បណ្ណាល័យ
មេរៀនទី ៤៥ ៖ លូកា ៣-៤


មេរៀនទី ៤៥

លូកា ៣-៤

សេចក្ដីផ្ដើម

យ៉ូហាន​ បាទីស្ទ បានផ្សាយ​អំពី​ការ​ប្រែចិត្ត ហើយ​បាន​ថ្លែង​​ទីបន្ទាល់អំពី​ការ​យាងមក​របស់ព្រះមែស៊ី ។ ព្រះយេស៊ូវ​គ្រីស្ទ បាន​ទទួលបុណ្យជ្រមុជទឹកដោយ​យ៉ូហាន រួច​ហើយ​បាន​តមអាហារ​នៅក្នុង​ទីរហោស្ថាន​អស់​រយៈពេល ៤០ ថ្ងៃ ។ បន្ទាប់ពី​ធ្វើដំណើរ​ទៅកាន់​ស្រុក​កាលីឡេ ព្រះយេស៊ូវ​បាន​ប្រកាស​នៅ​ស្រុក​ណាសារ៉ែត​ថា ទ្រង់​គឺជា​​ព្រះមែស៊ី ។ មនុស្ស​នៅ​ស្រុក​ណាសារ៉ែត បានបដិសេធ​ទ្រង់ ហើយ​ទ្រង់​បាន​ទៅស្រុក​កាពើណិម ជាកន្លែង​ដែលទ្រង់​បាន​ព្យាបាល​មនុស្សឈឺ និង​បណ្ដេញ​អារក្ស​ចេញ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ៣:១-២២

យ៉ូហាន បាទីស្ទ ​ព្យាករ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ពីមុន​ថ្នាក់រៀន ចូរ​សុំ​ឲ្យសិស្ស​ម្នាក់​សិក្សា​ដំណើរ​រឿង​របស់​អេលីយ៉ា និង​ស្ត្រី​មេម៉ាយនៅ​ឯ ​សារិបតា នៅក្នុង​ពង្សាវតាក្សត្រទី ១ ១៧:១-១៦​ហើយ​សិស្ស​ផ្សេង​ទៀត​សិក្សា​ដំណើរ​រឿង​របស់​ ណាម៉ាន់ និង អេលីសេ នៅក្នុងពង្សាវតាក្សត្រទី ២ ៥:១-១៥។ ចូរ​ពន្យល់​ថា ពួកគេ​នឹង​ផ្ដល់នូវ​សេចក្ដីសង្ខេប​មួយ​អំពី​ដំណើរ​រឿង​ទាំងនេះ​នៅក្នុង​មេរៀន​នាពេលក្រោយ ។ ចូរ​សុំ​ឲ្យ​ពួកគេ​គូស​បញ្ជាក់អំពី​អ្វី​ដែល​ ណាម៉ាន់ និង ស្ត្រី​មេម៉ាយ​នៅ​ឯសារិបតា បាន​ធ្វើ ដើម្បី​បង្ហាញពី​សេចក្ដី​ជំនឿរបស់ពួកគេ និង​ដើម្បី​ចង្អុល​បង្ហាញ​ថា ពួក​គាត់ទាំង​ពីរ​​គឺជា​ពួក​សាសន៍​ដទៃ ( ពុំ​មែនជា​វង្ស​អ៊ីស្រាអែលទេ ) ។

ដើម្បីចាប់​ផ្ដើម​មេរៀន​ ចូរ​សុំ​ឲ្យ​សិស្ស​សរសេរ​នៅលើ​ក្រដាស​មួយ​អំពី​គ្រា​មួយ ដែលពួកគេ​មានអារម្មណ៍​ថាបែកចេញ ឬ​នៅដាច់​ដោយឡែក​ពី​អ្នកទាំង​ឡាយ​ដែល​នៅជុំវិញ​ពួកគេ ជាលទ្ធផល​មក​ពីការ​រស់នៅ​តាម​ដំណឹងល្អ​ ដែល​បាន​ស្ដារឡើងវិញ​របស់ព្រះយេស៊ូវ​គ្រីស្ទ ( ចូរ​​ប្រាកដ​ថា សិស្ស​មិន​ត្រូវ​សរសេរ​ឈ្មោះរបស់​ពួកគេ​នៅ​លើ​ក្រដាស​ពួកគេ​ឡើយ ) ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ ចូរសុំ​ឲ្យសិស្សឲ្យ​ក្រដាស​របស់​ពួកគេមក​អ្នក ។ សូមអាន​នូវ​បទពិសោធន៍​ពីរបី​ឲ្យឮៗ​ដល់សិស្ស​ក្នុង​ថ្នាក់ ។

