មេរៀនទី ៧៩
យ៉ូហាន ២០
សេចក្ដីផ្ដើម
នៅថ្ងៃអាទិត្យបន្ទាប់ពីការឆ្កាង ម៉ារា ម៉ាក់ដាឡា បានរកឃើញថាផ្នូរនៅទទេ ហើយបានប្រាប់ដល់យ៉ូហាន និងពេត្រុស ដែលក្រោយមកបានរត់ទៅមើលផ្នូរទទេនោះ ។ ព្រះគ្រីស្ទដែលបានរស់ឡើងវិញបានលេចមកឯ ម៉ារា ម៉ាក់ដាឡា ហើយក្រោយមកលេចមកឯពួកសិស្សរបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូហាន ២០:១-១០
ម៉ារា ម៉ាក់ដាឡា បានរកឃើញផ្នូរទទេ ហើយប្រាប់ដល់ យ៉ូហាន និង ពេត្រុស ដែលក្រោយមកបានរត់ទៅមើលផ្នូរទទេនោះ
ដើម្បីរៀបចំសិស្សឲ្យសិក្សាយ៉ូហាន ២០សូមអញ្ជើញពួកគេឲ្យគិតអំពីគ្រាមួយ ដែលមនុស្សជាទីស្រឡាញ់ម្នាក់របស់គេ ឬមនុស្សជាទីស្រឡាញ់របស់នរណាម្នាក់ដែលពួកគេស្គាល់បានស្លាប់ ។
-
តើយើងអាចមានអារម្មណ៍យ៉ាងណា ពេលមនុស្សជាទីស្រឡាញ់ម្នាក់បានស្លាប់ទៅនោះ ?
ដើម្បីជួយសិស្សយល់អំពីបរិបទអំពីយ៉ូហាន ២០ចូររំឭកពួកគេថា បន្ទាប់ពីព្រះយេស៊ូវបានសុគតប្រហែលជាម៉ោង ៣:០០ រសៀលថ្ងៃសុក្រ ក្រោយមកព្រះសពរបស់ទ្រង់ត្រូវបានគេដាក់នៅក្នុងផ្នូរមួយនាពេលល្ងាចនោះ ហើយបានដាក់ថ្មមួយផ្ទាំងយ៉ាងធំបិទនៅមាត់ផ្នូរ ។ ថ្ងៃឈប់សម្រាកបានចាប់ផ្ដើមនៅពេលអស្ដង្គត ។ ( អ្នកគួរពន្យល់ថា ពីមុនការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ រាស្ត្រនៅក្នុងសេចក្ដីសញ្ញារបស់ព្រះអម្ចាស់បានគោរពថ្ងៃឈប់សម្រាកចាប់ពីថ្ងៃលិចនៅថ្ងៃសុក្រ រហូតដល់ថ្ងៃលិចទៅវិញនៅថ្ងៃសៅរ៍ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់នឹកស្រមៃ ថាតើពួកសិស្សរបស់ព្រះយេស៊ូវមានអារម្មណ៍យ៉ាងណានៅថ្ងៃសុក្រដ៏អកុសលនោះ ។
« ខ្ញុំគិតអំពីភាពងងឹតនាថ្ងៃសុក្រ ដែលព្រះគ្រីស្ទត្រូវបានលើកឡើងឆ្កាងលើឈើឆ្កាង ។
« នៅថ្ងៃសុក្រដ៏អាក្រក់នោះ ផែនដីបានញ័ររន្ធត់ ហើយកាន់តែងងឹតសូន្យសុង ។ ព្យុះភ្លៀងដ៏សាហាវបានមាននៅគ្រប់កន្លែងលើផ្ទៃផែនដី ។
« បុរសអាក្រក់ទាំងឡាយដែលស្វែងធ្វើគុតជីវិតទ្រង់បានរីករាយ ។ ព្រោះថាឈប់មានព្រះយេស៊ូវទៀតហើយ តែពួកអ្នកទាំងឡាយដែលដើរតាមទ្រង់នឹងរត់ខ្ចាត់ខ្ចាយ ។ នៅថ្ងៃនោះ ពួកគេបានឈរដោយជោគជ័យ ។
« នៅថ្ងៃនោះ វាំងនននៃព្រះវិហារបរិសុទ្ធត្រូវបានរហែកជាពីរចំរៀក ។
