មេរៀនសិក្សានៅផ្ទះ
ម៉ាថាយ ១–៥ ( មេរៀនទី ២ )
ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀន ដល់ សិស្ស ដែល សិក្សានៅផ្ទះ
សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ
សេចក្ដីសង្ខេបខាងក្រោមនៃព្រឹត្តិការណ៍ និង គោលការណ៍ដែលសិស្សបានរៀន នៅពេលពួកគេបានសិក្សា ម៉ាថាយ ១- ៥ ( មេរៀនទី ២) ពុំមែនត្រូវយកមកបង្រៀនជាផ្នែកនៃមេរៀនរបស់អ្នកនោះទេ ។ មេរៀនដែលអ្នកបង្រៀន ផ្ដោតតែលើគោលលទ្ធិ និង គោលការណ៍ពីរបីប៉ុណ្ណោះ ។ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតពីតម្រូវការរបស់សិស្ស ។
ថ្ងៃទី ១ ( ម៉ាថាយ ១–២ )
នៅពេលសិស្សបានសិក្សាអំពីពង្សាវតារបស់ព្រះអង្គសង្គ្រោះ នោះពួកគេបានរៀនថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះវរបិតាសួគ៌ និង ម៉ារា ។ នៅក្នុងគំរូរបស់ពួកហោរាដែលបានមកថ្វាយបង្គំព្រះយេស៊ូវ សិស្សបានរៀនថា ប្រសិនបើយើងស្វែងរកព្រះអង្គសង្គ្រោះដោយស្មោះ និង ដោយឧស្សាហ៍ នោះយើងនឹងត្រូវបានដឹកនាំទៅរកទ្រង់ ។ ការអានអំពីរបៀបដែលយ៉ូសែប ត្រូវបានបំផុសឲ្យនាំគ្រួសារគាត់ភៀសខ្លួនចេញទៅស្រុកអេស៊ីព្ទដើម្បីមានសុវត្ថិភាព សិស្សបានរកឃើញថា ប្រសិនបើយើងបន្ទន់ចិត្តយើងទៅតាមព្រះវិញ្ញាណ នោះយើងអាចទទួលបានវិវរណៈ និង ការដឹកនាំ ។
ថ្ងៃទី ២ ( ម៉ាថាយ ៣ )
នៅពេលសិស្សអានអំពី យ៉ូហាន បាទីស្ទ និង ពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ ពួកគេបានរៀនពីសេចក្ដីពិតដូចខាងក្រោម ។ យើងបង្ហាញការប្រែចិត្តពិតចំពោះព្រះអម្ចាស់ នៅពេលយើងផ្លាស់ប្ដូរបំណងប្រាថ្នា និង ទង្វើរបស់យើងដើម្បីធ្វើតាមការបង្រៀនរបស់ទ្រង់ ។ បុណ្យជ្រមុជទឹកដោយការពន្លិចដោយបុគ្គលម្នាក់ដែលកាន់សិទ្ធិអំណាច គឺជារឿងដ៏ចាំបាច់សម្រាប់សេចក្ដីសង្គ្រោះ ។ ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធ គឺជាតួអង្គបីអង្គដាច់ដោយឡែកពីគ្នា ។
ថ្ងៃទី ៣ ( ម៉ាថាយ ៤ )
នៅពេលសិស្សអានពីបន្ទូលឆ្លើយតបរបស់ព្រះអង្គសង្គ្រោះទៅនឹងការល្បួងរបស់អារក្ស ពួកគេបានរៀនថា នៅពេលយើងនឹកចាំ ហើយអនុវត្តសេចក្ដីពិតដែលបានបង្រៀននៅក្នុងព្រះគម្ពីរ យើងអាចតតាំងនឹងការល្បួងរបស់អារក្សបាន ។ ពួកគេក៏បានរៀនដែរថា ព្រះយេស៊ូវគ្រីស្ទនាំយកពន្លឺចូលទៅក្នុងជីវិតរបស់ជនដែលស្ថិតនៅក្នុងសេចក្ដីងងឹត ។ នៅពេលសិស្សអានពី ពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហាន ពួកគេបានរកឃើញសេចក្ដីពិតដូចខាងក្រោមនេះ ៖ ប្រសិនបើយើងឆ្លើយតបភ្លាមៗចំពោះការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យដើរតាមទ្រង់ ទ្រង់អាចធ្វើឲ្យជីវិតយើងបានប្រសើរជាង ។
