មេរៀនសិក្សានៅផ្ទះ
ពេត្រុសទី២–យូដាស ( មេរៀនទី ៣០ )
ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀនដល់ សិស្ស ដែល សិក្សានៅផ្ទះ
សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ
សេចក្ដីសង្ខេបខាងក្រោមនៃព្រឹត្តិការណ៍ និងគោលការណ៍ដែលសិស្សបានរៀន នៅពេលពួកគេបានសិក្សា ពេត្រុសទី២–យូដាស ( មេរៀនទី ៣០ ) ពុំមែនត្រូវយកមកបង្រៀនជាផ្នែកនៃមេរៀនរបស់អ្នកនោះទេ ។ មេរៀនដែលអ្នកបង្រៀនផ្ដោតលើគោលលទ្ធិ និង គោលការណ៍តែពីរបីនេះប៉ុណ្ណោះ ។ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតអំពីតម្រូវការសិស្សរបស់អ្នក ។
ថ្ងៃទី ១ ( ពេត្រុសទី ២ )
សាវកពេត្រុសបានសរសេរសំបុត្រនេះដល់ពួកបរិសុទ្ធ ដើម្បីជួយពួកគេដែលកំពុងជួបប្រទះ នឹងការបៀតបៀន ការសាកល្បង និងការក្បត់សាសនានៅក្នុងសាសនាចក្រ ។ នៅពេលសិស្សសិក្សាពាក្យសម្ដីរបស់ពេត្រុស ពួកគេបានរៀនថា ពួកព្យាការីទទួលបទគម្ពីរតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយថាពួកគ្រូក្លែងក្លាយខិតខំបោកបញ្ឆោតយើងឲ្យជឿថា អំពើបាបដឹកនាំទៅរកឥស្សរភាពដ៏ធំ ។ សិស្សក៏រៀនផងដែរថា យើងអាចរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ដោយរស់នៅក្នុងជីវិតដែលគោរពដល់ព្រះ ហើយទន្ទឹងរង់ចាំដោយចិត្តស្មោះចំពោះការយាងមករបស់ទ្រង់ ។
ថ្ងៃទី២ ( យ៉ូហានទី ១ )
នៅក្នុងយ៉ូហានទី ១ សិស្សបានរៀនថា ប្រសិនបើយើងទទួល ហើយធ្វើតាមការបង្រៀនរបស់ពួកព្យាការី និងពួកសាវក យើងអាចទទួលបានភាពស្និទ្ធស្នាលជាមួយព្រះវរបិតា និងព្រះរាជបុត្រា ។ លើសពីនេះទៀត ពួកគេបានរៀនថា នៅពេលពួកគេស្រឡាញ់ព្រះ យើងនឹងស្រឡាញ់ដល់មនុស្សដទៃទៀត ។
ថ្ងៃទី៣ ( យ៉ូហានទី ២–យ៉ូហានទី ៣ )
នៅក្នុងសំបុត្រពីរផ្សេងទៀតរបស់សាវកយ៉ូហានដល់ពួកបរិសុទ្ធ លោកបានបន្តបង្ហាញកង្វល់អំពីឥទ្ធិពលក្បត់សាសនានៅក្នុងសាសនាចក្រ ។ នៅក្នុងសំបុត្រទាំងពីរនេះ សិស្សបានរៀនថា នៅពេលយើងគោរពបទបញ្ញត្តិ ហើយប្រុងប្រយ័ត្ន យើងអាចបន្តរីករាយនូវពរជ័យនៃដំណឹងល្អដែលយើងបានទទួល ហើយប្រសិនបើយើងអនុវត្តតាមគោលលទ្ធិនៃព្រះគ្រីស្ទ នោះយើងនឹងមានព្រះវរបិតា និងព្រះរាជបុត្រាគង់នៅជាមួយយើង ។ សិស្សក៏រៀនផងដែរថា ការរស់នៅតាមដំណឹងល្អនាំមកនូវអំណរមិនត្រឹមតែចំពោះយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះមនុស្សដទៃទៀតផងដែរ ហើយថាសមាជិកសាសនាចក្រគួរទទួលយក ហើយគាំទ្រពួកអ្នកបម្រើរបស់ព្រះអម្ចាស់គ្រប់រូប ។
