ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការក្លាយ​ជា​រាស្រ្ត​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់


« មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការក្លាយ​ជា​រាស្រ្ត​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
យុវជន​ទទួលពិធី​បុណ្យ​ជ្រមុជ​ទឹក

មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការក្លាយ​ជា​រាស្រ្ត​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់

វា​ត្រូវការ​កម្រិត​នៃ​ការជឿ​ទុកចិត្ត និង​សេចក្តី​ស្រឡាញ់​ខ្ពស់ ដើម្បី​ចង​ខ្លួនអ្នក​ទៅនឹង​នរណា​ម្នាក់​នៅក្នុង​ទំនាក់ទំនង​នៃ​សេចក្តី​សញ្ញា ។ ហើយ​ការជឿ​ទុកចិត្ត​នោះ​ត្រូវ​បាន​បង្កើត​ឡើង នៅ​ពេល​ដែល​អ្នក​ស្គាល់​គ្នា​ទៅវិញ​ទៅមក ។ ក្នុង​ករណី​នៃ​ការ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​ដែល​ភ្ជាប់​អ្នក​ជាមួយ​ទ្រង់ ទ្រង់​ស្គាល់​អ្នក​យ៉ាង​ល្អ​ឥត​ខ្ចោះ​រួច​ហើយ ហើយ​មាន​ព្រះទ័យ​ចង់​ផ្ដល់​ឲ្យ​អ្នក​នូវ​អ្វី​ទាំងអស់​ដែល​ទ្រង់​មាន—អ្វី​ទាំងអស់​ដែល​ជា​ទ្រង់ ។ ទ្រង់​អញ្ជើញ​អ្នក​ឲ្យ​ទុកចិត្ត​ទ្រង់ ហើយ​ចូល​ទៅក្នុង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ អ្នកនឹង​ទទួល​បាន​ពរជ័យ​ជា​បរិបូរណ៍​ពេល​អ្នក​ធ្វើ​ដូច្នេះ ព្រោះ « មាគ៌ា​របស់​ទ្រង់​គឺ​ជា​ផ្លូវ​ដែល​នាំ​ទៅ​រក​សុភមង្គល​ក្នុង​ជីវិត​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ក្នុងពិភព​ដែល​នឹង​មក​ដល់ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ChurchofJesusChrist.org ) ។

ផ្នែក​ទី ១

តើ​ព្រះយេហូវ៉ា​ជា​នរណា ហើយ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​អាច​ទុកចិត្ត​លើ​ទ្រង់ ?

« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » បង្រៀន​ថា « [ ព្រះយេស៊ូវគ្រីស្ទ ] គឺជា​ព្រះយេហូវ៉ា​ដ៏​មាន​គ្រប់​ព្រះចេស្ដា​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ » ។ តើព្រះនាម ព្រះយេហូវ៉ា ចេញ​មក​ពី​ណា ហើយ​វា​អាច​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះអង្គសង្គ្រោះ ?

បន្ទាប់​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ជាប់​ក្នុង​ទាសភាព​របស់​សាសន៍ អេស៊ីព្ទ​អស់​ជា​ច្រើន​ឆ្នាំ​មក ព្រះអម្ចាស់​បាន​ត្រាស់​ហៅ​លោក​ម៉ូសេ​ឲ្យ « នាំ [ ពួកគេ ] ចេញ​ពី​ស្រុក​អេស៊ីព្ទ » ( សូមមើលនិក្ខមនំ ៣:១០; សូមមើល​ ខទី ១–៩ផងដែរ ) ។ ម៉ូសេ​មាន​អារម្មណ៍​ថាមិនល្អគ្រប់គ្រាន់​ក្នុងការសម្រេច​កិច្ចការ​នេះ ។ លោក​បាន​សួរ​ព្រះ​នាម​របស់​ទ្រង់ ដើម្បី​លោក​អាច​ប្រាប់​ដល់​សាសន៍​អ៊ីស្រាអែល​នូវ​អ្នក​ដែល​បាន​ចាត់​លោក​ឲ្យ​មក ( សូមមើល និក្ខមនំ ៣:១១–១៣ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន និក្ខមនំ ៣:១៣–១៤ហើយ​ពិចារណា​ពីការ​សម្គាល់​ព្រះនាម ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ម៉ូសេ ។

