បណ្ណាល័យ
សេចក្ដីណែនាំ​ស្ដីពី​សំបុត្រ​ទី​មួយ​របស់​ប៉ុល​ដល់ពួក​ធីម៉ូថេ


សេចក្ដីណែនាំ​ស្ដីពី​សំបុត្រ​ទី​មួយ​របស់​ប៉ុល​ដល់ពួក​ធីម៉ូថេ

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

នៅ​ក្នុង​គម្ពីរ​ធីម៉ូថេ​ទី ១ យើង​អាន​ថា ប៉ុល​បាន​ទូន្មាន​ដល់​ធីម៉ូថេ ជា​ថ្នាក់​ដឹកនាំ​សាសនា​ចក្រ​​ម្នាក់​នៅ​អេភេសូរ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គោលលទ្ធិ​ត្រឹមត្រូវ​ត្រូវ​បាន​បង្រៀន ហើយ​មិន​អនុញ្ញាត​ឲ្យ​ភាព​ខុស​ឆ្គង​​ដែល​ពេញ​និយម​មក​អូស​ទាញ​យើង​ឲ្យ​ឃ្លាត​ចេញ​ពី​ការ​បង្រៀន​នៃ​ដំណឹងល្អ​នោះ​ទេ ។ លោក​បាន​បង្រៀន​ធីម៉ូថេ​អំពី​តំណែង​ជា​ប៊ីស្សព និង​ឌីកុន ហើយ​បាន​ពិភាក្សា​ពី​គុណ​សម្បត្តិ​សម្រាប់​អស់​អ្នក​ដែល​បាន​បម្រើ​នៅ​ក្នុង​តួនាទី​ទាំងនេះ ។ ប៉ុល​ក៏​បាន​រ៉ាយរ៉ាប់​ពី​ការ​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ​របស់​លោក​ចំពោះ​សេចក្ដី​មេត្តាករុណា​ ដែល​លោក​បាន​ទទួល​ពី​ព្រះយេស៊ូវ​គ្រីស្ទ កាល​លោក​បាន​ប្រែ​ចិត្ត​ជឿ​ផង​ដែរ ។ ការ​សិក្សា​ធីម៉ូថេ​ទី ១ អាច​ជួយ​សិស្ស​បង្កើន​ការ​យល់ដឹង​របស់​ពួកគេ​អំពី​សារៈសំខាន់​នៃ​ការ​បង្រៀន​គោលលទ្ធិ​ត្រឹមត្រូវ​នៅ​ក្នុង​សាសនាចក្រ ។ សិស្ស​ក៏​អាច​មាន​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​​សង្គ្រោះ និង​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ប៊ីស្សព និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​ផង​ដែរ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

ប៉ុល​សរសេរ​ធីម៉ូថេ​ទី ១ ( សូមមើល ធីម៉ូថេទី ១ ១:១ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

សំបុត្រ​ទី​មួយ​របស់​ប៉ុល​ដល់​ធីម៉ូថេ​ទំនង​ជា​ត្រូវ​បាន​សរសេរ​ឡើង​ប្រមាណ​ជា​ចន្លោះពេល គ.ស. ៦៤ និង ៦៥ ប្រហែល​ជា​កាល​ដែល​ប៉ុល​នៅ​ម៉ាសេដូនី ( សូម​មើល​សេចក្ដី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org, ធីម៉ូថេទី ១ ១:៣ ) ។ ពីមុន​សរសេរ​សំបុត្រ​នេះ ប៉ុល​ត្រូវ​បាន​ដោះ​លែង​ពី​ការ​ជាប់​ឃុំ​រយៈពេល​ពីរ​ឆ្នាំ​របស់​លោក ( ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ ) នៅ​រ៉ូម ហើយ​ទំនង​ជា​ធ្វើ​ដំណើរ​ទៅ​តំបន់​ជា​ច្រើន ​ដែលលោក​​បាន​ស្ថាបនា​សាខា​​របស់​សាសនាចក្រ​កាល​ពីមុន ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល» ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ទៅកាន់​​នរណា ហើយ​តើ​ហេតុអ្វី ?

ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ដល់​ធីម៉ូថេ​ ដែល​ធ្លាប់​បម្រើ​ជាមួយ​នឹង​លោក​នៅ​ក្នុង​ដំណើរ​ផ្សាយ​សាសនា​លើក​ទី​ពីរ​របស់​លោក ( សូម​មើល កិច្ចការ ១៦:៣ ) ។ បន្ទាប់​ពី​បេសកកម្ម​របស់​ពួក​លោក ធីម៉ូថេ​បាន​បន្ត​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ម្នាក់​ដ៏ស្មោះ​ត្រង់​មួយ​រូប ( សូម​មើល កិច្ចការ ១៩:២២​, ភីលីព ២:១៩ ) និង​ជា​មនុស្ស​ម្នាក់​ដែល​ប៉ុល​ទុកចិត្ត​បំផុត ( សូម​មើល កូរិនថូសទី១ ៤:១៧ ) ។ ប៉ុល​បាន​ហៅ​ធីម៉ូថេ​ថា « ជា​កូន​ពិត​ក្នុង​សេចក្តី​ជំនឿ »​ របស់​លោក ( ​ធីម៉ូថេទី ១ ១:២ ) ។ ឪពុក​របស់​ធីម៉ូថេ​គឺជា​សាសន៍​ដទៃ​ម្នាក់​ ដែល​ជា​ជនជាតិ​ក្រិក ប៉ុន្តែ​គាត់​មាន​ម្ដាយ និង​ជីដូន​ដ៏​ស្មោះត្រង់​ដែល​ជា​សាសន៍​យូដា ដែល​បាន​បង្រៀន​គាត់ ហើយ​បាន​ជួយ​គាត់​ឲ្យ​រៀន​ពី​បទគម្ពីរ ( សូម​មើល កិច្ចការ ១៦:១, ធីម៉ូថេទី ២ ១:៥, ៣:១៥ ) ។

នៅ​គ្រា​ដែល​លោក​សរសេរ​សំបុត្រ​នេះ ធីម៉ូថេ​កំពុង​បម្រើ​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ម្នាក់​នៅ​អេភេសូរ ( សូម​មើល ធីម៉ូថេទី១ ១:៣ ) ។ ប៉ុល​បាន​ឲ្យ​តម្រុយ​ថា មាន​សមាជិក​មួយ​ចំនួន​បាន​សង្ស័យ​ពី​សមត្ថភាព​ដឹកនាំ​របស់​ធីម៉ូថេ ដោយសារ​គាត់​នៅ​ក្មេង ( សូម​មើល ធីម៉ូថេទី ១ ៤:១២ ) ។ ប៉ុល​បាន​មាន​បំណង​ចង់​ទៅ​លេង​ធីម៉ូថេ​ដោយ​ផ្ទាល់ ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា ​លោក​នឹង​អាច​ធ្វើ​វា​បាន​ដែរ​ឬ​អត់​នោះ​ទេ ( សូម​មើល ធីម៉ូថេទី ១ ៣:១៤​, ៤:១៣ ) ។ ប៉ុល​បាន​សរសេរ​សំបុត្រទៅ​ធីម៉ូថេ ​ដើម្បី​ជួយឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​វ័យ​ក្មេង​រូប​នេះ​​យល់​ពី​កាតព្វកិច្ចការ​របស់​ខ្លួន​កាន់​តែ​ប្រសើរ ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

