មេរៀនទី ១៤០
យ៉ាកុប ១
សេចក្ដីផ្ដើម
យ៉ាកុបបានសរសេរសំបុត្រមួយទៅវង្សអ៊ីស្រាអែលដែលខ្ចាត់ព្រាត់ ដោយលើកទឹកចិត្តពួកគេឲ្យមានចិត្តអត់ធ្មត់នៅក្នុងការរងទុក្ខរបស់ខ្លួន ហើយស្វែងរកប្រាជ្ញាមកពីព្រះវរបិតាសួគ៌ ។ យ៉ាកុបក៏បានបង្រៀនពួកគេផងដែរឲ្យតតាំងនឹងការល្បួង ធ្វើជាអ្នកធ្វើតាមព្រះបន្ទូល បម្រើមនុស្សដទៃ ហើយរស់នៅដោយស្អាតស្អំខាងវិញ្ញាណ ។
យោបល់សម្រាប់ការបង្រៀន
យ៉ាកុប១:១-១១
យ៉ាកុបលើកទឹកចិត្តពួកអ៊ីស្រាអែលដែលខ្ចាត់ព្រាត់ឲ្យមានចិត្តអត់ធ្មត់នៅក្នុងការរងទុក្ខរបស់ខ្លួន ហើយស្វែងរកប្រាជ្ញាមកពីព្រះ
ពីមុនថ្នាក់ចាប់ផ្ដើម សូមសរសេរសេចក្ដីថ្លែងកាណ៍ខាងក្រោមនេះលើក្ដារខៀន ៖ ខ្ញុំចង់ឲ្យខ្លួនឯងឆ្លាតជាងនេះ ! នៅពេលថ្នាក់ចាប់ផ្ដើម សូមអញ្ជើញសិស្សឲ្យពិចារណាពីឃ្លានៅលើក្ដារខៀន ។ សូមអញ្ជើញពួកគេឲ្យប្រើសៀវភៅសរសេរ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ដើម្បីសរសេរប្រធានបទ ឬស្ថានភាពផ្ទាល់ខ្លួនដែលពួកគេចង់មានប្រាជ្ញា ។ អ្នកអាចណែនាំឲ្យពួកគេដាក់បញ្ចូលប្រធានបទដំណឹងល្អ និងសំណួរសំខាន់ៗនៃជីវិតនៅក្នុងបញ្ជីរបស់ពួកគេ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយប្រធានបទ ឬសំណួរមួយចំនួនដែលពួកគេបានសរសេរ ។ ( សូមរំឭកពួកគេកុំឲ្យចែកចាយអ្វីដែលជារឿងផ្ទាល់ខ្លួនពេក ) ។
ចូរដាក់បង្ហាញរូបភាពយ៉ូសែប ស្ម៊ីធ ស្វែងរកប្រាជ្ញានៅក្នុងព្រះគម្ពីរប៊ីប(Gospel Art Book [២០០៩ ] ល.រ. ៨៩, សូមមើលផងដែរLDS.org) ។
-
តើសំណួរសំខាន់ៗអ្វីខ្លះទៅដែលធ្វើឲ្យ យ៉ូសែប ស្ម៊ីធ ពិបាកនឹងដោះស្រាយ កាលលោកនៅក្មេង ? ( ប្រសិនបើសិស្សត្រូវការជំនួយ សូមឲ្យពួកគេបើកទៅ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៩–១០ ) ។
សូមពន្យល់ថា យ៉ូសែបកំពុងអានសំបុត្ររបស់យ៉ាកុប កាលលោកបានរកឃើញពីរបៀបរកបានចម្លើយចំពោះសំណួររបស់លោក ។ យ៉ាកុបគឺជាសាវកមួយរូបរបស់ព្រះយេស៊ូវគ្រីស្ទ និងជាប៊ីស្សពម្នាក់នៅក្រុងយេរូសាឡិម ។ ទំនៀមទម្លាប់ពួកគ្រីស្ទានក៏ជឿដែរថា យ៉ាកុបគឺជាកូនប្រុសរបស់ម៉ារា និងយ៉ូសែប ដូច្នេះហើយលោកគឺជាបងប្អូនពោះតែមួយរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមអញ្ជើញសិស្សម្នាក់អាន យ៉ាកុប ១:១-៤ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាយ៉ាកុបបានបង្រៀនអ្វីខ្លះដល់វង្សអ៊ីស្រាអែលអំពីឧបសគ្គ និងការរងទុក្ខវេទនារបស់ពួកគេ ។ សូមពន្យល់ថា ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ខទី ២ ផ្លាស់ប្ដូរឃ្លា « សេចក្តីល្បួងផ្សេងៗ » ទៅជា « សេចក្ដីទុក្ខវេទនាដ៏ច្រើន » ។
-
តើយ៉ាកុបបានបង្រៀនវង្សអ៊ីស្រាអែលអំពីឧបសគ្គ និងសេចក្ដីវេទនារបស់ពួកគេអ្វីខ្លះ ?
