« មេរៀនទី ២៤ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទជាចៅក្រមរបស់យើង » ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ២៤ ឯកសាររៀបចំសម្រាប់ថ្នាក់ » ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ២៤ ឯកសាររៀបចំសម្រាប់ថ្នាក់
ការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទជាចៅក្រមរបស់យើង
សូមស្រមៃមើលពីគំនិត និងអារម្មណ៍ដែលអ្នកអាចមាន ប្រសិនបើអ្នកត្រូវបានអញ្ជើញនៅថ្ងៃនេះឲ្យនៅក្នុងទីវត្តមានរបស់ព្រះអម្ចាស់ ។ នៅថ្ងៃណាមួយ « យើងម្នាក់ៗនឹងត្រូវឈរ ទទួលការជំនុំជម្រះពីទ្រង់ ស្របតាមកិច្ចការរបស់យើង និងតាមសេចក្តីប៉ងប្រាថ្នានៃចិត្តរបស់យើងទាំងឡាយ » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » មាននៅលើគេហទំព័រ ChurchofJesusChrist.org សូមមើលផងដែរ នីហ្វៃទី ២ ៩:១៥ ) ។ របៀបដែលយើងមានបទពិសោធន៍ក្នុងវត្តមានរបស់ព្រះអង្គសង្គ្រោះនឹងអាស្រ័យលើរបៀបដែលយើងបានរៀបចំខ្លួនយើង ( សូមមើល អាលម៉ា ៥:១៦–២៥ ) ។ កាលអ្នកសិក្សា សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើ ដើម្បីអ្នកនឹងទទួលអារម្មណ៍មានផាសុខភាព និងមានទំនុកចិត្តនៅក្នុងទីវត្តមានរបស់ទ្រង់នៅឯសេចក្តីជំនុំជម្រះចុងក្រោយ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៥ ) ។
ផ្នែកទី ១
ហេតុអ្វីខ្ញុំអាចទុកចិត្តលើព្រះយេស៊ូវគ្រីស្ទជាចៅក្រមរបស់ខ្ញុំ ?
ដោយសារនិស្ស័យដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ និងដង្វាយធួនដ៏គ្មានទីបញ្ចប់របស់ទ្រង់ នោះយើងអាចត្រូវបានធានាថា ទ្រង់នឹងធ្វើជា « ចៅក្រមសុចរិត » ( ម៉ូសេ ៦:៥៧ ) នៅពេលដែលថ្ងៃនោះមកដល់ យើងឈរនៅចំពោះទ្រង់ ដើម្បីទូលប្រាប់ពីដំណើររឿងអំពីជីវិតរបស់យើង ( សូមមើល រ៉ូម ១៤:១០–១២ ) ។ ទ្រង់នឹងធ្វើការកំណត់យ៉ាងល្អឥតខ្ចោះចំពោះកម្រិតនៃសិរីល្អដែលយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួល ។ នៅក្នុងគម្ពីរទំនុកដំកើង យើងអានថា « ទ្រង់នឹងជំនុំជម្រះមនុស្សលោកដោយយុត្តិធម៌ ក៏នឹងវិនិច្ឆ័យអស់ទាំងសាសន៍ ដោយសេចក្ដីសុចរិត » ( ទំនុកដំកើង ៩:៨ សូមមើលផងដែរ ៩៦:១៣ ) ។
អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ពីលក្ខណៈសម្បត្តិរបស់ព្រះអម្ចាស់ដើម្បីធ្វើជាចៅក្រមរបស់យើង ៖
ព្រះយេស៊ូវគ្រីស្ទមាន គុណសម្បត្តិ ដែលគ្មានមនុស្សដទៃណាអាចធ្វើបានឡើយ ។ ទ្រង់ជាព្រះ ជាព្រះយេហូវ៉ា ពីមុនពេលទ្រង់ប្រសូតនៅភូមិបេថ្លេហិម ។ ព្រះវរបិតាជាទីស្រឡាញ់របស់ទ្រង់មិនគ្រាន់តែបានប្រទានរូបកាយជាវិញ្ញាណដល់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែព្រះយេស៊ូវគឺជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ជាសាច់ឈាម ។ លោកចៅហ្វាយរបស់យើងរស់នៅក្នុងព្រះជន្មដែលឥតខ្ចោះ គ្មានអំពើបាប ហេតុដូច្នោះ គឺត្រូវបានលើកលែងពីការទាមទារនៃសេចក្ដីយុត្តិធម៌ ។ ទ្រង់ល្អឥតខ្ចោះនៅក្នុងគ្រប់លក្ខណៈទាំងអស់ ដោយរួមទាំងសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា ការអត់ធ្មត់ ការគោរពប្រតិបត្តិ ការអភ័យទោស និងការបន្ទាបខ្លួន ។ …
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដោយការរងទុក្ខលំបាក និងការឈឺចាប់ដែលមិនអាចនឹកស្មានដល់ចំពោះតម្លៃដែលមិនអាចគណនាបាន ព្រះអង្គសង្គ្រោះបានទទួលសិទ្ធិរបស់ទ្រង់ក្នុងការធ្វើជាព្រះប្រោសលោះរបស់យើង ជាអង្គអាជ្ញាកណ្តាលរបស់ និងជាចៅក្រមចុងក្រោយរបស់យើង ។ ( « The Atonement Can Secure Your Peace and Happiness » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៤២ )
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ ដែលជាអតីតចៅក្រមរបស់តុលាការកំពូលនៃរដ្ឋយូថាហ៍ បានមានប្រសាសន៍អំពីជំហរពិសេសរបស់ព្រះអង្គសង្គ្រោះក្នុងការវិនិច្ឆ័យយើង ៖
ឥទ្ធិឫទ្ធិរបស់ទ្រង់បានផ្ដល់ដល់ទ្រង់នូវចំណេះដឹងដ៏ឥតខ្ចោះមួយអំពីទង្វើ និងបំណងប្រាថ្នាទាំងអស់របស់យើង ទាំងអ្នកមិនប្រែចិត្ត ឬអ្នកមិនផ្លាស់ប្ដូរ និងអ្នកដែលប្រែចិត្ត ឬសុចរិត ។ ហេតុដូច្នេះហើយ បន្ទាប់ពីការជំនុំជម្រះរបស់ទ្រង់ យើងទាំងអស់គ្នាសារភាពថា « សេចក្តីជំនុំជម្រះរបស់ទ្រង់គឺត្រឹមត្រូវ » ( ម៉ូសាយ ១៦:១ ) ។ ( « The Great Plan » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៦ )
ផ្នែកទី ២
តើខ្ញុំជំនុំជម្រះដោយរបៀប ?
