បណ្ណាល័យ
មេរៀន​ទី ១២៥ ៖ ភីលីព ៤


មេរៀនទី ១២៥

ភីលីព ៤

សេចក្តី​ផ្ដើម

ប៉ុល​បាន​ណែនាំ​ពួក​បរិសុទ្ធ​នៅ​ភីលីព​ឲ្យ​អធិស្ឋាន ហើយ​ស្វែង​រក​អ្វីៗ​ដែល​សុចរិត ។ លោក​ក៏​បាន​ប្រកាស​ពី​ទំនុកចិត្តរបស់​លោក​ទៅលើ​​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ជាមួយ​នឹង​ការ​ថ្លែង​អំណរ​គុណ​មួយ​ទៀត​ដល់​ពួក​បរិសុទ្ធ​នៅ​ភីលីព សម្រាប់​ការ​ជួយ​ជ្រោម​ជ្រែង​​ដែល​​ពួកគេ​បាន​ផ្ដល់​ឲ្យ​លោក​នៅ​ក្នុង​គ្រា​ដែល​លោក​ត្រូវការ ។

យោបល់​សម្រាប់​ការបង្រៀន

ភីលីព ៤:១-១៤

ប៉ុល​ណែនាំ​ពួក​បរិសុទ្ធ​នៅ​ភីលីព​ឲ្យ​អធិស្ឋាន ហើយ​ស្វែង​រក​អ្វីៗ​ដែល​សុចរិត

ពី​មុន​ថ្នាក់​ចាប់ផ្ដើម សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​នៅ​លើ​ក្រដាស​ផ្សេងៗ​គ្នា ហើយ​ឲ្យ​ក្រដាស​នីមួយៗ​ទៅ​សិស្ស​ផ្សេងៗ​គ្នា ៖

« ខ្ញុំ​ព្រួយ​បារម្ភ​ពី​ការ​ប្រឡងឲ្យជាប់​នៅ​ពេល​ខាង​មុខ​នេះ » ។

« ខ្ញុំ​ព្រួយ​បារម្ភ​ពី​សមាជិក​គ្រួសារ​ម្នាក់​ដែល​ឈឺ » ។

« ខ្ញុំ​ព្រួយបារម្ភ​ពី​ការ​ឈរ​​ការពារ​ជំនឿ​របស់​ខ្ញុំ » ។

« ខ្ញុំ​ព្រួយ​បារម្ភ​ថា តើ​ខ្ញុំ​អាច​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដ៏​​ជោគជ័យ​ម្នាក់​​ឬ​ទេ » ។

សូម​ចាប់ផ្ដើម​មេរៀន​ដោយ​សរសេរ​ពាក្យ ព្រួយ​បារម្ភ​នៅ​លើ​ក្ដារ​ខៀន ។ ចូរ​ចង្អុល​ប​ង្ហាញ​ថា នៅ​ពេញ​មួយ​ជីវិត​យើង យើង​​នឹង​ជួប​ឧបសគ្គ ឬ​កាលៈទេសៈ​ដែល​អាច​នាំ​​ឲ្យយើង​ព្រួយ​បារម្ភ ។ សូម​អញ្ជើញ​សិស្ស​ដែល​មាន​ក្រដាស​ឲ្យ​ក្រោក​​ឈរឡើង​​អាន​ឃ្លា​របស់​ពួកគេ​ម្ដង​ម្នាក់ៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​គិត​ពី​គ្រា​ដែល​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ស្រដៀង​គ្នា​នេះ ។

  • តើ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ផ្សេង​ទៀត​​ដែល​យើង​អាច​ជួប​ដោយសារ​ឧបសគ្គ ឬ​កាលៈទេសៈ​ពិបាកៗ​នោះ​ ?

ចូរ​សុំ​ឲ្យសិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កត់​ចំណាំក្នុងថ្នាក់របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ អំពី​ឧបសគ្គ​មួយ​ដែល​ពួកគេ ឬ​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់​ មាន​ការ​ព្រួយ​បារម្ភ​នោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ នៅពេល​ពួកគេ​សិក្សា​ភីលីព ៤​ដែល​អាច​ជួយ​ពួកគេ​បាន នៅ​ពេល​ពួកគេ​ព្រួយបារម្ភ ។

សូម​រំឭក​សិស្ស​ថា នៅ​ក្នុង​សំបុត្រ​របស់​ប៉ុល​សរសេរ​ទៅ​កាន់​សមាជិក​សាសនាចក្រ​នៅ​ភីលីព លោក​បាន​សរសើរ​ពី​ភាព​ស្មោះ​ត្រង់​របស់​សមាជិក​សាសនាចក្រ ( សូមមើល ភីលីព ២:១២ ) ហើយ​បាន​បង្រៀន​ពួកគេ​អំពី​រង្វាន់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ ដែល​មាន​សម្រាប់​ជន​ដែល​លះបង់ ហើយ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​សង្ខេប ភីលីព ៤:១–៥ ដោយ​ពន្យល់​ថា ប៉ុល​បាន​ទូន្មាន​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ឈរ​ឲ្យ​រឹង​មាំ​នៅ​ក្នុង​សេចក្ដី​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ រីករាយ​នៅ​ក្នុង​ព្រះអម្ចាស់ ហើយ​ចូរ​ឲ្យ​ភាព​ទន់ភ្លន់​របស់​ពួកគេ ( នៅ​ក្នុង​ភាសា​ក្រិក​ពាក្យ​ថា ការ​ចេះ​ប្រមាណ​ ក៏​បកប្រែ​ថា​ជា​ភាព​ទន់ភ្លន់​ដែរ  ) បាន​បង្ហាញ​ដល់​មនុស្ស​ដទៃ​ទៀត ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន​ប្រយោគ​ទីមួយ​ក្នុង ភីលីព ៤:៦ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ពាក្យ​ទូន្មាន​របស់​ប៉ុល​ទៅ​កាន់​ពួក​បរិសុទ្ធ ។ សូម​ពន្យល់​ថាឃ្លា « កុំ​ឲ្យ​ខ្វល់ខ្វាយអ្វីឡើយ » ​មាន​ន័យ​ថា​កុំ​ឲ្យ​ខ្វល់ខ្វាយ​ពី​អ្វីៗ​ទាំងអស់​ជ្រុល​ហួស​ហេតុ​ពេក​ ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិន​បើ …

