មេរៀនទី ៨៨
កិច្ចការ ៩
សេចក្ដីផ្ដើម
ព្រះយេស៊ូវបានបង្ហាញព្រះកាយដល់សុល នៅពេលលោកធ្វើដំណើរទៅស្រុកដាម៉ាស បន្ទាប់មកសុលបានងងឹតភ្នែក ។ ក្រោយមក អាន៉្នានាសបានព្យាបាលគាត់ សុលបានជ្រមុជទឹក ហើយបានចាប់ផ្តើមផ្សាយនៅក្នុងស្រុកដាម៉ាស ។ បីឆ្នាំក្រោយមក សុលបានធ្វើដំណើរទៅក្រុងយេរូសាឡិម ប៉ុន្តែកាលមានគេគំរាមកំហែងដល់ជីវិតរបស់លោក នោះពួកសាវកបានបញ្ជូនលោកទៅស្រុកតើសុសវិញ ។ ពេត្រុសបានធ្វើអព្ភូតហេតុនៅក្នុងភូមិលីដា និង ក្រុងយ៉ុបប៉េ ។
យោបល់សម្រាប់ការបង្រៀន
កិច្ចការ ៩:១-៩
ព្រះយេស៊ូវបានបង្ហាញព្រះកាយទ្រង់ដល់សុលនៅតាមផ្លូវទៅស្រុកដាម៉ាស
សូមសរសេរនៅលើ ក្ដារខៀន នូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ( សេចក្ដីថ្លែងការណ៍នេះមាននៅក្នុង « The Best Is Yet to Be »Ensign ឬLiahona ខែ មករា ឆ្នាំ ២០១០ ទំព័រ ២៥–២៦ ) ។
« មានអ្វីមួយនៅក្នុងខ្លួនពួកយើងគ្រប់គ្នា ដែលបរាជ័យក្នុងការអភ័យទោស និងបំភ្លេចនូវកំហុសពីមុនៗនៅក្នុងជីវិតនេះ—ទាំងកំហុសរបស់យើង ឬ កំហុសរបស់មនុស្សដទៃទៀត ។ …
« ចូរឲ្យមនុស្សប្រែចិត្ត ។ ចរឲយមនសសរកចមរនឡង ចូរជឿថា មនុស្សអាចផ្លាស់ប្តូរ ហើយកែខ្លួនឲ្យប្រសើរឡើងបាន » ( អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ) ។
សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ។ បន្ទាប់មក សូមសួរសិស្ស ៖
-
តើស្ថានភាពណាខ្លះ ដែលវាសំខាន់ដើម្បីឲ្យអ្នកដទៃផ្លាស់ប្តូរ និងកែខ្លួនឲ្យប្រសើរឡើង ហើយជឿថាពួកគេអាចធ្វើបែបនោះបាន ?
-
តើស្ថានភាពណាខ្លះ ដែលវាសំខាន់ដើម្បីជឿថា យើងអាចផ្លាស់ប្តូរ និងកែខ្លួនឲ្យប្រសើរឡើងបាន ?
នៅពេលសិស្សសិក្សា កិច្ចការ ៩សូមអញ្ជើញពួកគេឲ្យរកមើលសេចក្តីពិត ដែលយើងអាចរៀនអំពីបទពិសោធន៍របស់នរណាម្នាក់ដែលបានផ្លាស់ប្តូរ និងកែខ្លួនឲ្យប្រសើរឡើង ។
សូមពន្យល់ថា អត្ថបទភាគច្រើននៃ កិច្ចការ ៩ ផ្តោតអារម្មណ៍លើបទពិសោធន៍របស់បុរសម្នាក់ឈ្មោះសុល ។ សូមអញ្ជើញសិស្សម្នាក់អានការពិពណ៌នាអំពីសុលដូចខាងក្រោមឲ្យឮៗ ៖
សុលបានកើតនៅប្រទេសក្រិក ស្រុកតើសុស ( សូមមើល កិច្ចការ ២១:៣៩ ) ហើយមានសញ្ជាតិរ៉ូម ( សូមមើល កិច្ចការ ១៦:៣៧ ) ។ គាត់គឺជាសាសន៍យូដាមកពីតំណពូជពង្សរបស់បេនយ៉ាមីន ( សូមមើល រ៉ូម ១១:១ ) ហើយបានទទួលការអប់រំនៅយេរូសាឡិមមកពីលោកកាម៉ាលាល ( សូមមើល កិច្ចការ ២២:៣ ) ជាពួកផារិស៊ីម្នាក់ដ៏ល្បីល្បាញ និងជាគ្រូបង្រៀនក្រឹត្យវិន័យសាសន៍យូដាគួរឲ្យគោរព ( សូមមើល