បណ្ណាល័យ
មេរៀនទី ៥៣ ៖ លូកា ១៥


មេរៀន​ទី ៥៣

លូកា ១៥

សេចក្ដីផ្ដើម

ពួក​ផារិស៊ី និង ​ពួកអាចារ្យ​បាន​រអ៊ូរទាំ​អំពី​ទំនាក់​ទំនង​របស់​ព្រះអង្គសង្គ្រោះ​នឹង​ពួក​អ្នក​យក​ពន្ធ និង​ មនុស្ស​មានបាប ។ ព្រះអង្គសង្គ្រោះ​បាន​ឆ្លើយតប​ដោយ​ការ​​ប្រទាន​នូវ​រឿង​ប្រៀបធៀប​អំពី​ចៀម​ដែលបាត់ ការបាត់​កាក់ និង ​រឿង​កូនប្រុស​ខ្ជះខ្ជាយ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ១៥:១-១០

ព្រះយេស៊ូវ​បាន​ប្រទាន​រឿង​ប្រៀបធៀប​អំពី​​ចៀម​ដែល​បាត់ ការបាត់​កាក់

សូមចាប់​ផ្ដើម​ថ្នាក់​ដោយការ​សួរ​ដល់សិស្ស​ប្រសិន​បើ​ពួកគេ​ធ្លាប់​បាត់​វត្ថុ​មួយ ដែល​មានតម្លៃ​ចំពោះពួកគេ ។

  • តើអ្នក​មានឆន្ទៈ​ធ្វើអ្វីខ្លះ​ដើម្បី​ស្វែងរក​វា ? ហេតុអ្វី ?

  • តើ​អ្នកគិត​ថា​វាមានន័យ​យ៉ាងណា​ចំពោះមនុស្ស​ដែល​បាន « វង្វេង » ខាង​វិញ្ញាណ ? ( សូម​ជួយសិស្ស​យល់​ដឹងថា រឿង​នេះ​អាច​សំដៅទៅលើ​អ្នកទាំងឡាយ​ដែល​ពុំ​ទាន់​បានទទួល​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ដែលបាន​ស្ដារឡើងវិញ ឬ​ដែល​ពុំ​រស់នៅ​ស្រប​តាមការ​បង្រៀន​នៃ​ដំណឹងល្អ​បច្ចុប្បន្ន​នេះ ) ។

សូមអញ្ជើញសិស្ស​ឲ្យគិតអំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែលអាច​នឹង​វង្វេង​ខាង​វិញ្ញាណ ។ ចូរ​សុំ​ឲ្យពួកគេ​ពិចារណា​ អំពីរបៀប​ដែលពួកគេ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​មនុស្ស​ម្នាក់នេះ ។

សូមពន្យល់​ថាលូកា ១៥មាននូវ​កា​រ​បង្រៀនរបស់​ព្រះអង្គសង្គ្រោះ​អំពី​អ្នកទាំងឡាយ ​ដែល​វង្វេង​ខាង​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ឲ្យស្វែងរក​សេចក្ដីពិត​នៅក្នុង​លូកា ១៥ស្ដីអំពី​របៀប​ដែល​ព្រះ​វរបិតាសួគ៌​មានព្រះទ័យ ​អំពី​អ្នកទាំងឡាយ​ដែល​វង្វេង​ខាង​វិញ្ញាណ និង ​ទំនួលខុសត្រូវ​ដែលយើងមានចំពោះ​ពួកគេ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ១៥:១-២ ឮៗ ។ ចូរ​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​នរណា​បាន​ខិត​មកជិត​នឹង​ព្រះយេស៊ូវ ហើយ​នឹង​អ្វីដែល​ពួក​ផារិស៊ី និង​ពួកអាចារ្យ​បាន​រអ៊ូរទាំ ។

  • តើ​នរណា​បាន​ខិត​មកជិត​នឹង​ព្រះអង្គសង្គ្រោះ ? ហេតុអ្វី​ក៏​ពួក​ផារិស៊ី និង ​ពួក​អាចារ្យ​រអ៊ូរទាំ ?

  • តើ​ការ​រអ៊ូរទាំ​នេះ បង្ហាញ​អំពី​ពួកផារ៉ាស៊ី និង ពួក​អាចារ្យ​យ៉ាង​ណា ?

ចូរ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ បាន​ឆ្លើយតប​ដោយ​ការ​ប្រទាន​នូវ​រឿង​ប្រៀបធៀប​ចំនួន​បី ៖ ចៀមមួយ​​ដែល​បាត់ កាក់មួយ​​ដែលបាត់ និង​ កូនប្រុស​ម្នាក់​ដែល​វង្វេង ។ រឿង​ប្រៀបធៀប​ទាំងនេះ​មានន័យ​ទាំង​ផ្ដល់​ក្ដីសង្ឃឹម​ដល់​​មនុស្ស​មានបាប ក៏​ដូចជា​ស្ដីបន្ទោស​ដល់​ភាពលាក់​ពុត និងការលើកតំកើងខ្លួន​ឯង​របស់​ពួកអាចារ្យ និង​ ពួក​ផារិស៊ី ។ ចូរលើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​យកចិត្ត​ទុកដាក់ទៅលើ​ប្រធាន​បទ​នៃ​រឿង​ប្រៀបធៀប​នីមួយៗ ថាហេតុអ្វី​បាន​ជា​វាបាត់ និង​ របៀប​ដែល​វារកឃើញវិញ ។

សូម​ចម្លង​តារាង​ខាងក្រោមដាក់​លើ​ក្ដារខៀន ឬ​ឲ្យ​វា​ទៅសិស្ស​ទុក​ជា​ក្រដាស​សម្រាប់ចែកឲ្យ​។ សូម​ចាត់​សិស្ស​ជា​គូៗ ហើយ​ចាត់​ឲ្យសិស្ស​ម្នាក់​សិក្សា​លូកា ១៥:៣-៧​ហើយ​សិស្ស​ផ្សេង​ទៀត​ឲ្យ​សិក្សាលូកា ១៥:៨-១០។ សូម​អញ្ជើញសិស្ស​ឲ្យ​អាន​រឿង​ប្រៀបធៀប​ដែល​ចាត់​ទៅ​ឲ្យ​ពួកគេ ហើយ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​នៅក្នុង​​កូឡោន​ខាង​ឆ្វេង ។ ( រឿង​ប្រៀបធៀប​ទីបី នឹង​ត្រូវ​ប្រើ​នៅ​ពេល​ក្រោយ​ក្នុង​មេរៀន ) ។

រូបភាព
ឯកសារ​ចែកចាយ រឿង​ប្រៀបធៀប​អំពី​ចៀម​ដែលបាត់ កាក់ និង​ កូនប្រុស

រឿង​ប្រៀបធៀប​អំពី​ចៀម​ដែលបាត់ កាក់ និង​ កូនប្រុស

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៥៣

លូកា ១៥:៣-៧

លូកា ១៥:៨-១០

លូកា ១៥:១១-៣២

តើ​បាត់​អ្វី ?