ការគិតអំពីសេចក្តីជំនុំជម្រះចុងក្រោយអាចមានអារម្មណ៍ថាគួរឲ្យស្ញប់ស្ញែង និងលើសលប់ ។ ពេលខ្លះយើងអាចនឹងឆ្ងល់ថា តើយើងនឹងមានអារម្មណ៍ថាបានត្រៀមខ្លួនដើម្បីត្រូវបានជំនុំជម្រះដោយព្រះអម្ចាស់ឬអត់ ។ គម្ពីរវិវរណៈផ្តល់នូវសេចក្តីពិតសំខាន់ៗអំពីរបៀបដែលព្រះអម្ចាស់នឹងជំនុំជម្រះយើង ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន វិវរណៈ ២០:១២ ដោយរកមើលវិធីមួយដែលយើងនឹងត្រូវជំនុំជម្រះ ។
ប្រធាន ហារ៉ូល ប៊ី លី បានបង្រៀន ៖
រូបភាពប្រធាន ហារ៉ូល ប៊ី លី« បញ្ជី » ដែលបាននិយាយនេះ សំដៅទៅលើកំណត់ត្រា [ អំពើដែលគេបានប្រព្រឹត្ត ] ដែលត្រូវបានរក្សាទុកនៅលើផែនដី ។ … បញ្ជីជីវិតគឺជាកំណត់ត្រាដែលត្រូវបានរក្សាទុកនៅស្ថានសួគ៌ ។ ( Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ ២០០០ ] ទំព័រ ២២៦–២៧ )
នៅក្នុងការនិមិត្តអំពីនគរសេឡេស្ទាល ព្យាការី យ៉ូសែប ស៊្មីធ បានទទួលការយល់ដឹងបន្ថែមអំពីសេចក្តីជំនុំជម្រះចុងក្រោយ ។ ព្រះអង្គសង្រ្គោះបានបង្រៀន ៖ « ដ្បិតយើងជាព្រះអម្ចាស់ នឹងជំនុំជម្រះមនុស្សលោកទាំងអស់ ស្របតាមកិច្ចការរបស់ពួកគេ គឺស្របតាម សេចក្តីប៉ងប្រាថ្នានៃដួងចិត្តរបស់ពួកគេ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧:៩ បានបន្ថែមការបញ្ជាក់ ) ។ ព្យាការីអាលម៉ាបានបង្រៀនថា យើងក៏នឹងទទួលខុសត្រូវសម្រាប់ពាក្យសម្តីរបស់យើងផងដែរ ( សូមមើល អាលម៉ា ១២:១៤ ) ។
ប្រធាន អូក បានបង្រៀនថា សេចក្តីជំនុំជម្រះចុងក្រោយគឺច្រើនជាងការវាយតម្លៃលើគំនិត ពាក្យសម្ដី និងទង្វើរបស់យើង ៖
រូបភាពប្រធាន ដាល្លិន អេក អូកការជំនុំជម្រះចុងក្រោយគឺពុំគ្រាន់តែជាការវាយតម្លៃមួយនៃការបូកសរុបនូវសកម្មភាពល្អៗ និងសកម្មភាពអាក្រក់—ដែលយើងបាន ធ្វើប៉ុណ្ណោះនោះទេ ។ វាជាការទទួលស្គាល់អំពីឥទ្ធិពលចុងក្រោយនៃទង្វើ និងគំនិតរបស់យើង—ជាអ្វីដែលយើងបាន ប្រែក្លាយ ។ … ព្រះបញ្ញត្តិ ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទំាងឡាយនៃដំណឹងល្អ គឺមិនមែនជាបញ្ជីនៃការដាក់ប្រាក់ ដែលតម្រូវឲ្យដាក់នៅក្នុងគណនីសួគ៌ាមួយចំនួននោះទេ ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាផែនការមួយដែលបង្ហាញយើងពីរបៀបដើម្បីប្រែក្លាយទៅជាអ្វី ដែលព្រះវរបិតាសួគ៌របស់យើងសព្វព្រះហឫទ័យចង់ឲ្យយើងប្រែក្លាយ ។ ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២ )