ថ្ងៃទី៤ ( យូដាស )
នៅពេលសិស្សសិក្សាសំបុត្ររបស់យូដាសដល់ពួកបរិសុទ្ធដែលកំពុងជួបការផ្ទុយយ៉ាងធ្ងន់ធ្ងរ ពួកគេបានរៀនថា ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទគួរការពារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយចិត្តស្មោះប្រឆាំងទាស់នឹងការបង្រៀនក្លែងក្លាយ និងទម្លាប់ពុករលួយនានា ។ សិស្សក៏បានរៀនផងដែរថា ពួកសាវក និងពួកព្យាការីព្រមានយើង ហើយជួយយើងឲ្យស្គាល់ជនដែលខំធ្វើឲ្យសេចក្ដីជំនឿ និងការគោរពប្រតិបត្តិរបស់យើងចុះខ្សោយ ហើយថាយើងអាចបន្តនៅពិតចំពោះសេចក្ដីជំនឿដោយស្ថាបនាជីវិតរបស់យើងនៅលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
សេចក្ដីផ្ដើម
សាវកពេត្រុសបានលើកទឹកចិត្តយើងឲ្យពង្រីកចំណេះដឹងរបស់ពួកគេ អំពីព្រះយេស៊ូវគ្រីស្ទដោយខិតខំប្រែក្លាយដូចជាទ្រង់ ។ លោកបានអះអាងដល់ពួកគេថា ការរីកចម្រើនខាងវិញ្ញាណនេះនឹងជួយដល់ « ដំណើរដែលទ្រង់ហៅ ហើយរើសតាំង[ ពួកគេ ] បានពិតប្រាកដឡើង » ( ពេត្រុសទី២ ១:១០ ) ។
យោបល់សម្រាប់ការបង្រៀន
ពេត្រុសទី២ ១:១–១១
ពេត្រុសបង្រៀនអំពីរបៀបបានចំណែកជានិស្ស័យនៃព្រះរបស់ព្រះយេស៊ូវគ្រីស្ទ
កំណត់ចំណាំ ៖ នៅក្នុងការពិភាក្សាគោលការណ៍ និងវគ្គបទគម្ពីខាងក្រោមនេះ សូមកុំពិភាក្សាប្រធានបទពាក់ព័ន្ធនឹងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងគោលលទ្ធិនានាឡើយ ។
ពីមុនចាប់ផ្ដើមថ្នាក់ សូមសរសេរឃ្លាខាងក្រោមនេះនៅលើ ក្ដារខៀន ( ដកស្រង់ពី« The Will Within » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៦៨ ) ៖
« ភារកិច្ចរបស់យើងគឺដើម្បីក្លាយជាមនុស្សដ៏ប្រសើរបំផុត » ( ប្រធាន ថូម៉ាស អេស ម៉នសុន ) ។
សូមចែកសិស្សជាគូៗ ។ សូមអញ្ជើញពួកគេអានឃ្លានៅលើក្ដារខៀន ហើយពិភាក្សាសំណួរខាងក្រោម ជាមួយនឹងដៃគូរបស់ខ្លួន ៖
-
តើអ្នកគិតថា ប្រធាន ម៉នសុន ចង់មានន័យដូចម្ដេចដោយមានប្រសាសន៍ថា ឲ្យ « ក្លាយជាមនុស្សដ៏ប្រសើរបំផុត » ?
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីក្លាយជាមនុស្សដ៏ប្រសើរបំផុត ?
-
តើអ្វីទៅដែលរារាំងយើងពុំឲ្យក្លាយជាមនុស្សដ៏ប្រសើរបំផុត ?