ថ្ងៃទី ៤ ( ម៉ាថាយ ៥ )
នៅក្នុងមេរៀននេះសិស្សអានផ្នែកមួយនៃទេសនកថារបស់ព្រះអង្គសង្គ្រោះនៅលើភ្នំ ។ នៅក្នុងទេសនកថានេះ ពួកគេបានរៀនពីសេចក្ដីពិតដូចខាងក្រោម ៖ នៅពេលយើងអភិវឌ្ឍលក្ខណៈដូចជាព្រះគ្រីស្ទ នោះយើងនឹងកាន់តែរកឃើញសុភមង្គល ។ ការមានភាពកខ្វក់ដោយអំពើបាបនៃលោកិយអាចរារាំងយើងពីការធ្វើជាពរជ័យមួយសម្រាប់មនុស្សដទៃទៀត ។ គំរូសុចរិតរបស់យើងអាចលើកទឹកចិត្តមនុស្សដទៃទៀតឲ្យខិតទៅជិតព្រះវរបិតាសួគ៌ ។ សិស្សក៏បានរៀនផងដែរពីក្រឹត្យវិន័យខ្ពង់ខ្ពស់ដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនដល់ពួកសិស្សរបស់ទ្រង់ ។
សេចក្តីផ្តើម
មេរៀននេះអាចជួយសិស្សឲ្យយល់ពីអ្វីដែលយើងត្រូវធ្វើ ដើម្បីបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ ។ លើសពីនេះទៀត នៅពេលសិស្សមើលក្រឹត្យវិន័យខ្ពង់ខ្ពង់របស់ព្រះអម្ចាស់ឡើងវិញ ពួកគេអាចត្រិះរិះពីរបៀបដើម្បីកែលម្អរបៀបដែលពួកគេគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ៥:១៧-៤៨
ព្រះយេស៊ូវគ្រីស្ទបង្រៀនពួកសិស្សរបស់ទ្រង់ពីរបៀបឲ្យបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតាសួគ៌
សូមសរសេរសំណួរខាងក្រោមនេះ នៅលើក្ដារខៀនពីមុនចាប់ផ្ដើមបង្រៀន ៖ តើព្រះបញ្ញត្តិមួយណាដែលអ្នកគិតថាមនុស្សពិបាកគោរពតាមជាងគេបំផុត ? នៅពេលថ្នាក់ចាប់ផ្ដើម សុំឲ្យសិស្សឆ្លើយតបទៅនឹងសំណួរនេះ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:៤៨ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលព្រះបញ្ញត្តិមួយដែលពិបាកគោរពតាម ។ អ្នកគួរអានការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ ម៉ាថាយ ៥:៤៨ ។ដែលចែងថា « ដូច្នេះអ្នករាល់គ្នាត្រូវបានបង្គាប់ឲ្យគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ » ។
-
តើព្រះបញ្ញត្តិឲ្យបានគ្រប់លក្ខណ៍ធ្វើឲ្យយើងមានអារម្មណ៍បែបណាដែរ ?
-
តើអ្នកគិតថា ភាពគ្រប់លក្ខណ៍មានន័យដូចម្ដេច ?
