មេរៀនទី ១១៨
កាឡាទី ១–៤
សេចក្តីផ្ដើម
សាវកប៉ុលបានស្ដីបន្ទោសដល់ពួកបរិសុទ្ធនៅកាឡាទីចំពោះការធ្វើតាមការបង្រៀនខុសឆ្គង ហើយបានបង្រៀនថា ពួកគេអាចក្លាយជាអ្នកគ្រងមរតករបស់ព្រះ តាមរយៈការមានសេចក្ដីជំនឿ និងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
យោបល់សម្រាប់ការបង្រៀន
កាឡាទី ១–២
ប៉ុលបានស្ដីបន្ទោសដល់ពួកបរិសុទ្ធចំពោះការធ្វើតាមគ្រូបង្រៀនខុសឆ្គង ហើយលើកទឹកចិត្តពួកគេឲ្យត្រឡប់មករកដំណឹងល្អវិញ
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថា បងប្អូន ឬមិត្តរបស់ពួកគេម្នាក់បានបង្ហាញប្រាប់ថា ពួកគេពុំប្រាកដថា ការបង្រៀនរបស់សាសនាចក្រគឺជាការពិតទៀតឡើយ ។ ជាលទ្ធផល បុគ្គលនេះបានឈប់ចូលរួមក្នុងសាសនាចក្រ ហើយឈប់រស់នៅតាមដំណឹងល្អតទៅទៀត ។ ចូរសុំឲ្យសិស្សសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេអំពីអ្វីដែលពួកគេនឹងនិយាយទៅកាន់បងប្អូន ឬមិត្តម្នាក់នេះ ដើម្បីជួយពួកគេឲ្យដឹងថា ការបង្រៀនរបស់សាសនាចក្រគឺពិត ។
សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតមួយ នៅពេលពួកគេសិក្សាកាឡាទី ១ដែលអាចជួយពួកគេឲ្យដឹងពីរបៀបដើម្បីទទួលស្គាល់ការបង្រៀនពិត ។
ចូរពន្យល់ថា កាឡាទីគឺជាតំបន់មួយនៅអាស៊ីតូចកណ្ដាលភាគខាងជើង ដែលរួមមាននូវទីក្រុងជាច្រើន ដែលប៉ុលបានទៅសួរសុខទុក្ខ អំឡុងការធ្វើដំណើរផ្សព្វផ្សាយសាសនាទីពីរ និងទីបីរបស់លោក ( សូមមើលកិច្ចការ ១៦:៦,១៨:២៣) ។ ( អ្នកគួរតែអញ្ជើញឲ្យសិស្សរកទីតាំងកាឡាទីនៅលើផែនទីក្នុងព្រះគម្ពីរប៊ីប ល.រ. ១៣ « ដំណើររបស់សាវកប៉ុលទៅផ្សាយសាសនា » ) ។ សូមអញ្ជើញសិស្សម្នាក់អាន កាឡាទី ១:៦–៧ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលបញ្ហាមួយ ដែលកើតមាននៅក្នុងចំណោមពួកបរិសុទ្ធនៅកាឡាទី ។
-
ហេតុអ្វីក៏មានពួកបរិសុទ្ធនៅកាឡាទីជាច្រើនងាកចេញពីដំណឹងល្អពិត ?
សូមពន្យល់ ថាអ្នកទាំងឡាយណាដែលរុកគួនដល់ពួកកាឡាទី ហើយបង្ខូចការបង្រៀនដំណឹងល្អបានកំពុងបង្កើតនូវភាពសង្ស័យ ( សូមមើល កាឡាទី ១:៧) អំពីការបង្រៀនរបស់ប៉ុលថា សេចក្ដីសង្គ្រោះកើតមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ គ្រូបង្រៀនខុសឆ្គងទាំងនេះ គឺជាពួកគ្រីស្ទានសាសន៍យូដាដែលបានអះអាងថាពួកបរិសុទ្ធកាឡាទីត្រូវតែកាត់ស្បែក ( សូមមើល Bible Dictionary« Circumcision ») ហើយបានគោរពតាមក្បួនសាសនានៃក្រឹត្យវិន័យរបស់ម៉ូសេដើម្បីត្រូវបានសង្គ្រោះ ។
សូមអញ្ជើញសិស្សម្នាក់អាន កាឡាទី ១:៨–៩ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើប៉ុលបាននិយាយដូចម្តេចអំពីអ្នកទាំងឡាយដែលផ្សាយដំណឹងល្អផ្ទុយទៅនឹងដំណឹងល្អ ដែលលោកបានផ្សាយក្នុងនាមជាសាវកមួយរូបរបស់ព្រះអម្ចាស់នោះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
ចូរសុំឲ្យសិស្សម្នាក់អាន កាឡាទី ១:១០–១២ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថានរណាជាប្រភពនៃការបង្រៀនរបស់ប៉ុល ។
-
យោងតាមខទី ១២តើនរណាទៅជាប្រភពនៃការបង្រៀនរបស់ប៉ុល ?
