២០១៦
អ្នក​ដឹង​ហើយ​ថា​វា​ជា​ការពិត !
January 2016


អ្នក​ដឹង​ហើយ​ថា​វា​ជា​ការពិត !

ហែនរី ( ហែង ) ប្រោណ រដ្ឋ​យូថាហ៍ ស.រ.អា

រូបភាព
Illustration depicting a man holding up a copy of the Book of Mormon and showing it to another man.

រូបភាព​លម្អ​ដោយ អេលែន ហ្គានស៍

នៅថ្ងៃមួយ​ពេលខ្ញុំ​កំពុង​ធ្វើការ​នៅក្នុង​ផ្សារទំនើប​ធំ​មួយ នៅ​ទីក្រុង អូកលែន្ត រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា នោះមាន​មិត្ត​ម្នាក់​បាន​មកលេង ហើយ​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​បរិភោគ​អាហារ​ពេល​ល្ងាច ។ នាង​បាន​និយាយថា នាង​នឹង​មាន​អ្នកផ្សព្វផ្សាយ​សាសនា​មរមន​ពីរ​នាក់មក​ចូលរួម​នឹង​យើង​ផងដែរ ។

បន្ទាប់ពី​អាហារ​ពេលល្ងាច អ្នកផ្សព្វផ្សាយ​សាសនា​បាន​រៀបចំ​បន្ទះក្តារស្តើងមួយ ហើយបាន​ចាប់​ផ្ដើម​សួរ​សំណួរខ្ញុំ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ខឹង​បន្ដិច ។ ខ្ញុំ​គ្រាន់តែ​ចង់ស្ដាប់​ពួកគេ រួច​ហើយ​ចាកចេញ​ទៅ ។

ទោះជាយ៉ាងណាក៏ដោយ នៅចុង​បញ្ចប់​នៃ​ការពិភាក្សា អ្នក​ផ្សព្វផ្សាយ​សាសនាវ័យ​ក្មេង​ម្នាក់ មកពី​រដ្ឋ យូថាហ៍ បាន​ទាញកៅអី​របស់​គាត់​មកជិត ហើយ​មើល​ចំភ្នែក​ខ្ញុំ រួច​ហុច​ព្រះគម្ពីរមរមន​មួយ​ក្បាល​ឲ្យខ្ញុំ ហើយ​ថ្លែងទីបន្ទាល់​របស់​គាត់ ។ គាត់បាន​និយាយថា គាត់​ដឹងថា​សាសនាចក្រ​នេះពិត ហើយថា​ខ្ញុំ​ក៏អាច​ដឹង​ផងដែរ តាមរយៈ​ការអាន​សៀវភៅ​នេះ ។ បន្ទាប់​មក​គាត់​បាន​ដកស្រង់​ពាក្យ មរ៉ូណៃ ១០:៤ ហើយ​និយាយ​ថា បើ​ខ្ញុំនឹង​សូម​សួរ​ដល់​ព្រះ​ដោយ​អស់ពី​ដួងចិត្ត និង​ដោយ​បំណងពិត នោះ​ទ្រង់នឹង​បើក​សម្ដែង​សេចក្ដីពិត​នៃ​សៀវភៅ​នេះ​មក​ដល់ខ្ញុំ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អំឡុង​សប្ដាហ៍​បន្ទាប់មក ខ្ញុំ​អាន​បាន​ចំនួនពីរបីជំពូក ហើយ​យើង​បានជួបគ្នា​ម្ដងទៀត​នៅផ្ទះមិត្ត​របស់​ខ្ញុំ ។ បន្ទាប់ពីការ​ពិភាក្សា​ទីបី​របស់​យើង អ្នក​ផ្សព្វផ្សាយ​សាសនា មក​ពីរដ្ឋ យូថាហ៍ បាន​បញ្ចប់​បេសកកម្ម​របស់គាត់​ ហើយ​បានត្រឡប់​ទៅ​ផ្ទះ​វិញ ។

