« មេរៀនទី ១៤ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការស្គាល់អព្ភូតហេតុរបស់ព្រះអង្គសង្រ្គោះ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១៤ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១៤ ឯកសាររៀបចំសម្រាប់ថ្នាក់
ការស្គាល់អព្ភូតហេតុរបស់ព្រះអង្គសង្រ្គោះ
នៅពេលយើងនិយាយអំពីអព្ភូតហេតុរបស់ព្រះយេស៊ូវគ្រីស្ទ យើងចង់ផ្តោតទៅលើដំណើររឿងបំផុសគំនិតដែលយើងរកឃើញនៅក្នុង ព្រះគម្ពីរសញ្ញាថ្មី ។ ខណៈពេលដែលយើងអាច និងគួររៀនច្រើនពីដំណើររឿងក្នុងព្រះគម្ពីរទាំងនេះ តើអ្នកបានពិចារណាអំពីអព្ភូតហេតុដែលព្រះអម្ចាស់ធ្វើនៅសម័យយើង—និងក្នុងជីវិតរបស់អ្នកដែរឬទេ ? នៅពេលអ្នកសិក្សា សូមព្យាយាមពង្រឹងជំនឿរបស់អ្នកទៅលើព្រះចេស្ដារបស់ព្រះអម្ចាស់ និងស្ម័គ្រព្រះទ័យក្នុងការធ្វើអព្ភូតហេតុសម្រាប់អ្នក និងអ្នកដទៃ ។
ផ្នែកទី ១
តើខ្ញុំអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្រ្គោះចេញពីអព្ភូតហេតុរបស់ទ្រង់ ?
អំឡុងពេលការងារបម្រើនៅក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ « បានយាងតាមថ្នល់ស្រុកភីលីស្ទីន ដើម្បីព្យាបាលអ្នកឈឺ ធ្វើឲ្យអ្នកខ្វាក់មើលឃើញ ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់របស់ពួកសាវក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ អព្ភូតហេតុទាំងនេះគឺ « ជាហេតុការណ៍ដ៏អស្ចារ្យ [ ច្រើន ]ដែលកើតឡើងដោយព្រះចេស្ដានៃព្រះ » និង « ជាផ្នែកមួយក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អព្ភូតហេតុ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ វាជាភស្តុតាងមួយចំពោះពួកសាសន៍យូដាថា ព្រះយេស៊ូវគឺជាព្រះមែស៊ីដែលបានសន្យា ( សូមមើល ម៉ាថាយ ១១:៤–៥; យ៉ូហាន ២០:៣០–៣១ ) ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសង្កេតឃើញថា « ដង្វាយធួន [ របស់ព្រះយេស៊ូវគ្រីស្ទ ]បានបញ្ចប់ដោយការមានព្រះជន្មរស់ឡើងវិញ រយៈពេលបីថ្ងៃបន្ទាប់ពីផ្តុំក្នុងផ្នូរជាបណ្តោះអាសន្ន នោះគឺជាអព្ភូតហេតុដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ » ( « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៩ ) ។
អែលឌើររ៉ាសបាន ក៏បានពន្យល់ថា ខណៈពេលដែលអព្ភូតហេតុរបស់ព្រះយេស៊ូវថ្លែងពីទេវភាពរបស់ទ្រង់ វាក៏ « រំឭកយើងពីព្រះចេស្តារបស់ទ្រង់ សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ឥទ្ធិពលទ្រង់ពីស្ថានសួគ៌មកកាន់បទពិសោធន៍ជីវិតរមែងស្លាប់របស់យើង និងព្រះទ័យរបស់ទ្រង់ដើម្បីបង្រៀនអំពីអ្វីដែលមានតម្លៃបំផុត » ( « Behold! I Am a God of Miracles » ទំព័រ ១១១ ) ។
