មេរៀនសិក្សានៅផ្ទះ
កូល៉ុស–ធីម៉ូថេទី ១ ( មេរៀនទី ២៦ )
ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ
សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ
សេចក្ដីសង្ខេបខាងក្រោមនៃព្រឹត្តិការណ៍ និងគោលការណ៍ដែលសិស្សបានរៀន នៅពេលពួកគេបានសិក្សា កូល៉ុស–ធីម៉ូថេទី ១ ( មេរៀនទី ២៦ ) ពុំមែនត្រូវយកមកបង្រៀនជាផ្នែកនៃមេរៀនរបស់អ្នកនោះទេ ។ មេរៀនដែលអ្នកបង្រៀន ផ្ដោតលើគោលលទ្ធិ និងគោលការណ៍តែពីរបីនេះប៉ុណ្ណោះ ។ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតពីតម្រូវការរបស់សិស្ស ។
ថ្ងៃទី១ ( កូល៉ុស )
នៅក្នុងសំបុត្ររបស់លោកដល់ពួកបរិសុទ្ធនៅកូល៉ុស ប៉ុលបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះ ជាបុត្រច្បងនៃកូនចៅវិញ្ញាណរបស់ព្រះវរបិតាសួគ៌ ជាព្រះដ៏បង្កបង្កើតនៃរបស់សព្វសារពើ ជាសិរសានៃសាសនាចក្រ និងជាអង្គដំបូងដែលមានព្រះជន្មរស់ឡើងវិញ ។ សិស្សក៏បានរៀនផងដែរថា យើងអាចបានផ្សះផ្សានឹងព្រះ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ប្រសិនបើយើងបន្តរឹងមាំនៅក្នុងសេចក្ដីជំនឿរបស់យើង ។ លើសពីនេះទៀត តាមរយៈការចាក់ឫស ហើយរឹងមាំនៅក្នុងព្រះយេស៊ូវគ្រីស្ទ នោះយើងអាចចៀសវាងពីការនាំឲ្យវង្វេងដោយទស្សនវិជ្ជា និងទំនៀមទម្លាប់នានាខាងលោកិយ ។
ថ្ងៃទី ២ ( ថែស្សាឡូនីចទី ១ )
នៅក្នុងសំបុត្រនេះដល់ពួកបរិសុទ្ធនៅថែស្សាឡូនីច ប៉ុលបានសរសើរពួកគេពីសេចក្ដីស្មោះត្រង់របស់ពួកគេ ហើយបានបង្រៀនពួកគេនូវសេចក្ដីពិតនានាអំពីការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ កាលកំពុងសិក្សាសំបុត្រនេះ សិស្សបានរៀនសេចក្ដីពិតដូចតទៅ ៖ នៅពេលយើងបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយព្រះបន្ទូល និងព្រះចេស្ដានៃព្រះ យើងអាចជួយមនុស្សដទៃឲ្យក្លាយជាពួកអ្នកដើរតាមព្រះអម្ចាស់ និងជាពួកអ្នកបម្រើរបស់ទ្រង់ ។ យើងអាចចែកចាយដំណឹងល្អតាមរយៈគំរូរបស់យើង ។ ពួកបរិសុទ្ធស្មោះត្រង់ ដែលស្លាប់មុនការយាងមកជាលើកទីពីរ នឹងបានរស់ឡើងវិញ នៅពេលព្រះគ្រីស្ទយាងមកម្ដងទៀត ។ ពួកបរិសុទ្ធស្មោះត្រង់ដែលមានជីវិតរស់ នៅឯការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនឹងបាននាំយកទៅជួបនឹងទ្រង់ កាលទ្រង់យាងមក ។ ប្រសិនបើយើងស្មោះត្រង់ ហើយរង់ចាំមើលទីសម្គាល់ពីមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងបានត្រៀមខ្លួនកាលទ្រង់យាងមកម្ដងទៀត ។
ថ្ងៃទី ៣ ( ថែស្សាឡូនីចទី ២ )