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនមកពីពាក្យសម្ដីរបស់ប៉ុលនៅក្នុងខទី ១០–១២អំពីគោលលទ្ធិពិត ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែចូរប្រាកដថា ពួកគេស្គាល់សេចក្ដីពិតដូចខាងក្រោមនេះ ៖ ព្រះយេស៊ូវគ្រីស្ទបើកសម្ដែងគោលលទ្ធិពិតដល់ពួកព្យាការីរបស់ទ្រង់ )។
-
តើការចងចាំសេចក្ដីពិតនេះ អាចជួយយើងនៅពេលយើងមានចម្ងល់អំពីការបង្រៀនរបស់ព្យាការីយ៉ាងដូចម្ដេច ?
សូមពន្យល់ថា ដោយសារព្រះយេស៊ូវគ្រីស្ទបើកសម្ដែងគោលលទ្ធិពិតដល់ពួកព្យាការីរបស់ទ្រង់ នោះទ្រង់ក៏អាចបើកសម្ដែងដល់យើងនូវភាពពិតពេញលេញអំពីការបង្រៀនរបស់ព្យាការីផងដែរ ។
-
តើយើងអាចធ្វើដូចម្តេចខ្លះ ដើម្បីទទួលបានវិវរណៈមកពីព្រះអម្ចាស់ដើម្បីយើងអាចដឹងដោយខ្លួនយើងថា ការបង្រៀនរបស់ព្យាការីគឺជាការពិត ?
សូមរំឭកសិស្សពីស្ថានភាពដែលបានណែនាំកាលពីខាងដើមមេរៀន ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់ដល់សិស្សក្នុងថ្នាក់អំពីរបៀបដែលពួកគេនឹងប្រើសេចក្ដីពិត ដែលពួកគេទើបតែបានស្គាល់អំពីវិវរណៈ ដើម្បីឆ្លើយតបទៅមនុស្សដែលមានចម្ងល់សង្ស័យអំពីការបង្រៀនរបស់សាសនាចក្រ ។
សូមថ្លែងទីបន្ទាល់ថា យើងអាចទទួលស្គាល់គោលលទ្ធិពិត នៅពេលយើងសិក្សាពីការបង្រៀនរបស់ព្យាការី ហើយស្វែងរកវិវរណៈមកពីព្រះអម្ចាស់ ។
សូមសង្ខេបកាឡាទី ១:១៣–២:២១ដោយពន្យល់ថា ប៉ុលបានរៀបរាប់អំពីការផ្លាស់ប្រែចិត្តជឿរបស់លោក និងការធ្វើដំណើរផ្សព្វផ្សាយសាសនាកាលពីដំបូង ។ លោកក៏ពន្យល់ផងដែរថា សេចក្ដីសង្គ្រោះពុំកើតមាននៅក្នុងក្រឹតវិន័យរបស់ម៉ូសេឡើយ ប៉ុន្តែយើងត្រូវបានអភ័យទោស ឬរាប់ជាសុចរិតតាមរយៈសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទទៅវិញទេ ។
កាឡាទី ៣–៤
ប៉ុលអញ្ជើញពួកកាឡាទីឲ្យទទួលពរជ័យទាំងអស់ ដែលបានសន្យាដល់អ័ប្រាហាំតាមរយៈព្រះយេស៊ូវគ្រីស្ទ
សូមអានស្ថានភាពដូចខាងក្រោមឮៗ ៖ បន្ទាប់ពីការអាននីមួយៗរួចហើយ ចូរសុំឲ្យសិស្សពន្យល់ថា ហេតុអ្វីក៏បុគ្គលម្នាក់ៗនៅក្នុងស្ថានភាពនោះអាចមានអារម្មណ៍ថា ឥតទទួលផលប្រយោជន៍នៅក្នុងការទទួលគ្រប់ពរជ័យរបស់ព្រះអម្ចាស់ បើប្រៀបធៀបទៅនឹងអ្នកដទៃទៀតនៅក្នុងសាសនាចក្រ ដែលស្មោះត្រង់ចំពោះដំណឹងល្អចាប់តាំងពីវ័យក្មេងមក ។
-
