មេរៀនទី ១៤៦
ពេត្រុសទី២ ១
សេចក្ដីផ្ដើម
ពេត្រុសបានលើកទឹកចិត្តពួកបរិសុទ្ធ ឲ្យខិតខំប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។ ពេត្រុសបានបញ្ជាក់ដល់ពួកគេថា ការរីកចម្រើនខាងវិញ្ញាណនេះនឹងជួយដល់ « ដំណើរដែលទ្រង់ហៅ ហើយរើសតាំង[ របស់ពួកគេ ] បានពិតប្រាកដឡើង » ( ពេត្រុសទី២ ១:១០ ) ។ ពេត្រុសក៏បានថ្លែងអំពីបទពិសោធន៍របស់លោកនៅលើភ្នំប្រែរូប ហើយបានបញ្ជាក់ថា ព្រះបានបំផុសគំនិតឲ្យមានបទគម្ពីរ ។
យោបល់សម្រាប់ការបង្រៀន
ពេត្រុសទី២ ១:១-១១
ពេត្រុសបង្រៀនអំពីរបៀបដើម្បីបានចំណែកជានិស្ស័យនៃព្រះរបស់ព្រះយេស៊ូវគ្រីស្ទ
ពីមុនចាប់ផ្ដើមថ្នាក់ សូមសរសេរឃ្លាខាងក្រោមនេះនៅលើ ក្ដារខៀន ( « The Will Within » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៦៨ ) ៖
«ការងាររបស់យើងគឺដើម្បីក្លាយជាមនុស្សដ៏ប្រសើរបំផុត » ( ប្រធាន ថូម៉ាស អេស ម៉នសុន ) ។
សូមចែកសិស្សជាគូ ។ សូមអញ្ជើញពួកគេឲ្យអានឃ្លានៅលើក្ដារខៀន ហើយពិភាក្សាសំណួរខាងក្រោមជាមួយនឹងដៃគូរបស់ខ្លួន ៖
-
តើអ្នកគិតថា ប្រធាន ម៉នសុន ចង់មានន័យដូចម្ដេចដោយពោលឡើងថាឲ្យ « ក្លាយជាមនុស្សដ៏ប្រសើរបំផុត » ?
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីក្លាយជាមនុស្សដ៏ប្រសើរបំផុត ?
-
តើអ្វីទៅដែលរារាំងយើងពុំឲ្យក្លាយជាមនុស្សដ៏ប្រសើរបំផុត ?
នៅពេលសិស្សសិក្សា ពេត្រុសទី២ ១ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតមួយ ដែលអាចជួយឲ្យពួកគេស្គាល់ អំពីរបៀបក្លាយជាមនុស្សដ៏ប្រសើរបំផុត ។
សូមសង្ខេប ពេត្រុសទី២ ១:១–២ ដោយពន្យល់ថា ពេត្រុសបានសរសេរទៅពួកសមាជិកសាសនាចក្រ ដែលបានទទួលសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី២ ១:៣-៤ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថាប៉ុលបានបង្រៀនអ្វីខ្លះ ដើម្បីជួយពួកបរិសុទ្ធឲ្យបន្តស្មោះត្រង់ចំពោះទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។
-
យោងតាមខគម្ពីរទាំងនេះ តើពេត្រុសបានបង្រៀនពួកបរិសុទ្ធឲ្យធ្វើអ្វីខ្លះ ?