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឃ្លា​ដែល​នៅ​សល់​ក្នុង ភីលីព ៤:៦ ឲ្យ​ឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើលថា តើ​ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វី​ខ្លះ ជាជាងការ​ព្រួយ​បារម្ភ ។ អ្នក​អាច​ពន្យល់​ថា​ពាក្យ​សូម​អង្វរ​គឺជា​ការ​ស្នើ​មួយ​ដ៏​ស្មោះ​ត្រង់​ និង​រាបសា ។

  • តើ​អ្នក​នឹង​សង្ខេប​ការ​ណែនាំ​របស់​ប៉ុល​នៅក្នុង​ខ​ទី ៦ យ៉ាង​ដូចម្ដេច ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​លើ​ក្ដារខៀន​ថា ឃ្លា ​« ប្រសិន​បើ » ស្រដៀង​គ្នា​នឹង​ឃ្លា​ខាង​ក្រោម ៖ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ដ៏​ស្មោះ​ត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិន​បើ​យើង​អធិស្ឋាន​ដោយ​ពាក្យ​សូម​អង្វរ និង​ការ​ដឹង​គុណ … ) ។

សូម​បន្ថែម​ពាក្យ​បន្ទាប់​មក​ទៅ​ឃ្លា​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ភីលីព ៤:៧ ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើល​ពរជ័យ ដែល​ប៉ុល​បាន​សន្យា​សម្រាប់​ការ​អធិស្ឋាន​ដោយ​ពាក្យ​សូម​អង្វរ និង​ការ​ដឹងគុណ ។ សូម​ពន្យល់​ថា ពាក្យ ការពារ នៅ​ក្នុង​ខគម្ពីរ​មាន​ន័យ​ថា ឃុំ​គ្រង   ។

  • តើ​អ្នក​នឹង​សង្ខេប​ពរជ័យ​ដែល​ប៉ុល​បាន​សន្យា​យ៉ាង​ដូចម្ដេច ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន​បន្ទាប់​ពី​ពាក្យ នោះ ។ សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ដ៏​ស្មោះ​ត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិន​បើ​យើង​អធិស្ឋាន​ដោយ​ពាក្យ​សូម​អង្វរ និង​ការ​ដឹង​គុណ នោះ​ព្រះ​នឹង​ប្រទាន​ភាព​សុខ​សាន្ត​របស់​ទ្រង់​ដល់​យើង ) ។

  • នៅ​ពេល​យើង​ព្រួយបារម្ភ តើ​យើងអាចបង្ហាញ​ការ​ដឹងគុណ​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​យើង ​អាច​ជួយ​នាំ​យក​ភាព​សុខសាន្ត​ដល់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​ភាព​សុខសាន្ត​របស់​ព្រះ​ឃុំគ្រងចិត្ត និង​គំនិត​យើង​ពី​អ្វី​ដែរ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាដ ជី ស្កត ជា​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​វិធី​បន្ថែម​ទៀត ​ដែល​ភាព​សុខសាន្ត​របស់​ព្រះ​អាច​ជួយ​ដល់​យើង ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ដោយសារ​ទ្រង់​គោរព​ដល់​សិទ្ធិ​ជ្រើស​រើស​របស់​អ្នក នោះ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​នឹង​មិន​បង្ខំ​អ្នក​ឲ្យ​អធិស្ឋាន​ទៅ​ទ្រង់​ឡើយ ។ ប៉ុន្តែ​នៅ​ពេល​អ្នក​អនុវត្ត​សិទ្ធិ​ជ្រើស​រើស​នោះ ហើយ​ដាក់​បញ្ចូល​ទ្រង់​នៅ​គ្រប់​ទិដ្ឋភាព​​នៃ​ជីវិត​ប្រចាំថ្ងៃរបស់​អ្នក នោះ​ដួងចិត្ត​របស់​អ្នក​នឹង​ចាប់​ផ្ដើម​ពោរ​ពេញ​ដោយ​សេចក្ដីសុខ​សាន្ត ជា​សេចក្ដី​សុខសាន្ត​ដ៏​ក្លៀវក្លា ។ សេចក្ដី​សុខសាន្ត​នោះ​នឹង​បញ្ចាំង​ពន្លឺ​ដ៏​អស់កល្ប​មួយ​ទៅ​លើ​ភាព​ស្មុគស្មាញ​របស់​អ្នក ។ វា​នឹង​ជួយ​អ្នក​ឲ្យ​គ្រប់​គ្រង​ឧបសគ្គ​ទាំង​នោះ​ ដោយ​ទស្សនៈ​ដ៏​អស់​កល្ប​មួយ » ( ​« Make the Exercise of Faith Your First Priority »​EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ ​២០១៤ ទំព័រ ៩៣ ) ។

  • យោង​តាម​អែលឌើរ ស្កត តើ​សេចក្ដី​សុខសាន្ត​របស់​ព្រះ​អាច​ជួយ​យើងឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​នានា ដែល​យើង​ជួប​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ធ្លាប់​អធិស្ឋាន​ដោយ​ពាក្យ​សូម​អង្វរ និង​ដោយ​ការ​ថ្លែងអំណរគុណ​នៅ​ក្នុង​គ្រា​ដែល​ព្រួយ​បារម្ភ ហើយ​ត្រូវ​បាន​ប្រទាន​​ឲ្យ​នូវ​សេចក្ដី​សុខសាន្ត​របស់ព្រះ​នៅ​ពេល​ណា​ដែរ ?

