មេរៀនទី ១០១
រ៉ូម ៨-១១
សេចក្តីផ្ដើម
ប៉ុលបានបង្រៀនអំពីពរជ័យនៃការកើតជាថ្មីខាងវិញ្ញាណ និងការចុះចូលតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌ ។ លោកក៏បានបង្រៀនផងដែរអំពីការបដិសេធសេចក្ដីសញ្ញានៃព្រះរបស់អ៊ីស្រាអែល និងអំពីការផ្សាយដំណឹងល្អនៅក្នុងចំណោមពួកសាសន៍ដទៃ ។
យោបល់សម្រាប់ការបង្រៀន
រ៉ូម ៨
ប៉ុលបានពិពណ៌នាអំពីពរជ័យនៃការកើតជាថ្មីខាងវិញ្ញាណ
សូមចាប់ផ្ដើមមេរៀនដោយការសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើការគ្រងមរតកជាអ្វី ?
-
ប្រសិនបើអ្នកអាចគ្រងទ្រព្យសម្បត្តិរបស់នរណាម្នាក់ តើអ្នកជ្រើសរើសគ្រងសម្បត្តិរបស់នរណា ? ហេតុអ្វី ?
-
តើនរណាទៅដែលគ្រងមរតករបស់មនុស្សម្នាក់នោះ ?
ចូរសុំឲ្យសិស្សពិចារណាអំពីពរជ័យ ដែលមនុស្សម្នាក់អាចទទួល ក្នុងនាមជាអ្នកគ្រងមរតកម្នាក់នៅរាល់អ្វីៗដែលព្រះវរបិតាសួគ៌មាន ។ នៅពេលសិស្សសិក្សា រ៉ូម ៨:១–១៨ សូមអញ្ជើញពួកគេឲ្យរកមើលថា យើងត្រូវធ្វើអ្វីខ្លះដើម្បីគ្រងមរតកនៅរាល់អ្វីៗ ដែលព្រះវរបិតាសួគ៌មាន ។
សូមអញ្ជើញសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង រ៉ូម ៨:១, ៥-៧, ១៣ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ប៉ុលបានបង្រៀនអ្វីខ្លះអំពីការដើរ « តាមសាច់ឈាម » ឬងាកទៅរកទំនោរធ្វើអំពើបាប និងការដើរតាម « ព្រះវិញ្ញាណ » ( ខទី ៥ ) ។
-
តើ « គំនិតខាងសាច់ឈាម » មានន័យដូចម្ដេច ? ( ខទី ៦ ) ។ ( ការផ្ដោតលើការបំពេញភាពត្រេកត្រអាល និងតណ្ហានៃរូបកាយ ) ។
-
តើ « គំនិតនៃព្រះវិញ្ញាណ » មានន័យដូចម្ដេច ? ( ខទី ៦ ) ។
សូមពន្យល់ថាការ « សម្លាប់អំពើរបស់រូបសាច់ចេញ » ( ខទី ១៣ ) មានន័យថា ការសម្លាប់ ឬបង្ក្រាបភាពទន់ខ្សោយ ការល្បួង និងអំពើបាបដែលទាក់ទងនឹងរូបកាយយើង ( សូមមើល , ម៉ូសាយ ៣:១៩ ) ។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះនៅក្នុង ខទី ១៣ អំពីអ្វីដែលអាចជួយយើងឲ្យយកឈ្នះលើទំនោរនៃមនុស្សខាងសាច់ឈាមក្នុងការធ្វើអំពើបាប ? ( សូមជួយសិស្សឲ្យរកឃើញនូវគោលការណ៍ដូចតទៅនេះ ៖ ប្រសិនបើយើងធ្វើតាមព្រះចេស្ដានៃព្រះវិញ្ញាណ នោះយើងអាចយកឈ្នះលើទំនោរនៃការធ្វើអំពើបាបរបស់មនុស្សខាងសាច់ឈាមបាន ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សម្នាក់អាន រ៉ូម ៨:១៤-១៦ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាមរកមើលថា ប៉ុលបានលើកឡើងបែបណាចំពោះជនដែលធ្វើតាមព្រះវិញ្ញាណ ។
-
តើប៉ុលបានលើកឡើងបែបណាចំពោះជនដែលធ្វើតាមព្រះវិញ្ញាណ ? ( សូមពន្យល់ថាពាក្យ ពួកកូន នៅក្នុងបរិបទនេះមានន័យថា ទាំងកូនប្រុស និងកូនស្រី [ សូមមើល គ. និង ស. ២៥:១ ] ) ។
