បណ្ណាល័យ
មេរៀន​ទី ១១៧ ៖ កូរិនថូស​ទី ២ ១០-១៣


មេរៀនទី ១១៧

កូរិនថូស​ទី២ ១០-១៣

សេចក្តី​ផ្ដើម

សាវក​ប៉ុល​បា​នបង្រៀន​អំពី​សង្គ្រាម​ខាង​វិញ្ញាណ​ ដែល​កូនចៅ​របស់​ព្រះ​ចូល​ប្រឡូក ។ លោក​បាន​​និយាយ​ការ​ពារ​ខ្លួនជំទាស់នឹង​ជន​ដែល​បដិសេធ​លោក ។ លោក​បាន​ដំណាល​​ម្ដង​ទៀត​អំពី​របៀប​ដែល​លោក​ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​ស្ថានសួគ៌​​ទីបី ហើយ​បាន​ពិពណ៌នា​អំពី​របៀប​ដែល​ភាព​ទន់​ខ្សោយ​របស់​លោក​បាន​បង្ហាញ​ថា ​ជា​ពរជ័យ​មួយ ។ ពីមុន​បញ្ចប់​សំបុត្រ​របស់​លោក ប៉ុល​បាន​ដាស់​តឿន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​​ឲ្យ​ត្រួត​ពិនិត្យ​មើល​ខ្លួន​ឯង ហើយ​បង្ហាញ​សេចក្ដី​ស្មោះ​ត្រង់​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស​ទី២ ១០-១១

ប៉ុល​សរសេរ​អំពី​សុខុមាលភាព​ខាង​វិញ្ញាណ ការ​បោក​បញ្ឆោត​របស់​សាតាំង និង​សេចក្តី​ទុក្ខ​លំបាក​​ផ្ទាល់​ខ្លួន​របស់​លោក

សូម​សរសេរ​ពាក្យ សង្គ្រាម នៅលើ​ក្ដារខៀន ។

  • តើ​យើង​ចូល​ប្រឡូក​នៅ​ក្នុង​សង្គ្រាមជំទាស់នឹង​សាតាំង​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​សង្គ្រាម​ដ៏​លំបាក​បំផុត​មួយ​ចំនួន ដែល​យើង​ជួប​​នៅ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ​នេះ​មាន​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ១០:៣-៦ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា​ប៉ុល​បាន​បង្រៀន​ថា​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​​មាន​ជោគ​ជ័យ​នៅ​ក្នុង​សង្គ្រាមជំទាស់​នឹង​សាតាំង ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​មាន​ជ័យ​ជំនះ​នៅ​ក្នុង​សង្គ្រាមជំទាស់នឹង​សាតាំង?

  • តើ​អ្នក​គិត​ថា ការ​នាំ​ « អស់​ទាំង​គំនិត​ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់​ព្រះគ្រីស្ទ » ​មាន​ន័យ​ដូច​ម្ដេច ? ( ខ​ទី ៥ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ នៅ​ក្នុង ខ​ទី ៥ អំពី​របៀប​ដើម្បី​ទទួល​បាន​​ជោគជ័យ​ នៅ​ក្នុង​សង្គ្រាមជំទាស់​នឹង​​សាតាំង? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ ​សូម​សរសេរ​សេចក្ដី​ពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ នៅ​ពេល​យើង​គ្រប់​គ្រង​គំនិត​ដោយ​ការ​ស្ដាប់​បង្គាប់​តាម​​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​កាន់​តែ​មាន​ជោគជ័យ​នៅ​​ក្នុ​ងសង្គ្រាមជំទាស់នឹង​សាតាំង ) ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​គ្រប់​គ្រង​គំនិត​របស់​យើង ? ( ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត យើង​អាច​​អធិស្ឋាន ទន្ទេញ​ចាំ​បទគម្ពីរ ហើយ​ច្រៀង ឬ​ទន្ទេញ​ចាំ​ទំនុក​តម្កើង​ព្រះ ) ។

អ្នក​គួរ​ចែកចាយ​បទពិសោធន៍​មួយ​ ដែល​បង្ហាញ​​អំពីរបៀប​គ្រប់​គ្រង​គំនិត​រ​បស់​អ្នក ​ដោយ​ការ​​ស្ដាប់​បង្គាប់​តាម​​ព្រះអង្គ​សង្គ្រោះ​ធ្លាប់​ជួយ​អ្នក​ ឲ្យ​យក​ឈ្នះ​លើ​ឥទ្ធិពល​របស់​សាតាំង ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​ផ្ទាល់​របស់​ពួកគេ​ផង​ដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ​ ដើម្បី​គ្រប់​គ្រង​គំនិត​របស់​ពួកគេឲ្យ​កាន់​តែ​ប្រសើរ​ឡើង ​ដោយ​ស្ដាប់​បង្គាប់​តាម​​ព្រះអង្គ​សង្គ្រោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​សង្ខេប​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖

នៅ​ក្នុង កូរិនថូសទី២ ១០:៧–១៨ យើង​រៀន​ថា ប៉ុល​បាន​ទទួល​​សិរី​ល្អ​នៅ​ក្នុង​ព្រះអម្ចាស់ ហើយ​បាន​បង្រៀន​ថា ភាព​ទន់​ខ្សោយ​របស់​លោក​ពុំ​គួរ​យក​​មក​ប្រើ​​ទុកជា​ដំណោះសារ​​ ដោយ​ការ​ពុំ​ស្ដាប់​តាម​ទ្រង់​នោះ​ឡើយ ។ នៅ​ក្នុង កូរិនថូសទី២ ១១ យើង​អាន​ថា ប៉ុល​បាន​លើក​ឡើង​អំពីវិធី​បន្ថែម​ទៀត ​ដែល​សាតាំង​ខិតខំ​បំផ្លាញ​គំនិត​របស់​យើង ហើយ​នាំ​យើង​ឲ្យ​ឃ្លាត​ចេញ​​ពី​ព្រះយេស៊ូវ​គ្រីស្ទ រួម​បញ្ចូល​ទាំង​ការ​ប្រើ​ព្រះគ្រីស្ទ​ក្លែង​ក្លាយ និង​ពួក​សាវក​ក្លែង​ក្លាយ ។ ប៉ុល​បាន​ដំណាល​​ឡើង​វិញ​ពី​ការ​រងទុក្ខ​ដែល​លោក​បាន​ស៊ូទ្រាំ​ ក្នុងនាម​ជា​សាវក​ដ៏​ពិត​មួយ​របស់​ព្រះអង្គ​សង្គ្រោះ ។

កូរិនថូសទី២ ១២

ប៉ុល​បាន​ដំណាល​​ឡើង​វិញ​ពី​ការ​ត្រូវ​បាន​​នាំ​ទៅ​ស្ថានសួគ៌ ហើយ​បង្រៀន​ថា ការ​ទទួល​ស្គាល់​ភាព​ទន់​ខ្សោយ​​របស់​យើង​អាច​ផ្ដល់​ប្រយោជន៍​​ដល់​យើង​យ៉ាង​ដូចម្ដេច

សូម​យក​បន្លា​មួយ​មក​ថ្នាក់​រៀន ឬ​គូរ​រូបភាពបន្លា​មួយ​នៅ​លើ​ក្ដារខៀន ​ឲ្យ​ស្រដៀង​​នឹង​រូប​ដែល​បាន​បង្ហាញ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​​ពី​ពេល​ដែល​ពួកគេ​ធ្លាប់​មុត​នឹង​បន្លា ។

រូបភាព
branch with thorns
  • តើ​បន្លា​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មាន​ការ​លំបាក​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ប៉ុល​បាន​ប្រើ​ទស្សនៈ​អំពីបន្លាជា​និមិត្តរូប​នៃការ​សាកល្បង​ ឬ​ភាព​ទន់​ខ្សោយ​មួយ​ ​ដែល​លោក​បាន​ជួប ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់ ហើយ​ពិចារណា​ថា​តើ​ការសាកល្បង ឬ​ភាព​ទន់​ខ្សោយ​ប្រភេទ​ណា​ខ្លះ ដែលពួកគេ ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​ធ្លាប់​បាន​​ជួប​ប្រទះ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« មាន​មនុស្ស​ខ្លះ​បាន​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់ ឬ​មើល​ថែ​មនុស្ស​​ពិការ​ម្នាក់ ។ ខ្លះ​ធ្លាប់​រង​របួស​ដោយ​ការ​លែង​លះ​គ្នា ។ … រីឯ​ខ្លះ​ទៀត​មាន​រូបកាយ​ពិការ ឬ​ការ​ឈឺ​ចាប់​​ខាង​ផ្លូវ​ចិត្ត ។ ខ្លះ​បាន​ប្រឈម​នឹង​ការ​ចាប់ចិត្ត​ទៅ​លើ​ភេទ​ដូច​គ្នា ។ ខ្លះ​មាន​អារម្មណ៍​អាក្រក់ ដោយសារ​ការ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ឬ​គុណវិបត្តិ ។ តាម​របៀប​ណា​មួយ​ក្ដី ​គឺ​មាន​មនុស្ស​ជាច្រើន​ដែល​មាន​បន្ទុក​ធ្ងន់ » ( « He Heals the Heavy Laden » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ​២០០៦ ទំព័រ ៦ ) ។

