មេរៀនទី ១០៨
កូរិនថូស ទី១ ១១
សេចក្តីផ្ដើម
ប៉ុលបានលើកឡើងពីការឈ្លោះប្រកែកនៅក្នុងចំណោមពួកបរិសុទ្ធនៅកូរិនថូសទាក់ទងនឹងទំនៀមទម្លាប់សាសនា ។ លោកបានគូសបញ្ជាក់ថា បុរស និងស្ត្រីមានតួនាទីដ៏ទេវភាព ហើយដ៏អស់កល្បជានិច្ច ហើយវាក៏ជាតួនាទីដ៏ចាំបាច់ចំពោះគ្នាទៅវិញទៅមកនៅក្នុងផែនការរបស់ព្រះអម្ចាស់ដែរ ។ លោកក៏បានបង្រៀនដល់សមាជិកសាសនាចក្រផងដែរអំពីការរៀបចំខ្លួនយ៉ាងត្រឹមត្រូវ ដើម្បីទទួលទានសាក្រាម៉ង់ ។
យោបល់សម្រាប់ការបង្រៀន
កូរិនថូសទី ១ ១១:១-១៦
ប៉ុលបានលើកឡើងអំពីការឈ្លោះប្រកែកទាក់ទងទំនៀមទម្លាប់នៅក្នុងសម័យរបស់លោក
សូមដាក់តាំងរូបភាពស្វាមីភរិយាមួយគូដែលបានរៀបការ ( ដូចជា Young Couple Going to the Temple, Gospel Art Book [ ឆ្នាំ ២០០៩ ] ល.រ. ១២០ សូមមើលផងដែរ LDS.org ) ។ សូមអានប្រយោគខាងក្រោមនេះឲ្យឮៗ ដើម្បីឆ្លុះបញ្ចាំងពីអារម្មណ៍ដែលបុគ្គលមួយចំនួនមានចំពោះអាពាហ៍ពិពាហ៍ ៖
-
« ជោគជ័យនៅក្នុងអាជីពរបស់ខ្ញុំ គឺជារឿងដ៏មានន័យអស្ចារ្យចំពោះខ្ញុំ ។ ខ្ញុំមិនចង់បែងចែកការផ្ដោតអារម្មណ៍រវាងគោលដៅការងារ និងអាពាហ៍ពិពាហ៍របស់ខ្ញុំឡើយ » ។
-
« ខ្ញុំមិនចង់មានទំនាក់ទនងមួយដ៏ស៊ីជម្រៅនោះទេ ។ ខ្ញុំខ្លាចធ្វើការសម្រេចចិត្តមួយ ដែលខ្ញុំនឹងមានវិប្បដិសារីនៅពេលក្រោយ » ។
-
« អាពាហ៍ពិពាហ៍នឹងរឹតបន្តឹងដល់ខ្ញុំ ។ ខ្ញុំមិនអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើបានទេ » ។
-
« ខ្ញុំដឹងថា អាពាហ៍ពិពាហ៍គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតដែលខ្ញុំពុំធ្លាប់ធ្វើពីមុនមក ហើយខ្ញុំទន្ទឹងរង់ចាំដើម្បីធ្វើវា » ។
ចូរអញ្ជើញសិស្សឲ្យពិចារណាថា ពួកគេមានអារម្មណ៍បែបណាដែរចំពោះអាពាហ៍ពិពាហ៍ ។ ចូរសុំឲ្យពួកគេរកមើលសេចក្ដីពិតមួយ កាលពួកគេសិក្សា កូរិនថូសទី ១ ១១:១–១៦ ដែលអាចជួយពួកគេ និងមនុស្សដទៃទៀតឲ្យយល់ពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី ១ ១១:៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីទំនួលខុសត្រូវរបស់ស្វាមីម្នាក់ ។ អ្នកអាចពន្យល់ថា នៅក្នុងខគម្ពីរនេះពាក្យដែលបានបកប្រែថា « បុរស » ក៏អាចបកស្រាយថាជា « ស្វាមី » ដែរ រីឯពាក្យដែលបានបកស្រាយថា « ស្ត្រី » ក៏អាចប្រែថាជា « ភរិយា » ដែរ ។
-
តើតួនាទីរបស់ស្វាមីជាអ្វី ? ( អ្នកគួរពន្យល់ថា ឃ្លា « ឯបុរសវិញនោះជាក្បាលនៃស្ត្រី » មានន័យថា ស្វាមីមានការទទួលខុសត្រូវពិសិដ្ឋធ្វើជាអធិបតីនៅក្នុងផ្ទះ ។ ការ ធ្វើជាអធិបតី មានន័យថា ការដឹកនាំ និងការណែនាំអ្នកដទៃដោយសុចរិតនៅក្នុងបញ្ហាខាងវិញ្ញាណ និងខាងសាច់ឈាម ) ។
-
តើនរណាជាអធិបតី ហើយណែនាំដល់ស្វាមី កាលគាត់ធ្វើជាអធិបតីលើគ្រួសារគាត់ ?
