២០១៦
មិត្ត​របស់​ខ្ញុំ​បាន​ឃ្លាត​ឆ្ងាយ​ពី​សាសនាចក្រ ដោយ​សារ​អ្នក​ដទៃ​សើច​ចំអក ។ តើ​ខ្ញុំ​គួរ​តែ​ធ្វើ​យ៉ាង​ដូចម្តេច ?
January 2016


មិត្ត របស់ខ្ញុំ បាន ឃ្លាត​ឆ្ងាយពី​សាសនាចក្រ​ដោយសារតែ អ្នកដទៃ​សើច​ចំអក ។ តើ​ខ្ញុំ​គួរ​តែ​ធ្វើ​យ៉ាង​ដូចម្តេច ?

ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ដើម្បី​ធ្វើ​នៅ​ក្នុង​ស្ថានភាព​នោះ​គឺ ៖ ( ១ ) មានចិត្ត​ល្អ ស្រឡាញ់ និង​ទទួល​យកមិត្ត​របស់អ្នក ហើយ ( ២ ) មិន​ត្រូវ​មាន​ចិត្ត​រារែក​នៅក្នុង​ទីបន្ទាល់​របស់​អ្នក​ទេ ។

បើអ្នក​អនុវត្ត​ដំណោះស្រាយ​ទាំងនេះ នោះ​មិត្ត​របស់​អ្នក​នឹង​មាន​អារម្មណ៍​ដឹង​ពី​ក្ដីស្រឡាញ់​របស់​អ្នក ហើយ​ទទួល​យក និង​ចង់​នៅជិត​អ្នក​ដោយ​ក្ដីសង្ឃឹម ។ ហើយសូម​សង្ឃឹម​ថា​គាត់​នឹងមើល​ឃើញថា ការ​ចំអក និង​រិះគន់​នោះ គឺជា​រឿង​ដ៏អាក្រក់ ហើយ​ថា​មនុស្ស​ដែលគាត់​សរសើរ​ហើយ​រាក់ទាក់ នឹង​មិន​វាយ​ប្រហារ​ដល់​ជំនឿ​របស់​មនុស្ស​ម្នាក់​ទៀត​តាម​របៀប​នោះទេ ។

គំរូ​របស់​អ្នក​អាច​ជាពំនឹង​ដ៏​ល្អបំផុត​មួយ​ដែល​មិត្ត​របស់​អ្នក​អាច​មាន ។ សូម​ធ្វើ​ឲ្យ​ដូចជា​មនុស្ស​ដែល​នៅ​ក្នុង​សុបិន​របស់​លីហៃ ដែល​ទទួលទាន​ផ្លែឈើ​នៃ​ជីវិត ហើយ​ដែល​ត្រូវ​បាន​ចំអក​ដោយ​មនុស្ស​ដែល​នៅ​លើ​អគារ​ដ៏ធំ និង​ទូលាយ ប៉ុន្តែ « ឥត​យកចិត្តទុកដាក់​ដល់​គេ​ឡើយ » ( នីហ្វៃទី ១ ៨:៣៣ ) ។ បើ​មិត្ត​របស់​អ្នក​មើល​ឃើញ​ថា អ្នក​លើក​កម្ពស់​ដល់​ជំនឿ​របស់​អ្នក ហើយ​ទប់ទល់​ចំពោះ​ការចំអក​របស់​អ្នកដទៃ​ដោយ​សេចក្ដីថ្លៃថ្នូរ ការគោរព និង​ការលេងសើច​ក្នុង​ន័យ​ល្អៗ នោះ​គាត់អាច​មើលឃើញ​ថា វា​អាច​ទៅរួច​សម្រាប់​គាត់​ដើម្បី​ធ្វើ​ដូចគ្នា​នេះ​ដែរ ។ បើ​សិនជា​គាត់​នៅ​តែ​មាន​គ្រាប់ពូជ​នៃ​ទីបន្ទាល់​មួយ​នៅក្នុង​ដួងចិត្ត​របស់​គាត់ នោះគំរូ​ដែល​អ្នកបាន​ធ្វើ និង ទីបន្ទាល់​ដែល​អ្នក​បាន​ថ្លែង អាច​នឹងជា​រឿង​មួយចំនួន​ដែល​ជួយគាត់​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ចងចាំ​នូវអ្វី​ដែល​គាត់ធ្លាប់​បាន​ស្គាល់​ម្តង​រួច​ទៅ​ហើយ​នោះ ។