ចូរ​សុំ​ឲ្យ​សិស្ស​មើល​ទៅ​ពាក្យ​ព្រួយបារម្ភ ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន​កាល​ពី​ដើម​មេរៀន​នេះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន​ដោយ​ពាក្យ​សូម​អង្វរ និង​ដោយ​ការ​ដឹង​គុណ​ ជាជាង​ការ​ព្រួយបារម្ភ ។ ប្រសិន​បើ​សិស្ស​បាន​សរសេរ​អំពី​​ការ​ព្រួយបារម្ភ​របស់​មនុស្ស​ម្នាក់​ផ្សេង​ទៀត សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែក​ចាយ​​គោលការណ៍​នេះ​ជាមួយ​នឹង​បុគ្គល​នោះ ។

ដើម្បី​រៀបចំ​ខ្លួន​សិស្ស​ឲ្យ​ស្គាល់​ពី​គោលការណ៍​​មួយ​បន្ថែម​ទៀត ​ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​នៅ​ភីលីព សូម​បំបែក​សិស្ស​ក្នុង​ថ្នាក់​ជា​បី​ក្រុម ។ ចូរ​ចាត់​សិស្ស​មួយ​ភាគបី​នៅ​ក្នុង​ថ្នាក់ ​ឲ្យ​គិត​ពី​អាហារ​ដែល​ពួកគេ​ចូលចិត្ត មួយក្រុម​ទៀត​គិត​ពី​រូបភាព ឬ​រឿង​កំប្លែង​មួយ ហើយ​ឲ្យ​ក្រុម​បន្ទាប់​គិត​ពី​រូបភាព​ស្ដីពី​បទសោធន៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្ដោត​យកចិត្តទុកដាក់​ទៅ​លើ​គំនិត​នេះ​​រយៈពេល ៣០ ​វិនាទី ។

  • ប្រសិន​បើ​មាន តើ​ការ​ផ្ដោត​នេះ​មាន​ឥទ្ធិពល​អ្វីខ្លះ​លើ​គំនិត​ដែល​អ្នក​មាន ?

ចូរ​ចង្អុល​បង្ហាញ​ថា ​អ្វី​ដែល​យើង​គិត​អាច​ជះឥទ្ធិពល​ដល់​បំណង​ប្រាថ្នា និង​ឥរិយាបថ​​របស់​យើង ។ សូម​អញ្ជើញសិស្ស​ម្នាក់​អាន ភីលីព ៤:៨-៩ ឲ្យ​ឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើលថា ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ភីលីព​គិត ហើយ​ធ្វើ​អ្វីខ្លះ ។ អ្នក​អាច​ពន្យល់​ថា ពាក្យ ​« ពិចារណា » ​មាន​ន័យ​ថា ការ​ផ្ដល់​ជា​គំនិត​ជា​បន្ត​បន្ទាប់​ដោយ​ប្រុង​ប្រយ័ត្ន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ប្រភេទ​រឿង​នីមួយៗ ​ដែល​ប៉ុល​បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​ផ្ដោត​គំនិត​លើ​នោះ ។

  • បន្ថែម​ពីលើ​ការ​គិតអំពី​រឿង​ទាំងនេះ តើ​ប៉ុល​បាន​ទូន្មាន​សមាជិក​សាសនាចក្រ​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​ប៉ុល​បាន​សន្យា​ពរជ័យ​អ្វីខ្លះ​ដល់​ពួក​បរិសុទ្ធ ប្រសិន​បើ​ពួកគេ​ធ្វើ​តាម​ការ​បង្រៀន​ទាំងឡាយ និង​គំរូ​របស់​លោក ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ពី​អ្វី​ ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​នៅ​ក្នុង ភីលីព ៤:៨–៩ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​ផ្ដោត​គំនិត​ពួកគេ​លើ​អ្វីៗ​ដែល​សុចរិត ហើយ​ប្រសិន​បើ​ពួកគេ​ធ្វើ​តាម​ពួក​សាវក និង​ពួក​ព្យាការី នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​នឹង​កើត​មាន​ដល់​ពួកគេ ) ។

  • តើ​ការ​ផ្ដោត​គំនិត​របស់​យើង​លើ​អ្វីៗ​ដែល​សុចរិត អាច​ជះឥទ្ធិពល​ដល់​បំណង​ប្រាថ្នា និង​ឥរិយាបថ​របស់​យើង​យ៉ាង​ដូចម្ដេច ?

ចូរ​សុំ​ឲ្យសិស្ស​បើក​ទៅ​មាត្រា​នៃ​សេចក្ដី​ជំនឿ​​នៅក្នុងមុក្ដា​ដ៏មានតម្លៃ​មហិមា ។ សូម​ឲ្យ​សិស្ស​អាន​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ដប់​បី​ឲ្យ​ឮៗ ៖ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ភាព​ស្រដៀង​គ្នា​ជាមួយ​នឹង​ភីលីព ៤:៨ ។

  • តើ​ភាព​ស្រដៀង​គ្នា​អ្វីខ្លះ ​ដែល​អ្នក​បាន​សម្គាល់​ឃើញ​រវាងខគម្ពីរ​ទាំង​ពីរ​នេះ ?

សូម​ចង្អុល​បង្ហាញ​ថា នៅ​ពេល​ព្យាការី​យ៉ូសែប​ ស្ម៊ីធ ​បាន​ដក​ស្រង់ ​« ការ​ទូន្មាន​របស់​ប៉ុល » ពី ភីលីព ៤:៨ នៅ​ក្នុង​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ដប់​បី លោក​បាន​ផ្លាស់​ប្ដូរ ឃ្លា « ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ » ​ឲ្យ​កាន់​តែ​មាន​ភាព​រស់​រវើក​ទៅ​ជា « យើង​ខ្ញុំ​ស្វែងរក​របស់​ផង​ទាំង​នេះ​ហើយ » ។

  • តើ​អ្នក​គិត​ថា​ ហេតុអ្វី​ក៏​វា​សំខាន់​ចំពោះ​យើង​ដើម្បីស្វែង​រក​អ្វី​ដែល​ទៀងត្រង់ ត្រឹមត្រូវ បរិសុទ្ធ​( ឬ ត្រឹមត្រូវ) គុណធម៌ គួរ​ឲ្យ​ស្រឡាញ់ ហើយ​ឈ្មោះ​ល្អ ?

  • តើ​ការ​ស្វែង​រក​របស់​ទាំង​អស់​នេះ​នឹង​ជួយ​​យើង​ឲ្យ​ផ្ដោត​គំនិត​របស់​យើង​ទៅ​លើ​របស់​ទាំង​នេះ​បាន​ដោយ​របៀប​ណា ?