កិច្ចការ ៥:៣៤ ) ។ សុលបានក្លាយជាពួកផារិស៊ីម្នាក់ ( សូមមើល កិច្ចការ ២៣:៦ ) ហើយលោកបាននិយាយ « ភាសាហេព្រើរ » ( ប្រហែលជាអារ៉ាម ) និងភាសាក្រិក ( សូមមើល កិច្ចការ ២១:៣៧, ៤០ ) ។ ក្រោយមក លោកត្រូវបានគេស្គាល់តាមឈ្មោះជាភាសាឡាតាំងរបស់លោកគឺ ប៉ុល ( សូមមើល កិច្ចការ ១៣:៩ ) ។ ( សូមមើល Bible Dictionary, « Paul » ) ។
សូមរំឭកសិស្សថា សុលមានវត្តមាន នៅពេលប្រជាជនចោលដុំថ្មដាក់ស្ទេផាន ( សូមមើល កិច្ចការ ៧:៥៨–៥៩ ) ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន កិច្ចការ ៨:១–៣ ឮៗ ហើយឲ្យសិស្សម្នាក់ទៀតអាន កិច្ចការ ៩:១–២ ឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពីរបៀបដែលសុលបានប្រព្រឹត្តដាក់ពួកអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។
-
តើសុលបានប្រព្រឹត្តចំពោះពួកអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
យោងតាម កិច្ចការ ៩:១–២ ហេតុអ្វីសុលធ្វើដំណើរទៅស្រុកដាម៉ាស ?
សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ៩:៣–៦ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថាតើមានអ្វីបានកើតឡើង នៅពេលសុលបានធ្វើដំណើរទៅស្រុកដាម៉ាស ។
-
តើនរណាបានមកជួបនឹងសុល ?
សូមចង្អុលបង្ហាញថាឃ្លា « ធាក់ជល់នឹងជន្លួញ » នៅក្នុង ខទី ៥ ។ សូមពន្យល់ថា ជន្លួញ សំដៅទៅឈើស្រួចមួយដែលប្រើចាក់សត្វពាហនៈឲ្យដើរទៅមុខ ( ប្រសិនបើធ្វើទៅបាន សូមបង្ហាញឈើស្រួចមួយដល់សិស្ស ) ។ នៅក្នុងករណីនេះ ការ « ធាក់ជល់នឹងជន្លួញ » មានន័យថា ការទាស់ប្រឆាំងនឹងព្រះ ។
សូមអញ្ជើញសិស្សឲ្យពិចារណាគូសចំណាំសំណួររបស់សុល ដែលបានកត់ត្រានៅក្នុង ខទី ៦ ។
-
តើសំណួររបស់សុលបង្រៀនយើងអ្វីខ្លះអំពីលោក ? ( លោកមានបំណងចុះចូលនឹងព្រះទ័យរបស់ព្រះអម្ចាស់ ) ។
សូមសង្ខេប កិច្ចការ ៩:៧–៩ដោយពន្យល់ថាយោងតាមការបកប្រែដោយយ៉ូសែប ស្ម៊ីធ កិច្ចការ ៩:៧ ជនដែលបានធ្វើដំណើរជាមួយនឹងសុលបានឃើញពន្លឺ ប៉ុន្តែពុំបានឮសំឡេងរបស់ព្រះយេស៊ូវឡើយ នៅពេលទ្រង់មានបន្ទូលទៅកាន់សុល ( សូមមើល កិច្ចការ ២២:៩) ។ បន្ទាប់ពីការនិមិត្តនោះ សុលបានងងឹតភ្នែក ។ លោកត្រូវបានគេនាំទៅស្រុក ដាម៉ាស ហើយលោកពុំបានបរិភោគ ឬ ផឹកអ្វីឡើយអស់រយៈពេលបីថ្ងៃ ។
-
សូមស្រមៃធ្វើជាសុល ។ ប្រសិនបើអ្នកបានបៀតបៀនយ៉ាងឃោរឃៅលើពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ តើអ្នកអាចគិត និង មានអារម្មណ៍បែបណាខ្លះអំឡុងគ្រាបែបនេះ ?
