២០១៦
ភាព​ពិត​ដែល​បាន​បើកសម្ដែង​អំពី​ជីវិត​រមែង​ស្លាប់
January 2016


ភាព​ពិត​ដែល​បាន​បើកសម្ដែង​អំពី​ជីវិត​រមែង​ស្លាប់

ចេញ​មក​ពី​សុន្ទរកថា​ការប្រជុំ​ធម្មនិដ្ឋានមួយ « ភាព​ពិត​អំពី​ជីវិត​រមែង​ស្លាប់ » បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-អៃដាហូ នៅថ្ងៃទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០១៣ ។ ដើម្បី​ទទួល​បាន​សុន្ទរកថា​ពេញលេញ ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅ​គេហទំព័រ web.byui.edu/devotionalsandspeeches ។

ចូរ​យើង​ចៀសវាង​ពី​គំនិត​ខុសឆ្គង​នៃ​ការ​បង្រៀន​របស់​មនុស្ស ហើយតោង​ជាប់​ភាពពិត​ដែល​បើក​សម្ដែង ដែល​បានប្រទាន​ឲ្យ​ដោយព្រះ ដើម្បី​ឲ្យ​ដំណើរ​ជីវិត​ក្នុង​ជីវិតរមែង​ស្លាប់​របស់​យើង មាន​ភាពបរិបូរណ៍ ពេញលេញ និង ពិត ។

រូបភាព
Portrait photograph of a young adult woman. She is wearing a red sweater.

មនុស្ស​ម្នាក់ៗ​ត្រូវ​បាន​ដាក់​នៅលើ​ផែនដី​ក្នុង​ស្ថានភាព​ជាក់លាក់ ។ មិន​ថា​ភាព​ជាក់លាក់​របស់​យើង​ដូចម្ដេច​ទេ ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដីពិត​អំពី​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​ដែល​អនុវត្ត​ចំពោះ​យើង​ទាំងអស់​គ្នា ។ ទ្រង់​បាន​បង្រៀន​សេចក្ដីពិត​ទាំងនេះ​ដល់​ឪពុក​ម្ដាយ​ដំបូង​របស់​យើង គឺ អ័ដាម និង នាង​អេវ៉ា ហើយ​បាន​បញ្ជាក់សារជាថ្មី​នៅក្នុង​ជំនាន់​របស់​យើង ។

ខ្ញុំ​យោង​សេចក្ដីពិត​ទាំងនេះ​ថាជា « ភាពពិត​អំពី​ជីវិត​រមែង​ស្លាប់ » ។ បើ​យើងចង់​ទទួល​ពរជ័យ​ពេញលេញ​បំផុត និង​ដ៏​មាន​ប្រយោជន៍​បំផុត​មកពី​បទពិសោធន៍ជីវិត​រមែង​ស្លាប់​របស់​យើង នោះ​យើង​ត្រូវ​តែ​យល់ ហើយ​ឱប​ក្រសោប​ភាពពិត​ដែល​បាន​បើក​សម្ដែង​ទាំងនេះ ។ ការ​មិន​យល់ ឬ​អ្វី​ដែល​អាក្រក់ជាង​នោះ ការ​បដិសេធ​ភាពពិតទាំងឡាយ​ដោយ​ចេតនា​នឹង​នាំ​មកនូវ​ការ​ប្រើពេលវេលា​មិន​ត្រឹមត្រូវ ប្រើ​ឥត​មាន​ប្រសិទ្ធភាព ហើយ​ប្រហែលជា​ត្រូវ​វិនាស​ទាំងស្រុង ។

វា​ពុំ​គ្រប់គ្រាន់​ទេ បើគ្រាន់​តែ​មក​ផែនដីនេះ ទទួលយក​រូបកាយ​រមែងស្លាប់ ហើយ​រស់នៅ​ទីនេះ​អស់​មួយ​ជីវិត​នោះ ។ ដើម្បី​ធ្វើឲ្យ​ពេលវេលា​ដែល​យើង​នៅ​ទីនេះ​មាន​អត្ថន័យ យើងត្រូវ​តែ​រស់នៅ ហើយ​ទទួលពិសោធន៍​នូវ​គោលបំណង​នៃជីវិត​រមែង​ស្លាប់​ដែល​បាន​តែងតាំង​ដោយ​ព្រះ — ដោយ​ពេញលេញ ទាំងមូល និង​ដោយ​អស់ពីដួងចិត្ត — ជាជាង​ត្រូវ​រំខាន​ដោយ​រឿង​ជាច្រើន​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ សុខស្រួល និង​ងាយស្រួល​នោះ ។