វាជាការសំខាន់ក្នុងការចាំថា មិនថាយើងខិតខំរស់នៅតាមដំណឹងល្អដោយឧស្សាហ៍ប៉ុណ្ណាទេ បើគ្មានជំនួយពីព្រះអម្ចាស់ទេ យើងមិនអាចក្លាយជាអ្វីដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យយើងប្រែក្លាយបានឡើយ ។ ដោយអំណរ ព្រះយេស៊ូវគ្រីស្ទមិនគ្រាន់តែជាចៅក្រមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជា « ព្រះគាំទ្ររបស់អ្នកជាមួយព្រះវរបិតា » ផងដែរ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:៤ សូមមើលផងដែរ យ៉ូហាន ទី១ ២:១ ) ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ព្រះគាំទ្រ មានន័យថា « ជាសំឡេងសម្រាប់ » ឬ « បុគ្គលម្នាក់ដែលអង្វរសម្រាប់អ្នកដទៃ » ( « Jesus the Christ—Our Master and More » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៩៩២ ] ទំព័រ ៤ ដែលមាននៅលើគេហទំព័រ speeches.byu.edu ) ។ ក្នុងនាមជាព្រះគាំទ្ររបស់យើង ព្រះយេស៊ូវគ្រីស្ទ « ជ្រាបនូវសេចក្ដីកម្សោយនៃមនុស្ស និងចេះជួយពួកគេដែលត្រូវល្បួង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦២:១ ) ។ ទ្រង់នឹងអង្វររកបុព្វហេតុរបស់យើង ហើយអង្វរជំនួសយើង កាលយើងអនុវត្តសេចក្តីជំនឿលើទ្រង់ ( សូមមើល មរ៉ូណៃ ៧:២៨; នីហ្វៃទី ២ ២:៩; ហេព្រើរ ៤:១៥–១៦ ) ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទក្នុងនាមជាព្រះគាំទ្ររបស់យើង ៖
រូបភាពអែលឌើរ ឌេល ជី រេនឡាន់ការជួយតវ៉ារបស់ព្រះគ្រីស្ទជាមួយព្រះវរបិតាជំនួសយើងគឺពុំមែនជាការប្រឆាំងជំទាស់ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ … ពុំបានគាំទ្រអ្វីផ្សេងក្រៅពីអ្វីដែលព្រះវរបិតាសព្វព្រះទ័យឲ្យមនុស្សទាំងអស់ធ្វើតាំងពីដំបូងឡើយ ។ ព្រះវរបិតាសួគ៌សព្វព្រះទ័យ និងអបអរសាទរដល់ភាពជោគជ័យរបស់យើងដោយពុំសង្ស័យអ្វីឡើយ ។
យ៉ាងហោចណាស់ ការជួយតវ៉ារបស់ព្រះគ្រីស្ទគឺដើម្បីរំឭកយើងថា ទ្រង់បានបង់ថ្លៃសម្រាប់អំពើបាបយើង ហើយថាគ្មាននរណាម្នាក់ត្រូវបានដកចេញពីឥទ្ធិពលនៃសេចក្តីមេត្តាករុណារបស់ព្រះឡើយ ។ ( « Choose You This Day » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤–១០៥ )
នៅក្នុងវិវរណៈដែលព្យាការីយ៉ូសែប បានទទួលនៅឆ្នាំ ១៨៣១ ព្រះយេស៊ូវគ្រីស្ទ បានពិពណ៌នាអំពីតួនាទីនៃដង្វាយធួនរបស់ទ្រង់ ក្នុងនាមជាព្រះគាំទ្រសម្រាប់អស់អ្នកដែលជឿលើទ្រង់ ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣–៥ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់ទូលអង្វរសម្រាប់បុព្វហេតុរបស់យើង ។
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមស្រមៃថាបានឮព្រះអង្គសង្គ្រោះទូលអង្វរ សម្រាប់បុព្វហេតុរបស់អ្នកនៅចំពោះព្រះវរបិតា ។ តើអ្នកអាចមានអារម្មណ៍យ៉ាងណាពេលស្តាប់ទ្រង់មានព្រះបន្ទូលជំនួសអ្នក ?
ផ្នែកទី ៣
តើខ្ញុំអាចវាយតម្លៃការរៀបចំខ្លួនរបស់ខ្ញុំសម្រាប់សេចក្តីជំនុំជម្រះចុងក្រោយដោយរបៀបណា ?