ខ្ញុំ​បាន​បន្ដអាន និង​អធិស្ឋាន​រាល់យប់ ដោយសួរ​ថាតើ​សៀវភៅ​នេះ​ពិត​ឬ​ទេ ។ បន្ទាប់ពី​ការអធិស្ឋាន​នៅ​យប់​មួយ ខ្ញុំបាន​ឡើង​ដេក​លើគ្រែ​ ហើយ​អាន​ពីរបី​ជំពូក​បន្ថែម​ទៀត ។ រំពេច​នោះ ខ្ញុំបាន​ស្ដាប់​ឮ​សំឡេងមួយ​ថ្លែង​នូវ​ពាក្យ​បួន​ម៉ាត់​ដ៏សាមញ្ញ​ថា ៖ « អ្នក​ដឹង​ហើយ​ថា​វា​ជាការ​ពិត ! »

ខ្ញុំ​ពុំ​ដែលឮ​ព្រះវិញ្ញាណ​ថ្លែង​មកកាន់​ខ្ញុំ​ពីមុនមក​នោះទេ ។ ប៉ុន្តែ​ពេលនោះ​​ខ្ញុំដឹង​ថា ព្រះស្គាល់​ខ្ញុំ និង​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​ក៏​បាន​គ្រប់ដណ្ដប់​ដោយ​រឿង​នោះ ដែល​ខ្ញុំ​ពុំ​អាច​ទប់ទឹក​ភ្នែក​បាន​ឡើយ ។ ខ្ញុំដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​ចូលរួម​នឹង​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ក៏​យល់​ផងដែរ ដែល​អ្នកផ្សព្វផ្សាយសាសនា​វ័យក្មេង​មកពី​រដ្ឋ យូថាហ៍ អាច​និយាយ​ថា គាត់ដឹង​ថា​សាសនាចក្រ​នេះពិត​ជាយ៉ាងណា​នោះ ។

ខ្ញុំបាន​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​ក្រោយមក​បាន​រៀបការ​នឹង​យុវនារី​ដ៏ស្រស់​ស្អាត​ម្នាក់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​អូកលែន្ត កាលីហ្វូញ៉ា ។ យើង​មានកូន​ប្រាំបីនាក់ ហើយបាន​រស់នៅ​ក្នុងរដ្ឋ កាលីហ្វូញ៉ា អស់​រយៈពេល ៣៣ ឆ្នាំ​មុនពេល​ផ្លាស់​មករដ្ឋ យូថាហ៍ ។

ប៉ុន្មាន​ឆ្នាំ​មុន នៅពេល​កូន​ស្រីពៅ​របស់យើង រៀបចំ​ដើម្បី​ចេញ​បេសកកម្ម​របស់នាង នាង​បាន​សួរ​ខ្ញុំ​បើខ្ញុំធ្លាប់​ព្យាយាម​ទាក់ទង​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង ដែល​បានបង្រៀន​ខ្ញុំដែរ​ឬទេ ។

ខ្ញុំ​បាន​តប​ថា « ខ្ញុំធ្លាប់​គិតអំពី​គាត់​អស់រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ប៉ុន្តែ​ខ្ញុំ​ពុំដឹង​ថា​ត្រូវ​ទាក់ទង​គាត់​តាម​របៀបណា​ទេ » ។

ក្នុង​រយៈពេល ១០ នាទី នាង​បាន​ត្រឡប់​មក​វិញ ហើយ​និយាយ​ថា « នេះ​ជា​លេខទូរសព្ទ​របស់​គាត់ » ។