នៅពេល អ័ដាម និង នាង​អេវ៉ា ត្រូវបាន​បណ្ដេញ​ចេញ​ពី​សួន​អេដែន នោះពួកគេ​បាន​ចូល​ទៅ​ក្នុង​ពិភព​រមែង​ស្លាប់​មួយ ។ ព្រះអម្ចាស់​បាន​រៀបចំ​ពួកគេ​ដើម្បី​ទទួល​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ ដោយ​បង្រៀន​ពួកគេ​អំពី​ភាពពិត​ទាំងឡាយ ដែល​ពួកគេ​នឹង​ទទួល​ពិសោធន៍ ។ ខ្ញុំ​ចង់​រំឭក​អំពី​ភាពពិត​ទាំង​បីនេះ ។

នៅពេល​ខ្ញុំចាប់​ផ្ដើម ចូរចងចាំ​ថា វិញ្ញាណ​នៃ​ជីវិត​មុនជីវិត​រមែង​ស្លាប់​ជា​ច្រើន ពុំ​បានទទួល​រូបកាយ​រមែង​ស្លាប់ទេ ដោយសារ​ពួកគេ​ពុំ​រក្សា​នូវ​សណ្ឋាន​ទីមួយ​របស់​ពួកគេ ។ ពួកគេ​មាន​បំណង​រារាំង​យើង​ពី​ការទទួល​ពិសោធន៍​នូវភាព​ពេញលេញ​នៃ​ជីវិត​រមែង​ស្លាប់​នោះ ។ ពួកគេ​ព្យាយាម​រារាំង​យើង​មិន​ឲ្យ​ទទួល​បទពិសោធន៍​ទាំងឡាយ ដែល​ដឹកនាំ​យើង​ទៅ​កាន់​សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។

ភាពពិត​ទី​១ ៖ ការងារ​ជួយយើង​ឲ្យ​អភិវឌ្ឍ​គុណសម្បត្តិ និង​អាកប្បកិរិយា​សំខាន់​សម្រាប់​ជីវិត​ដ៏នៅ​អស់កល្បជានិច្ច ។

ព្រះមាន​បន្ទូល​ទៅអ័ដាម​ថា « ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​​ត្រឡប់​ទៅ​ជា​ដី​វិញ ពី​ព្រោះ​យើងបាន​យក​ឯង​ពី​ដី​មក » ( ម៉ូសេ ៤:២៥ សូមមើល​ផងដែរ លោកុប្បត្តិ ៣:១៩ ) ។ មនុស្ស​មួយ​ចំនួន​បាន​ចាត់ទុក​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា​ជា​បណ្ដាសារ​ចំពោះ​អ័ដាម និង​កូនចៅ​របស់​លោក​ដោយសារ​តែ​ការ​ទទួល​ទាន​ផ្លែឈើ​ដែល​បាន​ហាមឃាត់​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​ស្ដាប់​ឮ​ព្រះបន្ទូល​ទាំងនេះ​ថា​ជា​ការថ្លែង​ចេញ​មកពី​ព្រះវរបិតា​ជាទីស្រឡាញ់ ពន្យល់​ដល់​យុវជន​ម្នាក់ និង​ជា​កូន​ដែល​ពុំ​មាន​បទពិសោធន៍​ក្នុង​ស្ថានភាព​ធ្លាក់ ជា​ពិភព​រមែង​ស្លាប់ ដែល​កូនប្រុស​នោះ នឹង​មក​រស់នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ។

ក៏​ដូចជា​ឪពុក​លើ​ផែនដី​ម្នាក់ ដែល​រៀបចំ​កូនប្រុស​ដែល​នឹង​ចេញ​ឆ្ងាយពីផ្ទះ​ដែរ ព្រះវរបិតា​កំពុង​ជួយ​បុរស​ដំបូង​គេ​រូបនេះ ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រស់នៅ​ដោយ​ខ្លួន​ឯង​នៅពេល​នៅឆ្ងាយពី​ផ្ទះ ។ ទ្រង់​បាន​ពន្យល់ថា ការងារ​គឺជា​ភាពពិត​ថ្មីមួយ — ជា​ភាពពិត​អំពី​ជីវិត​រមែង​ស្លាប់ ។

