មេរៀនទី ១០
ម៉ាថាយ ៥:១៧-៤៨
សេចក្ដីផ្ដើម
នៅពេលព្រះអង្គសង្គ្រោះបន្តទេសនកថារបស់ទ្រង់នៅលើភ្នំក្នុងស្រុកកាលីឡេ ទ្រង់បានពន្យល់ថា ទ្រង់ពុំបានយាងមកដើម្បីបំផ្លាញក្រឹត្យវិន័យរបស់លោកម៉ូសេទេ ប៉ុន្តែយាងមកដើម្បីបំពេញវាវិញ ។ ព្រះអង្គសង្គ្រោះក៏បានប្រទានព្រះបញ្ញត្តិដែលពួកសិស្សរបស់ទ្រង់ត្រូវធ្វើតាមដើម្បីឲ្យបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតាសួគ៌ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ៥:១៧-៤៨
ព្រះយេស៊ូវគ្រីស្ទបង្រៀនពួកសិស្សរបស់ទ្រង់ពីរបៀបឲ្យបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតាសួគ៌
សូមសរសេរសំណួរខាងក្រោមនេះនៅលើក្ដារខៀន ពីមុនចាប់ផ្ដើមបង្រៀន ៖ តើព្រះបញ្ញត្តិមួយណា ដែលអ្នកគិតថាមនុស្សពិបាកគោរពតាមជាងគេបំផុត ? នៅពេលថ្នាក់ចាប់ផ្ដើមសុំឲ្យសិស្សឆ្លើយតបទៅនឹងសំណួរនេះ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:៤៨ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលព្រះបញ្ញត្តិមួយដែលពិបាកគោរពតាម ។ អ្នកគួរអានការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ ម៉ាថាយ ៥:៤៨ដែលចែងថា « ដូច្នេះអ្នករាល់គ្នាត្រូវបានបង្គាប់ឲ្យគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ » ។
-
តើព្រះបញ្ញត្តិឲ្យបានគ្រប់លក្ខណ៍ធ្វើឲ្យយើងមានអារម្មណ៍បែបណាដែរ ?
-
តើអ្នកគិតថា ភាពគ្រប់លក្ខណ៍មានន័យដូចម្ដេច ?
សូមពន្យល់ថា ពាក្យ « គ្រប់លក្ខណ៍ » ត្រូវបានបកប្រែចេញពីពាក្យក្រិកដែលមានន័យថា « ពេញលេញ »« បញ្ចប់ » ឬ « បានអភិវឌ្ឍយ៉ាងពេញលេញ » ។ សូមសួរសិស្សថាតើសេចក្ដីពន្យល់នេះជួយពួកគេឲ្យយល់ពីខគម្ពីរនេះកាន់តែប្រសើរឡើងបានដោយរបៀបណា ។ សូមពន្យល់ថាភាពបានពេញលេញ ឬបានអភិវឌ្ឍយ៉ាងពេញលេញនោះមានន័យថាការប្រែក្លាយដូចជាព្រះវរបិតាសួគ៌ ។
នៅពេលសិស្សបន្តការសិក្សារបស់ខ្លួនអំពីទេសនកថានៅលើភ្នំរបស់ព្រះអង្គសង្គ្រោះក្នុង ម៉ាថាយ ៥សុំឲ្យពួកគេរកមើលគោលការណ៍ដែលពួកគេត្រូវធ្វើតាមដើម្បីបានចម្រើនឡើងឆ្ពោះទៅកាន់ភាពបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ផងដែរ ។
សូមសង្ខេប ម៉ាថាយ ៥:១៧–២០ ដោយពន្យល់ថា ព្រះអង្គសង្គ្រោះបានបង្រៀនថា ទ្រង់បានយាងមកដើម្បីបំពេញក្រឹត្យវិន័យរបស់លោកម៉ូសេ ពុំមែនយាងមកដើម្បីបំផ្លាញ ឬលុបបំបាត់ចោលសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចណាមួយនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ។ ព្រះយេស៊ូវគ្រីស្ទបានស្ដារឡើងវិញនូវភាពពោរពេញនៃដំណឹងល្អដែលបានបាត់បង់ដោយសារតែអំពើទុច្ចរិត និង ការក្បត់សាសនា ទ្រង់បានកែតម្រូវការការបង្រៀនខុសឆ្គង ហើយបានបំពេញការព្យាករដែលបានធ្វើឡើងដោយពួកព្យាការីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ នៅទីបំផុត ដោយសារជាផ្នែកមួយនៃការស្ដារភាពពោរពេញនៃដំណឹងល្អឡើងវិញ កត្តាមួយចំនួននៃក្រឹត្យវិន័យរបស់លោកម៉ូសេត្រូវបានបញ្ឈប់ ដូចជាការកាត់ស្បែក និងការបូជាសត្វ ។