សូម​អញ្ជើញសិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​មួយ នៅពេល​ពួកគេ​សិក្សាលូកា ៣:១-២២​ដើម្បី​អាច​ពន្យល់​ពី​មូលហេតុ​ ដែល​អ្នកទាំងឡាយ​ដែល​រស់នៅ​តាម​ដំណឹងល្អ ជួនកាលអាច​នឹង​មានអារម្មណ៍​ថា​បែកចេញពី​អ្នកដទៃ ។

សូម​ពន្យល់​ថា នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​ម៉ូសេ សង្ឃ​ជាន់​ខ្ពស់ ធ្វើកិច្ចការ​ដូចជា​អ្នកកាន់​តំណែង​ជា​អធិបតី​នៃ​បព្វជិតភាព​អើរ៉ុន និង​អ្នកដឹកនាំ​នយោបាយ​នៃ​ជាតិសាសន៍​អ៊ីស្រាអែល ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មក​ដល់​ជំនាន់​នៃ​ការ​បម្រើ​របស់ព្រះអង្គសង្គ្រោះ តំណែង​នៃ​សង្ឃ​ជាន់​ខ្ពស់បាន​ក្លាយទៅជា​ពុករលួយ ។ ជាជាង​ត្រូវ​បាន​ជ្រើសរើស​ដោយព្រះ នោះ​សង្ឃជាន់ខ្ពស់ត្រូវ​បាន​ជ្រើសរើស​ដោយ​មនុស្ស​ដូចជា ហេរ៉ូឌ និង​មន្ត្រី​ជនជាតិ​រ៉ូម​ផ្សេងទៀត ( សូមមើល Bible Dictionary​​« High Priest ») ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ៣:២-៦​​ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​​ថា​តើព្រះ​បាន​មាន​បន្ទូល​ទៅ​កាន់​នរណា ជំនួស​ឲ្យ​ពួក​សង្ឃ​ជាន់​ខ្ពស់ ។

  • តើព្រះបន្ទូល​នៃ​ព្រះអម្ចាស់​មានមក​តាមរយៈ​នរណា ជា​ជាង​មកតាម​ពួកសង្ឃ​ជាន់ខ្ពស់ ? ( « យ៉ូហាន ជា​កូន​ប្រុស​របស់​សាការី » ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជា យ៉ូហាន បាទីស្ទ ដែរ ) ។

  • តើ​យ៉ូហាន​ បាទីស្ទ ​បានបង្រៀនអំពី​អ្វីខ្លះ ?

ចូរ​ពន្យល់​ថា នៅក្នុង​ជំនាន់​របស់​យ៉ូហាន មនុស្ស​មួយ​ចំនួនបាន​ជឿ​ថា ដោយសារ​តែ​ពួកគេ​ជា​កូនចៅ​របស់​អ័ប្រាហាំ នោះ​ពួកគេ​ត្រូវ​បាន​ព្រះស្រឡាញ់​ច្រើន​ជាង ឬ​ល្អ​ជាង​ពួក​សាសន៍​ដទៃ​ ដែលពុំមែនជា​ពួកសាសន៍អ៊ីស្រាអែល ។ សូម​អញ្ជើញសិស្ស​ម្នាក់​អានលូកា ៣:៧-៩​ឲ្យ​ឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​រកមើល​នូវ​អ្វីដែល​យ៉ូហាន បាទីស្ទ បាន​បង្រៀន​ថា ពួកសាសន៍​យូដាចាំបាច់​ត្រូវ​ធ្វើ​កិច្ចការ​​ដែលសព្វព្រះទ័យដល់ព្រះ ។

  • តើ​យ៉ូហាន​បាន​បង្រៀនដល់​ពួក​យូដា​អ្វីខ្លះ ដែលពួកគេ​ចាំបាច់​ត្រូវ​ធ្វើដើម្បី​សរសើរ​ដល់ព្រះ ? ( ចូរ​ពន្យល់​ថា « ផលផ្លែ » គឺ​ជា​និមិត្តរូប​មួយ​នៃ​លទ្ធផល​ដែល​យើង​ជ្រើសរើស ) ។

  • យោង​តាមខ ទី ៩តើ​អ្វីខ្លះ​នឹង​កើត​ឡើង​ចំពោះអ្នកទាំងឡាយ​ ដែល​ពុំ​នាំ​មកនូវ «ផល​ល្អ» ឬ​រស់នៅដោយ​សុចរិត​នោះ ?

