បណ្ណាល័យ
មេរៀនទី ១៣៩ ៖​ ហេព្រើរ ១២-១៣


មេរៀនទី ១៣៩

ហេព្រើរ ១២-១៣

សេចក្ដីផ្ដើម

ប៉ុល​បាន​ទូន្មាន​សមាជិក​សាសនាចក្រ​ដែល​ជា​សាសន៍​យូដា​ ឲ្យ​ដើរ​នៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស​ដោយ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​ក៏​បាន​ពន្យល់​អំពី​ពរជ័យ​នៃ​ការ​ទទួល​ការ​ផ្ចាញ់​ផ្ចាល​របស់​ព្រះអម្ចាស់ ។ ប៉ុល​បាន​ដាស់​តឿន​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ ដើម្បី​ពួកគេ​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

កំណត់ចំណាំ ៖មេរៀន​ទី ១៤០ ផ្ដល់​នូវ​ឱកាស​មួយ​សម្រាប់​សិស្ស​ពីរនាក់ឲ្យ​​ឡើង​មក​បង្រៀន ។ សូម​ជ្រើស​រើស​សិស្ស​ពីរនាក់​ទុក​ជា​មុន ហើយ​ចម្លង​ឲ្យ​ពួកគេ​នូវ​ផ្នែក​​ដែល​បាន​ចាត់​ឲ្យ​ពួកគេ​​បង្រៀន​នៅ​ក្នុង​មេរៀន​ទី ១៤០ ដើម្បី​ឲ្យ​ពួកគេ​អាច​ត្រៀម​ខ្លួន ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​សិក្សា​មេរៀន​នោះ​ប្រកប​ដោយ​ការ​អធិស្ឋាន ហើយ​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ការ​រៀប​ចំខ្លួន​ពួកគេ​ដើម្បី​បង្រៀន ។

យោបល់​សម្រាប់​ការបង្រៀន

ហេព្រើរ ១២

ប៉ុល​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ដើរ​នៅ​លើ​ផ្លូវ​នៃ​ជីវិត​នេះ​ដោយ​សេចក្ដី​ជំនឿ និង​ការ​អត់ធ្មត់

រូបភាព
drawing, runner

សូម​គូរ គំនូរ ​បន្ទាត់​​ដ៏សាមញ្ញ​មួយ​​នៃ​អ្នក​រត់​ប្រណាំង​នៅ​លើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ពិពណ៌នា​អំពី​ការ​លំបាក​ដែល​អ្នក​រត់​ប្រណាំង​ម្នាក់​អាច​ជួប កាល​គាត់​រត់​នៅ​ក្នុង​ការ​ប្រកួត​ចម្ងាយ​ឆ្ងាយ​នោះ ។ ( អ្នក​ក៏​អាច​សួរ​ថា ​មាន​សិស្ស​ក្នុង​ថ្នាក់​ណា​ម្នាក់​ធ្លាប់​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ដែរ​ឬទេ រួចហើយ​សួរ​សិស្ស​ម្នាក់​ថា​នរណា​ទៅ​ដែល​មាន​ការ​លំបាក​ដែល​គាត់​បាន​ជួប កាល​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​មួយ ) ។

  • តើ​អ្វីទៅ​ដែល​អាច​លើក​ទឹក​ចិត្ត​អ្នក​រត់​ប្រណាំង​ម្នាក់​ឲ្យ​បន្ត​រត់ ទោះ​ជា​នៅ​ពេល​គាត់​ជួប​នឹង​ការ​អស់​កម្លាំង ឬ​ការ​លំបាក​ផ្សេង​ទៀត​ក្ដី ?

  • តើ​ជីវិត​ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប្រៀប​បាន​នឹង​ការ​ស៊ូទ្រាំ​ នៅ​ក្នុង​ការ​រត់ប្រណាំង​មួយ​យ៉ាង​ដូចម្ដេច ?

  • តើ​យើង​​ប្រហែលជាជួប​ការ​លំបាក​អ្វីខ្លះ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ឲ្យ​សិស្ស​គិត​អំពី​ការ​លំបាក​នានា​ដែល​ពួកគេ​ជួប ( ឬ​ធ្លាប់​ជួប )​ក្នុង​នាម​ជា​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​សិស្ស​សិក្សា ហេព្រើរ ១២ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​បន្ត​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ទោះ​ជា​នៅ​ពេល​វា​មាន​ភាព​លំបាក​ក្ដី ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ហេព្រើរ១២:១ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើលថា ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​ថា​ពួកគេ​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ដើរ​នៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស​ប្រកប​ដោយ​ជោគជ័យ ។