ព្រះវរបិតាសួគ៌ បានដឹង​ថា អ័ដាម និង អេវ៉ា នឹង​ត្រូវ​ពុះពារ​នឹង​ធាតុទាំងឡាយ​នៅលើ​ផែនដី​ក្នុងពេល​ឆាប់ៗ ។ វា​ផ្ទុយគ្នា​ទៅនឹង​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​សួនច្បារ​អេដែន ដែល​អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​ប្រទាន​ឲ្យ​ដល់​ពួកគេ នោះជីវិត​រមែង​ស្លាប់​នឹង​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ទាំង​ខាង​រាងកាយ និង​ខាង​សតិអារម្មណ៍ បែកញើស អត់ធ្មត់ ហើយ​ស៊ូទ្រាំ​ដើម្បី​រស់នៅ ។

ការរៀន​ធ្វើការ — ដែល​ជា​ការ​បំពាក់បំប៉ន និង​ការលត់ដំ​គំនិត​របស់​យើង រូបកាយ និងវិញ្ញាណ​ដើម្បី​អនុវត្ត ផលិត សម្រេច និង​រីកចម្រើន — គឺជា​គ្រឹះ​មួយ​នៃ​ភាពពិត​នៃ​ជីវិត​រមែង​ស្លាប់​គ្រប់រូប ។ វា​គឺជា​វិធី​មួយ​ដែល​យើង​ប្រែក្លាយ​ដូចជា​ព្រះ ហើយ​សម្រេច​នូវ​ព្រះរាជ​បំណង​របស់​ទ្រង់​នៅលើ​ផែនដី ។ ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ ធ្វើការ​ទាំងអស់គ្នា ។ កិច្ចការ​របស់​ទ្រង់ និង​សិរីល្អ​របស់ទ្រង់ គឺ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ភាពពិត​គឺថា ពុំអាច​មាន​សិរីល្អ​ដោយ​គ្មាន​ការធ្វើការ​នោះ​ទេ ។

មូលហេតុ​ដ៏​ចម្បង​មួយ​ដែល​បុរស​ចាំបាច់​ត្រូវ​ធ្វើការ គឺ​ត្រូវ​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ។ « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » សរសេរ​ពាក្យ « ផ្គត់ផ្គង់ » ថាជា​តួនាទី​មួយ​នៃតួនាទី​ទាំងបី ដែល​បាន​ផ្ដល់​ឲ្យ​បុរស​ជា​ពិសេស ។ បុរស​ម្នាក់​ដែល​ចេះធ្វើការ ហើយ​ផ្គត់ផ្គង់​ដល់​ខ្លួនឯង មាន​ទំនុកចិត្ត​ថា គាត់អាច​រៀបការ ហើយ​ផ្គត់ផ្គង់​ភរិយា និង​កូនៗ ។

ប៊ីស្សព អេក ដេវីឌ ប៊ើតុន ជា​អតីត​ប៊ីស្សព​ជាអធិបតី​នៃ​សាសនាចក្រ បាន​មាន​ប្រសាសន៍ ៖ « ការធ្វើការ — ​ដោយ​ស្មោះត្រង់ និង​ដោយ​ផលិតភាព — នាំ​មក​នូវ​ភាពសុខដុម និង​មាន​អារម្មណ៍ពី​តម្លៃ​ខ្លួន ។ ការ​ខិតខំ​ដោយ​អស់​ពី​សមត្ថភាព​ដែល​យើងអាច​ធ្វើបាន​ដើម្បី​មាន​ភាព​ខ្លួនទីពឹង​ខ្លួន ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តម្រូវការ​ផ្ទាល់ខ្លួន​របស់​យើងផ្ទាល់ និង​អ្នកទាំងឡាយ​ដែល​ជា​គ្រួសារ​របស់​យើង នោះ​យើង​អាច​ត្រឡប់​ទៅ​ព្រះអម្ចាស់​ដោយ​ទំនុកចិត្ត ដើម្បី​ទូល​សួរ​ពី​អ្វី​ដែល​យើង​នៅ​ខ្វះខាត​នៅ​ឡើយ » ។​

