មេរៀនទី ៧៨
យ៉ូហាន ១៨-១៩
សេចក្តីផ្ដើម
បន្ទាប់ពីពួកអ្នកដឹកនាំសាសន៍យូដាបានចាប់ព្រះកាយ និង ចោទសួរព្រះយេស៊ូវហើយ នោះពួកគេបាននាំទ្រង់ទៅចំពោះមុខលោកពីឡាត់ដើម្បីជំនុំជម្រះ និង កាត់ទោស ។ លោកពីឡាត់ព្រមឆ្កាងព្រះយេស៊ូវ បើទោះបីជាគាត់បានដឹងថា ព្រះយេស៊ូវគ្មានទោសក្តី ។ កាលនៅលើឈើឆ្កាង ព្រះអង្គសង្គ្រោះបានផ្ដាំសាវកយ៉ូហានឲ្យមើលថែមាតាទ្រង់ ។ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេឆ្កាង ព្រះកាយរបស់ទ្រង់ត្រូវបានគេដាក់ទៅក្នុងផ្នូរ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូហាន ១៨:១-៣២
ព្រះយេស៊ូវត្រូវបានចាប់ព្រះកាយ ហើយចោទសួរដោយពួកអ្នកដឹកនាំសាសន៍យូដា ដែលក្រោយមកបាននាំទ្រង់ទៅជួបលោកពីឡាត់ ។
សូមសរសេរសំណួរខាងក្រោមនេះនៅលើ ក្តារខៀន ៖
តើនៅពេលណាដែលជាគ្រាដ៏លំបាកបំផុត ដើម្បីមើលថែសុខុមាលភាពនៃមនុស្សដទៃនោះ ?
សូមអញ្ជើញសិស្សពីបីនាក់ឲ្យពន្យល់អំពីរបៀប ដែលពួកគេនឹងឆ្លើយសំណួរនៅលើក្ដារខៀន ។
សូមពន្យល់ថា ព្រះយេស៊ូវគ្រីស្ទ និងលោកអភិបាលរ៉ូមឈ្មោះ ពីឡាត់ បានជ្រើសដាក់អាទិភាព ឬឲ្យតម្លៃរឿងខុសគ្នានៅក្នុងព្រឹត្តិការណ៍ដែលបានរៀបរាប់នៅក្នុង យ៉ូហាន ១៨–១៩ ។ សូមសរសេរឃ្លា កង្វល់របស់ព្រះយេស៊ូវគ្រីស្ទ និង កង្វល់របស់ពីឡាត់ នៅជ្រុងម្ខាងពីគ្នានៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតមួយ នៅពេលពួកគេសិក្សា យ៉ូហាន ១៨–១៩ ដែលអាចជួយពួកគេឲ្យដឹងថា តើកង្វល់អ្វីខ្លះដែលគួរមានអាទិភាពនៅក្នុងជីវិតរបស់ពួកគេ ។
សូមសង្ខេប យ៉ូហាន ១៨:១–៣ ដោយពន្យល់ថាបន្ទាប់ពីព្រះយេស៊ូវបានរងទុក្ខនៅក្នុងច្បារគែតសេម៉ានី នោះយូដាស-អ៊ីស្ការីយ៉ុតបានមកដល់ រួមនឹងពួកមន្ត្រីដែលបានចាត់មកដោយពួកសង្ឃរាជ និងពួកផារិស៊ីដើម្បីមកចាប់ព្រះយេស៊ូវ ។
-
ប្រសិនបើអ្នកដឹងថា កងទាហានមួយក្រុមកំពុងមកចាប់ខ្លួនអ្នក ហើយសម្លាប់អ្នក តើអ្នកនឹងមានប្រតិកម្មបែបណា ?