  • តើ​ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​ថា ​ពួកគេ​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ដើរ​នៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស​ប្រកប​ដោយ​ជោគជ័យ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឡើង​មក​ក្ដារខៀន ហើយ​ឲ្យ​គាត់​ស្ពាយ​កាបូប​ស្ពាយ​មួយ ។ សូម​យក​ដុំ​ថ្ម​ដាក់​នៅ​ក្នុង​កា​បូប​ស្ពាយ​នោះ រួចហើយ​សូម​ឲ្យ​សិស្ស​ពន្យល់​ថា ការ​ស្ពាយ​កាបូប​​ដែល​មាន​សុទ្ធ​តែ​ដុំ​ថ្ម​នឹង​ជះឥទ្ធិពល​ដល់​អ្នក​រត់​ប្រណាំង​ម្នាក់​យ៉ាង​ដូចម្ដេច ។

  • តើ​អំពើ​បាប​របស់​យើង​ប្រៀប​បាន​នឹង​កាបូប​ស្ពាយ​មួយ ​ដែល​មាន​សុទ្ធ​តែ​ដុំ​ថ្ម​នោះ​​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ដោះ​កាបូប​ស្ពាយ​នោះ​ចេញ ហើយ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​វិញ ។

  • តើ​ការ​ដើរ​នៅលើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស​ដោយ​ភាព​អត់ធ្មត់​មាន​ន័យ​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យអាន ហេព្រើរ១២:២-៤ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ​រក​មើលថា ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​បោះបង់​ចោល​អំពើ​បាប​របស់​ពួកគេ ហើយ​ស៊ូទ្រាំ​នឹង​ការ​ផ្ទុយ​ដោយ​អត់​ធ្មត់​នោះ ។ សូម​ពន្យល់​ថា ពាក្យ ធ្វើ​ទទឹង​ទទែង នៅ​ក្នុង ខ​ទី ៣ សំដៅ​ទៅ​លើ​ការ​បដិសេធ  ។

  • ដោយ​ផ្អែក​ទៅ​លើ​អ្វីដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ តើ​អ្វីទៅ​ដែល​អាច​ជួយ​យើង​ឲ្យ​បោះបង់ចោល​អំពើ​បាប​រ​បស់​យើង ហើយ​ស៊ូទ្រាំ​នឹង​ការ​ផ្ទុយ​ដោយ​អត់ធ្មត់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ពួកគេ​ស្គាល់​គោលការណ៍​មួយ​ស្រដៀង​គ្នា​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅ​ពេល​យើង​មើល​ទៅ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​រក​ឃើញ​កម្លាំង​ដើម្បី​បោះបង់​ចោល​អំពើ​បាប​របស់​យើង ហើយ​ស៊ូទ្រាំ​នឹង​ការ​ផ្ទុយ​ដោយ​អត់ធ្មត់ ) ។

  • យោង​តាម ខ​ទី ២តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វីខ្លះ ទើប​ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​ឲ្យ​មើល​ទៅ​ទ្រង់​ទុក​ជា​គំរូ ?

រូបភាព
ការឆ្កាង

សូម​ដាក់​បង្ហាញ​រូបភាព ការឆ្កាងGospel Art Book [ ឆ្នាំ ​២០០៩ ] ល.រ. ៥៧, សូមមើល​ផង​ដែរ LDS.org ) ហើយ​ពន្យល់​ថា ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​ថា ព្រះយេស៊ូវ​បាន​ព្រម​រង​ទុក្ខ​នឹង​សេចក្ដី​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង ហើយ​ស៊ូទ្រាំ​នឹង​ភាព​អាម៉ាស​នៃ​លោកិយ​នេះ ដោយ​សារ​ទ្រង់​បាន​ជ្រាប​អំពី​អំណរ​ដែល​ទ្រង់​នឹង​ទទួល​បាន ប្រសិន​បើ​ទ្រង់​បន្ត​ស្មោះត្រង់​ចំពោះ​​ព្រះ​វរបិតា​សួគ៌ ។

  • តើ​អ្នក​គិត​ថា ការយកគំរូតាម​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​បាន​យ៉ាង​ដូចម្ដេច កាល​យើង​​បាន​ជួប​ការរងទុក្ខ និង​​ឧបសគ្គ​ទាំងឡាយ​នោះ ?