សាតាំង​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​បំផ្លាញ​ព្រះរាជបំណង​របស់ព្រះ ហើយ​ចង់​ធ្វើ​ឲ្យ​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង​មិន​ល្អ ។ ដើម្បី​ជំទាស់​នឹង​ការ​សង្កត់ធ្ងន់​របស់​ព្រះវរបិតា​អំពី​ការធ្វើការ នោះ​មារសត្រូវ​បាន​បញ្ចុះបញ្ចូល​មនុស្ស​ជាច្រើន​នៅ​ជំនាន់​របស់​យើង​ថា គោលដៅ​សំខាន់​មួយ​នៅក្នុង​ជីវិត​នេះ​គឺ​កុំ​ធ្វើការ ។ នៅ​ក្នុង​សង្គម​សព្វថ្ងៃ មនុស្ស​ជាច្រើនបាន​សញ្ជឹងគិត​ថា ចង់​ស្វែងរក​ការងារ​ដែល​ឲ្យកម្រៃ​ខ្ពស់ល្អ ​តែ​ធ្វើការ​តិច ការវិនិយោគ ឬ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​ជាច្រើន ដែលឲ្យ​កម្រៃ​ខ្ពស់​ដោយ​គ្មានការ​ខិតខំ និង​កម្មវិធី​នានា​ដែល​ឲ្យកម្រៃ​ដែល​ពួកគេ​ចង់បាន ដោយពួកគេ​មិនចំណាយ​អ្វីសោះ ។ មនុស្ស​មួយចំនួន​បាន​ព្យាយាម​មិនធ្វើការងារ​ដោយ​ការ​ខ្ចីប្រាក់ និង​រស់នៅ​ដោយ​ប្រាក់​ដែលពួកគេ​មិន​មានបំណង​បង់សង​វិញ​នោះ ។ ពួកគេ​ពុំ​ចង់​ធ្វើការ ពុំ​ធ្វើគម្រោង​ថវិការ ហើយ​ពុំសន្សំ​សម្រាប់​អ្វី​ដែល​ពួកគេ​ចំណាយ​នោះ​ទេ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ បាន​ប្រឹក្សា​ថា យើង​គប្បី​ធ្វើការ​ចំពោះអ្វី​ដែល​យើង​បានទទួល ហើយ « ចៀសវាង​ពីបំណុល លើក​លែងតែ​សម្រាប់​សេចក្ដីត្រូវការ​ជាមូលដ្ឋាន​គ្រឹះបំផុត​តែប៉ុណ្ណោះ » ។

ល្បិច​មួយទៀត ដែល​មារសត្រូវ​ប្រើ​នៅក្នុង​ជំនាន់នេះ​គឺ​ដើម្បី​ផ្ដោត​មហិច្ឆិតា​ពីធម្មជាតិ​របស់​មនុស្ស​ឲ្យ​ធ្វើការ ហើយ​សម្រេច​បាន​នៅ​ក្នុងសកម្មភាព​ដែល​គ្មានន័យ ។ ព្រះបាន​ដាក់​នៅ​ក្នុង​យុវជន​នូវ​បំណង​ប្រាថ្នា​ដើម្បី​បំពេញ និង​សម្រេច​កិច្ចការ ដោយ​បំណង​ដែលពួកគេ​ប្រើ​មហិច្ឆិតា​នេះ ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​ផ្គត់ផ្គង់​ស្មោះត្រង់​សម្រាប់​គ្រួសារ ។ នៅក្នុង​យុវវ័យ​របស់​យើង មហិច្ឆិតា​នេះ អាច​ត្រូវ​បាន​ផ្ដោត​ទៅលើ កន្លែង​អប់រំ​ អត្តពលកម្ម និង​ការខិតខំ​ដទៃទៀត ដែលជួយ​បង្រៀន​ឲ្យ​មាន​ភាព​ខ្ជាប់ខ្ជួន ការលត់ដំ និង​ការងារ ។ ទោះជា​យ៉ាងណា សាតាំង នឹង​មានបំណងប្រាថ្នា​យ៉ាង​ប្រសព្វ​ដើម្បី​គ្រប់គ្រង​មហិច្ឆិតា និង​ការ​ផ្ដោត​នោះ​ទៅលើ​ពិភព​ល្បែង​វីដេអូ ដែល​ស៊ីពេល​យ៉ាងច្រើន និង​បំផ្លាញ​មហិច្ឆិតា និង​នាំ​ទៅរក​ការ​ញៀន ។