សូមសង្ខេប កូរិនថូសទី ១ ១១:៤–១៦ ដោយពន្យល់ថា ប៉ុលបានលើកឡើងនូវសំណួរអំពីទំនៀមទម្លាប់សម្រាប់បុរស និងស្ត្រី នៅពេលពួកគេបានអធិស្ឋាន ឬព្យាករនៅក្នុងការប្រជុំថ្វាយបង្គំរបស់ពួកគេ ។
សូមជួយសិស្សឲ្យយល់ថា ពេលខ្លះពួកអ្នកអានព្រះគម្ពីរសញ្ញាថ្មីយល់ខុសពីការបង្រៀនរបស់ប៉ុលថា តួនាទីរបស់បុរសគឺសំខាន់ជាងតួនាទីរបស់ស្ត្រី ឬថា បុរសមានសិទ្ធិធំជាង ឬមានតម្លៃជាងស្ត្រី ។ សូមអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« បុរស និង ស្ត្រីគឺស្មើគ្នានៅចំពោះព្រះនេត្ររបស់ព្រះ និង នៅចំពោះមុខនៃសាសនាចក្រ ប៉ុន្តែភាពស្មើគ្នានេះពុំមែនមានន័យថា ពួកគេដូចគ្នានោះទេ ។ ការទទួលខុសត្រូវ និង អំណោយទានដ៏ទេវភាពនានារបស់បុរស និង ស្ត្រីផ្សេងៗពីគ្នាទៅតាមធម្មជាតិរបស់ខ្លួន ប៉ុន្តែមិនមែនទៅតាមភាពសំខាន់ ឬ ឥទ្ធិពលរបស់ខ្លួននោះឡើយ ។ គោលលទ្ធិសាសនាចក្រយើងបានដាក់ស្ត្រីឲ្យស្មើនឹងបុរស ប៉ុន្តែផ្សេងពីបុរស ។ ព្រះទ្រង់មិនចាត់ទុកថាភេទណាមួយប្រសើរ ឬសំខាន់ជាងមួយណានោះទេ » ( « Men and Women in the Work of the Lord » New Era ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៤ ) ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី ១ ១១:១១ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពីអ្វីដែលប៉ុលបានបង្រៀនអំពីទំនាក់ទំនងរវាងស្វាមី និងភរិយា ។
-
តើសាវកប៉ុលបានបង្រៀនអ្វីខ្លះអំពីទំនាក់ទំនាក់រវាងស្វាមី និងភរិយា ?
សូមចង្អុលបង្ហាញឃ្លា « ក្នុងព្រះអម្ចាស់ » ។ សូមពន្យល់ថា ឃ្លានេះសំដៅទៅលើផែនការរបស់ព្រះអម្ចាស់ដើម្បីជួយយើងឲ្យក្លាយដូចជាទ្រង់ ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
-
តើខគម្ពីរនេះបង្រៀនគោលលទ្ធិអ្វីខ្លះអំពីបរុស និងស្ត្រីនៅក្នុងផែនការរបស់ព្រះអម្ចាស់ ? ( សូមសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ដោយប្រើពាក្យរបស់សិស្ស ៖ នៅក្នុងផែនការរបស់ព្រះអម្ចាស់ បុរស និងស្ត្រីមិនអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចដោយគ្មានគ្នាបានឡើយ ។ [ សូមមើល គ. និង ស. ១៣១:១-៤ ] ។
ដើម្បីជួយសិស្សឲ្យយល់ដឹងពីសេចក្ដីពិតដែលបានបង្ហាញខាងលើ សូមលើក កន្ត្រៃ មួយឡើង ហើយចាប់ផ្ដើមកាត់ក្រដាសមួយសន្លឹក ។ ចូរសុំឲ្យសិស្សនឹកស្រមៃថា មុខកន្ត្រៃទាំងពីរនោះបានដាច់ចេញពីគ្នា ។
-
តើមនុស្សម្នាក់មានជោគជ័យបែបណាទៅ ប្រសិនបើគាត់ព្យាយាមកាត់ក្រដាសមួយសន្លឹកនឹងកន្ត្រៃដែលមានមុខតែម្ខាងនោះ ? តើកន្ត្រៃមួយប្រៀបដូចជាស្វាមី និងភរិយាធ្វើការរួមគ្នាយ៉ាងដូចម្ដេចទៅ ?