ហេតុអ្វី​ក៏​វា​បាត់ ?

តើ​វា​រក​ឃើញ​ដោយរបៀប​ណា ?

តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ ដែលពិពណ៌នា​អំពី​ប្រតិកម្ម​ដែល​វា​ត្រូវ​បាន​រក​ឃើញ​វិញ ?

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ ចូរ​សុំ​ឲ្យ​សិស្ស​ពន្យល់​អំពី​រឿង​ប្រៀបធៀប​ដែលត្រូវបាន​ចាត់​ទៅ​ឲ្យ​ពួកគេ ហើយរាយការណ៍​អំពី​ចម្លើយ​ចំពោះ​សំណួរ​នៅក្នុង​តារាង​ទៅដល់​ដៃគូ​របស់ពួកគេ ។ បន្ទាប់ពីសិស្ស​ទាំងពីរ​នៅក្នុង​ក្រុម​នីមួយៗ​បាន​បញ្ចប់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​មកឯក្ដារខៀន ហើយបំពេញ​នៅក្នុង​តារាង​នូវ​ចម្លើយ​របស់ពួកគេ ឬ ( ​ប្រសិន​បើ​អ្នក​ពុំ​គូស​តារាងនៅលើ​ក្ដារខៀន ) ចែក​ចាយ​​ចម្លើយ​របស់ពួកគេ​ជាមួយសិស្ស​ក្នុង​ថ្នាក់ ។

  • តើ​ ការបាត់​ចៀម និងការបាត់កាក់មានភាពខុសគ្នាអ្វី​ខ្លះ ? ( ចៀម​បាន​វង្វេង​ចេញពីផ្លូវ​ពុំ​មែនជា​កំហុស​របស់វា​ទេ ខណៈដែល​កាក់​ត្រូវ​បាន​បាត់ ដោយសារ​តែ​ភាព​ធ្វេស​ប្រហែស ឬ​ការ​មិនយកចិត្តទុកដាក់​របស់​ម្ចាស់​វាផ្ទាល់ [សូមមើល ដេវីឌ អូ មិកឃេ នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៤៥ ទំព័រ ១២០, ១២១-២២ ] ) ។

  • យោងតាមខទី ៧និង​១០តើ​កាក់ និង ​ចៀម​ដែលត្រូវ​បានរក​ឃើញ​តំណាង​ឲ្យ​អ្វី ? ( វា​តំណាង​ឲ្យ​មនុស្ស​មាន​បាប​ដែល​បានប្រែចិត្ត ហើយ​បាន​ត្រឡប់មក​រក​ព្រះវិញ ) ។

  • តើ​ទំនួលខុសត្រូវ​របស់​យើង​មានអ្វីខ្លះ​​ចំពោះអ្នកទាំង​ឡាយ​ដែល​វង្វេង ទោះជាពួកគេ​វង្វេង​ដោយ​របៀប​ណា​ក្ដីនោះ ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​ជួយអ្នកដទៃ​ឲ្យ​មានបំណងប្រាថ្នា​ប្រែចិត្ត …

  • ផ្អែកទៅលើ​ចម្លើយ​នៃ​អ្នក​ទាំងឡាយ​ដែល​បាន​រកឃើញ​នូវអ្វីដែលបាន​បាត់ តើអ្នកនឹង​បញ្ចប់​សេចក្ដីថ្លែង​ការណ៍​នៅ​លើ​ក្ដារខៀន​យ៉ាង​ដូចម្ដេច ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ នៅពេល​យើង​ជួយអ្នកដទៃ​ឲ្យ​ប្រាថ្នា​ចង់ប្រែ​ចិត្ត នោះ​យើង​នឹង​ទទួល​អារម្មណ៍​នៃក្តីអំណរ និង​សេចក្ដីអំណរ​​នៃ​ស្ថានសួគ៌ ។ ចូរបំពេញគោលការណ៍ដែល​បាន​សរសេរ​នៅលើក្តារ​ខៀន។ អ្នកអាច​នឹង​ចង់អញ្ជើញសិស្ស​ឲ្យ​ពិចារណា​ធ្វើការ​សរសេរ​គោលការណ៍​នេះ ​នៅក្នុង​គម្ពីរ​របស់ពួកគេ​ជិត​នឹង​លូកា ១៥:១-១០) ។

  • តើអ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ជួយ​មនុស្ស​ម្នាក់​ដែល​បាន​វង្វេង​ខាង​វិញ្ញាណ​ឲ្យមាន​បំណងប្រាថ្នា​ប្រែចិត្ត ឬ​ខិតទៅកាន់តែ​ជិត​ព្រះ​វរបិតាសួគ៌​យ៉ាង​ដូចម្ដេច ? តើ​នរណា​ម្នាក់​បាន​ជួយ​ដល់​អ្នកនៅពេលណា ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​គួរ​ចែកចាយ​ពី​បទ​ពិសោធន៍​ឬ ​រឿង​ផ្ទាល់ខ្លួនខ្លាំង​ពេក​នោះ​ទេ ។ )

លូកា ១៥:១១-៣២

ព្រះយេស៊ូវ​បានប្រទាន​រឿង​ប្រៀបធៀប​អំពី​​កូន​ប្រុស​​ខ្ជះខ្ជាយ

សូមអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​គិតពិចារណា​អំពី​ស្ថានភាព​ដូចខាង​ក្រោម ៖ យុវនារីម្នាក់ បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ហើយបាន​ឈប់​អធិស្ឋាន និង​ ឈប់​ចូលរួម​ក្នុងព្រះវិហារ ។ នាង​មានប្រាថ្នា​ចង់​ចាប់​ផ្ដើម​អធិស្ឋាន និង ​រស់នៅ​តាម​បទដ្ឋានរបស់ព្រះអម្ចាស់​វិញ ប៉ុន្តែ​នាង​បារម្ភ​ថា ទ្រង់​មិន​ចង់​ឲ្យ​នាង​ត្រឡប់មកវិញ ។