ចូរចង្អុលបង្ហាញថា ឃ្លា « និស្ស័យជាកូនចិញ្ចឹម » ( ខទី ១៥ ) ។ សូមពន្យល់ថា ពាក្យ « វិញ្ញាណយើង » ( ខទី ១៦ ) មានន័យថា រូបកាយវិញ្ញាណរបស់យើងត្រូវបានបង្កើតឡើងដោយព្រះវរបិតាសួគ៌ ហើយធ្វើឲ្យមនុស្សគ្រប់រូបក្លាយជាកូនវិញ្ញាណរបស់ព្រះវរបិតាសួគ៌ ។ ទោះជាយ៉ាងក៏ដោយ មានតែតាមរយៈការចុះសេចក្ដីសញ្ញាជាមួយនឹងព្រះតាមរយៈពិធីបរិសុទ្ធនានា ហើយរក្សាសេចក្ដីសញ្ញាទាំងនោះប៉ុណ្ណោះ ទើបមនុស្សមានការកើតជាថ្មីខាងវិញ្ញាណ ឬត្រូវបានទទួលចិញ្ចឹមជាបុត្រាបុត្រីរបស់ទ្រង់នៅក្នុងសេចក្ដីសញ្ញានៃដំណឹងល្អ ។ ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធចង្អុលបង្ហាញថា មនុស្សបែបនេះពុំមែនគ្រាន់តែជាកូនវិញ្ញាណរបស់ព្រះដោយគុណធម៌នៃការបង្កបង្កើតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាកូនចៅនៃសេចក្ដីសញ្ញារបស់ទ្រង់ផងដែរ ។
សូមអញ្ជើញសិស្សម្នាក់អាន រ៉ូម ៨:១៧-១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា កូនចៅនៃសេចក្ដីសញ្ញារបស់ព្រះអាចប្រែក្លាយជាអ្វី ។
-
តើកូនចៅនៃសេចក្ដីសញ្ញារបស់ព្រះអាចប្រែក្លាយជាអ្វី ? ( សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ដោយទុកចន្លោះត្រង់កន្លែងពាក្យ ស្មោះត្រង់ ៖ ប្រសិនបើយើងជាកូនចៅដ៏ស្មោះត្រង់នៃសេចក្ដីសញ្ញារបស់ព្រះ នោះយើងអាចគ្រងមរតកជាមួយនឹងព្រះយេស៊ូវគ្រីស្ទនូវអ្វីៗដែលព្រះវរបិតាសួគ៌មាន ) ។
-
តើអ្នកគ្រងមរតកជាមួយមានន័យដូចម្ដេច ? ( មនុស្សម្នាក់ដែលទទួលបានមរតកស្មើនឹងអ្នកគ្រងមរតកផ្សេងទៀត ) ។
-
យោងតាម ខទី ១៧តើកូនចៅនៃសេចក្ដីសញ្ញារបស់ព្រះត្រូវធ្វើអ្វីខ្លះ ដើម្បីក្លាយជាអ្នកគ្រងមរតកជាមួយនឹងព្រះគ្រីស្ទ ?
សូមពន្យល់ថា « រងទុក្ខជាមួយនឹង [ ព្រះយេស៊ូវគ្រីស្ទ ] » ( ខទី ១៧ ) ពុំមែនមានន័យថា យើងរងទុក្ខនូវអ្វីដែលព្រះអង្គសង្គ្រោះបានរងទុក្ខ ដែលជាផ្នែកមួយនៃពលិកម្មធួនរបស់ទ្រង់នោះទេ ។ ផ្ទុយទៅវិញ ដូចជាព្រះអង្គសង្គ្រោះដែរ យើងត្រូវបោះបង់ចោលនូវគ្រប់ទាំងអំពើដ៏ឥតបរិសុទ្ធ បែរមកគោរពព្រះបញ្ញត្តិ ហើយស៊ូទ្រាំនឹងការផ្ទុយដោយស្មោះត្រង់ ( សូមមើល ម៉ាថាយ ១៦:២៤, ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ, ម៉ាថាយ ១៦:២៦ [ នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ] ) ។ សូមបន្ថែមពាក្យស្មោះត្រង់ដើម្បីបំពេញគោលការណ៍នៅលើក្ដារខៀន ។ សូមគូសតារាងមួយដែលមានជួរឈរបីនៅលើក្ដារខៀន ។ សូមសរសេរចំណងជើងជួរឈរទីមួយថា កិច្ចតម្រូវ ជួរឈរកណ្ដាល ការផ្ទុយ និងជួរឈរទីបីថា មរតក ។ ចូរសរសេរចម្លើយរបស់សិស្សចំពោះសំណួរខាងក្រោមនេះនៅក្នុងជួរឈរដែលសមរម្យ ។
-
តើទង្វើអ្វីខ្លះ ដែលយើងត្រូវតម្រូវឲ្យធ្វើដើម្បីត្រូវបានចាត់ទុកថាជាកូនចៅនៃសេចក្ដីសញ្ញាដ៏ស្មោះត្រង់របស់ព្រះ ?
-
តើឧទាហរណ៍នៃការផ្ទុយដែលយើងអាចជួប នៅពេលយើងខិតខំរស់នៅធ្វើជាកូនចៅនៃសេចក្ដីសញ្ញាដ៏ស្មោះត្រង់របស់ព្រះនោះមានអ្វីខ្លះ ?
-
តើយើងអាចទទួលបានពរជ័យអ្វីខ្លះពីព្រះវរបិតាសួគ៌ ប្រសិនបើយើងខិតខំរស់នៅធ្វើជាកូនចៅនៃសេចក្ដីសញ្ញាដ៏ស្មោះត្រង់របស់ព្រះនោះ ? ( ចម្លើយមួយដែលអាចមានគឺថា យើងអាចប្រែក្លាយដូចជាព្រះវរបិតាសួគ៌ ) ។
ចូរសុំឲ្យសិស្សពិចារណាអំពីបញ្ជីនៅលើក្ដារខៀន ។
-
បន្ទាប់ពីអានការបង្រៀនរបស់ប៉ុលនៅក្នុង ខទី ១៨រួចហើយ តើអ្នកគិតថាកិច្ចតម្រូវចំពោះការគ្រងមរតកជាមួយនឹងព្រះគ្រីស្ទមានលក្ខណៈបែបណាដែរ ប្រសិនបើប្រៀបធៀបនឹងពរជ័យនានា ? ហេតុអ្វី ?