សូមពិចារណាអំពីអ្វីដែលយើងអាចរៀនអំពីព្រះអង្គសង្គ្រោះពីការព្យាបាលបុរសខ្វិនម្នាក់របស់ទ្រង់ ។ មនុស្សបួននាក់បាននាំបុរសនេះទៅផ្ទះមួយដែលព្រះយេស៊ូវកំពុងបង្រៀន ។ នៅពេលពួកគេបានឃើញថាផ្ទះមានមនុស្សដ៏ច្រើន ដែលពួកគេមិនអាចចូលបាន ពួកគេបានរុះដំបូលផ្ទះខ្លះ ហើយសម្រូតបុរសពិការនោះចុះទៅរកព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាកុស ២:១–៤ ) ។
សូមកត់ចំណាំថា អព្ភូតហេតុរបស់ព្រះអង្គសង្គ្រោះបានដោះស្រាយទាំងតម្រូវការខាងរូបកាយ និងខាងវិញ្ញាណ ។ ទាក់ទងនឹងសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការព្យាបាលទាំងរូបកាយ និងវិញ្ញាណ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀន ៖
រូបភាពប្រធាន ដាល្លិន អេក អូកអព្ភូតហេតុដ៏អស្ចារ្យបំផុតគឺមិនមែនដូចជានៅក្នុងរឿងព្យាបាលមនុស្សខ្វាក់ ការព្យាបាលជម្ងឺ ឬសូម្បីតែធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញនោះទេ ។ …
… អព្ភូតហេតុដ៏អស្ចារ្យជាងនេះទៅទៀតគឺជាការផ្លាស់ប្ដូរដួងចិត្តដ៏ធំ ដោយបុត្រា ឬបុត្រីរបស់ព្រះ ( សូមមើល ម៉ូសាយ ៥:២ ) ។ ការផ្លាស់ប្តូរដួងចិត្ត រួមមានទាំងអាកប្បកិរិយាថ្មី អាទិភាព និងបំណងប្រាថ្នា គឺកាន់តែធំ និងកាន់តែសំខាន់ជាងអព្ភូតហេតុទាំងឡាយដែលទាក់ទងនឹងរាងកាយ ។ ( « Miracles » Ensign ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ១៧ )
កត់ត្រាគំនិតរបស់អ្នក
អាន ឬមើលអព្ភូតហេតុមួយ ឬច្រើនដូចខាងក្រោមនេះ ដែលព្រះអង្គសង្គ្រោះបានធ្វើក្នុងអំឡុងពេលការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ឬជ្រើសរើសអព្ភូតហេតុមួយផ្ទាល់ខ្លួនរបស់អ្នកដើម្បីអាន ឬមើល ។ នៅពេលអ្នកសិក្សា សូមសញ្ជឹងគិត និងកត់ត្រាគំនិតរបស់អ្នក ដើម្បីឆ្លើយតបទៅនឹងសំណួរខាងក្រោម ៖
-
តើអ្នករៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះចេញពីអព្ភូតហេតុនេះ ?
-
តើអ្នកអាចទាញអត្ថន័យអ្វីខ្លះពីអព្ភូតហេតុនេះសម្រាប់ជីវិតរបស់អ្នក ?
អព្ភូតហេតុរបស់ព្រះយេស៊ូវគ្រីស្ទ
-
សូមអាន យ៉ូហាន ២:១–១១ ឬមើល « Jesus Turns Water into Wine » ( ២:២៦ ) ។
-
សូមអាន ម៉ាកុស ៤:៣៥–៤១ ឬមើល « Calming the Tempest » ( ២:១៧ ) ។
-
សូមអាន លូកា ៧:១១–១៦ ឬមើល « The Widow of Nain » ( ២:២២ ) ។
-
សូមអាន ម៉ាថាយ ១៤:១៣–២១ ឬមើល « The Feeding of the 5,000 » ( ២:៥២ ) ។
-
សូមអាន យ៉ូហាន ៩:១–៧ ឬមើល « Jesus Heals a Man Born Blind » ( ៧:៤៧ ) ។
ផ្នែកទី ២
តើជំនឿរបស់ខ្ញុំ និងព្រះទ័យរបស់ព្រះអម្ចាស់មានឥទ្ធិពលលើអព្ភូតហេតុដោយរបៀបណា ?
នៅពីដើមការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្រ្គោះ មានបុរសម្នាក់ដែលមានជំងឺឃ្លង់បានមករកព្រះយេស៊ូវដើម្បីទទួលការព្យាបាល ។ ដូចដែលបានប្រើក្នុងព្រះគម្ពីរ ជំងឺឃ្លង់ អាចសំដៅទៅលើជំងឺសើស្បែកជាច្រើនដែលអាចវាយលុកទៅលើស្បែក សរសៃប្រសាទ ភ្នែក និងឆ្អឹង ។ បើគ្មានការព្យាបាលតាមវេជ្ជសាស្រ្ដទេ វាអាចនាំឲ្យខូចសរសៃប្រសាទ ពិការភ្នែក ខូចទ្រង់ទ្រាយ និងការឈឺចាប់ដល់ស្លាប់ ។ នៅអំឡុងសម័យរបស់ព្រះអង្គសង្រ្គោះ បុរសដែលទៅរកព្រះអង្គសង្រ្គោះអាចចាត់ទុកថា « ស្មោកគ្រោក » ហើយរស់នៅដាច់ដោយឡែកពីគ្រួសារ និងសង្គម ( សូមមើល លីវីវិន័យ ១៣:៤៥–៤៦ ) ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន ម៉ាកុស ១:៤០–៤២ ដោយរកមើលរបៀបដែលបុរសនេះបានបង្ហាញសេចក្តីជំនឿនៅលើព្រះអម្ចាស់នៅពេលស្វែងរកអព្ភូតហេតុ ។
អែលឌើរ ហ៊ោរហេ អេហ្វ ស្សែបាលូស នៃពួកចិតសិបនាក់បានសង្កេតឃើញ ៖
រូបភាពអែលឌើរ ហ៊រហេ អេហ្វ ស្សែបាលូសមនុស្សឃ្លង់មិនទាមទារអ្វីទេ ទោះបីបំណងប្រាថ្នារបស់គាត់ហាក់ជាសុចរិតក្តី ក៏គាត់គ្រាន់តែស្ម័គ្រចិត្តទទួលយកព្រះហឫទ័យរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ។ ( « If You Will Be Responsible » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៥ )
នៅពេលយើងមានបំណងប្រាថ្នាទទួលយកព្រះឫទ័យរបស់ព្រះអម្ចាស់យ៉ាងពិតប្រាកដ យើងក៏ត្រូវមានសេចក្តីជំនឿថា មិន បានជាដែរ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
រូបភាពអែលឌើរ ដេវីឌ អេ បែដណាសេចក្ដីសុចរិត និងសេចក្ដីជំនឿគឺពិតជាឧបករណ៍នៅក្នុងការព្យាបាលអ្នកឈឺ អ្នកថ្លង់ ឬអ្នកខ្វិនមែន—បើសិនជាការព្យាបាលនោះ សម្រេចនូវគោលបំណងរបស់ព្រះ ហើយស្របតាមព្រះទ័យរបស់ទ្រង់ ។ ហេតុដូច្នោះហើយ ទោះបើជាយើងមានជំនឿរឹងមាំ …មិនមែនមានន័យថាអ្នកដែលឈឺនិងពិការទាំងអស់នឹងបានជាសះស្បើយនោះទេ ។ ប្រសិនបើជារាល់ការផ្ទុយទាំងអស់ត្រូវបានកាត់បន្ថយ ប្រសិនបើជារាល់ការឈឺចាប់ត្រូវបានដកចេញ នោះគោលបំណងដ៏សំខាន់នៃផែនការរបស់ព្រះវរបិតានឹងត្រូវបំផ្លាញហើយ ។ ( ដេវីឌ អេ បែដណា « Accepting the Lord’s Will and Timing » Ensign ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៣៤ )
នៅពេលអ្នកសញ្ជឹងគិតអំពីអព្ភូតហេតុដែលអ្នកអាចមានបំណងចង់បានសម្រាប់ជីវិតរបស់អ្នក សូមពិចារណាពីការប្រឹក្សាដូចខាងក្រោមនេះពីអែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ ៖