នៅក្នុងការសិក្សាសំបុត្ររបស់ប៉ុលដល់ពួកបរិសុទ្ធនៅថែស្សាឡូនីច ដែលបានបញ្ជាក់នូវសេចក្ដីពិតអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ សិស្សបានរៀនថា ប្រសិនបើយើងស៊ូទ្រាំនឹងឧបសគ្គដោយស្មោះត្រង់ ហើយស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាកដោយភាពអត់ធ្មត់ និងសេចក្ដីជំនឿ នោះយើងអាចនឹងបានរាប់ថាសក្ដិសមនៅក្នុងនគរព្រះ ។ ប៉ុលបានបង្រៀនថា នៅការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ មនុស្សសុចរិតនឹងបានសម្រាក ហើយមនុស្សទុច្ចរិតនឹងត្រូវបំផ្លាញចោល ។ លោកក៏បានបង្រៀនផងដែរថា ពីមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ការក្បត់សាសនាមួយនឹងកើតឡើង ។ សិស្សក៏បានរៀនផងដែរថា យើងត្រូវបានបង្គាប់ឲ្យខិតខំ ដើម្បីមានភាពខ្លួនទីពឹងខ្លួន ហើយជួយដល់មនុស្សដទៃទៀត ។
ថ្ងៃទី ៤ ( ធីម៉ូថេទី ១ )
នៅក្នុងសំបុត្ររបស់ប៉ុលដល់ធីម៉ូថេ ជាថ្នាក់ដឹកនាំបព្វជិតភាពវ័យក្មេងម្នាក់នៅអេភេសូរ សិស្សបានរៀនថា ថ្នាក់ដឹកនាំបព្វជិតភាពមានការទទួលខុសត្រូវដើម្បីធ្វើឲ្យប្រាកដថា មាននូវការបង្រៀនអំពីគោលលទ្ធិពិត និងអំពីការអនុត្តត្រឹមត្រូវ ។ ពួកគេក៏បានរៀនផងដែរថា ការស្រឡាញ់ប្រាក់ដឹកនាំទៅរកអំពើទុច្ចរិត និងការក្បត់សាសនា ។ ម្យ៉ាងវិញទៀត ប្រសិនបើយើងទុកចិត្តលើព្រះដ៏មានព្រះជន្មរស់ ហើយខិតខំធ្វើកិច្ចការល្អ នោះយើងអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
សេចក្តីផ្ដើម
ប៉ុលបានសរសេរទៅធីម៉ូថេ ជាថ្នាក់ដឹកនាំបព្វជិតភាពម្នាក់នៅអេភេសូរ ហើយបានទូន្មានគាត់ឲ្យធ្វើជាគំរូដល់ពួកអ្នកជឿ ។
យោបល់សម្រាប់ការបង្រៀន
កំណត់ចំណាំ ៖ នៅក្នុងមេរៀននេះ សិស្សបានសិក្សាពីវគ្គចំណេះចំណានខគម្ពីរ ថែស្សាឡូនីចទី ២ ២:១–៣ ។ អ្នកអាចរំឭកវគ្គនេះឡើងវិញជាមួយសិស្ស ដោយសុំឲ្យពួកគេសង្ខេបពីសេចក្ដីពិតដែលវាបានបង្រៀន ។ ដើម្បីជួយសិស្សឲ្យចងចាំពីផ្នែកមួយនៃវគ្គនេះ អ្នកគួរសូត្រ ខទី៣ ពីរបីដងជាមួយសិស្សក្នុងថ្នាក់ ។
ធីម៉ូថេទី១ ៤
ប៉ុលរៀបរាប់ពីចរិតលក្ខណៈនៃអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ
សូមយកប្រដាប់ខ្ទាស់ក្រដាសមួយ ខ្សែមួយសរសៃ បង់ស្អិត និងមេដែកមួយមកថ្នាក់ ។ សូមចងចុងខ្សែមួយទៅនឹងប្រដាប់ខ្ទាស់ក្រដាស រួចបិទចុងម្ខាងទៀតទៅនឹងតុមួយ ។ សូមដាក់មេដែកឲ្យជិតនឹងប្រដាប់ខ្ទាស់ក្រដាសនោះ ដោយធ្វើកុំឲ្យវាប៉ះគ្នា ។ កម្លាំងមេដែកនោះធ្វើឲ្យប្រដាប់ខ្ទាស់ក្រដាសនោះរំកិលទៅរកមេដែកឆក់ ។ សូមរំកិលមេដែកនោះទៅឆ្វេងទៅស្ដាំ ដើម្បីបង្ហាញពីឥទ្ធិពលរបស់វាទៅលើចលនាកំរើករបស់ប្រដាប់ខ្ទាស់ក្រដាសនោះ ។
-
ប្រសិនបើប្រដាប់ខ្ទាស់ក្រដាសនោះតំណាងឲ្យមនុស្សម្នាក់ តើមេដែកនោះអាចតំណាងឲ្យអ្វីទៅ ?