យុវជនម្នាក់បានធំឡើងនៅក្នុងគ្រួសារមិនសូវសកម្មមួយ ហើយមិនបានរៀនអំពីដំណឹងល្អកាលពីគាត់នៅក្មេងនោះទេ ។ គ្រួសារគាត់ឥឡូវនេះ បានត្រឡប់មកសកម្មក្នុងសាសនាចក្រ ហើយកំពុងចាប់ផ្ដើមរៀន និងរស់នៅតាមដំណឹងល្អវិញ ។
-
ស្ត្រីម្នាក់រិះគន់សាសនាចក្រអស់ជាច្រើនឆ្នាំ ។ ថ្មីៗនេះ គាត់បានមានការផ្លាស់ប្ដូរដួងចិត្ត ហើយបានទទួលបុណ្យជ្រមុជទឹក ។
សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិត នៅពេលពួកគេសិក្សា កាឡាទី ៣–៤ដែលអាចជួយយើងឲ្យយល់អំពីពរជ័យដែលមានចំពោះមនុស្សគ្រប់រូប ទោះជាពួកគេមានស្ថានភាព និងការជ្រើសរើសពីអតីតកាលយ៉ាងណាក៏ដោយ ។
ចូរពន្យល់ថា ពួកបរិសុទ្ធនៅកាឡាទីជាច្រើនគឺជាអ្នកផ្លាស់ប្រែចិត្តជឿសាសន៍ដទៃមកចូលគ្រីស្ទសាសនា ហើយដូច្នេះពួកគេពុំមែនជាពូជអំបូរបស់អ័ប្រាហាំ ដែលពរជ័យទាំងអស់របស់ព្រះត្រូវបានសន្យានោះទេ ។ សូមអញ្ជើញសិស្សម្នាក់អាន កាឡាទី ៣:៧–៩ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថាតើប៉ុលបានបង្រៀនអ្វីខ្លះអំពីអ្នកទាំងឡាយដែល « មានសេចក្ដីជំនឿ » (ខទី ៧) ឬដែលជឿទៅលើព្រះយេស៊ូវគ្រីស្ទ ។
-
តើប៉ុលបានបង្រៀនអ្វីខ្លះអំពីអ្នកទាំងឡាយដែលជឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
-
យោងតាមខទី ៨តើព្រះអម្ចាស់បានសន្យាអ្វីខ្លះដល់អ័ប្រាហាំ ?
-
យោងតាមខទី ៩តើមានអ្វីខ្លះនឹងកើតឡើងចំពោះអ្នកទាំងឡាយដែលមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
ចូរពន្យល់ថាដើម្បី « បានពរជាមួយនឹងលោកអ័ប្រាហាំ ដែលជាអ្នកជឿ » សំដៅទៅលើការទទួលបានប្រយោជន៍មកពីសេចក្ដីសញ្ញាដែលព្រះបានចុះជាមួយអ័ប្រាហាំថា តាមរយៈលោក នោះមនុស្សទាំងអស់អាចរីករាយនឹងពរជ័យទាំងឡាយនៃដំណឹងល្អ ( សូមមើល អ័ប្រាហាំ ២:១១) ។
សូមសង្ខេបកាឡាទី ៣:១០–២៥ដោយពន្យល់ថា ប៉ុលបានបង្រៀនថា ក្រឹត្យវិន័យរបស់ម៉ូសេមានបំណងចង់ជួយឲ្យពួកសាសន៍អ៊ីស្រាអែលមករកព្រះយេស៊ូវគ្រីស្ទ ហើយត្រូវបានរាប់ទុកជាសុចរិតតាមរយៈសេចក្ដីជំនឿទៅលើទ្រង់ ។
ចូរសុំឲ្យសិស្សម្នាក់អាន កាឡាទី ៣:២៦–២៧ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សផ្ទៀងតាម រកមើលអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានពរជ័យទាំងឡាយដែលបានសន្យាដល់លោកអ័ប្រាហាំ ។
-
តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលពរជ័យដែលបានសន្យាដល់លោកអ័ប្រាហាំ ?
