មេរៀនទី ៥
បរិបទ និង ទិដ្ឋភាពទូទៅនៃព្រះគម្ពីរសញ្ញាថ្មី
សេចក្ដីផ្ដើម
ក្នុងមេរៀននេះ សិស្សនឹងរៀនពីមាតិកាប្រវត្តិសាស្ត្រ និងវប្បធម៌នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដោយរួមបញ្ចូលទាំងកត្តានានាដែលធ្វើឲ្យសាសន៍យូដាជាច្រើនបានបដិសេធព្រះយេស៊ូវថាជាព្រះមែស៊ី និង ព្រះអង្គសង្គ្រោះ ។ សិស្សក៏នឹងរៀនពីរចនាសម្ព័ន្ធនៃព្រះគម្ពីរសញ្ញាថ្មីផងដែរ ។
យោបល់សម្រាប់ការបង្រៀន
បរិបទនៃព្រះគម្ពីរសញ្ញាថ្មី
សូមដាក់បង្ហាញចំណែកមួយនៃ រូបភាព ស្ទេផានឃើញព្រះយេស៊ូវគង់ខាងស្ដាំនៃព្រះ ( [ ឆ្នាំ២០០៩ ] ល.រ. ៦៣ សូមមើលផងដែរ LDS.org ) ដោយប្រើក្រដាស ឬវត្ថុផ្សេងទៀតដាក់បាំងរូបភាពទាំងមូលលើកលែងតែរូប ស្ទេផាន ( បុរសដែលពាក់មួកពណ៌ខៀវ ) ។
សូមអញ្ជើញសិស្សពិពណ៌នាពីអ្វីដែលកំពុងកើតឡើងនៅក្នុង រូបភាពនោះ ។ សូមសួរពួកគេហេតុអ្វីបានជាពួកគេគិតថាបុរសម្នាក់នោះដួលទៅលើដី ហើយលាតដៃរបស់គាត់សន្ធឹង ។ បន្ទាប់ពីសិស្សឆ្លើយ សូមបើកបង្ហាញរូបភាពទាំងអស់ ។
-
តើការឃើញរូបភាពទាំងមូលជួយអ្នកឲ្យយល់ពីអ្វី ដែលកំពុងកើតឡើងដោយរបៀបណា ?
សូមអញ្ជើញសិស្សអានក្បាលជំពូកក្នុង កិច្ចការ ៧ ដើម្បីយល់ថារូបភាពនេះបង្ហាញពីស្ទេផានដែលជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានគេចោលនឹងថ្មរហូតដល់ស្លាប់ ហើយឃើញព្រះយេស៊ូវកំពុងគង់នៅខាងស្ដាំនៃព្រះ ។
-
តើយើងអាចប្រដូចការបើករូបភាពនេះ ទៅនឹងការយល់ដឹងពីព្រះគម្ពីរបានដោយរបៀបណា ?
សូមពន្យល់ថា សកម្មភាពនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការយល់ដឹងពីបរិបទនៃព្រះគម្ពីរ ។ ពាក្យ បរិបទ សំដៅទៅលើកាលៈទេសៈដែលកើតមាន ឬផ្ដល់ជាប្រវត្តិផ្ទៃរឿងដល់វគ្គបទគម្ពីរ ព្រឹត្តិការណ៍ ឬដំណើររឿង ។ សូមចង្អុលបង្ហាញថា នៅពេលសិស្សដឹងច្បាស់នូវបរិបទខាងប្រវត្តិសាស្ត្រ និង ខាងវប្បធម៌ក្នុងព្រះគម្ពីរសញ្ញាថ្មី ពួកគេអាចយល់ដឹងកាន់តែប្រសើរ ហើយអនុវត្តការបង្រៀនរបស់វា ។
ពួកអ្នកដឹកនាំសាសនាសាសន៍យូដានៅក្នុងការបម្រើរបស់ព្រះអង្គសង្គ្រោះ
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី ២ ១០:៣–៥ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សផ្សេងទៀតផ្ទៀងតាម ហើយស្វែងរកពាក្យ ឬឃ្លាដែលព្យាការីយ៉ាកុបបានប្រើដើម្បីពិពណ៌នាពីស្ថានភាពខាងវិញ្ញាណ នៅក្នុងចំណោមពួកសាសន៍យូដាមួយចំនួនអំឡុងពេលនៃការបម្រើរបស់ព្រះអង្គសង្គ្រោះ ។
-
តើពាក្យ ឬឃ្លាអ្វីទៅដែលយ៉ាកុបបានប្រើដើម្បីពិពណ៌នាស្ថានភាពខាងវិញ្ញាណនៅក្នុងចំណោមពួកសាសន៍យូដាមួយចំនួន ? ( សូមពន្យល់ថាពាក្យ ឧបាយកលផ្នែកសង្ឃ ក្នុង ខទី ៥ សំដៅលើការប្រកាសដើម្បីរក « កម្រៃ និង ការសរសើរតម្កើងពីមនុស្សលោក »ជាជាងសុខុមាលភាពនៃរាស្ត្ររបស់ព្រះ [ នីហ្វៃទី ២ ២៦:២៩ ] ។ ជនដែលមានកំហុសនៃឧបាយកលផ្នែកសង្ឃគឺជាពួកអ្នកដឹកនាំសាសនាដ៏ទុច្ចរិត នៅក្នុងចំណោមពួកសាសន៍យូដាដែលកំពុងដឹកនាំប្រជាជនទៅរកភាពវិនាស ) ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ២៣:១៦, ២៤ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ស្វែងរករបៀបដែលព្រះអង្គសង្គ្រោះបានពិពណ៌នាពីពួកអ្នកដឹកនាំសាសនាសាសន៍យូដាទាំងនេះនៅក្នុងការបម្រើរបស់ទ្រង់ ។
-
តើព្រះអង្គសង្គ្រោះបានពិពណ៌នាបែបណាពីពួកអ្នកដឹកនាំសាសនាសាសន៍យូដាទាំងនេះ ?