នៅពេលខ្ញុំ​បាន​ទាក់ទង​ទៅគាត់ យើង​បាន​មាន​ការសន្ទនា​មួយ​ដ៏​យូរ ។ គាត់បាន​សុំ​អាសយដ្ឋាន​អ៊ីម៉ែល​របស់ខ្ញុំ ដើម្បី​គាត់អាច « ប្រាប់​អំពី​ជីវិត​បច្ចុប្បន្ន​របស់គាត់ » ។ ស្អែកឡើង នៅក្នុង​អ៊ីម៉ែល​របស់គាត់​គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់ពុំ​បាន​ធ្វើជា​សមាជិក​សាសនាចក្រ​ជាង ៤០ ឆ្នាំ​មកហើយ ហើយ​សង្ឃឹម​ថា ខ្ញុំ​ពុំខកចិត្ត​នោះទេ ។

« តើខ្ញុំ​អាច​នឹង​ខកចិត្ត​ដោយរបៀប​ណា ? » ខ្ញុំបាន​តប​អ៊ីម៉ែល​របស់គាត់​ភ្លាម ។ « អ្នកបាន​ផ្លាស់ប្ដូរ​ជីវិត​របស់ខ្ញុំ ! »

យើង​បាន​ឆ្លើយ​ឆ្លង​អ៊ីមែលគ្នា​ជាច្រើន​អ៊ីម៉ែល ហើយ​ក៏​យល់ព្រម​ដើម្បី​ជួបគ្នា ។ ខ្ញុំ​បាន​បើកឡាន​ទៅដល់ផ្ទះ​របស់​គាត់ភ្លាម​ ជាកន្លែង​ដែល​គាត់​អញ្ជើញខ្ញុំ​ឲ្យ​ចូលលេង ហើយណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ភរិយា​របស់​គាត់ ។ នៅពេល​យើង​និយាយ​អំពី​អតីតកាល​របស់យើង ខ្ញុំបាន​សួរ​គាត់ ថាតើគាត់​នៅមាន​ព្រះគម្ពីរមរមន​ឬ​ទេ ។ គាត់បាន​ឡើងទៅ​បន្ទប់ខាង​លើ ហើយ​បាន​នាំ​យក​គម្ពីរ​មួយ​ក្បាល​មក​ ។ ខ្ញុំបាន​យក​សៀវភៅ មើលចំភ្នែក​របស់គាត់ ហើយបាន​ហុច​គម្ពីរ​ត្រឡប់​ទៅគាត់វិញ ហើយ​និយាយ​ថា ៖ « ខ្ញុំ​ដឹង​ថា គម្ពីរ​នេះពិត ។ បើ​អ្នកអាន មរ៉ូណៃ ១០:៤ ហើយ​អធិស្ឋាន​អំពី​វា អ្នក​ក៏អាច​ក៏ទទួលបាន​ទីបន្ទាល់​មួយអំពី​សេចក្ដីពិត​របស់​វា​ផងដែរ » ។

ជាច្រើនឆ្នាំ​ក្រោយមក គាត់​បាន​អាន បានអធិស្ឋាន ហើយ​បាន​ប្រែចិត្ត ។ មិនយូរប៉ុន្មាន កូនប្រុស​អាយុ ១៨ ឆ្នាំ​របស់​គាត់ បាន​ជ្រមុជទឹក​ម្តងទៀត ហើយ​ខ្ញុំ​មាន​ពរ​ដើម្បី​ធ្វើពិធី​បញ្ជាក់​ដល់គាត់ ។

ខ្ញុំដឹង​ថា កូន​ស្រីរបស់ខ្ញុំ​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​សួរ​សំណួរ​ ហើយ​ខ្ញុំ​ដឹង​ថា ព្រះវរបិតា​សួគ៌ បាន​រៀបចំ​យើង​ទាំងពីរ​នាក់​ឲ្យ​ជួបគ្នា​ឡើងវិញ​ក្នុង​រយៈពេល ៤៥ ឆ្នាំ ។ ខ្ញុំបាន​រៀនអំពី​ព្រះចេស្ដា​នៃ​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​ក៏បាន​រៀន​ផងដែរ​ថា កុំ​ឲ្យ​បោះបង់​ចោល​នរណា​ម្នាក់​ដែល​បាន​ដើរវង្វេង​ពី​សាសនាចក្រ​ផងដែរ ។