-
ហេតុអ្វីវាជារឿងសំខាន់ ដើម្បីមានភាពអត់ធ្មត់នៅគ្រាមានឧបសគ្គ និងការរងទុក្ខវេទនា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ាកុប ១:៥-៦ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាយ៉ូសែប ស្ម៊ីធ បានរកឃើញអ្វីខ្លះ ដែលបានជួយលោកឲ្យរកឃើញចម្លើយចំពោះសំណួររបស់លោក ។
-
តើយ៉ាកុបបានទូន្មានពួកអ្នកអានរបស់លោកឲ្យធ្វើអ្វីខ្លះ ដើម្បីរកឃើញចម្លើយសម្រាប់សំណួររបស់ពួកគេ ?
-
តើឃ្លាថាព្រះប្រទាន « ដោយសទ្ធា » ហើយ « ឥតបន្ទោស » ផងនោះមានន័យដូចម្ដេច ? ( ខទី ៥ ) ។ ( ដោយសទ្ធា មានន័យថា ដោយសេរី និងដោយសប្បុរស ។ បន្ទោស មានន័យថា ស្ដីថា ឬរិះគន់ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យឡើងមកក្ដារខៀនសរសេរគោលការណ៍មួយ ដែលយើងអាចរៀននៅក្នុង យ៉ាកុប ១:៥–៦ ។ សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែគួរស្គាល់គោលការណ៍មួយស្រដៀងនឹងគោលការណ៍ ដូចតទៅនេះ ៖ ព្រះប្រទានប្រាជ្ញាដោយសទ្ធាដល់ជនដែលទូលសូមដល់ទ្រង់ដោយសេចក្ដីជំនឿ ។
-
តើឃ្លា « សូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ » មានន័យដូចម្ដេច ? ( ខទី ៦ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យពន្យល់ពីរបៀបដែល យ៉ាកុប ១:៥–៦ បានជះឥទ្ធិពលដល់យុវជន យ៉ូសែប ស្ម៊ីធ កាលលោកបានស្រាវជ្រាវរកចម្លើយ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២ ) ។ សូមឲ្យសិស្សម្នាក់ទៀតទន្ទេញចាំនូវលទ្ធផលនៃការអធិស្ឋានដ៏ស្មោះត្រង់របស់ យ៉ូសែប ស្ម៊ីធ នៅក្នុងព្រៃក្បែរផ្ទះរបស់លោក ។
-
តើព្រះវរបិតាសួគ៌ធ្លាប់ឆ្លើយតបការអធិស្ឋានរបស់អ្នកដោយសទ្ធានៅពេលណា បន្ទាប់ពីអ្នកបានធ្វើការអធិស្ឋានទៅកាន់ទ្រង់ដោយសេចក្ដីជំនឿនោះ ?