សូម​សង្ខេបលូកា ៣:១០-១៥​ដោយពន្យល់​ថា យ៉ូហាន បានបង្រៀន​ដល់​ក្រុម​យូដា​ជាក់​​លាក់ អំពី​របៀប​ដែលពួកគេ​អាច​នាំមកនូវ​ផលល្អ​នោះ ។ ការ​បម្រើ​របស់​យ៉ូហាន គឺ​គួរ​ឲ្យ​សរសើរ​ណាស់ ហើយ​មនុស្ស​​មួយ​ចំនួន​បាន​គិត​ថា គាត់​ប្រហែលជា​ព្រះមែ​ស៊ី ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអានម៉ាកុស ១០:១៦-១៧ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​​រក​មើលនូវ​​អ្វី​ដែល​យ៉ូហាន​បាន​ថ្លែង​អំពី​ព្រះ​មែស៊ីនឹង​ធ្វើ ពេល​ទ្រង់​​​យាង​មក​ ។

  • តើ​យ៉ូហាន​បាន​និយាយ​ថា ​ការយាងមករបស់ព្រះមែស៊ី​នឹង​ធ្វើអ្វីខ្លះ ?

ចូរ​ពន្យល់​ថាឃ្លា « ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​​​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​និង​ភ្លើង​វិញ » ( ខទី ១៦) សំដៅ​ទៅលើ​​ឥទ្ធិពល​ ក្នុង​​ការ​ទទួល​យក​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធឲ្យ​​បាន​ទៅជាបរិសុទ្ធ និង​ញែកចេញ​ជា​បរិសុទ្ធ ។

ដើម្បីជួយសិស្ស​យល់​ខទី ១៧​បន្ថែមទៀត សូម​ដាក់​បង្ហាញ​នូវ​គ្រាប់ស្រូវ​​ ឬ​គ្រាប់​គ្រួស​​តូចៗ និង​កំទេច​រណារ ឬ​កំទេច​ក្រដាស​តូចៗពេញ​មួយ​ក្បង់ដៃ ។ សូម​ដាក់​លាយ​គ្រាប់​ស្រូវ និង​កំទេច​រណារ​ជាមួយគ្នា ហើយ​ដាក់​វា​នៅក្នុង​ថាសសំប៉ែតមួយ ។

  • តើ​មនុស្ស​ម្នាក់អាច​ញែក​គ្រាប់ស្រូវ​​ចេញពី​កំទេចរណារ​បាន​យ៉ាង​ដូច​ម្ដេច ?

សូម​ពន្យល់​ថា បន្ទាប់ពី​ស្រូវ​ត្រូវ​បាន​ច្រូតកាត់ និងបោក​បែន​រួច​ហើយ ( នៅពេល​ដែល​គ្រាប់​ស្រូវ​បំបែក​ចេញ​ពី​កណ្ដាប់ ) នោះ​គ្រាប់ស្រូវ​នឹង​ត្រូវ​បាន​អុំ​ចេញ ។ ការ​អុំ​ស្រូវ​គឺ​ជា​វិធី​ពីបុរាណ ​ដែលប្រើ​ដើម្បី​ញែក​គ្រាប់​ស្រូវ​ចេញ​ពី​អង្កាម ( សំបក​ខាង​ក្រៅ ) និង​សំបក​ស្រូវ ។ ការ​អុំ​ស្រូវ​នឹង​ប្រើ​នូវ​ប៉ែល ឬ​រនាស់​ឈើ ( បកប្រែ​នៅក្នុង​គម្ពីរ​ថា « អុំ » ) ដើម្បី​បោះស្រូវ​ដែល​បែន​ហើយ​​ទៅលើ​ខ្យល់ ។​ បន្ទាប់​មក ​ខ្យល់​នឹងបក់ផាត់​អ្វី​ដែល​ស្រាល អង្កាម​ដែល​មិន​ចង់បាន​នោះ​ចេញ ហើយ​គ្រាប់ស្រូវ​ដែលធ្ងន់​នឹង​ធ្លាក់ចុះ​នៅក្នុង​គំនរ​មួយនៅ​លើ​កន្លែង​ដែល​​បែន​នោះ ។