សូម​ឲ្យ​សិស្ស​គិត​អំពី​ការ​ប្រឈម​នា​ពេល​បច្ចុប្បន្ន​របស់​ពួកគេ ហើយ​ថា​ការ​មើល​ទៅ​គំរូ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ​ពួកគេ​ជាមួយ​នឹង​ការ​ប្រឈម​ទាំងនោះ​យ៉ាង​ដូចម្ដេច ។

សូមអញ្ជើញឲ្យ​​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ថា ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ពួកគេ​ឲ្យ​បោះ​បង់​ចោល​អំពើ​បាប​របស់​យើង ហើយ​បន្ត​ដោយ​ភាព​អត់ធ្មត់​ដោយ​របៀប​ណា ។

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« ដើម្បី​ឲ្យ​ដង្វាយធួន​របស់​ទ្រង់​គ្មាន​ទីបញ្ចប់ ហើយ​មាន​ភាពអស់​កល្ប ទ្រង់​ត្រូវ​ទទួល​អារម្មណ៍​​ ពី​ការ​ដកពិសោធន៍ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណថា​តើ​សេចក្ដី​ស្លាប់​មាន​សភាព​បែបណា​ ដើម្បី​ញាណដឹង​ថាតើ​ការបាត់បង់​​ព្រះវិញ្ញាណ​នៃ​ព្រះ​​ដោយ​បន្សល់​ទុក​នូវ​អារម្មណ៍​ឯកោ​ទាំងស្រុង ហើយ​អស់​សង្ឃឹម​នោះ​មាន​សភាព​បែបណា​ដែរ ។

« ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ស៊ូទ្រាំ ។ ទ្រង់​បាន​បន្ត​ទៅ​មុខ ។ សេចក្ដី​ល្អ​នៅ​ក្នុង​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​សេចក្ដី​ជំនឿ​មាន​ជ័យ​ជំនះ ទោះជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ពោរពេញ​ដោយ​ការ​ឈឺចាប់​ដ៏​ខ្លាំង​ក្ដី ។ ការ​ទុកចិត្ត​ដែល​ទ្រង់​បាន​រស់​នៅ​តាម​បា​ន​ប្រាប់​ទ្រង់ ទោះ​ជា​ទ្រង់​មាន​ព្រះទ័យ​យ៉ាង​ណា​ក្ដី ថា​សេចក្ដី​មេត្តា​ករុណា​មក​ពី​ព្រះ​គឺ ពុំ​ផុត​រលត់​ឡើយ ថា​ព្រះ​គឺ​ស្មោះ​ត្រង់​ជានិច្ច ថា​ទ្រង់​ពុំ​គេច​ចេញ ឬ​ធ្វើ​ឲ្យ​យើង​បរាជ័យ​ឡើយ » ( « None Were with Him » EnsignLiahona ខែ​ ឧសភា ឆ្នាំ ​២០០៩ ទំព័រ ៨៨ ) ។

សូម​លើក​ទឹក​ចិត្ត​​សិស្ស​ឲ្យ​លះបង់​ពេលវេលា​ជា​រៀង​រាល់​ថ្ងៃ ប្រហែល​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ឲ្យ​មើល​ទៅ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ពួកគេ​អាច​រក​ឃើញ​កម្លាំង​ដើម្បី​បោះ​បង់​ចោល​អំពើ​បាប​​របស់​ពួកគេ ហើយ​ស៊ូទ្រាំ​ការ​ផ្ទុយ​ដោយ​អត់​ធ្មត់ ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ស្គាល់​អំពី​គោលការណ៍​មួយ​ទៀត​ដែល​ប៉ុល​បាន​បង្រៀន​នៅ​ក្នុង ហេព្រើរ ១២ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​គ្រា​មួយ​ដែល​មនុស្ស​ម្នាក់​បាន​កែ​តម្រូវ​ពួកគេ ។ សូម​ឲ្យ​ពួកគេ​រំឭក​ឡើង​វិញ​ថា ពួកគេ​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា​ដែរ​ចំពោះ​ការ​កែ​តម្រូវ​នោះ ។

  • ហេតុអ្វី​វា​ជា​រឿង​ដ៏​លំបាក​ដើម្បី​ទទួល​ការ​កែតម្រូវ​មក​ពី​មនុស្ស​ម្នាក់ ?

  • តើ​ហេតុផល​ណា​ខ្លះ​ដែល​អាច​គិត​ថា​មនុស្ស​​ប្រហែល​ជា​ចង់​កែតម្រូវ​អ្នក ជាពិសេស​នៅ​ពេល​មនុស្ស​ទាំងនោះ​ដឹង​ថា យើង​អាច​នឹង​ពុំ​ចូល​ចិត្ត​ការ​កែតម្រូវ​របស់​ពួកគេ​ឡើយ ?