សូមពន្យល់ថា ម៉ាថាយ ៥:២១–៤៨ រួមបញ្ចូលទាំងការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីក្រឹត្យវិន័យ និង ទំនៀមទំលាប់នានាដែលពួកសាសន៍យូដាបានបង្កើត ឬបន្ថែមទៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ។ នៅពេលព្រះយេស៊ូវគ្រីស្ទបានពន្យល់ពីអត្ថន័យពិតនៃក្រឹត្យវិន័យនោះ ទ្រង់បានបង្រៀនរបៀបដ៏ខ្ពង់ខ្ពស់មួយនៃសេចក្ដីសុចរិត ។ សមាជិកនៃនគររបស់ទ្រង់ត្រូវរស់នៅតាមក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់នេះ ។ ក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់ទាំងនេះបានផ្ដល់ការដឹកនាំ ដើម្បីជួយពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទចៀសវាងពីការបំពានព្រះបញ្ញត្តិរបស់ព្រះ ។
ដើម្បីរៀបចំសិស្សសិក្សាការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីកំហឹង សុំឲ្យពួកគេគិតពីគ្រាមួយដែលពួកគេបានខឹងនឹងនរណាម្នាក់ ។
-
តើគ្រោះថ្នាក់មួយចំនួននៃការពុំអាចគ្រប់គ្រងកំហឹងរបស់យើងបាន មានអ្វីខ្លះ ?
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:២១-២២ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វី ដែលក្រឹត្យវិន័យរបស់លោកម៉ូសេបានបង្រៀនអំពីអំពើហឹង្សា និង កំហឹង ព្រមទាំងសេចក្ដីពិតបន្ថែមទៀតដែលព្រះអម្ចាស់បានបង្រៀនអំពីកំហឹងជាផ្នែកមួយនៃក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់ ។
-
តើព្រះអង្គសង្គ្រោះបានបង្រៀនអ្វីខ្លះអំពីអំពើហឹង្សា និង កំហឹង ? ( សូមពន្យល់ថា ពាក្យ អាចោលម្សៀត ក្នុង ខទី ២២ មានន័យថា មនុស្សល្ងីល្ងើ មនុស្សភ្លីភ្លើ ឬមនុស្សមិនចេះគិត ) ។
-
យោងតាមខគម្ពីរទាំងនេះ តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងពុំរៀនគ្រប់គ្រងកំហឹងរបស់យើងទេនោះ ?
សូមពន្យល់ថាការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ ម៉ាថាយ ៥:២២បានដកយកឃ្លា « ដោយគ្មានហេតុផល » ពីខគម្ពីរនេះ ដោយធ្វើវាឲ្យទៅជា « តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញ ថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ ហើយអ្នកណា ដែលស្តីឲ្យបងប្អូនថា អាចោលម្សៀត នោះក្រែងពួកក្រុមជំនុំធ្វើទោស តែចំណែកអ្នកណាដែលថា អាឆ្កួត នោះក្រែងធ្លាក់ទៅក្នុងភ្លើងនរក » ។
-
ហេតុអ្វីបានជាការដកឃ្លា « ដោយគ្មានហេតុផល » ចេញពីខគម្ពីរនេះគឺជារឿងដ៏សំខាន់ ?