សូមអញ្ជើញឲ្យសិស្សម្នាក់អានឮៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« តាមរយៈការរចនាដ៏ទេវភាព បុរស និង ស្ត្រី ត្រូវបានតាំងចិត្តដើម្បីរីកចម្រើនជាមួយគ្នាឆ្ពោះទៅកាន់ភាពល្អឥតខ្ចោះ និង ភាពដ៏ពេញលេញនៃសិរីល្អ ។ ដោយសារភាពខុសគ្នានៃនិស្ស័យ និង សមត្ថភាពរបស់ខ្លួន បុរស និង ស្ត្រីគ្រប់រូបនាំមកកាន់ទំនាក់ទំនងអាពាហ៍ពិពាហ៍នូវទស្សនវិស័យ និង បទពិសោធន៍ដ៏ពិសេស ។ បុរស និង ស្ត្រីមានលក្ខណៈផ្សេងគ្នា ប៉ុន្តែមានភាពស្មើគ្នាតែមួយ និង សាមគ្គីភាព ដែលកិច្ចការទាំងនេះមិនអាចទទួលបានជោគជ័យបានតាមវិធីផ្សេងឡើយ ។ បុរសបំពេញ ហើយធ្វើឲ្យស្ត្រីបានល្អឥតខ្ចោះ ហើយស្ត្រីបំពេញ ហើយធ្វើឲ្យបុរសបានល្អឥតខ្ចោះ នៅពេលពួកគេរៀន ហើយពង្រឹងគ្នាទៅវិញទៅមក ព្រមទាំងផ្ដល់ពរឲ្យគ្នាទៅវិញទៅមក » ( « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៣–៨៤ ) ។
-
តើចរិតលក្ខណៈ និងការទទួលខុសត្រូវផ្សេងៗគ្នារបស់បុរស និងស្ត្រីបានជួយបំពេញបង្គ្រប់ឲ្យគ្នាទៅវិញទៅមកនៅក្នុងគ្រួសារយ៉ាងដូចម្ដេចដែរ ?
សូមរំឭកសិស្សនូវឥរិយាបថខុសគ្នាអំពីអាពាហ៍ពិពាហ៍ ដែលបានពិពណ៌នានៅក្នុងសេចក្ដីថ្លែងការណ៍ដែលអ្នកបានអាននៅដើមដំបូងក្នុងមេរៀននេះ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិត និងទីបន្ទាល់ពួកគេទាក់ទងនឹងសារៈសំខាន់នៃអាពាហ៍ពិពាហ៍នៅក្នុងផែនការរបស់ព្រះអម្ចាស់ ។ អ្នកគួរចែកចាយពីទីបន្ទាល់របស់អ្នកផងដែរ ។
កូរិនថូស ទី១ ១១:១៧-៣៤
ប៉ុលបង្រៀនពួកបរិសុទ្ធនៅកូរិនថូសឲ្យទទួលទានសាក្រាម៉ង់ដោយប្រុងប្រយ័ត្ន
សូមសរសេរឃ្លាខាងក្រោមនេះនៅលើក្ដារខៀន ៖ បទពិសោធន៍ខាងវិញ្ញាណដ៏ពិតប្រាកដមួយ ការផ្លាស់ប្ដូរថ្មីមួយដល់ព្រលឹង ផ្នែកសំខាន់ៗនៃថ្ងៃឈប់សម្រាករបស់ខ្ញុំ ។
ចូរសុំឲ្យសិស្សសញ្ជឹងគិតពីបទពិសោធន៍ដែលទើបតែកើតឡើងថ្មីៗរបស់ពួកគេនៅក្នុងការទទួលទានសាក្រាម៉ង់ ហើយពិចារណាថាតើពួកគេនឹងប្រើឃ្លាណាមួយនៅលើក្ដារខៀន ដើម្បីពិពណ៌នាពីបទពិសោធន៍របស់ខ្លួន ។ ចូរសុំឲ្យសិស្សរកមើលសេចក្ដីពិតនានា នៅពេលពួកគេសិក្សា កូរិនថូសទី ១ ១១:១៧–៣៤ ដែលអាចជួយពួកគេដើម្បីធ្វើឲ្យការទទួលទានសាក្រាម៉ង់ក្លាយជាបទពិសោធន៍មួយកាន់តែមានន័យខាងវិញ្ញាណ ។
សូមពន្យល់ថា នៅក្នុងសម័យរបស់ប៉ុល សមាជិកសាសនាចក្របានរក្សាទំនៀមទម្លាប់មួយនូវការរំលឹកចងចាំដល់អាហារយប់ថ្ងៃចុងក្រោយ ។ ពួកគេបានបរិភោគអាហាររួមគ្នា រួចក្រោយមកបានទទួលទានសាក្រាម៉ង់ ។ សូមសង្ខេប កូរិនថូសទី ១ ១១:១៧–២២ ដោយពន្យល់ថា ប៉ុលបានកត់ចំណាំពីរបាយការណ៍មួយ ដែលលោកបានទទួលថា នៅពេលពួកបរិសុទ្ធនៅកូរិនថូសបានជួបជុំគ្នាទទួលទានសាក្រាម៉ង់ នោះមានការខ្វែងគំនិតគ្នា ឬការឈ្លោះប្រកែកគ្នានៅក្នុងចំណោមពួកគេ ។ ប៉ុលបានស្ដីបន្ទោសដល់ពួកបរិសុទ្ធចំពោះការធ្វើឲ្យការជួបជុំទាំងនេះក្លាយទៅជាការបរិភោគអាហាររួមគ្នា ជាជាងការរក្សាភាពពិសិដ្ឋនៃពិធីបរិសុទ្ធសម្រាប់សាក្រាម៉ង់ ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី ១ ១១:២៣-២៦ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពីអ្វីដែលប៉ុលបានលើកទឹកចិត្តឲ្យសមាជិកសាសនាចក្រចងចាំអំពីសាក្រាម៉ង់ ។ អ្នកគួរពន្យល់ថា ពាក្យ សម្ដែង នៅក្នុង ខទី ២៦ មានន័យថា ប្រកាស ប្រាប់ដំណឹង ឬថ្លែងទីបន្ទាល់ ។
ចូរដាក់តាំងបង្ហាញរូបភាព អាហារយប់ថ្ងៃចុងក្រោយ ( Gospel Art Book [ ឆ្នាំ ២០០៩ ] ល.រ. ៥៤សូមមើលផងដែរ LDS.org ) ។
-
តើប៉ុលបាននិយាយថា ព្រះអង្គសង្គ្រោះបានបង្រៀនដល់ពួកសិស្សរបស់ទ្រង់ឲ្យចងចាំអ្វីខ្លះ នៅពេលពួកគេទទួលទានសាក្រាម៉ង់ ?
-
តើការចងចាំដល់ព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គសង្គ្រោះនៅក្នុងពិធីសាក្រាម៉ង់ បានជួយដល់សមាជិកសាសនាចក្រដែលកំពុងខ្វែងគំនិតគ្នាយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី ១ ១១:២៧-៣០ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការព្រមាន ដែលប៉ុលបានផ្ដល់ដល់ពួកបរិសុទ្ធនៅកូរិនថូសអំពីសាក្រាម៉ង់ ។
-
យោងតាម ខទី ២៧ និង ២៩តើប៉ុលបានព្រមានពួកបរិសុទ្ធកូរិនថូសអំពីអ្វីខ្លះ ?
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះក្នុងខគម្ពីរទាំងនេះអំពីអ្វីដែលកើតឡើង នៅពេលយើងទទួលទានសាក្រាម៉ង់ដោយមិនសក្ដិសម ? ( សិស្សអាចនឹងប្រើពាក្យខុសៗគ្នា ប៉ុន្តែត្រូវប្រាកដថាពួកគេស្គាល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ ជនដែលទទួលទានសាក្រាម៉ង់ដោយមិនសក្ដិសមនាំមកនូវការដាក់ទោស និងការជាប់ទោសដល់ខ្លួនឯង ) ។
សូមពន្យល់ថា យើង « ពុំចាំបាច់ល្អឥតខ្ចោះដើម្បីទទួលទានសាក្រាម៉ង់នោះទេ ប៉ុន្តែ [ យើង ] គួរមានស្មារតីនៃការបន្ទាបខ្លួន និងការប្រែចិត្តនៅក្នុងដួងចិត្ត [ របស់យើង ] » ( ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៤៨ ] ) ។ ប្រសិនបើយើងទទួលទានសាក្រាម៉ង់កាលយើងមានអំពើបាបដ៏ធ្ងន់ធ្ងរ ឬមានដួងចិត្តដែលមិនព្រមប្រែចិត្ត គ្មានបំណងប្រាថ្នាដើម្បីចងចាំ ហើយធ្វើតាមព្រះអង្គសង្គ្រោះទេ នោះយើងកំពុងទទួលទានសាក្រាម៉ង់ដោយមិនសក្ដិសមហើយ ។ សូមលើកទឹកចិត្តសិស្សឲ្យអធិស្ឋានទៅព្រះវរបិតាសួគ៌ ហើយនិយាយជាមួយប៊ីស្សពរបស់ពួកគេ ( សូមមើល នីហ្វៃទី ៣ ១៨:២៦–២៩ ) ប្រសិនបើពួកគេមានសំណួរអំពីភាពសក្ដិសមដើម្បីទទួលទានសាក្រាម៉ង់ ។
-
ហេតុអ្វីអ្នកគិតថា ការទទួលទានសាក្រាម៉ង់ដោយមិនសក្ដិសមនឹងនាំមកនូវការជាប់ទោសដល់ព្រលឹងរបស់យើង ?