សូមពន្យល់ថា នៅក្នុង រ៉ូម ៨:១៩–៣០ យើងអានថា ប៉ុលបានបង្រៀនថា ព្រះវិញ្ញាណជួយយើងនៅក្នុងភាពទន់ខ្សោយរបស់យើង ហើយជួយយើងឲ្យស្គាល់អ្វីដែលត្រូវអធិស្ឋានទូលសូម ។ យើងក៏អានផងដែរថា ព្រះយេស៊ូវគ្រីស្ទត្រូវបានហៅមកនៅក្នុងជីវិតមុនផែនដីនេះ ដើម្បីធ្វើជាព្រះអង្គសង្គ្រោះនៃកូនចៅរបស់ព្រះ ( សូមមើល ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ, រ៉ូម ៨:២៩–៣០ ) ។
កំណត់ចំណាំ ៖ នៅក្នុង រ៉ូម ៨:២៩–៣០ ពាក្យ តម្រូវទុកជាមុន មានន័យថាតែងតាំង ឬហៅពីមុន ។ សិស្សនឹងសិក្សាការបង្រៀនមួយចំនួនរបស់ប៉ុលស្ដីពីការតែងតាំងពីមុន នៅក្នុងមេរៀនអំពី អេភេសូរ ១ ។
សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង រ៉ូម ៨:២៨, ៣១-៣៩ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ប៉ុលបានបង្រៀនសេចក្ដីពិតអ្វីខ្លះអំពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលពាក់ព័ន្ធនឹងការផ្ទុយ ការប្រឈមមុខ និងទុក្ខវេទនានៅក្នុងជីវិតរមែងស្លាប់ ។ ចូរចង្អុលបង្ហាញថា ការបកប្រែដោយយ៉ូសែប ស្ម៊ីធ សម្រាប់ រ៉ូម ៨:៣១ បានប្ដូរឃ្លា « ទាស់នឹង » ទៅជា « ឈ្នះ » ។
-
តើសេចក្ដីពិតអ្វីខ្លះ ដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះ ? ( សិស្សអាចនឹងរកឃើញសេចក្ដីពិតផ្សេងៗគ្នា រួមបញ្ចូលទាំងគោលការណ៍ខាងក្រោមផងដែរ ៖ ប្រសិនបើយើងស្រឡាញ់ព្រះ នោះគ្រប់ការណ៍ទាំងអស់នឹងផ្សំគ្នា សម្រាប់សេចក្ដីល្អដល់យើង ។ យើងអាចយកឈ្នះលើការប្រឈមមុខ និង សេចក្តីឈឺចាប់ទាំងអស់នៅក្នុងជីវិតរមែងស្លាប់តាមរយៈព្រះយេស៊ូវគ្រីស្ទ ។ គ្មានអ្វីអាចបំបែកយើងពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលបានបង្ហាញឲ្យឃើញនៅក្នុងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបានឡើយ ) ។
-
តើព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់អាចជួយយើងឲ្យយកឈ្នះលើការប្រឈមមុខ និងទុក្ខវេទនានៅក្នុងជីវិតរមែងស្លាប់នេះបានយ៉ាងដូចម្ដេច ?
-
ដោយពិចារណាអំពីការប្រឈម និងទុក្ខវេទនាក្នុងជីវិតរមែងស្លាប់ដែលអ្នកធ្លាប់ជួប តើប្រយោគណាមួយនៅក្នុងខគម្ពីរទាំងនេះ ដែលអ្នកគិតថាសំខាន់ ? ហេតុអ្វី ?
-
តើអ្នកធ្លាប់ដកពិសោធន៍អំពីសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងចំណោមការប្រឈមមុខ និងទុក្ខវេទនារបស់អ្នកយ៉ាងដូចម្ដេចដែរ ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកត់ចំណាំការរៀនសូត្ររបស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេនូវអ្វីដែលពួកគេត្រូវបានបំផុសគំនិតឲ្យធ្វើ ដើម្បីពួកគេអាចយកឈ្នះលើការប្រឈម និងទុក្ខវេទនាទាំងឡាយរបស់ពួកគេតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យអនុវត្តអ្វីដែលពួកគេបានសរសេរ ។
រ៉ូម ៩-១១
ប៉ុលបង្រៀនផងដែរអំពីការបដិសេធសេចក្ដីសញ្ញារបស់ព្រះ និងការផ្សាយដំណឹងល្អដល់ពួកសាសន៍ដទៃ
ចូរសុំសិស្សឲ្យពិចារណាថាពួកគេនឹងប្រព្រឹត្តតបចំពោះសាច់រឿងខាងក្រោមនេះដោយរបៀបណា ៖
-
អ្នកអមដំណើរជាមួយប៊ីស្សពរបស់អ្នកទៅសួរសុខទុក្ខយុវជនម្នាក់ ដែលមានគ្រួសារសកម្មនៅក្នុងសាសនាចក្រ ប៉ុន្តែគាត់អសកម្ម ។ នៅពេលប៊ីស្សពរបស់អ្នកព្យាយាមជួយយុវជននោះឲ្យយល់អំពីផលវិបាកនៃការមិនរស់នៅតាមដំណឹងល្អ យុវជននោះបានពោលថា « កុំបារម្ភអី ។ ខ្ញុំជ្រមុជទឹករួចហើយ ហើយឪពុកម្ដាយខ្ញុំជាសមាជិកសកម្មទៀត ។ ព្រះនឹងមិនដកយកពរជ័យចេញពីខ្ញុំនោះទេ » ។
-
ថ្មីៗនេះអ្នកបានសេពគប់នឹងយុវនារីម្នាក់ដែលមានជំនឿផ្សេង ។ នាងសួរអំពីបទដ្ឋានដែលអ្នករស់នៅតាម ។ បន្ទាប់ពីអ្នករៀបរាប់អំពីបទដ្ឋានមួយចំនួនរបស់ព្រះអម្ចាស់ហើយ នាងពោលថា « ខ្ញុំមិនយល់ទេ ហេតុអ្វីអ្នកធ្វើរឿងទាំងអស់នេះ ។ អ្វីដែលអ្នកត្រូវធ្វើដើម្បីឲ្យបានសង្គ្រោះនោះ គឺជឿលើព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះជាការស្រេច » ។