-
តើការគ្រប់គ្រងកំហឹងរបស់យើងជួយយើងឲ្យរីកចម្រើនឆ្ពោះទៅរកភាពគ្រប់លក្ខណ៍បានយ៉ាងដូចម្ដេច ?
សូមសរសេរឃ្លាខាងក្រោមនេះនៅលើក្ដារខៀន ៖ ដូច្នេះ ប្រសិនបើអ្នករាល់គ្នាមករកយើង ឬមានបំណងចង់មករកយើង …
សូមពន្យល់ថាការបកប្រែដោយ យ៉ូសែប ស្ម៊ីធ បានបន្ថែមឃ្លាថា « ប្រសិនបើអ្នករាល់គ្នាមករកយើង ឬមានបំណងចង់មករកយើង » នៅដើម ខទី ២៣ ដូច្នេះវាអានថា « ដូច្នេះ ប្រសិនបើអ្នករាល់គ្នាមករកយើង ឬមានបំណងចង់មករកយើង ឬបើកាលណាអ្នកនាំយកដង្វាយមកដល់អាសនា ហើយនៅទីនោះអ្នកនឹកឃើញថាបងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក » ( Joseph Smith Translation, Matthew ៥:២៥ ) ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:២៣–២៤ ឲ្យឮៗ ដោយដាក់បញ្ចូលឃ្លាបន្ថែមពីការបកប្រែដោយយ៉ូសែប ស្ម៊ីធ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើព្រះអង្គសង្គ្រោះបានបង្រៀនយើងឲ្យធ្វើអ្វីខ្លះ ដើម្បីគ្រប់គ្រងកំហឹងរបស់យើងចំពោះមនុស្សដទៃ ប្រសិនបើយើងមានបំណងចង់មករកទ្រង់ ។
-
តើឃ្លា « នោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូន » មានន័យដូចម្ដេច ? ( ពីមុនប្រជាជនថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ពួកគេត្រូវផ្សះផ្សារទំនាក់ទំនងរបស់ពួកគេជាមួយនឹងមនុស្សដទៃទៀតជាមុនសិន ) ។
-
យោងតាម ខទី ២៤តើយើងត្រូវធ្វើអ្វីខ្លះ ប្រសិនបើយើងមានបំណងចង់មករកព្រះគ្រីស្ទ ? ( សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែត្រូវប្រាកដថាពួកគេស្គាល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ ប្រសិនបើយើងមានបំណងចង់មករកព្រះយេស៊ូវគ្រីស្ទ យើងត្រូវតែធ្វើផ្នែករបស់យើងដើម្បីផ្សះផ្សារជាមួយនឹងមនុស្សដទៃទៀតជាមុនសិន ) ។
-
តើការផ្សះផ្សារនឹងនរណាម្នាក់មានន័យដូចម្ដេច ? ( ការដោះស្រាយជម្លោះ ឬការស្ដារឡើងវិញនូវភាពសុខដុមក្នុងទំនាក់ទំនង ។ ការណ៍នេះរួមបញ្ចូលទាំងជនដែលគ្មានអារម្មណ៍ល្អចំពោះយើង និង ជនដែលយើងមានអារម្មណ៍មិនល្អជាមួយ ) ។
-
ហេតុអ្វីអ្នកគិតថាយើងត្រូវដោះស្រាយជម្លោះរបស់យើងជាមួយនឹងមនុស្សដទៃ ដើម្បីមករកព្រះគ្រីស្ទ ?