ចូរ​សុំ​ឲ្យសិស្សសញ្ជឹងគិត​ថា​តើ​ពួកគេ​ស្គាល់នរណា​ម្នាក់ ដែលអាច​នឹង​មានអារម្មណ៍​ដូចជា​បុគ្គល​នៅក្នុង​ស្ថានភាព​នេះ​ឬទេ ។ សូមពន្យល់​ថា រឿង​ប្រៀបធៀប​ទីបីនៅក្នុង​លូកា ១៥គឺជា​រឿងអំពី​កូនប្រុស​ខ្ជះខ្ជាយ ( មានន័យថា ជាមនុស្ស​ម្នាក់​ដែល​បានចាយវាយយ៉ាង​ខ្ជះខ្ជាយ​ ហើយដោយ​ឥតបើគិត ) បងប្រុស​របស់គាត់ និង​ ឪពុក​របស់ពួកគេ ។ ចូរ​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​នៅពេល​ពួកគេ​សិក្សា​រឿង​ប្រៀបធៀប​នេះ​ដែលអាច​ជួយ​បុគ្គល​ម្នាក់ៗ​ដែល​អាច​មានអារម្មណ៍​ថា​ពួកគេ​បានវង្វេង​ហើយគ្មានសង្ឃឹមថាអាចត្រឡប់មកវិញ ។

សូម​ពិចារណា​បែងចែក​សិស្ស​ជា​ក្រុម​ដែលមាន​សមាជិក​បី​នាក់ ។ សូម​ឲ្យក្រុម​និមួយៗ​នូវច្បាប់​ចម្លង​មួយនូវ​ឯកសារ​ចែក​ចាយ​ដូច​ខាង​ក្រោម ។ សូមអញ្ជើញ​ពួកគេ​អានលូកា ១៥:១១-៣២ឲ្យ​ឮៗ​នៅ​ក្នុង​ក្រុម​របស់​ពួកគេ ។ សូមចាត់​សិស្ស​ម្នាក់​ឲ្យ​ពិចារណាអំពី​រឿងប្រៀបធៀប​អំពី​ទស្សនវិស័យ​របស់​កូនប្រុស​ខ្ជះខ្ជាយ ហើយឲ្យសិស្ស​ទី​ពីរ​ពិចារណា​អំពី​ទស្សនៈវិស័យ​របស់ឪពុក និង ​សិស្ស​ទីបី ពិចារណា​អំពី​ទស្សនៈវិស័យ​របស់​បងប្រុស ។

បន្ទាប់ពីសិស្ស​បាន​បញ្ចប់ការ​អាន ចូរ​សុំ​ឲ្យពួកគេ​ពិភាក្សា​អំពី​សំណួរ​នៅលើ​ឯកសារ​ដែលចែក​ឲ្យនៅក្នុងក្រុមរបស់ពួកគេ ។

រូបភាព
handout, The Parable of the Prodigal Son

រឿងប្រៀបធៀបអំពី​​កូនប្រុសខ្ជះ​ខ្ជាយ

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៥៣

រឿង​កូនប្រុសខ្ជះខ្ជាយ

  • តើ​មានអ្វីខ្លះ​ដែលបានជួយអ្នកភ្ញាក់​ដឹងខ្លួន ឬ​ទទួល​ស្គាល់​ស្ថានភាព​អាក្រក់​ដែល​អ្នកកំពុងស្ថិតនៅ ?

  • តើ​អ្នក​រំពឹង​ឲ្យឪពុក​របស់អ្នក​ធ្វើដូចម្តេច​ចំពោះការ​ត្រឡប់មក​ផ្ទះ​វិញរបស់អ្នក​ ?

  • តើអ្នកអាចនឹងគិត ហើយ​មានអារម្មណ៍​យ៉ាងណា នៅ​ពេល​ឪពុក​របស់អ្នក​ប្រព្រឹត្ត​នឹង​អ្នក ដូចជាគាត់បាន​ធ្វើ ?

ឪពុក

  • តើអ្នកអាច​នឹង​គិត ហើយមានអារម្មណ៍​យ៉ាងណា ខណៈ​ដែល​កូន​ពៅ​របស់អ្នក​បាន​វង្វេង​បាត់នោះ ?

  • ហេតុអ្វី​ក៏អ្នកស្វាគមន៍​កូនប្រុសខ្ជះខ្ជាយ​របស់អ្នក​ត្រឡប់​មកផ្ទះ តាមរបៀប​ដែល​អ្នកធ្វើនោះ ?

  • នៅ​ពេលដែល​កូនច្បង​របស់អ្នក អន់​ចិត្ត​ចំពោះ​របៀប​ដែលអ្នកប្រព្រឹត្ត​នឹង​ប្អូនប្រុស​របស់គាត់ តើ​អ្នក​បានជួយ​គាត់​ឲ្យយល់​អំពីសកម្មភាព​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

បងប្រុស

  • តើអ្នកអាច​នឹង​គិត ហើយមានអារម្មណ៍​យ៉ាងណា ខណៈ​ដែល​ប្អូនប្រុស​​របស់អ្នក​បាន​វង្វេង​បាត់នោះ ?

  • ហេតុអ្វី​ក៏វា​លំបាក​ចំពោះ​អ្នក​ដើម្បី​រីករាយ​ចំពោះ​ការ​ត្រឡប់មកវិញរបស់​ប្អូន​ប្រុសអ្នក?

  • តើមាន​ពរជ័យអ្វីខ្លះ ​ដែលអ្នកបានទទួល​ចំពោះ​ការ​មានភាព​ស្មោះត្រង់ចំពោះ​ឪពុករបស់អ្នក ?