« ម៉ារា ម៉ាក់ដាឡា និង ម៉ារា ជាមាតាព្រះយេស៊ូវ ត្រូវបានពោរពេញទៅដោយទុក្ខសោក និងអស់សង្ឃឹម ។ បុរសដ៏អស្ចារ្យម្នាក់ ដែលពួកគេបានស្រឡាញ់ និងគោរពត្រូវបានព្យួរដោយគ្មានជីវិត នៅលើឈើឆ្កាង ។
« នៅថ្ងៃសុក្រនោះ ពួកសាវកត្រូវបានខ្ទេចខ្ទាំក្នុងចិត្ត ។ ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់ពួកគេ—ជាមនុស្សដែលដើរលើទឹក ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ—គឺស្ថិតនៅក្នុងកណ្ដាប់ដៃនៃមនុស្សទុច្ចរិតដោយផ្ទាល់ ។ ពួកគេបានសម្លឹងមើលដោយគ្មានសង្ឃឹម ខណៈដែលទ្រង់អនុញ្ញាតឲ្យមារសត្រូវធ្វើទុក្ខដល់ទ្រង់ ។
« នៅថ្ងៃសុក្រនោះ ព្រះអង្គសង្គ្រោះនៃមនុស្សលោក ត្រូវបានគេមើលងាយ វាយដំ បំពាន ហើយប្រមាថ ។
« វាគឺជាថ្ងៃសុក្រមួយដែលពោរពេញទៅដោយទុក្ខសោកយ៉ាងខ្លោចផ្សារ ឈឺចាប់យ៉ាងធ្ងន់ធ្ងរក្នុងព្រលឹងនៃអ្នកដែលស្រឡាញ់ និងគោរពដល់ព្រះរាជបុត្រានៃព្រះ ។
« ខ្ញុំគិតថាគ្រប់ជំនាន់ ចាប់តាំងពីការចាប់ផ្ដើមនៃប្រវត្តិសាស្ត្ររបស់លោកិយនេះ ថ្ងៃសុក្រនោះគឺជាថ្ងៃដ៏ខ្មៅងងឹតបំផុត » (« Sunday Will Come, » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ២៩–៣០ ) ។
-
ប្រសិនបើអ្នកជាសិស្សម្នាក់ដែលនៅទីនោះក្នុងថ្ងៃសុក្រនោះ តើអ្នកប្រហែលនឹងមានអារម្មណ៍ ឬមានគំនិតយ៉ាងណាខ្លះ ?
បន្ទាប់ពីសិស្សឆ្លើយតប សូមអានអំពីសេចក្ដីថ្លែងការណ៍បន្ថែមខាងក្រោមដោយអែលឌើរ វ៉ឺតលីន ៖
« ប៉ុន្តែក្ដីអស់សង្ឃឹមនៅថ្ងៃនោះពុំនៅយូរអង្វែងនោះទេ » (« Sunday Will Come » ទំព័រ ៣០ ) ។
សូមអញ្ជើញសិស្សឲ្យរកមើលរបៀបដែល « ក្ដីអស់សង្ឃឹមនៅថ្ងៃនោះ ពុំនៅយូរអង្វែងនោះទេ » នៅពេលពួកគេសិក្សាយ៉ូហាន ២០ ។
សូមអញ្ជើញឲ្យសិស្សម្នាក់អានយ៉ូហាន ២០:១-២ ឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែលម៉ារា ម៉ាក់ដាឡា បានមើលឃើញ ពេលនាងបានមកដល់ផ្នូររបស់ព្រះយេស៊ូវពីព្រឹកព្រលឹមនៅថ្ងៃទីមួយនៃសប្ដាហ៍ ឬថ្ងៃអាទិត្យ ។
-
តើម៉ារាមើលឃើញអ្វី ?
-
តើម៉ារាបានធ្វើដូចម្តេច នៅពេលគាត់បានឃើញថា ថ្មត្រូវបានរមៀលចេញពីមាត់ផ្នូរនោះ ? តើនាងបានសន្និដ្ឋានអ្វីខ្លះ ?