នៅពេលសិស្សសិក្សា រ៉ូម ៩–១១ សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិត ដែលអាចជួយពួកគេឲ្យយល់ថា ការទទួលបានពរជ័យនៃដំណឹងល្អតម្រូវឲ្យមានអ្វីខ្លះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានការពន្យល់អំពីការបង្រៀនរបស់ប៉ុលនៅក្នុង រ៉ូម ៩–១១ដូចតទៅនេះ ៖
ដូចដែលបានកត់ត្រានៅក្នុង រ៉ូម ៩–១១ ប៉ុលបានប្រើពាក្យ អ៊ីស្រាអែល និង សាសន៍អ៊ីស្រាអែល ជំនួសឲ្យពាក្យ សាសន៍យូដា នៅក្នុងការពិភាក្សាអំពីការជ្រើសរើស ដែលពួកសាសន៍យូដាជាច្រើនបានធ្វើ ។ ពេលខ្លះ កូនចៅនៃសេចក្ដីសញ្ញារបស់ព្រះគឺសំដៅទៅលើវង្សអ៊ីស្រាអែល ។ នៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសពូជពង្សយ៉ាកុប ឬអ៊ីស្រាអែល ជាផ្នែកមួយនៃសេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងអ័ប្រាហាំ ( សូមមើល រ៉ូម ៩:៤–៥ ) ដែលបានដាក់បញ្ចូលនូវពរជ័យដ៏អស្ចារ្យ ដូចជាដំណឹងល្អ សិទ្ធិអំណាចបព្វជិតភាព ជីវិតដ៏នៅអស់កល្បជានិច្ច កូនចៅអស់កល្បជានិច្ច ដែនដីមរតក និងការទទួលខុសត្រូវក្នុងការផ្ដល់ពរជ័យដល់ពិភពលោកជាមួយនឹងដំណឹងល្អ ។
សូមអញ្ជើញសិស្សម្នាក់អាន រ៉ូម ៩:៦, ៨ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ប៉ុលបានបង្រៀនអ្វីខ្លះ អំពីសមាជិកនៃវង្សអ៊ីស្រាអែល ។
-
តើអ្នកគិតថា ប៉ុលចង់មានន័យយ៉ាងណាដោយពោលថា « មិនមែនអស់អ្នកដែលកើតក្នុងសាសន៍អ៊ីស្រាអែល ជាសាសន៍អ៊ីស្រាអែលពិតនោះឡើយ » ? ( ខទី ៦ ) ។ ( ពួកសាសន៍យូដាជាច្រើនបានទុកចិត្តទាំងខុសឆ្គងថា តំណពូជពង្សរបស់ពួកគេតាមអ័ប្រាហាំនឹងធានាអះអាងដល់ពួកគេចំពោះពរជ័យនៃសេចក្ដីសញ្ញានោះ ) ។
សូមពន្យល់ថា នៅក្នុង រ៉ូម ៩:២៥–៣០ យើងអានថា ប៉ុលបានបង្រៀនថា ពួកសាសន៍ដទៃដែលបានចូលក្នុងសាសនាចក្រអាចទទួលបានរាល់ពរជ័យនៃសេចក្ដីសញ្ញា ហើយប្រែក្លាយទៅជាមនុស្សសុចរិតដោយអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
ចូរសុំឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឲ្យឮៗនៅក្នុង រ៉ូម ៩:៣១-៣៣, ១០:១–៤ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអំពីរបៀប ដែលពួកសាសន៍អ៊ីស្រាអែលមួយចំនួននៅក្នុងសម័យរបស់ប៉ុលបានខិតខំប្រែក្លាយទៅជាមនុស្សសុចរិតនៅចំពោះព្រះ ។ សូមពន្យល់ថា « ក្រឹត្យវិន័យដ៏សុចរិត » ( រ៉ូម ៩:៣១ ) សំដៅទៅលើក្រឹត្យវិន័យរបស់ម៉ូសេ, « ថ្មជំពប់ » ( រ៉ូម ៩:៣២, ៣៣ ) គឺជាព្រះយេស៊ូវគ្រីស្ទ និង « សេចក្ដីសុចរិតនៃព្រះ » ( រ៉ូម ១០:៣ ) សំដៅទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
-
យោងតាម រ៉ូម ៩:៣១–៣៣ តើពួកសាសន៍អ៊ីស្រាអែលមួយចំនួននៅក្នុងសម័យរបស់ប៉ុល បានខិតខំប្រែក្លាយជាមនុស្សសុចរិតនៅចំពោះព្រះតាមរបៀបណា ? ( តាមរយៈការធ្វើកិច្ចការនៅក្នុងក្រឹត្យវិន័យរបស់ម៉ូសេដ៏តឹងរឹង ) ។
-
យោងតាម រ៉ូម ១០:៣–៤ តើពួកសាសន៍អ៊ីស្រាអែលបានបដិសេធអ្វី ? ( ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសុចរិតអាចកើតមានឡើងតាមរយៈទ្រង់ ) ។
សូមពន្យល់ថា ដូចដែលបានកត់ត្រានៅក្នុង រ៉ូម ១០:៨–១៣ ប៉ុលបានពន្យល់ « សេចក្តីសុចរិត ដែលមកដោយសារសេចក្តីជំនឿ » ( រ៉ូម ៩:៣០ ) អាចទទួលយកបាន ។ សូមអញ្ជើញសិស្សបួនប្រាំនាក់ឲ្យប្ដូរវេនគ្នាអានឮៗនៅក្នុង រ៉ូម ១០:៨-១៣។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលរបៀប ដើម្បីទទួលបានសេចក្ដីសុចរិតនេះ ។
-
តើមនុស្សម្នាក់ត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានសេចក្ដីសុចរិតដែលកើតចេញពីសេចក្ដីជំនឿ ?