នៅ​ពេល​សិស្ស​សិក្សា​កូរិនថូសទី២ ១២​​សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​ដែល​អាច​ជួយ​ពួកគេ នៅ​ពេល​ពួកគេ​ជួប​ការ​សាកល្បង និង​ភាព​ទន់​ខ្សោយ​នានា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ១២:១-៤ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ការ​និមិត្ត​មួយ ​ដែលបាន​កើតឡើង​ដល់​ប៉ុល​ ។ ( សូម​ពន្យល់​ថា ខគម្ពីរ​ទាំងនេះ​សំដៅ​ទៅ​លើ​ប៉ុល​ក្នុង​នាម​ជាបុគ្គល​ទីបី ) ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ដូចម្ដេច​ដែរ ​ចំពោះ​ឃ្លា​ថា​ប៉ុល​ត្រូវ​បាន​នាំ​ « ឡើង​ទៅ​ស្ថានសួគ៌​នៅ​ជាន់​ទី​បី » ? ( ខ​ទី ២ ) ។ ( លោក​មាន​ការ​និមិត្ត​មួយ​អំពី​នគរ​សេឡេស្ទាល ) ។

សូម​ពន្យល់​ថា ឃ្លា​ « ទោះ​បើ​ក្នុង​រូបកាយ ឬ​ក្រៅ​ពីរូបកាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ » ( ខ​ទី ២ ) មាន​ន័យ​ថា ប៉ុល​ពុំ​បាន​ដឹង​ថា លោក​ត្រូវ​នាំ​ទៅ​នគរ​សេឡេស្ទាល ឬ​បាន​មាន​ការ​និមិត្ត​មួយ​អំពី​នគរ​នោះ​ទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ២ ១២:៥-៦ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ​រកមើល​ថា ប៉ុល​បាន​ឆ្លើយតប​ទៅ​នឹង​ការ​និមិត្ត​នេះ​យ៉ាង​ដូចម្ដេច ។

  • តើ ប៉ុល​បានអនុវត្ត​យ៉ាង​ដូចម្តេច ទៅ​នឹង​ការ​និមិត្ត​នេះ​ ?

  • តើ​ប៉ុល​បាន​បារម្ភ​ថា​អាចនឹង​មាន​អ្វី​កើត​ឡើង​ ប្រសិន​បើ​លោក​បាន​លើក​តម្កើង​​ខ្លួន​ឯង​នោះ ? ( ប៉ុល​បាន​ព្រួយ​ចិត្ត​ថា មនុស្ស​ដទៃ​អាច​គិត​ថា ​លោក​ជាមនុស្សថ្កុំថ្កើង​ពេក កាល​ដែល​លោក​នៅ​មាន​ឧបសគ្គ​​នៅ​ក្នុង​ជីវិត​ដែល​ត្រូវ​យក​ឈ្នះ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ១២:៧-៨ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ព្រះអម្ចាស់​បាន​ជួយ​ប៉ុល​ឲ្យ​បន្ត​មាន​ចិត្ត​រាប​សា​បាន​យ៉ាង​ដូចម្ដេច ។ អ្នក​គួរ​ពន្យល់​ថាការ ​« កើត​មាន​ចិត្ត​ធំ » ( ខ​ទី ៧ ) មាន​ន័យ​ថា ការ​មាន​ចិត្ត​អួត​អាង ។

  • តើ​ព្រះអម្ចាស់​បាន​ជួយ​ប៉ុល​ឲ្យ​បន្ត​មាន​ចិត្ត​រាប​សា​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ប៉ុល​បាន​អធិស្ឋាន​ប៉ុន្មាន​ដង​ដើម្បី​ដក​យក ​« បន្លា​ ១ ​ចាត់​មក​ក្នុង​សាច់​ឈាម » ?

សូម​ចង្អុល​បង្ហាញ​ថា ថ្វី​បើ​ប៉ុល​បាន​អធិស្ឋាន​យ៉ាង​ណា​ក្ដី ក៏​ព្រះអម្ចាស់​ទំនង​ជា​ពុំ​ជ្រើស​យក​ការ​ដក​យក​« បន្លា​១ចាត់​មក​ក្នុង​សាច់​ឈាម » ​របស់​ប៉ុល​ចេញ​ឡើយ ។