សូមពន្យល់ថា ពាក្យ « គ្រប់លក្ខណ៍ » ត្រូវបានបកប្រែចេញពីពាក្យក្រិកមួយពាក្យដែលមានន័យថា ឬ សុំឲ្យសិស្សអាន « បង្ហើយ »« បញ្ចប់ » ឬ « បានអភិវឌ្ឍយ៉ាងពេញលេញ » ។ សូមសួរសិស្សពីរបៀបដែលសេចក្ដីពន្យល់នេះជួយពួកគេឲ្យយល់ពីខគម្ពីរនេះកាន់តែប្រសើរឡើង ។ សូមពន្យល់ថាដើម្បីឲ្យក្លាយទៅជាពេញលេញ ឬត្រូវបានបានអភិវឌ្ឍយ៉ាងពេញលេញនោះមានន័យថា ការប្រែក្លាយដូចជាព្រះវរបិតាសួគ៌ ។
នៅពេលសិស្សបន្តការសិក្សាអំពីទេសនកថានៅលើភ្នំរបស់ព្រះអង្គសង្គ្រោះក្នុង ម៉ាថាយ ៥សុំឲ្យពួកគេរកមើលគោលការណ៍ដែលពួកគេត្រូវធ្វើតាម ដើម្បីបានចម្រើនឡើងឆ្ពោះទៅកាន់ភាពបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ ។
សូមសង្ខេប ម៉ាថាយ ៥:១៧–២០ ដោយពន្យល់ថាព្រះអង្គសង្គ្រោះបានបង្រៀនថា ទ្រង់បានយាងមកដើម្បីបំពេញក្រឹត្យវិន័យរបស់លោកម៉ូសេ ពុំមែនយាងមកដើម្បីបំផ្លាញ ឬលុបបំបាត់ចោលសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចណាមួយ នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ។ ព្រះយេស៊ូវគ្រីស្ទបានស្ដារឡើងវិញនូវភាពពោរពេញនៃដំណឹងល្អដែលបានបាត់បង់ដោយសារតែអំពើទុច្ចរិត និង ការក្បត់សាសនា ទ្រង់បានកែតម្រូវការការបង្រៀនខុសឆ្គង ហើយបានបំពេញការព្យាករដែលបានធ្វើឡើងដោយពួកព្យាការីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ នៅទីបំផុត ដោយសារជាផ្នែកមួយនៃការស្ដារភាពពោរពេញនៃដំណឹងល្អឡើងវិញ កត្តាមួយចំនួននៃក្រឹត្យវិន័យរបស់លោកម៉ូសេត្រូវបានបញ្ឈប់ ដូចជាការកាត់ស្បែក និង ការបូជាសត្វ ។
សូមពន្យល់ថា ម៉ាថាយ ៥:២១–៤៨ រួមបញ្ចូលទាំងការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីក្រឹត្យវិន័យ និង ទំនៀមទម្លាប់នានាដែលពួកសាសន៍យូដាបានបង្កើត ឬបន្ថែមទៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ។ នៅពេលព្រះយេស៊ូវគ្រីស្ទបានពន្យល់ពីអត្ថន័យពិតនៃក្រឹត្យវិន័យនោះ ទ្រង់បានបង្រៀនពីរបៀបដ៏ខ្ពង់ខ្ពស់មួយនៃសេចក្ដីសុចរិត ។ សមាជិកនៃនគររបស់ទ្រង់ត្រូវរស់នៅតាមក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់នេះ ។ ក្រឹត្យវិន័យដ៏ខ្ពស់ទាំងនេះបានផ្ដល់ការដឹកនាំដើម្បីជួយពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទឲ្យចៀសវាងពីការបំពានព្រះបញ្ញត្តិរបស់ព្រះ ។
ដើម្បីជួយសិស្សឲ្យនឹកចាំពីរឿងមួយចំនួន ដែលពួកគេបានរៀនពីក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់នៅក្នុងមេរៀនសិក្សានៅផ្ទះរបស់ពួកគេ អ្នកគួរសរសេរប្រយោគខាងក្រោមនៅលើក្ដារខៀន ៖ កុំឲ្យសម្លាប់មនុស្សឲ្យសោះ។ កុំឲ្យផិតគ្នាឲ្យសោះ។
សុំឲ្យសិស្សពន្យល់ពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនដល់ពួកសិស្សរបស់ទ្រង់ពីក្រឹត្យវិន័យទាំងនេះ ។ ( ប្រសិនបើសិស្សមិនចាំ សុំឲ្យពួកគេបើកទៅ ម៉ាថាយ ៥:២១–២៦ និង ម៉ាថាយ ៥:២៧–៣០តាមលំដាប់លំដោយ ) ។
-
តើគ្រោះថ្នាក់ណាខ្លះដែលអាចកើតមានឡើង ដោយសារតែការពុំអាចគ្រប់គ្រងកំហឹងរបស់យើងបាន ?