មិនថា​អ្នកលេង​ល្បែង​វីដេអូ​ខ្លាំង​ប៉ុណ្ណា​ទេ កិច្ចការដែល​ស្រមើលស្រមៃ ពុំ​អាច​នាំ​អ្នក​ឲ្យ​មានភាព​ស្កប់ស្កល់​ដែល​ទាក់ទង​នឹង​កិច្ចការ​ងារ​ពិត​នោះទេ ។ កិច្ចការ​ងារ​ពិត គឺ​ជា​ការខិតខំ ភាពខ្ជាប់ខ្ជួន ការអត់ធ្មត់ និង​ការលត់ដំ ដើម្បី​សម្រេច​បាន​នូវ​ចំណេះដឹង​ដែល​មាន​តម្លៃ ធ្វើ​កិច្ចការ​ដែល​ត្រូវការ​ធ្វើការ​ដ៏ចាំបាច់ ឬ​សម្រេច​គោលដៅ​ដែល​បាន​ដាក់ឲ្យ ។

បើ​យើង​ពុំ​រៀន​ធ្វើការ​ពេល​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះទេ នោះ​យើង​នឹង​ពុំ​សម្រេច​នូវ​សក្ដានុពល​ពេញ​លេញ​របស់​យើង និង​សុភមង្គល​នៅ​ក្នុង​ជីវិត​នេះទេ ហើយ​យើង​នឹង​ពុំ​អភិវឌ្ឍ​គុណសម្បត្តិ និង​អាកប្បកិរិយា​ដែល​សំខាន់​ចំពោះ​ជីវិត​អស់កល្បជានិច្ច​ឡើយ ។

ភាពពិត ទី​២ ៖ តាមរយៈអាពាហ៍ពិពាហ៍​ដ៏​អស់កល្បជានិច្ច យើង​អាច​ទទួល​រាល់​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ប្រទាន​ដល់​យើង ។

រូបភាព
A young couple talking together.

ព្រះអម្ចាស់​បាន​សន្យា​នៅក្នុង​សម្បថ និង សេចក្តីសញ្ញា​នៃ​បព្វជិតភាព ៖

« ដ្បិត​អស់​អ្នកណា​ដែល​ស្មោះត្រង់ ក្នុង​កាល​បាន​បព្វជិតភាព​ទាំង​ពីរ​នេះ ដែល​យើង​បាន​ពោល​ដល់ … ត្រឡប់ជា … ពូជ​នៃ​លោក​អ័ប្រាហាំ និង​ជា​សាសនាចក្រ និង​នគរ និង​ជា​ពួក​រើស​តាំង​នៃ​ព្រះ ។

« ហើយ​អស់​អ្នក​ណា​ដែល​ទទួល​បព្វជិតភាព​នេះ ឈ្មោះ​ថា ទទួល​យើង​ដែរ ព្រះអម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ

« … ហើយអ្នកណា​ដែល​ទទួល​យើង ឈ្មោះ​ថា​ទទួល​ព្រះវរបិតាយើង​ដែរ

« ហើយ​អ្នក​ណា​ដែល​ទទួល​ព្រះវរបិតា​យើង ឈ្មោះថា​ទទួលនគរ​របស់ព្រះវរបិតា​យើង​ដែរ ហេតុដូច្នោះ​ហើយ គ្រប់អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតាយើង​មាន នោះនឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នកនោះ​ដែរ ។

« ហើយ​ការណ៍នេះ គឺ​ស្របតាម​សម្បថ និង​សេចក្ដីសញ្ញា ដែល​ជា​របស់​ផង​បព្វជិតភាព » ( គ និង ស ៨៤:៣៣–៣៥, ៣៧–៣៩ ) ។

ព្រះវរបិតា​ជា​ទីស្រឡាញ់​របស់​យើង សព្វព្រះទ័យ​ឲ្យ​កូនចៅ​ទ្រង់​ម្នាក់ៗ​ទទួល​បាន​អ្វីៗ​ទាំងអស់ — ភាពពេញលេញ ជា​ភាពពេញលេញ​របស់ទ្រង់ ។ ដើម្បី​ទទួល​បាន​នូវ​ភាពពេញលេញ​នេះ « មនុស្ស​ត្រូវ​ចូល​ក្នុង​របៀប​នៃ​បព្វជិតភាព​នេះ [ មានន័យ​ដល់​សេចក្ដីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ ] » ( គ. និង ស. ១៣១:២ ) ។