នៅពេលសិស្សសិក្សា ពេត្រុសទី២ ១ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតមួយ ដែលអាចជួយឲ្យពួកគេស្គាល់អំពីរបៀបដើម្បីក្លាយជាមនុស្សដ៏ប្រសើរបំផុត ។
សូមសង្ខេប ពេត្រុសទី ២ ១:១–២ ដោយពន្យល់ថា ពេត្រុសបានសរសេរទៅសមាជិកសាសនាចកក្រដែលបានទទួលសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែត្រូវល្បួងឲ្យត្រឡប់ទៅផ្លូវដ៏អាក្រក់នៃលោកិយវិញ ។
សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី២ ១:៣–៤ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថាប៉ុលបានបង្រៀនអ្វីខ្លះ ដើម្បីជួយពួកបរិសុទ្ធឲ្យនៅបន្តស្មោះត្រង់ចំពោះទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។
-
យោងតាមខគម្ពីរទាំងនេះ តើពេត្រុសបានបង្រៀនពួកបរិសុទ្ធឲ្យធ្វើអ្វីខ្លះ ?
-
តើការ « បានចំណែកជានិស្ស័យនៃព្រះ » មានន័យដូចម្ដេច ? ( ពេត្រុសទី២ ១:៤ ) ។
សូមអញ្ជើញសិស្សឲ្យអាន ពេត្រុសទី២ ១:៥–៧ ដោយស្ងាត់ស្ងៀមរកមើលលក្ខណៈនៃព្រះយេស៊ូវគ្រីស្ទដែលពេត្រុសបានអញ្ជើញពួកបរិសុទ្ធឲ្យអភិវឌ្ឍ ។ បន្ទាប់មក សូមឲ្យសិស្សសរសេរលក្ខណៈដែលពួកគេរកឃើញនៅលើក្ដារខៀន ។ សូមពិចារណាអញ្ជើញសិស្សឲ្យរកមើលនិយមន័យនៃលក្ខណៈទាំងនេះនៅក្នុងវចនានុក្រមដែលពួកគេចង់យល់កាន់តែច្បាស់ ។
សូមអញ្ជើញសិស្សឲ្យគិតពីគំរូ កាលដែលព្រះអង្គសង្គ្រោះបានបង្ហាញអំពីលក្ខណៈដ៏ទេវភាពមួយ ។ សូមឲ្យសិស្សបីបួននាក់ប្រាប់គំនិតរបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។
សូមសរសេរគោលការណ៍ពុំពេញលេញដូចតទៅនេះនៅលើក្ដារខៀន ៖ នៅពេលយើងអភិវឌ្ឍលក្ខណៈដ៏ទេវភាពនៅក្នុងខ្លួនយើង នោះយើងអាច …
សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី២ ១:៨–៩ឲ្យឮៗ ។ សូមអញ្ជើញសិស្សឲ្យផ្ទៀងតាមរកមើលពរជ័យមួយដែលយើងអាចទទួលបាន នៅពេលយើងអភិវឌ្ឍលក្ខណៈមកពីព្រះរបស់ព្រះអង្គសង្គ្រោះ ។
-
តើយើងអាចទទួលបានពរជ័យអ្វីខ្លះ នៅពេលយើងអភិវឌ្ឍលក្ខណៈដ៏ទេវភាព ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមបំពេញឃ្លានៅលើក្ដារខៀនដែលមានអត្ថន័យដូចតទៅ ៖ នៅពេលយើងអភិវឌ្ឍលក្ខណៈដ៏ទេវភាពនៅក្នុងខ្លួនយើង នោះយើងអាចស្គាល់ព្រះយេស៊ូវគ្រីស្ទ ) ។
-
ហេតុអ្វីអ្នកគិតថា ការអភិវឌ្ឍលក្ខណៈដ៏ទេវភាពជួយយើងឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី២ ១:១០–១១ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពរជ័យមួយទៀតដែលអាចកើតមានចំពោះជនដែលឧស្សាហ៍នៅក្នុងការអភិវឌ្ឍលក្ខណៈដ៏ទេវភាពទាំងឡាយ ។
-