ចូរ​សួរ​សិស្ស​អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​នៅក្នុង​កូឡោន​ទីបី (លូកា ១៥:១១-៣២​) នៃ​តារាង​នៅលើ​ក្ដារខៀន​ ឬ​នៅ​លើ​ក្រដាស​ចែកចាយ​ដំបូង​គេ ។ សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ឬ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់ពួកគេ​នៅ​លើ​ក្រដាស​ចែកចាយ​របស់ពួកគេ ។

  • ហេតុអ្វី​ក៏​កូនប្រុសខ្ជះខ្ជាយ​បានវង្វេង ? ( ផ្ទុយគ្នាចំពោះ​រឿងចៀម និងកាក់ ​ពី​រឿង​​កូន​ប្រុស​ខ្ជះខ្ជាយ​ដែល​បាន​វង្វេង​ដោយសារ​តែ​ការបះបោរ​របស់គាត់ផ្ទាល់ ) ។

  • កាលបាន​យល់ដឹង​ថា​ឪពុកនៅក្នុង​រឿង​ប្រៀបធៀប​នេះ​តំណាង​ឲ្យព្រះវបិតាសួគ៌ តើ​យើងអាចរៀនអ្វីខ្លះអំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ចំពោះ​អ្នកទាំង​ឡាយ​ដែល​ត្រឡប់មករក​ទ្រង់​ដោយការ​ប្រែចិត្ត​នោះ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ប្រសិនបើ​យើង​ត្រឡប់ទៅរក​ព្រះវរបិតា​សួគ៌​តាមរយៈ​ការ​ប្រែចិត្ត និង​ការ​ស្វែងរក​ការអភ័យ​ទោស​របស់ទ្រង់ នោះ​ទ្រង់​នឹង​រីករាយ ហើយ​ស្វាគមន៍​យើង​ឲ្យត្រឡប់មក​ក្នុង​​ព្រះហស្ត​លាត​ត្រដាង​របស់ទ្រង់វិញ ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារខៀន ) ។

  • តើ​គោលការណ៍​នេះ​អាចជួយអ្នកទាំងឡាយ​ដែល​មាន​អារម្មណ៍​ថា​បានវង្វេង​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅក្នុង​រូបភាពដ៏ទន់ភ្លន់​នៃ​ភាព​អន្ទះសារ​របស់​ក្មេង​ប្រុសនេះ ឪពុក​ស្មោះត្រង់​បាន​រត់​ទៅជួប​នឹង​គាត់ ហើយ​ការឱបថើប​គាត់ គឺជា​ទិដ្ឋភាព​ដ៏​រំជួល​​ចិត្ត និង ​មានក្ដី​ករុណា​បំផុត​មួយ​នៅ​ក្នុង​បទគម្ពីរ​ទាំងអស់ ។ រឿង​នេះ​ប្រាប់ថា កូនទាំងអស់​របស់ព្រះ ទាំង​កូន​ដែល​វង្វេង​ផ្លូវ ឬ​អ្វី​ផ្សេង​ទៀត ថា​ព្រះ​ចង់​ឲ្យ​យើង​ត្រឡប់​ទៅ​រកព្រះហស្ត​ការពារ​របស់ទ្រង់​ខ្លាំង​ប៉ុណ្ណា » (​«The Other Prodigal »Ensignខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៦២ ) ។

សូម​រំឭក​សិស្ស​អំពី​បងច្បង​នៅក្នុង​រឿង​ប្រៀបធៀប ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា​បងច្បង​ខឹង ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​ពីយោបល់​ស្ដីអំពី​មូលហេតុ​ដែល​បងច្បង​ខឹង ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« កូន​ប្រុស​រូប​នេះ​ពុំ​ខឹង​ខ្លាំង​ដែលប្អូនប្រុស​ដែលបាន​មកផ្ទះវិញ ដូចជា​គាត់​ខឹង​នឹង​ឪពុក​ម្ដាយ​គាត់​ដែល​រីករាយ​យ៉ាង​ខ្លាំង​អំពីរឿងនោះ ។ ចំពោះ​​អារម្មណ៍​ដែល​ថា​គេ​ពុំ​ដឹងគុណ ហើយប្រហែលជា​អាណិត​ខ្លួនឯង​ច្រើនបន្ដិចនេះ ​កូនប្រុស​ដែល​ធ្វើ​កាតព្វកិច្ច​របស់គាត់​នេះ—ហើយគាត់គឺជាអ្នក​ធ្វើ​កាតព្វកិច្ច​ដ៏អស្ចារ្យ—បានភ្លេច​អំពី​គ្រា​មួយ ដែល​គាត់​ពុំ​ធ្លាប់​ដឹង​ពីភាពអាក្រក់ ឬ​ភាពអស់​សង្ឃឹម ភាពភ័យខ្លាច ឬ​ការ​ស្អប់ខ្ពើម​ខ្លួន​ឯង ។ គាត់បានភ្លេច​នូវគ្រា​មួយ​ដែលថា​គោគ្រប់ក្បាល​នៅក្នុង​ក្រោល ហើយ​ក៏ដូចជា​ខោអាវ​ក្នុងទូ និង​ចិញ្ចៀន​នៅក្នុង​ថតតុ​ទាំងអស់ផងដែរ គឺជា​របស់​ផង​គាត់រួចទៅហើយ​នោះ ។ គាត់បាន​ភ្លេច​គ្រា​មួយ​ដែល​ភាព​ស្មោះត្រង់របស់គាត់​បាន ហើយ​នឹង​ត្រូវ​បាន​ផ្ដល់រង្វាន់​ជានិច្ច ។ …

គាត់​ពុំ​ទាន់​មានចិត្តករុណា និង ​ក្ដី​មេត្តា​នៅឡើយ​ទេ ដែលវា​ជា​ដង្ហើមនៃ​ក្ដី​សប្បុរសធម៌​នៃ​ចក្ខុវិស័យ​ដើម្បី​មើលឃើញ​ថានេះ​ពុំមែនជា​ការត្រឡប់មកវិញ​ដើម្បីប្រកួត​ប្រជែង​នោះទេ ។​ នោះគឺជា​ប្អូនប្រុស​របស់គាត់ ។ …

« ច្បាស់ណាស់ ប្អូនប្រុស​នេះ ធ្លាប់ជា​អ្នកមានទោស—ជា​អ្នកទោស​នៃ​អំពើបាប ភាព​ល្ងិតល្ងង់ និង ​នៅក្នុងទ្រុង​ជ្រូក ។ ប៉ុន្តែបងប្រុស​បានរស់ នៅក្នុង​ការជាប់ឃុំ​ខ្លះៗ​ផងដែរ ។ ពីព្រោះ គាត់ពុំទាន់អាច​ដោះលែង​ខ្លួនគាត់ពីការជាប់ឃុំឃាំង ។ គាត់​ត្រូវ​បាន​លង​បន្លាច​ដោយអសូរកាយ​ភ្នែក​បៃតង​នៃ​ភាពច្រណែន » (« The Other Prodigal » ទំព័រ ៦៣ ) ។

  • ស្របតាម​អែលឌើរ ហូឡិន ហេតុអ្វី​ក៏​បងប្រុស​ច្បង​ខឹង ?