  • តើ​យើង​អាច​រៀនពី​ប៉ុល​​អ្វីខ្លះ ​ទាក់ទង​នឹង​ហេតុផល​ដែល​ព្រះអម្ចាស់​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​យើង​ជួប​នូវ​ភាព​ទន់​ខ្សោយ និង​ការ​សាកល្បង ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​អំពីសេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះអម្ចាស់​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​យើង​ជួប​ប្រទះ​នឹង​ភាព​ទន់​ខ្សោយ និង​ការ​សាកល្បង ដើម្បី​ឲ្យ​យើង​អាច​រៀន​បន្ទាប​ខ្លួន ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​អាន កូរិនថូសទី២ ១២:៩–១០ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​សេចក្ដី​ពិត​ដែល​ប៉ុល​បាន​រៀន ​ដែល​វា​បាន​ជួយ​លោក​ឲ្យ​ស៊ូទ្រាំ​នឹង​ភាព​ទន់ខ្សោយ​​ទាំងឡាយ​របស់​លោក ។ ចូរ​សុំ​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​រៀន​ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេ​អំពីសេចក្ដីពិត​ ដែល​ពួកគេ​ស្គាល់ ។

  • តើ​ប៉ុល​បាន​រៀន​សេចក្ដីពិត​អ្វីខ្លះ​ ដែល​វា​បាន​ជួយ​លោក​ឲ្យ​ស៊ូទ្រាំ​នឹង​ភាព​ទន់ខ្សោយ​របស់​លោក ? ( សិស្ស​អាច​ស្គាល់​សេចក្ដី​ពិត​មួយចំនួនដូច​ខាង​ក្រោម​នេះ ៖ ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​​មាន​ល្មម​គ្រប់​គ្រាន់​ ដើម្បី​ពង្រឹង​យើង​នៅ​ក្នុង​ភាព​ទន់​ខ្សោយ​​របស់​យើង ។ ជានិច្ចកាល ព្រះអម្ចាស់​ពុំ​ដក​យក​ការ​ប្រឈម​របស់​យើង​ចេញ​ឡើយ ប៉ុន្តែ​ទ្រង់​នឹង​ពង្រឹង​យើង​ កាល​ណា​យើង​ស៊ូទ្រាំ​វា​ដោយ​ស្មោះ​ត្រង់ ) ។

សូម​រំឭក​សិស្ស​ថា ព្រះគុណ គឺជា « ជំនួយ និង​កម្លាំង​ពី​ព្រះ » ​ដែល​ត្រូវ​​បាន​ប្រទាន​ឲ្យ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ( Bible Dictionary « ព្រះគុណ » ) ។

  • តើ​ឃ្លា​ដែល​ចែង​ថា ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ល្មម​គ្រប់​គ្រាន់​ ដើម្បី​ពង្រឹង​យើង​នៅ​ក្នុង​ភាព​ទន់​ខ្សោយ​របស់​យើង​មាន​ន័យ​ដូចម្ដេច ? ( តាមរយៈ​កម្លាំង​ដែល​យើង​ទទួល​បាន​ពី​ព្រះអង្គ​សង្គ្រោះ យើង​អាច​ធ្វើ​កិច្ចការ​ទាំងអស់​ដែល​ទ្រង់​បាន​បញ្ជាឲ្យ​យើង​ធ្វើ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​​ដូច​​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« អំណាច​នៃ​ការ​ព្យាបាល​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ—មិន​ថា​វា​បាន​ដក​យក​បន្ទុក​យើង​ចេញ ឬ​ពង្រឹង​យើង​ឲ្យ​ស៊ូទ្រាំ ហើយ​រស់​នៅ​ជាមួយ​នឹង​វា​ដូចជា​សាវក​ប៉ុល​នោះទេ—គឺ​មាន​​សម្រាប់​រាល់​ការ​រងទុក្ខ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ » ( « He Heals the Heavy Laden » ទំព័រ ៨ ) ។

  • តើ​សេចក្ដី​ពិត​ដែល​យើង​បាន​ស្គាល់​នៅ​ក្នុង ខ​ទី ៩–១០ អាច​ជួយ​យើង នៅ​ពេល​​យើង​ជួប​នឹង​ភាព​ទន់​ខ្សោយ និង​ការ​សាកល្បង​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទទួល​​កម្លាំង​មក​ពី​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល​ណា ? ( សូម​រំឭក​សិស្ស​កុំ​ឲ្យ​ចែកចាយ​អ្វី​ដែល​សម្ងាត់​ផ្ទាល់ខ្លួន ឬ​ឯកជន​ពេក ) ។ តើ​បទពិសោធន៍​នោះ​គឺជា​ពរជ័យ​មួយ​ចំពោះ​អ្នក ឬ​ពួកគេ​យ៉ាង​ដូច​ម្ដេច ?