-
យោងតាម កូរិនថូសទី ១ ១១:២៨តើប៉ុលបានផ្ដល់ពាក្យទូន្មានអ្វីខ្លះដល់សមាជិកសាសនាចក្រ ? ( សូមសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ដោយប្រើពាក្យរបស់សិស្ស ៖ យើងគួរពិនិត្យមើលពីជីវិតរបស់យើង នៅពេលយើងទទួលទានសាក្រាម៉ង់ ) ។
សូមចង្អុលបង្ហាញថា គោលបំណងនៃការពិនិត្យមើលពីជីវិតរបស់យើងគឺពុំមែនគ្រាន់តែដើម្បីពិចារណាថា តើយើងមានភាពសក្ដិសមដើម្បីទទួលទានសាក្រាម៉ង់ដែរឬអត់នោះទេ ប៉ុន្តែយើងក៏ត្រូវពិចារណាថា យើងកំពុងខិតខំគោរពតាមសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះអម្ចាស់បានល្អដល់កម្រិតណាហើយ និងពីរបៀបដែលយើងអាចនឹងខិតខំប្រែចិត្ត ឬ ហើយធ្វើខ្លួនឲ្យកាន់តែប្រសើរឡើង ។
ចូរសុំសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖
« ខ្ញុំបានសួរសំណួរនេះដល់ខ្លួនឯង ៖ ‹ តើខ្ញុំបានដាក់ព្រះយ៉ាងខ្ពស់លើសពីអ្វីៗទាំងអស់ផ្សេងទៀត ហើយគោរពតាមរាល់ព្រះបញ្ញត្តិរបស់ទ្រង់ដែរឬទេ ? បន្ទាប់មក ការសញ្ជឹងគិត និងដំណោះស្រាយបានកើតមាន ។ ការចុះសេចក្ដីសញ្ញាមួយជាមួយនឹងព្រះអម្ចាស់ដើម្បីគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ជានិច្ច គឺជាកាតព្វកិច្ចមួយដ៏ធំ ហើយការរំឭកសេចក្ដីសញ្ញានោះដោយការទទួលទានសាក្រាម៉ង់ក៏ជាកាតព្វកិច្ចយ៉ាងធំដូចគ្នាដែរ ។ គ្រាដ៏ឱឡារិកនៃការគិតនោះ កាលសាក្រាម៉ង់ត្រូវបានចែកគឺមានសារៈសំខាន់ខ្លាំងណាស់ ។ វាគឺជាគ្រានៃការត្រួតពិនិត្យខ្លួនឯង ការពិចារណាមើលចិត្តខ្លួនឯង ការដឹងខុសត្រូវពីខ្លួនឯង—ជាគ្រាមួយដើម្បីសញ្ជឹងគិត ហើយដោះស្រាយ » ( « Thoughts on the Sacrament » Ensign ខែ ឧសភា ឆ្នាំ ១៩៧៧ ទំព័រ ២៥ ) ។
ដើម្បីជួយសិស្សឲ្យពិចារណាពីរបៀបដែលពួកគេអាចអនុវត្តសេចក្ដីពិត ដែលពួកគេបានរកឃើញនៅក្នុង កូរិនថូសទី ១ ១១:២៨សូមអញ្ជើញពួកគេឲ្យគិតពីសំណួរដែលពួកគេអាចគិតឃើញ នៅពេលពួកគេរៀបចំខ្លួនទទួលទានសាក្រាម៉ង់ ។ ឧទាហរណ៍ ពួកគេអាចសួរថា « តើខ្ញុំអាចក្លាយជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើងតាមរបៀបណា ? » ចូរសុំឲ្យសិស្សចែកចាយសំណួរផ្សេងទៀត ដែលពួកគេអាចសួរដល់ខ្លួនឯង ។ អ្នកក៏អាចផ្ដល់ជាសំណួររបស់អ្នកមួយចំនួនផងដែរ ។ សូមអញ្ជើញសិស្សឲ្យសរសេរសំណួរ ដែលពួកគេអាចសួរដល់ខ្លួនឯងនៅពិធីសាក្រាម៉ង់នៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាសិក្សាព្រះគម្ពីររបស់ពួកគេ នៅពេលពួកគេពិនិត្យមើលពីភាពសក្ដិសមរបស់ពួកគេ ។