សូម​ពន្យល់​ថា នៅ​ពេល​យើង​ដើរ​នៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស យើង​អាច​រំពឹង​ទុក​ដើម្បី​ទទួល​បាន​ការ​ផ្ចាញ់​ផ្ចាល ឬ​ការ​កែតម្រូវ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ហេព្រើរ ១២:៦-៩ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​នរណា​នឹង​កែតម្រូវ​យើង ហើយ​ហេតុអ្វី ។ នៅ​ក្នុង​បរិបទ​នេះ ពាក្យ កូន​ឥត​ខាន់​ស្លា នៅ​ក្នុង ខទី ៨ មាន​ន័យ​ថា ជា​មនុស្ស​ដែល​បាន​កើត​ចេញ​ពី​ឪពុក​ម្ដាយ​ពុំ​បាន​រៀបការ​នឹង​គ្នាតាមច្បាប់ ហើយ​ពុំ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កូន​ស្រប​ច្បាប់ឡើយ ។

  • តើ​នរណា​នឹង​កែតម្រូវ​យើង នៅ​ពេល​យើងរត់​ប្រណាំង​នៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស ?

  • យោង​តាម​ប៉ុល ហេតុអ្វី​ព្រះវរបិតា​សួគ៌​ផ្ចាញ់​ផ្ចាល ឬ​កែតម្រូវ​យើង ?

  • តើ​ការ​ផ្ចាញ់​ផ្ចាល​របស់​ព្រះវរបិតា​សួគ៌ ​គឺជា​ការ​បង្ហាញ​មួយ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​កូនចៅ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល ​៣០ វិនាទី សរសេរ​នៅ​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ អំពី​របៀប​មួយ​ចំនួន​​ដែល​ព្រះវរបិតា​សួគ៌​អាច​កែតម្រូវ​យើង ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​ធ្វើ​ឲ្យ​សិស្ស​យល់​ថា ទោះ​បី​ជា​ការ​ផ្ចាញ់​ផ្ចាល​អាច​កើត​ឡើង​ក្នុង​របៀប​ជាច្រើន​ក្ដី ក៏​រាល់​ការ​សាកល្បង ឬ​ការ​រងទុក្ខ​ដែល​យើង​ជួប​ពុំ​មែន​សុទ្ធ​តែ​មក​ពី​ព្រះ​នោះ​ទេ ។

  • នៅ​ក្នុង ខ​ទី ៩ តើ​ប៉ុល​បាន​និយាយ​ថា យើង​គួរ​ធ្វើ​អ្វីខ្លះ នៅ​ពេល​ព្រះវរបិតា​សួគ៌​កែតម្រូវ ហើយ​ផ្ចាញ់​ផ្ចាល​យើង​នោះ ?

  • តើ​ការ​ « ត្រូវ​ចុះ​ចូល » ឬ​ការ​ប្រតិបត្តិ​តាម​ព្រះវរបិតា​សួគ៌​មាន​ន័យ​ដូចម្ដេច ? ( ការ​មាន​ចិត្ត​រាបសា ងាយ​បង្រៀន ហើយ​ព្រម​​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ជីវិត​របស់​យើង​ឲ្យ​ស្រប​នឹង​ព្រះទ័យ​របស់​ទ្រង់ ) ។

សូម​សរសេរ​ឃ្លា​មិន​ពេញ​លេញដូច​​តទៅ​នេះ​នៅ​លើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​ចុះ​ចូល​នឹង​ការ​ផ្ចាញ់ផ្ចាល​មក​ពី​ព្រះវរបិតា​សួគ៌ នោះ​​យើង​នឹង …

សូម​ពន្យល់​ថា នៅ​ក្នុង ខ​ទី ១០ ប៉ុល​បាន​ទទួល​ស្គាល់​ថា ឪពុក​របស់​យើង​នៅ​លើ​ផែនដី​នេះ ពេល​ខ្លះ​អាច​នឹង​ផ្ចាញ់​ផ្ចាល​យើង​តាម​របៀប​ដែល​ពុំ​ត្រឹមត្រូវ ប៉ុន្តែ​ការ​ផ្ចាញ់​ផ្ចាល​របស់​ព្រះវរបិតា​សួគ៌​គឺ​ល្អ​ឥត​ខ្ចោះ ហើយ​បាន​រៀប​ចំ​ឡើងដើម្បី​ជា​​ប្រយោជន៍​របស់​យើង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ហេព្រើរ ១២:១០-១១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​តាម​រក​មើល​ថា ប៉ុល​បាន​បង្រៀន​ថា​នឹង​មាន​អ្វីខ្លះ​កើត​ឡើង​ប្រសិន​បើ​យើង​ចុះ​ចូល​នឹង​ការ​ផ្ចាញ់​ផ្ចាល​មក​ពី​ព្រះវរបិតា​សួគ៌ ។ សូម​ពន្យល់​ថា ឃ្លា « ដើម្បី​ឲ្យ​យើង​បាន​សេចក្តី​បរិសុទ្ធ​របស់​ទ្រង់ »​ នៅ​ក្នុង ខ​ទី ១០ សំ​ដៅ​ទៅ​លើ​ការ​ប្រែ​ក្លាយ​កាន់​តែ​ដូច​ជា​ទ្រង់ ។

  • តើ​ពាក្យ​របស់​ប៉ុល​នៅ​ក្នុង ខ​ទី ១១ បាន​ពិពណ៌នា​យ៉ាង​ណា​ខ្លះ​អំពី​អារម្មណ៍​ដែល​យើង​​ប្រហែលជាមាន នៅ​ពេល​យើង​ទទួល​បាន​ការ​ផ្ចាញ់​ផ្ចាល​លើក​ដំបូង ?

