មេរៀនសិក្សានៅផ្ទះ
ម៉ាកុស ១០–លូកា ៤ ( មេរៀនទី ៩ )
ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ
សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ
សេចក្ដីសង្ខេបខាងក្រោមអំពីព្រឹត្តិការណ៍ គោលលទ្ធិ និងគោលការណ៍ទាំងឡាយ ដែលសិស្សបានរៀន នៅពេលពួកគេបានសិក្សា ម៉ាកុស ១០–លូកា ៤ ( មេរៀនទី ៩ ) ពុំមែនត្រូវយកមកបង្រៀនជាផ្នែកនៃមេរៀនរបស់អ្នកនោះទេ ។ មេរៀនដែលអ្នកបង្រៀន ផ្ដោតតែលើគោលលទ្ធិ និង គោលការណ៍ពីរបីប៉ុណ្ណោះ ។ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតពីតម្រូវការរបស់សិស្ស ។
ថ្ងៃទី ១ ( ម៉ាកុស ១០-១៦ )
នៅពេលសិស្សសិក្សាអំពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យនាំកុមារតូចៗមករកទ្រង់ នោះពួកគេបានរៀនថា នៅពេលយើងទទួលដំណឹងល្អដូចជាកុមារតូចៗ នោះយើងនឹងត្រូវបានរៀបចំខ្លួន ដើម្បីចូលក្នុងនគរព្រះ ។ នៅពេលពួកគេអានអំពីការដាស់តឿនរបស់ព្រះយេស៊ូវគ្រីស្ទទៅដល់កម្លោះអ្នកមាន នោះពួកគេបានរៀនថា ដោយសារទ្រង់ស្រឡាញ់យើង នោះព្រះអម្ចាស់នឹងជួយយើងឲ្យដឹងនូវអ្វី ដែលយើងខ្វះខាតនៅក្នុងកិច្ចខិតខំរបស់យើង ដើរតាមទ្រង់ ហើយបើយើងទូលសូមដល់ព្រះអម្ចាស់ នោះទ្រង់នឹងបង្រៀនយើងអំពីអ្វីដែលយើងចាំបាច់ត្រូវធ្វើដើម្បីទទួលគ្រងជីវិតដ៏នៅអស់កល្បជានិច្ច ។ ដំណើររឿងរបស់ស្ត្រីមេម៉ាយដែលថ្វាយប្រាក់ស្លឹង និងអំពីម៉ារាចាក់ប្រេងតាំងថ្វាយព្រះអង្គសង្គ្រោះ បានជួយសិស្សឲ្យរៀនថា ប្រសិនបើយើងមានឆន្ទៈដើម្បីផ្ដល់នូវអ្វីៗទាំងអស់ ដែលយើងមានថ្វាយព្រះអម្ចាស់ នោះទ្រង់នឹងទទួលយកដង្វាយរបស់យើង ទោះជាវាមើលទៅតិចតួច បើប្រៀបទៅនឹងអ្នកដទៃក្ដី ហើយថាព្រះអង្គសង្គ្រោះសព្វព្រះទ័យ នៅពេលយើងថ្វាយអស់ពីលទ្ធភាពទៅទ្រង់ ។
ថ្ងៃទី ២ ( លូកា ១ )
នៅក្នុងមេរៀននេះ សិស្សបានសិក្សាអំពីការសន្យារបស់ទេវតាកាព្រីយ៉ែលថា សាការី និងអេលីសាបិត នឹងមានកូនប្រុសម្នាក់ ។ ពួកគេក៏បានរៀនផងដែរថា កាព្រីយ៉ែលបានប្រាប់ម៉ារាថា នាងនឹងធ្វើជាមាតានៃព្រះរាជបុត្រារបស់ព្រះ ។ ចេញមកពីបទគម្ពីរទាំងនេះ សិស្សបានរៀនពីសេចក្ដីពិតដូចខាងក្រោម ៖ ព្រះបន្ទូលរបស់ព្រះអម្ចាស់ថ្លែងតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ នឹងត្រូវបានបំពេញនៅពេលកំណត់ ។ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ជាព្រះបិតា ។ ការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ ។ ប្រសិនបើយើងព្យាយាមបំពេញតួនាទីដែលព្រះអម្ចាស់មានសម្រាប់យើងដោយស្មោះត្រង់ នោះទ្រង់អាចធ្វើរឿងអស្ចារ្យជាច្រើននៅក្នុងជីវិតរបស់យើង ។