-
តើការ « បានចំណែកជានិស្ស័យនៃព្រះ » មានន័យដូចម្ដេច ? ( ខទី ៤ ) ។
សូមអញ្ជើញសិស្សឲ្យអាន ពេត្រុសទី ២ ១:៥–៧ ដោយស្ងាត់ស្ងៀម រកមើលលក្ខណៈនៃព្រះយេស៊ូវគ្រីស្ទ ដែលពេត្រុសបានអញ្ជើញពួកបរិសុទ្ធឲ្យអភិវឌ្ឍ ។ សូមឲ្យសិស្សសរសេរលក្ខណៈដែលពួកគេរកឃើញនៅលើក្ដារខៀន ។ សូមពិចារណាអញ្ជើញសិស្សឲ្យរកមើលនៅក្នុងវចនានុក្រមនូវនិយមន័យនៃលក្ខណៈទាំងនេះ ដែលពួកគេចង់យល់ឲ្យបានប្រសើរ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីគំរូ កាលដែលព្រះអង្គសង្គ្រោះបានបង្ហាញពីលក្ខណៈដ៏ទេវភាពមួយ ។ សូមឲ្យសិស្សបីបួននាក់ប្រាប់អំពីគំនិតរបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។
សូមសរសេរគោលការណ៍ពុំពេញលេញដូចតទៅនេះនៅលើក្ដារខៀន ៖ នៅពេលយើងអភិវឌ្ឍលក្ខណៈដ៏ទេវភាពនៅក្នុងខ្លួនយើង នោះយើងអាច …
សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី ២ ១:៨-៩ឲ្យឮៗ ។ សូមអញ្ជើញសិស្សឲ្យផ្ទៀងតាម រកមើលពរជ័យមួយដែលយើងអាចទទួលបាន នៅពេលយើងអភិវឌ្ឍចរិតលក្ខណៈដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ ។
-
តើយើងអាចទទួលបានពរជ័យអ្វីខ្លះ នៅពេលយើងអភិវឌ្ឍលក្ខណៈដ៏ទេវភាព ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមបំពេញឃ្លានៅលើក្ដារខៀនដើម្បីឲ្យវាមានន័យដូចតទៅ ៖ នៅពេលយើងអភិវឌ្ឍលក្ខណៈដ៏ទេវភាពនៅក្នុងខ្លួនយើង នោះយើងអាចស្គាល់ព្រះយេស៊ូវគ្រីស្ទ ) ។
-
ហេតុអ្វីអ្នកគិតថា ការអភិវឌ្ឍលក្ខណៈដ៏ទេវភាពជួយយើងឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី២ ១:១០-១១ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពរជ័យមួយទៀតដែលអាចកើតមានចំពោះជនដែលឧស្សាហ៍នៅក្នុងការអភិវឌ្ឍលក្ខណៈដ៏ទេវភាព ។
-
តើពរជ័យអ្វីអាចកើតមានចំពោះជនដែលឧស្សាហ៍នៅក្នុងការអភិវឌ្ឍលក្ខណៈដ៏ទេវភាពនៃព្រះយេស៊ូវគ្រីស្ទ ? ( សូមពន្យល់ថា ឃា្ល « ធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង » [ ខទី ១០ ] មានន័យថា ដើម្បីទទួលបាននៅក្នុងជីវិតនេះនូវការបញ្ជាក់របស់ព្រះថា អ្នកនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ ពេត្រុសក៏ហៅវាថាជាការ « មានពាក្យទំនាយដ៏ពិតជាង » ផងដែរ ( ពេត្រុសទី២ ១:១៩ ) ។ សូមមើលផងដែរ គ. និង ស. ១៣១:៥ ) ។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះ នៅក្នុងខគម្ពីរទាំងនេះអំពីហេតុផលដែលយើងគួរតែព្យាយាមនៅក្នុងការអភិវឌ្ឍសក្ដានុពលដ៏ទេវភាពរបស់យើង ? ( សិស្សគួរស្គាល់គោលការណ៍ដូចតទៅ ៖ ប្រសិនបើយើងឧស្សាហ៍នៅក្នុងការអភិវឌ្ឍសក្ដានុពលដ៏ទេវភាពរបស់យើងនៅក្នុងជីវិតនេះ នោះយើងអាចទទួលបាននូវការបញ្ជាក់របស់ព្រះអំពីជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកថា ការអភិវឌ្ឍលក្ខណៈដ៏ទេវភាព នឹងជួយយើងឲ្យមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយរៀបចំខ្លួនយើងឲ្យទទួលបាននូវជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅសរសេរ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេនូវលក្ខណៈដ៏ទេវភាពមួយដែលពួកគេចង់អភិវឌ្ឍបំផុត ។ សូមឲ្យពួកគេសរសេរសកម្មភាពជាក់លាក់មួយដែលពួកគេអាចធ្វើដើម្បីអភិវឌ្ឍលក្ខណៈនោះ ។
ពេត្រុសទី២ ១:១២-២១
ពេត្រុសចែកចាយសាក្សីរបស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ហើយបង្រៀនអំពីបទគម្ពីរ
សូមពិចារណាសរសេរអាយុរបស់សាវកនាពេលបច្ចុប្បន្នមួយចំនួន ដែលមានវ័យចំណាស់ជាងគេបំផុតនៅលើក្ដារខៀន ។ សូមអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អ្នកខ្លះពោលថា យើងចាស់ពេកហើយ ។ អូ ពិតណាស់ គឺមានសាវកប្រាំបួនរូបដែលមានវ័យចាស់ជាង ៨០ ឆ្នាំ ! ខ្ញុំមានវ័យ ៨៥ ឆ្នាំហើយ » ( « Be Still, and Know That I Am God » [ Church Educational System devotional ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ ] broadcasts.lds.org ) ។
-
ហេតុអ្វីអ្នកគិតថា មនុស្សមួយចំនួនចង់រិះគន់អំពីវ័យរបស់ពួកព្យាការី និងពួកសាវកមួយចំនួន ?