សូម​បំបែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី ឬ​បួន​នាក់ ។ សូម​ឲ្យ​កូន​សៀវភៅ កម្លាំង​ដើម្បី​យុវជន ( កូនសៀវភៅ ឆ្នាំ ​២០១១ ) និង​ឯកសារចែកចាយ​ខាង​ក្រោម​នេះ​ដល់​ក្រុម​នីមួយៗ ។ សូម​ចាត់​ដល់​ក្រុម​នីមួយៗ​នូវ​ប្រធានបទ​ពីរ​នៅ​​ក្នុង កម្លាំង​ដើម្បី​យុវជន ​ដូច​ខាង​ក្រោម​ ៖ « ការ​ដើរ​លេង​ជាគូ » « ការ​ស្លៀក​ពាក់ និង អការៈ​ខាង​ក្រៅ » « ការ​អប់រំ » « ការ​កម្សាន្ត និង​ ប្រព័ន្ធ​ផ្សព្វផ្សាយ » « មិត្តភក្ដិ » « ភាសា » និង « តន្ត្រី និង​ការ​រាំ » ( សូម​កែសម្រួល​ចំនួន​សិស្ស​ក្នុង​ក្រុម និង​ចំនួន​ប្រធានបទ ដោយ​ផ្អែក​ទៅ​លើ​ចំនួន​សិស្ស ) ។ សូម​ណែនាំ​សិស្ស​ឲ្យ​ធ្វើ​តាម​សេចក្តី​ណែនាំ​​នៅ​ក្នុង ឯកសារ​ចែកចាយនោះ​ ។

រូបភាព
handout

ភីលីព ៤:៨-៩

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១២៥

សូម​សរសេរ​ប្រធានបទ​ដែល​អ្នក​បាន​ចាត់​ឲ្យ​នៅ​ត្រង់​នេះ ៖

ចំពោះ​ប្រធានបទ​នីមួយៗ សូម​ពិភាក្សា​សំណួរ​ដូច​ត​ទៅ ៖

  • តើ​យើង​អាច​ប្រើ​ការ​ណែនាំ​របស់​​ប៉ុល​នៅ​ក្នុង ភីលីព ៤:៨–៩ ដើម្បី​ដឹកនាំ​ការ​ជ្រើស​រើស​របស់​យើង ​ដែល​ទាក់​ទង​នឹង​ប្រធានបទ​នេះ​យ៉ាង​ដូចម្ដេច ?

  • នៅ​ពេល​យើង​ព្យាយាម​ធ្វើ​តាម​ការណែនាំ​របស់​ប៉ុល តើ​យើង​អាច​ជួប​នឹង​ឧបសគ្គ​អ្វីខ្លះ​ ដែល​ទាក់ទង​នឹង​ប្រធាន​បទ​នេះ ?

បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • ហេតុអ្វី​ការ​មាន​សេចក្ដី​សុខសាន្ត​របស់​ព្រះ​នៅ​ជាមួយ​នឹងយើង ​មាន​តម្លៃ​សក្ដិសម​ចំពោះ​ការ​ខិតខំ​​ស្វែង​រក​អ្វី​ដែល​សុចរិត និង​ការ​ធ្វើ​តាម​ពួក​សាវក និង​ពួក​ព្យាការី ?

បន្ទាប់ពី​ឲ្យ​ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​ឲ្យ​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​ពី​អ្វី ​ដែល​ក្រុម​ខ្លួន​បាន​ពិភាក្សា​សម្រាប់​សំណួរ​នីមួយៗ ។

  • នៅ​ពេល​អ្នក​ផ្ដោត​គំនិត​របស់​អ្នក​ទៅ​លើ​រឿង​សុចរិត​នានា តើ​ព្រះ​នៃ​សេចក្ដី​សុខសាន្ត​បាន​បង្ហាញ​ថា ​ទ្រង់​គង់​នៅ​ជាមួយ​នឹង​អ្នក​តាម​របៀ​បណា ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សរសេរ​ពី​វិធី​មួយ​ដែល​ពួកគេ​អាច​កែ​លម្អ​ការ​ខិតខំ​របស់​ពួកគេ​ ដើម្បី​ផ្ដោត​គំនិត​លើ​រឿង​សុចរិត ហើយ​ធ្វើ​តាម​ពួក​សាវក និង​ពួក​ព្យាការី​របស់​ព្រះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ។

សូម​សង្ខេប ភីលីព ៤:១០ ដោយ​ពន្យល់​ថា ប៉ុល​បាន​អរគុណ​ដល់​ពួក​បរិសុទ្ធ​នៅ​ភីលីព​សម្រាប់​ការ​ជួយ​ជ្រោម​ជ្រែង និង​ការ​មើល​ថែ​ដែល​ពួកគេ​បាន​ផ្ដល់​ឲ្យ​លោក កាល​លោក​ជួប​ប្រទះនឹង​ការ​សាកល្បង ។

សូមឲ្យ​សិស្ស​ម្នាក់​អាន ភីលីព ៤:១១-១២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​ប្រាប់​ដល់​ពួក​បរិសុទ្ធ​ថា​លោក​បាន​រៀន​អ្វីខ្លះ ។

  • តើ​ប៉ុល​បាន​រៀន​ធ្វើ​អ្វីខ្លះ​នៅ​គ្រប់​កាលៈទេសៈ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ អានភីលីព ៤:១៣–១៤​ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​នរណា​ទៅ​ ជា​ប្រភព​នៃ​កម្លាំង​របស់​ប៉ុល ។

  • តើ​ប៉ុល​បាន​និយាយ​ថា ​នរណា​ទៅ​ដែល​ជា​ប្រភព​នៃ​កម្លាំង​របស់​លោក ?