សូមឲ្យសិស្សគិតថា តើពួកគេប្រៀបបាននឹងមេដែកនោះ ហើយមានឥទ្ធិពលលើមនុស្សដទៃទៀតតាមរបៀបណា ។ នៅពេលសិស្សសិក្សា ធីម៉ូថេទី ១ ៤ សូមអញ្ជើញពួកគេឲ្យរកមើលគោលការណ៍មួយ ដែលបង្រៀនយើងពីរបៀបដែលយើងអាចមានឥទ្ធិពលវិជ្ជមានមួយនៅក្នុងជីវិតរបស់មនុស្សដទៃទៀតបានយ៉ាងដូចម្ដេច ។
សូមសង្ខេប ធីម៉ូថេទី ១ ៤:១–១១ ដោយពន្យល់ថា ប៉ុលបានព្យាករថា នៅ« គ្រាជាន់ក្រោយបង្អស់ »( ខទី ១ ) សមាជិកសាសនាចក្រមួយចំនួននឹងចាកចេញពីសេចក្ដីជំនឿនេះ ហើយធ្វើតាមការបង្រៀន និងទំនៀមទម្លាប់ខុសឆ្គង ដូចជាការ « ហាមមិនឲ្យយកប្ដីប្រពន្ធ » ( ខទី ៣ ) ។ ប៉ុលបានដាស់តឿនធីម៉ូថេឲ្យបីបាច់ពួកបរិសុទ្ធជាមួយនឹងគោលលទ្ធិពិត ។
ចូរសុំឲ្យសិស្សអាន ធីម៉ូថេទី ១ ៤:១២ ដោយស្ងៀមស្ងាត់ ហើយរកមើលថា តើប៉ុលបានទូន្មានឲ្យធីម៉ូថេក្លាយជាអ្វី ។ សូមពន្យល់ថា ពាក្យ កិរិយាប្រព្រឹត្ត នៅក្នុងខគម្ពីរនេះសំដៅលើការប្រព្រឹត្ត ឬឥរិយាបថ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើអ្នកគិតថាការ « ធ្វើជាគំរូដល់ពួកអ្នកជឿ » មានន័យដូចម្ដេច ? ( អ្នកអាចផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំឃ្លានេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
-
តើប៉ុលបានទូន្មានធីម៉ូថេឲ្យធ្វើជាគំរូដល់ពួកអ្នកជឿតាមរបៀបណា ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សម្នាក់អាន ធីម៉ូថេទី១ ៤:១៣-១៦ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថា ការទូន្មានបន្ថែមទៀតដែលប៉ុលបានផ្ដល់ឲ្យ ដើម្បីជួយធីម៉ូថេឲ្យធ្វើជាគំរូដល់ពួកអ្នកជឿ ។
-
តើអ្វីទៅជាការទូន្មានបន្ថែមទៀតដែលប៉ុលបានផ្ដល់ឲ្យ ដើម្បីជួយធីម៉ូថេឲ្យធ្វើជាគំរូដល់ពួកអ្នកជឿ ?