នៅពេលសិស្សត្រួតពិនិត្យពីភាពសក្ដិសមរបស់ពួកគេពីមុន និងពេលកំពុងទទួលទានសាក្រាម៉ង់ សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់អាចជួយពួកគេឲ្យដឹងពីរបៀបដែលពួកគេអាចបំពេញសេចក្ដីសញ្ញារបស់ពួកគេកាន់តែប្រសើរឡើង ហើយមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានពរជ័យដែលទ្រង់មានព្រះរាជបំណងប្រទានដល់ពួកគេ ។ ពរជ័យទាំងនេះរួមបញ្ចូលការជ្រះស្អាតពីអំពើបាបរបស់ពួកគេ និងការទទួលបានព្រះចេស្ដាដ៏ធំធេងបំផុតមួយនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យដាក់គោលដៅមួយទាក់ទងនឹងរបៀបដែលពួកគេនឹងត្រៀមខ្លួនកាន់តែប្រសើរឡើង សម្រាប់ការទទួលទានសាក្រាម៉ង់របស់ពួកគេនៅឱកាសក្រោយ ។
សូមសង្ខេប កូរិនថូសទី ១ ១១:៣៣–៣៤ ដោយពន្យល់ថា ប៉ុលបានផ្ដល់នូវការណែនាំបន្ថែមដល់ពួកបរិសុទ្ធកូរិនថូសទាក់ទងនឹងអាហារ ដែលពួកគេបានដាក់បញ្ចូលជាមួយនឹងការចាត់ចែងពិធីសាក្រាម៉ង់ ។
សូមបញ្ចប់មេរៀននេះដោយថ្លែងទីបន្ទាល់ពីសេចក្ដីពិត ដែលបានបង្ហាញនៅក្នុងកូរិនថូសទី ១ ១១ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
កូរិនថូសទី ១ ១១:១១ ។ « ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ »
អែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចង្អុលបង្ហាញថា បុរសស្ត្រីមានសិទ្ធិស្មើគ្នា ប៉ុន្តែមានតួនាទីខុសគ្នា ៖
« នៅក្នុងផែនការប្រគល់បព្វជិតភាពដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌យើង បុរសមានទំនួលខុសត្រូវដ៏សំខាន់ក្នុងការគ្រប់គ្រងបព្វជិតភាព តែពួកគេពុំមែនជាបព្វជិតភាពនោះទេ ។ បុរសស្ត្រីមានតួនាទីខុសគ្នា តែមានតម្លៃស្មើគ្នា ។ ដូចជាករណី ស្ត្រីមិនអាចមានផ្ទៃពោះបានឡើយបើគ្មានបុរសនោះ ដូច្នេះបុរសក៏មិនអាចអនុវត្តអំណាចពេញលេញនៃបព្វជិតភាពដើម្បីបង្កើតគ្រួសារអស់កល្បមួយបាននោះដែរ បើគ្មានស្ត្រីនោះ ។ … នៅក្នុងទស្សនវិស័យអស់កល្បជានិច្ចនោះ ទាំងអំណាចបង្កបង្កើតជីវិត និង អំណាចបព្វជិតភាពត្រូវបានប្រើប្រាស់ទាំងស្វាមី និង ភរិយា » ( « This Is My Work and Glory » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១៩ ) ។
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក »បានគូសបង្ហាញពីតួនាទីដែលព្រះបានប្រទានឲ្យដល់ស្វាមី និងភរិយា ៖
« តាមការរៀបចំដ៏ទេវភាពនេះ ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួន ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ហើយ មានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង ។ ម្តាយមានភារកិច្ចសំខាន់ ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន ។ នៅក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះឪពុក និង ម្តាយ មានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា ។( « The Family: A Proclamation to the World » Ensign ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានបង្រៀនពីមេរៀនដ៏សំខាន់មួយទាក់ទងនឹងការចែករំលែកតួនាទីគ្នារវាងបុរស និងស្ត្រីនៅក្នុងការគ្រប់គ្រងគ្រួសារ ៖