សូម​ពន្យល់​ថា សម្ដី​របស់​ប៉ុល​នៅ​ក្នុង ខ​ទី ១៣ ទាក់ទង​នឹង​សមត្ថភាព​របស់​លោក​នៅ​ក្នុង​កម្លាំង ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ ដើម្បី​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ព្រះ​បាន​តម្រូវឲ្យ​ធ្វើ​ ហើយ​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះទ័យ រួម​បញ្ចូល​ទាំង​ការ​រីករាយ​នៅ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង ខ​ទី ១៣ ?​ ( ដោយ​ប្រើ​ពាក្យ​ផ្ទាល់ខ្លួន សិស្ស​គួរ​ស្គាល់​សេចក្ដីពិត​ខាង​ក្រោម​នេះ ៖ យើង​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ​ដែល​ជា​អង្គ​ប្រទាន​កម្លាំង​ដល់​យើង [ សូមមើល​ផង​ដែរ អាលម៉ា ២៦:១២ ] ) ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​កម្លាំង​​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​​ប្រទាន​ឲ្យនោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈ​ប្រធាន​ទី​មួយ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​ថា កម្លាំង​នេះ​អាច​ជួយឲ្យ​យើង​ធ្វើ​អ្វីខ្លះ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ​

« ព្រះ​ចាក់​ស្រោច​ពរជ័យ​នៃ​ថាមពល និង​កម្លាំង ដោយ​ជួយ​យើង​ឲ្យ​សម្រេច​រឿង​ទាំង​ឡាយ​ ​ដែល​យើង​មិន​អាច​ធ្វើ​បាន​ដោយ​សមត្ថភាព​ខ្លួន​ឯង ។ ដោយសារ​តែ​ព្រះគុណ​ដ៏​អស្ចារ្យ​នៃ​ព្រះ ទើប​កូន​ចៅ​នៃ​ទ្រង់​អាច​យក​ឈ្នះ​ទៅ​លើ​ការល្បួង​ដ៏​គ្រោះ​ថ្នាក់​នៃ​មេ​កុហក​ឆ​បោក និង ការលាក់​ខ្លួន​របស់​អ្នក​បញ្ឆោត ឈប់​ប្រព្រឹត្ត​បាប ហើយ ‹ បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ › [ មរ៉ូណៃ ១០:៣២​ ] » ( « The Gift of Grace » EnsignLiahona ខែ ​ឧសភា ឆ្នាំ ​២០១៥ ទំព័រ ១០៨ ) ។

  • តើ​យើង​អាច​ដកពិសោធន៍​កម្លាំង ឬ​ព្រះគុណ​​នេះ​តាម​របៀប​ណា ? ( ចម្លើយ​ដែល​អាច​មានរួម​បញ្ចូល​ទាំង​ភាព​ក្លៀវក្លា ការ​តាំង​ចិត្ត ភាព​ក្លាហាន ការ​អត់​ធ្មត់ ការ​ខិតខំ​ជា​បន្ត​បន្ទាប់ ការ​អំណត់ និង​ថាមពល​ខាង​សាច់​ឈាម ខាង​ផ្លូវ​ចិត្ត ឬ​ខាង​វិញ្ញាណ ) ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ធ្លាប់​ប្រទាន​កម្លាំង​ដល់​អ្នក​ឲ្យ​ធ្វើ​អ្វី​មួយដែល​ល្អ​នៅពេល​ណា ? ( ចូរ​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ផង​ដែរ ) ។

ភីលីព ៤:១៥–២៣

ប៉ុល​បញ្ចប់​សំបុត្រ​របស់​លោក​ដល់​ពួក​ភីលីព​​ដោយ​ការ​ថ្លែង​អំណរគុណ

សូម​សង្ខេប ភីលីព ៤:១៥–២៣ ដោយ​ពន្យល់​ថា ប៉ុល​បាន​ថ្លែង​អំណរគុណ​ម្ដង​ទៀត​ដល់​ពួក​បរិសុទ្ធ​នៅ​ភីលីព​សម្រាប់​ការ​ជួយ​ជ្រោម​ជ្រែង​របស់​ពួកគេ​ដល់​លោក​ កាល​លោក​ជួប​ប្រទះនឹងទុក្ខ​លំបាក ។ អំណោយ​របស់​ពួក​បរិសុទ្ធ​គឺជា​ដង្វាយ​ដ៏​រីករាយ​មួយ​ចំពោះ​ព្រះ ហើយ​ប៉ុល​បាន​សន្យា​ថា ព្រះ​នឹង​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួកគេ​ផង​ដែរ ។

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ទាំងឡាយ ​ដែល​បាន​ពិភាក្សា​​នៅក្នុង​មេរៀន​នេះ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—ភីលីព ៤:១៣

សូម​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ ភីលីព ៤:១៣ ដោយ​សរសេរ​ខគម្ពីរ​នេះ​នៅ​លើ​ក្ដារខៀន ហើយ​អាន​វា​ឮៗ​រួម​គ្នា ។ សូម​លុប​ពាក្យ​មួយ ហើយ​អាន​ខគម្ពីរ​នេះ​ឮៗ​ម្ដងទៀត ។ សូម​ធ្វើ​បែប​នេះ​រហូត​ដល់​លុប​ពាក្យ​ទាំង​នោះ​អស់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ភីលីព ៤:៦ ។ ការ​បង្ហាញ​ការ​ដឹង​គុណ​នៅ​ក្នុង​ចំណោម​ការ​ប្រឈម​ទាំងឡាយ

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន​ថា ការ​មាន​ឥរិយាបថ​នៃ​ការ​ដឹងគុណ​អាច​ប្រទាន​ពរ​ដល់យើង​​នៅ​ក្នុង​កាលៈទេសៈ​លំបាកៗ​នានា​ដែល​យើង​អាច​ជួប ដោយ​រួម​បញ្ចូល​ទាំង​រឿង​ដែល​​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​ផង​ដែរ ៖

« សេចក្ដីយោងបទគម្ពីរភាគច្រើនមិនបានពោលអំពីការដឹងគុណ​ចំពោះ​​ រឿងទាំងឡាយនោះទេ តែ​ណែនាំឲ្យមានអារម្មណ៍ ឬឥរិយាបថ​នៃការដឹងគុណទូទៅមួយ ។ …

« យើងអាចជ្រើសរើស​ថ្លែងអំណរគុណ មិនថាមានអ្វីកើតឡើងនោះ​ទេ ។

« ការដឹងគុណប្រភេទនេះនឹងផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងដែលកំពុងកើតឡើងជុំវិញយើង ។ វាលើសពីការខកចិត្ត ការបាក់ទឹកចិត្ត និង​ភាពអស់សង្ឃឹម​ទៅ​ទៀត ។ …