កិច្ចការ ៩:១០-២២
លោកអាន៉្នានាសនៅស្រុកដាម៉ាសបានព្យាបាល ជ្រមុជទឹក ហើយបង្រៀនសុលអំពីព្រះយេស៊ូវគ្រីស្ទ
សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ៩:១០–១២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ព្រះអម្ចាស់បានបង្គាប់ឲ្យអាន៉្នានាស ជាសមាជិកសាសនាចក្រម្នាក់នៅស្រុកដាម៉ាសឲ្យធ្វើអ្វីខ្លះ ។
-
តើព្រះអម្ចាស់បានបង្គាប់ឲ្យអាន៉្នានាសធ្វើអ្វីខ្លះ ?
សូមចង្អុលបង្ហាញថា គោលបំណងដំបូងរបស់សុលក្នុងការទៅស្រុកដាម៉ាស គឺដើម្បីចាប់មនុស្សដូចជាអាន៉្នានាស ។
-
ប្រសិនបើអ្នកជាអាន៉្នានាសវិញ ហើយបានដឹងអំពីកិត្តិនាមរបស់សុល តើអ្នកគិតអំពីអ្វីខ្លះ បន្ទាប់ពីបានទទួលការណែនាំនេះមកពីព្រះអម្ចាស់នោះ ?
សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ៩:១៣–១៦ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា តើព្រះអម្ចាស់បានបង្រៀនអាន៉្នានាសអ្វីខ្លះអំពីសុល ។
-
តើការយល់ឃើញរបស់ព្រះអម្ចាស់ ខុសពីការយល់ឃើញរបស់អាន៉្នានាសអំពីសុលយ៉ាងណាខ្លះ ?
-
យោងតាម ខទី ១៥ តើព្រះអម្ចាស់បានជ្រើសរើសសុលឲ្យក្លាយជាអ្វី ហើយធ្វើអ្វី ? ( អ្នកគួរចង្អុលបង្ហាញថា ឃ្លា « ប្រដាប់រើសតាំង » អាចសំដៅទៅលើភាពពិតដែលសុលត្រូវបានរើសតាំងពីមុនផែនដី ឲ្យធ្វើការងារបម្រើរបស់លោក ) ។
-
យោងតាម ខទី ១៦ ទោះបីជាសុលនឹងក្លាយជាប្រដាប់រើសតាំងមួយចំពោះព្រះអម្ចាស់ក្ដី តើលោកនឹងជួបបទពិសោធន៍អ្វីខ្លះ ?
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះមកពីខគម្ពីទាំងរនេះ អំពីរបៀបដែលព្រះអម្ចាស់ទតមើលមកយើង ? ( សិស្សអាចស្គាល់សេចក្ដីពិតខុសគ្នាមួយ ប៉ុន្តែសូមកុំភ្លេចគូសបញ្ជាក់ថា ព្រះអម្ចាស់ទតឃើញយើងថា យើងអាចក្លាយជាមនុស្សបែបណា ហើយ ព្រះអម្ចាស់ទតឃើញនូវសក្តានុពលរបស់យើង ក្នុងការជួយដល់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់យ៉ាងដូចម្តេច ។ សូមសរសេរសេចក្ដីពិតទាំងនេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីរបៀបដែលប្រវត្តិផ្ទាល់ខ្លួន លក្ខណៈពិសេសនៃបុគ្គលិកលក្ខណៈ និងសមត្ថភាពរបស់ពួកគេ អាចយកមកប្រើដើម្បីជួយព្រះអម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់ ។ សូមឲ្យពួកគេឲ្យសរសេរគំនិតរបស់ពួកគេចូលក្នុងសៀវភៅសរសេរ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ៩:១៧–២០ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា តើអាន៉្នានាសបានធ្វើអ្វីខ្លះ បន្ទាប់ពីព្រះអម្ចាស់បានជួយលោកឲ្យយល់ពីសក្ដានុពលរបស់សុល និងបេសកកម្មនាពេលអនាគតរបស់លោក ។
-
តើអាន៉្នានាសបានធ្វើអ្វីខ្លះសម្រាប់ប៉ុល ?
-
យោងតាម ខទី ២០ តើសុល « ស្រាប់តែ » ឬភ្លាមនោះបាន ធ្វើអ្វីខ្លះ បន្ទាប់ពីបានជ្រមុជទឹក ហើយបានទទួលកម្លាំង ?