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖ អស់អ្នកទាំងឡាយដែលអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយចូលក្នុងសេចក្ដីសញ្ញានៃដំណឹងល្អនឹងក្លាយជា…
ចូរសុំឲ្យសិស្សម្នាក់អាន កាឡាទី ៣:២៨–២៩ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សផ្ទៀងតាម រកមើលពាក្យ ឬឃ្លាដែលគេអាចប្រើដើម្បីបំពេញសេចក្ដីថ្លែងការណ៍អំពីគោលការណ៍នៅលើក្ដារខៀនដែលមិនពេញលេញនោះ ។
-
យោងតាមខទី ២៨តើបុគ្គលម្នាក់ៗមានការប្រែប្រួលយ៉ាងណា នៅពេលពួកគេចូលមកក្នុងសេចក្ដីសញ្ញានៃដំណឹងល្អ ?
-
យោងតាមខទី ២៩តើអ្នកទាំងឡាយដែលត្រូវបានរាប់បញ្ចូលនៅក្នុងចំណោមពូជអ័ប្រាហាំតាមរយៈព្រះយេស៊ូវគ្រីស្ទនឹងប្រែទៅជាយ៉ាងណាដែរ ?
ចូរពន្យល់ថា អ្នកគ្រងមរតកគឺជាមនុស្សម្នាក់ដែលមានសិទ្ធិតាមច្បាប់ដើម្បីទទួលអចលនទ្រព្យ ឬរបស់ផងរបស់អ្នកដទៃផ្សេងទៀត ។
សូមអញ្ជើញសិស្សម្នាក់អាន កាឡាទី ៤:៧ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថា តើយើងអាចក្លាយជាអ្នកគ្រងមរតករបស់នរណា ។
-
តើយើងអាចក្លាយជាអ្នកគ្រងមរតករបស់នរណា ? ( សូមប្រើពាក្យរបស់សិស្ស ដើម្បីបំពេញសេចក្ដីថ្លែងការណ៍អំពីគោលកាណ៍នៅលើក្ដារខៀន ដើម្បីវានាំទៅរកសេចក្ដីពិតដូចខាងក្រោមនេះ ៖ សិស្សក៏បានរៀនផងដែរថា អស់អ្នកទាំងឡាយដែលអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយទៅក្នុងសេចក្ដីសញ្ញានៃដំណឹងល្អ នឹងប្រែក្លាយទៅជាតែមួយនៅក្នុងព្រះគ្រីស្ទ ហើយជាអ្នកគ្រងមរតករបស់ព្រះ) ។
-
ហេតុអ្វីក៏វាសំខាន់ដើម្បីដឹងថា ព្រះសន្យាពរជ័យទាំងនេះដល់មនុស្សគ្រប់គ្នាដែលបានចូលក្នុងសេចក្ដីសញ្ញា មិនថាពួកគេមានកាលៈទេសៈយ៉ាងណានោះទេ ?