ថ្ងៃទី ៣ ( លូកា ២ )
នៅពេលសិស្សបានសិក្សាអំពីការប្រសូត្ររបស់ព្រះយេស៊ូវគ្រីស្ទ នោះពួកគេបានរៀនថា ដោយសារតែព្រះអង្គសង្គ្រោះបានប្រសូត្រមកលើផែនដី នោះយើងអាចទទួលបទពិសោធន៍សេចក្ដីអំណរដ៏មហិមា ។ ពួកគេនឹងរៀនថា នៅពេលយើងស្ដាប់តាមការណែនាំរបស់ព្រះ នោះយើងអាចទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនយើង អំពីព្រះយេស៊ូវគ្រីស្ទ ហើយនៅពេលយើងទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើង អំពីព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងចង់ចែកចាយទីបន្ទាល់របស់យើងជាមួយអ្នកដទៃផងដែរ ។ នៅពេលសិស្សសិក្សាអំពីយុវវ័យរបស់ព្រះយេស៊ូវ នោះពួកគេបានរៀនថា យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវ តាមរយៈការទទួលបានប្រាជ្ញា និងការរីកចម្រើនខាងរូបកាយ ខាងវិញ្ញាណ និងខាងសង្គម ។
ថ្ងៃទី ៤ ( ម៉ាថាយ ៣-៤ )
នៅក្នុងមេរៀននេះ សិស្សបានរៀនអំពីយ៉ូហាន បាទីស្ទ និងអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេក៏បានរៀនផងដែរ អំពីការប្រកាសរបស់ព្រះយេស៊ូវនៅក្នុងស្រុកណាសារ៉ែតថា ទ្រង់គឺជាព្រះមែស៊ី ។ ចេញមកពីដំណើររឿងទាំងនេះ សិស្សបានរៀនពីសេចក្ដីពិតដូចខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទ ញែកមនុស្សសុចរិតចេញពីមនុស្សទុច្ចរិត ។ ព្រះយេស៊ូវ គឺជាព្រះមែស៊ីដែលត្រូវបានបញ្ជូនឲ្យមកព្យាបាលចិត្តសង្រេង ហើយរំដោះអ្នកទាំងឡាយដែលស្ថិតនៅក្នុងការចាប់ជាឈ្លើយខាងវិញ្ញាណ ។ នៅពេលយើងបង្ហាញសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចមើលឃើញអព្ភូតហេតុកើតឡើងជាច្រើន ។
សេចក្ដីផ្ដើម
មេរៀននេះអាចជួយសិស្សឲ្យយល់អំពីការរងទុក្ខមួយចំនួន ដែលព្រះយេស៊ូវបានទទួលរងជាផ្នែកនៃដង្វាយធួនរបស់ទ្រង់ ។ បន្ថែមពីលើនោះ សិស្សនឹងបានយល់នូវមូលហេតុមួយចំនួនថា ហេតុអ្វីព្រះអង្គសង្គ្រោះរងទុក្ខសម្រាប់យើង ។
យោបល់សម្រាប់ការបង្រៀន
ម៉ាកុស ១៤:១០-១៦:២០
ព្រះយេស៊ូវ បានចាប់ផ្ដើមដង្វាយធួនរបស់ទ្រង់ នៅពេលទ្រង់រងទុក្ខនៅសួនច្បារគែតសេម៉ានី សម្រាប់អំពើបាបរបស់យើង ទ្រង់បានត្រូវយូដាស អេស្ការីយ៉ុតក្បត់ ហើយបាននាំទៅឈរចំពោះមុខពួកអ្នកដឹកនាំសាសន៍យូដា
សូមឲ្យសិស្សសញ្ជឹងគិតដោយស្ងាត់ៗនូវសំណួរខាងក្រោមនេះ ៖
-
តើអ្នកធ្លាប់មានអារម្មណ៍ថា គ្មាននរណាយល់ពីអ្នក ឬយល់ពីអ្វីដែលអ្នកកំពុងតែឆ្លងកាត់ដែរឬទេ ?
-
តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកមិនអាចត្រូវបានអភ័យទោសពីអំពើបាបពីអតីតកាលរបស់អ្នកឬទេ ?
សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិត នៅពេលពួកគេសិក្សាម៉ាកុស ១៤ដែលអាចជួយនរណាម្នាក់ដែលប្រហែលជាមានអារម្មណ៍ទាំងនេះ ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាកុស ១៤:៣២-៣៤ឲ្យ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលនូវរបៀបដែលព្រះអង្គសង្គ្រោះមានព្រះទ័យយ៉ាងណានៅក្នុងសួនច្បារគែតសេម៉ានី ។
-
តើព្រះអង្គសង្គ្រោះមានព្រះទ័យយ៉ាងណានៅក្នុងសួនច្បារគែតសេម៉ានី ?
បន្ទាប់ពីសិស្សបានឆ្លើយ សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ ឈឺចាប់ខ្លាំងបំផុត ធ្ងន់ធ្ងរបំផុត សោកសៅដ៏លើសលប់ ។
សូមពន្យល់ថា ឃ្លាទាំងនេះ សំដៅទៅលើការរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានទទួលពិសោធន៍ ជាចំណែកនៃដង្វាយធួនរបស់ទ្រង់ ។
-
តើឃ្លាទាំងនេះបង្រៀនយើងអ្វីខ្លះអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ ជាផ្នែកនៃដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ ហើយបានសោកសៅនៅក្នុងសួនច្បារគែតសេម៉ានី )។
ដើម្បីជួយសិស្សឲ្យយល់ពីគោលលទ្ធិនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។
« នៅក្នុងសួនច្បារគែតសេម៉ានី ការរងទុក្ខរបស់ព្រះយេស៊ូវ បានចាប់ផ្ដើម ‹ ឈឺចាប់ខ្លាំងបំផុត › (ម៉ាកុស ១៤:៣៣) ឬនៅភាសាក្រិក ‹ លើសលប់ › និង ‹ ដ៏ញ័ររន្ធត់ › ។
« សូមស្រមៃមើល ព្រះយេហូវ៉ា ដែលជាព្រះបង្កបង្កើតនៃពិភពលោកនេះ និងពិភពដទៃ ‹ បានញ័ររន្ធត់ › ! ។ … ទ្រង់ពុំបានដឹងដោយផ្ទាល់ អំពីដំណើរការនៃដង្វាយធួនថាឈឺចាប់ប៉ុណ្ណាពីមុននោះទេ ។ ដូច្នេះ នៅពេលការឈឺចាប់បានដល់កម្រិតពេញលេញរបស់វា វាធ្ងន់ធ្ងរពេកក្រៃ មានភាពដុនដាបយ៉ាងខ្លាំង សូម្បីតែទ្រង់ដែលមានប្រាជ្ញាវាងវៃល្អឯក មិនអាចនឹកស្រមៃដល់ឡើយ ! វាពុំគួរឲ្យងឿងឆ្ងល់ទេថា ហេតុអ្វីទេវតាមួយអង្គលេចមកដើម្បីចម្រើនកម្លាំងដល់ទ្រង់ ! ( សូមមើល លូកា ២២:៤៣ ) ។
« ទម្ងន់សរុបនៃអំពើបាបខាងសាច់ឈាមទាំងអស់—ពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល—បានសង្កត់សង្កិនលើព្រលឹងដ៏ឥតខ្ចោះ គ្មានអំពើបាបសោះ និងញាណដឹងនោះ ! ទុក្ខវេទនា និងជំងឺទាំងឡាយរបស់យើងក៏ជាផ្នែកមួយនៃការគុណតម្កើងដ៏ច្រើនពន់ពេកនៃដង្វាយធួននេះដែរ ។ ( សូមមើល អាលម៉ា ៧:១១–១២, អេសាយ ៥៣:៣–៥, ម៉ាថាយ ៨:១៧ ) ។ …
« នៅក្នុងគ្រាដ៏លំបាកនេះ តើទ្រង់ប្រហែលជាសង្ឃឹមថានឹងមានការសង្គ្រោះចៀមឈ្មោលពីព្រៃឬទេ ? ខ្ញុំមិនដឹងទេ ។ ការរងទុក្ខរបស់ទ្រង់—តាមដែលវាកើតឡើង វាត្រូវបានគុណធ្វេដងអនន្តដោយនិរន្តរភាព—បានបួងសួងដល់ព្រលឹងដ៏ទួញយំរបស់ទ្រង់នៅលើឈើឆ្កាង ហើយវាគឺជាសម្រែកយំនៃការលះបង់ ។ ( សូមមើល ម៉ាថាយ ២៧:៤៦) ។ …
« ដង្វាយធួនដ៏រុងរឿង និងអស្ចារ្យ គឺជាទង្វើដ៏សំខាន់បំផុត នៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សលោកទាំងអស់ ។ វាគឺជាត្រចៀកទ្វារដែលអ្វីៗទាំងអស់ផ្សេងទៀត ដែលសំខាន់ត្រូវបានបើកឡើងនៅទីបំផុត ។ ប៉ុន្តែវាងាកទៅរកការចុះចូលដោយរាបសារ ខាងវិញ្ញាណរបស់ព្រះយេស៊ូវ ! » ( « Willing to Submit »Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៧២–៧៣ ) ។