សូមអញ្ជើញសិស្សច្រើននាក់ប្ដូរវេនគ្នាអានឮៗពី យ៉ូហាន ២០:៣-១០ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែលពេត្រុស និង យ៉ូហាន ដែលសំដៅថាជា « សិស្សមួយនោះ » (ខទី ៣) បានធ្វើអ្វីខ្លះ បន្ទាប់ពីបានស្ដាប់ឮដំណឹងពីម៉ារា ។
-
តើពេត្រុស និងយ៉ូហាន បានធ្វើអ្វីខ្លះ បន្ទាប់ពីស្ដាប់ឮដំណឹងពីម៉ារា ?
-
យោងតាមខទី ៨តើយ៉ូហានបានឆ្លើយតបយ៉ាងដូចម្ដេចចំពោះការមើលឃើញផ្នូរទទេ ? តើគាត់ជឿអ្វី ?
អ្នកអាចនឹងចង់ពន្យល់ថា គាត់ពុំបានយល់ពេញលេញអំពីការប្រកាសរបស់ព្រះអង្គសង្គ្រោះដែលថាទ្រង់នឹងរស់ឡើងវិញពីសុគតនៅថ្ងៃទីបីទេ ទាល់តែយ៉ូហានបានមើលឃើញផ្នូរទទេនោះ ។ នៅពេលយ៉ូហានបានឃើញផ្នូរទទេ នោះគាត់បាននឹកចាំ ហើយជឿ ( សូមមើលយ៉ូហាន ២០:៨-៩) ។
យ៉ូហាន ២០:១១-៣១
ព្រះអអង្គសង្គ្រោះដ៏មានព្រះជន្មរស់បានលេចមកឯ ម៉ារា ម៉ាក់ដាឡា ហើយក្រោយមកលេចមកឯពួកសិស្សរបស់ទ្រង់
សូមអញ្ជើញឲ្យសិស្សម្នាក់អាន យ៉ូហាន ២០:១១-១៥ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលថានរណានិយាយទៅកាន់ម៉ារា បន្ទាប់ពីពេត្រុស និងយ៉ូហាន បានចាកចេញពីផ្នូរទៅនោះ ។
-
នៅក្នុងខទី ១២-១៣តើនរណាបាននិយាយទៅកាន់ម៉ារា ?
-
តើនរណាបាននិយាយទៅកាន់ម៉ារានៅក្នុងខទី ១៥ ? តើម៉ារាគិតថាព្រះយេស៊ូវគ្រីស្ទជានរណា ?
សូមអញ្ជើញឲ្យសិស្សម្នាក់អាន យ៉ូហាន ២០:១៦-១៨ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែលព្រះយេស៊ូវបានណែនាំដល់ម៉ារា ឲ្យធ្វើនៅពេលនាងបានមើលស្គាល់ទ្រង់ ។
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃឃ្លា « កុំពាល់ខ្ញុំ » ( ខទី ១៧ ) សុំឲ្យសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« កំណែស្ដេចជេមស៍ បានដកស្រង់ព្រះយេស៊ូវមានបន្ទូលថា ‹ កុំពាល់ខ្ញុំ › ។ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ បានអានថា ‹ កុំឱបខ្ញុំ › ។ ការបកប្រែផ្សេងៗចេញមកពីភាសាក្រេក ផ្សាយវគ្គគម្ពីរនេះថា ‹ កុំតោងខ្ញុំអី › ឬ ‹ កុំកាន់ខ្ញុំអី › ។ អ្នកខ្លះផ្ដល់ន័យថា ‹ កុំតោងខ្ញុំទៀត › ឬ « កុំកាន់ខ្ញុំទៀត » ។ អ្នកខ្លះនិយាយអំពីការឈប់កាន់ទ្រង់ ឬតោងទ្រង់ ដោយបញ្ជាក់ថា ម៉ារាបានកាន់ទ្រង់រួចហើយ ។ មានមូលហេតុត្រឹមត្រូវចំពោះការគិតថា អ្វីដែលទំនាក់ទំនងទៅកាន់ម៉ារាដោយព្រះអម្ចាស់ដែលមានព្រះជន្មរស់គឺសំខាន់ ៖ ‹ អ្នកពុំអាចទុកឲ្យខ្ញុំនៅទីនេះបានទេ ដ្បិតខ្ញុំនឹងយាងឡើងទៅជួបនឹងព្រះបិតាខ្ញុំ ›» ( វ៉ុលទី ៤ [ ឆ្នាំ ១៩៧៩-៨១ ] ៤:២៦៤ ) ។
-
យោងតាម ខទី ១៧តើព្រះយេស៊ូវបានណែនាំម៉ារាឲ្យធ្វើអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថា ពួកគេគឺជាសិស្សម្នាក់ដែលបានស្ដាប់ឮសាក្សីរបស់ម៉ារា ។ សូមឲ្យសិស្សឆ្លើយនឹងសំណួរខាងក្រោម នៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ៖
-
តើអ្នកគិតថាអ្នកនឹងមានអារម្មណ៍យ៉ាងណា នៅពេលអ្នកស្ដាប់ម៉ារា ?