សូមចង្អុលបង្ហាញថា ការប្រែចិត្ត បុណ្យជ្រមុជទឹក និងការបង្រៀនរបស់សុលបានបង្ហាញអំពីសេចក្តីជំនឿរបស់លោកទៅលើព្រះយេស៊ូវគ្រីស្ទ និងការចុះចូលរបស់លោកទៅតាមព្រះទ័យរបស់ព្រះអម្ចាស់ ។
សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ៩:២១–២២ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា តើប្រជាជននោះមានប្រតិកម្មយ៉ាងដូចម្ដេចចំពោះការបង្រៀនរបស់ប៉ុល ។
-
តើប្រជាជននោះមានប្រតិកម្មយ៉ាងដូចម្ដេចចំពោះការបង្រៀនរបស់ប៉ុល ?
-
ហេតុអ្វីប្រជាជននោះមានការភ្ញាក់ផ្អើល នៅពេលពួកគេបានស្ដាប់សុល ?
សូមរំឭកសិស្សថា សំណួរដែលសុលបានទូលសួរទៅព្រះយេស៊ូវដែលបានកត់ត្រានៅក្នុង កិច្ចការ ៩:៦ បានបង្ហាញពីការបន្ទាបខ្លួន និងបំណងប្រាថ្នារបស់លោកដើម្បីចុះចូលនឹងព្រះទ័យរបស់ព្រះអម្ចាស់ ។
-
ដូចជាសុលដែរ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីផ្លាស់ប្ដូរ ហើយបំពេញសក្ដានុពលដែលព្រះអម្ចាស់បានទតឃើញនៅក្នុងខ្លួនយើង ? ( សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀនដោយប្រើពាក្យរបស់សិស្ស ៖ ប្រសិនបើយើងចុះចូលតាមព្រះទ័យរបស់ព្រះអម្ចាស់ នោះយើងអាចផ្លាស់ប្ដូរ ហើយអាចបំពេញសក្ដានុពល ដែលទ្រង់ទតឃើញនៅក្នុងខ្លួនយើង) ។
សូមអញ្ជើញសិស្សស្ម័គ្រចិត្តពីរនាក់ឲ្យឡើងមកខាងមុខក្ដារខៀន ។ សូមឲ្យដីឥដ្ឋទន់ទៅសិស្សម្នាក់ ហើយឲ្យដីឥដ្ឋរឹងទៅសិស្សម្នាក់ទៀត ។ ( ប្រសិនបើអ្នកគ្មានដីឥដ្ឋទន់ទេ សូមឲ្យសិស្សស្រមៃថាកំពុងធ្វើសកម្មភាពនេះ បន្ទាប់មកសួរពួកគេនូវសំណួរបន្ទាប់ពីសកម្មភាពនេះ ) ។ សូមឲ្យពេល ៣០ វិនាទីដល់សិស្សស្ម័គ្រចិត្ត ឬបង្កើតអ្វីមួយដែលពួកគេចង់ធ្វើចេញពីដីឥដ្ឋនោះ ។ ប្រសិនបើសិស្សដែលមានដីឥដ្ឋរឹងនិយាយថា វាពិតជាលំបាកខ្លាំងណាស់ សូមលើកទឹកចិត្តគាត់ឲ្យព្យាយាមបន្ថែមទៀត ។
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យបង្ហាញអ្វីដែលពួកគេបានបង្កើត ។ សូមសួរទៅសិស្សដែលមានដីឥដ្ឋរឹង ៖
-
ហេតុអ្វីវាមានការលំបាកដើម្បីសូនអ្វីមួយចេញពីដីឥដ្ឋរបស់អ្នក ?
សូមអរគុណដល់សិស្សស្ម័គ្រចិត្ត ហើយសូមអញ្ជើញពួកគេឲ្យត្រឡប់ទៅកាន់កន្លែងអង្គុយរបស់ពួកគេវិញ ។ សូមសួរសិស្ស ៖
-
តើដីឥដ្ឋរឹងអាចប្រៀបបាននឹងមនុស្សម្នាក់ ដែលពុំចុះចូលនឹងព្រះទ័យរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើដីឥដ្ឋទន់អាចប្រៀបបាននឹងមនុស្សម្នាក់ ដែលចុះចូលនឹងព្រះទ័យរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើការចុះចូលទៅនឹងព្រះអម្ចាស់បានជួយអ្នក ឬអ្នកដទៃឲ្យផ្លាស់ប្តូរ និង បំពេញសក្ដានុពលដែលព្រះអម្ចាស់ទតឃើញនៅក្នុងខ្លួនអ្នក ឬ ពួកគេយ៉ាងដូចម្តេចខ្លះ ?