កូរិនថូស​ទី២ ១៣

ប៉ុល​ដាស់​តឿន​ពួក​បរិសុទ្ធ​ឲ្យ​ពិនិត្យ​មើល​ខ្លួន​ឯង ហើយ​បង្ហាញ​នូវភាព​ស្មោះត្រង់​របស់​ខ្លួន​ផ្ទាល់

សូម​រំឭក​សិស្ស​ថា មាន​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ​ដែល​បាន​សួរ​ដេញ​ដោល​ឲ្យ​ប៉ុល​បង្ហាញ​សិទ្ធិ​អំណាច​របស់​លោក​ ក្នុង​នាម​ជា​សាវក​មួយ​រូប ។

  • តើ​ឧទាហរណ៍​មួយ​ចំនួន​អំពី​របៀប ​ដែល​ប្រជាជន​សព្វថ្ងៃ​អាច​សួរ​ដេញ​ដោល​អស់​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ក្នុង​​តំណែង​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ​មាន​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ១៣:៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ​សមាជិក​សាសនាចក្រ​​នៅ​កូរិនថូស​ចង់​ឃើញ​ភស្ដុតាង​អ្វីខ្លះ ។

  • តើ​សមាជិក​សាសនាចក្រ​នៅ​កូរិនថូស​ចង់​ឃើញ​ភស្ដុតាង​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ២ ១៣:៥-៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា​ប៉ុល​បាន​ដាស់​តឿន​ឲ្យ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​​ធ្វើ​អ្វីខ្លះ​ជា​ជាង​សួរ​សំណួរ​ថា ព្រះអម្ចាស់​​បាន​មាន​បន្ទូល​តាមរយៈ​លោក​ជា​សាវក​ដែរ​ឬ​ក៏​អត់​នោះ ។ សូម​ពន្យល់​ថា ពាក្យ​ត្រូវ​កាត់​ចោល​ចេញ គឺជា​មនុស្ស​ម្នាក់​ដែល​ពុក​រលួយ ឬ​អសីលធម៌ ។

  • យោងតាម ខ​ទី៥ តើ​ប៉ុល​បាន​ដាស់​តឿន​ឲ្យ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ធ្វើ​អ្វី​ខ្លះ ? ( អ្នក​គួរ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​ខគម្ពីរ​នេះត្រង់​ពាក្យ ពិចារណា​មើល ល្បងមើល​​ និង យល់​ឃើញ នៅ​ក្នុង​ខគម្ពីរ​នេះ ) ។

  • តើ​ប៉ុល​បាន​និយាយ​ថា ពួក​បរិសុទ្ធ​ទាំងនេះ​ត្រូវ​ពិចារណា​មើលអ្វីខ្លះ​ពី​ខ្លួន​ឯង​ ? ( សូម​ពន្យល់​ថាការ ​« ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ » [ ខ​ទី ៥ ] មាន​ន័យ​ថា​ការ​ស្មោះ​ត្រង់​​ចំពោះ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​​ពីខគម្ពីរ​ទាំងនេះ​ថា យើង​គួរ​ធ្វើ​អ្វីខ្លះ​ជំនួស​ឲ្យ​ការ​រិះគន់​​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ ដែល​ស្រដៀង​​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ជំនួស​ឲ្យ​ការ​រិះគន់​ដល់​ថ្នាក់​ដឹកនាំ​សាសនា​ចក្រ សមាជិក​សាសនាចក្រ​គួរ​ពិចារណា​​មើល​ពី​សេចក្ដី​ស្មោះ​ត្រង់​របស់​ខ្លួន ) ។

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោមដោយ​ព្យាការី យ៉ូសែប ស៊្មីធ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« [ ប្រសិន​បើ​មនុស្ស​ម្នាក់ ] ក្រោក​ឡើង​ថ្កោល​ទោស​ដល់​មនុស្ស​ដទៃ ដោយ​ស្វែង​រក​កំហុសជំទាស់​នឹង​សាសនាចក្រ ហើយ​និយាយ​ថា​ពួកគេ​គ្មាន​ជម្រើស​ទេ ដោយសារ​គាត់​ជា​មនុស្ស​​សុចរិត វា​ប្រាកដ​ណាស់​ថា មនុស្ស​ម្នាក់​នោះ​កំពុង​ស្ថិតនៅ​ក្នុង​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ក្បត់​សាសនា ហើយ​ប្រសិន​បើ​គាត់​ពុំ​ប្រែ​ចិត្ត​ទេ នោះ​គាត់​នឹង​ក្បត់​សាសនា​យ៉ាង​ពិត​ប្រាកដ ដរាប​ណា​ព្រះទ្រង់​មាន​ព្រះជន្ម» ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ​ ២០០៧ ] ទំព័រ ៣១៨ ) ។