ប្រធាន អូក បានបង្រៀនថា « គោលបំណងនៃសេចក្ដីជំនុំជម្រះចុងក្រោយគឺដើម្បីកំណត់ថា តើយើងបានសម្រេចនូវអ្វីដែលអាលម៉ាបានពិពណ៌នាថាជា ‹ ការផ្លាស់ប្តូរដ៏ធំនៅក្នុងដួងចិត្ត › » ( « Cleansed by Repentance » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩៣ ) ។ ការផ្លាស់ប្តូរនេះគឺបានសម្រេចតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តជឿដោយស្មោះសរ ។
នៅពេលអាលម៉ាបានបង្រៀនប្រជាជនសារ៉ាហិមឡា លោកបានសួរពួកគេនូវសំណួរជាច្រើន ដើម្បីពួកគេអាចវាយតម្លៃស្ថានភាពនៃដួងចិត្តពួកគេ ហើយកំណត់ពីរបៀបថា តើពួកគេបានរៀបចំខ្លួនបានប៉ុណ្ណាដើម្បីត្រូវបានវិនិច្ឆ័យដោយព្រះអង្គសង្គ្រោះ ( សូមមើល អាលម៉ា ៥:១៤ ) ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន អាលម៉ា ៥:១៥–១៦, ១៩, ២៦–២៧ ហើយចំណាយពេលខ្លះសម្រាប់ការសញ្ជឹងគិតពីខ្លួនឯងដោយស្មោះត្រង់ កាលអ្នកពិចារណាចម្លើយរបស់អ្នកចំពោះសំណួរដែលបានសួរ ។ សូមកំណត់សំណួរមួយជាពិសេសដែលផ្តល់យោបល់អំពីចំណុចមួយដែលអ្នកអាចធ្វើឲ្យប្រសើរឡើងនៅពេលនេះ ។
កាលអ្នកគិតអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីរៀបចំឲ្យបានកាន់តែល្អសម្រាប់ការជំនុំជម្រះចុងក្រោយ សូមចងចាំនូវដំបូន្មានដ៏ឈ្លាសវៃខាងក្រោមនេះពីអែលឌើរ លែរី អរ ឡ័ររ៉ែន នៃពួកចិតសិបនាក់់ ៖
រូបភាពអែលឌើរ លែរី អរ ឡ័ររ៉ែនព្រះវិញ្ញាណអាចបង្ហាញយើងអំពីភាពទន់ខ្សោយរបស់យើង ប៉ុន្តែទ្រង់ក៏អាចបង្ហាញយើងអំពីភាពខ្លាំងរបស់យើងផងដែរ ។ ពេលខ្លះ យើងត្រូវទូលសូមអ្វីដែលយើងធ្វើជារឿងត្រឹមត្រូវ ដើម្បីព្រះអម្ចាស់អាចបំផុស ហើយលើកទឹកចិត្តយើង ។… ទ្រង់សប្បាយព្រះទ័យគ្រប់ពេលដែលយើងរីកចម្រើន ។ ចំពោះទ្រង់ ទិសដៅរបស់យើងគឺមានសារៈសំខាន់ជាងល្បឿនរបស់យើងទៅទៀត ។
បងប្អូនប្រុសស្រីអើយ សូមបន្តទៅមុខ ប៉ុន្តែសូមកុំបាក់ទឹកចិត្តឡើយ ។ ( « What Lack I Yet? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៥ )
កត់ត្រាគំនិតរបស់អ្នក
សូមចំណាយពេលពីរបីនាទីដើម្បីសរសេរការឆ្លើយតបទៅនឹងសំណួរដែលអ្នកបានរកឃើញចេញពីពាក្យសម្តីរបស់អាលម៉ា ដែលបានណែនាំអ្វីមួយដែលអ្នកអាចធ្វើឥឡូវនេះ ។ អ្នកក៏អាចស្វែងយល់ពីសំណួរដែលបង្ហាញពីអ្វីដែលអ្នកកំពុងធ្វើត្រឹមត្រូវ ហើយសរសេរការឆ្លើយតបចំពោះសំណួរនោះផងដែរ ។