-
តើអ្នកនឹងឆ្លើយតបតាមរបៀបណា ចំពោះការរិះគន់ថា ពួកព្យាការី និងពួកសាវកសម័យទំនើបមានវ័យចំណាស់ពេកដែលពុំសូវមានប្រសិទ្ធភាព ?
នៅពេលសិស្សបន្តសិក្សា ពេត្រុសទី២ ១ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតមួយអំពីពួកព្យាការី និងពួកសាវកដែលសំខាន់ជាងវ័យរបស់ពួកលោក ។
សូមពន្យល់ថានៅក្នុង ពេត្រុសទី ២ ១:១២–១៩ ពេត្រុសបានចែកចាយសាក្សីរបស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ។
សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី ២ ១:២០–២១ ឲ្យឮៗ ហើយបន្ទាប់ពីសិស្សបានបញ្ចប់ការអានហើយ សូមចង្អុលបង្ហាញថា ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ពេត្រុសទី ២ ១:២០ ចែងថា « ដោយដឹងសេចក្តីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលថ្លែងឡើងបានតាមតែចិត្តរបស់មនុស្សនោះឡើយ » ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថាប៉ុលបានបង្រៀនអ្វីខ្លះ អំពីតួនាទីនៃ « មនុស្សបរិសុទ្ធរបស់ព្រះ » ដែលនៅក្នុងករណីនេះមានន័យថា ពួកព្យាការី ។
-
តើពេត្រុសបានបង្រៀនអ្វីខ្លះអំពីតួនាទីរបស់ពួកព្យាការី ? ( សិស្សគួរស្គាល់សេចក្ដីពិតដូចតទៅ ៖ ពួកព្យាការីទទួលបទគម្ពីរតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃបទគម្ពីរ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះឲ្យឮៗ ៖
« [ ព្រះគម្ពីរគឺជា ] ពាក្យពេចន៍ ព្រមទាំងពាក្យសរសេរ និងពាក្យនិយាយ ដោយពួកបុរសបរិសុទ្ធនៃព្រះ កាលបានសណ្ឋិតដោយព្រះវិញ្ញាណបរិសុទ្ធ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះគម្ពីរ » scriptures.lds.org, សូមមើលផងដែរ គ. និង ស. ៦៨:២–៤ ) ។ បទគម្ពីរមួយចំនួនត្រូវបានក្លាយជាកាណុង ។ កាណុងគឺ « ជាប្រជុំគម្ពីរដ៏ពិសិដ្ឋៗ ដែលត្រូវបានទទួលស្គាល់ ហើយមានសិទ្ធិអំណាច ។ នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនោះ គម្ពីរកាណុងទាំងប៉ុន្មានហៅថា គម្ពីរបមាណីយ ហើយមានទាំងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី ព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្ដីសញ្ញា ព្រមទាំងមុក្ដាដ៏មានតម្លៃមហិមា ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « កាណុង » scriptures.lds.org ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកសាក្សីរបស់លោកថា ពួកព្យាការីនៅតែបន្តទទួលបទគម្ពីរនាសព្វថ្ងៃនេះ ។
« [ ពួកព្យាការីគឺជា ] បណ្ដាញដែលព្រះបានមានបន្ទូលទៅកាន់កូនចៅរបស់ទ្រង់ តាមរយៈបទគម្ពីរកាលពីបុរាណ ។ ហើយវាគឺជាបណ្ដាញដែលទ្រង់បានមានបន្ទូលនៅបច្ចុប្បន្ននេះតាមរយៈការបង្រៀន និងពាក្យទូន្មាននៃពួកព្យាការី និងពួកសាវកនៅរស់ ព្រមទាំងថ្នាក់ដឹកនាំដ៏បំផុសគំនិតផ្សេងទៀត » ( « Two Lines of Communication » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៤ ) ។
-
ហេតុអ្វីក៏អ្នកគិតថា វាជារឿងសំខាន់ដើម្បីដឹងថា ព្រះប្រើគន្លងនេះដើម្បីបង្កើតបទគម្ពីរសម្រាប់កូនចៅទ្រង់ ?