អាពាហ៍ពិពាហ៍​អស់កល្ប​ជានិច្ច និង​អ្វីៗ​ទាំងអស់​ដែល​ត្រូវ​បាន​គ្រោង​ឡើង​ដើម្បីជួយ​យើង​ឲ្យ​រៀន និង​ទទួល​បទពិសោធន៍ គឺ​ជា​គន្លឹះ​ដើម្បី​ទទួល​រាល់ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់ ។ មានតែ​គ្រួសារ​មួយ — ដែល​មាន​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​រស់នៅ​ដោយ​សក្ដិសម​ដើម្បី​ចូល​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​ត្រូវ​បាន​ផ្សាភ្ជាប់​នឹង​គ្នា​ប៉ុណ្ណោះ — ទើបអាច​ក្លាយទៅ​ជា​សក្ដិសម​បាន ។ ពរជ័យ​ពេញលេញ​នៃ​បព្វជិតភាព គឺ​ត្រូវបាន​ទទួល​រួមគ្នា​ក្នុង​នាមជា​ស្វាមី និងភរិយា ឬ​មិន​ទទួលបាន​ទាំងអស់គ្នា ។

វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​នៅក្នុង​សម្បថ និង សេចក្ដីសញ្ញា​នៃ​បព្វជិតភាព ព្រះអម្ចាស់​ប្រើ​កិរិយាសព្ទ ទទួលបាន និង ទទួល ។ ទ្រង់​ពុំប្រើ​កិរិយាសព្ទ​តែងតាំង ទេ ។ គឺ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ដែល​បុរស និង​ស្ត្រី — ទាំងពីរនាក់ — ទទួលបាន និង​ទទួល​ពរជ័យ​ទាំងឡាយ និង​អំណាច​ទាំង​បព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​មិលគីស្សាដែក ។ បន្ទាប់ពី​គូស្វាមី​ភរិយា​មួយគូ​បាន​ទទួលពរជ័យ​ទាំងនេះ នៅក្នុង​ដំណាក់នៃ​ព្រះអម្ចាស់​ហើយ វា​គឺ​ជា​សំខាន់​នៅ​ក្នុង​ជីវិត​គេហដ្ឋាន​របស់​ពួកគេ ដែល​ពួកគេ​ត្រូវ​អភិវឌ្ឍ​ចរិតលក្ខណៈ និង​អាកប្បកិរិយា​បរិសុទ្ធ — ពលិកម្ម និង​បម្រើ​គ្នាទៅវិញទៅមក ស្រឡាញ់គ្នា​ទៅវិញទៅមក​ដោយ​ភក្ដីភាព​ទាំងស្រុង ហើយ​មាន​សាមគ្គីភាព​នៅក្នុង​ក្ដីស្រឡាញ់​របស់​ពួកគេ​ចំពោះ​គ្នា​ទៅវិញទៅមក និង​ចំពោះ​ព្រះ ។

ភាពពេញលេញ បព្វជិតភាព គ្រួសារ — ពាក្យទាក់ទង​គ្នា​ទាំងបីនេះ​គឺ​ជាចំណែក​ទាំងអស់​នៅក្នុង​ភាពពិត​នៃ​អាពាហ៍ពិពាហ៍​អស់កល្ប​ជានិច្ច ។ ការ​ធ្វើអ្វីៗទាំងអស់​នៅក្នុង​អំណាច​របស់​យើង​ដើម្បីធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​អស់កល្បជានិច្ច មានពិត​នៅក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង នឹង​អះអាងថា យើង​នឹង​មិន​ចំណាយពេល​របស់​យើង​នៅលើ​ផែនដី​ដោយ​ឥតប្រយោជន៍​នោះទេ ។