-
ហេតុអ្វីក៏វាសំខាន់ដើម្បីគ្រប់គ្រងគំនិតរបស់យើង ?
សូមសង្ខេប ម៉ាថាយ ៥:៣១–៣៧ ដោយពន្យល់ថា ព្រះអម្ចាស់បានបង្រៀនអំពីការលែងលះ អាពាហ៍ពិពាហ៍ និង ការធ្វើសម្បថ ។
សូមអញ្ជើញសិស្សនឹកស្រមៃថា មានមិត្តម្នាក់នៅសាលាបាននិយាយរឿងដ៏អាក្រក់អំពីពួកគេ ។ សូមសួរទៅសិស្សថាតើពួកគេនឹងឆ្លើយតបយ៉ាងណា ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:៣៨ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វីដែលក្រឹត្យវិន័យរបស់លោកម៉ូសេបានបង្រៀនអំពីការដាក់ទោសចំពោះបុគ្គលដែលប្រព្រឹត្តអំពើបាប ឬកំហុស ។ សូមអញ្ជើញឲ្យពួកគេប្រាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមពន្យល់ថាឃ្លា « ភ្នែកឲ្យធួននឹងភ្នែក ហើយធ្មេញឲ្យធួននឹងធ្មេញ » មានន័យថា នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ការដាក់ទោសត្រូវតែសក្ដិសមនឹងទម្ងន់ទោសនោះ ។
សូមបំបែកសិស្សជាគូ ។ សូមអញ្ជើញដៃគូម្នាក់អាន ម៉ាថាយ ៥:៣៩–៤២ ហើយឲ្យដៃគូម្នាក់ទៀតអាន ម៉ាថាយ ៥:៤៣–៤៧ ។ ចូរសុំឲ្យពួកគេរកមើលក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់ ។ លុះដល់ពេលកំណត់ហើយ សូមឲ្យសិស្សពិភាក្សាសំណួរខាងក្រោមជាមួយនឹងដៃគូខ្លួន ( អ្នកគួរសរសេរសំណួរទាំងនេះនៅលើ ក្ដារខៀន ឬចែកឯកសារឲ្យពួកគេ) ៖
យោងតាមព្រះអង្គសង្គ្រោះ តើក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់គឺជាអ្វីទៅ ?
តើក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់នេះបង្រៀនយើងអ្វីខ្លះ ពីរបៀបដែលយើងគួរធ្វើដាក់ជនដែលធ្វើឲ្យយើងអាក់អន់ចិត្ត ?
លុះដល់ពេលកំណត់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សដទៃ ។
សូមអញ្ចើញសិស្សម្នាក់អាន ម៉ាថាយ ៥:៤៥ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថាតើអ្វីនឹងកើតឡើង ប្រសិនបើយើងស្រឡាញ់សត្រូវរបស់យើង ហើយធ្វើល្អដាក់ជនដែលស្អប់យើង ។
-
តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងស្រឡាញ់សត្រូវរបស់យើង ហើយធ្វើល្អដាក់ជនដែលស្អប់យើង ?
-
ដោយដឹងថា យើងទាំងអស់គ្នាគឺជាកូនចៅវិញ្ញាណរបស់ព្រះ តើអ្នកគិតថាការធ្វើជាកូនចៅនៃព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌នៅក្នុងខគម្ពីរនេះមានន័យដូចម្ដេច ? ( វាមានន័យថា ការក្លាយដូចជាទ្រង់ ហើយក្លាយជាអ្នកគ្រងនគររបស់ទ្រង់ ) ។
-
តើព្រះអង្គសង្គ្រោះបានបង្ហាញគំរូពីការស្រឡាញ់ពួកសត្រូវរបស់ទ្រង់ និង ការធ្វើល្អដល់អ្នកដទៃនៅក្នុងជីវិតរមែងស្លាប់របស់ទ្រង់ដោយរបៀបណា ?