ដើម្បី​បង្ហាញ​គំនិត​នេះ សូម​ដាក់​បង្ហាញ​នូវ​ផ្លិត​​ដៃ​មួយ (​ អ្នក​អាច​ប្រើ​ក្រដាស​រឹង ក្រដាស​កាតុង ឬ​ក្រដាស​បត់​មក​បក់​បើ​ចាំបាច់ ) ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​កាន់​ក្ដារខៀន ហើយ​សុំ​ឲ្យគាត់​ឬ​នាង បក​ផ្លិត​ទៅ​លើ​គ្រាប់ស្រូវ និង​កំទេចរណារ ។ នៅពេល​សិស្ស​បក​ផ្លិត សូមអុំ​គ្រាប់ស្រូវ​ និង​កំទេចរណា​រ​ដែល​ដាក់​លាយ​គ្នា​នោះ​ដោយថ្នមៗ ដើម្បី​ឲ្យ​ខ្យល់​ដែលកំពុងតែមានចលនា បក់​នូវ​​កំទេច​រណារ​ចេញ ខណៈដែល​គ្រាប់​ស្រូវ​ធ្លាក់ចុះទៅ​លើ​ថាស​វិញ ។ សូម​អញ្ជើញ​ឲ្យ​សិស្សទៅ​កាន់​កន្លែង​អង្គុយ​វិញ ។

  • តើ​ស្រូវ និងអង្កាម​តំណាង​ឲ្យអ្វីខ្លះ ? ( ស្រូវ​តំណាង​ឲ្យ​មនុស្ស​សុចរិត ហើយ​អង្កាម​តំណាង​ឲ្យ​មនុស្ស​អាក្រក់ ) ។

  • យោងតាមខ​ទី ១៦-១៧តើនរណា​ញែក​មនុស្ស​សុចរិត​ចេញពី​មនុស្ស​អាក្រក់ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ​សូមសរសេរ​សេចក្ដីពិត​ខាង ក្រោម​នៅ​លើ​ក្ដារខៀន ៖ ព្រះយេស៊ូវ​គ្រីស្ទ ញែក​មនុស្ស​ល្អ​ចេញពី​មនុស្ស​អាក្រក់ )

  • ទោះ​បីជាមាន​​ការ​ញែក​មនុស្ស​ល្អ​ចេញពី​មនុស្ស​អាក្រក់​នៅទីបំផុត​ នឹង​កើត​មាន​នៅ​ថ្ងៃ​ជំនុំជំរះក្ដី តើ​ការធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ និងការ​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ធ្វើ​ឲ្យពួកសិស្ស​របស់ទ្រង់​ត្រូវ​បាន​ញែក​ចេញ​ពី​អ្នកដទៃ​ក្នុងពេល​នេះ​តាម​របៀប​ណា ?

  • ហេតុអ្វី​ក៏យើង​ចាំបាច់​ត្រូវ​យល់​ថា ការព្យាយាម​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់នៅ​តាមដំណឹងល្អ​របស់ទ្រង់ អាច​ធ្វើ​ឲ្យយើង​ត្រូវបាន ឬ​មានអារម្មណ៍​ថា​ញែក​ចេញ​ពី​អ្នកដទៃ ?

សូម​សង្ខេបលូកា ៣:១៨-២២​ដោយការ​ពន្យល់​ថា ព្រះយេស៊ូវបាន​យាងមក​ទទួល​បុណ្យ​​ជ្រមុជទឹក​ដោយយ៉ូហាន ​បាទីស្ទ ។ ក្រោយ​មក​ទៀត យ៉ូហាន បាទីស្ទ ត្រូវ​ចាប់​ដាក់ក្នុងគុក​ដោយ​​ស្ដេច​ហេរ៉ូឌ ។

លូកា ៣:២៣-៣៨

​តំណ​ពូជពង្ស​របស់​​ព្រះយេស៊ូវ​ត្រូវ​បាន​កើតមានឡើង

សូម​សង្ខេបលូកា ៣:២៣-៣៨​ដោយពន្យល់​ថា លូកា​បានដាក់បញ្ចូល​ពង្សាវតា​​របស់ព្រះ​យេស៊ូវ​ ហើយ​ថ្លែង​ទីបន្ទាល់​ថា យ៉ូសែប គឺត្រូវបាន « ជាប់​ជា » ឪពុក ( ពុំពិត) របស់​ព្រះយេស៊ូវ ដែលជា​ព្រះ​រាជបុត្រា​នៃ​ព្រះ ។

លូកា ៤:១-១៣

ព្រះយេស៊ូវត្រូវបាន​ល្បួង​ដោយ​សាតាំង​នៅក្នុង​ទីរហោស្ថាន

ចូរ​ពន្យល់​ថាលូកា ៤:១-១៣មាន​នូវ​ដំណើរ​រឿង​មួយ​អំពី​ការតម​អាហារ​របស់ព្រះយេស៊ូវ​អស់​​រយៈពេល ៤០ ថ្ងៃ​នៅក្នុង​ទីហោរស្ថាន និង​ការ​បដិសេធ​នឹង​ការល្បួង​​របស់សាតាំង ។