សូមអញ្ជើញសិស្សបីបួននាក់ឲ្យប្ដូរវេនគ្នាអានឮៗនៅក្នុង យ៉ូហាន ១៨:៤-១១និងលូកា ២២:៥០–៥១ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលព្រះយេស៊ូវបានឆ្លើយតបនៅពេលក្រុមនេះបានមកដល់ ។
-
តើព្រះយេស៊ូវបានបន្ទូលអ្វីខ្លះ ទៅជនដែលបានមកចាប់ព្រះកាយទ្រង់ ? ( អ្នកគួរពន្យល់ថា ពាក្យ អ្នកទាំងនេះ នៅក្នុង យ៉ូហាន ១៨:៨ និង ពួកអ្នក នៅក្នុង យ៉ូហាន ១៨:៩ សំដៅលើពួកសាវកដែលនៅជាមួយព្រះយេស៊ូវ ) ។
-
យោងតាមខគម្ពីរទាំងនេះ តើព្រះយេស៊ូវមានកង្វល់អំពីអ្វី ? ( នៅពេលសិស្សឆ្លើយ សូមសរសេរឃ្លាងខាងក្រោមនៅលើក្ដារខៀននៅក្រោមឃ្លា « កង្វល់របស់ព្រះយេស៊ូវគ្រីស្ទ » ៖ ការពារពួកសាវករបស់ទ្រង់ ព្យាបាលត្រចៀករបស់អ្នកបម្រើនោះ ធ្វើតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌ ) ។
ចូរសុំឲ្យសិស្សម្នាក់អានសេចក្ដីសង្ខេបខាងក្រោមនេះអំពី យ៉ូហាន ១៨:១២–៣២ឲ្យឮៗ ។
ព្រះយេស៊ូវបានអនុញ្ញាតឲ្យពួកមន្ត្រីនោះចាប់ទ្រង់ ។ ពួកគេបាននាំទ្រង់ទៅជួប អាណា ជាអ្នកដឹកនាំសាសន៍យូដាម្នាក់ រួចទៅជួបនឹងពួកកៃផា ជាសង្ឃជាន់ខ្ពស់ដែលព្យាយាមដាក់ទោសព្រះយេស៊ូវរហូតដល់ការសុគតនោះ ។ ពេត្រុស និងសិស្សដទៃទៀតបានដើរតាមព្រះយេស៊ូវ ។ នៅពេលមនុស្សបីនាក់ផ្សេងគ្នាបានសួរពេត្រុស ថាគាត់គឺជាកូនសិស្សម្នាក់របស់ព្រះយេស៊ូវឬ នោះពេត្រុសបានបដិសេធពុំស្គាល់រាល់ពេល ។ បន្ទាប់ពីកៃផាបានចោទសួរព្រះយេស៊ូវ នោះពួកអ្នកដឹកនាំសាសន៍យូដាបាននាំព្រះយេស៊ូវទៅជួបលោកពីឡាត់ ដែលជាអ្នកអភិបាលក្រុងសាសន៍រ៉ូមនៅស្រុកយូដា ដើម្បីទទួលការកាត់ទោស និង ដាក់ទណ្ឌកម្ម ។ មានតែសាសន៍រ៉ូមប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចចេញច្បាប់ឲ្យកាត់ទោសដល់ជីវិតនៅក្នុងក្រុងយេរូសាឡិម ។
សូមពន្យល់ថា ការជំនុំជម្រះក្ដីនេះអាចនឹងធ្វើឡើងនៅបន្ទាយអានតូនា នៅក្បែរព្រះវិហារបរិសុទ្ធ ។ ( អ្នកគួរពិចារណាអញ្ជើញសិស្សឲ្យបើកទៅផែនទី ទី១២ « ក្រុងយេរូសាឡិមនៅសម័យព្រះយេស៊ូវ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ហើយរកមើលបន្ទាយអានតូនា [ ជាទីតាំងលេខ ៣ នៅលើផែនដីនោះ ] ) ។
យ៉ូហាន ១៨:៣៣–១៩:១៦
ព្រះយេស៊ូវ គ្រីស្ទត្រូវបានកាត់ទោសនៅចំពោះមុខពីឡាត់
សូមអញ្ជើញសិស្សពីរនាក់ឲ្យអានឮៗនៅបន្ទូលរបស់ព្រះអង្គសង្គ្រោះ និងពាក្យរបស់ពីឡាត់ ដែលបានកត់ត្រានៅក្នុង យ៉ូហាន ១៨:៣៣–៣៧ ។ ( អ្នកអាចនឹងអញ្ជើញសិស្សទាំងនេះពីមុនថ្នាក់ចាប់ផ្ដើមឲ្យរកមើលឃ្លាដែលពួកគេនឹងត្រូវអាន ) ។ ចូរពិចារណាធ្វើការសម្ដែងតួរបស់អ្នកអត្ថាធិប្បាយ ឬអញ្ជើញសិស្សម្នាក់ទៀតឲ្យធ្វើជាអ្នកអត្ថាធិប្បាយ ។ នៅពេលសិស្សទាំងនេះអានផ្នែករបស់ខ្លួនរួចហើយ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វីដែលលោកពីឡាត់ចង់ដឹងពីព្រះយេស៊ូវ ។
-
យោងតាម យ៉ូហាន ១៨:៣៣តើពីឡាត់ចង់ដឹងអ្វីខ្លះពីព្រះយេស៊ូវ ?