សូមអានឮៗនូវសុន្ទរកថាខាងក្រោមនេះ ដែលថ្លែងដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« [ បុគ្គល ] ម្នាក់មិនអាចសួរសំណួរដែលសំខាន់នៅក្នុងជីវិតរបស់ [ ខ្លួន ] គេខ្លាំងជាងសំណួរដែលប៉ុលបានសួរឡើយ ៖ ‹ …ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? › » (« Listen to a Prophet’s Voice »Ensign ខែ មករា ឆ្នាំ ១៩៧៣ ទំព័រ ៥៧ ) ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរថា « ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? » សូមអញ្ជើញពួកគេឲ្យកត់ត្រាការបំផុសគំនិតទាំងឡាយ ដែលពួកគេទទួលបាន ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមអានឮៗនូវសេចក្តីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ប៊ែនសឹន ៖
« [ បុគ្គល ] ម្នាក់ពុំអាចធ្វើសកម្មភាពណាប្រសើរជាងការដើរតាមផ្លូវដែលនឹងនាំចម្លើយដល់ [ ខ្លួន ] ចំពោះសំណួរនោះ ហើយបន្ទាប់មកធ្វើតាមចម្លើយនោះឡើយ » (« Listen to a Prophet’s Voice » ទំព័រ ៥៧ ) ។
សូមលើកទឹកចិត្តសិស្សឲ្យបន្តស្វែងរកចម្លើយចំពោះសំណួរនេះ ហើយធ្វើតាមការបំផុសគំនិតនានាដែលពួកគេបានទទួល ។
កិច្ចការ ៩:២៣-៣១
ជីវិតរបស់សុលត្រូវបានគេគំរាមកំហែងនៅក្រុងយេរូសាឡិម ហើយពួកសាវកបានបញ្ជូនលោកទៅស្រុកតើសុស
សូមចង្អុលបង្ហាញថា បន្ទាប់ពីការប្រែចិត្តជឿរបស់សុល លោកបានរស់នៅស្រុកអារ៉ាប់ ហើយក្រោយមកបានត្រឡប់ទៅក្រុងដាម៉ាស ( សូមមើល កាឡាទី ១:១៧ ) ។ សូមមើល កិច្ចការ ៩:២៣–២៦ ដោយពន្យល់ថា សាសន៍យូដានៅក្នុងស្រុក ដាម៉ាសរួមគំនិតដើម្បីសម្លាប់សុល ប៉ុន្តែសមាជិកសាសនាចក្របានជួយលោកឲ្យរត់គេចចេញពីទីក្រុងនោះ ។ បីឆ្នាំបន្ទាប់ពីការប្រែចិត្តជឿរបស់លោក ( សូមមើល កាឡាទី ១:១៨ ) សុលបានទៅក្រុងយេរូសាឡិម ជាកន្លែងដែលសមាជិកសាសនាចក្រមានការភ័យខ្លាចនឹងទទួលយកលោក ដោយសារពួកគេពុំជឿថា លោកបានក្លាយជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទឡើយ ។
-
