ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការស្គាល់​អព្ភូតហេតុ​របស់​ព្រះអង្គសង្រ្គោះ


« មេរៀនទី ១៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការស្គាល់​អព្ភូតហេតុ​របស់​ព្រះអង្គសង្រ្គោះ » ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១៤ ឯកសាររៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
ព្រះគ្រីស្ទ​ប្រោស​កូន​ស្រី​របស់​យ៉ៃរ៉ុស ដោយ ​ឌេន ប៊ើរ

មេរៀន​ទី ១៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការស្គាល់​អព្ភូតហេតុ​របស់​ព្រះអង្គសង្រ្គោះ

នៅពេល​យើង​និយាយ​អំពី​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​ចង់​ផ្តោតទៅលើ​ដំណើររឿង​បំផុសគំនិត​ដែល​យើង​រកឃើញ​នៅក្នុង ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ខណៈ​ពេល​ដែល​យើង​អាច និង​គួរ​រៀន​ច្រើន​ពី​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ទាំងនេះ តើ​អ្នក​បាន​ពិចារណា​អំពី​អព្ភូតហេតុ​ដែល​ព្រះអម្ចាស់​ធ្វើ​នៅ​សម័យ​យើង—និង​ក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ ? នៅ​ពេល​អ្នក​សិក្សា សូម​ព្យាយាម​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ និង​ស្ម័គ្រ​ព្រះទ័យ​ក្នុង​ការធ្វើ​អព្ភូតហេតុ​សម្រាប់​អ្នក និង​អ្នក​ដទៃ ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្រ្គោះ​ចេញពី​អព្ភូតហេតុ​របស់ទ្រង់ ?

អំឡុងពេល​ការងារបម្រើ​នៅ​ក្នុង​ព្រះជន្ម​រមែងស្លាប់​របស់​ទ្រង់ ព្រះ​យេស៊ូវ​គ្រីស្ទ « បាន​យាង​តាម​ថ្នល់​ស្រុក​ភីលីស្ទីន ដើម្បី​ព្យាបាល​អ្នក​ឈឺ ធ្វើ​ឲ្យ​អ្នក​ខ្វាក់​មើល​ឃើញ ហើយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​របស់​ពួកសាវក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ អព្ភូតហេតុ​ទាំងនេះ​គឺ « ជាហេតុ​ការណ៍​ដ៏​អស្ចារ្យ [ ច្រើន ]​ដែល​កើត​ឡើង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ » និង « ជា​ផ្នែក​មួយ​ក្នុង​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « អព្ភូតហេតុ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ វាជា​ភស្តុតាង​មួយ​ចំពោះ​ពួក​សាសន៍​យូដា​ថា ព្រះ​យេស៊ូវ​គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា ( សូមមើល ម៉ាថាយ ១១:៤–៥; យ៉ូហាន ២០:៣០–៣១ ) ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​សង្កេតឃើញ​ថា « ដង្វាយ​ធួន [ របស់​ព្រះ​យេស៊ូវគ្រីស្ទ ]​បាន​បញ្ចប់​ដោយ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ រយៈពេល​បី​ថ្ងៃ​បន្ទាប់​ពី​ផ្តុំ​ក្នុង​ផ្នូរ​ជា​បណ្តោះ​អាសន្ន នោះ​គឺ​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ » ( « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៩ ) ។

រូបភាព
ព្រះគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ

អែលឌើរ​រ៉ាសបាន ក៏​បាន​ពន្យល់​ថា ខណៈពេល​ដែល​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូវ​ថ្លែង​ពី​ទេវភាព​របស់​ទ្រង់ វា​ក៏ « រំឭក​យើង​ពី​ព្រះចេស្តា​របស់​ទ្រង់ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ឥទ្ធិពល​ទ្រង់​ពី​ស្ថានសួគ៌​មកកាន់​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង និង​ព្រះទ័យ​របស់​ទ្រង់​ដើម្បី​បង្រៀន​អំពី​អ្វី​ដែល​មាន​តម្លៃ​បំផុត » ( « Behold! I Am a God of Miracles » ទំព័រ ១១១ ) ។

សូម​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ​ពី​ការ​ព្យាបាល​បុរស​ខ្វិន​ម្នាក់​របស់​ទ្រង់ ។ មនុស្ស​បួន​នាក់​បាន​នាំ​បុរស​នេះ​ទៅ​ផ្ទះ​មួយ​ដែល​ព្រះ​យេស៊ូវ​កំពុង​បង្រៀន ។ នៅពេល​ពួកគេ​បាន​ឃើញ​ថា​ផ្ទះ​មាន​មនុស្ស​ដ៏​ច្រើន ដែល​ពួកគេ​មិន​អាច​ចូល​បាន ពួកគេ​បាន​រុះ​ដំបូល​ផ្ទះ​ខ្លះ ហើយ​សម្រូត​បុរស​ពិការ​នោះ​ចុះ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ( សូមមើល ម៉ាកុស ២:១–៤ ) ។