សូមពន្យល់ថា ពួកអ្នកដឹកនាំសាសន៍យូដាបានចោទប្រកាន់ព្រះយេស៊ូវពីការប្រកាសថា ទ្រង់គឺជាស្តេចនៃសាសន៍យូដា ដោយសារព្រះយេស៊ូវបានប្រកាសថាទ្រង់គឺជាស្តេច ទ្រង់អាចមានទោសពីការបំបះបំបោរ ឬ ក្បត់ជាតិ ប្រឆាំងនឹងរដ្ឋាភិបាលរ៉ូម ( សូមមើល យ៉ូហាន ១៩:១២) ជាបទឧក្រិដ្ឋមួយដែលត្រូវជាប់ទោសដល់ស្លាប់ ។
-
តើព្រះយេស៊ូវបានពន្យល់អ្វីខ្លះទៅពីឡាត់ ? ( នគរទ្រង់ « មិនមែនត្រូវខាងលោកីយ៍នេះទេ » [ យ៉ូហាន ១៨:៣៦ ] ហើយទ្រង់បានយាងមកផែនដីនេះ « ធ្វើទីបន្ទាល់ពីសេចក្ដីពិត » [ យ៉ូហាន ១៨:៣៧ ] ) ។
ចូរសុំអាន យ៉ូហាន ១៨:៣៨-៤០ដោយស្ងៀមស្ងាត់រកមើលអ្វី ដែលលោកពីឡាត់បានសន្និដ្ឋានអំពីព្រះយេស៊ូវ ។
-
តើលោកពីឡាត់បានសន្និដ្ឋានអ្វីខ្លះអំពីព្រះយេស៊ូវ ? ( លោកបានពោលថា លោកមិនឃើញ « ជាអ្នកនោះមានទោសខុសអ្វីសោះ » [ ខទី ៣៨ ] ) ។
-
យោងតាម ខទី ៣៩តើលោកពីឡាត់បានព្យាយាមធ្វើអ្វីខ្លះ ដើម្បីដោះលែងព្រះយេស៊ូវ ?
សូមសង្ខេប យ៉ូហាន ១៩:១–៥ ដោយពន្យល់ថា ពួកទ័ពរ៉ូមបានធ្វើបាប ហើយសើចចំអកដល់ព្រះយេស៊ូវ ។ បន្ទាប់មក លោកពីឡាត់បានបង្ហាញព្រះយេស៊ូវដល់ប្រជាជន ។
សូមអញ្ជើញសិស្សអាន យ៉ូហាន ១៩:៤, ៦ ដោយស្ងៀមស្ងាត់រកមើលអ្វីដែលលោកពីឡាត់បានបង្ហាញដល់ពួកយូដា ( « ខ្ញុំមិនឃើញជាអ្នកនោះមានទោសខុសអ្វីសោះ » ) ។
-
ដោយផ្អែកទៅលើការទទូចថា លោកមិនឃើញព្រះយេស៊ូវមានទោសខុសអ្វីសោះ តើលោកពីឡាត់ទំនងជាបានជឿលើបែបណាទៅថាជារឿងត្រឹមត្រូវដើម្បីធ្វើនោះ ?
សូមអញ្ជើញសិស្សម្នាក់អាន យ៉ូហាន ១៩:៧ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលអ្វី ដែលពួកអ្នកដឹកនាំសាសន៍យូដាបានប្រាប់ទៅលោកពីឡាត់អំពីព្រះយេស៊ូវ ។
សូមអញ្ជើញសិស្សដែលអានសម្ដីរបស់លោកពីឡាត់ បន្ទូលរបស់ព្រះយេស៊ូវ និងអ្នកនិទានដើម្បីដើរតួម្ដងទៀត ហើយអាន យ៉ូហាន ១៩:៨–១១ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលចម្លើយរបស់លោកពីឡាត់ កាលលោកបានស្ដាប់ឮថា ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ។
-
តើលោកពីឡាត់បានឆ្លើយតបយ៉ាងដូចម្ដេច បន្ទាប់ពីពួកអ្នកដឹកនាំសាសាន៍យូដាបានប្រាប់លោកថា ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ?
-
ប្រសិនបើអ្នកជាលោកពីឡាត់ តើអ្នកអាចនឹងមានអារម្មណ៍បែបណាដែរ បន្ទាប់ពីស្ដាប់ឮអ្វីដែលព្រះយេស៊ូវបានមានបន្ទូល អំពីអំណាចរបស់អ្នកក្នុងនាមជាអភិបាលនោះ ? ហេតុអ្វី ?