រូបភាព
ម៉ូសេ​ឃើញ​ព្រះយេហូវ៉ា ដោយ យ៉ូសែប ប្រ៊ីកឃី

ព្រះនាម យើងជា​ព្រះ មាន​ន័យ​ថា « ទ្រង់​ជា​ព្រះ » ឬ « ទ្រង់​មាន​ព្រះជន្ម » ហើយ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​នាម​ជា​ភាសា​ហេព្រើរ Yahwehព្រះយេហូវ៉ា ។ ព្រះយេហូវ៉ា តំណាង​ឲ្យ « ព្រះ​ដ៏​ឥត​ចេះ​ប្រែប្រួល » ( Bible Dictionary,Jehovah » ) ។ គារវភាព​ដែល​ពួកលោក​មាន​ចំពោះ​ព្រះនាម​របស់​ព្រះយេហូវ៉ា គឺ​ជា​មូលហេតុ​ដែល​សាសន៍​យូដា​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ដូច​ដែល​បាន​លើក​ឡើង​ក្នុង​ដំណើរ​រឿង​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា « មុន​ដែល​លោក​អ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ » ( យ៉ូហាន ៨:៥៨ ) ។ ការប្រើប្រាស់​របស់​ព្រះគ្រីស្ទ​នៃ​ពាក្យ « ខ្ញុំ » គឺ​ដូចគ្នា​នឹង​នៅ​ក្នុង និក្ខមនំ ៣:១៤ នៅពេល​ទ្រង់​មាន​បន្ទូល​ថា « យើង​ជា​ព្រះ​ដ៏​ជា​ព្រះ » ។

រូបភាព
ព្រះយេស៊ូវ​ត្រូវ​បាន​សាកល្បង

អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី​ការប្រកាស​របស់​ព្រះអង្គសង្គ្រោះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

នេះ​គឺ​ជា​ភាព​មិន​ច្បាស់​លាស់ និង​បាន​ចង្អុល​បង្ហាញ​ការ​បញ្ជាក់​អំពី​ទេវភាព ដូច​មនុស្ស​ណា​ម្នាក់​មាន ឬ​អាច​ធ្វើ​បាន ។ « មុន​ដែល​លោកអ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ ជា​ព្រះយេហូវ៉ា » ។ វា​មាន​ន័យ​ថា « យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្ដា ។ យើង​គឺជា​ព្រះ​ដ៏មាន​ព្រះជន្ម ជា​ព្រះ​ដ៏​អស់កល្ប ។ យើង​គឺជា​ព្រះ នៃ​អយ្យកោ​របស់​ឯង ។ ព្រះនាម​របស់​យើង​គឺ យើង​ជា​ព្រះ​ដ៏​ជា​ព្រះ » ។ ( Doctrinal New Testament Commentary [ ឆ្នាំ ១៩៦៥ ] ១:៤៦៤)

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ការ​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះយេហូវ៉ា​ដ៏​មាន​គ្រប់​ព្រះចេស្ដា—ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ទ្រង់​ដែល​មាន ព្រះជន្មរស់ ហើយ​គឺ ឥតចេះ​ប្រែប្រួល—មាន​ឥទ្ធិពល​លើ​ការទុកចិត្ត​របស់​អ្នក​លើ​ទ្រង់​ដោយ​របៀបណា ? តើ​ព្រះបរមងារ​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការធ្វើ និង​រក្សា​សេចក្ដី​សន្យា​ជាមួយ​អ្នក ?