រូបភាពអែលឌើរ រ៉ូណល អេ រ៉ាសបានអព្ភូតហេតុទាំងឡាយអាចកើតមានជាចម្លើយចំពោះការអធិស្ឋាន ។ អព្ភូតហេតុមិនតែងតែកើតឡើងតាមអ្វីដែលយើងសូម ឬតាមអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែពេលយើងដាក់ទីទុកចិត្តនៅក្នុងព្រះអម្ចាស់ ទ្រង់នឹងនៅទីនោះ ហើយទ្រង់នឹងធ្វើឲ្យត្រូវ ។ ទ្រង់នឹងលៃលកនូវអព្ភូតហេតុដើម្បីឲ្យត្រូវនឹងអ្វីដែលយើងត្រូវការនៅពេលនោះ ។ …
… មានពេលច្រើនដែលយើងសង្ឃឹមថាមានអព្ភូតហេតុមួយ ដើម្បីព្យាបាលមនុស្សជាទីស្រឡាញ់ម្នាក់ បង្វែរសកម្មភាពអយុត្តិធម៌ចេញ ឬដើម្បីលួងលោមដួងចិត្តដែលឈឺចាប់ ឬព្រលឹងដែលស្រងាកចិត្ត ។ ការមើលទៅបញ្ហាដោយទស្សនវិស័យនៃជីវិតរមែងស្លាប់ នោះយើងចង់ឲ្យព្រះអម្ចាស់ធ្វើអន្តរាគមន៍ ដើម្បីជួសជុលនូវអ្វីដែលបានបាក់បែក ។ តាមរយៈសេចក្តីជំនឿ អព្ភូតហេតុនឹងកើតឡើង បើទោះជាវាមិនកើតតាមពេលវេលារបស់យើង ឬជាមួយនឹងដំណោះស្រាយដែលយើងចង់បាននោះក៏ដោយ ។ តើនោះមានន័យថាយើងពុំមានសេចក្តីជំនឿគ្រប់គ្រាន់ ឬពុំទទួលបាននូវអន្តរាគមន៍របស់ទ្រង់មែនដែរទេ ? អត់ទេ ។ យើងគឺជាបុត្រជាទីស្រឡាញ់របស់ព្រះអម្ចាស់ ។ ( « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១១ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់
តើខ្ញុំអាចអភិវឌ្ឍន៍សេចក្តីជំនឿដើម្បីទុកចិត្តលើព្រះហឫទ័យ និងពេលវេលារបស់ព្រះអម្ចាស់ នៅពេលស្វែងរកអព្ភូតហេតុមួយដោយរបៀបណា ?
ផ្នែកទី ៣
តើខ្ញុំអាចស្គាល់អព្ភូតហេតុរបស់ព្រះអម្ចាស់ឲ្យកាន់តែបានល្អប្រសើរដោយរបៀបណា ?
ប្រធាន អូក បានសង្កេតឃើញថា « អព្ភូតហេតុជាច្រើនកើតឡើងរាល់ថ្ងៃនៅក្នុងកិច្ចការសាសនាចក្ររបស់យើង និងនៅក្នុងជីវិតរបស់សមាជិកយើង » ( « Miracles » Ensign ខែ មិថុនា ឆ្នាំ ២០២១ ទំព័រ ១៧ ) ។ ពេលខ្លះ យើងអាចមើលឃើញអព្ភូតហេតុជាច្រើននៅក្នុងជីវិតនៃមនុស្សដទៃ ប៉ុន្តែអាចមើលមិនឃើញនៅក្នុងជីវិតរបស់យើងទេ ។
អែលឌើរ រ៉ាសបាន បានបង្រៀនស្រដៀងគ្នានេះ ៖
រូបភាពអែលឌើរ រ៉ូណល អេ រ៉ាសបានបងប្អូនជាច្រើននាក់បានធ្វើជាសាក្សីនៃអព្ភូតហេតុ ច្រើនជាងអ្វីដែលបងប្អូនដឹងទៅទៀត ។ អព្ភូតហេតុទាំងនោះអាចមើលទៅតូចតាច បើសិនជាប្រៀបធៀបទៅព្រះយេស៊ូវ ដែលបានធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញ ។ ប៉ុន្តែភាពអស្ចារ្យមិនមែនជាធាតុផ្សំនៃអព្ភូតហេតុនោះទេ លើកលែងតែវាមកពីព្រះ ប៉ុណ្ណោះ ។ ( « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១០ )
កត់ត្រាគំនិតរបស់អ្នក
សូមចំណាយពេលពីរបីនាទីដើម្បីកត់ត្រាអព្ភូតហេតុជាច្រើនដែលអ្នកបានធ្វើជាសាក្សី ឬកំពុងតែដកពិសោធន៍ឥឡូវនេះ ។ សូមពិចារណាចាប់ផ្តើមដោយការអធិស្ឋាន ហើយទូលសួរព្រះអម្ចាស់ដើម្បីបានកែវភ្នែកដែលមើលឃើញពីអព្ភូតហេតុទាំងនេះដែលបានកើតឡើង ។