សូមពន្យល់ថាសេចក្តីថ្លែងការណ៍របស់ព្រះយេស៊ូវដែលបានកត់ត្រានៅក្នុង ខទី ១១ អំពីពួកអ្នកដឹកនាំរបស់ពួកសាសន៍យូដាថាមាននូវ « អំពើបាបធ្ងន់ » បានបង្ហាញថា ប្រសិនបើលោកពីឡាត់បន្ទន់ចិត្តទៅតាមការស្នើសុំរបស់ហ្វូងមនុស្ស ហើយបញ្ជាឲ្យឆ្កាងព្រះយេស៊ូវ នោះលោកពីឡាត់នឹងមានកំហុសប្រព្រឹត្តបាប ប៉ុន្តែពុំមានកម្រិតដូចគ្នាទៅនឹងអស់អ្នកដែលព្យាយាមយ៉ាងសកម្មចង់សម្លាប់ព្រះយេស៊ូវឡើយ ។
សូមអញ្ជើញសិស្សអាន ម៉ាថាយ ២៧:១៩ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលភរិយារបស់លោកពីឡាត់បានឲ្យដំបូន្មានពីកិច្ចការដែលលោកត្រូវធ្វើ ។ សូមឲ្យសិស្សប្រាប់ពីអ្វីដែលពួកគេបានរកឃើញ ។
សូមអញ្ជើញសិស្សម្នាក់អាន យ៉ូហាន ១៩:១២-១៥ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលលោកពីឡាត់បានខិតខំធ្វើទាក់ទងនឹងរឿងរបស់ព្រះយេស៊ូវ និងរបៀបដែលពួកយូដាឆ្លើយតប ។
-
យោងតាមខទី ១២តើលោកពីឡាត់បានខិតខំធ្វើអ្វីខ្លះ ?
-
តើពួកអ្នកដឹកនាំសាសន៍យូដាបាននិយាយអ្វីខ្លះទៅកាន់លោកពីឡាត់ កាលពួកគេបានដឹងថា លោកចង់ដោះលែងព្រះយេស៊ូវនោះ ?
សូមរំឭកសិស្សថា សេសារ គឺជាស្ដេចរ៉ូមដែលបានប្រទានតំណែងជាអភិបាលស្រុកយូដាដល់លោកពីឡាត់ ។ កាលពីប៉ុន្មានគ្រាមុន លោកពីឡាត់បានបញ្ជាឲ្យពួកទ័ពរ៉ូមឲ្យសម្លាប់ពួកសាសន៍យូដា ហើយលោកបានប្រមាថទំនៀមទំលាប់ខាងសាសនាដ៏ពិសិដ្ឋមួយចំនួនរបស់ពួកគេ ។ ទង្វើរបស់លោកពីឡាត់ត្រូវបានគេរាយការណ៍ទៅស្ដេចសេសារ ហើយស្ដេចសេសារស្ដីបន្ទោសដល់លោកពីឡាត់ ( សូមមើលជំពូក ៤៣ កំណត់ចំណាំ ៧ នៅក្នុង James E. Talmage Jesus the Christ កំណែទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៦៤៨-៤៩ ) ។
-
តើនឹងអាចអ្វីកើតឡើងចំពោះលោកពីឡាត់ ប្រសិនបើពួកសាសន៍យូដាបានរាយការណ៍ថា លោកពុំមែនជា « មិត្ត » នឹងស្ដេចសេសារនោះ ( ខទី ១២ ) ? ( ប្រសិនបើស្ដេចសេសារបានសង្ស័យថា លោកពីឡាត់មិនស្មោះត្រង់នឹងទ្រង់ នោះស្ដេចសេសារ អាចនឹងដកចេញនូវមុខតំណែង និងអំណាចរបស់លោកជាអភិបាល ) ។
សូមចង្អុលបង្ហាញថា លោកពីឡាត់ត្រូវជ្រើសរវាងការការពារប្រយោជន៍ផ្ទាល់ខ្លួន និង ការដោះលែងព្រះអង្គសង្គ្រោះ ដែលលោកបានដឹងថាគ្មានទោសអ្វីនោះ ។
សូមអញ្ជើញសិស្សម្នាក់អានយ៉ូហាន ១៩:១៦ឲ្យឮៗ ។ សុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលលោកពីឡាត់បានជ្រើសរើសធ្វើ ។
-
តើលោកពីឡាត់បានជ្រើសរើសធ្វើអ្វី ?