  • តើ​យើងចាំបាច់​ត្រូវ​ធ្វើអ្វីខ្លះ ដើម្បីចងចាំ​គ្រា​ដែល​យើង​មើល​ឃើញ​ព្រះ​ប្រកប​ដោយក្ដីមេត្តាករុណា ហើយ​បាន​ប្រទានពរ​ដល់អ្នកទាំងឡាយ​ដែល​ប្រែចិត្ត ហើយត្រឡប់​មកទ្រង់វិញ​នោះ ?

  • តើ​គោលការណ៍អ្វីខ្លះ ដែលយើងអាច​រៀន​មកពី​រឿង​ប្រៀបធៀបនេះ អំពីការ​ប្រែក្លាយ​ឲ្យកាន់តែ​ដូចជា​ព្រះវ​របិតាសួគ៌​របស់​យើង ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ យើង​អាច​ប្រែក្លាយកាន់តែដូចជា​ព្រះវរបិតាសួគ៌​របស់​យើង ដោយការ​ឆ្លើយតប​ដោយ​ក្ដីមេត្តាករុណា និង ​ក្ដីអំណរ នៅពេលអ្នកដទៃប្រែចិត្ត) ។

ចូរ​រំឭក​គោលការណ៍​ដែល​សិស្ស​បាន​រៀនមកពីរឿង​ប្រៀបធៀប​នៅក្នុង​លូកា ១៥ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពន្យល់​អំពី​របៀប​ដែល​ពួកគេ​អាច​នឹង​ប្រើ​គោលការណ៍​ទាំងនេះ​ដើម្បី​ឆ្លើយ​តប​ចំពោះ​ពួក​ផារិស៊ី និង ​ពួកអាចារ្យ​ដែលបានរអ៊ូរទាំ នៅពេល​ព្រះយេស៊ូវ​បាន​​​ទទួលទាន​ជាមួយ​នឹង ពួក​មនុស្ស​មានបាប ។

ចូរ​រំឭកសិស្ស​អំពី​មនុស្ស​ដែលពួកគេបានគិតដល់ នៅពេល​ចាប់​ផ្ដើម​ថ្នាក់ ដែល​អាច​នឹង​វង្វេង​ខាង​វិញ្ញាណ ។ សូម​លើក​ទឹកចិត្ត​ដល់ពួកគេ​ឲ្យពិចារណា​ប្រកប​ដោយការ​អធិស្ឋាន​អំពី​របៀប​ដែលពួកគេ​អាច​ជួយ​មនុស្ស​នោះ​ប្រែចិត្ត ហើយខិត​មកកាន់តែជិត​ព្រះវរបិតាសួគ៌ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យសរសេរ​ចម្លើយ​​ ឆ្លើយនឹង​សំណួរ​នេះ​ចូល​​ក្នុង​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់​ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ៖

  • តើ​វិធីមួយ​ដែលអ្នកនឹង​អនុវត្តនូវ​អ្វី​ដែល​អ្នកបាន​រៀន​នៅ​ថ្ងៃ​នេះ គឺជាអ្វី ?

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ១៥។ « រឿង​ប្រៀបធៀប​អំពីការ​វង្វេង​បាត់ »

រឿង​ប្រៀបធៀបបាន​កត់ត្រា​នៅក្នុង​លូកា ១៥គឺ​ជា​ចម្លើយ​របស់ព្រះអង្គសង្គ្រោះ​ទៅ​កាន់​ពួកផារិស៊ី និង ​ពួកអាចារ្យ បន្ទាប់ពី​ពួកគេ​បាន​ដាក់ទោស​ទ្រង់​ចំពោះ​ការ​ទទួលទានអាហារ និង​ការ​ផឹក​ជាមួយ​នឹង​ពួក​មនុស្ស​មាន​បាប ។ ដូច​បាន​មើល​ឃើញ​នៅក្នុង​បរិបទ​នេះ រឿង​ប្រៀបធៀប​ទាំងនេះ​ពុំ​មាន​តែ​ជាពាក្យ​នៃ​ក្ដីសង្ឃឹម​សម្រាប់​មនុស្ស​មានបាប​ប្រែចិត្ត​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​មាននូវការ​ស្ដី​បន្ទោស​ខ្លាំងៗ​ទាស់នឹង​ភាព​សុចរិត​តែ​ខ្លួន​ឯង​ផងដែរ ។ ការ​ស្ដីបន្ទោស​នេះ អាច​មើល​ទៅ​ហាក់ដូចជា​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ព្រះអង្គសង្គ្រោះ មានក្ដីអំណរ​កាន់តែច្រើន​នៅស្ថានសួគ៌​ចំពោះ​មនុស្ស​មានបាប​ ដែល​ប្រែចិត្ត​ម្នាក់ ជាង​មនុស្ស ៩៩ នាក់​ដែល​ពុំ​ត្រូវការ​ការ​ប្រែ​ចិត្ត ។ សេចក្ដី​យោង​របស់ព្រះអង្គសង្គ្រោះចំពោះ « ជាជាង​មនុស្សសុចរិត ​ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត » (​លូកា ១៥:៧​​) តែពុំ​បានឲ្យ​យោបល់​ដល់​ពួក​ផារិស៊ី និង ពួកអាចារ្យថា​ពុំ​ចាំបាច់​ត្រូវការ​ប្រែចិត្តនោះទេ ។ ប៉ុន្តែ​វា​គឺជា​ភាពវាងវៃ​មួយ​ដែល​តំណាង​ឲ្យ​ការលើក​តម្កើង​ដោយអំនួត​តែ​ខ្លួន​ឯង​របស់ពួកផារិស៊ី និង​ពួកអាចារ្យ និង ​ការ​ពុំ​បាន​ទទួល​ស្គាល់​នូវ​តម្រូវការ​ដើម្បី​ប្រែចិត្ត​ខ្លួន​គេ​នោះ ។ ការថ្កោលទោស​មួយទៀតគឺ​ចំពោះអាកប្បកិរិយា​របៀប​នេះ អាច​មើល​ទៅ​ហាក់​ដូចជា​នៅក្នុង​ទង្វើ​​របស់​បងប្រុស នៅក្នុង​រឿង​ប្រៀបធៀប​នៃ​រឿង​កូន​ប្រុស​ខ្ជះខ្ជាយ ។ ដូចជា​ពួក​ផារិស៊ី និង ​ពួកអាចារ្យ ដែលបាន​រអ៊ូរទាំ​នៅ​ពេល​ព្រះយេស៊ូវ​បាន​ទទួល​មនុស្ស​មានបាប នោះ​បង​ប្រុស​នៅក្នុង​រឿងប្រៀបធៀប​នោះ​បាន​មានប្រតិកម្ម​ដោយ​ការ​ខឹង​សម្បារ​ចំពោះ​ការលើកតំកើង​ខ្លួន​ឯង ជាជាង​មានចិត្ត​មេត្តាករុណា​​ពេល​ដែល​ឪពុក​របស់​ខ្លួន​បាន​ស្វាគមន៍​ប្អូន​ប្រុស​ដែល​វង្វេង​នោះ​ត្រឡប់មកវិញ ។