-
តើព្រះអង្គសង្គ្រោះបានបង្រៀនអ្វីខ្លះពីអ្នកដឹកនាំទាំងនេះដោយហៅពួកគេថា « ពួកមនុស្សខ្វាក់ដែលនាំផ្លូវគេ » ?
សេចក្ដីបន្ថែមទៅនឹងក្រឹត្យវិន័យរបស់ម៉ូសេ និងទស្សនវិជ្ជាក្លែងក្លាយផ្សេងទៀត
ដើម្បីជួយសិស្សឲ្យយល់បន្ថែមទៀតពីរបៀបដែលពួកអ្នកដឹកនាំសាសនាបានដឹកនាំប្រជាជនឲ្យវង្វេង សូមគូររង្វង់មួយនៅលើក្ដារខៀន ហើយសរសេរ ក្រឹត្យវិន័យរបស់ម៉ូសេ នៅចំកណ្ដាល ។ សូមគូររង្វង់មួយទៀតព័ទ្ធជុំវិញរង្វង់ទីមួយ ហើយសរសេរថា ក្រឹត្យវិន័យតាមមាត់ ។
សូមពន្យល់ថា ដោយគ្មានពួកព្យាការី ពួកគ្រូបង្រៀន និង ពួកអ្នកដឹកនាំ នោះសាសន៍យូដាបានបន្ថែមច្បាប់ផ្ទាល់ខ្លួន និងការបកប្រែក្រឹត្យវិន័យនោះ ។ ដោយត្រូវបានគេឲ្យឈ្មោះផ្សេងៗគ្នាថាជាក្រឹត្យវិន័យតាមមាត់ ទំនៀមទម្លាប់តាមមាត់ ឬទំនៀមទម្លាប់ចាស់បុរាណ ច្បាប់ និង ការបកប្រែបន្ថែមទាំងនេះមានគោលបំណង ដើម្បីការពារកុំឲ្យមានការបំពានទៅលើក្រឹត្យវិន័យរបស់ព្រះ ។ ដើម្បីបង្ហាញពីច្បាប់មួយក្នុងចំណោមច្បាប់ទាំងនេះ ចូរសុំឲ្យសិស្សពីរនាក់ឡើងមកខាងមុខក្ដារខៀន ។ ចូរសុំឲ្យខ្សែពួរដែលបានចងគួចទៅឲ្យពួកគេម្នាក់មួយខ្សែ ។ សុំឲ្យសិស្សម្នាក់ស្រាយចំណងនោះដោយប្រើដៃតែម្ខាង រួចឲ្យសិស្សម្នាក់ទៀតស្រាយចំណងដោយប្រើដៃទាំងពីរ ។ បន្ទាប់ពីពួកគេបានសាកល្បងធ្វើដូច្នេះហើយ ចូរសុំឲ្យពួកគេត្រឡប់ទៅកន្លែងអង្គុយវិញ ។
សូមពន្យល់ថា ស្របតាមក្រឹត្យវិន័យតាមមាត់នោះ ការស្រាយចំណងមួយដោយដៃទាំងពីរនៅថ្ងៃឈប់សម្រាកត្រូវបានហាមឃាត់ ។ ការធ្វើបែបនេះ ត្រូវគេគិតថាជាការធ្វើការ ហេតុដូច្នេះហើយវាគឺជាការរំលោភបំពានមួយចំពោះថ្ងៃឈប់សម្រាក ។ ទោះជាយ៉ាងណាក៏ដោយ ការស្រាយចំណងដោយប្រើដៃតែម្ខាងត្រូវបានគេអនុញ្ញាតឲ្យ ។
-
តើការបន្ថែមច្បាប់ដែលមនុស្សបង្កើតទៅលើបញ្ញត្តិរបស់ព្រះអាចនាំឲ្យមានគ្រោះថ្នាក់អ្វីខ្លះ ?