-
តើការជ្រើសរើសនេះបង្ហាញថា តើរឿងដែលលោកពីឡាត់បារម្ភខ្លាំងបំផុតនោះគឺអ្វី ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀនក្រោមពាក្យ « កង្វល់របស់ពីឡាត់ » ៖ ខ្លួនឯង មុខតំណែង និងអំណាចរបស់គាត់ ) ។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះ មកពីការសម្រេចចិត្តរបស់លោកពីឡាត់ដើម្បីដាក់ប្រយោជន៍ផ្ទាល់ខ្លួន ពីមុនការដោះលែងព្រះអង្គសង្គ្រោះ ដែលលោកបានដឹងថាគ្មានទោសអ្វីនោះ ? ( បន្ទាប់ពីសិស្សឆ្លើយ សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ ការដាក់ប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង មុនការធ្វើអ្វីដេលត្រឹមត្រូវនឹងដឹកនាំយើងទៅរកអំពើបាប ) ។
-
តើស្ថានភាពណាខ្លះដែលយើងអាចត្រូវបានល្បួងឲ្យដាក់ចំណាប់អារម្មណ៍ផ្ទាល់របស់យើងពីមុនការធ្វើអ្វីដែលត្រឹមត្រូវនោះ ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីយកឈ្នះលើការល្បួងឲ្យដាក់ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់យើងពីមុនការធ្វើរឿងដែលត្រឹមត្រូវនោះ ?
សូមអញ្ជើញសិស្សឲ្យរកមើលអ្វី ដែលពួកគេអាចរៀនអំពីបុគ្គលិកលក្ខណៈរបស់ព្រះគ្រីស្ទដោយប្រៀបធៀបទៅនឹងបុគ្គលិកលក្ខណៈរបស់លោកពីឡាត់ កាលពួកគេសិក្សាគ្រាចុងក្រោយនៃជីវិតរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ ។
យ៉ូហាន ១៩:១៧-៤២
ព្រះយេស៊ូវត្រូវបានឆ្កាង ហើយព្រះសពរបស់ទ្រង់ត្រូវបានដាក់នៅក្នុងផ្នូរ
សូមសង្ខេប យ៉ូហាន ១៩:១៧–២៤ ដោយពន្យល់ថា ព្រះយេស៊ូវបានលីឈើឆ្កាងរបស់ទ្រង់ទៅភ្នំគាល់កូថា ជាទីកន្លេងដែលទ្រង់ត្រូវបានគេឆ្កាង ។
សូមអញ្ជើញសិស្សម្នាក់អាន យ៉ូហាន ១៩:២៥-២៧ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើនរណាខ្លះបានមានវត្តមាន កាលព្រះយេស៊ូវត្រូវបានគេឆ្កាង ។
-
តើនរណាបានឈរក្បែរឈើឆ្កាង កាលព្រះយេស៊ូវត្រូវបានគេឆ្កាង ? ( បន្ទាប់ពីសិស្សបានឆ្លើយរួចហើយ សូមពន្យល់ថា ឃ្លាថា « សិស្សម្នាក់ … ដែល [ ព្រះយេស៊ូវ ] ស្រឡាញ់ » [ ខទី ២៦ ] សំដៅលើសាវកយ៉ូហាន ក៏ស្គាល់ផងដែរថាជាយ៉ូហានដ៏ជាទីស្រឡាញ់ ) ។
-
យោងតាម ខទី ២៦–២៧តើព្រះយេស៊ូវបានព្រួយបារម្ភពីនរណា កាលទ្រង់ត្រូវបានគេឆ្កាងនៅលើឈើឆ្កាង ? តើទ្រង់បានបង្គាប់យ៉ូហានឲ្យធ្វើអ្វី ? ( មើលថែមាតារបស់ទ្រង់ ឲ្យដូចជាម្ដាយរបស់ខ្លួន ) ។ នៅលើក្ដារខៀនក្រោមពាក្យ « កង្វល់របស់ព្រះយេស៊ូវ » សូមសរសេរ សុខុមាលភាពរបស់មាតាទ្រង់ ) ។