-
តើអ្នកនឹងជឿគាត់ឬទេ ? ហេតុអ្វី ឬ ហេតុអ្វីមិនជឿ ?
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។ សូមរំឭកពួកគេថា សិស្សខ្លះមានបញ្ហាក្នុងការជឿលើសាក្សីរបស់ម៉ារា ( សូមមើលម៉ាកុស ១៦:១១) ។
សូមអញ្ជើញសិស្សម្នាក់អានយ៉ូហាន ២០:១៩-២០ឮៗ ហើយសុំសិស្សក្នុងថ្នាក់ឲ្យរកមើលអ្វី ដែលបានកើតឡើងនាល្ងាចនោះ ។
-
តើមានអ្វីខ្លះបានកើតឡើងនាល្ងាចនោះ ពេលពួកសាវកបានជួបជុំគ្នានោះ ?
-
តើគោលលទ្ធិសំខាន់ដែលម៉ារា និងពួកសិស្សបានរៀនមានអ្វីខ្លះ ? ( សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែពួកគេគួរស្គាល់ពីគោលលទ្ធិខាងក្រោមនេះ ៖ ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះសេចក្ដីស្លាប់តាមរយៈការរស់ឡើងវិញ )។
-
យោងតាមខទី ២០តើពួកសិស្សមានអារម្មណ៍យ៉ាងណា នៅពេលពួកគេបានឃើញព្រះអម្ចាស់បានរស់ឡើងវិញ ?
សូមអញ្ជើញសិស្សម្នាក់អានសេចក្តីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ឮៗ ៖
« រំពេចនោះកែវភ្នែកទំាងឡាយដែលធ្លាប់ពោរពេញដោយទឹកភ្នែកហូរជានិច្ចនោះ ត្រូវបានស្ងួត ។ បបូរមាត់ដែលធ្លាប់ខ្សឹបការអធិស្ឋានអំពីការបាក់ទឹកចិត្ត និងទុកព្រួយ ឥឡូវនេះ ពោរពេញដោយការសរសើរដំកើងដ៏អស្ចារ្យចំពោះព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ដែលបានគង់នៅខាងមុខពួកគេ ជាផលផ្លែដំបូងនៃការរស់ឡើងវិញ ជាភស្តុតាងថា សេចក្តីស្លាប់ គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើរថ្មី និងការរស់នៅដ៏អស្ចារ្យតែប៉ុណ្ណោះ » (« Sunday Will Come » ទំព័រ ៣០ ) ។
-
តើការដឹងថាព្រះយេស៊ូវគ្រីស្ទត្រូវបានរស់ឡើងវិញ បានជួយយើងយ៉ាងដូចម្ដេចខ្លះ នៅពេលយើងមានទុក្ខព្រួយ ពេលនរណាម្នាក់ដែលយើងស្រឡាញ់បានបាត់បង់ជីវិតទៅនោះ ? ( ដោយសារព្រះយេស៊ូវគ្រីស្ទត្រូវបានរស់ឡើងវិញ នោះមនុស្សគ្រប់រូបដែលបានរស់នៅលើផែនដីនេះ ក៏នឹងត្រូវបានរស់ឡើងវិញផងដែរ [ សូមមើលកូរិនថូសទី ១ ១៥:២០-២២] ) ។
សូមសង្ខេបយ៉ូហាន ២០:២១-២៣ដោយពន្យល់ថា បន្ទាប់ពីព្រះយេស៊ូវបានបង្ហាញដល់ពួកសិស្សរបស់ទ្រង់នូវស្នាមរបួសនៅលើព្រះហស្តរបស់ទ្រង់ និងនៅចំហៀងព្រះកាយទ្រង់ នោះទ្រង់បានបញ្ជាពួកគេឲ្យធ្វើកិច្ចការទ្រង់ ហើយមានបន្ទូលទៅពួកគេថា « ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ » (ខទី ២២) ។
សូមអញ្ជើញសិស្សម្នាក់អាន យ៉ូហាន ២០:២៤-២៥ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលសាវកដែលពុំមានវត្តមាននៅឱកាសដ៏ពិសិដ្ឋនោះ ។