សាតាំង ជា​មេ​បញ្ឆោត កំពុង​ធ្វើការ​នៅក្នុង​ជំនាន់​របស់​យើង មួលបង្កាច់ និង​បំផ្លាញ​ភាពពិតនៃ​ជីវិត​រមែង​ស្លាប់ ។ វា​កំពុង​ធ្វើការ​បន្ថែម​ម៉ោង​ដើម្បី​បំផ្លាញ​អត្ថន័យ និង​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​នៅក្នុង​គំនិត​របស់បុរស និង​ស្ត្រី​ទាំងឡាយ ។ ចំពោះ​មនុស្ស​ខ្លះ វា​បញ្ចុះបញ្ចូលថា អាពាហ៍ពិពាហ៍ គឺមិន​ចាំបាច់​ទេ ថា​ក្ដីស្រឡាញ់គឺ​ល្មម​គ្រប់គ្រាន់​ហើយ ។ ចំពោះ​មនុស្ស​ខ្លះទៀត វា​ប៉ុនប៉ង​ប្រើ​និយមន័យ​ច្បាប់​ថ្មី​អំពី អាពាហ៍ពិពាហ៍ ដើម្បី​ឲ្យ​ទទួលស្គាល់​ថា​ទំនាក់ទំនង​អសីលធម៌​គឺជា​រឿង​ត្រឹមត្រូវ ។ ចំពោះ​អ្នកទាំងឡាយ​ដែលជឿ​ទៅលើអាពាហ៍ពិពាហ៍ នៅពេល​ដែល​ព្រះ​បាន​កំណត់​ឡើង នោះ​វា​នឹង​បន្ទាប​អាទិភាព​របស់​វា​ទាក់ទង​ទៅនឹង​ការ​អប់រំ និង​សន្ដិសុខ​ខាង​ហិរញ្ញវត្ថុ ។ វាធ្វើ​ឲ្យមនុស្ស​មាន​ការភ័យខ្លាច អំពី​ការលះបង់ និង​ការពិបាក ដែល​មាននៅក្នុង​អាពាហ៍ពិពាហ៍ ។ ដោយ​ជាប់ស្ទះ​នឹង​ភាពភ័យខ្លាច នោះមនុស្ស​ជាច្រើន​បាន​អង្គុយ​ស្ងៀម​ដូចជា​វត្ថុ​ដែល​ចាំ​ទទួល​សកម្មភាព ជាជាង​ផ្លាស់​ទីទៅមុខ ហើយធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

មនុស្ស​មួយចំនួន ដែល​បាន​មាន​អារម្មណ៍​លើស​លុប​ដោយសារ​តម្រូវការ​នៃ​ការ​ស្ថាបនា​ទំនាក់ទំនង​ពិត ប៉ុន្តែ​មាន​អារម្មណ៍​បំណង​ប្រាថ្នា​មួយ​ចង់បាន​ដៃគូ និងភាព​ស្និទ្ធស្នាល​នោះ គឺត្រូវ​បាន​បញ្ឆោត​ដោយ​ក្ដីសង្ឃឹម​ក្លែងក្លាយ​នៅក្នុងពិភព​ពុំពិត​ប្រាកដ ។ ការ​ប៉ុនប៉ង​ចង់បាន​ភាព​ស្និទ្ធស្នាល​ពុំពិត​ប្រាកដ ពុំនាំ​មក​នូវអ្វី ក្រៅពី​ភាព​ទទេ​ស្អាត ការ​ចង់បាន និង​ការ​ខ្មាស់អៀន​នោះទេ ។ មាន​មនុស្ស​ជាច្រើន​បាន​ខំ​ស្រាវជ្រាវ​ម្ដងហើយ​ម្ដងទៀត​ដោយគ្មាន​ប្រយោជន៍ រហូត​ដល់ផ្លូវ​របស់ពួកគេ​បាន​ក្លាយទៅជា​ការញៀនមួយ ដែល​ពុំអាច​ស្កប់ស្កល់​បាន ។ ពួកគេ​ត្រូវ​បាន​ចាប់​ជាប់​នៅក្នុង​វដ្ត​មួយ ដែល​បំផ្លាញ​ឆន្ទៈ​របស់ពួកគេ​ដើម្បីឈរ​ទប់ទល់​បន្ដិចម្ដង ។ ពួកគេ​នៅតែ​មាន​សិទ្ធិជ្រើសរើស​របស់​ពួកគេ ប៉ុន្តែ​ពុំមាន​សេចក្ដីសង្ឃឹម​គ្រប់គ្រាន់​ទៅលើ​សមត្ថភាព​ដើម្បី​តស៊ូ​នឹង​វា​ឡើយ ។ ដោយ​ត្រូវបាន​ចាប់ជាប់​ក្នុង​សំណាញ់នេះ នោះ​ពួកគេ​ប្រថុយ​ខ្លួន​ក្នុងការ​បាត់បង់​ភាពពេញលេញ និង​ក្ដីអំណរ​ដែល​ជា​ភាពពិត​ដ៏ទេវភាព​បំផុត​មួយ​នៃ​ជីវិតរមែង​ស្លាប់ — ជា​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ។