សូមថ្លែងទីបន្ទាល់ថា ព្រះប្រទានប្រាជ្ញាដោយសទ្ធាដល់អស់អ្នកណា ដែលសូមពីទ្រង់ដោយសេចក្តីជំនឿ ។ សូមអញ្ជើញសិស្សឲ្យធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ ដោយអនុវត្តគោលការណ៍នេះនៅក្នុងជីវិតរបស់ពួកគេ ដើម្បីឲ្យពួកគេអាចទទួលបានប្រាជ្ញា ដែលពួកគេត្រូវការមកពីព្រះវរបិតាសួគ៌ ។
សូមសង្ខេប យ៉ាកុប ១:៧–១១ ដោយពន្យល់ថា យ៉ាកុបបានព្រមានទាស់នឹងការមានចិត្តពីរ ឬងាករេនៅក្នុងភាពស្មោះត្រង់ និងការតាំងចិត្តចំពោះព្រះអម្ចាស់ ។ យ៉ាកុបក៏បានសរសេរផងដែរថា ពួកអ្នកមានគួរមានចិត្តរាបសា ដោយសារទ្រព្យសម្បត្តិនៅលើផែនដីគ្រាន់តែជាទ្រព្យបណ្ដោះអាសន្នប៉ុណ្ណោះ ហើយមិនយូរប៉ុន្មានវានឹងរលាយបាត់ ។
កំណត់ចំណាំ ៖ សូមពិចារណាអញ្ជើញសិស្សពីរនាក់ឲ្យបង្រៀនបណ្តុំបទគម្ពីរដូចខាងក្រោម ។ វាពិតជាមានប្រយោជន៍ល្អ ប្រសិនបើឲ្យកិច្ចការនេះទៅសិស្សដែលបង្រៀន មួយថ្ងៃ ឬពីរថ្ងៃមុនមេរៀននេះ ដើម្បីពួកគេអាចត្រៀមខ្លួន ។ អ្នកអាចអញ្ជើញសិស្សម្នាក់ៗ ដែលបង្រៀនឲ្យបង្រៀនដល់សិស្សក្នុងថ្នាក់ទាំងមូល ។ ឬ អ្នកអាចបំបែកសិស្សក្នុងថ្នាក់ជាពីរក្រុម សូមអញ្ជើញសិស្សម្នាក់ ដែលត្រូវបង្រៀនឲ្យបង្រៀនបណ្តុំបទគម្ពីររបស់គាត់ទៅសិស្សពាក់កណ្តាលថ្នាក់ រួចហើយសូមសិស្សម្នាក់ទៀត ( ឬ សិស្សក្នុងថ្នាក់ ) ឲ្យប្ដូរវេនគ្នា ដើម្បីពួកគេអាចបង្រៀនដល់សិស្សមួយក្រុមទៀត ។
សិស្សទី ១ ដែលត្រូវបង្រៀន—យ៉ាកុប ១:១២–២១
យ៉ាកុបបង្រៀនអំពីការល្បួង
សូមសួរសិស្ស ៖
-
តើយុវវ័យសព្វថ្ងៃនេះជួបប្រទះនឹងការល្បួងអ្វីខ្លះ ? ( អ្នកគួរសរសេរចម្លើយរបស់សិស្សនៅលើក្តារខៀន ) ។
-
ហេតុអ្វីក៏ពេលខ្លះវាពិបាកដើម្បីតតាំងនឹងការល្បួង ?
សូមអញ្ជើញសិស្សម្នាក់អាន យ៉ាកុប ១:១២ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពរជ័យដែលបានសន្យាដល់ជនដែលស្រឡាញ់ព្រះអម្ចាស់ ហើយតតាំងនឹងការល្បួង ។ សូមពន្យល់ថា ការបកប្រែដោយ យ៉ូសែប ស្ម៊ីធសម្រាប់ខគម្ពីរនេះ ផ្លាស់ប្ដូរឃ្លា « ស៊ូទ្រាំនឹងសេចក្តីល្បួង » ទៅជា « តតាំងនឹងសេចក្តីល្បួង » ។
-
តើនឹងមានពរជ័យអ្វីកើតឡើងដល់ជនដែលស្រឡាញ់ព្រះអម្ចាស់ ហើយតតាំងនឹងការល្បួង ? ( បន្ទាប់ពីសិស្សឆ្លើយតប ចូរសរសេរគោលការណ៍ដូចតទៅនេះនៅលើក្ដារខៀន ៖ យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ដោយតតាំងនឹងការល្បួង ដែលជាកិច្ចតម្រូវមួយ ដើម្បីទទួលបានមកុដនៃជីវិតដ៏នៅអស់កល្បជានិច្ច ) ។
សូមអញ្ជើញសិស្សម្នាក់អាន យ៉ាកុប១:១៣-១៦ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា តើការល្បួងមកពីណា ហើយមិនមកពីណា ។
-
យោងតាម ខទី១៣តើនរណាទៅដែលពុំមែន ជាប្រភពនៃការល្បួងរបស់យើង ?