ហេតុអ្វីអ្នកគិតថា សមាជិកសាសនាចក្រមួយចំនួនមានចិត្តស្ទាក់ស្ទើរ ដើម្បីទទួលយកថាសុលបានក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមសង្ខេប កិច្ចការ ៩:២៧–៣១ ដោយពន្យល់ថា បាណាបាស ដែលជាសមាជិកសាសនាចក្រម្នាក់ ( សូមមើល កិច្ចការ ៤:៣៦–៣៧) បាននាំសុលទៅជួបសាវកទាំងឡាយ ហើយបានប្រាប់ពួកលោកអំពីការនិមិត្តរបស់សុល និងអំពីការប្រកាសដំណឹងល្អដ៏អង់អាចរបស់លោកនៅក្នុងស្រុក ដាម៉ាស ។ ក្រោយមកសមាជិកសាសនាចក្របានស្វាគមន៍សុលដោយក្តីរាប់អាន ។ នៅពេលពួកក្រិកកាន់សាសនាយូដា នៅក្រុងយេរូសាឡិមបានព្យាយាមសម្លាប់សុល នោះអ្នកដឹកនាំសាសនាចក្របានបញ្ជូនលោកទៅស្រុក តើសុស ។ សាសនាចក្របានជួបភាពសុខសាន្ត និងការរីកចម្រើននៅស្រុកយូដា ស្រុកកាលីឡេ និងសាម៉ារី ។
កិច្ចការ ៩:៣២-៤៣
ពេត្រុសសម្ដែងអព្ភូតហេតុនៅក្នុងភូមិលីដា និង ក្រុងយ៉ុបប៉េ
សូមចែកសិស្សជាគូ ។ សូមឲ្យសិស្សម្នាក់នៅក្នុងដៃគូនីមួយៗអានកិច្ចការ ៩:៣២–៣៥ ហើយឲ្យសិស្សម្នាក់ទៀតអានកិច្ចការ ៩:៣៦–៤២ ។ សូមអញ្ជើញពួកគេឲ្យរកមើលអព្ភូតហេតុដែលពេត្រុសបានធ្វើ ហើយថាតើប្រជាជនមានប្រតិកម្មបែបណា ។ សូមពន្យល់ថាដាក់ទាន ( ខទី ៣៦ ) គឺជាទម្លាប់នៃការផ្តល់ទានដល់ជនក្រីក្រ ។
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យពិភាក្សាជាមួយនឹងដៃគូរបស់ពួកគេអំពីអព្ភូតហេតុ ដែលពេត្រុសបានធ្វើ ហើយថាតើប្រជាជនមានប្រតិកម្មបែបណា ។ បន្ទាប់មក សូមសួរសិស្ស ៖
-
យោងតាម ខទី ៣៥ និង ៤២តើប្រជាជននៅក្នុងភូមិលីដា និង ប្រជាជននៅក្នុងក្រុងយ៉ុបប៉េ បានមានប្រតិកម្មបែបណាដែរចំពោះការងារបម្រើរបស់ពេត្រុស ?
-
តើយើងអាចរៀនអ្វីខ្លះអំពីប្រតិកម្មរបស់ពួកគេចំពោះឥទ្ធិពល ដែលអាចកើតមានពីការងារបម្រើដល់មនុស្សដទៃ ? ( សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀនដោយប្រើពាក្យរបស់សិស្ស ៖តាមរយៈការបម្រើដល់មនុស្សដទៃ យើងអាចជួយមនុស្សទូទៅឲ្យងាកទៅរកព្រះអម្ចាស់ ហើយជឿលើទ្រង់បាន) ។
សូមពន្យល់ថា ការប្រគល់បព្វជិតភាពគឺជាវិធីមួយនៃការបម្រើដល់មនុស្សដទៃ ។ ដើម្បីជួយសិស្សឲ្យស្គាល់វិធីបន្ថែមទៀត ដែលយើងអាចធ្វើការងារបម្រើដល់មនុស្សដទៃបាន សូមសួរ ៖
-
យោងតាម ខទី ៣៦ និង ៣៩ តើតេប៊ីថាបានធ្វើការងារបម្រើដល់មនុស្សដទៃយ៉ាងដូចម្ដេច ?
-
តើមនុស្សម្នាក់ដែល « បានធ្វើគុណ » ( ខទី ៣៦ ) ហើយដែលបម្រើដល់មនុស្សដទៃអាចជួយមនុស្សឲ្យងាកទៅរកព្រះអម្ចាស់ ហើយជឿលើទ្រង់បានយ៉ាងដូចម្ដេច ?
-
តើនៅពេលណាដែរ ដែលការធ្វើគុណរបស់មនុស្សម្នាក់ផ្សេងទៀតបានជួយអ្នក ឬអ្នកដទៃទៀតឲ្យត្រឡប់មករកព្រះអម្ចាស់ និងជឿលើទ្រង់វិញ ?