លូកា ៤:១៤-៣០

ព្រះយេស៊ូវគ្រីស្ទប្រកាស​ថា ទ្រង់​គឺ​ជា​ព្រះមែស៊ី

សូម​​សរសេរពាក្យសង្រេង វាយជាំ​ឈ្លើយ ក្រីក្រ និង​ខ្វាក់នៅលើ​ក្ដារខៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពី​គ្រា​មួយ​ ពេល​ពាក្យមួយ ឬ​ច្រើន​ទាំងនេះ អាច​នឹង​ពិពណ៌នា​អំពី​របៀប​ដែល​ពួកគេ​មានអារម្មណ៍​អំពី​ខ្លួន​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​នៅ​ពេល​ពួកគេ​សិក្សា​លូកា ៤:១៤-៣០រកមើល​របៀប​ ដែលពួកគេ​អាច​នឹង​រក​បាន​នូវ​ការ​សម្រាល​អារម្មណ៍​ទាំងនេះ ។

សូមសង្ខេបលូកា ៤:១៤-១៧​ដោយ​​ពន្យល់​ថា បន្ទាប់ពី​ព្រះយេស៊ូវ​ត្រឡប់មកពី​ទីរហោស្ថាន ទ្រង់បាន​ចាប់​ផ្ដើម​ផ្សាយ​ នៅក្នុង​សាលាជំនុំ​នៅស្រុក​កាលីឡេ ។ មិនយូរ​ប៉ុន្មាន ទ្រង់​ត្រឡប់ទៅកាន់ស្រុកកំណើត​របស់​ទ្រង់​វិញ គឺ​ណាសារ៉ែត ។ ខណៈពេលនៅទីនោះ ទ្រង់​បានគង់ នៅក្នុង​សាលាជំនុំ​មួយ ហើយ​អាន​ចេញ​ពី​គម្ពីរ​អេសាយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អានលូកា ៤:១៨-២១​ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវអ្វីដែល​លោក​អេសាយ​បាន​បង្រៀន​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះមែស៊ី ។

  • តើព្រះយេស៊ូវ​បានថ្លែង​ទីបន្ទាល់អ្វីខ្លះ ទៅកាន់ប្រជាជន​នៅក្នុង​ស្រុក​កំណើត​របស់ទ្រង់ គឺ​ស្រុក​ណាសារ៉ែត ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែចូរ​ប្រាកដ​ថា​ពួកគេ​​ស្គាល់សេចក្ដីពិត​​ដូចខាងក្រោម​នេះ ៖ ព្រះយេស៊ូវ គឺជា​ព្រះមែស៊ី​ដែល​ត្រូវ​បានបញ្ជូន​ឲ្យ​មក​ព្យាបាល​ចិត្ត​សង្រេង ហើយ​រំដោះ​អ្នកទាំងឡាយ​ដែល​ស្ថិត​នៅក្នុង​ការចាប់ជា​ឈ្លើយ​ខាង​វិញ្ញាណ )​

  • តើបទពិសោធន៍អ្វីខ្លះ​ដែល​អ្នក​មាន ដែល​បង្ហាញ​អ្នកថា ព្រះយេស៊ូវ​គ្រីស្ទ បន្ដ​ព្យាបាល និង​រំដោះ​យើង​នៅក្នុងសម័យរបស់យើង ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអានលូកា ៤:២២ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែលមនុស្ស​នៅ​ស្រុក​ណាសារ៉ែត បាន​ឆ្លើយតប​ចំពោះ​ការ​ប្រកាស​ដ៏ឥតញញើតរបស់ទ្រង់​ថា ទ្រង់​គឺជា​ព្រះមែស៊ី​ដែល​គេ​បានទន្ទឹងរង់ចាំ​នោះ ។

  • តើ​ប្រជាជន​បានមាន​​ប្រតិកម្ម​ចំពោះ​ការ​ប្រកាស​របស់​ព្រះយេស៊ូវ​យ៉ាងដូចម្ដេច ?

  • ផ្អែកទៅលើខ​ទី ២២តើ​ហេតុអ្វី​ក៏​អ្នកគិត​ថា​ប្រជាជន​នៃ​ស្រុក​ណាសារ៉ែត មាន​ការ​លំបាក​មួយដើម្បី​ជឿ​ថា ព្រះយេស៊ូវ គឺជា​ព្រះមែស៊ី ?