តើពរជ័យអ្វីអាចកើតមានចំពោះជន ដែលឧស្សាហ៍នៅក្នុងការអភិវឌ្ឍក្ខណៈដ៏ទេវភាពនៃព្រះយេស៊ូវគ្រីស្ទ ? ( សូមពន្យល់ថា ឃា្ល « ធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង » [ ខទី ១០ ] មានន័យថា ការទទួលបាននៅក្នុងជីវិតនេះនូវការអះអាងរបស់ព្រះថា អ្នកនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ ពេត្រុសក៏ហៅវាថាជាការ « មានពាក្យទំនាយដ៏ពិតជាង » ផងដែរ [ ពេត្រុសទី២ ១:១៩ ] ។ សូមមើលផងដែរ គ. និង ស. ១៣១:៥ ) ។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះ នៅក្នុងខគម្ពីរទាំងនេះអំពីហេតុផលដែលយើងគួរមានភាពឧស្សហ៍នៅក្នុងការអភិវឌ្ឍសក្ដានុពលដ៏ទេវភាពរបស់យើង ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែត្រូវប្រាកដថា ពួកគេស្គាល់នូវគោលការណ៍ដូចតទៅ ៖ ប្រសិនបើយើងឧស្សាហ៍នៅក្នុងការអភិវឌ្ឍសក្ដានុពលដ៏ទេវភាពរបស់យើងនៅក្នុងជីវិតនេះ នោះយើងអាចទទួលបានការអះអាងរបស់ព្រះអំពីជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សឲ្យគិតអំពីមនុស្សដែលពួកគេស្គាល់ ដែលបានខិតខំឧស្សាហ៍ព្យាយាមអភិវឌ្ឍលក្ខណៈដូចជាព្រះគ្រីស្ទ ។
-
តើមនុស្សដែលអ្នកបានគិតដល់ធ្លាប់អភិវឌ្ឍលក្ខណៈដូចជាព្រះគ្រីស្ទមួយណាដែរ ?
-
តើការខិតខំ និងលក្ខណៈរបស់ពួកគេបានជួយពួកគេ និងមនុស្សដទៃទៀតនៅជុំវិញខ្លួនពួកគេតាមរបៀបណា ?
អ្នកគួរចែកចាយទីបន្ទាល់របស់អ្នកថា ការអភិវឌ្ឍលក្ខណៈដ៏ទេវភាពជួយយើងឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយរៀបចំខ្លួនយើងឲ្យទទួលជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅសរសេរ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេនូវលក្ខណៈដ៏ទេវភាពមួយដែលពួកគេចង់អភិវឌ្ឍបំផុត ។ សូមឲ្យពួកគេសរសេរសកម្មភាពជាក់លាក់មួយដែលពួកគេអាចធ្វើដើម្បីអភិវឌ្ឍលក្ខណៈនោះ ។
មេរៀនបន្ទាប់ ( វិវរណៈ ១–១១ )
ចូរសួរដល់សិស្សប្រសិនបើពួកគេធ្លាប់ឮពាក្យអាប៉ូកាលីព ។ សូមពន្យល់ថា គម្ពីរវិវរណៈជារឿយៗត្រូវបានហៅថា អាប៉ូកាលីព ដែលភាសាក្រិកមានន័យថា « ការពន្យល់ប្រាប់ » ។ នៅក្នុងគម្ពីរវិវរណៈ សាវកយ៉ូហានបានពិពណ៌នាអំពីការនិមិត្តមួយដែលលោកបានឃើញ ហើយវាមាននូវការព្យាករជាច្រើនអំពីជំនាន់របស់យើង និងព្រឹត្តិការណ៍នាពេលអនាគត រួមទាំងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ និងចុងបញ្ចប់នៃផែនដីផងដែរ ។ ការនិមិត្តរបស់យ៉ូហានភាគច្រើនរួមមាននូវនិមិត្តសញ្ញា ។ សូមអញ្ជើញសិស្សឲ្យចាំមើលនិមិត្តសញ្ញាដែលបង្ហាញអំពីជ័យជំនះចុងក្រោយនៃសេចក្ដីល្អ ដែលយកឈ្នះលើសេចក្ដីអាក្រក់ នៅពេលពួកគេសិក្សាគម្ពីរវិវរណៈ ។