លូកា ១៥:១-៣២។ ចៀម កាក់ និង​ កូនប្រុស​ខ្ជះខ្ជាយ បាន​ត្រូវ​វង្វេង​តាម​របៀប​ផ្សេង

ប្រធាន​ ដាវីឌ អូ មិកឃេ បាន​មានប្រសាសន៍​អំពី​មូលហេតុ​ដែល​មនុស្ស​មួយចំនួន​បាន​ទៅ​ជា​វង្វេង ៖

« ខ្ញុំ​​ប្រាថ្នាចង់​​សំដៅ​ទៅលើ​ស្ថានភាព​ដែល​នាំ​ទៅ [ចៀម កាក់ និង​ កូនប្រុស​ខ្ជះខ្ជាយ ] ត្រូវ​បាន​វង្វេង​បាត់ ។ …

« ខ្ញុំ​សូម​សួរ​បងប្អូន​នា​រាត្រី​នេះ តើ​ចៀម​នោះ​បាន​វង្វេង​ដោយរបៀប​ណា ? គាត់​ពុំ​បាន​បះបោរ​ទេ ។ ប្រសិនបើ​អ្នក​មើល​តាម​ការ​ប្រៀបធៀប​នោះ ចៀម​កំពុង​ស្វែងរក​ជីវភាព​របស់​វា​នៅក្នុង​របៀប​ដ៏សមហេតុ​ផល​បំផុត ប៉ុន្តែ​ដោយ​ភាពល្ងិតល្ងង់ ប្រហែលជា​ដោយឥតដឹង​ខ្លួន វា​បាន​ធ្វើតាម​ការការទាក់ទាញ​នៃ​ទីវាល រំពឹង​នូវ​វាល​ស្មៅកាន់តែ​ខៀវខ្ចី រហូត​ដល់​វា​បាន​ចេញ​ទៅ​ក្រៅ​ហ្វូង ហើយ​បាន​វង្វេង​បាត់ ។

« ដូច្នេះ​យើង​មានអ្នក​ទាំងឡាយ​ដែល​នៅក្នុង​សាសនា​ចក្រ ទាំង​យុវជន និង​ យុវនារី ដែល​បាន​វង្វេង​ចេញ​ពី​ហ្វូង​តាមរបៀបសមហេតុ​ផល​បំផុត ។ ពួកគេ​កំពុង​ស្វែងរក​ភាព​ជោគជ័យ ភាពជោគជ័យ​នៅ​ក្នុងជំនួញ ជោគជ័យនៅក្នុង​អាជីព​របស់ពួកគេ ហើយ​ពីមុនពេល​ពួកគេ​បានឈប់​មាន​ចំណាប់អារម្មណ៍​ទៅលើ​សាសនាចក្រ ហើយ​​ទីបំផុត​ត្រូវ​បាន​កាត់​ផ្ដាច់​ចេញពី​ហ្វូង ពួកគេ​បាន​វង្វេង​ចេញពី​ផ្លូវ​នៃភាពជោគជ័យ​ពិត​ប្រាកដ ប្រហែលជា​ដោយ​ភាព​ឆោតល្ងង់ ប្រហែលជា​ដោយ​ឥតដឹង​ខ្លួន នៅក្នុង​ករណី​មួយ​ចំនួន ប្រហែលជា​ទៅដោយស្ម័គ្រចិត្ត ។ ពួកគេ​បានមើល​មិនឃើញ​នូវ​អ្វី​ដែល​បង្កើត​ឲ្យ​មាន​ជោគ​ជ័យពិត ។ …

« នៅក្នុង [ ករណី​នៃ​កាក់​ដែលបាត់ ] វត្ថុ​ដែលបាត់ ពុំ​មែនជា​ទំនួលខុសត្រូវ​របស់​វា​នោះទេ ។ អ្នកដែល​បាន​ទុកចិត្ត​ឲ្យ​ទទួលកាក់​នោះ ដោយ​សារ​តែ​ការ​មិន​យកចិត្តទុកដាក់ ឬ​ដោយ​ការ​ធ្វេសប្រហែស បាន​​ធ្វើ​ឲ្យបាត់ ឬ​ធ្លាក់​វា​បាត់ ។ វា​មាន​ភាព​ខុសគ្នាមួយរវាង​រឿង​ទាំងនេះ ហើយ​នេះ​គឺជារឿងមួយនៃ​រឿង​ទាំង​​បី ដែលខ្ញុំគិត​ថា​អនុវត្ត​ចំពោះ​យើង​នា​យប់នេះ ។ ការទទួលខុសត្រូវ​របស់​យើង មិនគ្រាន់តែកាក់​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ព្រលឹង​រស់នៃ​កុមារ​តូចៗ យុវវ័យ និង ​មជ្ឈិមវ័យ​ទាំងអស់ ។ យើង​ទទួលខុសត្រូវ​ចំពោះពួកគេ ។ ពួកគេមួយចំនួន​អាច​នឹង​វង្វេង​នៅយប់នេះ ដោយសារ​តែការ​ធ្វេសប្រហែស​របស់​គ្រូបង្រៀន​តាម​ផ្ទះ​ក្នុងវួដ ។ …

