សង្ឃឹម និង​អធិស្ឋាន​សូម​ឲ្យ​គេហដ្ឋាន​របស់​សមាជិក​ម្នាក់ៗ​នឹង​ក្លាយជា​កន្លែង​បរិសុទ្ធ​នៃ​សេចក្ដីជំនឿ​ពិត ជា​កន្លែង​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​គង់​នៅ ។ ទោះ​ជា​មាន​ការ​ឈ្លោះ​ទាស់ទែង​នៅ​ជុំ​វិញ​ខ្លួន​យើង​ក្ដី ក៏​គេហដ្ឋាន​អាច​ក្លាយជា​កន្លែង​បរិសុទ្ធ​មួយ ដែល​ការ​​សិក្សា ការអធិស្ឋាន និងសេចក្ដី​ជំនឿ​អាច​ដាក់​បញ្ចូលជាមួយ​នឹងសេចក្ដីស្រឡាញ់ ។ យើង​អាច​ក្លាយជា​សិស្ស​ពិត​របស់​ព្រះអម្ចាស់ ដោយឈរជា​សាក្សី និង​ការថ្លែង​អំពី​ទ្រង់​នៅ​គ្រប់​កន្លែង​ដែល​យើងរស់​នៅ ។

ព្រះរាជ​បំណង​របស់​ព្រះ​គួរ​តែ​ជា​គោលបំណង​របស់​យើង ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​កូនចៅ​របស់ទ្រង់ ជ្រើសរើស ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ដោយ​រៀបចំខ្លួន មានគុណ​សម្បត្តិ ទទួល​អំណោយទាន​ពិសិដ្ឋ បាន​ផ្សារភ្ជាប់ ហើយ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ដែល​បាន​ចុះ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ឥឡូវ​យើង​មាន ១៦២ ព្រះវិហារបរិសុទ្ធ​ដែល​បាន​ឧទ្ទិសឆ្លង ។ ព្រះវិហារបរិសុទ្ធ​ដំបូងៗ​គេ​ឈរ​ជា​វិមាន​រំឭក​សេចក្ដីជំនឿ និង​ទស្សនវិស័យ​នៃ​ពួក​អ្នកត្រួសត្រាយ​ជា​ទីស្រឡាញ់​របស់​យើង ។ ព្រះវិហារបរិសុទ្ធ​នីមួយៗ​បាន​សង់ឡើង​ដោយ​ពួកគាត់ ជាលទ្ធផល​មកពី​ការលះបង់ និង​ការ​ខិតខំ​ផ្ទាល់ខ្លួន​ដ៏​អស្ចារ្យ​របស់​ពួកគេ ។ ព្រះវិហារបរិសុទ្ធ​នីមួយៗ​ឈរ​ជា​រតនវត្ថុ​ដ៏​អស្ចារ្យ​មួយ​នៅលើ​មកុដ​នៃ​ភាព​ជោគជ័យ​របស់​ពួក​អ្នក​ត្រួសត្រាយ ។

ពួកយើង​គឺ​មាន​ការ​ទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​មួយ​ដើម្បី​ថែទាំ​ព្រះវិហារបរិសុទ្ធទាំងនោះ ។ ហេតុដូច្នេះ​ហើយ ព្រះវិហារបរិសុទ្ធ​ត្រួសត្រាយ​ទាំងនេះ មិន​យូរ​មិនឆាប់​នឹង​ទទួល​បាន​ការ​កែលម្អ និង​ធ្វើ​ឲ្យ​ស្រស់ស្អាត​ជាថ្មី​ក្នុង​ពេល​មួយរយៈ ហើយ​ព្រះវិហារបរិសុទ្ធ​មួយចំនួន​នឹង​ជួសជុល​ស្ដារឡើងវិញ​ក្នុង​លក្ខណៈ​ខ្នាត​ធំ ។ កិច្ចខិតខំ​នឹង​ធ្វើឡើង ដើម្បី​រក្សាការពារ​ព្រះវិហារបរិសុទ្ធ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ពិសេស​នីមួយៗ​ទាំងនេះ​តាម​ដែល​អាច​ធ្វើទៅបាន រក្សាទុកនូវ​ភាព​ស្រស់ស្អាត​ដ៏បំផុស​គំនិត និង​ហត្ថកោសល្យ​ដ៏ពិសេស​រាប់ជំនាន់​កន្លង​មក​នោះ ។

ព័ត៌មាន​លម្អិត​សម្រាប់​ព្រះវិហារបរិសុទ្ធ សេនចច យូថាហ៍ បាន​ចេញ​ផ្សាយ​រួច​ហើយ ។ គម្រោង​សម្រាប់​ការ​ជួសជុល​ព្រះវិហារបរិសុទ្ធ សលត៍​លេក វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ និង​អគារ​ផ្លាស្សា​ដែលនៅជិត​នឹង​អគារ​ការិយាល័យ​សាសនាចក្រ​នឹង​ត្រូវ​ប្រកាស​នៅថ្ងៃ​សុក្រ​ទី ១៩ ខែ មេសា ឆ្នាំ ២០១៩ ។

ព្រះវិហារបរិសុទ្ធ ម៉ាន់តៃ និង​ព្រះវិហារបរិសុទ្ធ ឡូហ្គិន យូថាហ៍ ក៏​នឹង​ត្រូវ​ធ្វើ​ការ​ជួសជុល​នៅ​ក្នុង​ឆ្នាំ​ក្រោយៗ​ផងដែរ ។ នៅពេល​គម្រោង​ទាំងនេះ​ត្រូវ​បាន​រៀបចំឡើង វា​នឹង​ត្រូវ​ប្រកាស​ផងដែរ ។