សូម​សង្ខេបលូកា ៤:៣៣ដោយ​ពន្យល់​ថា ព្រះយេស៊ូវ បាន​ដឹង​ថា​ប្រជាជន​នៅ​ស្រុក​ណាសារ៉ែត នឹង​ល្បង​ទ្រង់​ដើម្បី​ឲ្យ​ទ្រង់​បង្ហាញ​ដល់​គេ​​ថា​ទ្រង់​គឺជាព្រះមែស៊ី ដោយការ​ធ្វើ​អព្ភូតហេតុ​ទាំងឡាយ ដែល​ទ្រង់បាន​ធ្វើ​នៅ​ស្រុក​កាពើណិម​ឡើង​វិញ ។

សូមអញ្ជើញសិស្ស​ឲ្យ​មើល​ត្រួសៗលូកា ៤:២៤-២៧ដោយស្ងប់ស្ងាត់ រក មើល​ដំណើរ​រឿង​ព្រះគម្ពីរសញ្ញាចាស់​ពីរ ដែលព្រះអង្គ សង្គ្រោះ​បាន​យោង​ទៅ នៅពេល​ទ្រង់បាន​តប​នឹង​ប្រជាជន​នៃ​ស្រុក​ណាសារ៉ែត ។ ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​បញ្ជាក់ថា អេលីយ៉ា សំដៅទៅលើ​អេលីយ៉ា ហើយ​អេលីសេ សំដៅ​ទៅ​លើ​​អេលីសេ ) ។ ចូរ​សុំ​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ ដែល​ពួកគេ​រកឃើញ ។

ចូរ​សុំ​ឲ្យសិស្ស​ពីរនាក់​ដែល​អ្នកបាន​អញ្ជើញ​កាល​ពីមុន​ឲ្យ​សិក្សា​ដំណើរ​រឿងទាំងនេះ ​ធ្វើ​បទបង្ហាញ​ពី​ការ​សង្ខេប​របស់ពួកគេ ។ បន្ទាប់មក ចូរ​ពន្យល់​ថា ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​អ្នកទាំងឡាយ​នៅ​ស្រុក​ណាសារ៉ែតថា ទោះជា​មានស្ត្រីមេម៉ាយ និង​មនុស្ស​ឃ្លង់​ជាច្រើនជាពួក​អ៊ីស្រាអែលក្ដី ក៏​មាន​អ្នកពុំ​មែនជា​ពួកអ៊ីស្រាអែល​ពីរ​រូប ( ជាសាសន៍ដទៃ ) ដែលបាន​ជួប​នឹង​អព្ភូតហេតុ​ផងដែរ ។

  • តើ​ណាម៉ាន និង​ស្ត្រីមេម៉ាយ​នៃ​សារិបតា បាន​​បង្ហាញពី​សេចក្ដីជំនឿដោយរបៀប​ណា​ ?

  • តើ​សេចក្ដីជំនឿរបស់​ណាម៉ាន់ និង​ស្ត្រីមេម៉ាយ ខុស​ពី​ជំនឿ​នៃ​មនុស្ស​នៅ​ស្រុក​ណាសារ៉ែត​យ៉ាង​ដូចម្ដេច ?

សូម​ចង្អុល​បង្ហាញ​ថា ព្រះយេស៊ូវបាន​ធ្វើ​អព្ភូតហេតុ​មួយ​ចំនួន​នៅស្រុក​ណាសារ៉ែត ដោយសារ​មនុស្សជាទូទៅ​ពុំ​មាន​ជំនឿ​ទៅលើ​ទ្រង់ ( សូមមើលម៉ាថាយ ១៣:៥៤-៥៨,ម៉ាកុស ៦:១-៦) ។

  • តើមាន​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀន​អំពី​សេចក្ដីជំនឿ នៅពេល​យើងមានភាពផ្ទុយគ្នា ជាមួយ​មនុស្ស​​​នៅ​ស្រុក​ណាសារ៉ែត ជាមួយនឹង​ស្ត្រីមេម៉ាយ និង​ណាម៉ាន់ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ នៅពេល​យើង​បង្ហាញសេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​មើល​ឃើញ​អព្ភូតហេតុជាច្រើន​កើតឡើង​ )

ចូរ​សុំ​ឲ្យសិស្ស​ឡើង​មក​ក្ដារខៀន ហើយ​សរសេរ​របៀប​ដែល​យើងអាច​បង្ហាញ​សេចក្ដី​ជំនឿ​របស់​យើង​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ ក្រោយពី​សិស្ស​បាន​បំពេញ​បញ្ចប់​ការ​សរសេរ រួចហើយសូម​សួរ ៖