« ពេលយើងមានអំណរគុណចំពោះព្រះ ក្នុង ស្ថានភាពរបស់​យើង នោះ​យើងអាចមានសេចក្ដីសុខសាន្តនៅក្នុងគ្រានៃទុក្ខវេទនា ។ ក្នុងពេលសោកសៅ យើងនៅតែអាចលើកដួងចិត្តយើង​ឲ្យសរសើរតម្កើង ។ ក្នុងពេលឈឺចាប់ យើង​អាចរីករាយ ដោយ សារ ដង្វាយធួនរបស់ព្រះគ្រីស្ទ ។ ពេលមានទុក្ខសោកដ៏ជូរចត់ យើង​អាច​មានភាពជិតស្និទ្ធ និង​ភាពកក់ក្តៅនៃការ ឱប ក្រសោប ពី​ស្ថានសួគ៌ ។ …

« អំណរគុណ​ចំពោះព្រះវរបិតាសួគ៌​យើង នឹងពង្រីកគំនិត ហើយបំភ្លឺទស្សនវិស័យ​យើង » ( « Grateful in Any Circumstances » EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០១៤ ទំព័រ​ ៧០, ៧៥, ៧៧ ) ។

ភីលីព ៤:៦-៧ ។ សេចក្តី​សុខសាន្ត​នៃ​ព្រះ

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​អំពី​សេចក្ដី​សុខសាន្ត​ដែល​អាច​កើត​មាន ប្រសិន​បើ​យើង​អធិស្ឋាន ៖

« បងប្អូន​នឹង​មាន​គ្រា​ ដែល​បងប្អូន​ត្រូវ​ដើរ​លើ​ផ្លូវ​មួយដែល​មាន​សុទ្ធ​តែ​បន្លា និងស្លាក​ស្នាម​នៃ​ការ​ខិតខំ​ពុះ​ពារ ។ បងប្អូន​នឹង​មាន​គ្រា​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​ដាច់​ឆ្ងាយ—ថែម​ទាំង​ឃ្លាត​ឆ្ងាយ​—ពី​អង្គ​ដែល​ប្រទាននូវ​រាល់​អំណោយ​ទាន​ល្អៗ​ ។ បងប្អូន​ព្រួយ​បារម្ភ​ថា បងប្អូន​ដើរ​តែ​ឯង ។ ភាព​ភ័យខ្លាច​បាន​ជំនួស​ឲ្យ​សេចក្ដី​ជំនឿ ។

« នៅ​ពេល​បងប្អូន​រកឃើញ​ថា​ខ្លួន​ឯង​នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ ខ្ញុំ​សូម​អង្វរ​ឲ្យ​បងប្អូន​ចងចាំ​​ដល់​ការ​អធិស្ឋាន ។ ខ្ញុំ​ស្រឡាញ់​ប្រសាសន៍​របស់​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន​ ស្ដីពី​ការ​អធិស្ឋាន ។ លោក​បាន​ថ្លែងថា

« ‹ ពេល​មួយ​ជីវិត​របស់​ខ្ញុំ ពាក្យ​ទូន្មាន​ឲ្យ​ពឹង​ផ្អែក​លើ​ការ​អធិស្ឋាន​ គឺ​មាន​តម្លៃ​លើស​ពាក្យ​ទូន្មាន​ណាៗ​ទាំងអស់​ដែល​ខ្ញុំ​ធ្លាប់ … បាន​ទទួល ។ វា​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជីវិត​ខ្ញុំ—ជា​យុថ្កា ជា​ប្រភព​ដ៏​ស្ថិតស្ថេរ​មួយ​នៃ​កម្លាំង និង​ជា​គ្រឹះ​នៃ​ចំណេះដឹងរបស់​ខ្ញុំ​ចំពោះ​រឿង​ដ៏​ទេវភាព ។ …

« ‹ … ទោះ​ជា​មាន​រឿង​អភ័ព្វ​បាន​កើត​ឡើង​ក្ដី ប៉ុន្តែ​នៅ​ក្នុងការ​អធិស្ឋាន យើង​អាច​ស្វែង​រក​នូវ​ការ​ធានា​អះអាង ដ្បិត​ព្រះ​នឹង​នាំ​យក​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង ។ សេចក្តី​សុខ​សាន្ត​នោះ អារម្មណ៍​នៃ​ភាព​ស្ងៀម​ស្ងាត់​នោះ គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ជីវិត › [ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ‹ Pray Always › Ensign ខែ​កុម្ភៈ ឆ្នាំ ​១៩៩០ ទំព័រ ៤–៥ ] ។

« សាវក​ប៉ុល​បាន​ទូន្មាន ៖

« ‹ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា ។

« ‹ យ៉ាងនោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទយេស៊ូវ › [ ភីលីព ៤:៦–៧ ] ។

« ឱ ! ការ​សន្យា​នេះ​រុង​រឿង​អ្វី​ម្ល៉េះ ! សេចក្តី​សុខសាន្ត​ដែល​យើង​ខិតខំ​ស្វែង​រក ហើយ​ប្រាថ្នា​ចង់​បាន ។

« យើង​បាន​មិន​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ដំណើរនៅ​លើ​ផែនដី​តែ​ម្នាក់​ឯង​នោះឡើយ ។ មាន​នូវ​ប្រភព​នៃ​ថាមពល កម្លាំង និង​ការ​លួង​លោម​ដ៏​អស្ចារ្យ​សម្រាប់​យើង​ម្នាក់ៗ » ( « We Never Walk Alone » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៣ ទំព័រ ១២១ ) ។

ភីលីព ៤:៨ ។ ការ​ដាស់តឿន​របស់​ប៉ុល

« ប៉ុល​បាន​ដាស់​តឿន​ពួក​បរិសុទ្ធ​ឲ្យ ‹ ពិចារណា › ( ការ​គិត​ដោយ​ប្រុង​ប្រយ័ត្ន​ជា​បន្ត​បន្ទាប់ ) ពី​រឿង​ដែល​ពិត ជា​សេចក្ដី​ណា​ដែល​បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ ហើយ​មាន​ឈ្មោះ​ល្អ ( ភីលីព ៤:៨ ) ។ នៅ​ពេល​ព្យាការី​យ៉ូសែប ស្ម៊ីធ … បាន​ដក​ស្រង់ ‹ ការ​ដាស់​តឿន​របស់​ប៉ុល › ​នេះ​នៅ​ក្នុង​មាត្រា​នៃ​សេចក្ដី​ជំនឿ លោក​បាន​ផ្លាស់ប្ដូរ​ឃ្លា ‹ ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ › ឲ្យ​កាន់​តែ​សកម្ម ‹ ស្វែងរក របស់​ផង​ទាំង​នេះ › ( មាត្រា​នៃ​សេចក្តី​ជំនឿ ១:១៣ បាន​បន្ថែមអក្សរ​ទ្រេត​ ) ។ អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ​១៩១៧–២០០៨ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ពិភាក្សា​ពី​ការ​ដាស់​តឿន​នោះ​ឲ្យ​ ‹ ស្វែងរក​របស់​ផង​ទាំង​នេះ › ៖