« បុរសម្នាក់ដែលកាន់បព្វជិតភាពយល់ព្រមឲ្យភរិយាគាត់ធ្វើជាដៃគូនៅក្នុងការដឹកនំាក្នុងផ្ទះ និងគ្រួសារ ដោយចំណេះដឹង និងការចូលរួមយ៉ាងពេញលេញនៅក្នុងគ្រប់ការសម្រេចចិត្ត ដែលទាក់ទងនឹងអ្វីៗទំាងនោះ ។ នៅក្នុងសាសនាចក្រ និងនៅក្នុងផ្ទះត្រូវមានអ្នកធ្វើជាអធិបតីម្នាក់ ( សូមមើល គ. និង ស. ១០៧:២១ ) ។ តាមការចាត់តាំងដ៏ទេវភាព នោះការទទួលខុសត្រូវដើម្បីធ្វើជាអធិបតីនៅក្នុងគេហដ្ឋាន គឺមានដល់អ្នកកាន់បព្វជិតភាព ( សូមមើល ម៉ូសេ ៤:២២ ) ។ ព្រះអម្ចាស់មានព្រះរាជបំណងថា ភរិយាគឺជាជំនួយមួយដ៏សមសម្រាប់បុរស ( ដ៏សម មានន័យថា ស្មើគ្នា )—នោះគឺថាជាដៃគូស្មើគ្នា និងចំបាច់ក្នុងភាពជាដៃគូដ៏ពេញលេញ ។ ការធ្វើជាអធិបតីនៅក្នុងសេចក្ដីសុចរិត តម្រូវជាចាំបាច់ឲ្យមានទំនួលខុសត្រូវរួមមួយរវាងស្វាមី និងភរិយា អ្នកធ្វើការរួមគ្នា ជាមួយនឹងការចេះដឹង និងការចូលរួមនៅក្នុងគ្រប់បញ្ហាទាំងអស់របស់ក្រុមគ្រួសារ ។ បុរសម្នាក់ដែលធ្វើការដោយឯករាជ្យ ឬដោយមិនគិតពីអារម្មណ៍ និងការប្រឹក្សារបស់ភរិយាគាត់ នៅក្នុងការគ្រប់គ្រងក្រុមគ្រួសារ នោះគឺអនុវត្តអំណាចដោយមិនសុចរិតហើយ » ( « Being a Righteous Husband and Father » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៥០–៥១ ) ។
កូរិនថូសទី ១ ១១:២៧-២៩ ។ តើការទទួលទានសាក្រាម៉ង់ដោយមិនសក្តិសមមានន័យដូចម្ដេច ?
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា « នៅពេលយើងពុំបានរស់នៅតាមព្រះបញ្ញត្តិ នៅពេលស្ថិតក្នុងអំពើរំលង នៅពេលយើងខឹងសម្បារ គុំគួន ហើយមានភាពល្វីងជូរចត់ នោះយើងគួរតែពិចារណាឲ្យមែនទែន ថាតើយើងគួរទទួលទានសាក្រាម៉ង់ដែរឬអត់ » ( The Teachings of Spencer W. Kimball និពន្ធដោយ Edward L. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ២២៥ ) ។
អែលឌើរ ចន អេជ ហ្គ្រូប៊ឺគ នៃពួកចិតសិបនាក់បានពន្យល់ថា ឥរិយាបថរបស់យើងគឺជាសមាសភាគមួយដ៏សំខាន់នៃភាពសក្ដិសមរបស់យើងនៅក្នុងការទទួលទានសាក្រាម៉ង់ ៖
« ប្រសិនបើយើងចង់កែលម្អ ( ដែលមានន័យថា ប្រែចិត្ត ) និងមិនស្ថិតនៅក្រោមច្បាប់តឹងរឹងនៃបព្វជិតភាព នោះខ្ញុំគិតថា យើងសក្តិសម ។ ប៉ុន្តែប្រសិនបើយើងគ្មានបំណងកែលម្អ ប្រសិនបើយើងគ្មានបំណងធ្វើតាមការដឹកនាំពីព្រះវិញ្ញាណនោះទេ យើងត្រូវសួរ ៖ តើយើងមានភាពសក្ដិសមដើម្បីទទួលទានសាក្រាម៉ង់ ឬតើយើងកំពុងធ្វើការចំអកដល់គោលបំណងដ៏សំខាន់នៃពិធីសាក្រាម៉ង់ ដែលត្រូវដើរតួជាធាតុបន្ថែមមួយសម្រាប់ការប្រែចិត្ត និងកែលម្អផ្ទាល់ខ្លួននោះ ? ប្រសិនបើយើងចងចាំដល់ព្រះអង្គសង្គ្រោះ និងអ្វីទាំងអស់ដែលទ្រង់បានធ្វើ ហើយនឹងធ្វើសម្រាប់យើង នោះយើងនឹងកែលម្អទង្វើរបស់យើង ដើម្បីឲ្យបានមកខិតទៅជិតទ្រង់ ហើយរក្សាខ្លួនយើងឲ្យនៅលើផ្លូវឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