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:២៥-២៦ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអង្គសង្គ្រោះមានបន្ទូលថាយើងអាចធ្វើដើម្បីផ្សះផ្សារនឹងអ្នកដទៃ ។
-
តើអ្នកគិតថា ការស្រុះស្រួលភ្លាមៗនឹងមារសត្រូវរបស់អ្នកមានន័យដូចម្ដេច ? សូមពន្យល់ថា ឃ្លា « ស្រុះស្រួល »ត្រូវបានបកប្រែចេញពីភាសាក្រិកដែលមានន័យថា « មានគំនិតល្អភ្លាមៗ ឬបានកម្ចាត់ចោលយ៉ាងល្អចំពោះ )
-
តើការជ្រើសយកការមានគំនិតល្អទៅកាន់នរណាម្នាក់អាចជួយយើងឲ្យដោះស្រាយជម្លោះ ឬស្ដារឡើងវិញនូវទំនាក់ទំនងដែលប្រេះស្រាំជាមួយនឹងគាត់បានយ៉ាងដូចម្ដេច ?
ចូរសុំឲ្យសិស្សគិតពីគ្រាមួយដែលពួកគេបានដោះស្រាយជម្លោះជាមួយនឹងមនុស្សម្នាក់ទៀត ហើយជាលទ្ធផលបានខិតចូលកាន់តែជិតទៅរកព្រះគ្រីស្ទ ។ អ្នកគួរឲ្យសិស្សម្នាក់ ឬ ពីរនាក់ចែកចាយបទពិសោធន៍របស់ពួកគេ ប្រសិនបើវាពុំមានលក្ខណៈផ្ទាល់ខ្លួនពេក ។ សូមលើកទឹកចិត្តសិស្សឲ្យដោះស្រាយជម្លោះរបស់ពួកគេជាមួយនឹងអ្នកដទៃ ដើម្បីពួកគេអាចរីកចម្រើនឆ្ពោះទៅរកការបានគ្រប់លក្ខណ៍ ដូចជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ។
សូមបង្ហាញស្មៅ ( ឬ រូបភាព ស្មៅ ) ។
-
តើអាចនឹងមានអ្វីកើតឡើង ប្រសិនបើស្មៅពុំត្រូវបានគេដកចេញពីសួនដំណាំ ?
-
តើស្មៅអាចប្រៀបទៅនឹងអំពើបាបបានដោយរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:២៧-២៨ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអំពើបាបមួយដែលព្រះអង្គសង្គ្រោះបានព្រមាន និង ក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់ដែលទ្រង់រំពឹងឲ្យពួកសិស្សរបស់ទ្រង់រស់នៅតាម ។
-
តើព្រះអង្គសង្គ្រោះបានបង្រៀនអ្វីខ្លះអំពីគំនិតដែលអសិលធម៌ ឬបំណងដែលពោរពេញដោយតណ្ហា ? ( សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែត្រូវប្រាកដបញ្ជាក់ឲ្យច្បាស់ថា ប្រសិនបើយើងជ្រើសយកគំនិតអសិលធម៌ ឬបំណងដែលពោរពេញដោយតណ្ហា វាប្រៀបបាននឹងយើងប្រព្រឹត្តអំពើកំផិតនៅក្នុងដួងចិត្តរបស់យើង ) ។
សូមពន្យល់ថា ទោះជាយើងពុំអាចរារាំងគំនិតឥតបរិសុទ្ធ ពុំឲ្យចូលមកក្នុងគំនិតរបស់យើងបានជានិច្ចក៏ដោយ ប៉ុន្តែយើងអាចរារាំងវាពុំឲ្យនៅទីនោះបាន ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:២៩-៣០ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វី ដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីការដកយកគំនិតឥតបរិសុទ្ធចេញ ។
-
តើព្រះអង្គសង្គ្រោះបានមានបន្ទូលថាយើងត្រូវធ្វើអ្វីខ្លះ ដើម្បីដកយកគំនិតឥតបរិសុទ្ធចេញ ?
-
តើអ្នកគិតថាការខ្វេះភ្នែកមនុស្សម្នាក់ចេញ និង ការកាត់ដៃមនុស្សម្នាក់ចោលនៅក្នុងខគម្ពីរទាំងនេះមានន័យដូចម្ដេច ?