សូមពន្យល់ថា ពាក្យក្រិកដែលប្រែមកថា សារភាព នៅក្នុង ខទី ៩ ចង្អុលបង្ហាញអំពីការទទួលស្គាល់ដោយបើកចំហរមួយនៃការទទួលយក ឬមានន័យថាសេចក្ដីសញ្ញា ហើយពាក្យក្រិក ដែលប្រែថា ជឿ ចង្អុលបង្ហាញអំពីការតាំងចិត្តដ៏ជឿជាក់មួយ ។ ទំនុកចិត្តដ៏ជ្រាលជ្រៅលើព្រះអង្គសង្គ្រោះនេះ បានដឹកនាំមនុស្សឲ្យទទួលស្គាល់ការទទួលយករបស់ពួកគេចំពោះទ្រង់ដោយឥតលាក់លាម តាមរបៀបដែលទ្រង់បានតាំងឡើង ។ របៀបដែលបានត្រូវតាំងឡើងទាំងនេះរួមបញ្ចូលទាំងការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ការប្រែចិត្ត និងការទទួលយកពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ ដូចជាពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
-
យោងតាមការបង្រៀនរបស់ប៉ុល តើយើងត្រូវធ្វើអ្វីខ្លះ ប្រសិនបើយើងប្រាថ្នាចង់ទទួលបានពរជ័យនៃសេចក្ដីសញ្ញារបស់ព្រះ រួមទាំងសេចក្ដីសង្គ្រោះនោះផងដែរ ? ( សូមជួយសិស្សឲ្យរកឃើញនូវគោលការណ៍ដូចតទៅនេះ ៖ ប្រសិនបើយើងទទួល ហើយប្រតិបត្តិតាមព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះយើងអាចទទួលបានពរជ័យនៃសេចក្ដីសញ្ញារបស់ព្រះ ហើយត្រូវបានសង្គ្រោះ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
ចូរចង្អុលបង្ហាញថា មានមនុស្សខ្លះធ្លាប់ប្រើ រ៉ូម ១០:៩, ១៣ ដើម្បីប្រកាសថា អ្វីទាំងអស់ដែលយើងត្រូវធ្វើដើម្បីបានសង្គ្រោះ គឺការសារភាពជាពាក្យសម្ដីពីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ ចូររំឭកសិស្សអំពីសាច់រឿង ដែលបានលើកឡើងខាងដើមនៃមេរៀននេះ ។
-
តើសេចក្ដីពិតនៅក្នុងមេរៀននេះអាចជួយយើងឲ្យឆ្លើយតបនឹងសាច់រឿងទាំងនេះបានយ៉ាងដូចម្ដេច ?
សូមសង្ខេបផ្នែកនៅសល់ក្នុង រ៉ូម ១០–១១ ដោយពន្យល់ថា ប៉ុលបានបង្រៀនថា ការស្ដាប់ឮព្រះបន្ទូលព្រះ គឺជារឿងដ៏សំខាន់ចំពោះការអភិវឌ្ឍសេចក្ដីជំនឿលើព្រះគ្រីស្ទ ។ លោកបានប្រើរឿងប្រៀបធៀបមួយអំពីការផ្សាំមែកដើមអូលីវព្រៃទៅនឹងដើមអូលីវស្រុក ដើម្បីតំណាងឲ្យការដាក់បញ្ចូលពួកសាសន៍ដទៃទៅក្នុងវង្សអ៊ីស្រាអែល ( សូមមើល យ៉ាកុប ៥:៣–១៤ ) ។ លោកក៏បានបង្រៀនផងដែរថា ដំណឹងល្អនឹងផ្ដល់ទៅឲ្យពួកសាសន៍យូដាម្ដងទៀត ។
សូមបញ្ចប់មេរៀនដោយថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលបានពិភាក្សានៅក្នុងមេរៀននេះ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
រ៉ូម ៨:១៤-១៧ ។ « យើងជាកូនរបស់ព្រះ »
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់អំពីមរតករបស់យើងមកពីព្រះ ក្នុងនាមជាកូនចៅរបស់ព្រះ ៖
« ព្រះវរបិតារបស់បងប្អូនគង់នៅស្ថានសួគ៌ស្គាល់ឈ្មោះ និងកាលៈទេសៈរបស់បងប្អូន ។ ទ្រង់ស្ដាប់ឮការអធិស្ឋានបងប្អូន ។ ទ្រង់ត្រាស់ដឹងអំពីសេចក្តីសង្ឃឹម និង សុបិនរបស់បងប្អូន រួមទាំងសេចក្តីភ័យខ្លាច និងការលំបាកនានារបស់បងប្អូនផងដែរ » ។ ហើយទ្រង់ជ្រាបអំពីអ្វីដែលបងប្អូនអាចប្រែក្លាយតាមរយៈសេចក្ដីជំនឿលើទ្រង់ ។ ដោយសារតែមរតកដ៏ទេវភាពនេះ បងប្អូន រួមទាំងបងប្អូនប្រុសស្រីខាងវិញ្ញាណទាំងអស់របស់បងប្អូនដែរ មាននូវភាពស្មើគ្នាដ៏ពេញលេញនៅក្នុងព្រះនេត្ររបស់ទ្រង់ ហើយនឹងទទួលបានអំណាចតាមរយៈការគោរពប្រតិបត្តិ ដើម្បីក្លាយជាអ្នកគ្រងមរតកតាមច្បាប់នៅក្នុងនគរដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ « [ជាអ្នកគ្រងមរតក] នៃព្រះជាមួយនឹងព្រះគ្រីស្ទ » [ រ៉ូម ៨:១៧ ] ។ ចូរខិតខំស្វែងយល់អំពីសារៈសំខាន់នៃគោលលទ្ធិទាំងនេះ ( « To Young Women » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២៨ ) ។