សំបុត្រ​របស់​ប៉ុល​ដែល​គេ​ស្គាល់​ថា​ជា​ធីម៉ូថេ​ទី១ ធីម៉ូថេទី២ និង​ទីតុស ជា​រឿយៗ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​សំបុត្រ​គ្រូ​គង្វាល ដោយសារ​វា​មាន​នូវ​ពាក្យ​ទូន្មាន​របស់​ប៉ុល​ទៅ​កាន់​ពួក​គ្រូ​គង្វាល ឬ​ថ្នាក់​ដឹកនាំ​ទាំងឡាយ​​ក្នុង​សាសនាចក្រ ( សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់់ប៉ុល » ) ។ គ្រូ​គង្វាល ជា​ពាក្យចេញ​ពី ពាក្យ​ឡាតាំង​ថា « អ្នក​គង្វាល​ចៀម » ។

ប៉ុល​បាន​ប្រាប់​ពី​សេចក្ដីណែនាំ​ ដើម្បី​ជួយ​ធីម៉ូថេ​ឲ្យ​រក​ឃើញ​បុគ្គល​សក្ដិសម​ដើម្បី​បម្រើ​ជា​ប៊ីស្សព ឬ​ឌីកុន ( សូម​មើល ធីម៉ូថេទី១ ៣ ) ។ សេចក្ដី​ណែនាំ​របស់​ប៉ុល​បាន​ជួយ​បង្ហាញ​​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​សាសនា​ចក្រ​ដើម្បី​ផ្គត់ផ្គង់​ដល់​សេចក្ដី​ត្រូវការ​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​របស់​សមាជិក ( សូម​មើល ធីម៉ូថេទី១ ៥ ) ។ ប៉ុល​បាន​លើក​ឡើង​ពី​គំនិត​ខុស​ឆ្គង​រួម​នៃ​ការ​អនុវត្ត​នេះ​ផង​ដែរ—ជា​ជំនឿ​ជឿ​​ថា​ជីវភាព​ខាង​ផ្លូវ​វិញ្ញាណ​ដ៏​ធំ​អាច​ទទួល​បាន​តាមរយៈ​ការ​ដក​ពិសោធន៍​ដោយ​ខ្លួន​ឯង​យ៉ាង​តឹង​រឹង ។ ឧទាហរណ៍ ប៉ុល​បាន​ព្រមាន​ថា សមាជិក​សាសនាចក្រ​មួយ​ចំនួន​នឹង​ក្បត់​សាសនា ហើយ​លើក​កម្ពស់​ជំនឿ​ថា ​អាពាហ៍​ពិពាហ៍​គួរ​តែ​ត្រូវ​បាន​ហាម​ឃាត់ ( សូម​មើល ធីម៉ូថេទី ១ ៤:១–៣ ) ។ ដើម្បីតទល់នឹងរឿង​នេះ និង​ឥទ្ធិពល​ក្រៅ​សាសនា​ផ្សេង​ទៀត ប៉ុល​បាន​ណែនាំ​ដល់​ធីម៉ូថេ​ឲ្យ​បង្រៀន​អំពី​គោលលទ្ធិ​ត្រឹមត្រូវ ( សូម​មើល ធីម៉ូថេទី១ ១:៣–៤, ១០, ៤:១–៦, ១៣, ១៦ ) ។

គម្រោង

ធីម៉ូថេទី១ ១ ប៉ុល​ព្រមាន​ទាស់​នឹង​ការ​បង្រៀន​ខុស​ឆ្គង​នានា ។ លោក​រុង​រឿង​នៅ​ក្នុង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​អង្គ​ដែល​បង្ហាញ​ប្រទាន​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំ​ដើម្បី​សង្គ្រោះ​លោក ។ ប៉ុល​ហៅ​ខ្លួន​លោក​ថា​ជា​អ្នក​ធ្វើ​បាប « លេខ ១ » ឬ​អាក្រក់​បំផុត ( ​ធីម៉ូថេទី១ ១:១៥ ) ឬ​ដោយ​និយាយ​បញ្ឆៀង​ពី​ការ​បដិសេធ​របស់​លោក​ទៅ​លើ​ពួក​គ្រីស្ទាន ​ពី​មុន​លោក​បាន​ប្រែចិត្ត​ជឿ ។ ប៉ុល​បាន​អះអាង​ជា​ថ្មី​ដល់​មនុស្ស​ដទៃ​ថា សេចក្ដី​មេត្តា​ករុណា​របស់​ព្រះគ្រីស្ទ​ក៏​នឹង​ជួយ​ដល់​ពួកគេ​ផង​ដែរ ។