  • យោង​តាម ខ​ទី ១០–១១តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​ចុះ​ចូល​តាមការ​ផ្ចាញ់​ផ្ចាល​មក​ពី​ព្រះវរបិតា​សួគ៌ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ សូម​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន​ដូច​តទៅ ៖​ប្រសិន​បើ​យើង​ចុះ​ចូល​នឹង​ការ​ផ្ចាញ់​ផ្ចាល​មក​ពី​ព្រះវរបិតា​សួគ៌ នោះ​យើង​នឹង​ប្រែក្លាយ​កាន់​តែ​ដូចទ្រង់ ហើយ​មាន​សេចក្ដី​សុខសាន្ត​ដែល​កើត​​ចេញ​ពី​សេចក្ដី​សុចរិត ) ។

សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​មួយ​អំពី​ពេល​​​ដែល​អ្នក​បាន​ចុះ​ចូល​នឹង​ការ​ផ្ចាញ់​ផ្ចាល​មក​ពី​ព្រះវរបិតា​សួគ៌ ហើយ​មាន​អារម្មណ៍​ថា​មាន​ពរ​ដោយ​បាន​ធ្វើ​ដូច្នោះ ។ ( សូម​កុំ​ចែកចាយ​អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច ឬ​ផ្ទាល់​ខ្លួន​ខ្លាំង​ពេក ) ។ សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ​​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវ​បាន​ផ្ចាញ់​ផ្ចាល​ដោយ​ព្រះវរបិតា​សួគ៌ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​របៀប​ដែល​ពួកគេ​បាន​ឆ្លើយ​តប​នឹង​ការ​កែតម្រូវ​នោះ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សម្រេច​ចិត្ត​នៅ​ពេល​នេះ ដើម្បី​ចុះ​ចូល​នឹង​ការ​ផ្ចាញ់​ផ្ចាល​របស់​ព្រះវរបិតា​សួគ៌​ ដែល​ពួកគេ​អាច​នឹង​ទទួល​បាន​នៅ​ពេល​អនាគត ។

សូម​សង្ខេប ហេព្រើរ ១២:១២–២៩ ដោយ​ពន្យល់​ថា ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​​បរិសុទ្ធ​ឲ្យ​ពង្រឹង​សមាជិក​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​នៅ​ក្នុង​សេចក្ដី​ជំនឿ ។ សូម​ដាស់​តឿន​ពួកគេ​ឲ្យ​ចៀស​វាង​ពី​អំពើ​បាប ដើម្បី​កុំ​ឲ្យ​ពួកគេ​បាត់​សិទ្ធិ​ទទួល​បាន​ពរជ័យ​របស់​ព្រះ​ដូចជា អេសាវ និង​កូនចៅ​នៃ​អ៊ីស្រាអែល​នៅ​លើ​ភ្នំ​ស៊ីណាយ ។ ប៉ុល​បាន​ពន្យល់​ថា ពួក​បរិសុទ្ធ​ដែល​បន្ត​ស្មោះ​ត្រង់ ហើយ​បម្រើ​ព្រះ​នឹង​ទទួល​បាន​សិរីល្អ​ដែល​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន និង​​ទទួល​បាន​កន្លែង​មួយ​នៅ​ក្នុង​នគរ​របស់​ទ្រង់ ។