« [ ស្ដីពី​កូនប្រុស​ខ្ជះខ្ជាយ ៖ ] នេះគឺជា​ករណីដែល​ជា​ឆន្ទៈ​របស់​បុគ្គល នេះ​គឺជាការ​ជ្រើសរើស ជាការ​ជ្រើសរើស​ដោយ​សេរី ។ តាមរបៀប​មួយ ដែល​នេះគឺជា​ការបះបោរ​ទាស់​នឹង​សិទ្ធិអំណាច ។ ហើយ​តើ​គាត់ធ្វើអ្វីខ្លះ ? គាត់បាន​ចំណាយទ្រព្យសម្បត្តិ​របស់គាត់​នៅ​ក្នុងការ​រស់​នៅ​ដែល​វឹកវរ គាត់បាន​ចំណាយ​ទ្រព្យ​របស់​គាត់​ជាមួយ​នឹង​ពួក​សំផឹង ។ នោះគឺជា​របៀប​ដែល​ពួកគេ​បាន​វង្វេង ។

« យុវវ័យ​ដែល​បាន​ចាប់ផ្ដើម​ផ្ដេក​ផ្ដួល​តាម​​តម្រេក និង​ តណ្ហា​របស់ពួកគេ គឺ​ស្ថិត​នៅលើ​ផ្លូវ​ទៅរក​ការ​ក្បត់​សាសនា​ ប្រាកដ​ដូចជា​ព្រះអាទិត្យរះ​នៅ​ទិស​ខាង​កើត​ដូច្នោះ​ដែរ ។ ខ្ញុំ​ពុំ​គ្រាន់តែ​និយាយ​ទៅកាន់​យុវវ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថ្លែង​ទៅ​គ្រប់បុរស ឬ​ស្ត្រី ដែល​ចាប់​ផ្ដើម​ស្ថិត​នៅលើ​ផ្លូវ​នៃ​ការ​រស់​នៅក្នុងជីវិត​អសីលធម៌ នឹង​បំបែក​ខ្លួន​គាត់​ចេញពី​ហ្វូង ក៏ដូចជា​ភាពងងឹត​មកតាម​​ពីក្រោយ​ថ្ងៃ​លិច​ដោយពុំអាច​ចៀសពុំ​រួច​ដូច្នោះ​ដែរ » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៤៥ ទំព័រ ១២០, ១២១-២២, ១២៣ ) ។

លូកា ១៥:១-៣២។ ព្រះយេស៊ូវ​ប្រទាន​រឿង​ប្រៀបធៀប​អំពី​ចៀម​ដែលបាត់ កាក់​ដែលបាត់​ និង​ រឿង​កូនប្រុស​ខ្ជះខ្ជាយ

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​សរសេរ ៖

« រឿង​ប្រៀបធៀប​ទាំងបី … គឺជា​ការ​បង្ហាញ​មួយ​អំពីអំណរ​ដែល​មាននៅស្ថានសួគ៌​ចំពោះ​ការស្រោចស្រង់ព្រលឹង​មក​វិញ ក្នុងចំណោម​ព្រលឹង​​ដែល​បាន​វង្វេង មិនថា​ព្រលឹង​នោះ​ត្រូវ​បាន​តំណាង​ដ៏ល្អបំផុត​ដោយ​សត្វ​ចៀម​មួយក្បាល​ដែលបាន​វង្វេង​ចេញ​ទៅឆ្ងាយ ជាកាក់​មួយ​ដែល​បាន​ធ្លាក់​បាត់ឈឹងដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​មើល​ថែរ ឬ​កូនប្រុស​ម្នាក់​ដែល​​នឹង​ជ្រើសរើស​បំបែក​ខ្លួន​គាត់​ពី​ផ្ទះ និង ពី​ស្ថានសួគ៌​ ។ គ្មាន​ការ​ដោះសារ​ចំពោះ​ការ​ស្មាន​ថា មនុស្ស​មានបាប​ដែលប្រែចិត្ត​ត្រូវ​បានទទួល​អាទិភាព​ខ្ពស់​​ជាង​ព្រលឹង​ដែលសុចរិត​មួយ ដែល​បាន​តស៊ូ​​នឹង​អំពើ​​បាប​នោះទេ ។ … ទោះជា​អំពើបាប​គឺជា​រឿង​ដែល​គួរ​ស្អប់​ខ្ពើម​​ក្ដី ក៏​មនុស្ស​មានបាប​នៅ​តែ​មាន​តម្លៃ​ចំពោះព្រះនេត្រ​របស់ព្រះបិតា​ដែរ ដោយសារ​តែ​លទ្ធភាព​នៃ​ការ​ប្រែចិត្ត​របស់គាត់ ហើយ​ត្រឡប់មក​រក​ភាព​សុចរិត​វិញ​នោះ ។ ការ​បាត់បង់​ព្រលឹង​គឺជា​ការបាត់បង់​ដ៏ពិតជាក់ស្តែង និង​ដ៏​ធំ​នៅ​ចំពោះ​ព្រះ ។ ទ្រង់​បាន​ឈឺចាប់ ហើយ​បានសោកសង្រែងព្រះទ័យ ដ្បិត​ទ្រង់​ពុំ​ចង់​ឲ្យ​ព្រលឹង​ណា​មួយត្រូវ​​វិនាស​ឡើយ » ( ​Jesus the Christ បោះពុម្ព​លើកទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៤៦១ ) ។