« ប៉ុន្តែ ប្រសិនបើយើងបដិសេធមិនព្រមប្រែចិត្ត ហើយមិនកែលម្អខ្លួន ប្រសិនបើយើងមិនចងចាំទ្រង់ ហើយមិនគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ទេ នោះយើងបានបញ្ឈប់ការរីកចម្រើនរបស់យើងហើយ ការណ៍នោះគឺជាការជាប់ទោសដល់ព្រលឹងរបស់យើង » ( « The Beauty and Importance of the Sacrament » Ensign ខែឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៣៨ ) ។
កូរិនថូសទី ១ ១១:២៧-៣២ ។ ពុំត្រូវយកពិធីសាក្រាម៉ង់មកធ្វើជាការលេងសើចឡើយ
ពិធីសាក្រាម៉ង់គឺជាពិធីបរិសុទ្ធដ៏ពិសិដ្ឋមួយដែលពុំត្រូវយកមកធ្វើជា ការលេងសើចឡើយ ។ អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា « ពិធីបរិសុទ្ធនៃសាក្រាម៉ង់ធ្វើឲ្យការប្រជុំសាក្រាម៉ង់ក្លាយជាការប្រជុំដ៏ពិសិដ្ឋ ហើយសំខាន់ជាងគេបំផុតនៅក្នុងសាសនាចក្រ » ( « Sacrament Meeting and the Sacrament » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៧ ) ។
ប្រធាន រ័សុល អិម ណិលសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រកាសថា ពិធីសាក្រាម៉ង់ « គឺជាផ្នែកដ៏សំខាន់នៃការគោរពប្រតិបត្តិដល់ថ្ងៃឈប់សម្រាករបស់យើង » ( « Worshiping at Sacrament Meeting » Ensign ខែ សីហា ឆ្នាំ ២០០៤ ទំព័រ ២៦ ) ។
អែលឌើរ មេលវិន ជី បាឡាដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ការទទួលទានសាក្រាម៉ង់ជាទៀងទាត់អាចនាំមកឲ្យយើងនូវសុវត្ថិភាពខាងវិញ្ញាណ ៖
« យើងចង់ឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់រូបមកឯតុសាក្រាម៉ង់ ដោយសារវាគឺជាទីសម្រាប់បង្រៀនខ្លួនឯង សង្កេតមើលខ្លួនឯង ជាទីដែលយើងអាចរៀនកែតម្រូវទិសដៅខ្លួន ធ្វើឲ្យជីវិតប្រព្រឹត្តទៅដោយត្រឹមត្រូវ ដោយធ្វើឲ្យចុះសម្រុងនឹងការបង្រៀនរបស់សាសនាចក្រ និង ពួកបងប្អូនប្រុសស្រី ។ វាគឺជាទីកន្លែងដែលយើងក្លាយជាចៅក្រមដោយខ្លួនឯង ។ …
« …រឿងមួយដែលនឹងផ្ដល់សុវត្ថិភាពដល់បុរស និងស្ត្រីគ្រប់រូប នោះគឺជាការមានមុខនៅតុសាក្រាម៉ង់ជារៀងរាល់ថ្ងៃបរិសុទ្ធ ។ យើងនឹងមិននៅឆ្ងាយពីព្រះមួយសប្ដាហ៍—គឺមិននៅឆ្ងាយពេកឡើយ បើមិនតាមរយៈដំណើរការនៃការសង្កេតមើលខ្លួនឯងទេ នោះយើងពុំអាចនឹងកំហុសឆ្គងនានា ដែលយើងបានប្រព្រឹត្តឡើយ ។ … ផ្លូវទៅកាន់តុសាក្រាម៉ង់ គឺជាផ្លូវនៃសុខសុវត្ថិភាពសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងឡាយ » ( Bryant S. Hinckley, Sermons and Missionary Services of Melvin Joseph Ballard [ ឆ្នាំ ១៩៤៩ ] ទំព័រ ១៥០–៥១ ) ។