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតទាំងឡាយ ដែលបានបង្រៀននៅក្នុងមេរៀននេះ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
កិច្ចការ ៩:១-២។ សិទ្ធិអំណាចរបស់សុលដើម្បីឲ្យគេចាប់ចងសមាជិកសាសនាចក្រនាំមកឯក្រុងយេរូសាឡិម
សុលបានទទួលសិទ្ធិអំណាចមកពីសង្ឃរាជនៅក្រុងយេរូសាឡិមឲ្យទៅហួសស្រុកយូដា ហើយនាំយកពួកសាសន៍យូដាមកកាត់ទោសនៅចំពោះពួកសានហេឌ្រីន ដែលសង្ឃរាជនោះអាចផ្ដល់សិទ្ធិឲ្យបានដោយសារ « ពួករ៉ូមបានអនុញ្ញាតឲ្យពួកសានហេឌ្រីនអនុវត្តអំណាចច្បាប់ផ្នែកស៊ីវិល និងបទឧក្រិដ្ឋ ( លើកលែងតែរឿងក្ដីធំ ) លើសហគមន៍សាសន៍យូដាទាំងមូល សូម្បីនៅក្រៅស្រុកប៉ាឡេស្ទីនក្ដី» ( J. R. Dummelow, ed., A Commentary on the Holy Bible [ ឆ្នាំ១៩០៩ ] ទំព័រ ៨៣១ ) ។ ដោយសារក្រឹត្យវិន័យរបស់ម៉ូសេទាំងច្បាប់ស៊ីវិល និងច្បាប់ខាងសាសនាសម្រាប់ពួកយូដា នោះពួកគ្រីស្ទានដែលជាសាសន៍យូដាអាចត្រូវគេចាប់ខ្លួនដោយចោទថាជាឧក្រិដ្ឋជន ។ « សំបុត្រ » ដែលសុលបានកាន់យកទៅ គឺជាឯកសារដែលមានសេចក្ដីណែនាំទាក់ទងនឹងគោលបំណងរបស់សុល និងការបញ្ជាក់អំពីសិទ្ធិអំណាចរបស់លោក ដើម្បីធ្វើកិច្ចការរបស់លោក ។
កិច្ចការ ៩:១-២២។ ការប្រែចិត្តជឿរបស់សុល
ប្រធាន ហារ៉ូល ប៊ី លី បានពន្យល់ថា « សុលនៃស្រុកតើសុស គឺជាមនុស្សម្នាក់ដែលអង់អាច ហើយបានចូលរួមយ៉ាងពេញទំហឹងនៅក្នុងការព្យាយាមកំចាត់ចោលសាសនាគ្រីស្ទ ដែលលោកបានជឿថា និកាយមួយដែលប្រមាថដល់បន្ទូលនៃព្រះ » ( នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៤៦ ទំព័រ ១៤៤ ) ។ ប៉ុន្តែបទពិសោធន៍ជាមួយនឹងព្រះអង្គសង្គ្រោះ ដែលមានព្រះជន្មឡើងវិញបាននាំឲ្យមានការផ្លាស់ប្ដូរដ៏ធំដល់សុល ។ អែលឌើរ ប្រូស អរ ម៉ាក់ខនឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាអំពីអ្វីដែលសុលអាចនឹងបានជួបកាលលោកងងឹតភ្នែកមើលមិនឃើញរយៈពេលបីថ្ងៃ ៖
« នៅក្នុងរយៈពេលបីថ្ងៃដែល [ សុល ] មើលមិនឃើញ ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈដែលនឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្រនៃសាសនាគ្រីស្ទបានចាប់ផ្ដើម ។ លោកត្រូវទទួលអារម្មណ៍ពីការឈឺចាប់ក្នុងព្រលឹង កំហុសនៅក្នុងមនសិការ សេចក្ដីព្រួយចំពោះអំពើបាបយ៉ាងខ្លាំង នៅពេលលោកបានបន្ទាបខ្លួនក្នុងការត្រៀមខ្លួនចុះចូលតាមការដឹកនាំរបស់អាន៉្នានាស » ( Doctrinal New Testament Commentary វ៉ុល ទី ៣ [ ឆ្នាំ១៩៦៥–៧៣ ] ២:៩០ ) ។
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានមានប្រសាសន៍អំពីការប្រែចិត្តជឿរបស់សុលដូចតទៅនេះ ៖
« ដើម្បីធ្វើឲ្យការប្រែចិត្តជឿ [ របស់សុល ] បានពេញលេញ លោកត្រូវទទួលបុណ្យជ្រមុជទឹក ។ ជីវិតរបស់ប៉ុលបានផ្លាស់ប្ដូរ ។ វាគឺជារឿងដ៏អស្ចារ្យថា បុរសដែលកាន់អាវរបស់អ្នកពិឃាដស្ទេផាន ប៉ុន្តែក្រោយមកបានក្លាយជាអ្នកគាំទ្រដ៏ធំចំពោះគោលការណ៍ដែលធ្វើឲ្យស្ទេផានស្លាប់ ។ …