ចូរសុំឲ្យសិស្សម្នាក់អានឲ្យឮៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ស្ដីពីពួកអ្នកដឹកនាំសាសនាសាសន៍យូដាដ៏ជាក់លាក់ ដោយអែលឌើរប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ពួកគេបានយករឿងដែលច្បាស់លាស់ ហើយសាមញ្ញនៃសាសនាដ៏បរិសុទ្ធ ហើយបានបន្ថែមនៅក្នុងនោះនូវការបកស្រាយយ៉ាងច្រើនរបស់ខ្លួន ពួកគេបានបញ្ចេញបញ្ចូលដោយបន្ថែមពិធីសាសនា និង ការអនុវត្តនានា ហើយពួកគេបានយករបៀបថ្វាយបង្គំដ៏រីករាយ ហើយមានក្ដីអំណរ រួចបង្វែរវាឲ្យទៅជាប្រព័ន្ធនៃការធ្វើពិធីសាសនា និង ការអនុវត្តដ៏តឹងរឹង ហើយបង្រួញយ៉ាងខ្លី និងធ្វើឲ្យស្រយុតចិត្ត ។ វិញ្ញាណដ៏រស់រវើកនៃក្រឹត្យវិន័យរបស់ព្រះអម្ចាស់បានក្លាយទៅជាលិខិតគ្មានន័យនៃពិធីសាសនារបស់សាសន៍យូដានៅក្នុងកណ្ដាប់ដៃពួកគេ » ( The Mortal Messiah វ៉ុល ៤ [ ឆ្នាំ១៩៧៩–៨១ ], ១:២៣៨ ) ។
-
យោងតាមអែលឌើរ ម៉ាក់ខនឃី តើពួកអ្នកដឹកនាំសាសនាសាសន៍យូដាបានធ្វើអ្វីខ្លះចំពោះក្រឹត្យវិន័យរបស់ព្រះជាមួយការបកប្រែបន្ថែមរបស់ពួកគនោះ ?
សូមចង្អុលបង្ហាញថា ពួកសាសន៍យូដាក្នុងសម័យព្រះយេស៊ូវបានស្ថិតនៅក្នុងស្ថានភាពនៃការក្បត់សាសនា ។ ទោះជាសិទ្ធិអំណាច និង ពិធីបរិសុទ្ធនៃបព្វជិតភាពអើរ៉ុន បានបន្តមាននៅក្នុងចំណោមពួកគេក៏ដោយ មានពួកសាសន៍យូដាជាច្រើនបានវង្វេងពីការអនុវត្តពិតនៃសាសនារបស់ខ្លួនដែលបានបើកសម្ដែងតាមរយៈព្រះទៅកាន់ម៉ូសេ ( សូមមើល គ. និង ស. ៨៤:២៥–២៨ ) ។ ទំនៀមទម្លាប់ចាស់បុរាណគឺមានអាទិភាពជាងសាសនាពិត និង បន្ទូលរបស់ព្រះដែលបានសរសេរទុក ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១២:១៤ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សផ្សេងទៀតផ្ទៀងតាម ហើយស្វែងរកអ្វីដែលពួកផារិស៊ីបានប៉ងធ្វើទៅលើព្រះយេស៊ូវគ្រីស្ទ ដោយសារទ្រង់បានបដិសេធសិទ្ធិអំណាច និង ទំនៀមទម្លាប់តាមមាត់មួយចំនួនរបស់ពួកគេ ។
-
តើពួកអ្នកដឹកនាំសាសនាទាំងនេះបានរួមគំនិតគ្នាធ្វើអ្វីខ្លះទៅលើព្រះយេស៊ូវ ?