សូមពន្យល់ថា ការបកប្រែដោយយ៉ូសែប ស្ម៊ីធសម្រាប់ ម៉ាថាយ ៥:៣០ បន្ថែមប្រយោគថា « ហេតុដូច្នេះហើយឥឡូវយើងមានបន្ទូលពីរឿងប្រៀបប្រដូចមួយទាក់ទងនឹងអំពើបាបអ្នករាល់គ្នាដែលបណ្ដេញពួកគេចេញពីអ្នក ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវកាប់បោះចោលទៅក្នុងភ្លើង ។ ចូរសុំឲ្យសិស្សរកមើលថាតើការបកប្រែដោយយ៉ូសែប ស្ម៊ីធ ជួយយើងឲ្យយល់ពីអត្ថន័យនៃការខ្វេះភ្នែកមនុស្សម្នាក់ចេញ និង ការកាត់ដៃមនុស្សម្នាក់ចោលនៅក្នុងខគម្ពីរទាំងនេះបានយ៉ាងដូចម្ដេច ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
យោងតាមអ្វីដែលព្រះអម្ចាស់បានបង្រៀននៅក្នុង ម៉ាថាយ ៥:២៩–៣០តើអ្វីខ្លះអាចនឹងកើតឡើង ប្រសិនបើយើងពុំដកអំពើបាបចេញពីជីវិតយើង ? ( បន្ទាប់ពីសិស្សឆ្លើយសូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ ប្រសិនបើយើងជ្រើសពុំដកអំពើបាបចេញពីជីវិតរបស់យើង វានឹងបំផ្លាញយើងខាងវិញ្ញាណ ) ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីដកអំពើបាបចេញពីជីវិតរបស់យើង ?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីដកអំពើបាបចេញពីជីវិតរបស់យើង ហើយធ្វើឲ្យប្រាកដថាយើងពុំធ្វើអំពើបាបទាំងនោះម្ដងទៀត ?
សូមលើកទឹកចិត្តសិស្សឲ្យគិតពីអំពើបាប ដែលពួកគេចង់ដកចេញពីជីវិតរបស់ពួកគេ រួចដាក់គោលដៅមួយ ដើម្បីធ្វើកិច្ចការនោះ ដោយការប្រែចិត្ត និង ការផ្លាស់ប្ដូរវាជាមួយនឹងទង្វើរសុចរិត ។
សូមសង្ខេប ម៉ាថាយ ៥:៣១–៣៧ ដោយពន្យល់ថា ព្រះអម្ចាស់បានបង្រៀនអំពីការលែងលះ អាពាហ៍ពិពាហ៍ និង ការធ្វើសម្បថ ។
សូមអញ្ជើញសិស្សនឹកស្រមៃថា មានមិត្តម្នាក់នៅសាលាបាននិយាយរឿងដ៏អាក្រក់អំពីពួកគេ ។ សូមសួរទៅសិស្សថាតើពួកគេនឹងឆ្លើយតបយ៉ាងណា ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:៣៨ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើក្រឹត្យវិន័យរបស់លោកម៉ូសេបានបង្រៀនអ្វីខ្លះអំពីការដាក់ទោសចំពោះបុគ្គលដែលប្រព្រឹត្តអំពើបាប ឬកំហុស ។ សូមអញ្ជើញពួកគេឲ្យប្រាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមពន្យល់ថាឃ្លា « ភ្នែកឲ្យធួននឹងភ្នែក ហើយធ្មេញឲ្យធួននឹងធ្មេញ » មានន័យថា នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ការដាក់ទោសត្រូវតែសក្ដិសមនឹងទម្ងន់ទោសនោះ ។
សូមបំបែកសិស្សជាគូ ។ សូមអញ្ជើញដៃគូម្នាក់អាន ម៉ាថាយ ៥:៣៩–៤២ ហើយដៃគូម្នាក់ទៀតអាន ម៉ាថាយ ៥:៤៣–៤៧ ។ ចូរសុំឲ្យពួកគេរកមើលក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់ ។ លុះដល់ពេលកំណត់ហើយ សូមឲ្យសិស្សពិភាក្សាសំណួរខាងក្រោមជាមួយនឹងដៃគូខ្លួន ( អ្នកគួរសរសេរសំណួរទាំងនេះនៅលើ ក្ដារខៀន ឬចែកឯកសារឲ្យពួកគេ) ៖
យោងតាមព្រះអង្គសង្គ្រោះ តើក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់គឺជាអ្វីទៅ ?