ផ្នែក​ទី ២

តើ​ជីវិត​របស់​ខ្ញុំ​ទទួលបាន​ពរជ័យ​ដោយ​ការធ្វើ និង​ការ​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះយេហូវ៉់ា​ដោយ​របៀប​ណា ?

ទោះ​ជា​ព្រះអម្ចាស់ ជា​ព្រះយេហូវ៉ា​មាន​ឫទ្ធានុភាព និង​ឥតចេះ​ប្រែប្រួល​ក៏​ដោយ ក៏​ទ្រង់និង​ព្រះវរបិតា​ទ្រង់​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​មាន​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់​ទាំងទ្វេ​ដែរ ។ ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​នេះ រួម​បញ្ចូល​ទាំង​ពរជ័យ​ដ៏​មាន​សក្តានុពល​ដែល​មិន​អាច​ទទួល​បាន​តាម​របៀប​ផ្សេង​ទៀត​ឡើយ ។

សូម​គូសបញ្ជាក់​ថា សេចក្តី​សញ្ញា​គឺជា « កិច្ចព្រមព្រៀង​ដ៏​ពិសិដ្ឋ​មួយ​រវាង​ព្រះ និង​មនុស្ស​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម ។ ព្រះ​បាន​ដាក់​លក្ខខណ្ឌ​យ៉ាង​ជាក់លាក់ ហើយ​ទ្រង់​សន្យា​ថា​នឹង​ផ្តល់​ពរជ័យ​ដល់​យើង​នៅ​ពេល​យើង​គោរព​តាម​លក្ខខណ្ឌ​ទាំងនោះ ។ នៅ​ពេល​យើង​ជ្រើសរើស​មិន​រក្សា​សេចក្តីសញ្ញា​នានា នោះ​យើង​មិន​អាច​ទទួល​បាន​ពរជ័យ​ទេ ហើយ​ក្នុង​ករណី​ខ្លះ យើងនឹង​ទទួល​រង​ទារុណកម្ម ជា​លទ្ធផល​មក​ពី​ការមិន​គោរពប្រតិបត្តិ​របស់​យើង ។ ( Gospel Topics, « Covenant » topics.ChurchofJesusChrist.org ) ។

អ័ប្រាហាំ​គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​អ្នក​ដែល​បាន​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ។ ទោះ​ជា​មាន​ការគោរព​ប្រតិបត្តិ​រូប​ព្រះ និង​គំរូ​ដ៏​អាក្រក់​របស់​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​លោក​ក្ដី ក៏​អ័ប្រាហាំ​ចង់​ធ្វើ​ជា « អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់​តែ​ខ្លាំង​ឡើង » ( អ័ប្រាហាំ ១:២ ) ។ បំណង​ប្រាថ្នា​របស់​អ័ប្រាហាំ​ត្រូវបាន​ទទួល​រង្វាន់ នៅពេល​ព្រះយេហូវ៉ា​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​លោក ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

អ្វី​ដែល​ត្រូវ​បាន​គេ​ហៅ​ជា​ញឹក​ញាប់​ថា​ជា « សេចក្ដី​សញ្ញា​អ័ប្រាហាំ » រួម​មាននូវ​ការ​សន្យា​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា ។ សូម​សិក្សា អ័ប្រាហាំ ២:៨–១១ ដើម្បី​ឲ្យ​កាន់​តែស្គាល់​ផ្នែក​នៃ​សេចក្ដី​សញ្ញា​អ័ប្រាហាំ ហើយ​ស្រមៃ​ថា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​អំពី​សេចក្ដីសន្យា​ទាំងនេះ​ចំពោះអ្នក ក៏​ដូចជា​ចំពោះ​អ័ប្រាហាំ ។ អ្នក​អាច​កត់សម្គាល់​ពរជ័យ​ដែល​អ្នក​រកឃើញ ។