សូមពន្យល់ថា ពាក្យ ប្រាថ្នា នៅក្នុង ខទី ១៤ សំដៅទៅលើបំណងឥតបរិសុទ្ធដែលយើងអាចមាន ដោយសារតែនិស្ស័យជាមនុស្សរបស់យើង ។ សាតាំងអូសទាញយើងឲ្យបន្ទន់ចិត្តតាមបំណងឥតបរិសុទ្ធទាំងនេះ ។
សូមអញ្ជើញសិស្សឲ្យពិចារណាការល្បួងដែលពួកគេកំពុងមានបញ្ហា ។
-
តើយើងអាចទទួលបានអំណាចខាងវិញ្ញាណយ៉ាងដូចម្ដេច ដើម្បីតតាំងនឹងការល្បួង ?
-
តើការតតាំងនឹងការល្បួងបង្ហាញថា យើងស្រឡាញ់ព្រះអម្ចាស់បានយ៉ាងដូចម្ដេច ?
សូមថ្លែងទីបន្ទាល់ពីសេចក្ដីពិតដ៏ពេញលេញនៃគោលការណ៍ដែលសិស្សបានស្គាល់នៅក្នុង យ៉ាកុប ១:១២ ។ សូមអញ្ជើញពួកគេឲ្យពិចារណាថាពួកគេនឹងត្រូវធ្វើអ្វីខ្លះ ដើម្បីតតាំងនឹងការល្បួងដែលពួកគេកំពុងជួបប្រទះនោះ ។
សូមសង្ខេប យ៉ាកុប ១:១៧–២១ ដោយពន្យល់ថា យ៉ាកុបបានបង្រៀនថា រាល់អំណោយទានល្អៗកើតចេញមកពីព្រះ ហើយថាពួកបរិសុទ្ធគួរលះបង់ « សេចក្ដីស្មោកគ្រោក » ហើយទទួលបន្ទូលរបស់ព្រះអម្ចាស់ « ដោយចិត្តសុភាព » ( ខទី ២១ ) ។
សិស្សទី ២ ដែលត្រូវបង្រៀន—យ៉ាកុប ១:២២-២៥
យ៉ាកុបអញ្ជើញពួកអ្នកអានរបស់លោកឲ្យធ្វើជាអ្នកស្ដាប់ និងអ្នកប្រព្រឹត្តតាមព្រះបន្ទូល
សូមអញ្ជើញសិស្សម្នាក់អានដំណើររឿងខាងក្រោមនេះ ដោយអែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« ថ្មីៗនេះ ខ្ញុំបានជួបនឹងយុវជនដ៏ប្រពៃម្នាក់ ។ គោលដៅរបស់គាត់គឺការទៅបម្រើបេសកកម្ម បញ្ចប់ការសិក្សា រៀបការក្នុងព្រះវិហារបរិសុទ្ធ ហើយមានក្រុមគ្រួសាររីករាយដ៏ស្មោះត្រង់មួយ ។ … ខ្ញុំឃើញថាគាត់ពិតជាចង់ទៅបម្រើបេសកកម្ម ហើយចៀសវាងរាល់អំពើរំលងធ្ងន់ធ្ងរនានា ដែលនឹងរារាំងគាត់ពីបេសកកម្ម ប៉ុន្តែការប្រព្រឹត្តរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃពុំរៀបចំខ្លួនគាត់សម្រាប់ឧបសគ្គខាងសាច់ឈាម សតិអារម្មណ៍ សង្គម បញ្ញា និងខាងវិញ្ញាណដែលគាត់នឹងជួបប្រទះឡើយ ។ គាត់ពុំទាន់ចេះធ្វើការដោយព្យាយាមនៅឡើយទេ ។ គាត់ពុំយកចិត្តទុកដាក់នឹងការសិក្សា ឬចូលថ្នាក់សិក្ខាសាលាឡើយ ។ គាត់ទៅព្រះវិហារ តែពុំអានព្រះគម្ពីរមរមនឡើយ ។ គាត់ចំណាយពេលច្រើនលេងហ្គេមវីដេអូ និងប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ គាត់ទំនងជាគិតថា ការចេញបម្រើបេសកកម្មដ៏សាមញ្ញមួយគឺគ្រប់គ្រាន់ហើយមើលទៅ » ( « Choose Wisely » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤៧ ) ។
-
ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពរបស់អែលឌើរ ឃុក តើអ្នកមានក្ដីបារម្ភអ្វីខ្លះចំពោះកង្វះខាតនៃការត្រៀមខ្លួនទៅបេសកកម្មរបស់យុវជននោះ ?
