មេរៀនទី ៥៦
លូកា ១៨-២១
សេចក្ដីផ្ដើម
នៅពេលព្រះយេស៊ូវគ្រីស្ទបានធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡិម ជាលើកចុងក្រោយនៅក្នុងជីវិតរមែងស្លាប់ ទ្រង់បានបង្រៀនដំណឹងល្អរបស់ទ្រង់ ហើយបានធ្វើអព្ភូតហេតុនៅក្នុងចំណោមប្រជាជននោះ ។ ទ្រង់បានជិះលាចូលទៅក្នុងទីក្រុងយេរូសាឡិមដោយជោគជ័យ បានសម្អាតព្រះវិហារបរិសុទ្ធម្ដងទៀត ហើយបានបង្រៀនប្រជាជននៅទីនោះ ។
យោបល់សម្រាប់ការបង្រៀន
លូកា ១៨-២១
ព្រះអង្គសង្គ្រោះបង្រៀននៅតាមផ្លូវទៅកាន់ទីក្រុងយេរូសាឡិម
ចូរពន្យល់សិស្សថា ពួកគេបានរៀនរួចទៅហើយអំពីព្រឹត្តការណ៍ជាច្រើនដែលបានកត់ត្រានៅក្នុងលូកា ១៨-២១ពីការសិក្សារបស់ពួកគេអំពីម៉ាថាយ និងម៉ាកុស ។ ដើម្បីរំឭកអំពីព្រឹត្តការណ៍ទាំងពីរនេះ សូមបង្ហាញរូបភាពដូចខាងក្រោម ៖ ព្រះគ្រីស្ទ និងកម្លោះអ្នកមាន (Gospel Art Book [ ឆ្នាំ ២០០៩ ] ល.រ. ៤៨; សូមមើលផងដែរ LDS.org) និង Triumphal Entry (Gospel Art Book ល.រ. ៥០) ។ សូមអញ្ជើញសិស្សឲ្យសង្ខេបរឿងទាំងនេះសម្រាប់សិស្សក្នុងថ្នាក់ ហើយពន្យល់អំពីអ្វីដែលពួកគេចងចាំអំពីការរៀនសូត្រពីដំណើររឿងទាំងឡាយ ។
អ្នកគួរប្រើការសង្ខេបដូចខាងក្រោមអំពីលូកា ១៨-២១ប្រសិនបើសិស្សត្រូវការជំនួយសូមចងចាំអំពីដំណើររឿងទាំងនេះ ។ (កំណត់ចំណាំ ៖ ដើម្បីជួយសិស្សយល់នៅពេលព្រឹត្តិការណ៍ទាំងឡាយនៃមេរៀននេះ បានកើតមានឡើងនៅក្នុងជីវិតរបស់ព្រះអង្គសង្គ្រោះ អ្នកគួរតែបង្ហាញដល់សិស្សអំពីក្រាហ្វិកការងារបម្រើនៅក្នុងជីវិតរមែងស្លាប់សំខាន់ៗនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងសេចក្ដីបន្ថែមអំពីសៀវភៅសិក្សានេះ ) ។
នៅពេលព្រះយេស៊ូវគ្រីស្ទបានធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡិម ជាលើកចុងក្រោយនៅក្នុងជីវិតរមែងស្លាប់ ទ្រង់បានបង្រៀនរឿងប្រៀបធៀបជាច្រើន និងព្យាបាលមនុស្សជាច្រើន ។ ទ្រង់បានអញ្ជើញកម្លោះអ្នកមានឲ្យប្រគល់អ្វីទាំងអស់ទៅដល់ជនក្រីក្រ ហើយមកតាមទ្រង់ ។ ទ្រង់បានព្យាបាលមនុស្សខ្វាក់ ។ ដោយមិនគិតអំពីការរិះគន់ ទ្រង់បានសោយជាមួយនឹងមេលើពួកអ្នកយកពន្ធនៅទីក្រុងយេរីកូ ។
ទ្រង់បានមកដល់ទីក្រុងយេរូសាឡិម នៅក្នុងចំណោមមនុស្សស្រែកសសើរ ដោយជិះលើលានៅពេលទ្រង់យាងចូលទៅក្នុងទីក្រុង ។ ជាថ្មីម្ដងទៀត ទ្រង់បានបណ្ដេញពួកអ្នកប្ដូរប្រាក់ចេញពីព្រះវិហារបរិសុទ្ធ បានបង្រៀនប្រជាជននៅទីនោះ ហើយបានឆ្លើយតបនិងសំណួររបស់ពួកសង្ឃរាជ និងពួកអាចារ្យទាំងឡាយ ។ ទ្រង់បានសរសើរដល់ស្ត្រីមេម៉ាយមួយរូប ដែលបានថ្វាយប្រាក់ពីរស្លឹងដាក់ក្នុងហឹបព្រះវិហារបរិសុទ្ធ ។ ទ្រង់ក៏បានបង្រៀនពួកសិស្សអំពីការយាងមកជាលើកទីពីររបស់ទ្រង់ ។
ចូរពន្យល់ថា ដំណើររឿងភាគច្រើនដែលសិស្សនឹងសិក្សានៅក្នុងមេរៀននេះ គឺផ្តោតពិសេសចំពោះដំណឹងល្អរបស់លូកា ។
ដើម្បីរៀបចំសិស្សឲ្យសិក្សាដំណើររឿងទាំងនេះ ចូរសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន៖
តើសកម្មភាពអ្វីខ្លះ ដែលអាចបង្ហាញថា មនុស្សពិតជាចង់ខិតទៅកាន់តែជិតនឹងព្រះអម្ចាស់ ?
តើមានឥរិយាបទអ្វីខ្លះ ដែលបង្ហាញថាពួកគេពិតជាចង់ទទួលបានការអភ័យទោស ឬមានបំណងប្រាថ្នាចង់បានជំនួយរបស់ព្រះអម្ចាស់មែននោះ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីសំណួរទាំងនេះ នៅពេលពួកគេសិក្សាអំពីដំណើររឿងដូចខាងក្រោមចេញពីការសរសេររបស់លូកា ។
សូមសរសេរសេចក្ដីយោងព្រះគម្ពីរដូចខាងក្រោមនៅលើក្ដារខៀន ៖ លូកា ១៨:១–៨, លូកា ១៨:៩–១៤, លូកា ១៨:៣៥–៤៣, លូកា ១៩:១–១០។ ចូរពន្យល់ថាវគ្គបទគម្ពីរទាំងនេះរួមមានទាំងរឿងប្រៀបធៀប និងព្រឹត្តិការណ៍ពីការធ្វើដំណើរចុងក្រោយរបស់ព្រះអង្គសង្គ្រោះឆ្ពោះទៅកាន់ទីក្រុងយេរូសាឡិមអំឡុងជីវិតរមែងស្លាប់របស់គាត់ ។
សូមចាត់សិស្សម្នាក់ៗនូវសេចក្ដីយោងបទគម្ពីរមួយ ដែលបានសរសេរនៅលើក្ដារខៀន ឬពិចារណាបំបែកសិស្សក្នុងថ្នាក់ជាបួនក្រុម ហើយចាត់ឲ្យក្រុមនីមួយៗនូវសេចក្ដីយោងបទគម្ពីរមួយនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់ៗឬក្រុមដើម្បីអាននូវវគ្គគម្ពីរដែលបានចាត់ ហើយរៀបចំដើម្បីសម្ដែងដំណើររឿង ឬរឿងប្រៀបធៀបនោះ ។ ( ប្រសិនបើអ្នកមិនបំបែកសិស្សជាក្រុមៗទេ សូមពិចារណាធ្វើការសម្ដែងដំណើររឿងនីមួយៗជាមួយសិស្សទាំងអស់ ។ ប្រសិនបើអ្នកជ្រើសរើសមិនសម្ដែងដំណើររឿងទាំងនេះ អ្នកអាចអញ្ជើញសិស្សឲ្យសិក្សាសេចក្ដីយោងបទគម្ពីរដែលបានចាត់ឲ្យដាច់ដោយឡែកពីគ្នានោះ តាមរយៈការប្រើសំណួរដូចខាងក្រោម បន្ទាប់មកបង្រៀនគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានរៀន ) ។ សូមពន្យល់ថាសិស្សម្នាក់នៅក្នុងថ្នាក់ ឬក្នុងក្រុមនីមួយៗ គប្បីធ្វើជាអ្នកអត្ថាធិប្បាយ ហើយអានដំណើររឿងបទគម្ពីរ នៅពេលសិស្សផ្សេងទៀតក្នុងថ្នាក់ ឬក្នុងក្រុមសម្ដែងរឿង ។ ដើម្បីមានគាវរភាព ហើយការគោរពចំពោះព្រះអង្គសង្គ្រោះ សូមណែនាំដល់អ្នកទាំងឡាយដែលសម្ដែងរឿងលូកា ១៨:៣៥-៤៣និងលូកា ១៩:១-១០កុំឲ្យមាន នរណាដើរតួជាតំណាងព្រះអង្គសង្គ្រោះឡើយ ។ សូមណែនាំដល់អ្នកអត្ថាធិប្បាយឲ្យអានព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយសួរដល់អ្នកដើរតួឲ្យឆ្លើយតបដូចជាទ្រង់ស្ថិតនៅលើឆាកក្នុងរឿងនោះដែរ ។
នៅពេលក្រុមរៀបចំខ្លួន សូមអញ្ជើញពួកគេពិភាក្សាអំពីសំណួរដូចខាងក្រោមរួមគ្នា ហើយត្រៀមខ្លួនប្រាប់អំពីចម្លើយរបស់ពួកគេទៅដល់សិស្សក្នុងថ្នាក់ បន្ទាប់ពីពួកគេសម្ដែងរឿង ។ ( សូមពិចារណាធ្វើការសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ឬ ចែកជាក្រដាសដល់ពួកគេ ) ។
-
តើតួឯក (មេម៉ាយ ពួកអ្នកយកពន្ធ មនុស្សខ្វាក់ ឬសាការី ) មានបំណងអ្វីខ្លះនៅក្នុងដំណើររឿងនេះ ?
-
តើតួឯកបានធ្វើអ្វីខ្លះដែលបានបង្ហាញពីបំណងប្រាថ្នារបស់គាត់ថាស្មោះនោះ ?
-
តើមានរឿងអ្វីខ្លះកើតឡើងដោយសារតែសកម្មភាពស្មោះត្រង់របស់តួឯកទាំងនោះ ?
-
តើគោលការណ៍ ឬគោលលទ្ធិអ្វីខ្លះ ដែលអ្នកអាចរកឃើញនៅក្នុងរឿងនេះ ?
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សក្នុងថ្នាក់ ឬក្រុមនីមួយៗឲ្យសម្ដែងដំណើររឿងរបស់ពួកគេ នៅពេលអ្នកអត្ថាធិប្បាយអានខគម្ពីរ ។ នៅពេលសិស្សក្នុងថ្នាក់មើល ឬផ្ទៀងតាមនៅក្នុងគម្ពីររបស់ពួកគេ ចូរសុំសិស្សឲ្យពិចារណាអំពីអ្វីដែលដំណើររឿងនីមួយៗអាចបង្រៀនយើងអំពីការអនុវត្តសេចក្ដីជំនឿនៅក្នុងព្រះអម្ចាស់ ។ បន្ទាប់ពីការសម្ដែងនីមួយៗ ចូរសុំឲ្យសិស្សក្នុងថ្នាក់ ឬក្រុមរាយការណ៍ពីចម្លើយរបស់ពួកគេនឹងសំណួរមុនៗ ។ ចូរសុំឲ្យពួកគេសរសេរនៅលើក្ដារខៀននូវគោលការណ៍ ឬគោលលទ្ធិទាំងឡាយដែលពួកគេបានស្គាល់ ។
បន្ទាប់មកក្រុមទាំងឡាយបានរាយការណ៍ចម្លើយរបស់ពួកគេនឹងសំណួរទាំងឡាយ រួចសួរសំណួរដូចខាងក្រោម ៖
-
តើភាពស្រដៀងគ្នាអ្វីខ្លះដែលអ្នកកត់សម្គាល់ឃើញថាមាននៅក្នុងសកម្មភាពនៃតួឯកនីមួយៗ ? ( ពួកគេម្នាក់ៗបង្ហាញពីភាពខ្ជាប់ខ្ជួន ឬភាពស្មោះស្ម័គ្រនៅពេលពួកគេព្យាយាមដើម្បីទទួលបានតាមបំណងប្រាថ្នារបស់ពួកគេ ) ។
-
តើសកម្មភាពទាំងនេះអាចបង្រៀនយើងអ្វីខ្លះ អំពីការអនុវត្តសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ?
-
តើភាពស្រដៀងគ្នាអ្វីខ្លះដែលអ្នកបានកត់សម្គាល់ឃើញថាតួឯកម្នាក់ៗ បានទទួលដែលជាលទ្ធផលពីសកម្មភាពរបស់ពួកគេនោះ ? ( ម្នាក់ៗបានទទួលជំនួយ ឬក្ដីមេត្តាករុណា ) ។
ចូរសុំឲ្យសិស្សប្រាប់គោលការណ៍មួយចេញពីភាពស្រដៀងគ្នាក្នុងដំណើររឿងទាំងឡាយ ។ សិស្សអាចនឹងប្រាប់អំពីគោលការណ៍ផ្សេងមួយ ប៉ុន្ដែចូរធ្វើយ៉ាង ណាដើម្បីគូសបញ្ជាក់ថាប្រសិនបើយើងស្មោះត្រង់ និងខ្ជាប់ខ្ជួន នៅពេលយើងអនុវត្តសេចក្ដីជំនឿទៅលើព្រះអម្ចាស់ នោះយើងអាចទទួលបានក្ដីមេត្តាករុណារបស់ទ្រង់ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវអ្វីដែលបង្ហាញថាមនុស្សម្នាក់កំពុងអនុវត្តសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ។
« សេចក្ដីជំនឿពិតគឺផ្ដោតនៅក្នុង និងទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយតែងតែដឹកនាំទៅរកសកម្មភាពសុចរិត » (« Ask in Faith »Ensign ឬ Liahonaខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៥ ) ។
សូមនាំសិស្សទៅកាន់សំណួរដែលបានសរសេរនៅលើក្ដារខៀនដែលបានសរសេរនៅពេលចាប់ផ្ដើមមេរៀន ។ ចូរសុំឲ្យសិស្សងាកទៅរកដៃគូ ហើយពិភាក្សាចម្លើយចំពោះសំណួរទាំងឡាយ ។
-
តើមានវិធីអ្វីខ្លះ ដែលយើងអាចអនុវត្តសេចក្ដីជំនឿទៅលើព្រះនាសព្វថ្ងៃនេះ ?
សូមអញ្ជើញសិស្សម្នាក់អានឲ្យឮៗ នូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ឲ្យស្ដាប់មើលអត្ថន័យចំពោះបទពិសោធន៍នៃសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ៖
« សេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ គឺជាពរជ័យផ្ទាល់ខ្លួន និង សម្រាប់បុគ្គលម្នាក់ៗ ជាកម្លាំង ជាការការពារ ជាការធានាអះអាង ជាការដឹកនាំ ដែលពោរពេញដោយសេចក្តីស្រឡាញ់ ជាការលួងលោមចិត្ត ជាការគាំទ្រ និង ជាអំណោយទានទាំងឡាយខាងវិញ្ញាណ ដែលយើងបានទទួល និង ក៏ដោយសារតែតាមរយៈព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » (« The Tender Mercies of the Lord » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៩៩ ) ។
សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរដូចខាងក្រោមក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ ( អ្នកគួរតែសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ) ។
-
តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើក្ដីមេត្តាករុណាអ្វីខ្លះដែលអ្នកឬពួកគេទទួលបទពិសោធន៍ជាលទ្ធផលនោះ ?
-
ចូរពិចារណាអំពីរបៀបដែលអ្នកប៉ងចង់បានជំនួយ ឬក្ដីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ។ តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីអនុវត្តសេចក្ដីជំនឿរបស់អ្នកទៅលើព្រះអម្ចាស់ ដើម្បីទទួលបានក្ដីមេត្តាករុណារបស់ទ្រង់ ?
សូមអញ្ជើញសិស្សពីរបីនាក់ដែលមានអារម្មណ៍ថា អាចចែកចាយឲ្យរាយការណ៍អំពីអ្វីដែលពួកគេបានសរសេរ ។ សូមរំឭកសិស្សថា ពួកគេមិនចាំបាច់ចែកចាយអ្វីដែលផ្ទាល់ខ្លួនពេកនោះទេ ។ អ្នកក៏អាចនឹងចង់ចែកចាយបទពិសោធន៍របស់អ្នកជាមួយនឹងគោលការណ៍ ហើយថ្លែងទីបន្ទាល់អំពីសេចក្ដីពិតពេញលេញផងដែរ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
លូកា ១៨:១-៨។ រឿងប្រៀបធៀបអំពីស្ត្រីមេម៉ាយដែលកំពុងតែទទូចអង្វរ និងចៅក្រមទុច្ចរិត
« លូកាបានថ្លែងអំពីសារលិខិតសំខាន់អំពីរឿងប្រៀបធៀបនៃស្ត្រីមេម៉ាយដែលកំពុងតែទទូចអង្វរ និងចៅក្រមទុច្ចរិត— ‹ មនុស្សត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ › (លូកា ១៨:១) ។ ភាសាក្រិកពាក្យដែលបានបកប្រែជាឥតរសាយចិត្ត › មានន័យថា បានបាក់ទឹកចិត្ត ឬទន់ខ្សោយ ឬនឿយហត់អំពីអ្វីមួយ ។ នៅក្នុងរឿងប្រៀបធៀប ការអធិស្ឋានដោយគ្មានការចុះចាញ់ ត្រូវបានតំណាងដោយស្ត្រីមេម៉ាយម្នាក់ដែលបានប្ដឹងទៅដល់ចៅក្រមម្នាក់ដដែលៗដើម្បីដោះស្រាយរឿងអយុត្តិធម៌ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
« ‹ក្នុងគ្រាគ្រាឯកោ រងា លំបាក នោះយើងត្រូវស៊ូទ្រាំ យើងត្រូវបន្ដ ហើយយើងត្រូវតស៊ូ ។ នោះគឺជាសារលិខិតរបស់ព្រះអង្គសង្គ្រោះជារឿងប្រៀបធៀបអំពីស្ដ្រីមេម៉ាយដែលពុំសូវមានសំណាង ។ … បន្ដគោះទ្វានោះ ។ បន្ដទូលអង្វរ ។ នៅពេលនោះ ចូរដឹងថាព្រះស្ដាប់ឮការស្រែកយំរបស់អ្នក ហើយដឹងពីទុក្ខកង្វល់របស់អ្នក ។ ទ្រង់គឺជាព្រះបិតារបស់អ្នក ហើយអ្នកគឺជាកូនរបស់ទ្រង់ › ( ‹ Lessons from Liberty Jail › Ensign ខែកញ្ញា ឆ្នាំ ២០០៩ ទំព័រ ៣០ ) ។
« ការស៊ូទ្រាំត្រូវបានចាក់ឬសនៅក្នុងគោលការណ៍ដំណឹងល្អគ្រឹះនៃសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹម ។ ការស៊ូទ្រាំបង្ហាញអំពីសេចក្ដីជំនឿរបស់យើងថា សកម្មភាពរបស់យើង នឹងនាំមកនូវពរជ័យរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង » (New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤] ទំព័រ ១៧៧) ។
លូកា ១៨:៩-១៤។ រឿងប្រៀបធៀបអំពីពួកផារិស៊ី និងពួកអ្នកយកពន្ធ
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានពន្យល់អំពីភាពខុសគ្នារវាងការអធិស្ឋានរបស់ពួកផារិស៊ី និងការអធិស្ឋានរបស់ពួកអ្នកយកពន្ធ ៖
« តើអាចមានការផ្ទុយគ្នាកាន់តែខ្លាំងឬ រវាងការអធិស្ឋានរបស់បុរសទាំងពីរនាក់នេះ ? ពួកផារិស៊ីចេញពីគេដោយសារតែគាត់ជឿថាគាត់ល្អជាងអ្នកដទៃ ដែលគាត់គិតថាវាធម្មតា ។ ពួកអ្នកយកពន្ធក៏ចេញពីគេផងដែរ ប៉ុន្តែវាដោយសារតែគាត់មានអារម្មណ៍ថាខ្លួនគាត់មិនសក្ដិសម ។ ពួកផារិស៊ីពុំបានគិតអំពីនរណាក្រៅពីខ្លួនពួកគេឡើយ ហើយរាប់មនុស្សគ្រប់គ្នាថាមានអំពើបាប តែពួកអ្នកយកពន្ធបានគិតថាមនុស្សគ្រប់គ្នាសុចរិត ហើយប្រៀបថាខ្លួនគេជាអ្នកមានបាបវិញ ។ ពួកផារិស៊ីពុំសុំអ្វីពីព្រះទេ ប៉ុន្តែពឹងផ្អែកតែលើសេចក្ដីសុចរិតផ្ទាល់ខ្លួនវិញ ។ ពួកអ្នកយកពន្ធបានទូលអង្វរដល់ព្រះសុំក្ដីមេត្តាករុណា និងការអភ័យទោសចំពោះអំពើបាបរបស់គាត់ ។
« … ពួកអ្នកយកពន្ធ ដែលជាអ្នកប្រមូលពន្ធដែលគេបានស្អប់ ‹ បានចុះទៅដល់ផ្ទះអ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នកមួយនោះ › ។ (លូកា ១៨:១៤) ។ និយាយម្យ៉ាងទៀត ព្រះអម្ចាស់បានមានបន្ទូលថា គេត្រូវបានលើកលែងទោស អភ័យទោស ឬបានរាប់ថាគ្មានទោស ។ …
« ភាពរាបសារ គឺជាអាកប្បកិរិយាមួយនៃភាពជាព្រះដែលពួកបរិសុទ្ធពិតមាន ។ វាងាយស្រួលដើម្បីយល់ថា ហេតុអ្វីមនុស្សឆ្មើងឆ្មៃបរាជ័យ ។ គាត់ពឹងផ្អែកតែលើខ្លួនគាត់ម្នាក់គត់ ។ … មនុស្សមានអំនួត បានបិទខ្លួនគាត់ចេញពីព្រះ ហើយនៅពេលគាត់ធ្វើដូច្នេះនោះគាត់លែងរស់នៅក្នុងពន្លឺទៀតហើយ ។ …
«… ប្រវត្តិសាស្ត្របានកត់ត្រាថា អ្នកទាំងឡាយណាដែលបានតម្កើងខ្លួនគេឡើង ត្រូវបានបន្ទាបវិញ ហើយអ្នកដែលបន្ទាបខ្លួននឹងបានតម្កើងឡើង ។ នៅតាមផ្លូវដ៏រវល់គ្រប់កន្លែងគឺមានពួកផារិស៊ី និងពួកអ្នកយកពន្ធ ។ ប្រហែលជាមានម្នាក់ក្នុងចំណោមពួកគេកាន់តាមនាមរបស់យើង » («The Pharisee and the Publican Ensign ខែ ឧសភា ឆ្នាំ ១៩៨៤ ទំព័រ ៦៥–៦៦ ) ។
លូកា ១៨:៣៥-៤៣ ។ ការព្យាបាលមនុស្សខ្វាក់
បុរសខ្វាក់ដែលមានជំនឿ និងការស៊ូទ្រាំនោះមានឈ្មោះថា បារទីមេ ត្រូវបានមើលឃើញដោយសាររបៀបដែលគាត់បានស្រែកហៅព្រះយេស៊ូវគ្រីស្ទសុំក្ដីមេត្តាករុណា—គាត់បានបន្ដស្រែកហៅទោះជាមនុស្សជាច្រើនបានបញ្ជាឲ្យគាត់នៅស្ងៀមក្ដី ( សូមមើលម៉ាកុស ១០:៤៧-៤៨ ) ។
លូកា ១៨:១–៨, ៣៥–៤៣។ ការស៊ូទ្រាំនៅក្នុងសេចក្ដីជំនឿ
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ជាគំរូនៃសារៈសំខាន់ចំពោះការស៊ូទ្រាំឆ្លងកាត់ការសាកល្បងនៃសេចក្ដីជំនឿរបស់យើង ៖
« កាលពីប៉ុន្មានឆ្នាំកន្លងទៅ មានគ្រួសារមួយបានធ្វើដំណើរមកពីសហរដ្ឋទៅកាន់ទ្វីបអឺរ៉ុប ។ បន្ទាប់ពីការទៅដល់ទិសដៅរបស់ពួកគេមិនយូរប៉ុន្មាន នោះកូនប្រុសអាយុ ១៣ ឆ្នាំម្នាក់បានធ្លាក់ខ្លួនឈឺជាទម្ងន់ ។ ដំបូងម្ដាយ និងឪពុកបានគិតថា មកពីការឆ្អល់ពោះរបស់គាត់ ដែលបណ្ដាលពីការនឿយហត់ក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ហើយគ្រួសារបន្ដការធ្វើដំណើរតាមធម្មតា ។
« យូរៗទៅ ស្ថានភាពជំងឺកូនប្រុសនោះបានធ្ងន់ធ្ងរឡើងៗ ។ ការខ្វះជាតិទឹកមានកាន់តែខ្លាំងឡើងៗ ។ ឪពុកបានផ្ដល់ការប្រសិទ្ធពរបព្វជិតភាពដល់កូនប្រុសរបស់គាត់ ប៉ុន្តែពុំមានឃើញអ្វីបង្ហាញពីការធូរស្បើយភ្លាមៗទេ ។
« ប៉ុន្មានម៉ោងក្រោយមក ម្ដាយបានលុតជង្គង់នៅជិតកូនប្រុសគាត់ ទូលអង្វរក្នុងការអធិស្ឋានដល់ព្រះវរបិតាសួគ៌សុំឲ្យកូនប្រុសបានជាសះស្បើយ ។ ពួកគេនៅឆ្ងាយពីផ្ទះក្នុងប្រទេសដែលពុំដែលស្គាល់ ហើយពុំដឹងថាត្រូវទទួលជំនួយខាងវេជ្ជសាស្ត្រដោយរបៀបណាទេ ។
« ម្ដាយនោះបានសួរកូនប្រុស ប្រសិនបើកូនអាចអធិស្ឋានជាមួយនឹងគាត់បាន ។ គាត់បានដឹងថា ការរង់ចាំពរជ័យនោះតែម្យ៉ាងពុំគ្រប់គ្រាន់ទេ តែពួកគេចាំបាច់ត្រូវបន្ដធ្វើសកម្មភាព ។ សូមពន្យល់ថា ពរជ័យដែលគាត់បានទទួលគឺនៅតែមានប្រសិទ្ធភាព គាត់បានផ្ដល់យោបល់ម្ដងទៀតថា ការទូលអង្វរដដែលៗក្នុងការអធិស្ឋាន ដូចជាពួកសាវកពីបុរាណបានធ្វើឲ្យ ‹ ព្រះអម្ចាស់ចម្រើនសេចក្ដីជំនឿដល់យើង › (លូកា ១៧:៥) ។ ការអធិស្ឋានបានបូករួមនឹងការទុកចិត្តពិតទៅលើអំណាចនៃបព្វជិតភាព និងការតាំងចិត្ត ដើម្បីស៊ូទ្រាំនៅក្នុងការធ្វើអ្វីៗ ដែលតម្រូវឲ្យធ្វើដើម្បីឲ្យពរជ័យនោះត្រូវបានគោរព—ប្រសិនបើពរជ័យនោះ ស្របទៅតាមព្រះទ័យរបស់ព្រះ ។ មិនយូរប៉ុន្មានពួកគេបានអធិស្ឋានដោយសាមញ្ញដូចនេះ ហើយស្ថានភាពកូនប្រុសនោះបានល្អប្រសើរឡើង ។
« សកម្មភាពប្រកបដោយសេចក្ដីជំនឿរបស់ម្ដាយ និងកូនប្រុសគាត់ បានជួយអញ្ជើញឲ្យមាននូវអំណាចបព្វជិតភាពដែលបានសន្យា ។ … ការព្យាបាលនៃកូនប្រុសអាយុ ១៣ ឆ្នាំ ពុំបានកើតឡើងទេ រហូតដល់ក្រោយពីសេចក្ដីជំនឿរបស់ពួកគេ ហើយត្រូវបានសម្រេច ‹ ស្របតាមសេចក្ដីជំនឿរបស់ពួកគេក្នុងការអធិស្ឋានរបស់ពួកគេទាំងប៉ុន្មាននោះ › ( គ. និង ស. ១០:៤៧ ) » ( « Ask in Faith » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៦ ) ។
លូកា ១៩:១-១០ ។ សាខេ ជាមេលើពួកអ្នកយកពន្ធ
សម្រាប់ព័ត៌មានបន្ថែមអំពីសាខេ សូមយោងទៅNew Testament Student Manual ( [ Church Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ១៧៧) ។