-
តើសាវកមួយណាដែលពុំមានវត្តមាននៅពេលសិស្សដទៃទៀតបានឃើញព្រះអម្ចាស់ដែលមានព្រះជន្មរស់ ?
-
យោងតាមខទី ២៥តើថូម៉ាសបាននិយាយថា គាត់ត្រូវការអ្វីខ្លះដើម្បីជឿ ?
-
តើការឆ្លើយតបរបស់ថូម៉ាស បានកត់ត្រានៅក្នុងខនេះ ខុសពីការឆ្លើយតបរបស់យ៉ូហាន នៅពេលយ៉ូហានបានឃើញផ្នូរទទេ ដូចដែលបានកត់ត្រានៅក្នុងយ៉ូហាន ២០:៨យ៉ាងដូចម្ដេច ?
-
ហេតុអ្វីក៏អ្នកគិតថា វាលំបាកសម្រាប់ថូម៉ាសក្នុងការជឿ ?
សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗពី យ៉ូហាន ២០:២៦–២៩ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់រកមើលថា ថូម៉ាសបានជួបនឹងបទពិសោធន៍អ្វីខ្លះក្នុងរយៈពេលប្រាំបីថ្ងៃ ដែលគាត់បាននិយាយថា គាត់មិនជឿថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញនោះ ។
-
បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទអនុញ្ញាតឲ្យថូម៉ាសពាល់ព្រះហស្ត និងចំហៀងព្រះកាយទ្រង់ តើជម្រើសអ្វីដែលទ្រង់អញ្ជើញឲ្យថូម៉ាសធ្វើការជ្រើសរើស ? ( ជឿចុះ ) ។
-
យោងតាម ខទី ២៩តើព្រះយេស៊ូវចង់ឲ្យថូម៉ាសយល់ពីអ្វីខ្លះ ?
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ? ( បន្ទាប់ពីសិស្សបានឆ្លើយ សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ យើងនឹងត្រូវបានប្រទានពរ ប្រសិនបើយើងជ្រើសរើសជឿទៅលើព្រះយេស៊ូវគ្រីស្ទ ទោះជាយើងពុំអាចមើលឃើញទ្រង់ក្ដី )។
សូមបំបែកសិស្សជាក្រុមពីរនាក់ ឬបីនាក់ ហើយផ្ដល់ឲ្យក្រុមនីមួយៗនូវឯកសារចែកចាយមួយ ដែលមាននូវសំណួរដូចខាងក្រោម ។
យើងនឹងត្រូវបានប្រទានពរ ប្រសិនបើយើងជ្រើសរើសជឿទៅលើព្រះយេស៊ូវគ្រីស្ទ ទោះជាយើងពុំអាចមើលឃើញទ្រង់ក្ដី
សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់គ្រូថ្នាក់សិក្ខាសាលា—មេរៀនទី ៧៩
-
ហេតុអ្វីអ្នកជ្រើសរើសជឿទៅលើព្រះយេស៊ូវគ្រីស្ទ ទោះជាអ្នកពុំបានមើលឃើញទ្រង់ដោយភ្នែកខាងសាច់ឈាមរបស់អ្នកផ្ទាល់នោះដូច្នេះ ?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញថា យើងបានជ្រើសរើសជឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកត្រូវបានប្រទានពរយ៉ាងដូចម្ដេច តាមរយៈការជ្រើសរើសជឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
© ២០១៥ ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។