សូមអញ្ជើញសិស្សម្នាក់អាន យ៉ាកុប ១:២២ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា យ៉ាកុបបានបង្រៀនអ្វីខ្លះ ដែលវាអាចជួយយុវជននៅក្នុងដំណើររឿងរបស់អែលឌើរ ឃុកនោះ ។
-
តើយ៉ាកុបបានបង្រៀនអ្វីខ្លះ ដែលវាអាចជួយដល់យុវជននោះ ?
សូមពន្យល់ថា ដូចដែលបានកត់ត្រានៅក្នុង យ៉ាកុប ១:២៣–២៤ យ៉ាកុបបានប្រៀបប្រដូចមនុស្សម្នាក់ដែលស្ដាប់ ប៉ុន្តែពុំមែនជាអ្នកប្រព្រឹត្តតាម ទៅនឹងមនុស្សដែលឆ្លុះកញ្ចក់មើលខ្លួនឯង ប៉ុន្តែភ្លេចថាខ្លួនគាត់មានភិនភាគយ៉ាងណា កាលគាត់ដើរចេញទៅ ។
សូមអញ្ជើញសិស្សម្នាក់អាន យ៉ាកុប ១:២៥ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថាមានអ្វីកើតឡើងចំពោះជនដែលជ្រើសរើសធ្វើតាមសេចក្ដីពិតដែលពួកគេបានស្ដាប់ឮ ។
-
តើមានអ្វីកើតឡើងចំពោះជនដែលស្ដាប់ ហើយប្រព្រឹត្តតាម ? ( បន្ទាប់ពីសិស្សឆ្លើយ សូមសរសេរគោលការណ៍ដូចតទៅនេះនៅលើក្ដារខៀន ៖ នៅពេលយើងស្ដាប់ ហើយធ្វើតាមព្រះបន្ទូលទ្រង់នឹងប្រទានពរយើងនៅក្នុងការប្រព្រឹត្តរបស់យើង ) ។
សូមអញ្ជើញសិស្សឲ្យវាយតម្លៃខ្លួនឯងថា ជាអ្នកស្ដាប់ និងអ្នកប្រព្រឹត្តតាមព្រះបន្ទូលដោយពិចារណាពីសំណួរខាងក្រោមនេះ ។ អ្នកគួរអានសំណួរទាំងនេះឲ្យឮៗ ឬសរសេរវាដាក់លើក្ដារខៀន ។
-
តើខ្ញុំជឿលើសេចក្ដីពិតដែលខ្ញុំកំពុងរៀននៅក្នុងព្រះគម្ពីរ នៅផ្ទះ នៅព្រះវិហារ និងនៅថ្នាក់សិក្ខាសលាខ្លាំងប៉ុណ្ណាដែរ ?
-
តើខ្ញុំដាក់គោលដៅខាងវិញ្ញាណ ដើម្បីធ្វើតាមសេចក្ដីពិតដែលខ្ញុំនឹងរៀនញឹកញាប់ប៉ុណ្ណាដែរ ? តើខ្ញុំសម្រេចវាបានញឹកញាប់ប៉ុណ្ណាដែរ ? តើខ្ញុំភ្លេចវាញឹកញាប់ប៉ុណ្ណាដែរ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះ ឲ្យកាន់តែប្រសើរឡើង ដើម្បីធ្វើជាអ្នកប្រព្រឹត្តតាមព្រះបន្ទូល និងពុំគ្រាន់តែជាអ្នកស្ដាប់ប៉ុណ្ណោះ ?
សូមថ្លែងទីបន្ទាល់អំពីពរជ័យទាំងឡាយ ដែលបានមកនៅពេលយើងធ្វើតាមអ្វីដែលយើងរៀន ។
យ៉ាកុប ១:២៦-២៧
យ៉ាកុបទូន្មានពួកបរិសុទ្ធឲ្យមើលថែទាំដល់មនុស្សដទៃ
បន្ទាប់ពីសិស្សពីរនាក់បានបង្រៀនបណ្តុំបទគម្ពីររបស់ពួកគេរួច សូមឲ្យសិស្សបីបួននាក់សង្ខេបថា ពួកគេបានរៀនអ្វីខ្លះ ។
សូមអញ្ជើញសិស្សម្នាក់អាន យ៉ាកុប ១:២៦-២៧ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការផ្ដល់យោបល់របស់យ៉ាកុប ចំពោះរបៀបដែលយើងអាចរស់នៅតាមសាសនារបស់យើង ។
-
យោងតាមយ៉ាកុប តើអ្វីទៅជាវិធីមួយចំនួន ដែលយើងអាចរស់នៅតាមសាសនារបស់យើង ឬបង្ហាញការលះបង់របស់យើងចំពោះព្រះ ?
