២០១៦
របៀប​ដើម្បី​ឈានទៅមុខ
January 2016


ចម្លើយ​មក​ពី​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ

របៀប​ដើម្បី​ឈាន​ទៅមុខ

ដកស្រង់​ចេញមក​ពី​សុន្ទរកថា​មួយ​ដែល​ត្រូវបានផ្ដល់​​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ — រដ្ឋ​ហាវ៉ៃ កាល​ពី​ថ្ងៃ​ទី ១៤ ខែ ធ្នូ​ឆ្នាំ ២០១៣ ។

រូបភាព
Christ carrying a young boy on His back.

ព័ត៌មាន​លម្អិត​មកពី Hold On Tight ដោយ លីស លីម៉ុន ស្វីនឌល

ឈាន​ទៅមុខ មានន័យ​លើសពីការណ៍​គ្រាន់តែ​ឆ្ពោះទៅមុខ​ដោយ​សាមញ្ញ​ទៅ​ទៀត ។ ឈាន មានន័យថា មាន​អ្វីមួយ​ដែល​រារាំង​ការបោះជំហាន​ទៅមុខ​របស់អ្នក ហើយអ្នក​ត្រូវ​តែ​រុញ​ឲ្យឆ្លង​កាត់វា ។ ដើម្បី​ឆ្ពោះទៅមុខ​នៅក្នុង​ជីវិត​នេះ អ្នកត្រូវ​តែ រុញ​ការ​ល្បួង​ចេញ​ឈាន​ទៅមុខ​ឆ្លងកាត់​ឧបសគ្គ ជាន់​ភាព​សង្ស័យ និង​ភាព​ភ័យ​ខ្លាច​ឲ្យនៅ​ក្រោមជើង​អ្នក និង ឱប​ក្រសោប​យក​គុណធម៌​ដ៏​ទេវភាព នៃ​សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង​សេចក្ដីស្រឡាញ់ ។

តើ​អ្នកអាច​ឈាន​ទៅមុខ​ដោយ​របៀប​ណា ? នីហ្វៃបាន​ឆ្លើយ​ថា « ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប » ( នីហ្វៃទី ២ ៣១:២០ ) ។

ឈាន​ទៅមុខ​ដោយ​ភាព​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ មាន​ន័យ​ថា ការមាន​សេចក្ដីជំនឿ​ទៅ​លើ​ទ្រង់ ។ វា​មានន័យ​ថា ការ​ធ្វើឲ្យទ្រង់​សំខាន់​បំផុត​នៅ​ក្នុងការ​ផ្ដោតគំនិត ​និង​សកម្មភាព​ទាំងឡាយ​របស់​អ្នក ។ នៅពេល​អ្នក​ធ្វើតាម​ទ្រង់ នោះ​ការ​ឈានទៅមុខ​គឺជា​ដំណើរ​ដ៏​ធំ​បំផុត ។

ការ​ឈាន​ទៅមុខ​មាន​ន័យ​ថា ការរុញ​ចេញ នូវ « ការល្បួង និង​ការ​បារម្ភ​ទាំងឡាយ » នៃ​លោកិយ ហើយ កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ ដោយ​ត្រឹមត្រូវ​បំផុត ។ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា « បើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់តាម​បញ្ញត្តិ​របស់ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។

នីហ្វៃ​បាន​បន្ថែម​ថា ដោយ​ការ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ​របស់​យើង នោះនាំ​ឲ្យ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ សេចក្ដីសង្ឃឹម​ញញឹម​យ៉ាង​ស្រស់​នៅចំពោះ​មុខ​យើង ។ យើង​រក​ឃើញ​សេចក្ដីសុខសាន្ដ ​ទោះជា​នៅក្នុង​គ្រា​លំបាក​ក្ដី ។ ភាពជាសិស្ស​អនុញ្ញាត​ឲ្យ​យើង​មើល​ឃើញ​គោលបំណង​ពិត​របស់​យើង​នៅលើ​ផែនដី​នេះ ។ គោលបំណង​ទាំងនេះ ផ្ដោត​សំខាន់​បំផុត​នៅក្នុង ការ​ជួយ​ក្រុមគ្រួសារ​របស់​យើង មនុស្ស​ដែល​យើង​ស្រឡាញ់ និង​អ្នកទាំងឡាយ​ដែល​នៅជុំវិញ​យើង ។ វា​រួម​មាន​ទាំង ការស្ថាបនា​នគរ​របស់ព្រះ ហើយ​នៅពេល​យើង​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​ប្រែក្លាយ​ទៅ​ជា​មនុស្ស​ដែល​យើង​គប្បី​ប្រែក្លាយ ។

នីហ្វៃ​ប្រាប់​យើង​ថា យើង​ត្រូវ​ឈាន​ទៅមុខ ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។ ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​យើងថា ដោយ​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​អាច​និយាយ ( និង​យល់ ) ភាសា​នៃ​ពួក​ទេវតា ( សូមមើល នីហ្វៃទី ២ ៣២:២–៥ ) ។ ខ្ញុំ​ស្គាល់​សំឡេង​នេះ ។ វា​គឺជា​សំឡេងមួយ​ដែល​យើង​ត្រូវ​តែ​ត្រៀម​ខ្លួនជា​បន្ដបន្ទាប់ ​យ៉ាងស្រេចបាច់​ដើម្បី​ស្ដាប់ ។

នៅពេល​អ្នក​ឈានទៅមុខ​ដោយ​សេចក្ដីសុចរិត នោះ​ព្រះយេស៊ូវ​គ្រីស្ទ « នឹង​ដឹកនាំ​អ្នករាល់គ្នា » ( គ. និង ស. ៧៨:១៨ ) ហើយ​អ្នក​នឹង​ដឹង​កាន់តែ​ជាក់ច្បាស់​ជាងមុន​អំពី​ភាពពិត​របស់​ទ្រង់ និង​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក ។ នៅ​ពេល​អ្នក​ឈាន​ទៅមុខ​នៅក្នុង​សេចក្ដីជំនឿ នោះព្រះ​វិញ្ញាណបរិសុទ្ធ​នឹង​ប្រាប់​អ្នក ហើយ​បង្ហាញ​ដល់អ្នក​នូវ​រឿង​ទាំងឡាយ​ដែល​អ្នក​គួរ​ធ្វើ ( សូមមើល នីហ្វៃទី ២ ៣២:៥ ) ។