លូកា ១៥:៣-៧។ ចៀម​ដែល​វង្វេង

« ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥-៤៤ ) បាន​មាន​ប្រសាសន៍​ថា ការ​បកប្រែ​មួយ​នៃ​រឿង​ប្រៀបធៀប​គឺ​ថា ‹ ចៀម​មួយរយ គឺ​តំណាង​ឲ្យ​ពួក​សាឌូស៊ី​ និង​ ពួក​ផារិស៊ី​ចំនួន​មួយរយ​នាក់ › ហើយ​ដោយសារ​ពួកគេ​ពុំ​ទទួល​យក និង​ ពុំ​ដើរតាម​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ នោះ​ទ្រង់​នឹង​ចេញ​ពី​ហ្វូង​ចៀម​ទាំងនោះ ដើម្បីស្វែងរក​ ‹ បុគ្គល​មួយ​ចំនួន ឬ​ពួក​អ្នកយក​ពន្ធ​ក្រីក្រម្នាក់ ដែល​ពួកផារិស៊ី​ និង​ ពួក​សាឌូស៊ី​បាន​​ស្អប់នោះ​វិញ › ។ នៅពេល​ទ្រង់​រក​ឃើញ​ ‹ ចៀម​ដែល​វង្វេង​នោះ › ដែលបាន​ប្រែចិត្ត ហើយ​ទទួល​យកទ្រង់ នោះ​ពួកគេ​នឹង​មាន​ ‹ អំណរ​នៅ​ស្ថានសួគ៌ › ( នៅក្នុងHistory of the Church៥:២៦២ ) ។ ការ​បកប្រែ​នេះ ជួយយើង​យល់​ថា ព្រះបន្ទូលរបស់ព្រះអង្គ​សង្គ្រោះ គឺ​ជាការ​ស្ដីបន្ទោស​ដើម្បីជួយ​ឲ្យពួក​ផារិស៊ី និង ​ពួកអាចារ្យ​បាន​ទទួលស្គាល់​ថា​ខ្លួន​ពួកគេ​ចាំបាច់​ត្រូវ​ប្រែ​ចិត្ត ដ្បិត​ព្រះអម្ចាស់​បញ្ជា​ឲ្យ ‹ ​មនុស្សទាំង​អស់ទោះនៅ​ទី​ណា​ក៏ដោយ​ ឲ្យ​ប្រែចិត្ត​ › (គ និង ស ១៣៣:១៦​សូមមើល​ផងដែរ រ៉ូម ៣:២៣,យ៉ូហានទី ១ ១:៨,គ. និង ស. ១៨:៩, ៤២) » (New Testament Student Manual Church Educational System manual ឆ្នាំ​2014 ]ទំព័រ ១៦៨–៦៩) ។

លូកា ១៥:១១-៣២ ។ « កូនប្រុស​ខ្ជះខ្ជាយ »

យោងទៅលើ​រឿងប្រៀបធៀង​នៃ​កូនប្រុស​ខ្ជះខ្ជាយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ជម្រុញ​ទឹកចិត្ត ៖

« ខ្ញុំ​សូម​ឲ្យ​អ្នករាល់គ្នា​អាន​រឿងនោះ ។ ឪពុក​ម្ដាយ​គ្រប់រូប​គប្បី​អាន​វា​ម្ដង​ហើយ​ម្ដងទៀត ។ វា​ល្មម​គ្រប់គ្រាន់​ដើម្បីអនុវត្ត​​គ្រប់​ក្រុមគ្រួសារ និង​គ្រប់​មនុស្សជាតិ ដ្បិត​តើ​យើងទាំងអស់​គ្នា​ពុំ​មែនជា​កូន​ប្រុស និង​ កូនស្រី​​ខ្ជះខ្ជាយ​ទាំងអស់​គ្នាទេ​ឬអី ដែល​ចាំបាច់​ត្រូវ​ប្រែចិត្ត ហើយ​ទទួល​ទាន​នូវ​ការ​អភ័យទោស​ដោយ​ក្ដី​ករុណា​ពីព្រះវរបិតាសួគ៌​របស់​យើង បន្ទាប់មក​ធ្វើតាម​គំរូ​របស់ទ្រង់នោះ ? » (« Of You It Is Required to Forgive »​Ensignខែ មិថុនា ឆ្នាំ ១៩៩១ ទំព័រ ៥ ) ។

ប្រធាន​ ហ៊ីងគ្លី ក៏​បាន​មាន​ប្រសាសន៍​ផងដែរថា ៖

« ​យើងមួយចំនួន​ដែលជា​សមាជិក​នៃសាសនា​ចក្រ … បាន​ស្រែក​ដោយ​ការ​ឈឺចាប់ ការ​រងទុក្ខ ​ភាព​ឯកោ និង​ ភាពភ័យខ្លាច ។ កាតព្វកិច្ច​ដ៏​អស្ចារ្យ និង​ ឧឡារិក​មួយ​របស់​យើង​ដើម្បី​ឈោង​​ទៅជួយ​ពួកគេ ដើម្បី​លើក​ពួកគេ ដើម្បី​បីបាច់​ពួកគេ​ប្រសិន​បើ​ពួកគេ​ស្រេក​ឃ្លាន ដើម្បី​ចិញ្ចឹម​វិញ្ញាណ​របស់ពួកគេ ប្រសិន​បើ​ពួកគេ​ស្រេកឃ្លាន​សេចក្ដីពិត និង ​សេចក្ដីសុចរិត ។ …

« … មានអ្នកទាំងឡាយ​ដែល​ធ្លាប់​មានភាពកក់ក្តៅ​​នៅក្នុង​សេចក្ដីជំនឿ ប៉ុន្តែ​សេចក្ដីជំនឿ​បាន​ប្រែទៅជាទន់​ខ្សោយ ។ ពួកគេ​ជា​ច្រើន​ចង់​ត្រឡប់មកវិញ ប៉ុន្តែ​ពុំ​ដឹង​ពី​របៀប​ដើម្បី​ត្រឡប់មកវិញ ។ ពួកគេ​ត្រូវការ​ដៃ​ឈោង​ទៅជួយពួកគេ​ដោយ​ភាព​រាក់ទាក់ ។ ដោយ​ការ​ខិតខំខ្លះៗ ពួកគេ​ជាច្រើន​អាច​ត្រូវ​បាន​នាំ​ត្រឡប់មកទទួល​ទាន​អាហារ​នៅ​តុ​របស់ព្រះអម្ចាស់​ជា​ថ្មីម្ដងទៀត ។

« បងប្អូនប្រុសស្រី​ ខ្ញុំ​សង្ឃឹម ហើយ​អធិស្ឋាន​ថា យើង​ម្នាក់ៗ … នឹង​មាន​ដំណោះ​ស្រាយ​ដើម្បី​ស្វែងរក​ជន​ដែល​ត្រូវការ​ជំនួយ ជន​ដែល​ឯកោ ហើយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក ហើយ​លើក​ពួកគេ​ឡើង​នៅ​ក្នុង​វិញ្ញាណ​នៃ​សេចក្ដី​ស្រឡាញ់ចូល​ទៅ​ក្នុង​ការ​ឱបក្រសោប​នៃសាសនា​ចក្រ ជា​ទីកន្លែង​ដែល​មាន​ដៃ​ដ៏​រឹង​មាំ និង​ចិត្តដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​កក់ក្ដៅ លួងលោម​ពួកគេ គាំទ្រ​ពួកគេ ហើយ​ដាក់​ពួកគេ​នៅ​លើ​ផ្លូវ​នៃ​ជីវិត​រីករាយ ហើយ​មានន័យ »(« Reach with a Rescuing Hand » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦ ទំព័រ ៨៦) ។