សូមពន្យល់ថា បន្ថែមពីលើទំនៀមទម្លាប់ក្បត់សាសនារបស់សាសន៍យូដា ទស្សនវិជ្ជាក្លែងក្លាយផ្សេងទៀត បានធ្វើឲ្យមានការបដិសេធពីសំណាក់ប្រជាជនចំពោះព្រះយេស៊ូវគ្រីស្ទ បន្ទាប់ពីការមានព្រះជន្មឡើងវិញរបស់ទ្រង់ ។ ឧទាហរណ៍ ការរីកសាយភាយនៃវប្បធម៌ក្រិកបានដឹកនាំមនុស្សជាច្រើនឲ្យបដិសេធធាតុពិតនៃការរស់ឡើងវិញខាងរូបកាយ ( សូមមើល កូរិនថូសទី ១ ១៥:១២ ) ។ ហេតុដូច្នេះហើយ នៅពេលពួកសាវកបានថ្លែងទីបន្ទាល់ពីព្រះអង្គសង្គ្រោះ ដែលមានព្រះជន្មរស់ឡើងវិញ ក្រោយពីការឆ្កាងរបស់ទ្រង់ មានមនុស្សជាច្រើនបានបដិសេធទីបន្ទាល់របស់ពួកគេ ។
ច្បាប់បរទេស និង ការរំពឹងទុកឲ្យមានព្រះមែស៊ីមួយអង្គដើម្បីរំដោះអ៊ីស្រាអែល
សូមសរសេរពាក្យខាងក្រោមនៅលើក្តារខៀន ៖ ក្រុងបាប៊ីឡូន ពើស៊ី ម៉ាសេដូន ( ប្រទេសក្រិក ) និង រ៉ូម ។
-
ទាក់ទងនឹងពួកសាសន៍យូដា តើអាណាចក្របុរាណទាំងនេះមានលក្ខណៈដូចគ្នាបែបណាខ្លះ ? ( ពួកគេបានវាយផ្ចាញ់ ហើយគ្រប់គ្រងលើពួកសាសន៍យូដា ) ។
សូមបំបែកសិស្សជាក្រុម ហើយឲ្យ ក្រដាសចែក ខាងក្រោមនេះដល់ក្រុមនីមួយៗ ៖
ក្រៅពីគ្រានៃឯករាជ្យភាពតែម្ដងគត់នោះ លុះមកត្រឹមសម័យព្រះគម្ពីរសញ្ញាថ្មី ពួកសាសន៍យូដាបានរស់នៅជាប្រជាជនស្ថិតនៅក្រោមអាណានិគមជាង ៥០០ ឆ្នាំ ។ មានការបះបោរមួយដែលដឹកនាំដោយពួកម៉ាកាប៊ី ជាពួកអ្នកស្រឡាញ់ជាតិមួយក្រុមដែលជាសាសន៍យូដា បានដឹកនាំទៅរកឯករាជ្យភាពប្រហែលជា ១៦០ ឆ្នាំពីមុនការប្រសូតរបស់ព្រះគ្រីស្ទ ។ ទោះជាយ៉ាងក៏ដោយ លុះដល់ពេលដែលព្រះគ្រីស្ទបានប្រសូតមក ពួករ៉ូមបានវាយយកបានអ៊ីស្រាអែល ។ ស្ដេចហេរ៉ូឌ ( គេស្គាល់ផងដែរជា ស្ដេចហេរ៉ូឌដ៏មានឫទ្ធានុភាព ) ដែលបានរៀបអភិសេកចូលទៅក្នុងគ្រួសារម៉ាកាប៊ី ត្រូវបានពួករ៉ូមតែងតាំងឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ។ ពួកសាសន៍យូដាបានអន់ចិត្តនឹងច្បាប់របស់ពួករ៉ូម ហើយបានទន្ទឹងរង់ចាំយ៉ាងអន្ទះសាចាំព្រះមែស៊ី ដែលបានសន្យាថានឹងយាងមកសង្គ្រោះពួកគេពីពួករ៉ូម ។ ដោយសារពួកសាសន៍យូដាជាច្រើនបានរំពឹងចង់ឲ្យព្រះមែស៊ីយាងមករំដោះពួកគេចេញពីច្បាប់បរទេស ពួកគេបានបដិសេធព្រះយេស៊ូវគ្រីស្ទថាជាព្រះអង្គសង្គ្រោះរបស់ពួកគេ ។
ចូរសុំឲ្យសិស្សអានក្រដាសនោះ ហើយពិភាក្សាសំណួរខាងក្រោមជាក្រុម ( អ្នកគួរកត់សំណួរទាំងនេះលើក្ដារខៀន ) ៖
-
តើពួកសាសន៍យូដាជាច្រើនបានរំពឹងអ្វីខ្លះពីព្រះមែស៊ីដែលនឹងយាងមក ?
-
ហេតុអ្វីអ្នកគិតថាការរំពឹងទុកដ៏ខុសឆ្គងនេះបានដឹកនាំពួកសាសន៍យូដាជាច្រើនឲ្យបដិសេធព្រះយេស៊ូវ ថាជាព្រះមែស៊ី ?
សូមពន្យល់ថា កាលពួកសាសន៍យូដាមួយចំនួនបានបដិសេធព្រះគ្រីស្ទ មានពួកគេផ្សេងទៀតបានមានចិត្តរាបសា ហើយបានស្គាល់ទ្រង់ជាព្រះមែស៊ី និង ជាព្រះអង្គសង្គ្រោះ ។
ចូរសុំឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឲ្យឮៗនៅក្នុង លូកា ២:២៥-៣៣ ។ ចូរសុំឲ្យសិស្សផ្សេងទៀតផ្ទៀងតាម ហើយស្វែងរកអ្វីដែល បុរសសុចរិតម្នាក់ឈ្មោះស៊ីម្មានបានធ្វើ ហើយថ្លែងកាលយ៉ូសែប និង ម៉ារាបាននាំព្រះយេស៊ូវទៅព្រះវិហារបរិសុទ្ធកាលពីនៅជាព្រះឱរស ។
-
យោងតាម ខទី ៣០-៣២ហេតុអ្វីព្រះយេស៊ូវត្រូវបានបញ្ជូនមកផែនដី ? ( សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែពួកគេគួរស្គាល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះយេស៊ូវគ្រីស្ទត្រូវបានបញ្ជូនមកដើម្បីនាំសេចក្ដីសង្គ្រោះដល់មនុស្សគ្រប់រូបគ្នា ) ។
-
តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះ ដើម្បីអនុញ្ញាតឲ្យមនុស្សទាំងអស់បានសេចក្ដីសង្គ្រោះ ?
សូមដាក់បង្ហាញរូបភាពស្ទេផាន ដែលបានបង្ហាញនៅពេលចាប់ផ្ដើមបង្រៀនមេរៀននេះ ។ សូមលើកទឹកចិត្តសិស្សឲ្យចងចាំបរិបទខាងវប្បធម៌ និង ខាងប្រវត្តិសាស្ត្រដែលអ្នកបានពិភាក្សា កាលពួកគេសិក្សាព្រះគម្ពីរសញ្ញាថ្មី ។ កាលពួកគេធ្វើដូច្នេះ ពួកគេនឹងយល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និង ពួកសាវករបស់ទ្រង់កាន់តែប្រសើរឡើង ។ ( សម្រាប់ព័ត៌មានបន្ថែមស្ដីពីបរិបទខាងវប្បធម៌ និង ខាងប្រវត្តិសាស្ត្រនៃព្រះគម្ពីរសញ្ញាថ្មី សូមមើល « The Intertestamental Period » និង « The New Testament Setting » នៅក្នុង ( [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ១–៣ ) ។ ឯកសារនេះរួមបញ្ចូលសេចក្ដីពន្យល់ខ្លីៗស្ដីពីក្រុមនានាដូចជា ពួកសាម៉ារី ពួកផារិស៊ី ពួកសាឌូស៊ី ពួកសានហេឌ្រីន និងពួកអាចារ្យទាំងឡាយ ) ។
ការមើលជាមុនដោយសង្ខេបពីព្រះគម្ពីរសញ្ញាថ្មី
សូមប្រាប់សិស្សថា អ្នកនឹងបង្ហាញ រូបភាព មួយដល់ពួកគេក្នុងពេល ១០ វិនាទី រួចចូរសុំឲ្យពួកគេសរសេរការពិពណ៌នាលម្អិតមួយអំពីអ្វីដែលពួកគេបានឃើញ ។ សូមបង្ហាញរូប ព្រះគ្រីស្ទព្យាបាលអ្នកឈឺនៅបេថែសដា ( លេខ៤២ សូមមើលផងដែរ LDS.org ) ។ ក្រោយពី ១០ វិនាទីកន្លងទៅ សូមយករូបភាពនោះទុក ហើយចូរសុំឲ្យសិស្សសរសេរការពិពណ៌នារបស់ខ្លួន ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ ចូរសុំឲ្យសិស្សពីរបីនាក់អានការពិពណ៌នារបស់ខ្លួនទៅកាន់សិស្សក្នុងថ្នាក់ ។
-
ទោះបីជាអ្នកទាំងអស់គ្នាបានឃើញរូបភាពដូចគ្នាក៏ដោយ ហេតុអ្វីការពិពណ៌នារបស់អ្នកខុសគ្នា ?
-
ហេតុអ្វីបានជាការមានសាក្សីនៃព្រឹត្តិការណ៍មួយលើសពីម្នាក់ វាគឺជារឿងមួយដ៏ល្អ ?