ប្រសិនបើអាចធ្វើទៅបាន សូមឲ្យសំណៅនៃសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដល់សិស្ស ។ សូមប្រាប់ឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍នោះឮៗ ។
« បុគ្គលិកលក្ខណៈត្រូវបានបើកសម្តែង … នៅក្នុងអំណាចដើម្បីញែកដឹងពីការរងទុក្ខរបស់មនុស្សផ្សេងទៀត នៅពេលយើងខ្លួនឯងផ្ទាល់កំពុងតែរងទុក្ខ នៅក្នុងលទ្ធភាពដើម្បីដឹងពីសេចក្តីស្រេកឃ្លានរបស់មនុស្សដទៃ នៅពេលយើងស្រែកឃ្លាន និង នៅក្នុងអំណាចដើម្បីឈោងទៅជួយ និង បង្ហាញសេចក្តីអាណិតអាសូរដល់សេចក្តីឈឺចាប់ខាងវិញ្ញាណរបស់មនុស្សដទៃ នៅពេលយើងកំពុងតែនៅកណ្តាលនៃភាពតានតឹងខាងវិញ្ញាណផ្ទាល់ខ្លួនរបស់យើងនោះ ។ ហេតុដូច្នោះហើយ បុគ្គលិកលក្ខណៈនេះត្រូវបានបង្ហាញដោយការមើល និង ឈោងទៅរកនៅពេលការឆ្លើយតបដោយឯកឯងត្រូវបានផ្តោតទាំងស្រុងទៅលើចំណង់ និងតម្រូវការផ្ទាល់ខ្លួន ។ ប្រសិនបើសម្ថភាពបែបនេះ គឺជាទង្វើនៃលក្ខណៈវិនិច្ឆ័យរបស់បុគ្គលិកលក្ខណៈខាងសីលធម៌ នោះព្រះអង្គសង្គ្រោះនៃពិភពលោកគឺជាគំរូដ៏ល្អឥតខ្ចោះនៃបុគ្គលិកលក្ខណៈដ៏ខ្ជាប់ខ្ជួន និង សប្បុរសនេះ » (« The Character of Christ » [ Brigham Young University–Idaho Religion Symposium ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០៣ ] ទំព័រ ២–៣ ) ។
-
ដោយផ្អែកលើអ្វីដែលយើងបានរៀននៅក្នុង យ៉ូហាន ១៨–១៩ អំពីបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្គ្រោះ តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើតាមគំរូរបស់ទ្រង់ ? ( បន្ទាប់ពីសិស្សបានឆ្លើយ សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ យើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ តាមរយៈការជ្រើសរើសជួយមនុស្សដទៃ ទោះជានៅពេលយើងស្ថិតក្នុងតម្រូវការខ្លួនឯងក្តី )
-
តើយើងអាចយកឈ្នះបំណងប្រាថ្នា ដែលខ្វល់ខ្វាយតែពីខ្លួនឯងជាមុនសិន ហើយបែរទៅជ្រើសយកការជួយមនុស្សដទៃទៀត ទោះជាយើងអាចនឹងមានសេចក្ដីត្រូវការផ្ទាល់ខ្លួនក្ដីបានដោយរបៀបណា ?
-
តើនៅពេលណាដែល ដែលអ្នកបានឃើញនរណាម្នាក់បានធ្វើតាមគំរូរបស់ព្រះយេស៊ូវ តាមរយៈការជ្រើសរើសជួយមនុស្សដទៃ បើទោះបីជានៅពេលដែលគាត់កំពុងត្រូវការជំនួយក្តី ?