-
តើការយល់ពីគន្លងនេះផ្ដល់ការជឿជាក់យ៉ាងខ្លាំងដល់អ្នកយ៉ាងដូចម្ដេចដែរ នៅក្នុងការថ្លែង និងការសរសេរអំពីព្យាការីទាំងឡាយទាំងសម័យបុរាណ និងសម័យទំនើប ?
ចូរអានសំណួរដូចខាងក្រោមនេះឲ្យឮៗ ហើយអញ្ជើញសិស្សឲ្យសរសេរចម្លើយនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ។
-
តើវគ្គបទគម្ពីរណាដែលបានជះឥទ្ធិលមកលើជីវិតរបស់អ្នក មិនថាវាមកពីព្យាការីពីបុរាណ ឬពីព្យាការីសព្វថ្ងៃនេះទេ ? តើអ្នកធ្លាប់បានទទួលពរជ័យ តាមរយៈបទគម្ពីរទាំងនោះយ៉ាងដូចម្តេច ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេនៅក្នុងថ្នាក់ ។ អ្នកក៏គួរចែកចាយឧទាហរណ៍មួយផងដែរថាអ្នកធ្លាប់មានពរតាមរយៈបទគម្ពីរយ៉ាងណាដែរ ។
សូមលើកឡើងអំពីប្រសាសន៍ខាងក្រោម របស់អែលឌើរ អូក ហើយអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់ដល់សិស្សដទៃទៀត ដូចដែលព្រះវិញ្ញាណដឹកនាំអំពីភាពពិតនៃពួកព្យាការី និងបទគម្ពីរ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
ពេត្រុសទី២ ១:១០ ។ « គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង »
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ការធ្វើការហៅ ហើយរើសតាំងរបស់មនុស្សម្នាក់ដែលពិតប្រាកដឡើង គឺជាការផ្សារភ្ជាប់ទៅនឹងជីវិតដ៏នៅអស់កល្បជានិច្ច វាត្រូវមានការបញ្ជាក់ដ៏គ្មានលក្ខខណ្ឌនៃភាពតម្កើងឡើងនៅក្នុងស្ថានសួគ៌ក៏ខ្ពស់បំផុតនៃភពសេឡេស្ទាល … ពីមុនថ្ងៃដែលពួកស្មោះត្រង់ចូលទៅក្នុងវត្តមានរបស់ព្រះ ដើម្បីអង្គុយជាមួយនឹងព្រះគ្រីស្ទនៅលើបល្ល័ង្ករបស់ទ្រង់ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:៣៣០–៣១ ) ។
អែលឌើរ ម៉ាក់ខន់ឃី ក៏បានបង្រៀនដូចតទៅនេះដែរ ៖
« មនុស្សគ្រប់រូបនៅក្នុងសាសនាចក្រដែលស្ថិតនៅលើផ្លូវតូច ហើយចង្អៀតនេះ ដែលកំពុងខិតខំ ហើយកំពុងជួបឧបសគ្គ ហើយកំពុងមានបំណងប្រាថ្នាធ្វើរឿងត្រឹមត្រូវ ទោះជាពុំល្អឥតខ្ចោះនៅក្នុងជីវិតនេះក្ដី ប្រសិនបើគាត់ចាកចេញពីជីវិតនេះទៅ កាលស្ថិតនៅលើផ្លូវតូច ហើយចង្អៀតនេះ នោះគាត់នឹងបន្តទៅរករង្វាន់ដ៏នៅអស់កល្បជានិច្ចនៅក្នុងនគររបស់ព្រះវរបិតាគាត់ ។