សូមពន្យល់ថា យ៉ាកុបបានប្រើគំនិតនៃការ « ទៅសួរពួកកំព្រា និងពួកមេម៉ាយ » ដែលខ្វះខាតជាឧទាហរណ៍មួយនៃការមើលថែទាំដល់មនុស្សដទៃ ។ ការ « រក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍ » ( ខទី ២៧ ) មានន័យថាការបន្តស្អាតស្អំខាងវិញ្ញាណ សូម្បីនៅក្នុងពិភពលោកមួយដែលសេចក្ដីទុច្ចរិតកាន់តែមានច្រើនឡើង ។
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះនៅក្នុង ខទី ២៧ ? ( សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្តែចូរធ្វើឲ្យប្រាកដថា ពួកគេស្គាល់សេចក្ដីពិតដូចតទៅនេះ ៖ យើងបង្ហាញពីសាសនាដែលបរិសុទ្ធ នៅពេលយើងខ្វល់ខ្វាយពីមនុស្សដទៃ ហើយរក្សាខ្លួនយើងឲ្យស្អាតស្អំខាងវិញ្ញាណ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន) ។
-
តើការខ្វល់ខ្វាយចំពោះមនុស្សដទៃ ហើយរក្សាខ្លួនយើងឲ្យស្អាតស្អំខាងវិញ្ញាណ អាចជាការបង្ហាញដ៏សំខាន់អំពីការលះបង់របស់យើងចំពោះព្រះតាមរបៀបណា ?
-
តើអ្នកស្គាល់នរណាដែលជាគំរូដ៏ល្អមួយនៃការបង្ហាញពី « សាសនាដែលបរិសុទ្ធ » នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ឬទេ ? តើបុគ្គលនេះធ្វើអ្វីខ្លះដែលបំផុសគំនិតអ្នក ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅលើក្រដាសនូវការប្រព្រឹត្តមួយ ឬពីរដែលពួកគេនឹងធ្វើ នៅសប្ដាហ៍ក្រោយដើម្បីមើលថែមនុស្សម្នាក់ដែលខ្វះខាត ឬរក្សាខ្លួនពួកគេ « មិនឲ្យប្រឡាក់ដោយលោកីយ៍ » ។ សូមអញ្ជើញពួកគេឲ្យធ្វើជាអ្នកប្រព្រឹត្តតាមព្រះបន្ទូលដោយអនុវត្តគោលការណ៍នេះនៅក្នុងជីវិតរបស់ពួកគេ ។
ចំណេះចំណានខគម្ពីរ—យ៉ាកុប ១:៥-៦
សូមពន្យល់ថា ការទន្ទេញចាំ យ៉ាកុប ១:៥–៦ នឹងជួយសិស្សនៅក្នុងជីវិតរបស់ពួកគេ នៅពេលពួកគេមានសំណួរអំពីដំណឹងល្អ នៅពេលពួកគេស្វែងរកជំនួយរបស់ព្រះអម្ចាស់នៅក្នុងការសម្រេចចិត្ត និងនៅពេលពួកគេបង្រៀនដំណឹងល្អដល់មនុស្សដទៃ ។
សូមប្រើសកម្មភាពការទន្ទេញចាំមួយនៅក្នុងឧបសម្ព័ន្ធ ឬបង្កើតសកម្មភាពផ្ទាល់ខ្លួនមួយរបស់អ្នក ដើម្បីជួយសិស្សឲ្យទន្ទេញចាំបទគម្ពីរនេះ ។ សូមចងចាំដើម្បីរំឭកសារឡើងវិញនូវវគ្គចំណេះចំណានខគម្ពីរ ដែលបានទន្ទេញចាំឡើងវិញជាញឹកញាប់ជាមួយនឹងសិស្ស ដើម្បីជួយពួកគេឲ្យនៅចាំអ្វីដែលពួកគេបានរៀន ។ សូមពិចារណារៀបចំពេលវេលានៅក្នុងមេរៀនខាងមុខ ដើម្បីរំឭកឡើងវិញនូវបទគម្ពីរនេះ ហើយអញ្ជើញសិស្សឲ្យសូត្រវា ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
យ៉ាកុប ១:៥ ។ « តែ បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា »
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានរៀបរាប់ពីសារៈសំខាន់នៃយ៉ាកុប ១:៥សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖
« បទគម្ពីរមួយនេះមានឥទ្ធិពលយ៉ាងអស្ចារ្យ ហើយមានប្រសិទ្ធភាពលើមនុស្សលោកលើសពីប្រយោគនៃបទគម្ពីរណាមួយផ្សេងទៀត ដែលបានកត់ត្រាទុកដោយព្យាការីនៅគ្រប់ជំនាន់ ។ យើងអាចនិយាយបានថា សកម្មភាពដ៏ល្អនៃការងារបម្រើរបស់យ៉ាកុបពុំមែនការស្លាប់ដោយបុព្វហេតុសាសនារបស់លោកសម្រាប់ទីបន្ទាល់អំពីព្រះយេស៊ូវនោះទេ ប៉ុន្តែវាជាការសូត្ររៀបរាប់របស់លោកអំពីពាក្យដ៏សាមញ្ញទាំងនេះ ដែលបានដឹកនាំទៅរកការបើកទ្វារនៃស្ថានសួគ៌នៅក្នុងសម័យទំនើប ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។
« ហើយវាត្រូវបានបន្ថែមយ៉ាងល្អថា អ្នករៀនថ្មីគ្រប់រូបសម្រាប់សេចក្ដីពិតដែលបានបើកសម្ដែង ឈរនៅកន្លែងដែលយ៉ូសែប ស្ម៊ីធបានឈរ នៅគ្រានៃការស្វែងរកសេចក្ដីពិតរបស់ខ្លួន ។ គាត់ត្រូវតែងាកទៅរកព្រះដ៏មានមហិទ្ធិឫទ្ធិ ហើយទទួលប្រាជ្ញាមកពីព្រះតាមរយៈវិវរណៈ ប្រសិនបើគាត់ចង់ទទួលបានកន្លែងមួយនៅលើផ្លូវតូច ហើយចង្អៀត ដែលដឹកនាំទៅរកជីវិតដ៏នៅអស់កល្បជានិច្ច » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ១៩៦៥–៧៣ ] ៣:២៤៦–៤៧ ) ។
អែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានគូសបញ្ជាក់ពីសារៈសំខាន់នៃការទូលសូមដល់ព្រះនៅក្នុងជំនាន់របស់យើង ៖
« សព្វថ្ងៃនេះ យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សពុំទូលសូមដល់ព្រះឡើយ—ពួកគេទំនងជាចង់រុករកសួរទៅកម្មវិធី Google វិញ ។ សូម្បីតែនៅពេលពួកគេមានសំណួរទាក់ទងនឹងសេចក្ដីជំនឿ មានមនុស្សជាច្រើនបានទុកចិត្តថា អ៊ិនធើរណែតផ្ដល់ចម្លើយត្រឹមត្រូវ យុត្តិធម៌ ហើយមានតុល្យភាពចំពោះសំណួររបស់ពួកគេច្រើនជាងពួកគេទុកចិត្តលើប្រភពដ៏ខ្ពស់បំផុតនៃសេចក្ដីពិត គឺជាព្រះវរបិតាសួគ៌របស់យើងទៅវិញ ។ …
« … សព្វថ្ងៃនេះ អ៊ិនធើរណែតគឺពោរពេញដោយការកុហកដែលកំពុងរង់ចាំបោកបញ្ឆោតដល់ពួកអ្នកដែលពុំបានទទួលព័ត៌មាន ហើយខ្វះបទពិសោធន៍ ។
« នៅក្នុងការស្វែងរករបស់យើងសម្រាប់សេចក្ដីពិតនៃដំណឹងល្អ យើងពុំត្រឹមតែស្វែងរកប្រភពដែលអាចទុកចិត្តបានប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវថ្វាយពេលវេលាឲ្យព្រះអម្ចាស់ដូចគ្នានៅក្នុងការស្វែងរកប្រចាំថ្ងៃរបស់យើងផងដែរ ។ យើងត្រូវសិក្សាព្រះគម្ពីរ និងប្រសាសន៍របស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ។ យើងត្រូវរស់នៅដោយត្រឹមត្រូវចំពោះព្រះ—យើងត្រូវធ្វើតាមព្រះទ័យរបស់ទ្រង់ [ សូមមើល យ៉ូហាន ៧:១៦–១៧ ] ។ ហើយយើងពុំអាចនិយាយបំផ្លើសនូវសារៈសំខាន់នៃការនាំយកកង្វល់ខាងវិញ្ញាណរបស់យើងទៅរកព្រះដោយផ្ទាល់ និងការទុកចិត្តលើការបំផុសគំនិត និងការដឹកនាំរបស់ទ្រង់បានឡើយ » ( « Women of Dedication, Faith, Determination, and Action » [ សុន្ទរកថាបានធ្វើឡើងក្នុងសន្និសីទស្ត្រីនៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៥ ] ce.byu.edu/cw/womensconference ) ។
យ៉ាកុប ១:៦ ។ « សូមដោយចិត្តជឿ »
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីអត្ថន័យនៃការទូលសូមដោយចិត្តជឿ ៖
« គំរូដ៏សាមញ្ញនៃការទូលសូមដោយចិត្តជឿគឺ យ៉ូសែប ស្ម៊ីធ និងការនិមិត្តដំបូង ។ នៅពេលយុវជនយ៉ូសែបកំពុងស្វែងរកចង់ដឹងនូវសេចក្ដីពិតអំពីសាសនា លោកបានអាន [ យ៉ាកុប ១:៥–៦ ] ។ …
« សូមកត់សម្គាល់ពីតម្រូវការនៃការសូមដោយចិត្តជឿ ដែលខ្ញុំយល់ថា វាគឺជារឿងចាំបាច់ដើម្បីធ្វើតាមតម្រូវការនោះដើម្បីសន្ទនា ហើយអនុវត្ត ពុំមែនគ្រាន់តែសម្ដែងឡើងនោះទេ វាគឺជាកាតព្វកិច្ចដើម្បីទូលអង្វរ ហើយអនុវត្ត » ( « Ask in Faith » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ៩៤ ) ។
យ៉ាកុប ១:១៤, ៤:៧–៨ ។ ការតតាំងនឹងការល្បួង
អែលឌើរ រីឆាត ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« នៅពេលបងប្អូនតាំងចិត្តដើម្បីឈរការពាររឿងត្រឹមត្រូវ នៅពេលបងប្អូនបានបង្កើតបទដ្ឋានផ្ទាល់ខ្លួន ហើយចុះសេចក្ដីសញ្ញាដើម្បីគោរពតាមវា នៅពេលការល្បួងមកដល់ ហើយបងប្អូនធ្វើតាមបទដ្ឋានរបស់ខ្លួន នោះបងប្អូននឹងទទួលបានកម្លាំង និងថាមពលលើសពីសមត្ថភាពរបស់បងប្អូនផ្ទាល់ ប្រសិនបើវាជារឿងចាំបាច់ ។ ការលំបាកនឹងមកដល់ នៅពេលបងប្អូនចូលទៅក្នុងចម្បាំងនៃការល្បួងដោយគ្មានផែនការជាក់លាក់មួយ » ( « Do What Is Right » Ensign ខែ មិថុនា ឆ្នាំ ១៩៩៧ ទំព័រ ៥៣ ) ។
ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា ៖
« កាលបងប្អូនរៀនគ្រប់គ្រងគំនិតរបស់ខ្លួន បងប្អូនអាចយកឈ្នះទម្លាប់នានា សូម្បីតែទម្លាប់មិនល្អផ្ទាល់ខ្លួន ។ ប្រសិនបើបងប្អូនអាចរៀនគ្រប់គ្រងវាបាន នោះបងប្អូននឹងមានជីវិតមួយដ៏រីករាយ ។ …
« នៅពេលបងប្អូនរៀនជម្រះគំនិតរបស់បងប្អូនចេញពីគំនិតពុំសក្ដិសម ដោយប្រឹងប្រែងជាប់រវល់ជាមួយនឹងការរៀនសូត្រពីរឿងល្អៗវិញ ។ សូមផ្លាស់ប្ដូរបរិយាកាសរបស់បងប្អូន ដើម្បីឲ្យបងប្អួនមានរឿងដែលនឹងបំផុសគំនិតឲ្យមានគំនិតល្អៗ ហើយលើកតម្កើង ។ សូមមមាញឹកជាមួយរឿងដែលសុចរិត » ( « Inspiring Music Worthy Thoughts » Ensign ខែមករា ឆ្នាំ ១៩៧៤ ទំព័រ ២៨ ) ។