សូមអញ្ជើញក្រុមនីមួយៗ ឲ្យពិភាក្សាសំណួរទាំងឡាយជាមួយគ្នា ហើយសរសេរចម្លើយរបស់ពួកគេនៅលើឯកសារចែកចាយ ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាបទគម្ពីររបស់ពួកគេ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយចម្លើយរបស់គេជាមួយនឹងសិស្សក្នុងថ្នាក់ ។
ចូរពន្យល់ថា ទោះជាព្រះយេស៊ូវបានបង្រៀនថាយើងនឹងត្រូវបានប្រទានពរ ប្រសិនបើយើងជ្រើសរើសជឿទៅលើទ្រង់ ទោះជាយើងពុំអាចមើលឃើញទ្រង់ក្ដី ទ្រង់បានផ្ដល់ជាសាក្សីជាច្រើនដើម្បីធ្វើជាមូលដ្ឋានគ្រឹះមួយនៃជំនឿរបស់យើង ។
សូមអញ្ជើញឲ្យសិស្សម្នាក់អាន យ៉ូហាន ២០:៣០-៣១ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវមូលហេតុដែលយ៉ូហានបានកត់ត្រានៅក្នុងព្រឹត្តិការណ៍ទាំងនេះ ។
-
ហេតុអ្វីយ៉ូហានកត់ត្រាព្រឹត្តិការណ៍ទាំងនេះ ? ( អ្នកអាចនឹងចង់ពន្យល់ថា ពាក្យជីវិត [ខទី ៣១] សំដៅទៅលើជីវិតអស់កល្បជានិច្ច )។
-
តើមានសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនមកពីខទី ៣១អំពីទីបន្ទាល់អំពីពួកសាវក និងពួកព្យាការី ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរប្រាប់ពីសេចក្ដីពិតមួយដែលស្រដៀងគ្នានេះ ៖ ពួកសាវក និងពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដើម្បីយើងអាចជឿថា ទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះ ។ តាមរយៈការជ្រើសរើសជឿទៅលើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដែលត្រូវបានផ្ដល់ឲ្យតាមរយៈពួកសាវក និងពួកព្យាការី នោះយើងអាចទទួលបានជីវិតអស់កល្បជានិច្ច ។ ការជឿនេះចង្អុលប្រាប់ថា មនុស្សម្នាក់នឹងព្យាយាមរក្សាបទបញ្ញត្តិរបស់ទ្រង់ ហើយរស់នៅស្មោះត្រង់ចំពោះទីបន្ទាល់នោះ ) ។
-
តើទីបន្ទាល់របស់ពួកសាវក និងពួកព្យាការីបានពង្រឹងដល់ជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សឲ្យអនុវត្តសេចក្ដីពិត ដែលពួកគេបានប្រាប់នៅក្នុងយ៉ូហាន ២០ដោយការតាំងចិត្តអំពីរបៀបដែលពួកគេនឹងបង្ហាញជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
យ៉ូហាន ២០:១១–១៨។ សាក្សីទីមួយអំពីព្រះគ្រីស្ទដែលបានរស់ឡើងវិញ
ប្រធាន ជេមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយបានពន្យល់ថា មនុស្សដំបូងដែលព្រះយេស៊ូវបានលេចមកក្នុងនាមជាអង្គដែលបានរស់ឡើងវិញ មានសារៈសំខាន់យ៉ាងខ្លាំង ៖