សូមថ្លែងទីបន្ទាល់ថា ការសន្យារបស់ព្រះវរបិតាសួគ៌ គឺសម្រាប់មនុស្សគ្រប់គ្នាដែលចូលទៅក្នុងសេចក្ដីសញ្ញាដំណឹងល្អ ។ សូមលើកទឹកចិត្តសិស្សឲ្យស្មោះត្រង់ចំពោះសេចក្ដីសញ្ញាទាំងឡាយដែលពួកគេបានធ្វើ ។
សូមសង្ខេប កាឡាទី៤:៨–៣១ដោយពន្យល់ថា ប៉ុលបានអញ្ជើញពួកបរិសុទ្ធនៅកាឡាទីឲ្យត្រឡប់ទៅរកព្រះគ្រីស្ទ និងគេចចេញពីសេវកភាពដែលកើតមានមកពីការបូជាខ្លួនតាមក្រឹត្យវិន័យរបស់ម៉ូសេ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
កាឡាទី១:៨–១០ ។ « ទេវតាពីស្ថានសួគ៌ »
ការបង្រៀនរបស់ប៉ុលបានកត់ត្រានៅក្នុងកាឡាទី ១:៨–១០គឺពេលខ្លះត្រូវបានប្រើដោយភាន់ច្រឡំ ដើម្បីឈ្លោះប្រកែកទាស់នឹងការនិមិត្តពីពួកទេវតា និងការផ្សាយដំណឹងល្អដែលត្រូវបានស្ដារឡើងវិញ ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុលពុំបានបង្រៀនថា គ្រប់ការបើកសម្ដែងមកពីពួកទេវតាគឺត្រូវតែបដិសេធនោះទេ ដ្បិតបទគម្ពីរបង្ហាញថា ពួកទេវតានឹងមកនៅថ្ងៃចុងក្រោយយ៉ាងពិតប្រាកដដើម្បីផ្សាយដំណឹងល្អសារជាថ្មី ( សូមមើលវិវរណៈ ១៤:៦) ។ តែប៉ុលបានបង្រៀនថា ប្រសិនបើមានទេវតាមួយអង្គនឹងមកដើម្បីនាំមនុស្សចេញពីដំណឹងល្អពិត នោះទេវតានោះគួរតែត្រូវបដិសេធចោលទៅ (សូមមើលផងដែរ អាលម៉ា ៣០:៥៣) ។ ដំណឹងល្អពិតនៅសម័យនេះ ដូចជានៅក្នុងសម័យរបស់ប៉ុលដែរ គឺត្រូវបានបម្រើដោយពួកព្យាការី និងពួកសាវកដែលមានសិទ្ធិអំណាច ( សូមមើលអេភេសូរ ២:១៩–២០,៤:១១–១៤) ហើយបានជាប់នៅក្នុង « ព្រះគុណនៃព្រះគ្រីស្ទ » (កាឡាទី ១:៦, សូមមើលផងដែរនីហ្វៃទី២ ២:៨,១០:២៤) ។
កាឡាទី២:១១–១៦ ។ ការប្រឈមមុខគ្នារបស់ប៉ុលជាមួយនឹងពេត្រុស
សម្រាប់ព័ត៌មានបន្ថែមស្ដីអំពីការមិនចុះសម្រុងដែលប៉ុលមានជាមួយនឹងពេត្រុស ខណៈដែលពេត្រុសទៅសួរសុខទុក្ខពួកបរិសុទ្ធនៅអាន់ទីយ៉ូក សូមមើលNew Testament Student Manual ( Church Educational System manual ឆ្នាំ ២០១៤ ) ទំព័រ ៤១៣។
កាឡាទី៣:១០–១៤ ។ « សេចក្តីបណ្តាសារបស់ក្រឹត្យវិន័យ »
ដូចបានកត់ត្រានៅក្នុងកាឡាទី ៣:១០ប៉ុលបានបង្រៀនថា អ្នកទាំងឡាយដែលព្យាយាមដើម្បីត្រូវបានរាប់ជាសុចរិតដោយក្រឹត្យវិន័យម៉ូសេ គឺមានកាតព្វកិច្ចកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្ដី ។ ប៉ុលបានមានប្រសាសន៍ថា « ត្រូវបណ្តាសាហើយ អស់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម » ។ តម្រូវការដែលមិនអាចធ្វើទៅបាននេះ បន្សល់ទុកឲ្យអស់អ្នកដែលព្យាយាមស្វែងរកការបានរាប់ជាសុចរិតតាមរយៈក្រឹត្យវិន័យ ស្ថិតនៅក្រោម « សេចក្តីបណ្តាសារបស់ក្រឹត្យវិន័យ » ផងដែរ (កាឡាទី ៣:១៣) ។ ប៉ុលបានពន្យល់បន្ថែមទៀតថា ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខសម្រាប់ « សេចក្តីបណ្តាសារបស់ក្រឹត្យវិន័យ » ដោយ « ទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា » តាមរយៈដង្វាយធួនរបស់ទ្រង់ (កាឡាទី ៣:១៣) ។ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នោះមនុស្សទាំងអស់អាចទទួលបានពរជ័យទាំងឡាយនៃលោកអ័ប្រាហាំ ដោយសារការអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយចូលទៅក្នុងសេចក្ដីសញ្ញាដំណឹងល្អ ។