សូមសរសេរឈ្មោះអ្នកនិពន្ធនៃដំណឹងល្អទាំងបួននៅលើក្ដារខៀន ៖ ម៉ាថាយ, ម៉ាកុស, លូកា និង យ៉ូហាន ។ សូមពន្យល់ថា ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទទាំងនេះ ពួកគាត់ម្នាក់ៗបានកត់ត្រាព្រឹត្តិការណ៍ និង ការបង្រៀនទាំងឡាយចេញពីជីវប្រវត្តិរបស់ព្រះអង្គសង្គ្រោះ ។ កំណត់ត្រារបស់ពួកគាត់ត្រូវបានហៅថាដំណឹងល្អ ។ ពាក្យ ដំណឹងល្អ មានន័យថា « សេចក្ដីល្អដែលឲ្យដឹង » ។ សូមចង្អុលបង្ហាញថា ការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ បានប្ដូរចំណងជើងនៃដំណឹងល្អនីមួយៗទៅជា ទីបន្ទាល់ ដូចជានៅក្នុង « The Testimony of St. Matthew ( ទីបន្ទាល់របស់ម៉ាថាយ » ។
-
ហេតុអ្វីបានជាវាជាការល្អដើម្បីមានដំណឹងល្អ ឬទីបន្ទាល់នៃជីវប្រវត្តិ និង ការបង្រៀននៃព្រះយេស៊ូវគ្រីស្ទច្រើនជាងមួយ ?
សូមពន្យល់ថា ទោះបីជាដំណឹងល្អទាំងបួនមានភាពខុសគ្នាខ្លះៗនៅក្នុងសេចក្ដីលម្អិត និងទស្សនៈក្ដី ប៉ុន្តែវានិទានព្រឹត្តិការណ៍នៃជីវប្រវត្តិ និង ការបម្រើនៅលើផែនដីរបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណោមសាសន៍យូដាដូចគ្នា ។ ដំណឹងល្អទាំងបួនថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្គ្រោះនៃពិភពលោក ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ដំណឹងល្អ » ) ។
អ្នកគួរឲ្យឯកសារកំណែសង្ខេបនៃតារាង « ជីវប្រវត្តិដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរមែងស្លាប់ » ដល់សិស្សនៅចុងបញ្ចប់នៃមេរៀននេះ ។ កំណែពេញលេញនៃតារាងនេះមាននៅក្នុង លិបិក្រម នៃសៀវភៅសិក្សានេះ ។ សូមអញ្ជើញសិស្សប្រើតារាងនេះដើម្បីដឹងពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ។
-
យោងតាមតារាងនោះ តើការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះមានរយៈពេលប៉ុន្មាន ?
-
នៅក្នុងការងារបម្រើរបស់ទ្រង់ តើព្រះអង្គសង្គ្រោះគង់នៅកន្លែងណាច្រើនជាងគេ ?
សូមអញ្ជើញសិស្សឲ្យប្រើតារាងនេះដើម្បីមានការយល់ដឹងកាន់តែប្រសើរទៅលើបរិបទនៃដំណឹងល្អទាំងបួន នៅពេលពួកគេសិក្សាព្រះគម្ពីរសញ្ញាថ្មី ។
ចូរសុំឲ្យសិស្សបើកទៅតារាងមាតិកានៃព្រះគម្ពីរប៊ីប ។ សូមពន្យល់ថា កាលដំណឹងល្អទាំងឡាយបានផ្តល់នូវដំណើររឿងមួយអំពីការបម្រើរបស់ព្រះអង្គសង្គ្រោះ នោះគម្ពីរចាប់ពីគម្ពីរកិច្ចការរហូតដល់គម្ពីរវិវរណៈ បានកត់ត្រាពីការបម្រើនៃពួកសាវករបស់ព្រះគ្រីស្ទកាលពីបុរាណ បន្ទាប់ពីការឆ្កាង ការមានព្រះជន្មរស់ឡើងវិញ និង ការយាងឡើងទៅស្ថានសួគ៌វិញរបស់ទ្រង់ ។ ពួកសាវកទាំងនេះបានធ្វើដំណើរទូទាំងដែនដីអ៊ីស្រាអែល និង អាណាចក្ររ៉ូម ដើម្បីផ្សព្វផ្សាយដំណឹងល្អ និង ស្ថាបនាសាខានានារបស់សាសនាចក្រ ។ ដោយសិក្សាពីសកម្មភាព និង ការសរសេររបស់ពួកសាវកទាំងនេះ យើងអាចពង្រឹងសេចក្ដីជំនឿរបស់យើងលើព្រះអង្គសង្គ្រោះ ហើយរៀនពីរបៀបដើម្បីទទួលបានពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។ យើងក៏អាចឃើញពីភាពដូចគ្នានៃសាសនាចក្រនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទកាលពីបុរាណផងដែរ ។
សូមពិចារណាថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនានាដែលអ្នកបានរកឃើញនៅក្នុងការសិក្សាព្រះគម្ពីរសញ្ញាថ្មី ។ សូមអញ្ជើញសិស្សស្វែងរកសេចក្ដីពិតដែលនឹងផ្ដល់ពរជ័យដល់ពួកគេ នៅពេលពួកគេសិក្សាព្រះគម្ពីរសញ្ញាថ្មីនាឆ្នាំនេះ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
រយៈកាលរវាងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី
សម្រាប់ព័ត៌មានបន្ថែមស្ដីពីបរិយាកាសខាងប្រវត្តិសាស្ត្រ និង ខាងវប្បធម៌នៃព្រះគម្ពីរសញ្ញាថ្មី សូមមើល S. Kent Brown and Richard Neitzel Holzapfel « The Lost 500 Years: From Malachi to John the Baptist » ខែ ធ្នូ ឆ្នាំ២០១៤ ទំព័រ ៥៦–៦០, Robert L. Millet « Looking beyond the Mark: Why Many Did Not Accept the Messiah » ខែកក្កដា ឆ្នាំ១៩៨៧ ទំព័រ ៦០–៦៤ និង Richard D. Draper « The Reality of the Resurrection » ខែ មេសា ឆ្នាំ១៩៩៤ ទំព័រ ៣២–៤០ ។
ដំណឹងល្អទាំងបួន
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីរបៀបដែលដំណឹងល្អទាំងឡាយត្រូវសរសេរទុកសម្រាប់អ្នកអានខុសៗគ្នា ប៉ុន្តែមានគោលបំណងតែមួយគឺការបង្រៀនអំពីទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ៖
« វាគឺជាការពិតណាស់ថា ដំណឹងល្អទាំងបួននៅក្នុងព្រះគម្ពីរសញ្ញាថ្មីពិតជាបានបង្ហាញឲ្យឃើញពីទិដ្ឋភាពខុសៗគ្នានៃលក្ខណៈបុគ្គល និង ការបង្រៀនរបស់ព្រះអម្ចាស់ ។ វាសបញ្ជាក់ឲ្យឃើញថា ម៉ាថាយកំពុងដឹកនាំដំណឹងល្អរបស់លោកទៅដល់ពួកសាសន៍យូដា ។ លោកឧទ្ទេសនាមព្រះគ្រីស្ទជាព្រះមែស៊ីដែលបានសន្យា និងគ្រីស្ទសាសនាជាការបំពេញនៃសាសនាយូដា ។ ម៉ាកុសបានសរសេរយ៉ាងជាក់លាក់ដោយមានគោលបំណងអំពាវនាវដាស់គំនិតរបស់ពួករ៉ូម និង ពួកសាសន៍ដទៃ ។ ដំណឹងល្អរបស់ លូកា ឧទ្ទេសនាមលោកចៅហ្វាយដល់ពួកក្រិក ដល់ជនដែលបានធ្វើឲ្យប្រសើរឡើង ហើយមានសុជីវធម៌ ។ ហើយដំណឹងល្អរបស់យ៉ូហានគឺជាដំណើររឿងសម្រាប់ពួកបរិសុទ្ធ វាគឺជាដំណឹងល្អដែលផ្ដោតសំខាន់លើសាសនាចក្រ លើជនដែលយល់ដឹងអំពីព្រះគម្ពីរ និង និមិត្តសញ្ញារបស់វា និង ជនទាំងឡាយណាដែលមានកង្វល់នឹងរឿងខាងវិញ្ញាណ និង រឿងដ៏នៅអស់កល្បជានិច្ច ។ ពិតណាស់ វិធីសាស្ត្រខុសៗគ្នាបែបនេះមានអនុភាពយ៉ាងអស្ចារ្យក្នុងការបង្ហាញសេចក្ដីពិតនៃសេចក្ដីសង្គ្រោះដល់មនុស្សដែលមានវប្បធម៌ សាវតារ និង បទពិសោធន៍ខុសៗគ្នា ។ ប៉ុន្តែអង្គហេតុដ៏សាមញ្ញគឺថា អ្នកនិពន្ធនៃដំណឹងល្អគ្រប់រូបបានសរសេរដោយការបំផុសគំនិត ហើយទាំងអស់គ្នាមានគោលបំណងតែមួយ ៖ ១. ដើម្បីថ្លែងទីបន្ទាល់ពីទេវភាពជាព្រះរាជបុត្រារបស់ព្រះអម្ចាស់យើង និង ២. ដើម្បីបង្រៀនសេចក្ដីពិតពីផែនការសង្គ្រោះ » ( Mormon Doctrine ការបោះពុម្ពលើកទី២ [ ឆ្នាំ១៩៦៦ ] ទំព័រ ៣៣៦ ) ។