អ្នកគួរចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងគំរូដ៏ល្អឥតខ្ចោះដែលទ្រង់បានបង្ហាញស្ដីពីការខ្វល់ខ្វាយពីសេចក្ដីត្រូវការរបស់មនុស្សដទៃពីមុនសេចក្ដីត្រូវការរបស់ទ្រង់ផ្ទាល់ ។ សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ នូវរឿងដែលពួកគេនឹងធ្វើដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។
សូមសង្ខេប យ៉ូហាន ១៩:២៨–៤២ ដោយពន្យល់ថា បន្ទាប់ពីព្រះយេស៊ូវបានសុគត យ៉ូសែបដែលនៅភូមិអើរីម៉ាថេ បានសូមលោកពីឡាត់យកព្រះសពព្រះយេស៊ូវ ។ ក្រោយមកយ៉ូសែប និង នីកូដេម បានរៀបចំព្រះសពរបស់ព្រះអង្គសង្គ្រោះ ហើយដាក់ព្រះសពទ្រង់នៅក្នុងផ្នូរ ដែលយ៉ូសែបបានបរិច្ចាគនោះ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
យ៉ូហាន ១៨:៥-៨ ។ « គឺខ្ញុំនេះហើយ »
« ពាក្យ [ ‹ គឺខ្ញុំនេះហើយ › ] បានបកប្រែចេញពីឃ្លាជាភាសាក្រិកថាអេហ្គូ អ៊ីមីដែលបានប្រើនៅក្នុងកន្លែងផ្សេងទៀតជាច្រើននៅក្នុងយ៉ូហាន ដើម្បីជាសេចក្ដីយោងទៅនឹងទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ។ … បន្ទាប់ពីព្រះអង្គសង្គ្រោះបានមានបន្ទូលនូវពាក្យទាំងនេះមក ពួកទាហាន និងពួកមន្ត្រី បាន ‹ ថយក្រោយដួលថ្ងារទាំងអស់គ្នា › ( យ៉ូហាន ១៨:៦ ) ‹ ទំនងជាមិនអាចប្រើអំណាចមកលើព្រះយេស៊ូវបានឡើយ លុះត្រាតែទ្រង់អនុញ្ញាតឲ្យធ្វើដូច្នោះ › ( Bruce R. McConkie, Doctrinal New Testament Commentary, ១:៧៨០ ) ។ ‹ សេចក្ដីថ្លៃថ្នូរ និងភាពទន់ភ្លន់ដ៏សាមញ្ញនៃវត្តមានរបស់ព្រះគ្រីស្ទ គឺខ្លាំងជាងកងទ័ព និងអាវុធដ៏ខ្លាំងក្លានៃអំពើហឹង្សាទៅទៀត › ( James E. Talmage, Jesus the Christ កំណែទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៦១៥ ) ។ រឿងលម្អិតនេះបង្ហាញថា ព្រះអង្គសង្គ្រោះមានលទ្ធភាពយកឈ្នះលើពួកអ្នកមកចាប់ទ្រង់ ប៉ុន្តែបានព្រមឲ្យចាប់ព្រះកាយ ហើយឲ្យគេយកទៅ ឆ្កាងដោយស្ម័គ្រព្រះទ័យ » (New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ២៥៦ ) ។
យ៉ូហាន ១៩:១២, ១៦ ។ ហេតុអ្វីលោកពីឡាត់បានសម្រេចចិត្តធ្វើរឿងដែលគាត់បានដឹងថា វាជារឿងខុសឆ្គងទៅវិញ ?
អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្ដល់នូវគំនិតដ៏មានសារៈប្រយោជន៍អំពីហេតុផល ដែលលោកពីឡាត់បានសម្រេចចិត្តធ្វើទង្វើដែលគាត់បានដឹងថាខុស ៖
« តើអ្វីទៅជាបុព្វហេតុនៃភាពទន់ខ្សោយរបស់លោកពីឡាត់ ? គាត់ជាអ្នកតំណាងឲ្យស្ដេច ជាព្រះរាជាអាជ្ញារបស់ស្ដេចដែលមានអំណាចដើម្បីឆ្កាង ឬសង្គ្រោះ គាត់គឺជាអ្នកដែលមានអំណាចផ្ដាច់មុខជាផ្លូវការម្នាក់ ។ ការកាត់ទោសរបស់គាត់អំពីការគ្មានទោសរបស់ព្រះគ្រីស្ទ និងបំណងប្រាថ្នារបស់គាត់ដើម្បីសង្គ្រោះទ្រង់ពីឈើឆ្កាងគឺអាចធ្វើទៅបាន ។ ហេតុអ្វីបានជាលោកពីឡាត់មានចិត្តរុញរា