  • តើ​នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង ប្រសិន​បើ​យើង​រិះ​គន់​ថ្នាក់​ដឹកនាំ​របស់​យើង​ជំនួស​ឲ្យ​ការ​ពិចារណា​​មើល​ពី​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន​នោះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​មើល​អំពី​ភាព ស្មោះ​ត្រង់​ និង​ឥរិយាបថ​របស់​ខ្លួន​ចំពោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ សូមចែក​សំណៅ​​ចម្លង សំណួរ​ខាង​ក្រោម​នេះ​​ដល់​ពួកគេ ។ សូម​ទុក​ឲ្យ​សិស្ស​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​អាន ហើយ​ឆ្លើយ​សំណួរ​ដោយ​ស្ងៀម​ស្ងាត់ ។

រូបភាព
handout

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១១៧

  1. ពី​លេខ ១–១០ ( ១០ ​គឺ​ល្អ​ឥត​ខ្ចោះ ) តើ​អ្នក​ធ្វើ​តាម​ការ​ទូន្មាន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ល្អ​ដល់​កម្រិត​ណា ?

  2. តើ​បទដ្ឋាន​ណា​មួយ​ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​បង្រៀន ដែល​អ្នក​អាច​ធ្វើ​តាម​បាន​​យ៉ាង​ស្មោះ​ត្រង់ ?

  3. ពី​លេខ ១–១០ ( ១០ គឺ​គ្រប់​ឱកាស​ដែល​អ្នក​មាន ) តើ​អ្នក​បាន​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​ថ្នាក់​ដឹកនាំ​​សាសនាចក្រ​របស់​អ្នក​មិន​ថា​ដោយ​ផ្ទាល់ ឬ​នៅ​ក្នុង​ការអធិស្ឋាន បាន​ញឹក​ញាប់​ប៉ុណ្ណា​ដែរ ?

  4. តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​កាន់​តែ​ខ្លាំង​​ចំពោះ​ការ​លះបង់ និង​ការ​ខិតខំ​ដែល​ថ្នាក់​ដឹក​នាំ​របស់​អ្នក​បាន​ធ្វើ​ សម្រាប់​​ប្រយោជន៍​របស់​អ្នក ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ ៖

  • តើ​ពរជ័យ​អ្វីខ្លះ​ ដែល​អាច​កើត​ចេញ​ពី​ការ​ធ្វើ​ការ​ពិចារណា​មើល​ខ្លួន​ឯង​ខាង​វិញ្ញាណ​បែប​នេះ​​ជា​ទៀង​ទាត់ ?

សូម​សង្ខេប កូរិនថូសទី២ ១៣:៧–១៤ ដោយ​ពន្យល់​ថា ប៉ុល​បាន​ដាស់​តឿន​ពួក​បរិសុទ្ធ​ឲ្យ​ចៀស​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ខិតខំ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ។

ចូរ​ថ្លែង​ទីបន្ទាល់អំពី​សេចក្ដីពិត​ ដែល​អ្នក​បាន​​ពិភាក្សា​នៅក្នុង​មេរៀននេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គោលដៅ​ជាក់​លាក់​មួយ ​អំពី​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​សេចក្ដី​​ពិត​មួយ​ក្នុង​ចំណោម​សេចក្ដី​ពិត​ទាំង​នេះ​​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

រូបភាព
scripture mastery icon
ការរំឭក​ចំណេះចំណាន​ខគម្ពីរ

ការយល់​របស់​សិស្ស​អំពី​វគ្គ​ក្នុង​ព្រះគម្ពីរ​នឹង​កើនឡើង នៅពេល​ពួកគេ​បង្កើត​សំណួរ​ផ្ទាល់ខ្លួន​​អំពី​វគ្គ​ទាំង​នោះ ។ សូម​ចែក​សិស្ស​ជា​ពីរ​ក្រុម ( ឬ​ច្រើន ) ។ សូម​អញ្ជើញ​ក្រុម​ទាំងឡាយ​ឲ្យ​សរសេរ​​តម្រុយ​ដែល​ចង្អុល​បង្ហាញ​ទៅ​រក​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​ជាក់​លាក់ ។ ( អ្នក​អាច​ជ្រើសរើស​ក្រុម​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ដែល​អ្នក​ចង់​ឲ្យ​សិស្ស​រៀន ឬ រំឭក ) ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​កុំ​ឲ្យ​បង្កើត​តម្រុយ​ស្មុគ​ស្មាញ​ហួស​ហេតុ​ពេក ។ បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់​គ្រាន់​ហើយ សូម​អញ្ជើញ​​ក្រុម​ទាំងឡាយ​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​តម្រុយ​របស់​ខ្លួន​ឮៗ​ដើម្បី​ចង់​ដឹង​ថា តើ​តម្រុយ​​របស់​ក្រុម​មួយ​ទៀត​អាច​បង្ហាញ​ពី​វគ្គ​ត្រឹមត្រូវ​ដែរ​ឬទេ ។