ហេព្រើរ ១៣

ប៉ុល​ផ្ដល់​ការ​ទូន្មាន​ផ្សេងៗ​គ្នា​ដល់​ពួក​បរិសុទ្ធ

សូម​ពន្យល់​ថា ប៉ុល​បាន​បញ្ចប់​សំបុត្រ​រ​បស់​លោក​ដល់​ពួក​បរិសុទ្ធ​នៅ​ហេព្រើរ ​​ដោយ​ផ្ដល់​ការ​ទូន្មាន​​ដល់​ពួកគេ​អំពី​ប្រធាន​បទ​ខុសៗ គ្នា ។ សូម​ចែក​សិស្ស​ជា​ក្រុម ដែល​មួយ​ក្រុមតូចៗ​មាន​គ្នា​ពីរ ឬ​បី​នាក់ ។ សូម​អញ្ជើញ​ពួកគេ​អាន ហេព្រើរ១៣:១–៩, ១៧ រួម​គ្នារកមើល​ការ​ទូន្មាន​ដែល​ប៉ុល​បាន​ផ្ដល់​ឲ្យ​ពួកបរិសុទ្ធ ។ សូម​ណែនាំ​សិស្ស​ឲ្យ​ពិភាក្សា​ជាមួយ​នឹង​ក្រុម​របស់​ពួកគេ​​នូវ​សំណួរ​ខាង​ក្រោម​នេះ នៅ​ពេល​ពួកគេ​បាន​បញ្ចប់​ការ​អាន ។ អ្នកគប្បី​​សរសេរ​សំណួរ​ទាំង​នេះ​លើ​ក្ដារខៀន ។

  • តើ​អ្នក​គិត​ថា ការ​ទូន្មាន​ណា​មួយ​ដែល​យើង​ត្រូវ​ការ​បំផុត​​នៅ​ក្នុង​ជំនាន់​រ​បស់​យើង ? ហេតុអ្វី ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​​បួនប្រាំ​នាក់​ប្រាប់​អំពី​របៀប ​ដែល​ពួកគេ​ឆ្លើយ​នឹង​សំណួរ​ទាំងនោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា ផ្នែក​ណា​មួយ​នៃ​ការ​ទូន្មាន​របស់​ប៉ុល ​ដែល​ពួកគេ​អាច​យក​មក​អនុវត្ត​បាន​យ៉ាង​ប្រសើរ​​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

សូម​សង្ខេប ហេព្រើរ ១៣:១០–១២ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ថា នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់ សត្វ​ដែល​ត្រូវ​បាន​គេ​យក​ទៅ​បូជា​ ជា​ការ​ថ្វាយ​នៃ​អំពើបាប​ត្រូវ​បាន​គេ​ដុត​នៅ​ក្រៅ​ជំរំ​របស់​អ៊ីស្រាអែល ។ ស្រដៀង​គ្នា​នេះ​ដែរ ព្រះយេស៊ូវ​បាន​ធ្វើ​ការ​បូជា​​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡិម ។ សូម​ពន្យល់​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ​ដង្វាយធួន ការ​បូជា​សត្វ​គឺ​ពុំ​បាន​តម្រូវ​ឲ្យ​មាន​ទៀត​ឡើយ ( សូម​មើល នីហ្វៃទី៣ ៩:១៨–២០ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ហេព្រើរ១៣:១៣-១៦ ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើល​ថា ប៉ុល​បាន​និយាយ​ឲ្យ​ពួក​បរិសុទ្ធ​គួរ​បូជា​អ្វី​ជំនួស​ឲ្យ​ការ​បូជា​សត្វ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​​ឲ្យ​គូស​ចំណាំ​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​ប៉ុល​បាន​និយាយ​ថា យើង​គួរ​បូជា​អ្វីខ្លះ ?

  • ហេតុអ្វី​អ្នក​គិត​ថា ការ​បូជា​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះទ័យ ?

សូម​សង្ខេប ហេព្រើរ ១៣:១៧–២៥ ដោយ​ពន្យល់​ថា ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​គោរព​តាម​ថ្នាក់​ដឹកនាំ​​ខាង​វិញ្ញាណ​របស់​ពួកគេ ហើយ​អធិស្ឋាន​ឲ្យ​ពួកគាត់ ។ ប៉ុល​បាន​អធិស្ឋាន​ថា ព្រះ​នឹង​ប្រទាន​នូវ​អ្វី​​ដែល​ចាំបាច់​ដល់​ពួក​បរិសុទ្ធ ​ដើម្បី​សម្រេច​តាម​​ព្រះទ័យ​របស់​ទ្រង់ ។

អ្នក​គួរតែ​បញ្ចប់​ដោយ​​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ​ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង​ហេព្រើរ ១២–១៣ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—ហេព្រើរ ១២:៩

សូម​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ ហេព្រើរ១២:៩ ដោយ​អញ្ជើញ​​ពួកគេ​ឲ្យ​សរសេរ​តួ​អក្សរ​ដំបូង​នៃ​ពាក្យ​នីមួយៗ​ នៅ​ក្នុង​ខគម្ពីរ​នោះ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ។ សូម​រំឭក​បទគម្ពីរ​នេះ​ឲ្យ​បាន​ច្រើន​ដង​ជាមួយ​នឹង​សិស្ស​របស់​អ្នក ​រហូត​ពួកគេ​អាច​សូត្រ​ខគម្ពីរ​នេះ​ដោយ​ប្រើ​តួអក្សរ​ដំបូង​នៃ​ពាក្យ​នីមួយៗ ។