« គ្មានស្ត្រីណាម្នាក់គប្បីសង្ស័យអំពីរបៀប ដែលព្រះអង្គសង្គ្រោះឲ្យតម្លៃដល់ភាពជាស្ត្រីនោះទេ ។ ម៉ារា ម៉ាក់ដាឡា ដែលមានទុក្ខព្រួយ គឺជាមនុស្សដំបូងដែលទៅមើលផ្នូរបន្ទាប់ពីការឆ្កាង ហើយនៅពេលនាងបានឃើញថា ថ្មបានរមៀលចេញ ហើយផ្នូរនៅទទេ នោះគាត់បានរត់ទៅប្រាប់ពេត្រុស និង យ៉ូហាន ។ ពួកសាវកទាំងពីរនាក់បានមកមើល ហើយបានចេញទៅវិញទាំងសោកសៅ ។ ប៉ុន្តែម៉ារាបាននៅទីនោះ ។ នាងបានឈរនៅជិតនឹងឈើឆ្កាង [ សូមមើលម៉ាថាយ ២៧:៥៦,ម៉ាកុស ១៥:៤០,យ៉ូហាន ១៩:២៥] ។ គាត់បាននៅកន្លែងបញ្ចុះសព [សូមមើល ម៉ាថាយ ២៧:៦១,ម៉ាកុស ១៥:៤៧] ។ ហើយឥឡូវគាត់បានឈរយំដោយសារតែផ្នូរនៅទទេ [ សូមមើលយ៉ូហាន ២០:១១] ។ នៅទីនោះ គាត់ត្រូវបានកោតគោរពថាជាមនុស្សក្នុងជីវិតរមែងស្លាប់ដំបូងគេដែលមើលឃើញព្រះអម្ចាស់ដែលមានព្រះជន្មរស់ » (« សំដៅទៅលើជីវិតអស់កល្បជានិច្ច ? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៥៤ ) ។
យ៉ូហាន ២០:១៦-២០។ « ដូច្នេះពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់ »
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាអំពីភាពអស់សង្ឃឹមរបស់ពួកសិស្សព្រះយេស៊ូវគ្រីស្ទនៅថ្ងៃសុក្រ ដែលទ្រង់ត្រូវបានឆ្កាង ។ បន្ទាប់មក លោកបានបន្ថែម ៖
« ភាពអស់សង្ឃឹមក៏មិននៅយូរប៉ុន្មានដែរ ពីព្រោះនៅថ្ងៃអាទិត្យ ព្រះអម្ចាស់បានរស់ឡើងវិញ ស្រាយចំណងទំាងឡាយនៃសេចក្តីស្លាប់ ។ ទ្រង់បានយាងចេញពីផ្នូរ ហើយបង្ហាញជោគជ័យដ៏រុងរឿង ក្នុងនាមជាអង្គសង្គ្រោះនៃមនុស្សលោកទាំងអស់ ។ …
« យើងម្នាក់ៗនឹងមានថ្ងៃសុក្រផ្ទាល់ខ្លួនរបស់យើង—ជាថ្ងៃទាំងឡាយដែលសាកលលោក ហាក់ដូចជាធ្លាក់រលំចុះ ហើយបំណែកនៃពិភពរបស់យើងត្រូវបានបែកខ្ចាយជាចំណែកៗ ។ យើងទាំងអស់គ្នានឹងជួបប្រទះនូវគ្រាដែលខ្ទេចខ្ទាំទាំងឡាយ ដែលហាក់ដូចជាយើងមិនអាចផ្គុំគ្នាឡើងវិញ ។ យើងទាំងអស់គ្នានឹងមានថ្ងៃសុក្ររបស់យើង ។
« ប៉ុន្តែខ្ញុំថ្លែងទីបន្ទាល់ដល់អ្នកនៅក្នុងព្រះនាមនៃព្រះអង្គដែលបានយកឈ្នះលើការស្លាប់—ថ្ងៃអាទិត្យនឹងមកដល់ ។ នៅក្នុងភាពងងឹតងងល់នៃការសោកសៅរបស់យើង ថ្ងៃអាទិត្យនឹងមកដល់ ។
« ថ្វីបើការអស់សង្ឃឹមរបស់យើងធំប៉ុណ្ណា មិនថាការសោកសៅរបស់យើងខ្លាំងប៉ុណ្ណា នោះថ្ងៃអាទិត្យនឹងមកដល់ ។ នៅក្នុងជីវិតនេះ ឬជីវិតក្រោយ ថ្ងៃអាទិត្យនឹងមកដល់ ។