  • តើ​មានឧទាហរណ៍​​នៃពរជ័យ​ ឬ​អព្ភូតហេតុ​អ្វីខ្លះ ដែល​កើត​មានឡើង​ តែ​នៅពេល​យើង​ធ្វើ​សកម្មភាព​ប្រកប​ដោយ​សេចក្ដីជំនឿ​ជា​មុន​នោះតែប៉ុណ្ណោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានលូកា ៤:២៨-៣០ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវរបៀប​ដែលក្រុម​ជំនុំ​ឆ្លើយតប​នឹង​ព្រះយេស៊ូវ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ដំណើររឿងនេះ​បង្ហាញ​អំពីរបៀប​ ដែលព្រះយេស៊ូវ​បាន​ញែក​ពួកមនុស្ស​អាក្រក់​ចេញពី​មនុស្ស​​សុចរិត​ដោយ​​​របៀបណា ? ( សូមមើល លូកា ៣:១៧ ) ។

លូកា ៤:៣១-៤៤

ព្រះយេស៊ូវ​បាន​បណ្ដេញ​អារក្ស​ចេញ ហើយបាន​ព្យាបាល​អ្នកឈឺ

សូម​បំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ សូម​អញ្ជើញ​ពួកគេឲ្យអានលូកា ៤:៣១-៤៤​ឮៗ​ជាមួយនឹង​ដៃគូ​របស់ពួកគេ ហើយរក​មើល​ពរជ័យ​ ដែល​មនុស្ស​នៅស្រុក​កាពើណិម បានទទួល​ ប្រៀបធៀប​នឹង​ពរជ័យ​នៃ​មនុស្ស​នៅ​ស្រុក​ណាសារ៉ែត​បាន​ទទួល ។ បន្ទាប់ពីពួកគេ​បានអាន សូមអញ្ជើញពួកគេ​ឲ្យពិភាក្សា​អំពី​ចម្លើយ​របស់ពួកគេ​ចំពោះសំណួរ​ដូច​ខាង​ក្រោម ជាមួយនឹង​ដៃគូ​របស់ពួកគេ ( អ្នកអាច​នឹង​ចង់​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ) ៖

  • តើ​មនុស្ស​នៅ​ស្រុកកាពើណិម​បាន​ឆ្លើយ​តប​ចំពោះព្រះ​យេស៊ូវ​ផ្សេងគ្នា​យ៉ាង​ដូចម្ដេច បើ​ប្រៀបធៀប​នឹង​អ្នក​ទាំងឡាយ​នៅ​ស្រុក​ណា​សារ៉ែត ?

  • តើ​មនុស្ស​នៅ​ស្រុក​កាពើណិម បានទទួលពរជ័យ​អ្វីខ្លះ​ បើប្រៀបធៀប​នឹង​ពរជ័យដែល​មនុស្ស​នៅ​ស្រុក​ណាសារ៉ែតបានទទួល ?​

  • តើ​ដំណើររឿង​ទាំងនេះ​បង្ហាញអំពីគោលការណ៍ដែល​​ថា នៅពេល​យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះ​យេស៊ូវ នោះយើងអាច​មើល​ឃើញ​អព្ភូតហេតុ​ជាច្រើន​កើតឡើង​យ៉ាងដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ពី​រ​ចុង​ក្រោយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូមបញ្ចប់មេរៀន​ដោយការ​ចែកចាយទីបន្ទាល់របស់​អ្នក​​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និងអំពី​ដំណឹងល្អ​​ដែលអ្នកបាន​ទទួល​ នៅពេលអ្នក​បានបង្ហាញ​សេចក្ដីជំនឿ​ទៅលើ​ទ្រង់​ ។ ចូរ​សុំ​ឲ្យសិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀន​សូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ នូវ​របៀបជា​ច្រើន​ដែលពួកគេ​អាច​បង្ហាញ​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើព្រះយេស៊ូវ​គ្រីស្ទ ។ សូមអញ្ជើញពួកគេ​ឲ្យដាក់គោលដៅ​មួយ ​ដើម្បីធ្វើ​រឿង​ដែលពួកគេ​សរសេរ​ចុះ​នោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ៣:១៧។ « [ ទ្រង់ ] ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក​ទ្រង់ »