  • តើ​យើង​អាច​រៀន​គោលលទ្ធិ​អ្វីខ្លះ​ពី​ក្នុង​​ខគម្ពីរ​ទាំងនេះ​អំពី​ទំនាក់​ទំនង​របស់​យើង ​និង​ព្រះវរបិតា​សួគ៌ ? ( សិស្ស​គួរ​ស្គាល់​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ព្រះវរបិតា​សួគ៌​គឺជា​បិតា​នៃ​វិញ្ញាណ​​របស់​យើង ) ។

  • ហេតុអ្វី​​ក៏​វា​សំខាន់​ដើម្បី​ជឿ​ថា ​យើង​ជា​កូន​របស់​ព្រះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា យើង​ពិតជា​កូនចៅ​របស់​ព្រះ​មែន ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ហេព្រើរ ១២:៦–១១ ។ ការ​ផ្ចាញ់​ផ្ចាល​របស់​ព្រះអម្ចាស់

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ដូច​តទៅ​នេះ អំពី​ការ​ផ្ចាញ់​ផ្ចាល​របស់​ព្រះអម្ចាស់ ៖

« ការ​កែតម្រូវ​គឺជា​រឿង​ដ៏​សំខាន់ ប្រសិន​បើ​យើង​អនុលោម​ជីវិត​របស់​យើង​ឲ្យ ‹ ដល់​បាន​ពេញ​ជាមនុស្ស[ នោះ​គឺ​បាន ] ដល់ខ្នាត​កំពស់​នៃសេចក្តីពោរពេញ​ផងព្រះគ្រីស្ទ › ( អេភេសូរ ៤:១៣ ) ។ ប៉ុល​បាន​និយាយ​អំពី​ការ​កែ​តម្រូវ ឬ​ការ​ផ្ចាញ់​ផ្ចាល​របស់​ព្រះ​ថា ‹ ដ្បិត​ព្រះអម្ចាស់​ទ្រង់​ផ្ចាញ់​ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ › ( ហេព្រើរ ១២:៦ ) ។. ទោះបី​ជា​រឿយៗ វា​ពិបាក​ស៊ូទ្រាំ​ក្ដី ប៉ុន្តែ​យើង​គប្បី​រីករាយ​ដែលព្រះ​ទ្រង់​ចាត់ទុក​ថា ​យើង​មាន​តម្លៃ​សម​នឹង​ពេលវេលា និង​បញ្ហា​ដែល​ត្រូវ​កែតម្រូវ » ( « As Many as I Love, I Rebuke and Chasten » EnsignLiahona ខែ ឧសភា ឆ្នាំ ​២០១១ ទំព័រ ៩៧–៩៨ ) ។

ហេព្រើរ ១២:៩ ។ « ព្រះវរបិតា​ខាង​វិញ្ញាណ »

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា វិញ្ញាណ​របស់​បុគ្គល​ម្នាក់ៗ​គឺជា​បុត្រ​របស់​ព្រះវរបិតា​សួគ៌ ៖

« បងប្អូន​គឺជា​កូន​របស់​ព្រះ » ។ ទ្រង់​គឺជា​បិតា​នៃ​វិញ្ញាណ​របស់​បងប្អូន ។ បងប្អូន​មាន​កំណើត​យ៉ាង​ថ្លៃ​ថ្នូរ ជា​បុត្រ​ខា​ង​វិញ្ញាណ​ស្ដេច​នៃ​ស្ថានសួគ៌ ។ សូម​ដាក់​សេចក្ដី​ពិត​នៅ​ក្នុង​គំនិត​បងប្អូន ហើយ​កាន់​វា​ឲ្យ​ជាប់ ។ មិន​ថា​នៅ​ក្នុង​ជីវិត​នេះ​ បងប្អូន​មាន​ដូនតា​ប៉ុន្មាន​ជំនាន់ មិន​ថា​បងប្អូន​ជា​ជាតិ​សាសន៍​អ្វី​នោះ​ទេ ពង្សាវលី​នៃ​វិញ្ញាណ​រ​បស់​បងប្អូន​អាច​សរសេរ​ឡើង​​តែ​មួយ​បន្ទាត់​ប៉ុណ្ណោះ ។ បងប្អូន​គឺ​ជា​កូន​របស់​ព្រះ ! » ( « To Young Women and Men » Ensign ខែ ឧសភា ឆ្នាំ ​១៩៨៩ ទំព័រ ៥៤ ) ។

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​គូស​បញ្ជាក់​​អំពី​សារៈសំខាន់​នៃ​ការ​យល់ដឹង​ថា យើង​គឺជា​កូន​របស់​ព្រះ ៖