កំណត់ចំណាំ ៖ ប្រសិនបើ​អ្នក​មិន​មាន​ពេល​ប្រើ​សកម្មភាព​នេះ​ជា​ផ្នែក​នៃ​មេរៀន​នេះ​ទេ អ្នក​អាច​ប្រើ​វា​នៅ​ថ្ងៃក្រោយក៏​បាន ។ ( មេរៀន​បន្ទាប់​គឺជា​មេរៀន​ខ្លី ។ អ្នក​អាច​​មាន​ពេល​ប្រើ​សកម្មភាព​នេះ ) ។ សម្រាប់​សកម្មភាព​រំឭក​ផ្សេង​ទៀត សូម​មើល​សេចក្ដីបន្ថែម​នៅចុង​បញ្ចប់​នៃ​សៀវភៅ​ណែនាំ​​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូសទី២ ១២:៤ ។ « ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ »

ដូច​ជា​ប៉ុល​ដែល ​« បាន​ឮ ​‹ ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​​បាន ›​ ដែល​វា ​‹ ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ › នៅ​ពេល​លោក​បាន​នាំ​ទៅ​ស្ថានសួគ៌​នៅ​​ជាន់​ទីបី​នោះ ( កូរិនថូសទី២ ១២:២, ​៤​ ) យើង​ក៏​អាច​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដូចគ្នា​ថា យើង​គួរ​ចែក​រំលែក​តែ​នៅ​ពេល​ដែល​​ព្រះវិញ្ញាណ​បាន​ដឹកនាំ​ឲ្យ​យើង​ធ្វើ​ដូច្នោះ​ប៉ុណ្ណោះ ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« ‹ ខ្ញុំ​បាន​ជឿ​ថា … វា​មិន​ឆ្លាត​វៃ​ទេ​ដើម្បី​បន្ដ​និយាយ​​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏ចម្លែក​នោះ ។ វា​ត្រូវ​មាន​ការ​ការពារ​ដោយ​ការ​ថែរក្សា ហើយ​ចែក​ចាយ​តែ​នៅ​ពេល​​ដែល​ព្រះវិញ្ញាណ​បំផុស​ឲ្យ​អ្នក​ប្រើ​វា ដើម្បី​ឲ្យ​ពរជ័យ​ដល់​មនុស្ស​ដទៃ​ប៉ុណ្ណោះ › [  The Candle of the Lord ›​Ensign ខែ មករា ឆ្នាំ​ ១៩៨៣ ទំព័រ ៥៣ ] » ( New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៤០៧ ) ។

កូរិនថូសទី២ ១២:៧ ។ តើ​អ្វី​ទៅ​ជា​ « បន្លា » ​ដែល​ធ្វើ​ឲ្យ​សាវក​ប៉ុល​ព្រួយ​ចិត្ត ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្តល់​ជា​យោបល់​ថា បន្លា​របស់​ប៉ុល​អាច​ជា « ភាព​ទន់​ខ្សោយ​ខាង​រូបកាយ​មួយ​ចំនួន​ដែល​ពុំ​មាន​ឈ្មោះ ទំនង​ជា​ភាព​ទន់​ខ្សោយ​មួយ​ដ៏​ធ្ងន់​ធ្ងរ​ ដែល​បាន​ធ្វើ​ឲ្យ​សាវក​ប៉ុល​រងទុក្ខ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ឬ​ម្ដង​ហើយ​ម្ដង​ទៀត » ( Doctrinal New Testament Commentary វ៉ុលទី៣ [ ឆ្នាំ​១៩៦៥–៧៣ ] ២:៤៤៨ ) ។

កូរិនថូសទី២ ១២:៩ ។ « កម្លាំង​យើង​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ »

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ដក​យក​បទពិសោធន៍​របស់​លោក​ផ្ទាល់​ជាមួយ​នឹង​ឧបសគ្គខាង​រូបកាយ ​ដើម្បី​ពន្យល់​អំពីរបៀប​ដែល​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​ឲ្យ​យើង​រឹង​មាំ​​នៅ​ក្នុង​ភាព​ទន់​ខ្សោយ ៖