ធីម៉ូថេទី១ ២–៣ ប៉ុល​បង្រៀន​អំពី​សេចក្ដី​ត្រូវការ​ចំពោះ​ការ​អធិស្ឋាន និង​ការ​ថ្វាយ​បង្គំ​ត្រឹមត្រូវ ។ លោក​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ហើយ​ជា​អង្គ​បង្រួប​បង្រួម​ជាមួយ​នឹង​ព្រះវរបិតា ។ លោក​ណែនាំ​ដល់​បុរស​ស្ត្រី​ពី​របៀប​រៀបចំ​ឥរិយាបថ​នៅ​ក្នុង​ពេល​ថ្វាយ​បង្គំ ។ លោក​គូស​បញ្ជាក់​ពី​គុណសម្បត្តិ​សម្រាប់​ប៊ីស្សព និង​ឌីកុន ។ លោក​ពន្យល់​ថា អាថ៌កំបាំង​នៃ​ព្រះ​គឺជា​ការ​បន្ទាប​ខ្លួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រះជន្ម​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់​នៅ​លើ​ផែនដី និង​ការ​យាង​ឡើង​ទៅ​រក​សិរីល្អ​របស់​ទ្រង់ ។

ធីម៉ូថេទី១ ៤ ប៉ុល​ព្រមាន​ធីម៉ូថេ​ថា មនុស្ស​មួយ​ចំនួន​នឹង​ត្រូវ​បាន​បោក​បញ្ឆោត​ ដោយ​ការ​បង្រៀន​ខុស​ឆ្គង​ទាក់ទង​នឹង​អាពាហ៍​ពិពាហ៍ និង​ទម្លាប់​នៃ ការ​បរិភោគ​​អាហារ​តំណម ។ លោក​ថ្លែង​ពី​សារៈសំខាន់​នៃ​អាពាហ៍​ពិពាហ៍ និង​ពី​ការ​ទទួល​យក​ការ​បង្ក​បង្កើត​របស់​ព្រះ​ដោយ​អំណរគុណ ។ ប៉ុល​បង្រៀន​ធីម៉ូថេ​ពី​របៀប​ប្រឈម​មុខ​នឹង​ការ​បង្រៀន​ខុស​ឆ្គង​នៅ​ជំនាន់​គាត់ និង​ជំនាន់​ក្រោយៗ​ទៀត ។

ធីម៉ូថេទី១ ៥–៦ ប៉ុល​ផ្ដល់​ការ​ណែនាំ​ដល់​ធីម៉ូថេ​ដើម្បី​ជួយ​គាត់​ឲ្យ​​ធ្វើ​ការ​ងារ​បម្រើស្រប​តាម​​សេចក្ដី​ត្រូវការ​របស់​ជន​ចាស់​ជរា យុវជន ស្ត្រី​មេម៉ាយ ពួក​ចាស់​ទុំ និង​ពួក​បាវ​បម្រើ ។ ប៉ុល​ពិពណ៌នា​ប្រាប់​ធីម៉ូថេ​ពី​គ្រូ​បង្រៀន​ក្លែងក្លាយ​ទាំង​ឡាយ ។ លោក​ព្រមាន​ថា « ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង » ( ធីម៉ូថេទី១ ៦:១០ ) ហើយ​លោក​ណែនាំ​ធីម៉ូថេ​ពី​របៀប​ដែល​ពួក​បរិសុទ្ធ​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។