« … ប្រសិនបើបងប្អូនស្ថិតនៅលើផ្លូវនោះ ហើយកំពុងដើរឆ្ពោះទៅមុខ ហើយបងប្អូនស្លាប់ នោះបងប្អូននឹងពុំដើរចេញពីផ្លូវនោះឡើយ ។ … អ្វីដែលបងប្អូនត្រូវធ្វើ គឺបន្តនៅក្នុងសាសនាចក្រនេះ ហើយរស់នៅជាមនុស្សល្អរស់នៅក្នុងសាសនាចក្រ—ដោយគោរពតាមបទបញ្ញត្តិ បង់ដង្វាយមួយភាគក្នុងដប់របស់បងប្អូន បម្រើនៅក្នុងអង្គការនានានៃសាសនាចក្រ ស្រឡាញ់ព្រះអម្ចាស់ បន្តនៅលើផ្លូវតូច ហើយចង្អៀតនោះ ។ ប្រសិនបើបងប្អូនស្ថិតនៅលើផ្លូវនោះ កាលសេចក្ដីស្លាប់ឈានចូលមក—ដោយសារពេលនេះគឺជាវេលា និងជាថ្ងៃដែលបានកំណត់ឲ្យ វាជាស្ថានភាពសាកល្បង—បងប្អូននឹងពុំធ្លាក់ចេញពីផ្លូវនោះឡើយ ហើយសម្រាប់រាល់គោលបំណងសំខាន់ៗ ការហៅ និងការរើសតាំងរបស់បងប្អូនត្រូវបានធ្វើឲ្យពិតប្រាកដឡើង ។ ឥឡូវនេះ នោះពុំមែនជានិយមន័យនៃលក្ខខណ្ឌនោះទេ ប៉ុន្តែនៅទីបំផុតវានឹងដូចគ្នា » ( « The Probationary Test of Mortality » Salt Lake Institute of Religion devotional ថ្ងៃទី ១០ ខែ មករា ឆ្នាំ ១៩៨២ ទំព័រ ១២–១៣ ) ។
ពេត្រុសទី២ ១:១៩ ។ « ពាក្យទំនាយដ៏ពិតជាង »
វិវរណៈទំនើបអះអាង ហើយបញ្ជាក់អំពីអត្ថន័យនៃឃ្លា « មានពាក្យទំនាយដ៏ពិតជាង » ( ពេត្រុសទី២ ១:១៩ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:៥ចែងថា « ដូច្នោះ ដូចព្យាការីបានមានប្រសាសន៍ ‹ ពាក្យព្យាករណ៍ដ៏ពិតជាង មានន័យពីមនុស្សដែលដឹងថា ខ្លួនបានផ្សារភ្ជាប់ទុកចំពោះជីវិតដ៏នៅអស់កល្បជានិច្ចដោយវិវរណៈ និងវិញ្ញាណនៃការព្យាករ តាមរយៈអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធ » ។
សមាជិកសាសនាចក្រដ៏ស្មោះត្រង់ទាំងបុរសទាំងស្ត្រីអាចទទួលបានពរជ័យនៃការមានការហៅ និងការរើសតាំងរបស់មនុស្សម្នាក់បានពិតប្រាកដឡើង ឬការទទួលបានពាក្យទំនាយដ៏ពិតជាង ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« សមាជិកសាសនាចក្រទាំងនោះ ដែលបានលះបង់ខ្លួនរបស់ពួកគេទាំងស្រុងចំពោះភាពសុចរិត រស់នៅតាមគ្រប់ព្រះបន្ទូលដែលចេញពីព្រះឱសរបស់ព្រះ នោះនឹងធ្វើឲ្យការហៅ និង ការរើសតាំងរបស់ពួកគេបានប្រាកដឡើង ។ នោះសបញ្ជាក់ថា ពួកគេទទួលពាក្យព្យាករណ៍ដ៏ពិតជាង ដែលមានន័យថាព្រះអម្ចាស់ផ្សារភ្ជាប់ភាពតម្កើងឡើងរបស់ពួកគេលើពួកគេ ខណៈដែលពួកគេមិនទាន់មកនៅក្នុងជីវិតនេះម្ល៉េះ ។ ពេត្រុសបានសង្ខេបដំណើរនៃភាពសុចរិតដែលពួកបរិសុទ្ធត្រូវតែធ្វើតាម ដើម្បីធ្វើឲ្យការហៅ និងការរើសតាំងរបស់ពួកគេត្រូវបានប្រាកដឡើង ហើយបន្ទាប់មក ( សំដៅលើបទពិសោធន៍របស់លោកនៅលើភ្នំប្រែរូបជាមួយ យ៉ាកុប និង យ៉ូហាន ) បានមានប្រសាសន៍ថា អ្នកទាំងបីនាក់នោះបានទទួលពាក្យព្យាករណ៍ដ៏ពិតជាងនេះ ។ (១ ពេត្រុស ១) » ។ ( Mormon Doctrine កំណែលើកទីពីរ [ ឆ្នាំ ១៩៦៦ ] ទំព័រ ១០៩ ) ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖
« បន្ទាប់ពីមនុស្សម្នាក់មានសេចក្តីជំនឿលើព្រះគ្រីស្ទ ប្រែចិត្តពីអំពើបាបរបស់ខ្លួន ហើយត្រូវបានជ្រមុជទឹកសម្រាប់ការផ្តាច់បាបខ្លួន ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ ( ដោយការដាក់ដៃលើក្បាល ) ដែលជាព្រះដ៏ជាជំនួយដំបូងគេ បន្ទាប់មកទុកឲ្យគាត់បន្តបន្ទាបខ្លួនចំពោះព្រះ ដោយការស្រេកឃ្លានចំពោះសេចក្តីសុចរិត ហើយរស់នៅតាមគ្រប់ទាំងព្រះបន្ទូលនៃព្រះ នោះមិនយូរប៉ុន្មានព្រះអម្ចាស់នឹងមានបន្ទូលទៅគាត់ថា បុត្រអើយ ចូរឯងទទួលភាពតម្កើងឡើងចុះ ។ នៅពេលព្រះអម្ចាស់បានធ្វើការសាកល្បងយ៉ាងខ្លាំងជាមួយគាត់ ហើយឃើញថា គាត់សម្រេចចិត្តដើម្បីបម្រើទ្រង់គ្រប់យ៉ាង នោះគាត់នឹងឃើញថាការហៅ និង ការរើសតាំងរបស់ខ្លួនត្រូវបានប្រាកដឡើង បន្ទាប់មកវាគឺជាឯកសទ្ធិរបស់គាត់ដើម្បីទទួលព្រះដ៏ជាជំនួយមួយអង្គទៀត ។ …
« តើព្រះដ៏ជាជំនួយមួយអង្គទៀតជានរណា ? វាពុំច្រើន ឬតិចជាងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទផ្ទាល់ឡើយ … នៅពេលមនុស្សណាម្នាក់ទទួលបានព្រះដ៏ជាជំនួយចុងក្រោយនេះ គាត់នឹងមានតួអង្គនៃព្រះយេស៊ូវគ្រីស្ទមកគង់នឹងគាត់ ឬបង្ហាញឲ្យគាត់ឃើញ » ( នៅក្នុង History of the Church ៣:៣៨០–៨១ ) ។
ពេត្រុសទី២ ១:២០-២១ ។ « មនុស្សបរិសុទ្ធរបស់ព្រះ »
អែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងអំពីអានុភាពនៃការមានថ្នាក់ដឹកនាំចាស់ទុំ ដែលមានបទពិសោធន៍នៅក្នុងក្រុមប្រឹក្សាជាអធិបតីរបស់សាសនាចក្រ ៖
« មានអ្វីមួយស្ដីពីប្រាជ្ញាផ្ទាល់ខ្លួន និងប្រាជ្ញារួមគ្នារវាងបងប្អូនប្រុស ដែលនឹងផ្ដល់ការលួងលោមចិត្តខ្លះៗ ។ យើងបានដកពិសោធន៍នូវការណ៍ទាំងអស់នោះហើយ រួមទាំងមានលទ្ធផលអំពីច្បាប់សាធារណៈ និងគោលនយោបាយនានា ការខកចិត្តផ្សេងៗគ្នា និងសោកនាដកម្ម និងមរណភាពក្នុងគ្រួសារយើងផ្ទាល់ជាច្រើន ។ យើងយល់អំពីអ្វីដែលកើតឡើងក្នុងជីវិតអ្នក ។
« ខ្ញុំសម្គាល់ថា គ្មានសាវកណាមួយដែលអៀនប្រៀននោះទេ ។ យើងមានបុគ្គលិកលក្ខណៈរឹងមាំ ។ ដូច្នេះ ពេលយើងរួបរួមលើការសម្រេចចិត្តមួយ អ្នកអាចប្រាកដថា យើងបានប្រឹក្សាជាមួយគ្នា ហើយរកឃើញការសម្រេចចិត្តនោះ បន្ទាប់ពីការអធិស្ឋានជាច្រើន និងការពិភាក្សាយ៉ាងល្អិតល្អន់ ។ …
« យើងមានកម្លាំងរឹងមាំ ហើយព្រះអម្ចាស់ប្រទានពរយើងឲ្យជម្រុញកិច្ចការទ្រង់ទៅមុខតាមរបៀបដ៏ប្រសើរ » ( « Be Still, and Know That I Am God » [ Church Educational System devotional ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ ] broadcast.lds.org ) ។