រូបភាព
ព្រះអម្ចាស់​យាងមក​ជួប​អ័ប្រាហាំ ដោយ ខៃ ឡាសិន

សេចក្ដី​សញ្ញា​អ័ប្រាហាំ​រួម​បញ្ចូល​ទាំង ពរជ័យ​ដ៏អស់កល្ប​ជានិច្ច ដែល​មក​ពី​ដំណឹង​ល្អ​របស់​ព្រះអម្ចាស់ ពិធី​បរិសុទ្ធ​បព្វជិតភាព និង​អាពាហ៍ពិពាហ៍​សេឡេស្ទាល ។ ផ្លូវនេះ​ចាប់ផ្តើម​ជាមួយ​សេចក្តី​សញ្ញា​ដែល​បាន​ធ្វើ​នៅ​ពិធី​បុណ្យ​ជ្រមុជទឹក ហើយ​បន្ត​ឆ្ពោះ​ទៅ​មុខ និង​លើស​ពី​ព្រះវិហារ​បរិសុទ្ធ នៅ​ពេល​ដែល​យើង​គោរព​តាម​សេចក្តី​សញ្ញា​ដែល​យើង​បាន​ធ្វើ ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​អំពី​សេចក្ដី​សញ្ញា​អ័ប្រាហាំ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ពរជ័យ​ចុងក្រោយ​នៃ​សេចក្ដី​សញ្ញា​អ័ប្រាហាំ ត្រូវបាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​ព្រះវិហារ​ដ៏​បរិសុទ្ធ ។ … ការ​បំពេញ​សេចក្ដី​សញ្ញា​អ័ប្រាហាំ​ពី​បុរាណ គឺ​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​តែ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។ គឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​យើង​អាច​រស់នៅ​ជាមួយ​ព្រះ ជាមួយ​ទ្រង់ និង​ជាមួយ​ក្រុម​គ្រួសារ​របស់​យើង​អស់កល្ប​ជានិច្ច ។ ( នៅក្នុង « Special Witnesses of Christ, »​ Ensign ខែ មេសា ឆ្នាំ ២០០១ ទំព័រ ៧ )

រូបភាព
គូស្វាមី​ភរិយា​សម្លឹង​មើលទៅ​ព្រះវិហារបរិសុទ្ធ

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ពិចារណា​ពីការ​កត់សម្គាល់​ពរជ័យ​ដែល​បាន​មក​តាម​រយៈ ការដើរ​លើផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអង្គសង្គ្រោះ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

តើ​អ្វី​ទៅ​ជា​ផ្លូវ​នៃ​សេចក្តី​សញ្ញា ? វា​ជា​ផ្លូវ​មួយ​ដែល​នាំ​ទៅ​ដល់​នគរ​សេឡេស្ទាល​របស់​ព្រះ ។ … នៅ​ក្នុង​ដំណើរ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ( ដែល​មាន​ហួស​ពី​ជីវិត​លើផែនដី ) យើង​ទទួល​គ្រប់​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដែល​ទាក់ទង​នឹង​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង ។

ការប្តេជ្ញាចិត្ត​ធ្វើ​តាម​សេចក្តី​សញ្ញា​ដ៏​សំខាន់​របស់​យើង​គឺ​ដើម្បី​ធ្វើ​តាម​ព្រះ​ទ័យ​របស់​ព្រះ « ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​ចំពោះ​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​នឹង​បញ្ជា​ដល់​ពួក​យើង » [ ម៉ូសាយ ៥:៥ ] ។ …

… សេចក្ដី​សញ្ញា​ដែល​ព្រះ​ប្រទាន​ដល់​បុត្រាបុត្រី​ទ្រង់ គឺ​លើស​ពី​ការ​ដឹកនាំ​ផ្លូវយើង​ទៅ​ទៀត ។ សេចក្ដី​សញ្ញា​ចង​យើង​ភ្ជាប់​នឹង​ទ្រង់ ហើយ​បាន​ចងភ្ជាប់​នឹង​ទ្រង់ នោះ​យើង​អាច​យក​ឈ្នះ​គ្រប់​ការណ៍​ទាំងអស់ ។ …