គម្ពីរកិច្ចការ រហូតដល់ វិវរណៈ
គម្ពីរកិច្ចការ កត់ត្រាសកម្មភាពសំខាន់ៗមួយចំនួននៃការផ្សាយសាសនារបស់ពួកសាវក ។ គម្ពីរចាប់ពីរ៉ូមរហូតដល់យូដាសគឺជាសំបុត្រ ឬលិខិត ដែលប៉ុល និង ថ្នាក់ដឹកនាំផ្សេងទៀតរបស់សាសនាចក្របានសរសេរដើម្បីណែនាំ ហើយស្អាងពួកបរិសុទ្ធ ។ សំបុត្ររបស់ប៉ុលបានរៀបចំឡើង « តាមប្រវែង តាមលំដាប់ចុះពីសំបុត្រវែងជាងគេបង្អស់ ( រ៉ូម )រហូតដល់សំបុត្រខ្លីជាងគេបង្អស់ ( ភីលេម៉ូន ) ។ នេះគឺជាហេតុផល លើកលែងតែសំបុត្រដល់ហេព្រើរ ដែលបានដាក់នៅក្រោយគេ ដោយសារមានមនុស្សចំនួនមានបានសួរថាតើវាជាការសរសេររបស់ប៉ុលឬក៏ពុំមែន » ( Bible Dictionary « Pauline Epistles » ) ។ ចាប់ពីសំបុត្ររបស់ យ៉ាកុប រហូត យូដាស វាត្រូវបានគេហៅថាជាសំបុត្រទូទៅ « ដោយសារវាពុំបាននិយាយជាក់លាក់ដល់នរណាម្នាក់ ឬសាខាណាមួយរបស់សាសនាចក្រទេ » ( Bible Dictionary « General Epistles » ) ។ គម្ពីរវិវរណៈដែលហៅម្យ៉ាងទៀតថា អាប៉ូកាលីព មាននូវពាក្យទូន្មានជាក់លាក់របស់យ៉ូហានសំណព្វទៅកាន់សាខារបស់សាសនាចក្រចំនួនប្រាំពីរកន្លែងក្នុងតំបន់អាស៊ី ហើយក៏មានវិវរណៈមួយដល់យ៉ូហានស្ដីពីប្រវត្តិរបស់លោកិយនេះ ជាពិសេសនៅថ្ងៃចុងក្រោយផងដែរ ។
តើដំណឹងល្អទាំងបួនមានអ្វីខ្លះទៅ ?
ដំណឹងល្អទាំងបួនគឺជាគម្ពីរបួនច្បាប់ដំបូងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ បានសរសេរដោយម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន គឺជាទីបន្ទាល់បួនច្បាប់អំពីព្រះជន្មនៃព្រះយេស៊ូវនៅលើផែនដី និងហេតុការណ៍នានាដែលទាក់ទងទៅនឹងការបម្រើរបស់ទ្រង់ ។ គម្ពីរ នីហ្វៃទី ៣ នៅក្នុងព្រះគម្ពីរមរមនតាមបែបបទជាច្រើន គឺដូចជាដំណឹងល្អទាំងបួនច្បាប់នេះដែរ ហើយពេលខ្លះត្រូវបានគេហៅថាជា « ដំណឹងល្អទីប្រាំ » ។
« គម្ពីរទាំងឡាយនៅក្នុងព្រះគម្ពីរសញ្ញាថ្មីមុនដំបូងបានសរសេរជាភាសាក្រិក ។ ពាក្យ ដំណឹងល្អ ជាភាសាក្រិកមានន័យថា ‹ សេចក្ដីល្អដែលឲ្យដឹង › ។ សេចក្ដីល្អដែលឲ្យដឹងគឺថាព្រះយេស៊ូវគ្រីស្ទបានធ្វើដង្វាយធួនដែលនឹងប្រោសលោះមនុស្សលោកទាំងអស់ពីសេចក្ដីស្លាប់ ហើយប្រទានរង្វាន់ដល់បុគ្គលនីមួយៗតាមកិច្ចការរបស់គេ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ដំណឹងល្អទាំងឡាយ » scriptures.lds.org ) ។
តើខ្ញុំអាចស្វែងរកភាពចុះសម្រុងមួយពីដំណើររឿងទាំងឡាយនៅក្នុងដំណឹងល្អទាំងបួនច្បាប់នៅឯណា ?
ភាចុះសម្រុងមួយនៃដំណើររឿងក្នុងដំណឹងល្អទាំងបួនច្បាប់ជាមួយតារាងមួយ ដែលប្រៀបធៀបការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដូចដែលបានកត់ត្រានៅក្នុងម៉ាថាយ ម៉ាកុស លូកា យ៉ូហាន និងវិវរណៈថ្ងៃចុងក្រោយ អាចរកបាននៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។