តើក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់នេះបង្រៀនយើងអ្វីខ្លះពីរបៀបដែលយើងឆ្លើយតបនឹងជនដែលធ្វើឲ្យយើងអាក់អន់ចិត្ត ?
លុះដល់ពេលកំណត់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សដទៃ ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:៤៥ ឲ្យឮៗឡើងវិញ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើអ្វីនឹងកើតឡើង ប្រសិនបើយើងស្រឡាញ់សត្រូវរបស់យើង ហើយធ្វើល្អដាក់ជនដែលស្អប់យើង ។
-
តើនឹងមានអ្វីខ្លះកើតឡើង ប្រសិនបើយើងស្រឡាញ់សត្រូវរបស់យើង ហើយធ្វើល្អដាក់ជនដែលស្អប់យើង ។
-
ដោយដឹងថា យើងទាំងអស់គ្នាគឺជាកូនចៅវិញ្ញាណរបស់ព្រះ តើអ្នកគិតថាការធ្វើជាកូនចៅនៃព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ នៅក្នុងខគម្ពីរនេះមានន័យដូចម្ដេច ? ( វាមានន័យថា ការក្លាយដូចជាទ្រង់ ហើយក្លាយជាអ្នកគ្រងនគររបស់ទ្រង់ ) ។
-
តើព្រះអង្គសង្គ្រោះបានបង្ហាញគំរូនៃការស្រឡាញ់របស់ទ្រង់ ចំពោះពួកសត្រូវ និងការធ្វើល្អដល់អ្នកដទៃនៅក្នុងព្រះជន្មរបស់ទ្រង់ដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតថាតើពួកគេបានរៀនអ្វីខ្លះនៅក្នុង ម៉ាថាយ ៥ អំពីអ្វីដែលយើងត្រូវធ្វើដើម្បីបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតាសួគ៌ ។
-
តើកិច្ចការមួយចំនួនដែលយើងត្រូវធ្វើ ដើម្បីបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌មានអ្វីខ្លះ ? ( សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែពួកគេគួរស្គាល់គោលការណ៍មួយដែលស្រដៀងនឹងគោលការណ៍ខាងក្រោមនេះ ៖ នៅពេលយើងធ្វើតាមការបង្រៀន និង ព្រះបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះ យើងអាចបានគ្រប់លក្ខណ៍ ដូចជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ) ។
សូមរំឭកសិស្សថា មានតែតាមរយៈព្រះយេស៊ូវគ្រីស្ទ និង ព្រះគុណរបស់ទ្រង់ប៉ុណ្ណោះទើបយើងអាចបានគ្រប់លក្ខណ៍ ( សូមមើល មរ៉ូណៃ ១០:៣២ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីដំណើរការនៃការបានគ្រប់លក្ខណ៍ សុំឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ រ័សុល អិម ណិលសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឲ្យឮៗ ៖
« យើងពុំចាំបាច់ស្រងាកចិត្តទេ បើកិច្ចខិតខំដ៏ខ្លាំងបំផុតរបស់យើងទៅកាន់ភាពល្អឥតខ្ចោះ ក្នុងពេលនេះមើលទៅហាក់ដូចជា [ ពិបាក ] ក្រៃលែង ឬគ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះគឺនៅរង់ចាំការសម្រេច ។ វាអាចបានមកពេញលេញ មានតែបន្ទាប់ពីដំណើររស់ឡើងវិញ និង តាមរយៈព្រះអម្ចាស់ប៉ុណ្ណោះ ។ វាកំពុងរង់ចាំពួកអ្នកទាំងអស់ណាដែលស្រឡាញ់ទ្រង់ និង រក្សាបទបញ្ញត្តិរបស់ទ្រង់ » (« Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៨ ) ។
-
យោងតាមអែលឌើរ ណិលសុន តើយើងនឹងបានគ្រប់លក្ខណ៍នៅពេលណា ?