« សូម​ពិចារណា​អំពី​អំណាច​នៃ​គំនិត​ ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​ចម្រៀង​ជា​ទី​ស្រឡាញ់​របស់​យើង ‹ ខ្ញុំ​ជា​កូន​របស់​ព្រះ ›Hymns ឆ្នាំ ​១៩៨៥ ល.រ. ៣០១ ) ។ … នេះ​ជា​ចម្លើយ​ចំពោះ​សំណួរ​ក្នុង​ជីវិត​មួយ​ដ៏​អស្ចារ្យ ‹ តើ​ខ្ញុំ​ជា​នរណា ? › ខ្ញុំ​ជា​កូន​របស់​ព្រះ ដែល​មាន​វង្ស​ត្រកូល​ខាង​វិញ្ញាណ​មកពី​ព្រះវរបិតា ព្រះមាតា​សួគ៌ ។ ពូជពង្ស​នោះ​ចង្អុល​បង្ហាញ​អំពី​សក្ដានុពលភាព​ដ៏​អស់កល្ប​របស់​យើង ។ គំនិត​ដ៏​មាន​ឥទ្ធិពល​នោះ ជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ថប់​អារម្មណ៍​ដ៏​អស្ចារ្យ ។ វា​អាច​ពង្រឹង​យើង​ម្នាក់ៗ ឲ្យ​ធ្វើ​ការជ្រើសរើស​សុចរិត និង​ស្វែងរក​អ្វី​ដែល​ល្អ​បំផុត​​នៅក្នុង​ខ្លួន​យើង ។ សូម​ស្ថាបនា​នូវ​គំនិត​ដ៏​អស្ចារ្យ​មួយ​​នៅ​ក្នុង​គំនិត​របស់​យុវវ័យ​ម្នាក់​ថា គាត់​គឺជា​កូន​របស់​ព្រះ ហើយ​បងប្អូន​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពុះពារ​នឹង​បញ្ហា​នៃ​ជីវិត » ( « Powerful Ideas » Ensign ខែ វិច្ឆិកា ឆ្នាំ​ ១៩៩៥ ទំព័រ ២៥ ) ។

ហេព្រើរ ១២:២៣ ។ « ជំនុំ​ពួក​កូន​ច្បង »

« ការ​បង្រៀន​របស់​ប៉ុល​ដែល​ថា ពួក​បរិសុទ្ធ​ដែល​ទទួល​បាន​ការ​ប្រោស​លោះ​ចូល​រួម​នឹង ‹ ជំនុំ​ពួក​កូន​ច្បង › ( ហេព្រើរ ១២:២៣ ) គឺ​វា​ត្រូវ​បាន​លើក​ឡើង​តែ​ម្ដង​គត់​​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ។ នៅ​ក្នុង​វិវរណៈ​ថ្ងៃ​ចុងក្រោយ ព្យាការី​ យ៉ូសែប ស្ម៊ីធ​ បាន​ដឹង​ថា ជំនុំ​ពួក​កូនច្បង​សំដៅ​ទៅ​លើ​សាសនាចក្រ​សួគ៌ា​របស់​ព្រះគ្រីស្ទ ដែល​មាន​នូវ​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់ ហើយ​បាន​តម្កើង​ឡើង​​នៅ​ក្នុង​នគរ​សេឡេស្ទាល ( សូម​មើល គ. និង ស. ៧៦:៥៤, ៨៨:៤–៥ ) ។ ‹ ព្រះយេស៊ូវ​គឺជា​បុត្រ​ច្បង​នៃ​កូនចៅ​វិញ្ញាណ​របស់​ព្រះ​វរបិតា​សួគ៌ ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ​វរបិតា​នៅ​ក្នុង​សាច់​ឈាម ហើយ​ជា​អង្គ​ដំបូង​ដែល​មាន​ព្រះជន្ម​ឡើងវិញ​​នៅ​ក្នុង​ការ​រស់​ឡើង​វិញ ( កូលុស ១:១៣–១៨ ) ។ ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​ក្លាយ​ជា​សមាជិក​សាសនាចក្រ​នៃ​កូន​ច្បង​​ក្នុងភាពដ៏​នៅ​អស់​កល្ប​ជានិច្ច ( គ. និង ស. ៩៣:២១–២២ ) › ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កូនច្បង » scriptures.lds.org ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៤៨៩ ) ។ ពួក​បរិសុទ្ធ​ទាំងនេះ​គឺជា « ​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ​ » ( រ៉ូម ៨:១៧​ ) ហើយ​នៅ​ទីបំផុត « គ្រប់​អ្វី​ទាំង​អស់ ដែល​ព្រះ​វរបិតា​យើង​គ្រង ( គ. និង ស. ៨៤:៣៨ ) ។