-
យោងតាមខទី ១៥ ហេតុអ្វីប៉ុលបានប្រាប់ធីម៉ូថេឲ្យឧស្សាហ៍ប្រព្រឹត្តតាមគោលលទ្ធិដែលប៉ុលបានបង្រៀន ហើយធ្វើឲ្យខ្លួនគាត់រស់នៅតាមវាទាំងស្រុង ? ( ដើម្បីឲ្យមនុស្សដទៃអាចឃើញថា ការធ្វើបែបនេះបានផ្ដល់ប្រយោជន៍ដល់ធីម៉ូថេយ៉ាងណាខ្លះ ) ។
-
ដោយផ្អែកលើការបង្រៀនរបស់ប៉ុលនៅក្នុង ខទី ១៦ នៅពេលយើងខិតខំធ្វើជាគំរូដល់ពួកអ្នកជឿដល់ព្រះយេស៊ូវគ្រីស្ទ តើនឹងមានអ្វីកើតឡើង ? ( ដោយប្រើពាក្យរបស់សិស្ស ចូរសរសេរគោលការណ៍មួយស្រដៀងគ្នានឹងគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ ប្រសិនបើយើងជាគំរូដល់ពួកអ្នកជឿដល់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចជួយនាំយកសេចក្ដីសង្គ្រោះសម្រាប់ខ្លួនឯង និងមនុស្សដទៃទៀត ) ។
-
តើការធ្វើជាគំរូមួយដល់មនុស្សម្នាក់ដែលជឿ ហើយដើរតាមព្រះយេស៊ូវគ្រីស្ទអាចជួយនាំយកសេចក្ដីសង្គ្រោះដល់មនុស្សដទៃបានយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវតារាងនៅលើក្ដារខៀន ហើយពិចារណាពីរបៀបដែលធីម៉ូថេធ្វើជា « គំរូដល់ពួកអ្នកជឿ » ( ធីម៉ូថេទី ១ ៤:១២ ) ។ សូមឲ្យសិស្សរៀបរាប់ពីរបៀបដែលមនុស្សម្នាក់អាចធ្វើជាគំរូនៅក្នុងផ្នែកនីមួយៗ ។
-
តើធ្លាប់មាននរណាម្នាក់ធ្វើជាគំរូដល់ពួកអ្នកជឿសម្រាប់អ្នក តាមរបៀបមួយដែលប៉ុលបានលើកឡើងនៅពេលណា ? ( អ្នកក៏គួរចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយផងដែរ ) ។
សូមអញ្ជើញសិស្សឲ្យសរសេរគោលដៅមួយនៅក្នុងសៀវភៅសរសេរ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ទាក់ទងនឹងរបៀបដែលពួកគេអាចធ្វើជាគំរូដល់ពួកអ្នកជឿដល់ព្រះយេស៊ូវគ្រីស្ទ ហើយជួយនាំយកសេចក្ដីសង្គ្រោះមកដល់ខ្លួនឯង និងមនុស្សដទៃទៀត ។
មេរៀនបន្ទាប់ ( ធីម៉ូថេទី ២ ១–ហេព្រើរ ៤ )
សូមអញ្ជើញសិស្សឲ្យពិចារណាពីការប្រឈមមួយចំនួននៃការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទនៅសព្វថ្ងៃនេះ ។ សូមពន្យល់ថា នៅពេលពួកគេបន្តសិក្សាពីការបង្រៀនរបស់ប៉ុលនៅសប្ដាហ៍ក្រោយ ពួកគេនឹងរៀនពីសេចក្ដីពិតដែលនឹងជួយពួកគេឲ្យបន្តស្មោះត្រង់ ថ្វីបើមានការលំបាក និងការបៀតបៀនក៏ដោយ ។