កាឡាទី ៣:២៤។ « ក្រឹត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នា »
អែលឌើរ ផល វី ចនសុន នៃពួកចិតសិបនាក់ បានពន្យល់ថា មនុស្សជាច្រើននៅក្នុងជំនាន់គម្ពីរសញ្ញាថ្មី បានយល់ខុសអំពីគោលបំណងនៃក្រឹត្យវិន័យរបស់ម៉ូសេ ៖
« ពួកសាសន៍យូដាជាច្រើន សូម្បីតែពួកគ្រីស្ទានសាសន៍យូដា… បានភ្លេចអំពីគោលបំណង និងតំណែងត្រឹមត្រូវនៃក្រឹត្យវិន័យ ។ មូលហេតុមួយចំពោះរឿងនេះ គឺការដាក់បន្ថែមនៃតម្រូវការ និងទំនៀមទម្លាប់ដោយពុំមានការអនុញ្ញាតនៅជុំវិញក្រឹត្យវិន័យ ដែលវាជួយធ្វើឲ្យមានភាពស្រពិចស្រពិលចំពោះគោលបំណងពិតរបស់វា ។ ការបន្ថែម និងទំនៀមទម្លាប់នានាទាំងនេះធ្វើឲ្យឈប់មាន ‹ ក្រឹត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នា…ទៅដល់ព្រះគ្រីស្ › (កាឡាទី ៣:២៤) ‹ ដឹកនាំព្រលឹងយើងទៅរកទ្រង់ › ទៀតហើយ (យ៉ាកុប ៤:៥) ប៉ុន្តែទៅជាបន្ទុកយ៉ាងខ្លាំងទៅវិញ ហើយពួកសាសន៍យូដាជាច្រើនបានមើល ‹ ហួសទីដៅ › (យ៉ាកុប ៤:១៤) ហើយបានដាក់ក្រឹត្យវិន័យដែលត្រូវបានបង្ខូចក្នុងអ្នកប្រតិបត្តិច្បាប់ផ្ទាល់ » (« Responding Appropriately to Change » [ address to Church Educational System religious educators ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ ] ទំព័រ ១, si.lds.org) ។
កាឡាទី ៣:២៨។ « អ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ »
ពេលខ្លះមនុស្សស្ទាក់ស្ទើរនឹងទទួលបុណ្យជ្រមុជទឹក ឬចូលរួមពេញលេញនៅក្នុងសាសនាចក្រ ដោយសារតែពួកគេបារម្ភថា ពួកគេអាចនឹងត្រូវបោះបង់ចោលវប្បធម៌ពួកគេ ឬដោយសារពួកគេមានអារម្មណ៍ថា ពួកគេមិនចុះសម្រុងនឹងគេ ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយ បានបង្រៀនថា សមាជិកភាពនៃសាសនាចក្រ អាចផ្សេងពីគ្នា និងសាមគ្គីភាពគ្នា ៖
« យើងពុំបាត់បង់អត្តសញ្ញាណរបស់យើង នៅពេលក្លាយជាសមាជិកនៃសាសនាចក្រនេះនោះទេ ។ យើងក្លាយជាអ្នកគ្រងមរតកក្នុងនគរព្រះ បានចូលរួមនៅក្នុងតួអង្គព្រះគ្រីស្ទ ហើយបានទុកចោលភាពផ្សេងគ្នាខាងវិញ្ញាណផ្ទាល់ខ្លួនមួយចំនួនរបស់យើងនៅមួយអន្លើរ ដើម្បីបានរួបរួមគ្នានៅក្នុងបុព្វហេតុខាងវិញ្ញាណកាន់តែខ្លាំងវិញ ។ យើងសូមនិយាយទៅកាន់មនុស្សទាំងអស់ ដែលបានចូលរួមក្នុងសាសនាចក្រថា សូមបន្ដរក្សាអ្វីៗទាំងអស់ដែលថ្លៃថ្នូរល្អ និងលើកតម្កើងនៅក្នុងវប្បធម៌ និងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ នៅក្រោមសិទ្ធិអំណាច និងអំណាចនៃកូនសោបព្វជិតភាព នោះគ្រប់ភាពផ្សេងគ្នាទាំងអស់ត្រូវបានចុះចូល នៅពេលយើងព្យាយាមប្រែក្លាយទៅជាអ្នកគ្រងមរតកក្នុងនគរព្រះ » (« Heirs to the Kingdom of God »Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៦២ ) ។