កិច្ចការ​នេះ​នឹង​តម្រូវ​ឲ្យ​បិទ​ព្រះវិហារបរិសុទ្ធ​មួយ​រយៈពេល ។ សមាជិក​សាសនាចក្រ​អាច​នឹង​បន្ដ​រីករាយ​នឹង​ការ​ថ្វាយបង្គំ​ក្នុង​ព្រះវិហារបរិសុទ្ធ និង​ការបម្រើ​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ជិត​ខាង​ផ្សេងៗ​ទៀត ។ នៅពេល​គម្រោង​នីមួយៗ​ត្រូវ​បាន​បញ្ចប់ ព្រះវិហារបរិសុទ្ធ​ជា​ប្រវត្តិសាស្ត្រ​នីមួយៗ នឹង​ត្រូវ​ឧទ្ទិសឆ្លង​ឡើងវិញ ។

បងប្អូនប្រុសស្រី យើង​គោរព​ព្រះវិហារបរិសុទ្ធ​ជា​សំណង់​អគារ​សាសនាចក្រ​ដែល​ពិសិដ្ឋ​បំផុត ។ នៅពេល​យើង​ប្រកាស​អំពី​គម្រោង​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ ថ្មី វា​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ពិសិដ្ឋ​របស់​យើង ។ ឥឡូវ សូម​ស្ដាប់​ដោយ​យកចិត្តទុកដាក់ និង​ដោយ​គារវភាព ។ បើ​ខ្ញុំ​ប្រកាស​ព្រះវិហារបរិសុទ្ធ​នៅក្នុង​កន្លែង​មួយ​ដែល​ពិសេស​ចំពោះ​បងប្អូន ខ្ញុំ​សូម​ផ្ដល់យោបល់​ឲ្យ​បងប្អូន​គ្រាន់តែឱនក្បាល​អធិស្ឋាន​ដឹងគុណ​ដោយស្ងប់ស្ងាត់នៅក្នុង​ចិត្ត​បានហើយ ។ យើង​មិន​ចង់​ឲ្យ​មាន​សំឡេង​ស្រែក​ហ៊ោរ​ណា​មួយ​ចេញ​មក​រំខាន​ដល់​លក្ខណៈពិសិដ្ឋ​នៃ​សន្និសីទ​នេះ និង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ​របស់ព្រះអម្ចាស់ឡើយ ។

ថ្ងៃនេះ យើង​រីករាយ​ដើម្បីប្រកាស​នូវ​គម្រោងសាងសង់​ព្រះវិហារបរិសុទ្ធ​បន្ថែម​ទៀត ដើម្បី​សង់​នៅ​ក្នុង​ទីតាំង​ដូច​ខាង​ក្រោម ៖

ប៉ាហ្គោ ប៉ាហ្គោ, អាមេរិកកាំង សាម័រ, អូគីណាវ៉ា ស៊ីធី អូគីណាវ៉ា, នីអាហ្វូ តុងហ្គា, ធូអេ វ៉ាលី យូថាហ៍, ម៉ូសេ លេក វ៉ាស៊ីងតុន, សាន ពេត្រូ សូឡា ហុងឌូរ៉ាស, អែនតូហ្វាហ្គាស្តា ឈីលី, ប៊ូដាប៉េស ហុងគ្រី ។

សូមអរគុណ បង​ប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ ។

នៅពេល​យើង​និយាយ​អំពី​ព្រះវិហារបរិសុទ្ធ​របស់​យើង​ទាំង​ចាស់​ទាំង​ថ្មី សូម​ឲ្យ​យើង​ម្នាក់ៗ​បង្ហាញ​ពី​ភាព​សំខាន់ តាមរយៈ​សកម្មភាព​របស់​យើង​ថា ​យើង​ពិត​ជា​ពួកសិស្ស​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​យើង​ជួសជុល​ជីវិត​របស់​យើង​តាមរយៈ​សេចក្ដីជំនឿ និង​ការ​ទុកចិត្ត​ទៅលើ​ទ្រង់ ។ សូម​ឲ្យ​យើង​ទទួល​បាន​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់ទ្រង់​តាមរយៈ​ការ​ប្រែចិត្ត​របស់​យើង​ជារៀងរាល់​ថ្ងៃ ។ ហើយសូម​ឲ្យ​យើង​បូជា​ខ្លួន​យើង និង​បូជា​ជីវិត​របស់​យើង​សារជាថ្មី​ក្នុង​ការ​បម្រើ​ព្រះ និង​កូនចៅ​របស់​ទ្រង់—នៅ​ទាំងសងខាង​នៃ​វាំងនន ។

ខ្ញុំ​សូម​ទុក​សេចក្ដីស្រឡាញ់ និង​ពរជ័យ​របស់​ខ្ញុំ​នឹង​បងប្អូន ដោយអះអាង​នឹង​បងប្អូនថា វិវរណៈ​គឺ​នៅ​បន្ដ​មាន​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​នេះ ។ វា​នឹង​បន្ដ​រហូត​ដល់ « គោលបំណង​របស់​ព្រះ នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​មហិមា នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​សព្វ​គ្រប់​ហើយ » ។

ខ្ញុំ​សូម​ផ្តល់​ពរ​ដល់​បងប្អូន ហើយ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ! នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ យើង​គឺ​ជា​រាស្ត្រ​ទ្រង់ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ១៤២ ។