« កាល​ពី​ពីរ​ឆ្នាំ​មុន ខ្ញុំ​បាន​រង់ចាំ​ព្រះអម្ចាស់​ឲ្យ​បង្រៀន​ខ្ញុំ​អំពីមេរៀន​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​ តាមរយៈ​​ការ​ឈឺចាប់​ខាង​រូបកាយ ការ​បារម្ភ​ក្នុង​ចិត្ត និង​ការ​សញ្ជឹង​គិត ។ ខ្ញុំ​បាន​រៀន​ថា ការ​ឈឺចាប់​ដ៏​ខ្លាំង ហើយ​ទៀង​ទាត់​នោះ​គឺជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​​ការ​ញែក​ឲ្យ​បរិសុទ្ធ ​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​យើង​បាន​រាបសា ហើយ​នាំ​យើង​ខិត​ទៅ​ជិត​ព្រះវិញ្ញាណ​របស់​ព្រះ ។ ប្រសិន​បើ​យើង​ស្ដាប់ ហើយ​គោរព​តាម នោះ​ព្រះវិញ្ញាណ​​របស់​ទ្រង់​នឹង​ដឹកនាំ​យើង ហើយ​ឲ្យ​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់​​នៅ​ក្នុង​ការ​ខ្នះ​ខ្នែង​ប្រចាំ​ថ្ងៃ​របស់​យើង ។

« មាន​ពេល​ខ្លះ ​ខ្ញុំ​បាន​សួរ​សំណួរ​ត្រង់ៗ​ពីរ​បី​សំណួរ​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​ខ្ញុំ ដូចជា ‹ តើ​ទ្រង់​ចង់​ឲ្យ​ទូល​បង្គំ​រៀន​មេរៀន​អ្វីខ្លះ​អំពី​បទពិសោធន៍​ទាំងនេះ ? ›

« កាល​ខ្ញុំ​បាន​សិក្សា​បទគម្ពីរ​នៅ​គ្រា​ដ៏​លំបាក​នេះ​ក្នុង​ជីវិត​របស់​ខ្ញុំ វាំង​ននបាំង​បាន​ទៅ​​ជា​ស្តើង ហើយ​ចម្លើយបាន​ផ្ដល់​មក​ខ្ញុំ​ ខណៈពេលដែល​វា​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត ​ដែល​​បាន​ឆ្លង​កាត់​ការ​សាកល្បង​ដែល​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត ។ …

« មាន​ពេល​ខ្លះ ខ្ញុំ​បាន​ទូល​ប្រាប់​ព្រះអម្ចាស់​ថា ខ្ញុំ​ពិត​ជា​បាន​រៀន​ពីមេរៀន​នោះ​ហើយ ហើយ​វា​ពុំ​ចាំបាច់​ឲ្យ​ខ្ញុំ​ត្រូវ​ស៊ូទ្រាំ​នឹង​ការ​រងទុក្ខ​ត​ទៅ​មុខទៀត​ឡើយ ។ ការ​ទទូច​សូម​បែប​នេះ​ទំនង​ជា​គ្មាន​ប្រយោជន៍​​ឡើយ ពីព្រោះ​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​ខ្ញុំ​ថា ដំណើរ​ការ​ធ្វើ​ឲ្យ​បរិសុទ្ធ​​នៃ​ការ​សាកល្បង​នេះ ​គឺ​ត្រូវ​ស៊ូទ្រាំ​នៅក្នុងកាល​កំណត់​របស់​ព្រះអម្ចាស់ និង​នៅ​ក្នុង​របៀប​ផ្ទាល់​របស់​ព្រះអម្ចាស់ ។ វា​គឺជា​រឿង​មួយ​ដែល​ត្រូវ​បង្រៀន ‹ សូម​តាម​ព្រះហឫទ័យ​ទ្រង់​ចុះ › ( ម៉ាថាយ. ២៦:៤២) ។ វា​គឺជា​រឿង​មួយ​ខុស​ប្លែក ហើយ​ពិបាក​រស់​នៅ​តាម ។ ខ្ញុំ​​ក៏​បាន​រៀន​ផង​ដែរ​ថា ខ្ញុំ​នឹង​ពុំ​ត្រូវ​បាន​ទុក​​ចោល​​ឲ្យ​នៅ​​តែ​ម្នាក់​ឯង ឲ្យជួប​​នឹង​ការ​សាកល្បង និង​​សេចក្ដី​ឈឺចាប់​ទាំងនេះ​តែ​ម្នាក់​ឡើយ ផ្ទុយ​ទៅ​វិញ​​មាន​ពួក​ទេវតា​​ដែល​ចាំ​ការពារ​​នឹង​មក​ជួយ​ដល់​ខ្ញុំ ។ …

« បទពិសោធន៍​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែរឹង​មាំ​ខាង​វិញ្ញាណ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​ក្លាហាន​ ដើម្បី​ថ្លែង​ទីបន្ទាល់​កាន់​តែ​ម៉ឺង​ម៉ាត់​ទៅ​កាន់​ពិភពលោក​នេះ​អំពីចិត្ត​ស្មោះ​របស់​ខ្ញុំ » ( « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៦ ) ។