« ព្រះគម្ពីរលើកឡើងថាយើងជា ‹ កូនរបស់ព្រះ › នៅក្នុងន័យជាច្រើន ( រ៉ូម ៨:១៦ ) ។ ទីមួយ មនុស្សគ្រប់រូបគឺជាកូនជាទីស្រឡាញ់ខាងវិញ្ញាណមួយរូបរបស់ព្រះវរបិតាសួគ៌ ( សូមមើល ម៉ាឡាគី ២:១០, កិច្ចការ ១៧:២៩, ហេព្រើរ ១២:៩ ‹ The Family: A Proclamation to the World › Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ ទីពីរ យើង ‹ កើតជាថ្មី › ជាកូនរបស់ព្រះតាមរយៈទំនាកទំនងសេចក្ដីសញ្ញាមួយ នៅពេលយើងបង្ហាញសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ [ និងពិធីបរិសុទ្ធផ្សេងទៀត ] ( សូមមើល យ៉ូហាន ១:១២, កាឡាទី ៣:២៦–២៩, ម៉ូសាយ ៥:៧, គ. និង ស. ១១:៣០, [ គ. និង ស. ៨៤:៣៣–៣៨ ] ម៉ូសេ ៦:៦៥–៦៨ ) » ( New Testament Student Manual [ Church Educational System manual, 2014 ] ទំព័រ ៣៤៨ ) ។
ព្រះវិញ្ញាណមិនត្រឹមតែអាចបញ្ជាក់ថា យើងជាកូនចៅនៃសេចក្ដីសញ្ញារបស់ព្រះតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏អាចបញ្ជាក់ទៅកាន់វិញ្ញាណរបស់យើងផងដែរថា យើងពិតជាកូនសំណព្វរបស់ព្រះ ហើយថាយើងបានរស់នៅជាមួយនឹងទ្រង់ពីមុនយើងបានចាប់កំណើតមក ។
រ៉ូម ៨:១៥ ។ « និស្ស័យជាកូនចិញ្ចឹម »
« ការសុំកូនមកចិញ្ចឹមគឺជារឿងទូទៅនៅក្នុងសម័យរ៉ូម ហើយពួកអ្នកអានរបស់ប៉ុលធ្លាប់ដឹងអំពីរឿងនេះហើយ ។ មនុស្សដែលបានសុំមនុស្សម្នាក់ទៀតមកចិញ្ចឹមដោយស្របច្បាប់ បានប្រគល់ដល់បុគ្គលនោះនូវរាល់សិទ្ធិ និងឯកសិទ្ធិនានាដែលកូនបង្កើតម្នាក់មាន ។ ហេតុដូច្នេះហើយ នៅពេលយើងទទួល ‹ និស្ស័យជាកូនចិញ្ចឹម › ( រ៉ូម ៨:១៥ ) តាមរយៈការចូលក្នុងសេចក្ដីសញ្ញានៃដំណឹងល្អ នោះយើងប្រែក្លាយជាកូនរបស់ព្រះ ហើយ ‹ ជាអ្នកគ្រងមរតកជាមួយនឹងព្រះគ្រីស្ទ › ( រ៉ូម ៨:១៧ ) » ( New Testament Student Manual [ Church Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ៣៤៨ ) ។
នៅក្នុងព្រះគម្ពីរមរមន ស្តេចបេនយ៉ាមីនក៏បានបង្រៀនផងដែរអំពីរបៀបដែលយើងអាចប្រែក្លាយជា « កូនចៅរបស់ព្រះគ្រីស្ទ » ( សូមមើល ម៉ូសាយ ៥:៥–១០ ) ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទក៏ « ក្លាយជាព្រះបិតារបស់យើងដែរ » ដោយសារទ្រង់ « ផ្ដល់ឲ្យយើងនូវជីវិត ជាជីវិតដ៏អស់កល្បជានិច្ច តាមរយៈដង្វាយធួនដែលទ្រង់បានធ្វើសម្រាប់យើង » ។ ប្រធាន ស្ម៊ីធ បានពន្យល់ថា « យើងក្លាយជាបុត្រ បុត្រា និងបុត្រីនៃព្រះយេស៊ូវគ្រីស្ទតាមរយៈសេចក្ដីសញ្ញារបស់យើងដើម្បីគោរពតាមទ្រង់ » ( Doctrines of Salvation ចងក្រងដោយ ប៊្រូស អ័រ ម៉ាក់ខន់ឃី វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–១៩៥៦ ] ១:២៩ ) ។
រ៉ូម ៨:៣១-៣២ ។ « ប្រសិនបើជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ? »