-
តើសេចក្ដីថ្លែងការណ៍នេះអាចជួយមនុស្សម្នាក់ ដែលមានអារម្មណ៍ថាលើសលុប ហើយបាក់ទឹកចិត្ត ដោយសារតែភាពមិនគ្រប់លក្ខណ៍របស់ខ្លួនដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យបន្តគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ដើម្បីនៅទីបំផុតពួកគេអាចបានគ្រប់លក្ខណ៍ដូចជាព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
ម៉ាថាយ ៥:២២ ។ តើពាក្យ អាចោលម្សៀត មានន័យដូចម្ដេច ?
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីអត្ថន័យដ៏ទូលំទំលាយមួយនៃពាក្យ អាចោលម្សៀត ៖
« ការសម្ដែងចេញនូវពាក្យប្រមាថ និងពាក្យថោកទាបខុសៗគ្នាពីប្រជាជាតិមួយទៅប្រជាជាតិមួយ និង ពីជំនាន់មួយទៅជំនាន់មួយ ប៉ុន្តែចេតនានៃការអនុម័តនេះគឺ ដើម្បីថ្កោលទោសរាល់ពាក្យសម្ដីដែលបង្ហាញពីអារម្មណ៍មិនត្រឹមត្រូវអំពីមនុស្សម្នាក់ទៀត » ( វ៉ុលទី ៣ [ ឆ្នាំ១៩៦៥–៧៣ ], ១:២២២ ) ។
ម៉ាថាយ ៥:២៧-២៨ ។ « អ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន »
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិភាក្សាពីអំពើបាបដ៏ធ្ងន់ធ្ងរនៃតណ្ហា ៖
« តើហេតុអ្វីបានជាតណ្ហា គឺជាអំពើបាបបណ្តាលឱ្យស្លាប់ ? មែនហើយ បន្ថែមពីលើឥទ្ធិពលបំផ្លិចបំផ្លាញខាងវិញ្ញាណទាំងស្រុង ដែលវាមានមកលើព្រលឹងរបស់យើង នោះខ្ញុំគិតថា វាគឺជាអំពើបាបមួយ ដោយសារតែវាបានបង្ខូចទំនាក់ទំនងដ៏ខ្ពស់បំផុត និង បរិសុទ្ធបំផុត ដែលព្រះបានប្រទានមកឲ្យយើងក្នុងជីវិតរមែងស្លាប់នេះ-- ជាសេចក្ដីស្រឡាញ់ដែលបុរស និង ស្រ្តីម្នាក់ មានចំពោះគ្នាទៅវិញទៅមក និង បំណងប្រាថ្នាដែលគូស្វាមីភរិយានោះ ត្រូវបង្កើតកូនចៅក្នុងគ្រួសារមួយ ដែលប្រាថ្នាចង់បានដ៏នៅអស់កល្បជានិច្ច ។ … សេចក្ដីស្រឡាញ់ធ្វើឲ្យយើងឈោងទៅរកព្រះ និង អ្នកដទៃទៀតដោយសភាវគតិ ។ ផ្ទុយទៅវិញ ដំរេកសំរើប គឺជាអ្វីៗដែលពុំមែនជារបស់ផងព្រះ ហើយវារីករាយនឹងការបណ្ដោយខ្លួន ។ សេចក្ដីស្រឡាញ់ បណ្ដាលឲ្យមានការលាតដៃ និង បើកចំហរដួងចិត្ត ឯដំរេកសំរើប បណ្ដាលឲ្យមានការស្រេកឃ្លានចង់បានដោយបើកចំហរតែប៉ុណ្ណោះ » (« Place No More for the Enemy of My Soul » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៤–៤៥ ) ។
អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងអំពីផលនៃរូបអាសគ្រាមចំពោះអ្នកដែលប្រើវា ៖
« រូបអាសគ្រាមបណ្ដាលឲ្យលទ្ធភាពរបស់បុគ្គលម្នាក់ ចុះអន់ថយក្នុងការរីករាយនឹងទំនាក់ទំនងខាងអារម្មណ៍ ខាងមនោសញ្ចេតនា និង ខាងវិញ្ញាណជាមួយនឹងមនុស្សភេទផ្ទុយគ្នា ។ វាបំផ្លាញរបាំងសីលធម៌ទាំងឡាយ ដែលការពារទាស់នឹងអាកប្បកិរិយាមិនត្រឹមត្រូវមិនធម្មតាឬខុសច្បាប់ ។ នៅពេលមនសិការរបស់មនុស្សស៊ាំនឹងរូបអាសគ្រាម នោះពួកគេត្រូវបាននាំឲ្យធ្វើដូចអ្វី ដែលពួកគេបានឃើញដោយឥតគិតអំពីផលប៉ះពាល់ចំពោះជីវិតរបស់ពួកគេ និងជីវិតអ្នកដទៃទៀតឡើយ» ( « Pornography » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៨៩ ) ។
ម៉ាថាយ ៥:៣១-៣៧ ។ « អ្នកណាដែលចង់លែងប្រពន្ធ »
នៅក្នុងជំនាន់ព្រះយេស៊ូវ មានសាលារៀនមួយរបស់ពួកសាសន៍យូដាបានបកប្រែបទដ្ឋានរបស់ព្រះមែស៊ី ( សូមមើល ចោទិយកថា ២៤:១–២ ) តាមរបៀបមួយដែលអនុញ្ញាតឲ្យមានការលែងលះដែលមិនពេញលក្ខណៈតាមច្បាប់ ។ ឧទាហរណ៍ ប្រសិនបើបុរសម្នាក់ចង់បានប្រពន្ធក្មេង ឬស្អាតជាង ឬប្រសិនបើប្រពន្ធរបស់បុរសម្នាក់បានបំផ្លាញអាហារពេលល្ងាចរបស់គាត់ បានចេញបង្ហាញមុខជាសាធារណៈដោយឥតបាំងស្បៃមុខ ឬបដិសេធ ការណ៍នេះអនុញ្ញាតឲ្យគាត់លែងលះនឹងនាងបាន ។ ដូចដែលបានកត់ត្រានៅក្នុង ម៉ាថាយ ៥:៣១–៣៧ដូចជាវគ្គផ្សេងទៀតនៅក្នុងទេសនកថានៅលើភ្នំដែរ ព្រះយេស៊ូវខំអំពាវនាវដល់ពួកអ្នកដើរតាមទ្រង់ទៅរកបទដ្ឋានដ៏ខ្ពង់ខ្ពស់មួយនៃសេចក្ដីសុចរិត ហើយឲ្យពួកគេយល់ថា អាពាហ៍ពិពាហ៍គឺជាការតាក់តែងមួយដែលគួរផ្ដល់កិត្តិយសឲ្យ ហើយថែរក្សាស្របតាមគន្លងដែលព្រះបានស្ថាបនាជាមួយនឹងអាពាហ៍ពិពាហ៍ដ៍នៅអស់កល្បជានិច្ចរបស់អ័ដាម និង អេវ៉ា ។ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី The Mortal Messiah វ៉ុលទី ៤ [ ឆ្នាំ១៩៧៩–៨១ ], ៣:២៩១–៩៧ សូមមើលផងដែរ ម៉ាថាយ ១៩:៣–៩ ) ។
ម៉ាថាយ ៥:៤៣ ។ « អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមក »
ព្រះបញ្ញត្តិឲ្យ « ស្រឡាញ់អ្នកជិតខាង » គឺមាននៅក្នុង លេវីវិន័យ ១៩:១៨ប៉ុន្តែគ្មានបទគម្ពីរណាមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់បង្គាប់យើងឲ្យស្អប់សត្រូវរបស់យើងឡើយ ។ វាហាក់ដូចជាព្រះអង្គសង្គ្រោះបានសំដៅទៅលើការមានបន្ទូលទូទៅមួយ តាមរបៀបរបស់ទ្រង់ ។