សូមអញ្ជើញសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង ម៉ាកុស ១៤:៣៥-៤២ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ ដោយសារការរងទុក្ខដ៏ខ្លាំងរបស់ទ្រង់ ។
-
តើព្រះអង្គសង្គ្រោះបានធ្វើដូចម្តេច ដោយសារតែការរងទុក្ខដ៏ខ្លាំងរបស់ទ្រង់នោះ ? ( សូមជួយសិស្សឲ្យយល់ថា ការរងទុក្ខរបស់ព្រះយេស៊ូវគឺធ្ងន់ធ្ងរក្រៃលែង ដែលទ្រង់បានទូលអង្វរ បើអាចធ្វើទៅបានចំពោះទ្រង់ នោះសូមកុំឲ្យទទួលបទពិសោធន៍នេះអី ) ។
សូមសរសេរឃ្លាខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ បានរងទុក្ខ …ដើម្បីទ្រង់ …
សូមពន្យល់ថា វគ្គបទគម្ពីរផ្សេងទៀតអាចជួយយើងយល់អំពីការរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទ និងមូលហេតុដែលទ្រង់ស្ម័គ្រព្រះទ័យ ដើម្បីរងទុក្ខសម្រាប់យើង ។
សូមសរសេរសេចក្ដីយោងដូចខាងក្រោមនេះនៅលើ ក្ដារខៀន ៖ អេសាយ ៥៣:៣-៥និងអាលម៉ា ៧:១១-១៣។ សូមបំបែកសិស្សទៅជាគូៗ ហើយអញ្ជើញពួកគេឲ្យអានខគម្ពីរជាមួយគ្នា ដោយរកមើលនូវអ្វីដែលព្រះអង្គសង្គ្រោះបានរងទុក្ខ និងហេតុអ្វីក៏ទ្រង់បានរងទុក្ខ ។ ចូរសូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅកត់ចំណាំការរៀនសូត្ររបស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេថា តើពួកគេនឹងបំពេញឃ្លា ដែលបានសរសេរនៅលើក្ដារខៀន ដោយប្រើនូវអ្វីដែលពួកគេបានរៀននៅក្នុងអេសាយ ៥៣:៣-៥ និងអាលម៉ា ៧:១១-១៣យ៉ាងដូចម្ដេច ។ ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ពាក្យជួយនៅក្នុងអាលម៉ា ៧:១២មានន័យថា ប្រញាប់ដើម្បីផ្ដល់នូវការសង្គ្រោះ ឬទៅរកជំនួយរបស់នរណាម្នាក់ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបួនប្រាំនាក់ ចែកចាយរបៀបដែលពួកគេបានបំពេញឃ្លានោះ ។ ចម្លើយរបស់ពួកគេគួរតែស្រដៀងគ្នាដូចខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខនូវការឈឺចាប់ ក្ដីទុក្ខលំបាក ការល្បួង ជំងឺ រោគា និងការសោកសៅរបស់យើង ដើម្បីទ្រង់អាចនឹងដឹងរបៀបដើម្បីជួយយើង ។ ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខសម្រាប់អំពើបាបរបស់យើង ដើម្បីទ្រង់អាចនឹងលុបអំពើរំលងរបស់យើងចេញ ។ សូមរំឭកសិស្សថា ការរងទុក្ខរបស់ព្រះអង្គសង្គ្រោះសម្រាប់អំពើបាបរបស់មនុស្សលោក បានចាប់ផ្ដើមនៅក្នុងសួនច្បារគែតសេម៉ានី ហើយបានបន្ដ និងទៅដល់នៅក្នុងការឆ្កាងរបស់ទ្រង់នៅលើឈើឆ្កាង ។
-
តើការដឹងនូវអ្វីដែលព្រះអង្គសង្គ្រោះបានរងទុក្ខ និងមូលហេតុដែលទ្រង់បានរងទុក្ខ អាចជួយដល់អ្នក នៅពេលអ្នកជួបនឹងការសាកល្បង ការឈឺចាប់ និងក្ដីលំបាកយ៉ាងដូចម្ដេច ? ( សូមមើល គ. និង ស. ៤៥:៣–៥ ) ។
-
តើអ្នកធ្លាប់មានអារម្មណ៍ថា ព្រះអង្គសង្គ្រោះជួយអ្នកនៅក្នុងគ្រាឈឺចាប់ ជំងឺ ឬការសោកសៅនៅពេលណា ?