ការ​បកស្រាយមួយអំពី​ជង្រុកដែល ដាក់​ស្រូវ ឬ​​ដែល​​មនុស្ស​សុចរិតដែល​ត្រូវ​បាន​ប្រមូល​មក វា​តំណាង​ឲ្យ​ព្រះ​វិហារបរិសុទ្ធ ។ មាន​ហេតុ​សំអាង​ស្រដៀងគ្នាមួយ ( សូមមើល​​អាលម៉ា ២៦:៥) ដូច​នៅក្នុង​លូកា ៣:១៧អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានមាន​ប្រសាសន៍​ដូច​ខាង​ក្រោម ៖

« ជង្រុកគឺ​ជា​ព្រះវិហារបរិសុទ្ធ ។ អែលឌើរ នែល អេ ម៉ាក់ស្វែលបាន​ពន្យល់ថា ៖ ‹ ច្បាស់ណាស់ នៅពេល​យើង​ជ្រមុជទឹក ភ្នែក​របស់​យើង​គួរ​តែសម្លឹង​មើល​ព្រះវិហារបរិសុទ្ធ ហួស​ពី​អាងជ្រមុជ​ទឹក​ ។ ជង្រុក​ដ៏​ធំ​ដែល​កណ្ដាប់​ គួរ​តែ​ត្រូវ​បាន​ប្រមូល​ទុក គឺ​ព្រះ​វិហារបរិសុទ្ធ › ( នៅក្នុង John L. Hart, ‹ Make Calling Focus of Your Mission ›Church News,​ ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ១៩៩៤ ទំព័រ ៤ ) ។ ការណែនាំ​នេះ បញ្ជាក់ និង​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​—ដែល​កណ្ដាប់​ពុំ​អាច​ត្រូវ​បានបំផ្លាញ​នោះ​ទេ » (​« Honorably Hold a Name and Standing, »​Ensign​ឬលីអាហូណាខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧ ) ។

លូកា ៤:២៥-២៧ ។ ណាម៉ាន់ ឬ​ស្ត្រីមេម៉ាយនៃស្រុក​សារិបតា

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បានផ្ដល់នូវ​ការ​អត្ថាធិប្បាយ​​ដូច​ខាង​ក្រោម​អំពី​​សេចក្ដីជំនឿ ដែល​បាន​បង្ហាញ​ដោយ​ស្ត្រីមេម៉ាយ​នៃ​ស្រុក សារិបតា និង ណាម៉ាន់ ប្រៀបធៀប​ទៅនឹង​ជំនឿ​នៃ​អ្នកទាំងឡាយ​ដែល​នៅក្នុង​ស្រុក​ណាសារ៉ែត​ក្នុង​ជំនាន់​​របស់ព្រះយេស៊ូវ​ ៖

« ទីណា​មានក្ដីជំនឿ ទីនោះ​មានអព្ភូតហេតុ ទីណា​គ្មាន​សេចក្ដីជំនឿ ទីនោះគ្មាន​អព្ភូតហេតុ​ឡើយ ។ ហើយប្រសិនបើ​ពួកព្យាការី​ជំនាន់​ដើម បានចេញ​ក្រៅ​ហ្វូង​​សាសន៍អ៊ីស្រាអែល​​​ដើម្បី​រក​អ្នកទាំងឡាយ​ដែល​សក្ដិ​សម​​ចំពោះ​ការបម្រើរបស់ពួកគេ នោះព្រះយេស៊ូវ​នឹង​យាង​ចេញ​ពី​ស្រុក​ណាសារ៉ែត​ ដើម្បី​ស្វែងរក​ព្រលឹង​ដែល​ទទួល​យកទ្រង់ដែលជឿ​លើ​ទ្រង់ ហើយទទួលពរជ័យ​ទាំងឡាយ​​ដែលទ្រង់​យាង​មក​ដើម្បីប្រទាន​ឲ្យ ។ បើ​​មនុស្ស​នៅ​ស្រុក​ណាសារ៉ែត​ដែលមានបំណង​ចង់​មើល​ឃើញ​កិច្ចការ​អស្ចារ្យ​ដែលបាន​ធ្វើនៅ​ទីកន្លែង​ផ្សេង ​ដូច្នោះ​ចូរ​ឲ្យពួកគេ​ទទួលយកទ្រង់​ដែល​បានផ្សាយ​នៅ​ក្នុងសាលាជំនុំ​របស់​ពួកគេ​​ឥឡូវ​នេះ នោះពួកគេ​នឹង​ទទួលបានពរជ័យ​ជាច្រើនពីស្ថានួគ៌​ផងដែរ » (The Mortal Messiah វ៉ុលទី ៤ [ ឆ្នាំ ១៩៧៩–៨១], ២:២៦ ) ។