« ប៉ុលបានបង្រៀនថា ដង្វាយធួនរបស់ព្រះគ្រីស្ទបង្ហាញថា ‹ ព្រះកាន់ខាងយើង › ហើយបានប្តេជ្ញាចិត្តចំពោះយើង និងសុខុមាលភាពដ៏នៅអស់កល្បជានិច្ចរបស់យើង ។ ដោយសារព្រះបានប្រទានព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់សម្រាប់យើង នោះយើងអាចទុកចិត្តបានថា ព្រះនឹងបន្តធ្វើការសម្រាប់សេចក្ដីសង្គ្រោះរបស់យើង ហើយរៀបចំយើងឲ្យក្លាយជាអ្នកគ្រងមរតកនៃរាល់អ្វីៗ ដែលទ្រង់សព្វព្រះទ័យប្រទានដល់យើង ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានទូន្មានដល់សមាជិកសាសនាចក្រនូវរឿងស្រដៀងគ្នានេះ ៖
« ‹ ពេលពិចារណាចំពោះតម្លៃដែលមិនអាចកាត់ថ្លៃបាននៃការឆ្កាង និងដង្វាយធួន នោះខ្ញុំសន្យាដល់បងប្អូនថា ទ្រង់នឹងពុំបោះបង់យើងចោលនៅពេលនេះឡើយ ។ … បងប្អូនប្រុសស្រី មិនថាមានអ្វីដែលកំពុងធ្វើឲ្យបងប្អូនរងទុក្ខនោះទេ សូម កុំចុះចាញ់ › ( ‹ Broken Things to Mend › Ensign ឬ Liahona ខែឧសភា ឆ្នាំ ២០០៦ ទំព័រ ៧១ ) » ( New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៣៥០ ) ។
រ៉ូម ៨:២៩–៣០, ៩:១១, ១១:២, ៥, ៧, ២៨ ។ ការតម្រូវទុកជាមុន ការតែងតាំងពីមុន និងការរើសតាំង
« នៅក្នុង រ៉ូម ៨:២៩–៣០ពាក្យក្រិកដែលបានបកប្រែថាជា ការតម្រូវទុកជាមុន មានន័យថា ‹ ការតែងតាំង ឬការកំណត់ទុកជាមុន › ហើយវាសំដៅទៅលើការតែងតាំងពីមុនដែលមនុស្សមួយចំនួនបានទទួល ដោយផ្អែកទៅលើព្រះតំរិះជាមុនរបស់ព្រះ ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយប្រែក្លាយដូចជាទ្រង់ ( សូមមើលផងដែរ អេភេសូរ ១:៣–៤, ពេត្រុសទី ១ ១:២ ) ។ ‹ ការតែងតាំងជាមុន ពុំបានធានាថា បុគ្គលទាំងឡាយនឹងទទួលបានការហៅបម្រើ ឬ ការទទួលខុសត្រូវជាក់លាក់នោះទេ ។ ឱកាសបែបនោះចូលមកក្នុងជីវិត ជាលទ្ធផលមួយនៃការអនុវត្តយ៉ាងសុចរិតនូវសិទ្ធិជ្រើសរើស គឺដូចជាការតែងតាំងជាមុនបានមក ជាលទ្ធផលមួយនៃភាពសុចរិតដែលនៅក្នុងជីវិតមុនផែនដីដែរ › ( ‹ Foreordination › True to the Faith: A Gospel Reference [ ឆ្នាំ២០០៤ ] ទំព័រ ៦៩ សូមមើលផងដែរ អាលម៉ា ១៣:៣–៤ ) » ( New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៣៥០ ) ។
Bible Dictionary ( វចនានុក្រមព្រះគម្ពីរប៊ីប ) ពន្យល់ថា ការរើសតាំង គឺជា « ពាក្យមួយខាងសាសនាដែលសំដៅទៅលើការជ្រើសរើសរបស់ព្រះចំពោះវង្សអ៊ីស្រាអែលឲ្យធ្វើជារាស្ត្រនៃសេចក្ដីសញ្ញាដោយមានឯកសិទ្ធិ និងទំនួលខុសត្រូវទាំងឡាយ ដើម្បីឲ្យពួកគេអាចក្លាយជាមធ្យោបាយមួយដែលនាំយកពរជ័យទៅកាន់ពិភពលោកទាំងមូល ។ …
« រាស្ត្រជម្រើសត្រូវបានជ្រើសឡើងតាំងពីមុន ‹ កំណើតលោកិយនេះម្ល៉េះ › ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានជ្រើសតាំងឲ្យទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចដោយគ្មានលក្ខខណ្ឌឡើយ ។ មនុស្សម្នាក់ៗត្រូវតែស្ដាប់តាមដំណឹងល្អ ហើយទទួលពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានានានៃដំណឹងល្អអំពីពួកអ្នកបម្រើរបស់ព្រះអម្ចាស់ដោយខ្លួនឯង ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ។ ប្រសិនបើមនុស្សម្នាក់ត្រូវបានរើសតាំង ប៉ុន្តែពុំបម្រើ នោះការរើសតាំងរបស់គាត់អាចចាត់ទុកថាជារឿងអសារឥតការ ដូចជាប៉ុលបានប្រាប់នៅក្នុង ២ កូរិន ៦:១ ។