រូបភាព
ព្រះយេស៊ូវ​ព្យាបាល​បុរស​ម្នាក់
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន ម៉ាកុស ២:៥–១២ និង​ពិចារណា​អ្វី​ដែល​អ្នក​រៀន​អំពី​ព្រះអង្គសង្រ្គោះ និង​ព្រះចេស្តា​នៃ​ការព្យាបាល​របស់​ទ្រង់​ចេញពី​បទពិសោធន៍​នេះ ។

សូម​កត់ចំណាំ​ថា អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ដោះស្រាយ​ទាំង​តម្រូវការ​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។ ទាក់ទង​នឹង​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការព្យាបាល​ទាំង​រូបកាយ និង​វិញ្ញាណ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​គឺ​មិនមែន​ដូចជា​នៅក្នុង​រឿង​ព្យាបាល​មនុស្សខ្វាក់ ការព្យាបាល​ជម្ងឺ ឬ​សូម្បីតែ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រស់ឡើង​វិញនោះ​ទេ ។ …

… អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជាងនេះ​ទៅទៀត​គឺជា​ការផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏​ធំ ដោយ​បុត្រា ឬ​បុត្រី​របស់ព្រះ ( សូមមើល ម៉ូសាយ ៥:២ ) ។ ការផ្លាស់ប្តូរ​ដួងចិត្ត រួមមាន​ទាំង​អាកប្បកិរិយា​ថ្មី អាទិភាព និង​បំណង​ប្រាថ្នា គឺ​កាន់តែ​ធំ និង​កាន់តែ​សំខាន់​ជាង​អព្ភូតហេតុ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​រាងកាយ ។ ( « Miracles » Ensign ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ១៧ )

រូបភាព
តំណាង​ឲ្យ​ការផ្លាស់ប្តូរ​នៅក្នុង​ដួងចិត្ត ។
រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

អាន ឬ​មើល​អព្ភូតហេតុ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​នេះ ដែល​ព្រះអង្គ​សង្គ្រោះ​បានធ្វើ​ក្នុង​អំឡុងពេល​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែងស្លាប់​របស់ទ្រង់ ឬ​ជ្រើសរើស​អព្ភូតហេតុ​មួយ​ផ្ទាល់ខ្លួន​របស់អ្នក​ដើម្បីអាន ឬ​មើល ។ នៅពេល​អ្នក​សិក្សា សូម​សញ្ជឹងគិត និង​កត់ត្រា​គំនិត​របស់អ្នក ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងក្រោម ៖

  1. តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គសង្គ្រោះ​ចេញពី​អព្ភូតហេតុ​នេះ ?

  2. តើ​អ្នក​អាច​ទាញ​អត្ថន័យ​អ្វីខ្លះ​ពី​អព្ភូតហេតុ​នេះ​សម្រាប់​ជីវិត​របស់អ្នក ?

អព្ភូតហេតុ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ផ្នែក​ទី ២

តើ​ជំនឿ​របស់​ខ្ញុំ និង​ព្រះទ័យ​របស់​ព្រះអម្ចាស់​មាន​ឥទ្ធិពល​លើ​អព្ភូតហេតុ​ដោយ​របៀបណា ?

នៅ​ពី​ដើមការងារបម្រើ​ក្នុង​ព្រះជន្ម​រមែងស្លាប់​របស់​ព្រះអង្គសង្រ្គោះ​ មាន​បុរស​ម្នាក់​ដែល​មាន​ជំងឺ​ឃ្លង់​បាន​មក​រក​ព្រះយេស៊ូវ​ដើម្បី​ទទួលការព្យាបាល ។ ដូច​ដែល​បានប្រើ​ក្នុង​ព្រះគម្ពីរ ជំងឺ​ឃ្លង់ អាច​សំដៅ​ទៅលើ​ជំងឺ​សើស្បែក​ជាច្រើន​ដែល​អាច​​វាយលុក​ទៅលើ​ស្បែក សរសៃ​ប្រសាទ ភ្នែក និង​ឆ្អឹង ។ បើ​គ្មាន​ការព្យាបាល​តាម​វេជ្ជសាស្រ្ដ​ទេ វា​អាច​នាំ​ឲ្យ​ខូច​សរសៃប្រសាទ ពិការភ្នែក ខូចទ្រង់ទ្រាយ និង​ការឈឺចាប់​ដល់​ស្លាប់ ។ នៅ​អំឡុង​សម័យ​របស់​ព្រះអង្គសង្រ្គោះ បុរស​ដែល​ទៅរក​ព្រះអង្គ​សង្រ្គោះ​អាច​ចាត់ទុក​ថា « ស្មោក‌គ្រោក » ហើយ​​រស់នៅ​ដាច់ដោយឡែកពីគ្រួសារ និង​សង្គម ( សូមមើល លីវីវិន័យ ១៣:៤៥–៤៦ ) ។