ស្ទាក់ស្ទើរ ប្រែប្រួលចិត្ត ហើយនៅទីបំផុតបានធ្វើផ្ទុយពីមនសិការ និងឆន្ទៈរបស់ខ្លួន ? ដោយសារ គាត់បានជ្រើសរើសធ្វើទាសករ ជាជាងជាមនុស្សមានសេរីភាព ។ គាត់ត្រូវបានជិះជាន់ដោយអតីតកាលរបស់ខ្លួន ។ គាត់បានដឹងថា នឹងមានពាក្យបណ្ដឹងពីគាត់នៅក្រុងរ៉ូម អំពើពុករលួយ និងការធ្វើទុក្ខទោសរបស់គាត់ ការជំរិតរបស់គាត់ និងការកាប់សម្លាប់ដែលពុំសមហេតុផលដែលគាត់បាន ធ្វើឲ្យកើតមានឡើងនឹងនាំការណ៍ទាំងអស់នោះមកទាស់នឹងគាត់វិញ ។ គាត់ជាមេដឹកនាំរបស់រ៉ូម ប៉ុន្តែប្រជាជនដែលគាត់គ្រប់គ្រងបានសប្បាយរីករាយដោយឃើញគាត់ភ័យឡើងរួញខ្លួន កាលពួកគេអស់សំណើចដោយការនិយាយខ្លាំងៗដាក់គាត់ បង្ក្រាបគាត់ដោយគម្រាមរាយការណ៍អំពីគាត់ទៅចៅហ្វាយរបស់គាត់ឈ្មោះ ទីប៊ើរ »( Jesus the Christ កំណែទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៦៤១ ) ។
អែលឌើរ ថាល់មេហ្គ បានបន្ថែមទៀតថា « លោកពីឡាត់បានដឹងពីរឿងត្រឹមត្រូវ ប៉ុន្តែខ្វះភាពក្លាហានដើម្បីធ្វើវា » ( ជំពូក ៣៤ កំណត់ចាំ ៧ នៅក្នុង Jesus the Christ ទំព័រ ៦៤៨ ) ។
យ៉ូហាន ១៩:៣១–៣៦ ។ « ពួកសាសន៍យូដា … សូមលោកពីឡាត់ ឲ្យបានបំបាក់ជើងពួកជាប់ឆ្កាង »
ពេលខ្លះ ជនរងគ្រោះដោយសារការឆ្កាងបានរស់នៅក្នុងការឈឺចាប់ពីរទៅបីឆ្នាំពីមុនការស្លាប់ ។ បន្ទាប់ពីមនុស្សដែលត្រូវបានគេឆ្កាងស្លាប់ទៅ ជាទំនៀមទំលាប់ពួករ៉ូមបានទុកសពនៅលើឈើឆ្កាង ដើម្បីនឹងធ្វើឲ្យមនុស្សដទៃទៀតញញើតនឹងធ្វើបទឧក្រិដ្ឋ ។ ប៉ុន្តែក្រឹត្យវិន័យរបស់ម៉ូសេ បានហាមទុកសពរបស់ឧក្រិដ្ឋជនព្យួរចោលនៅលើដើមឈើនៅពេលយប់ ( សូមមើល ចោទិយកថា ២១:២២–២៣ ) ។ នៅក្នុងករណីនៃការឆ្កាងព្រះយេស៊ូវដែរ នៅថ្ងៃស្អែកគឺជាថ្ងៃឈប់សម្រាក ។ ដូច្នេះពួកអ្នកដឹកនាំសាសន៍យូដា ដោយចង់ឲ្យយកព្រះសពព្រះយេស៊ូវចុះពីឈើឆ្កាងពីមុនថ្ងៃឈប់សម្រាកដែលចាប់ផ្ដើម នៅពេលព្រះអាទិត្យលិចបានខំធ្វើឲ្យបុរសបីនាក់ទៀតនៅលើឈើឆ្កាងឆាប់ស្លាប់ ដោយបានសូមឲ្យវាយបំបាក់ជើងរបស់ពួកគេ ។ ការធ្វើបែបនេះបណ្ដាលឲ្យជនរងគ្រោះមានការឈឺចាប់នៅដើមទ្រូង ហើយពិបាកដកដង្ហើម ដោយសារពួកគេមិនអាចប្រើជើងទ្រទម្ងន់ខ្លួនពួកគេបានទៀតទេ ។ បន្ទាប់ពីវាយបំបាក់ជើងបុរសពីរនាក់ទៀត ដែលត្រូវបានគេឆ្កាងមក ទាហានរ៉ូមបានរកឃើញថាព្រះយេស៊ូវបានសុគតទៅហើយ ដូច្នេះពួកគេពុំចាំបាច់វាយបំបាក់ជើងទ្រង់ឡើយ ។
គ្រាដ៏សំខាន់នេះនៅលើឈើឆ្កាង បានបំពេញការព្យាករនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ៖ « ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ » ( ទំនុកដំកើង ៣៤:២០ ) ។ លើសពីនេះទៀត ព្រះអម្ចាស់បានបង្គាប់ដល់អ៊ីស្រាអែលថា ចៀមសម្រាប់បុណ្យរំលងដែលជាតំណាងឲ្យការបូជារបស់ព្រះយេស៊ូវថា ជាកូនចៀមនៃព្រះ ឆ្អឹងរបស់វាមិនត្រូវបាក់ឡើយ ( សូមមើល និក្ខមនំ ១២:៤៦ ) ។