« … ការ ‹ រើសតាំងដោយព្រះគុណ › មួយដែលបានចែងនៅក្នុង … រ៉ូម ១១:១–៥ មានសេចក្ដីយោងទៅនឹងស្ថានភាពមនុស្សម្នាក់នៅក្នុងជីវិតរមែងស្លាប់ ដែលជាការកើតនៅពេលមួយ នៅកន្លែងមួយ និងនៅក្នុងកាលៈទេសៈដែលមនុស្សម្នាក់នឹងបានស្គាល់ដំណឹងល្អ ។ ការរើសតាំងនេះបានកើតមាននៅក្នុងជីវិតមុនផែនដី ។ ជនដែលស្មោះត្រង់ ហើយឧស្សាហ៍ព្យាយាមនៅក្នុងដំណឹងល្អនៅក្នុងជីវិតរមែងស្លាប់ទទួលបានការរើសតាំង ដែលបាំបាច់បន្ថែមទៀតនៅក្នុងជីវិតនេះ ហើយប្រែក្លាយជារាស្ត្រជម្រើសរបស់ព្រះ ។ ជនទាំងនេះទទួលការសន្យានៃភាពពេញលេញនៃសិរីល្អរបស់ព្រះនៅក្នុងភាពអស់កល្បជានិច្ច ( គ. និង ស. ៨៤:៣៣–៤១ ) » ( Bible Dictionary, « Election » សូមមើលផងដែរ ឬ អាលម៉ា ១៣:៣–៤ ) ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានពន្យល់ថា « ការរើសតាំងរបស់បុគ្គលម្នាក់ៗសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ចដោយឥតលក្ខខណ្ឌ [ ការតម្រូវទុកជាមុន ] ពុំត្រូវបានបង្រៀនដោយពួកសាវកឡើយ ។ ព្រះបានរើសតាំង ឬតម្រូវទុកជាមុន ថាអស់អ្នកណាដែលនឹងត្រូវបានសង្គ្រោះ គួរត្រូវបានសង្គ្រោះនៅក្នុងព្រះគ្រីស្ទ យេស៊ូវ ហើយតាមរយៈការគោរពប្រតិបត្តិតាមដំណឹងល្អ » ( នៅក្នុង History of the Church, ៤:៣៦០ ) ។ ការណ៍នោះគឺថា មនុស្សទាំងអស់ដែលនឹងបានសង្គ្រោះនឹងទទួលបានសេចក្ដីសង្គ្រោះតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយមិនមែនតាមវិធីផ្សេងឡើយ ។
រ៉ូម ១១:២៥ ។ « សាសន៍ដទៃទាំងប៉ុន្មាន »
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់អំពីអត្ថន័យនៃឃ្លា « សាសន៍ដទៃទាំងប៉ុន្មាន » ៖
« មាននូវគ្រា ឬសម័យមួយបានតាំងឡើងសម្រាប់ពួកសាសន៍យូដាដើម្បីស្ដាប់ឮព្រះបន្ទូល រួចក្រោយមកមានគ្រាមួយសម្រាប់ពួកសាសន៍ដទៃ ដែលត្រូវបានចាត់ទុកជាអាទិភាពដើម្បីស្ដាប់ឮដំណឹងល្អ ។ សម័យរបស់ពួកសាសន៍ដទៃគឺជាគ្រាដែលដំណឹងល្អបានទៅដល់ពួកគេ ដោយសារពួកគេត្រូវបានជ្រើសឲ្យទទួលវា ហើយការណ៍នេះនឹងបន្តរហូតដល់ពួកគេមានឱកាសពេញលេញមួយដើម្បីទទួលយកសេចក្ដីពិត ឬអាចនិយាយម្យ៉ាងទៀតថា រហូតដល់សាសន៍ដទៃទាំងអស់ទទួលបានវា ។ បន្ទាប់មក សារលិខិតនេះនឹងផ្ដល់ទៅពួកសាសន៍យូដាម្ដងទៀត ពាក្យថាសាសន៍យូដាមានន័យថា ប្រជាជាតិ និងប្រជាជនមួយក្រុម » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ១៩៦៥–៧៣ ] ២:២៩០ ) ។
ជាច្រើនសតវត្សរ៍ពីមុនប៉ុលបានសរសរសំបុត្ររបស់លោក នីហ្វៃបានបង្រៀនបងប្អូនប្រុសរបស់លោកថា នៅថ្ងៃចុងក្រោយដំណឹងល្អនឹងត្រូវបាននាំមកឲ្យពូជពង្សរបស់លោក និងពូជពង្សនៃបងប្រុសរបស់លោកតាមរយៈពួកសាសន៍ដទៃទាំងប៉ុន្មាន ។ ការណ៍នេះនឹងជួយពួកគេឲ្យ « ចេះដឹងអំពីព្រះដ៏ប្រោសលោះរបស់ពួកគេ និង គ្រប់ន័យទំាងឡាយនៃគោលលទ្ធិរបស់ទ្រង់ ដើម្បីឲ្យពួកគេអាចដឹងថា ត្រូវតែមករកទ្រង់ ទើបនឹងបានសង្គ្រោះ » ( នីហ្វៃទី១ ១៥:១៤ ) ។ ការប្រមូលផ្ដុំពូជពង្សរបស់លីហៃនេះគឺជាផ្នែកមួយនៃការផ្សាំមែកធម្មជាតិជាមួយនឹងដើមអូលីវនៅថ្ងៃចុងក្រោយ ដូចដែលបានព្យាករដោយប៉ុល និង ស៊ីណូស ( សូមមើល រ៉ូម ១១:២៣–២៥, យ៉ាកុប ៥:៥២, ៦០, ៦៣, ៦៧–៦៨ ) ។
នៅពេលទេវតាមរ៉ូណៃបានលេចមកឯព្យាការី យ៉ូសែប ស្ម៊ីធ នៅឆ្នាំ ១៨២៣ មរ៉ូណៃបានថ្លែងថា « ភាពពោរពេញនៃពួកសាសន៍ដទៃនឹងកើតឡើងជាឆាប់ៗ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤១ ) ។