បណ្ណាល័យ
សេចក្ដីណែនាំ​ស្ដីពី​សំបុត្រ​ទី​ពីរ​របស់​ប៉ុល​ដល់​​ធីម៉ូថេ


សេចក្ដីណែនាំ​ស្ដីពី​សំបុត្រ​ទី​ពីរ​របស់​ប៉ុល​ដល់​​ធីម៉ូថេ

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

សំបុត្រ​ទី​ពីរ​របស់​ប៉ុល​ដល់​ធីម៉ូថេ​គូស​បញ្ជាក់​ពី​អំណាច ​ដែល​កើត​ចេញ​ពី​​ការ​មាន​​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ធីម៉ូថេទី ២ ១:៧–៨ ) ។ វា​ក៏​មាន​នូវ​ការ​ព្យាករ​មួយ​អំពី​ « គ្រា​លំបាក​ណាស់ »​ ដែល​នឹង​កើត​មាន​នៅ​ជំនាន់​របស់​ប៉ុល និង​ធីម៉ូថេ ក៏​ដូចជា​នៅ​ថ្ងៃ​ចុង​ក្រោយ​ផង​ដែរ ( សូម​មើល ធីម៉ូថេទី ២ ៣:១–៧ ) ។ ដើម្បី​ជួយ​ធីម៉ូថេ​ជាមួយ​នឹង​ឧបសគ្គ​ដែល​គាត់​បាន​ជួប​ប្រទះ ប៉ុល​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទុក​ចិត្ត​លើ​បទគម្ពីរ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ( សូម​មើល ធីម៉ូថេទី ២ ៣:១៤–១៧ ) ហើយ​ពឹង​ផ្អែក​លើ​គោលលទ្ធិ​ពិត ( សូម​មើល ធីម៉ូថេទី ២ ៤:២ ) ។ តាមរយៈ​ការ​សិក្សា​គម្ពីរ​នេះ សិស្ស​នឹង​រៀន​ពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​អាច​​ជួយ​ពួកគេ​ឲ្យ​រស់​នៅ​ដោយ​ស្មោះ​ត្រង់ កាល​​ពួកគេ​ជួប​ប្រទះនឹង​គ្រា​ដ៏​លំបាក​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

ប៉ុល​បាន​សរសេរ​ធីម៉ូថេ​ទី ២ ( សូមមើល ធីម៉ូថេទី ២ ១:១ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

សំបុត្រ​ទីពីរ​របស់​ប៉ុល​ដល់​ធីម៉ូថេ​ទំនង​ជា​ត្រូវ​បាន​សរសេរ​ឡើង​ប្រមាណក្នុង​ចន្លោះ គ.ស. ៦៤ និង ៦៥ ( សូម​មើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។ ប៉ុល​បាន​សរសេរ​សំបុត្រនេះ ​នៅ​ពេល​លោក​ជាប់​ឃុំ​ជា​លើក​ទីពីរ​នៅ​រ៉ូម ពីមុន​ការ​ធ្វើ​ទុក្ករកម្ម​របស់​លោក​បន្តិច ( សូម​មើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។

កាល​ប៉ុល​ជាប់​ឃុំ ហើយ​ត្រូវ​គេ​ដាក់​ច្រវាក់​នោះ ( សូម​មើល ធីម៉ូថេទី២ ១:១៦, ២:៩ ) លោក​ទំនង​ជា​នៅ​ក្នុង​គុក ឬ​នៅ​ក្នុង​គុក​ក្រោម​ដី ហើយត្រូវ​​ដាក់​នៅ​ក្នុង​កន្លែង​ដែល​ស្ថិត​ក្នុង​សភាពគ្រោះថ្នាក់​ជា​ច្រើន ( សូម​មើល ធីម៉ូថេទី២ ៤:១៣, ២១ ) ហើយ​មិត្ត​ភក្ដិ​របស់​លោក​រក​លោក​មិន​ឃើញ​ឡើយ ( សូម​មើល ធីម៉ូថេទី ២ ១:១៧ ) ។ លូកា​ទំនង​ជា​មនុស្ស​តែ​ម្នាក់គត់​​ដែល​មក​សួរ​សុខ​ទុក្ខ​លោក​ជា​ទៀង​ទាត់ ( សូម​មើល ធីម៉ូថេទី២ ៤:១១ ) ហើយ​ប៉ុលបាន​រំពឹង​ថា ជីវិត​របស់​លោក​នឹង​ជិត​ដល់​ពេល​បញ្ចប់​ហើយ ( សូម​មើល ធីម៉ូថេទី២ ៤:៦–៨ ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ចំពោះ​នរណា ហើយ​តើ​ហេតុអ្វី ?

នៅ​ក្នុង​សំបុត្រ​នេះ ប៉ុល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ ហើយ​បាន​ផ្ដល់​កម្លាំង​ដើម្បី​ជួយ​គាត់​ឲ្យ​បន្តតទៅទៀត ​បន្ទាប់​ពី​ការ​ស្លាប់​របស់​ប៉ុល​បាន​មក​ដល់ ។ ប៉ុល​បាន​ដឹង​ថា ពេលវេលា​របស់​លោក​ខ្លី​ណាស់ ហើយ​លោក​មាន​បំណង​ចង់​ជួប​ធីម៉ូថេ ជា​អ្នក​ដែល​ប៉ុល​បាន​ហៅ​ថា « កូនស្ងួន​ភ្ងា » ( ធីម៉ូថេទី២ ១:២​ ) ។

នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​របស់​លោក ប៉ុល​បាន​ស្នើ​ឲ្យ​ធីម៉ូថេ និង​ម៉ាកុស​មក​ជួប​លោក ហើយ​យក​របស់​មួយ​ចំនួន​​ដែល​លោក​មិន​បាន​យក​​មក​ជាមួយ​នឹង​លោក ( សូម​មើល ធីម៉ូថេទី២ ៤:៩–១៣ ) ។ ទោះ​បី​ជា​សំបុត្រ​របស់​លោក​និយាយ​យ៉ាងជាក់​លាក់​ទៅ​កាន់​​ធីម៉ូថេ​ក្ដី ក៏​ការ​ទូន្មាន​រ​បស់​វា​អាច​យក​មក​អនុវត្ត​ចំពោះ​អស់អ្នក​ដែល​បាន​រស់​នៅ​ក្នុង « ថ្ងៃ​ចុង​ក្រោយ »ដែរ ( ធីម៉ូថេទី២ ៣:១ ) ដោយសារ​ប៉ុល​បាន​បង្រៀន​អំពី​ឧបសគ្គ និង​ដំណោះ​ស្រាយ​ដែល​ទាក់​ទង​នឹង​ជំនាន់​របស់​យើង និង​ជំនាន់​របស់​លោក​ផងដែរ ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

សំបុត្រ​នេះ​គឺជា​សំបុត្រ​មួយ​នៃ​សំបុត្រ​របស់​គ្រូ​គង្វាល​ ​រួមជាមួយ​ធីម៉ូថេទី១ និង​ទីតុស​ផង​ដែរ ហើយ​វា « មាន​នូវ​ពាក្យ​សំដី​ចុង​ក្រោយ​បង្អស់​របស់​ប៉ុល ហើយ​បង្ហាញ​នូវ​សេចក្តី​​ក្លាហាន និង​ការ​ទុក​ចិត្ត​ដ៏​អស្ចារ្យ នៅ​ពេល​លោក​ប្រឈមមុខ​នឹង​សេចក្ដី​ស្លាប់ » ( សូម​មើល ​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ តាម​កាល​ប្រវត្តិ ធីម៉ូថេទី២ ទំនង​ជា​សំបុត្រ​ចុង​ក្រោយ​របស់​ប៉ុល​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី (សូម​មើល ធីម៉ូថេទី២ ៤:៦ ) ។

សំបុត្រ​នេះ​មាន​នូវ​ការ​ឆ្លុះបញ្ចាំង​មួយ​ចំនួន​របស់​ប៉ុល​អំពី​ពរជ័យ និង​សេចក្ដី​លំបាក​នៃ ការ​បម្រើ​ជា « ​អ្នក​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នោះ និង​ជា​សាវក ហើយ​ជា​គ្រូ​បង្រៀន​ដល់​សាសន៍​ដទៃ » ( ធីម៉ូថេទី២ ១:១១ ) ។ ប៉ុល​បាន​ប្រកាស​ថា « ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត » ( ធីម៉ូថេទី២ ៤:៧–៨ ) ដោយ​ចង្អុល​បង្ហាញ​ថា លោក​មាន​​ការ​អះអាង​ផ្ទាល់​ខ្លួន​មួយ​ថា លោក​នឹង​គ្រង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​​អស់​រយៈ​ពេល​ជាង​៣០ ឆ្នាំ ប៉ុល​មាន​ភាព​សក្ដិសម​បំផុត​ ដើម្បី​ណែនាំ​ធីម៉ូថេ​ពី​របៀប​បម្រើ​ដោយ​មាន​ប្រសិទ្ធភាព​​នៅ​ក្នុង​ការ​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​មនុស្ស​ដទៃ​ទៀត ( សូម​មើល ធីម៉ូថេទី២ ២:១៥–១៧, ២២–២៦, ៤:១–២, ៥ ) ។

គម្រោង

ធីម៉ូថេទី២ ១ ប៉ុល​លើក​ឡើង​ពី​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ​​ដែល​ទទួល​បាន​តាមរយៈ​ការ​តែងតាំង​បព្វជិតភាព ។ លោក​បង្រៀន​ថា « វិញ្ញាណ​ដែល​តែង​តែ​ភ័យ​ខ្លាច » ( ធីម៉ូថេទី២ ១:៧​ ) ពុំ​មែន​មក​ពី​ព្រះ​ទេ ហើយ​ថា​យើង​មិន​គួរ​ខ្មាស់​អៀន​ចំពោះ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ ប៉ុល​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ហៅ​លោក​ឲ្យ​ប្រកាស​ដំណឹងល្អ ( សូម​មើល ធីម៉ូថេទី២ ១:១១ ) ។

ធីម៉ូថេទី២ ២ ប៉ុល​ប្រើ​រូបភាព​នៃ​ទ័ព​ល្អ អត្តពលករ​ដ៏​មាន​ជោគជ័យ និង​កសិករដ៏ឧស្សាហ៍​ព្យាយាម​ម្នាក់​ ដើម្បី​បង្ហាញ​ពី​សេចក្ដី​ត្រូវការ​នៅ​ក្នុងការ​ស៊ូទ្រាំ​នឹង​សេចក្ដី​​លំបាក ដើម្បី​ទទួល​បាន​សិរី​ល្អ​ដ៏​នៅ​អស់​កល្ប ។ លោក​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​គ្រូបង្រៀន​ពិត និង​គ្រូប​ង្រៀន​ក្លែង​ក្លាយ ព្រមទាំង​គ្រឿង​ដែល​ប្រសើរ និង​គ្រឿង​ដែល​អាប់​ឱន ។ លោក​ព្រមាន​ដល់​ធីម៉ូថេ​ឲ្យ​ចៀស​វាង​ពី​ការ​មាន​វិវាទ​នឹង​គ្នា ហើយ​បង្រៀន​ជន​ដែល​ត្រូវ​ប្រែចិត្ត​ដោយភាព​អត់ធ្មត់ ។

ធីម៉ូថេទី២ ៣–៤ ប៉ុល​ពិពណ៌នា​ពី​លក្ខខណ្ឌ​អាក្រក់​នៃ​ថ្ងៃ​ចុងក្រោយ ហើយ​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ប្រើ​បទគម្ពីរ​នៅ​ក្នុង​តួនាទី​របស់​គាត់​ជា​ថ្នាក់​ដឹកនាំ​បព្វជិតភាព​​ម្នាក់ ។ លោក​សរសេរ​ពី​សេចក្ដី​ស្លាប់​របស់​លោក​ដែល​នឹង​មក​ដល់ ហើយ​ប្រកាស​ថា « ខ្ញុំ​បាន​រក្សា​សេចក្ដី​ជំនឿ​ទៅ​ហើយ » ( ធីម៉ូថេទី២ ៤:៧ ) ។ ប៉ុល​ថ្លែ​ងទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ប្រោស​លោក​នៅ « ស្ថានសួគ៌ » ( ​ធីម៉ូថេទី២ ៤:១៨ ) ។