« ‹ ពាក្យ ស្វែងរក មាន​ន័យ​ថា​ត្រូវ​ទៅ​ស្វែងរក ព្យាយាម​រក​ឲ្យ​ឃើញ ព្យាយាម​​ដោយ​សមត្ថភាព​ផ្ទាល់​ខ្លួន ដើម្បី​ទទួលបាន​ ។ វា​តម្រូវ​ឲ្យ​មាន​វិធានការ​ចំពោះ​ជីវិត​យ៉ាង​សកម្ម និងស្វាហាប់ ។ … ផ្ទុយទៅវិញ វា​ជា​​​ការ​រង់ចាំ​នៅ​ស្ងៀម​សម្រាប់​ឲ្យ​អ្វី​មួយ​ល្អ​កើតឡើង​ដល់​យើង ដោយ​យើង​មិនបាន​ខិតខំ​ប្រឹង​ប្រែង​​សោះ ។

« ‹ យើង​អាច​បំពេញ​ជីវិត​របស់​យើង​ជាមួយ​នឹង​រឿងល្អៗ ដោយ​មិន​ទុក​ចន្លោះ​សម្រាប់​អ្វី​ផ្សេង​ទៀត​ឡើយ ។ យើង​មាន​រឿង​ល្អ​ៗ​ជា​ច្រើន​ដែល​ត្រូវ​ជ្រើស​រើស រហូត​ដល់​យើង​មិន​ត្រូវ​រើស​យក​រឿង​អាក្រក់ៗ​ឡើយ ។ …

« ‹ ប្រសិន​បើ​យើង​ស្វែង​រក​រឿង​ដែល​មាន​គុណធម៌ ហើយ​គួរ​ឲ្យ​ស្រឡាញ់ នោះ​យើង​ប្រាកដ​ជា​នឹង​រក​ឃើញ​វា ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​ស្វែង​រក​អំពើ​អាក្រក់ នោះ​យើង​ក៏​នឹង​រក​ឃើញ​រឿង​អាក្រក់​នោះ​ផង​ដែរ › ( « Seeking the Good » Ensign ខែ​ឧសភា ឆ្នាំ​ ១៩៩២ ទំព័រ ៨៦ ) » ( New Testament Student Manual Church Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៤៣៧–៣៨ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ក៏​បាន​ទូន្មាន​ដូចគ្នា​ដល់​សមាជិក​សាសនាចក្រ « ឲ្យ​រកមើល​អ្វី​ដែល​ល្អ ហើយ​ស្អាង​ឡើង​នៅ​ក្នុង​គ្រប់ការណ៍​ទាំងអស់ ។ …

« នៅ​ក្នុង​ទិដ្ឋភាព​នៃ​អ្វីៗ​ដែល​បើក​សម្ដែង​នៅ​ក្នុង​ពិភពលោក​នេះ វា​អាច​ងាយ​ស្រួល​ដើម្បី​ផ្តោត​សតិ​របស់​យើង​ទៅលើ​រឿង​អវិជ្ជមាន ឬ​រឿង​អាក្រក់ ឬ​ដើម្បី​បង្ហិន​កម្លាំង​របស់​យើង​នៅ​លើ​បុព្វហេតុ​នៃ​ភាព​សង្ស័យ និង​រឿង​ដែល​ធ្វើ​ឲ្យ​ងឿង​ឆ្ងល់ ។ …

« ខ្ញុំ​គិត​ថា ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​កាតព្វកិច្ច​ដ៏​អស្ចារ្យ​មួយ​ដែល​ជម្រុញ​ឲ្យ​ពួកគេ​រីករាយ​នៅ​ក្នុង​ព្រះអម្ចាស់ ដើម្បី​សរសើរ​តម្កើង​ទ្រង់​សម្រាប់​សេចក្ដី​ល្អ និង​ព្រះគុណ​របស់​ទ្រង់ ដើម្បី​សញ្ជឹង​គិត​ពី​សេចក្ដី​ពិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​ដួង​ចិត្ត​ពួកគេ ហើយ​ដាក់​ចិត្ត​ពួក​គេ​លើ​រឿង​សុចរិត ។ …

« មាន​ក្រឹត្យវិន័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មួយ ដែល​បាន​តាំង​ឡើង​ដោយ​ព្រះ​ផ្ទាល់​ពី​មុន​កំណើត​លោកិយ​នេះ​ម្ល៉េះ ថា​មនុស្ស​គ្រប់​រូប​នឹង​ទទួល​ផល​ចំពោះ​អ្វី ដែល​ខ្លួន​បាន​សាប​ព្រោះ ។ ប្រសិន​បើ​យើង​គិត​គំនិត​អាក្រក់ អណ្ដាត​របស់​យើង​នឹង​ថ្លែង​ពាក្យ​មិន​ស្អាត​ស្អំ ។ ប្រសិន​បើ​យើង​ថ្លែង​ពាក្យ​ទុច្ចរិត មិន​យូរ​មិន​ឆាប់​យើងនឹង​ធ្វើ​កិច្ចការ​ទុច្ចរិត ។ ប្រសិន​បើ​ចិត្ត​យើង​ផ្ដោត​លើ​រឿង​ខាង​សាច់​ឈាម និង​អំពើ​អាក្រក់​នៃ​លោកិយ នោះ​រឿង​ខាង​លោកិយ និង​រឿង​ទុច្ចរិត​នឹង​ក្លាយ​ទៅ​ជា​ផ្លូវ​ធម្មតា​នៅ​ក្នុង​ជីវិត​​យើង ។ ប្រសិន​បើ​យើង​សញ្ជឹង​គិត​រឿង​ដែល​ទាក់​ទង​នឹង​រឿង​អសីលធម៌​ខាង​ផ្លូវ​ភេទ​នៅ​ក្នុង​គំនិត​យើង នោះ​មិន​យូរ​ប៉ុន្មាន​​យើង​នឹង​គិត​ថា មនុស្ស​គ្រប់​គ្នា​គ្មាន​សីលធម៌ ហើយ​មិន​ស្អាតស្អំ ហើយ​វា​នឹង​ផ្ដួល​រំលំ​រណាំង​ដែល​ខណ្ឌ​រវាង​យើង និង​ពិភពលោក​នេះ ។ …

« ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​កំពុង​សញ្ជឹង​គិត​នៅ​ក្នុង​ចិត្ត​យើង​ពី​រឿង​សុចរិត នោះ​យើង​នឹង​ក្លាយ​ជា​មនុស្ស​សុចរិត » ( « Think on These Things » Ensign ខែ​មករា ឆ្នាំ ​១៩៧៤ ទំព័រ ៤៦–៤៨ ) ។

ភីលីព ៤:១៣ ។ ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​កម្លាំង​ឲ្យ​យើង​ធ្វើ​រឿង​ល្អៗ​ទាំងអស់

កម្លាំង​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ឲ្យ​យើង​ធ្វើ​នូវ​រាល់​រឿង​ល្អៗទាំងអស់ ​ត្រូវ​បាន​ហៅ​ថា​ជា​ព្រះគុណ ( សូម​មើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគុណ » ) ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ពី​កម្លាំង​នេះ​ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់​យើង​ឲ្យ​ធ្វើ​នូវ​រាល់​រឿង​ល្អៗទាំងអស់ ដូច​តទៅ ៖

« ការថ្លែង​ប្រាប់​ដ៏​មាន​អានុភាព​នៃ​សេចក្ដី​​ស្រឡាញ់​ [ របស់​ព្រះគ្រីស្ទ ] ​នោះ គឺ​ជា​អ្វី​ដែល​នៅ​ក្នុង​ព្រះគម្ពីរ​ជាញឹកញាប់​ហៅ​ថា ព្រះគុណ​នៃ​ព្រះ—​ជំនួយ និង ការផ្ដល់​ឲ្យ​ដ៏​ទេវភាព​នៃ​កម្លាំង​នោះ យើង​អាច​រីក​ចម្រើន​ចេញ​ពី​បុគ្គល​ដែល​មាន​កំហុស និង មាន​កម្រិត ទៅ​ជា​បុគ្គល​ម្នាក់​​ដែល​ត្រូវបាន​លើក​តម្កើង​នៅ​ក្នុង ‹ សេចក្ដី​ពិត និង ពន្លឺ​រហូត​ដល់ [ យើង​បាន ] តម្កើង​ក្នុង​សេចក្ដី​ពិត ហើយ [ ស្គាល់ ] ការណ៍​គ្រប់​យ៉ាង ›​[ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២៨ ] ។ …

« … ព្រះ​ចាក់​ស្រោច​ពរជ័យ​នៃ​ថាមពល និង​កម្លាំង ដោយ​ជួយ​យើង​ឲ្យ​សម្រេច​រឿង​ទាំងឡាយ​ ដែល​ហួស​សមត្ថភាព​ខ្លួន​យើង​អាច​ធ្វើ​បាន ។ ដោយសារ​តែ​ព្រះគុណ​ដ៏​អស្ចារ្យ​នៃ​ព្រះ ទើប​កូន​ចៅ​នៃ​ទ្រង់​អាច​យក​ឈ្នះ​ទៅ​លើ​ការល្បួង​​ដ៏​គ្រោះថ្នាក់ និង ការលាក់​ខ្លួន​របស់​អ្នក​បញ្ឆោត ឈប់​ប្រព្រឹត្ត​បាប ហើយ « បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ »​[ មរ៉ូណៃ ១០:៣២ ] ។

« ទោះ​ជា​យើង​មាន​ភាពទន់​ខ្សោយ​ក្ដី ក៏​យើង​អាច​យក​ឈ្នះ​វា​បាន​ដែរ ។ ប្រាកដ​ណាស់ គឺ​ដោយសារ​ព្រះគុណ​នៃ​ព្រះ បើ​យើង​បន្ទាប​ខ្លួន ហើយ​មាន​សេចក្ដី​ជំនឿ នោះ​ភាពទន់​ខ្សោយ​នឹង​បាន​ទៅ​ជា​ខ្លាំង​ពូកែ [ សូមមើល អេធើរ ១២:២៧ ] ។

« ពេញ​មួយ​ជីវិត​យើង ព្រះគុណ​នៃ​ព្រះ​ស្រោចស្រប​មក​ខាង​សាច់​ឈាម និង អំណោយទាន​ខាង​វិញ្ញាណ ដែល​បង្កើន​សមត្ថភាព​យើង ហើយ​ធ្វើ​ឲ្យ​ជីវិត​យើង​រីក​ចម្រើន ។ ព្រះគុណ​ទ្រង់​ដុស​ខាត់​យើង ។ ព្រះគុណ​ទ្រង់​ជួយ​យើង​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត ។ …

« តើ​យើង​យល់​ដឹងអំពី​ការជំពាក់​បំណុល​របស់​យើង​ចំពោះ​​ព្រះវរបិតាសួគ៌ និង អង្វរ​ដោយ​អស់​ពី​ព្រលឹង​ដើម្បី​បាន​ព្រះគុណ​​នៃ​ព្រះ​ដែរ​ឬ​ទេ ? » ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧-៩ ) ។

អែលឌើរ ចន អេជ ហ្គ្រូប៊ឺក នៃ​ពួក​ចិត​សិប​នាក់ បាន​ចែកចាយ​នូវ​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​ព្រះ​បាន​ប្រទាន​កម្លាំង​ដល់​បុរស​ស្មោះ​ត្រង់​ម្នាក់​ ដែល​វា​អាច​ជួយ​ឲ្យ​គាត់​សម្រេច​បាន​នូវ​ការងារ​ដ៏សុចរិត​មួយ ( សូម​មើល « The Lord’s Wind » Ensign ខែ ​វិច្ឆិកា ឆ្នាំ ​១៩៩៣ ទំព័រ ២៦–២៨ ) ។