… ព្រះ​ប្រទាន​អំណោយទាន​មួយ​ដ៏​មាន​តម្លៃ​បំផុត​ដើម្បី​ជួយ​ពួក​អ្នក​ធ្វើ​សេចក្ដី​សញ្ញា ឲ្យក្លាយ​ជា​ពួក​អ្នក​គោរពតាម​សេចក្ដី​សញ្ញា នោះគឺ ៖ អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អំណោយទាន​នេះ​គឺជា​សិទ្ធិ​ដើម្បី​ទទួល​បាន​ភាព​ជាដៃគូ ការការពារ និង​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ …

យើង​ក៏​រក​ឃើញ​ពរជ័យ​ដ៏​ចាំបាច់​នៃ​ការ​អភ័យទោស និង​ការ​លាង​ជម្រះ​ពី​អំពើបាប​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ផង​ដែរ ។ …

អស់​អ្នក​ដែល​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ក៏​រកឃើញ​ពរជ័យ​ដ៏​ពិសេស​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ផ្សេងៗ​ដែល​ព្រះ​បាន​ចាត់ផងដែរ ។ ការប្រមូល​ផ្តុំ​នៃ​កុលសម្ព័ន្ធ​អ៊ីស្រាអែល ដែល​បាន​ខ្ចាត់ខ្ចាយ​ជាយូរ … ឥឡូវនេះ​កំពុង​ដំណើរការ​ជាមួយ​នឹង​ការប្រមូលផ្តុំ​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​ចូល​ទៅក្នុង​សាសនាចក្រ ។ … ក៏​មាន​ការ​ជួបជុំ​រាស្ត្រ​នៃ​សេចក្តីសញ្ញា​រាល់សប្តាហ៍​ដើម្បី … ទទួល​ទាន​នំប៉័ង និង​ទឹក​នៃ​ពិធី​សាក្រាម៉ង់ ដើម្បី​រំឭក​ដល់​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ …

រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​ក៏​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ព្រះវិហារ​បរិសុទ្ធ ជា​ដំណាក់​របស់​ព្រះអម្ចាស់ ដើម្បី​ទទួល​ពិធី​បរិសុទ្ធ ពរជ័យ និង​វិវរណៈ​ថ្មីៗ​ដែល​មាន​នៅ​ទីនោះ ។ …

ជា​ទីបញ្ចប់ មាន​តែ​ការ​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ប៉ុណ្ណោះ ទើប​យើង​ទទួល​បាន​ពរជ័យ​នៃ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​ពរជ័យ​ចុង​ក្រោយ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះទើប​អាច​ប្រទាន​ឲ្យ​បាន ។ ( « Why the Covenant Path » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១៦, ១១៨ )

រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើសកម្មភាព

ប្រធាន ណិលសុន បាន​សង្កេត​ថា « ការ​សរសើរ​ដ៏​អស្ចារ្យ​បំផុត​ដែល​អាច​ទទួល​បាន​នៅ​ទីនេះ​ក្នុង​ជីវិត​នេះ គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​រក្សា​សេចក្ដី​សញ្ញា​មា្នក់ » ( « Covenants » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។ សូម​កំណត់​សកម្មភាព​មួយ​ដែល​អ្នក​នឹង​ធ្វើ​ចាប់​ពីសប្តាហ៍​នេះ ដើម្បី​ឆ្ពោះ​ទៅមុខ​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ—ព្រះយេហូវ៉ា ជា​អង្គ​ដែល​ឥតចេះ​ប្រែប្រួល—អាច​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​នូវ​គោល​ដៅ​របស់​អ្នក ។ បន្ទាប់មក សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​អ្នក​ដទៃនៅ​លើផ្លូវ​របស់​ពួកគេ ។