រូបភាព
ឲ្យ​ជា​ស្អាត​ចុះ ដោយ ឃីល វ៉ាំងសង់
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន ម៉ាកុស ១:៤០–៤២ ដោយ​រកមើល​របៀប​ដែល​បុរស​នេះ​បាន​បង្ហាញ​សេចក្តីជំនឿ​នៅលើ​ព្រះអម្ចាស់​នៅពេល​ស្វែងរក​អព្ភូតហេតុ ។

អែលឌើរ ហ៊ោរហេ អេហ្វ ស្សែបាលូស នៃ​ពួកចិតសិប​នាក់​បាន​សង្កេត​ឃើញ ៖

រូបភាព
អែលឌើរ ហ៊រហេ អេហ្វ ស្សែបាលូស

មនុស្ស​ឃ្លង់​មិន​ទាមទារ​អ្វីទេ ទោះបី​បំណងប្រាថ្នា​របស់គាត់​ហាក់​ជា​សុចរិត​ក្តី ក៏​គាត់​គ្រាន់​តែ​ស្ម័គ្រ​ចិត្ត​ទទួល​យក​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ ( « If You Will Be Responsible » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៥ )

នៅពេល​យើង​មានបំណង​ប្រាថ្នា​ទទួល​យក​ព្រះឫទ័យ​របស់​ព្រះអម្ចាស់​យ៉ាង​ពិតប្រាកដ យើង​ក៏​ត្រូវ​មាន​សេចក្តីជំនឿ​ថា មិន បាន​ជា​ដែរ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

សេចក្ដី​សុចរិត និង​សេចក្ដី​ជំនឿ​គឺពិតជា​ឧបករណ៍​នៅក្នុង​ការព្យាបាល​អ្នកឈឺ អ្នក​ថ្លង់ ឬ​អ្នក​ខ្វិន​មែន—បើ​សិន​ជា​ការព្យាបាល​នោះ សម្រេច​នូវ​គោលបំណង​របស់ព្រះ ហើយ​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។ ហេតុដូច្នោះហើយ ទោះបើ​ជា​យើង​មាន​ជំនឿ​រឹងមាំ ​…មិនមែន​មានន័យ​ថា​អ្នក​ដែល​ឈឺ​និង​ពិការ​ទាំង​អស់​នឹង​បាន​ជា​សះស្បើយ​នោះ​ទេ ។ ប្រសិនបើ​ជា​រាល់​ការ​ផ្ទុយ​ទាំងអស់​ត្រូវ​បាន​កាត់បន្ថយ ប្រសិន​បើ​ជា​រាល់ការ​ឈឺចាប់​ត្រូវ​បាន​ដកចេញ នោះ​គោលបំណង​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា​នឹង​ត្រូវ​បំផ្លាញ​ហើយ ។ ( ដេវីឌ អេ បែដណា « Accepting the Lord’s Will and Timing » Ensign ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៣៤ )

នៅពេល​អ្នក​សញ្ជឹងគិត​អំពី​អព្ភូតហេតុ​ដែល​អ្នក​អាច​មាន​បំណង​ចង់​បាន​សម្រាប់​ជីវិត​របស់​អ្នក សូម​ពិចារណា​ពី​ការប្រឹក្សា​ដូច​ខាងក្រោម​នេះ​ពី​អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រ៉ូណល អេ រ៉ាសបាន

អព្ភូតហេតុ​ទាំងឡាយ​អាច​កើត​មាន​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន ។ អព្ភូតហេតុ​មិន​តែងតែ​កើត​ឡើង​តាម​អ្វី​ដែល​យើង​សូម ឬ​តាម​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ ប៉ុន្តែ​ពេល​យើង​ដាក់​ទី​ទុក​ចិត្ត​នៅ​ក្នុង​ព្រះអម្ចាស់ ទ្រង់​នឹង​នៅ​ទីនោះ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ត្រូវ ។ ទ្រង់​នឹង​លៃលក​នូវ​អព្ភូតហេតុ​ដើម្បី​ឲ្យ​ត្រូវ​នឹង​អ្វី​ដែល​យើង​ត្រូវការ​នៅ​ពេល​នោះ ។ …

… មាន​ពេល​ច្រើន​ដែល​យើង​សង្ឃឹម​ថា​មាន​អព្ភូតហេតុ​មួយ ដើម្បី​ព្យាបាល​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ បង្វែរ​សកម្មភាព​អយុត្តិធម៌ចេញ ឬ​ដើម្បី​លួងលោម​ដួងចិត្ត​ដែល​ឈឺ​ចាប់ ឬ​ព្រលឹង​ដែល​ស្រងាក​ចិត្ត ។ ការមើល​ទៅ​បញ្ហា​ដោយ​ទស្សនវិស័យ​នៃ​ជីវិត​រមែង​ស្លាប់ នោះ​យើង​ចង់​ឲ្យ​ព្រះអម្ចាស់​ធ្វើ​អន្តរាគមន៍ ដើម្បី​ជួសជុល​នូវ​អ្វី​ដែល​បាន​បាក់បែក ។ តាម​រយៈ​សេចក្តី​ជំនឿ អព្ភូតហេតុ​នឹង​កើត​ឡើង បើ​ទោះ​ជា​វា​មិន​កើត​តាម​ពេល​វេលា​របស់​យើង ឬ​ជាមួយ​នឹង​ដំណោះស្រាយ​ដែល​យើង​ចង់​បាន​នោះ​ក៏​ដោយ ។ តើ​នោះ​មាន​ន័យ​ថា​យើង​ពុំ​មាន​សេចក្តី​ជំនឿ​គ្រប់គ្រាន់ ឬ​ពុំ​ទទួល​បាន​នូវ​អន្តរាគមន៍​របស់​ទ្រង់​មែន​ដែរ​ទេ ? អត់​ទេ ។ យើង​គឺ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ។ ( « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១១ )

រូបភាព
ស្រ្តីម្នាក់​អធិស្ឋាន​ជាមួយ​ម្នាក់​ទៀត
រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ខ្ញុំ​អាច​អភិវឌ្ឍន៍​សេចក្តីជំនឿ​ដើម្បី​ទុកចិត្ត​លើ​ព្រះ​ហឫទ័យ និង​ពេលវេលា​របស់​ព្រះអម្ចាស់ នៅពេល​ស្វែងរក​អព្ភូតហេតុ​មួយ​ដោយ​របៀប​ណា ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ស្គាល់​អព្ភូតហេតុ​របស់​ព្រះអម្ចាស់​ឲ្យ​កាន់តែ​បាន​ល្អ​ប្រសើរ​ដោយ​របៀបណា ?

ប្រធាន អូក បាន​សង្កេត​ឃើញ​ថា « អព្ភូតហេតុ​ជាច្រើន​កើតឡើង​រាល់ថ្ងៃ​នៅក្នុង​កិច្ចការ​សាសនាចក្រ​របស់​យើង និង​នៅក្នុង​ជីវិត​របស់​សមាជិក​យើង » ( « Miracles » Ensign ខែ មិថុនា ឆ្នាំ ២០២១ ទំព័រ ១៧ ) ។ ពេល​ខ្លះ យើង​អាច​មើលឃើញ​អព្ភូតហេតុ​ជាច្រើន​នៅក្នុង​ជីវិត​នៃ​មនុស្ស​ដទៃ ប៉ុន្តែ​អាច​មើល​មិនឃើញ​នៅក្នុង​ជីវិត​របស់​យើង​ទេ ។

អែលឌើរ រ៉ាសបាន បាន​បង្រៀន​ស្រដៀងគ្នា​នេះ ៖

រូបភាព
អែលឌើរ រ៉ូណល អេ រ៉ាសបាន

បងប្អូន​ជាច្រើន​នាក់​បាន​ធ្វើ​ជា​សាក្សី​នៃ​អព្ភូតហេតុ ច្រើន​ជាង​អ្វី​ដែល​បងប្អូន​ដឹង​ទៅ​ទៀត ។ អព្ភូតហេតុ​ទាំង​នោះ​អាច​មើល​ទៅ​តូចតាច បើ​សិន​ជា​ប្រៀបធៀប​ទៅ​ព្រះយេស៊ូវ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ ។ ប៉ុន្តែ​ភាពអស្ចារ្យ​មិន​មែន​ជា​ធាតុ​ផ្សំ​នៃ​អព្ភូតហេតុ​នោះ​ទេ លើកលែង​តែ​វា​មក​ពី​ព្រះ ប៉ុណ្ណោះ ។ ( « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១០ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ចំណាយពេល​ពីរបីនាទី​ដើម្បី​កត់ត្រា​អព្ភូតហេតុ​ជាច្រើន​ដែល​អ្នក​បាន​ធ្វើ​ជា​សាក្សី ឬ​កំពុងតែ​ដកពិសោធន៍​ឥឡូវ​នេះ ។ សូម​ពិចារណា​ចាប់ផ្តើម​ដោយ​ការអធិស្ឋាន ហើយ​ទូលសួរ​ព្រះអម្ចាស់​ដើម្បី​បាន​កែវភ្នែក​ដែល​មើលឃើញ​ពី​អព្ភូតហេតុ​ទាំងនេះ​ដែល​បាន​កើតឡើង ។