« … ជីវិតរបស់ប៉ុលបានផ្លាស់ប្ដូរដោយសារតែព្រឹត្តិការណ៍នៅលើផ្លូវទៅស្រុកដាម៉ាស ។ ពីមុន លោកគឺជាអ្នកបៀតបៀនដល់ពួកគ្រីស្ទានយ៉ាងខ្លាំង ប៉ុន្តែបន្ទាប់ពីព្រឹត្តិការណ៍នៅលើផ្លូវទៅស្រុកដាម៉ាស លោកគឺជាអ្នកប្រកាសដំណឹងល្អម្នាក់ដ៏ក្លៀវក្លា » ( នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៦៤ ទំព័រ ១០៨–៩ ) ។
កិច្ចការ ៩:២ ។ ការខិតខំរបស់ប៉ុលដើម្បីចាប់ពួកអ្នកដើរតាមរបស់ព្រះយេស៊ូវគ្រីស្ទ
ប្រធាន ដេវីឌ អូ មិកឃេ បានបង្រៀនអំពីបំណងរបស់សុលនៅក្នុងការខិតខំចាប់ពួកអ្នកដើរតាមរបស់ព្រះយេស៊ូវគ្រីស្ទ ៖
« លោកបានតាំងចិត្តយ៉ាងមុតមាំដើម្បីបញ្ចប់អ្វីដែលលោកបានគិតថា ជាសាសនាខុសឆ្គងមួយដោយសារលោកមានសិទ្ធិក្នុងនាមជាមន្ត្រីម្នាក់របស់ពួកសានហេឌ្រីន ដើម្បីចាប់ពួកអ្នកដើរតាមរបស់ព្រះយេស៊ូវនៅគ្រប់ទីកន្លែងដែលលោកបានឃើញពួកគេ ។ លោកបានចេញពីផ្ទះមួយទៅផ្ទះមួយ បំបែកបុរសៗចេញពីភរិយា និងកូនចៅរបស់ពួកគេ ។ លោកថែមទាំងបានចាប់ពួកស្ត្រីយកទៅដាក់គុកទៀតផង ! ប្រាកដណាស់ ការស្រែកយំ និងការទូលអង្វរដ៏សោកសៅរបស់កុមារតូចៗបានធ្វើឲ្យដួងចិត្តលោកឈឺចាប់ លើសពីទុក្ករកម្មរបស់ស្ទេផានដ៏ស្មោះត្រង់ទៅទៀត ។ ពិតណាស់ នៅពេលលោកបានបង្ខំបុរសស្ត្រីឲ្យចេញពីផ្ទះសម្បែង នោះទឹកមុខដ៏ស្លេកស្លាំងញាប់ញ័រ និងការយំខ្សឹបខ្សួលខូចចិត្តរបស់កុមារ បានផ្ដិតជាប់នៅក្នុងអារម្មណ៍ដ៏ងងឹតងងុលរបស់លោក ដែលវាបានធ្វើឲ្យលោករាបសា រហូតដល់វាតាមអន្ទងដល់រូបលោកពេញមួយជីវិតទៀតផង ! មានរឿងតែមួយគត់ដែលអាចជួយលួងលោមលោកនៅក្នុងជីវិតពេលក្រោយ កាលលោកក្រឡេកមើលក្រោយវិញនូវបទពិសោធន៍ដ៏អាក្រក់ទាំងនោះ ។ គឺដូចនេះ កាលលោកបានបង្ហាញដោយសម្ដីផ្ទាល់ខ្លួនរបស់លោកថា ៖ ‹ សូម្បីទូលបង្គំក៏បានគិតស្មានថា គួរឲ្យទូលបង្គំធ្វើទាស់ទទឹងជាច្រើន ដល់ព្រះនាមព្រះយេស៊ូវពីស្រុកណាសារ៉ែតដែរ › [ កិច្ចការ ២៦:៩ ] ។ សុលមានចិត្តស្មោះចំពោះកិច្ចការដែលលោកកំពុងធ្វើ ។ លោកពុំបានជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះទេ ហើយបានគិតថា ការធ្វើឲ្យពួកអ្នកជឿលើព្រះគ្រីស្ទបដិសេធព្រះនាមទ្រង់ នឹងធ្វើឲ្យព្រះវរបិតាលោកដែលគង់នៅស្ថានសួគ៌សព្វព្រះទ័យ » ( Ancient Apostles, កំណែទី ២ [ ឆ្នាំ ១៩២១ ] ទំព័រ១៤៧–៤៨ ) ។
កិច្ចការ ៩:១៥–១៦ ។ ព្រះអម្ចាស់ទតឃើញយើង ជាមនុស្សដែលយើងអាចប្រែក្លាយ
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនសមាជិកសាសនាចក្រឲ្យមើលឃើញមនុស្សដទៃ តាមរបៀបដែលព្រះអម្ចាស់ទតឃើញពួកគេ ( សូមមើល « See Others as They May Become »Ensign ឬLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៧០ ) ។