« ខ្ញុំថ្លែងទីបន្ទាល់ដល់អ្នកថា ការរស់ឡើងវិញគឺពុំមែនជារឿងព្រេងទេ ។ យើងមានទីបន្ទាល់ផ្ទាល់ខ្លួនអំពីអ្នកទាំងឡាយដែលបានឃើញទ្រង់ ។ មនុស្សរាប់ពាន់នៅក្នុងពិភពលោកចាស់ និងពិភពលោកថ្មី បានធ្វើជាសាក្សីអំពីព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ ។ ពួកគេបានពាល់ស្នាមរបួសនៅព្រះហស្ត ព្រះបាទា និងចំហៀងទ្រង់ ។ ពួកគេបានបង្ហូរទឹកភ្នែកនៃអំណរដែលមិនអាចទប់បាន នៅពេលពួកគេបានឱបក្រសោបទ្រង់ » («Sunday Will Come»Ensign ឬLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣០ ) ។
យ៉ូហាន ២០:២២ ។ « ទ្រង់ផ្លុំលើគេ »
ប្រធាន ហារ៉ូល ប៊ី លី បានមានប្រសាសន៍ដូចខាងក្រោមអំពីសេចក្ដីថ្លែងការណ៍នេះ ៖
« ទ្រង់ ‹ ផ្លុំលើគេ ទាំងមានព្រះបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ › (យ៉ូហាន ២០:២២) ដែលដូចទៅនឹងពិធីបញ្ជាក់ និងការបញ្ជាឲ្យទទួលព្រះវិញ្ញាណបរិសុទ្ធ ឬពិធីបុណ្យជ្រមុជទឹកខាងវិញ្ញាណ ដោយការដាក់ដៃលើ ដែលជាទម្រង់ការណ៍ត្រូវបានអនុវត្តតាមដោយពួកសិស្សរបស់ទ្រង់ធ្វើតាមក្រោយៗមក » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៥៥ ទំព័រ ១៨ ) ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់យោបល់ស្រដៀងគ្នានេះថា ឃ្លា « ព្រះយេស៊ូវ ‹ ផ្លុំលើពួកគេ › …ដែលប្រហែលជាមានន័យថា ទ្រង់បានដាក់ព្រះហស្ថលើពួកគេនៅពេលទ្រង់មានបន្ទូល ៖ ‹ ទទួលព្រះវិញ្ញាណបរិសុទ្ធចុះ › ។ អែលឌើរ ម៉ាក់ខន់ឃី បានបន្ដបង្រៀនថា ព្រឹត្តិការណ៍នេះបង្ហាញថា មានភាពខុសគ្នារវាងការប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការរីករាយចំពោះអំណោយទាននោះ ៖ « ដូច្នេះពួកគេបានទទួល ប៉ុន្តែនៅក្នុងគ្រានោះ ពុំគ្រាន់តែរីករាយនឹង អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធទេ ។ … អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធគឺជា សិទ្ធិ ដែលផ្អែកទៅលើភាពស្មោះត្រង់ ដើម្បីទទួលបានភាពជាដៃគូនៃសមាជិកនេះក្នុងក្រុមព្រះជាប្រចាំ ហើយអំណោយនេះ គឺត្រូវបានប្រគល់ឲ្យដោយការដាក់ដៃលើ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ។ អំណោយទាននេះមានផ្ដល់នូវពរជ័យជាក់លាក់ ផ្នែកទៅលើការគោរពប្រតិបត្តិដោយពេញលេញតាមច្បាប់ដែលជាប់ទាក់ទង មនុស្សគ្រប់រូបដែលត្រូវបានប្រគល់ឲ្យនូវអំណោយទាននេះ តាមពិតពុំ រីករាយ ឬ មាន អំណោយទានដែលផ្ដល់ឲ្យនោះទេ ។ នៅក្នុងករណីរបស់ពួកសាវក ការរីករាយនឹងអំណោយទានពិត ត្រូវបានពន្យាពេលរហូតដល់បុណ្យថ្ងៃទី ៥០ ។ (កិច្ចការ ២) » ។ (Doctrinal New Testament Commentary, វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៨៥៧) ។