« មេរៀនទី ៩ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការមានអំណរនៅក្នុងការប្រសូតដ៏ទេវភាពនៃព្រះយេស៊ូវគ្រីស្ទ » ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ៩ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ៩ ឯកសាររៀបចំសម្រាប់ថ្នាក់
ការមានអំណរនៅក្នុងការប្រសូតដ៏ទេវភាពនៃព្រះយេស៊ូវគ្រីស្ទ
ការប្រសូតដោយអព្ភូតហេតុរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ។ សារទូតសួគ៌ាបានច្រៀងសរសើរដល់ព្រះ ( សូមមើល លូកា ២:១១–១៤ ) ពួកអ្នកគង្វាលចៀមដ៏រាបសារបានថ្វាយបង្គំព្រះយេស៊ូវដែលផ្តេកក្នុងស្នូក ( សូមមើល លូកា ២:១៥–១៦ ) ហើយពួកអ្នកប្រាជ្ញបានមកថ្វាយបង្គំដោយមានជាអំណោយ ( សូមមើល ម៉ាថាយ ២:១១ ) ។ មេរៀននៅក្នុងផ្នែកទី ៣ នេះនឹងផ្តល់ឱកាសឲ្យអ្នកយល់ដឹងកាន់តែជ្រៅជ្រះពីការងារមប្រើនៃព្រះជន្មរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ ។ ការប្រសូតរបស់ទ្រង់ និងព្រះជន្មរបស់ទ្រង់ពិតជាបានបំផុសគំនិតនូវ « សេចក្ដីអំណរយ៉ាងអស្ចារ្យ … សម្រាប់បណ្តាជនទាំងអស់គ្នា » ( លូកា ២:១០ ) ។ សូមពិចារណាមើលវីដេអូ « The Nativity » ( ២:៥៩ ) ដើម្បីជួយជំរុញអារម្មណ៍របស់អ្នកសម្រាប់ការសិក្សារបស់អ្នក ។
ផ្នែកទី ១
តើការយល់ដឹងពីពូជពង្សរបស់ព្រះយេស៊ូវគ្រីស្ទអាចបង្កើនទំនុកចិត្តរបស់ខ្ញុំលើព្រះចេស្ដារបស់ទ្រង់ដើម្បីសង្គ្រោះខ្ញុំដោយរបៀបណា ?
ដូចជាលក្ខណៈពិសេសដែលអ្នកទទួលបានហ្សែនពីឪពុកម្តាយរបស់អ្នក នោះព្រះយេស៊ូវគ្រីស្ទក៏មានលក្ខណៈពិសេសចំពោះអ្វីដែលទ្រង់បានទទួលពីព្រះមាតាបិតារបស់ទ្រង់ដែរ ។ នៅក្នុងព្រះគម្ពីរមរមន អាលម៉ាបានព្យាករណ៍ថា ព្រះអង្គសង្រ្គោះនឹង « ប្រសូតមកពីនាងម៉ារា … នាងជាស្ត្រីព្រហ្មចារី គឺជាប្រដាប់ដ៏ជម្រើស … ហើយ [ នាង ] នឹងប្រសូតបានបុត្រមួយ មែនហើយ គឺជាព្រះរាជបុត្រានៃព្រះ » ( អាលម៉ា ៧:១០ ) ។ សូមគិតអំពីរបៀបដែលបុព្វបុរសរបស់ព្រះអង្គសង្រ្គោះទាក់ទងនឹងសមត្ថភាពរបស់ទ្រង់ដើម្បីធ្វើដង្វាយធួនសម្រាប់មនុស្សទាំងអស់ ។
យើងចាប់ផ្តើមមើលឃើញទំនាក់ទំនងនេះរវាងពូជពង្សរបស់ព្រះអង្គសង្គ្រោះ និងព្រះចេស្ដារបស់ទ្រង់ក្នុងការសង្គ្រោះ នៅពេលទេវតាកាព្រីយ៉ែលបានបង្ហាញកាយដល់មារ៉ា ហើយបានប្រាប់នាងថានាងនឹងប្រសូតបានបុត្រាមួយអង្គដែលនឹងត្រូវដាក់ព្រះនាមថា យេស៊ូវ ( សូមមើល លូកា ១:២៦–៣១ ) ។
នៅពេលទេវតាបានប្រកាសអំពីកំណើតរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់ពួកអ្នកគង្វាលដែលនៅជិតនោះ លោកបានហៅព្រះឱរស្ធនោះថាជា « ព្រះអង្គសង្គ្រោះមួយអង្គគឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ( លូកា ២:១១ សូមមើលផងដែរ លូកា ២:៩–១០ ) ។ ព្រះសមត្ថភាពរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើជាព្រះអង្គសង្គ្រោះរបស់យើង គឺមានគ្រប់គ្រាន់ ពីព្រោះទ្រង់បានប្រសូតពីព្រះវរបិតាដែលមានព្រះជន្មអមតៈ ( ព្រះវរបិតាសួគ៌ ) និងមាតាដែលមានជីវិតរមែងស្លាប់ ( មារ៉ា ) ។ ដោយសារមាតាដែលមានជីវិតរមែងស្លាប់នេះ នោះព្រះយេស៊ូវអាចដកពិសោធន៍ទាំងស្រុងនូវការឈឺចាប់ ទុក្ខព្រួយ និងការល្បួងនានានៃមតភាព ( សូមមើល ហេព្រើរ ៤:១៥ ) ។ បទពិសោធន៍ខាងជីវិតរមែងស្លាប់ទាំងនេះបានអនុញ្ញាតឲ្យព្រះអង្គសង្រ្គោះ « ដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១២ ) ។ ដោយសារព្រះវរបិតាដែលមានព្រះជន្មអមតៈរបស់ទ្រង់ នោះព្រះយេស៊ូវអាចទ្រាំទ្ររាល់ឧបសគ្គនៃជីវិតរមែងស្លាប់ ។
ដោយសារម្តាយដែលមានជីវិតរមែងស្លាប់របស់ទ្រង់ នោះព្រះយេស៊ូវអាចសុគត ។ ដោយសារព្រះវរបិតាដែលមានព្រះជន្មអមតៈរបស់ទ្រង់ នោះទ្រង់អាចឈ្នះលើសេចក្តីស្លាប់ ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន យ៉ូហាន ១០:១៧–១៨ និងពិចារណាអំពីរបៀបដែលពូជពង្សដ៏ពិសេសរបស់ព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យដង្វាយធួនរបស់ទ្រង់អាចកើតឡើងបាន ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា
រូបភាពប្រធាន រ័សុល អិម ណិលសុនបេសកកម្ម [ របស់ព្រះយេស៊ូវគ្រីស្ទ ] គឺជាដង្វាយធួន ។ បេសកកម្មនោះគឺជាបេសកកម្មដ៏ពិសេសរបស់ទ្រង់ ។ ប្រសូតពីម្តាយដែលមានជីវិតរមែងស្លាប់ និងបិតាដែលអមតៈ ទ្រង់ជាអង្គតែមួយអង្គគត់ដែលស្ម័គ្រព្រះទ័យលះបង់ព្រះជន្មរបស់ទ្រង់ ហើយមានព្រះជន្មរស់ឡើងវិញម្តងទៀត ( សូមមើល យ៉ូហាន ១០:១៤–១៨ ) ។ ផលដ៏រុងរឿងនៃដង្វាយធួនរបស់ទ្រង់គឺនិរន្តរ៍ និងអស់កល្ប ។ ទ្រង់បានយកទ្រនិចនៃសេចក្តីស្លាប់ និងបានធ្វើឲ្យទុក្ខសោកនៃសេចក្តីស្លាប់គ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ។ ( « The Mission and Ministry of Jesus Christ » Ensign ខែ មេសា ឆ្នាំ ២០១៣ ទំព័រ ៣៤ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់
តើនិស្ស័យទាំងពីរនៃព្រះយេស៊ូវគ្រីស្ទបង្រៀនអ្នកអ្វីខ្លះអំពីសមត្ថភាពរបស់ទ្រង់ក្នុងការប្រដូចនឹងអ្នកក្នុងជីវិតរមែងស្លាប់ នេះនិងជួយសង្គ្រោះអ្នកក្នុងភាពអស់កល្បជានិច្ចដូចម្តេច ?
ផ្នែកទី ២
តើកំណើត និងព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទជាការបង្ហាញនូវសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំយ៉ាងដូចម្តេច ?
សូមគិតមួយនាទីថាតើវាពិតជាអស្ចារ្យយ៉ាងណាដែលព្រះយេហូវ៉ាដ៏ឧត្តុង្គឧត្តម ដែលបានបង្កើតផែនដីនឹងយាងមកផែនដីនេះជាទម្រង់ទារកដែលគ្មានទីពឹង ។ នៅក្នុងទស្សននិមិត្តមួយ នីហ្វៃបានឃើញទង្វើនេះជាការបង្ហាញនូវសេចក្តីស្រឡាញ់ ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន នីហ្វៃទី ១ ១១:១៣–២២ ហើយពិចារណាពីអ្វីដែលកំណើតរបស់ព្រះអង្គសង្រ្គោះអាចបង្រៀនអ្នកអំពីសេចក្តីស្រឡាញ់របស់ទ្រង់ និងព្រះវរបិតាទ្រង់ចំពោះអ្នក ។ ( កំណត់ចំណាំ ៖ ពាក្យថា ការយាងចុះមក មានន័យថា ការស្ម័គ្រចិត្តយាងចុះមកពីតំណែងខ្ពស់មកស្ថានភាព ឬលក្ខខណ្ឌទាប ។ សូមពិចារណាពីរបៀបដែលការយាងចុះមកបានពិពណ៌នានៅក្នុងខគម្ពីរនេះអាចអនុវត្តចំពោះទាំងព្រះវរបិតា និងព្រះរាជបុត្រា ) ។
និយាយពីការយាងចុះមកនៃព្រះយេស៊ូវគ្រីស្ទ ប្រធាន ថាត អរ ខាលីស្ទើរ អតីតប្រធានសាលាថ្ងៃអាទិត្យទូទៅបានបង្រៀន ៖
រូបភាពប្រធាន ថាត អរ ខាលីស្ទើរព្រះដែលជាព្រះរាជបុត្រាបានប្តូរដំណាក់សួគ៌ារបស់ទ្រង់ ព្រមទាំងគ្រឿងលម្អសេឡេស្ទាលទាំងអស់ ជាមួយនឹងលំនៅនៅក្នុងជីវិតរមែងស្លាប់ដោយទទួលយកបទពិសោធន៍នៃជីវិតរមែងស្លាប់ទាំងអស់ ។ … ទ្រង់បានបោះបង់ចោលព្រះចេស្តាជាព្រះរបស់ទ្រង់ដើម្បីធ្វើជាទារកដែលពឹងអាស្រ័យលើអ្នកដទៃទៅវិញ ។ … វាគឺជាការដោះដូរដែលមិនអាចប្រៀបផ្ទឹមបាន ។ … ព្រះយេហូវ៉ាដ៏អស្ចារ្យ ដែលជាអង្គបង្កើតពិភពលោកដ៏ច្រើនឥតគណនា ដែលមានគុណធម៌ និងអានុភាពដ៏និរន្តរ៍ បានយាងចូលមកពិភពលោកនេះដោយរុំនឹងសំពត់ ហើយផ្តេកក្នុងស្នូក ។ ( The Infinite Atonement [ ឆ្នាំ ២០០០ ] ទំព័រ ៦៤ )
នីហ្វៃបានរៀនបន្ថែមទៀតនៅក្នុងទស្សននិមិត្ត អំពីការយាងចុះមករបស់ព្រះគ្រីស្ទ នៅពេលលោកបានឃើញព្រះអង្គសង្រ្គោះធ្វើការងារបម្រើដល់ប្រជាជន និងព្យាបាលដល់អ្នកដែលរងទុក្ខ ( សូមមើល នីហ្វៃទី ១ ១១:២៦–៣១ ) ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន នីហ្វៃទី១ ១១:៣២–៣៣ ហើយពិចារណាពីរបៀបដែលថាតើការយាងចុះមករបស់ព្រះសង្រ្គោះទន់ទាបយ៉ាងណាស់ចំពោះអ្នក ( សូមមើល នីហ្វៃទី ២ ២៦:២៤ ) ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិននៅពេលយើងនិយាយអំពីកំណើតរបស់ព្រះយេស៊ូវគ្រីស្ទ យើងប្រហែលជាគិតអំពីអ្វីដែលបានកើតឡើងបន្ទាប់ទៀត ។ កំណើតរបស់ទ្រង់អស្ចារ្យបំផុត ដោយសារអ្វីដែលទ្រង់បានជួប និងរងទុក្ខដើម្បីទ្រង់អាចជួយយើងបានកាន់តែប្រសើរ—អ្វីៗទាំងអស់ត្រូវបានបញ្ចប់នៅក្នុងការឆ្កាង និង ការរស់ឡើងវិញរបស់ទ្រង់ ( សូមមើល អាលម៉ា ៧:១១–១២ ) ។ ប៉ុន្តែបេសកកម្មរបស់ទ្រង់ក៏រួមមាននូវការបម្រើ អព្ភូតហេតុនៃកិច្ចការបម្រើរបស់ទ្រង់ អារម្មណ៍ធូរស្បើយដែលទ្រង់បាននាំមកដល់អ្នករងទុក្ខ និងអំណរដែលទ្រង់បានប្រទានឲ្យ—និងនៅតែប្រទានឲ្យ—ដល់អស់អ្នកដែលទួញយំ ។ ( « Be at Peace » Liahona ខែ ធ្នូ ឆ្នាំ ២០១៥ ទំព័រ ៣០ )
សូមពិចារណាអំពីគំរូដ៏អស្ចារ្យដែលការយាងចុះមករបស់ព្រះអង្គសង្គ្រោះផ្តល់សម្រាប់យើង ។ ប៊ីស្សព រីឆាឌ ស៊ី អែជ្ជលី ដែលបានបម្រើជាគណៈប៊ីស្សពជាអធិបតី បានពន្យល់ ៖
រូបភាពប៊ីស្សពរីឆាឌ ស៊ី អែជ្ជលីតើការណ៍នេះមានន័យយ៉ាងណាចំពោះយើង ? ការយល់ដឹងរបស់យើងអំពីការយាងចុះមករបស់ព្រះគ្រីស្ទគួរតែនាំយើងឲ្យមានអារម្មណ៍ហួសពីស្ញប់ស្ញែង និងអំណរគុណដ៏ជ្រាលជ្រៅរបស់យើង ។ ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ការត្រូវបានហៅឲ្យតំណាងទ្រង់ ហើយថ្លែងទីបន្ទាល់អំពីទ្រង់ នោះឱកាសដ៏អស្ចារ្យរបស់យើងគឺដើម្បីព្យាយាមធ្វើតាមទ្រង់ ។ …
ដូចជាព្រះអង្គសង្រ្គោះដែរ សេចក្តីដ៏ល្អអស្ចារ្យរបស់យើងអាចនាំមកតាមរយៈការងារបម្រើ សូម្បីតែ « អ្នកតូចបំផុតក្នុងពួកបងប្អូនយើង » [ ម៉ាថាយ ២៥:៤០ ] ។ យើងត្រូវតែចងចាំថា នៅក្នុងស្ថានភាពជីវិត ឬការហៅជាក់លាក់ណាមួយ មនុស្សគ្រប់រូបគឺជាបុត្រដ៏ជាទីស្រឡាញ់របស់ព្រះ ហើយកិច្ចការរបស់យើងគឺដើម្បីបម្រើដល់អ្នកដែលមានចិត្តរាបទាបបំផុត ហើយបម្រើពួកគេដូចជាលោកចៅហ្វាយនឹងបម្រើពួកគេដែរ ។ ( « The Condescension of God » Ensign ខែ ធ្នូ ឆ្នាំ ២០០១ ទំព័រ ២០, ២១ )
កត់ត្រាគំនិតរបស់អ្នក
សូមចំណាយពេលខ្លះៗដើម្បីអាន ឬស្តាប់ទំនុកច្រៀងនៃទំនុកតម្កើងមួយ ឬច្រើនដែលមានដូចខាងក្រោម ។ រួចហើយសូមកត់ត្រាគំនិត និងអារម្មណ៍ដែលអ្នកមាន ។ សូមពិចារណាថាព្រះអង្គសង្រ្គោះបាន « យាងចុះក្រោមគ្រប់ទាំងអស់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦ ) ដើម្បីទ្រង់អាចសង្រ្គោះយើង ។ សូមពិចារណាផងដែរពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ទ្រង់ក្នុងការបម្រើរបស់អ្នកដល់មនុស្សដទៃ ។
-
« ឱព្រះជាព្រះវរបិតា » ( ទំនុកតម្កើង ល.រ. ១០៤ )
-
« Tis Sweet to Sing the Matchless Love » ( ទំនុកតម្កើង ល.រ. ១៧៧ )
-
« ព្រះយេស៊ូវណាសារ៉ែតជាម្ចាស់ និងស្តេច » ( ទំនុកតម្កើង ល.រ. ១០៦ )
-
« ព្រះស្នេហ៍យើងទើបចាត់បុត្រាទ្រង់ » ( ទំនុកតម្កើង ល.រ. ១១១ )
-
« Thy Will, O Lord, Be Done » ( ទំនុកតម្កើង ល.រ. ១៨៨ )
-
« ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង ល.រ ១១៥ )