សូមអញ្ជើញពួកសិស្សសញ្ជឹងគិតពីអ្វីដែលពួកគេបានរៀននៅក្នុង ម៉ាថាយ ៥ អំពីអ្វីដែលយើងត្រូវធ្វើ ដើម្បីបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតាសួគ៌ ។
-
តើកិច្ចការមួយចំនួនដែលយើងត្រូវធ្វើដើម្បីបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌មានអ្វីខ្លះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរស្គាល់គោលការណ៍មួយដែលស្រដៀងនឹងគោលការណ៍ខាងក្រោមនេះ ៖ នៅពេលយើងធ្វើតាមការបង្រៀន និងព្រះបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះ យើងអាចបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ) ។
សូមរំឭកសិស្សថា មានតែតាមរយៈព្រះយេស៊ូវគ្រីស្ទ និង ព្រះគុណរបស់ទ្រង់ប៉ុណ្ណោះទេ ទើបយើងអាចបានគ្រប់លក្ខណ៍ ( សូមមើល មរ៉ូណៃ ១០:៣២ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីដំណើរការនៃការបានគ្រប់លក្ខណ៍ សុំឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ រ័សុល អិម ណិលសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឲ្យឮៗ ៖
« យើងពុំចាំបាច់ស្រងាកចិត្តទេ បើកិច្ចខិតខំដ៏ស្មោះបំផុតរបស់យើងទៅកាន់ភាពល្អឥតខ្ចោះ ក្នុងពេលនេះមើលទៅហាក់ដូចជា [ ពិបាក ] ក្រៃលែង ឬគ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះគឺកំពុងនៅរង់ចាំ ។ វាអាចបានពេញលេញ មានតែបន្ទាប់ពីដំណើររស់ឡើងវិញ និង តាមរយៈព្រះអម្ចាស់ប៉ុណ្ណោះ ។ វាកំពុងរង់ចាំពួកអ្នកទាំងអស់ណាដែលស្រឡាញ់ទ្រង់ និង រក្សាបទបញ្ញត្តិរបស់ទ្រង់ » (« Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៨ ) ។
-
យោងតាមអែលឌើរ ណិលសុន តើយើងនឹងបានគ្រប់លក្ខណ៍នៅពេលណា ?
-
តើសេចក្ដីថ្លែងការណ៍នេះអាចជួយមនុស្សម្នាក់ដែលមានអារម្មណ៍ថាលើសលុប ហើយបាក់ទឹកចិត្តដោយសារតែភាពមិនគ្រប់លក្ខណ៍របស់ខ្លួនដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យបន្តគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ដើម្បីនៅទីបំផុតពួកគេអាចបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ ។
មេរៀនបន្ទាប់ ( ម៉ាថាយ ៦:១–១៣:២៣ )
ដើម្បីជួយរៀបចំខ្លួនសិស្សសម្រាប់មេរៀនបន្ទាប់ សុំឲ្យពួកគេត្រិះរិះពីសំណួរដូចតទៅ ៖ តើក្រឹត្យវិន័យមាសគឺជាអ្វី ? តើព្រះអម្ចាស់បានបង្រៀនអ្វីខ្លះ ស្ដីពីការថ្កោលទោសអ្នកដទៃ ? តើមានអ្វីកើតឡើងចំពោះជនដែលបម្រើចៅហ្វាយពីរ ? តើមនុស្សត្រូវធ្វើអ្វីខ្លះដើម្បីឲ្យព្រះអង្គសង្គ្រោះព្យាបាល ? សូមពន្យល់ថានៅក្នុងមេរៀនបន្ទាប់ សិស្សនឹងមានឱកាសរៀនពីចម្លើយចំពោះសំណួរទាំងនេះ ហើយរៀនអំពីភារៈរបស់ព្រះអង្គសង្គ្រោះចំពោះពួកសាវករបស់ទ្រង់ ។