-
តើអារម្មណ៍អ្វីខ្លះដែលអ្នកបានមានពិសោធន៍ នៅពេលអ្នកបានប្រែចិត្ត ហើយមានអារម្មណ៍ថា អំពើបាបរបស់អ្នកត្រូវបានលុបចោល ( ឬ បំបាត់ចោល ) តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ?
សូមសង្ខេបម៉ាកុស ១៤:៤៣-១៦:២០ដោយការពន្យល់ថា ព្រះយេស៊ូវ ត្រូវបាននាំយកទៅកាត់ទោសដោយមិនស្របច្បាប់ នៅចំពោះមុខពួកសានហេឌ្រីន ( អ្នកដឹកនាំសាសន៍យូដា ) ហើយផ្ដន្ទាទោសដល់ស្លាប់ ។ បន្ទាប់ពីព្រះអង្គសង្គ្រោះសុគតនៅលើឈើឆ្កាង ហើយត្រូវបានរស់ឡើងវិញ នោះទ្រង់បានយាងមកជួបនឹងពួកសាវករបស់ទ្រង់ ហើយបានបញ្ជូនពួកគេឲ្យចេញទៅផ្សព្វផ្សាយ ដោយសន្យានឹងពួកគេថា ទីសម្គាល់នានានឹងកើតមានតាមក្រោយដល់អ្នកទាំងឡាយដែលជឿ ។ (កំណត់ចំណាំ ៖ សេចក្ដីស្លាប់ ការបញ្ចុះ និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានពិភាក្សាដោយលំអិត ខណៈពេលសិស្សបានសិក្សាម៉ាថាយ ២៧-២៨) ។
ចូរសុំឲ្យសិស្សម្នាក់អាន ម៉ាកុស ១៦:១៥ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវសេចក្តីបង្គាប់ ដែលព្រះអម្ចាស់បានប្រទានដល់ពួកសាវករបស់ទ្រង់ ។
-
តើអ្នកអាចជួយបំពេញនូវសេចក្តីបង្គាប់ឲ្យចេញទៅផ្សាយដំណឹងល្អទៅដល់ « លោកិយទាំងមូល » នាសព្វថ្ងៃនេះ និងនៅពេលអនាគតបានយ៉ាងដូចម្ដេច ?
អ្នកអាចនឹងចង់បញ្ចប់ ដោយការថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ។
មេរៀនបន្ទាប់ ( ម៉ាថាយ ៥:១-១០:៣៧ )
ចូរសុំឲ្យសិស្សគិតពិចារណា ប្រសិនបើពួកគេធ្លាប់ងឿងឆ្ងល់ថា ពួកគេអាចត្រូវបានអភ័យទោសចំពោះអំពើបាបរបស់ពួកគេដោយរបៀបណា ។ ចូរពន្យល់ថា នៅពេលពួកគេសិក្សាលូកា ៥:១-១០:៣៧នៅក្នុងសប្ដាហ៍ខាងមុខ នោះពួកគេនឹងអានអំពីការស្ម័គ្រព្រះទ័យរបស់ព្រះអង្គសង្គ្រោះដើម្បីអភ័យទោសដល់អំពើបាបរបស់ពួកគេ និងអ្វីដែលពួកគេអាចធ្វើដើម្បីទទួលបានការអភ័យទោស ។