បើអ្នក​ត្រូវ​ជាប់នៅក្នុង​សំណាញ់នេះ សូម​រកជំនួយ ។ ចូរ​កុំរង់ចាំ​ឡើយ ។ បើអ្នកចាំ អ្នក​នឹង​ពន្យារ​ពេល​ការ​រីកចម្រើន និង​ការលូតលាស់​របស់​អ្នក​នៅក្នុងជីវិត​រមែង​ស្លាប់នេះ​ហើយ ។

ពិនិត្យ​លើ​ជីវិត​របស់​អ្នក ។ ចូរ​ប្រាកដ​ថា គំនិត​របស់​អ្នក​នឹង​ពុំ​ត្រូវ​គ្របដណ្ដប់​ដោយ​គំនិត​ខុសឆ្គង​ដែលទាក់ទង​នឹង​អាពាហ៍ពិពាហ៍ ។ ចូរ​ចងចាំ​ថា អាពាហ៍ពិពាហ៍​ដ៏​ជោគជ័យ​ទាំងឡាយ គឺ​ត្រូវ​ស្ថាបនា​ឡើង​នៅលើ « សេចក្តី​ជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរព​គ្នា សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា ការងារ និង កម្មវិធី​កម្សាន្ត​ល្អៗ​ទាំងឡាយ » ។

សូម​ចាប់​ផ្ដើម​ថ្ងៃនេះ​ដើម្បី​ស្ថាបនា​លក្ខណៈ​ទាំងឡាយ​នោះ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់អ្នក ។ នៅពេល​អ្នក​ធ្វើដូច្នោះ នោះ​ព្រះអម្ចាស់​នឹង​បើក​ផ្លូវ​ឲ្យ​អ្នក​​ទទួលបាន​ភាព​ពេញលេញនៃ​ពរជ័យ ដែល​ទ្រង់​បាន​រៀបចំ​ទុក​សម្រាប់​កូនចៅ​របស់​ទ្រង់ — ​ជា​សេចក្ដីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ ។ ចូរ​កុំ​ឲ្យ​ជីវិត​រមែង​ស្លាប់​របស់​អ្នក « ត្រូវ​កំទេច​ចោល​សូន្យ​ឈឹង » ឡើយ ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:៣៩ ) ។

ភាពពិត ទី​៣ ៖ ការ​បង្កើត និងការ​ចិញ្ចឹម​បីបាច់កូន​ចៅ ជួយ​យើង​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​របស់​យើង​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះ ។

រូបភាព
A young family in England.

នៅ​ពេល​នោះ ទ្រង់ « បានប្រទានពរ » ឬ​ផ្សារភ្ជាប់ អ័ដាម និង នាង​អេវ៉ា ឲ្យ​បង្កើត​គ្រួសារ​ដំបូងនៅ​លើ​ផែនដី ព្រះ​បាន​ប្រទាន​ពរ​ដល់​ពួកគេ​នូវ​បទបញ្ញត្តិ​មួយ ៖ ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ ( សូមមើលលោកុប្បត្តិ ១:២៨, ម៉ូសេ ២:២៨ ) ។ អាពាហ៍ពិពាហ៍​និង កូនចៅ​ទៅ​ជាមួយគ្នា ។ អំណាច​នៃ​ការ​បង្កបង្កើត​ដែលធ្វើ​ឲ្យ​មាន​កំណើត​ជីវិត​រមែង​ស្លាប់ ត្រូវ​បាន​ប្រើ​តែ​រវាង​បុរសម្នាក់ និង​ស្ត្រីម្នាក់ ដែល​បាន​រៀបការ​ស្របច្បាប់ និង​ពេញច្បាប់​ប៉ុណ្ណោះ ។

អ័ដាម និង នាង​អេវ៉ា យល់​ថា ការ​បង្កើត​កូនចៅ គឺ​ជា​ភាពពិត​ដ៏សំខាន់​នៃ​ជីវិត​រមែង​ស្លាប់ ។ ពួកគេ​បាន​គោរពតាម​បទបញ្ញត្តិ​របស់ព្រះ « ហើយ​អ័ដាម​ក៏​ស្គាល់ប្រពន្ធ​គាត់ ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ទាំងឡាយ ហើយ​ពួកគេ​បាន​ចាប់​ផ្ដើម​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មានពាស​ពេញ​លើ​ផែនដី » ( ម៉ូសេ ៥:២ ) ។ ពួក​ព្យាការី​នៅ​ក្នុង​ជំនាន់​របស់​យើង បាន​ប្រកាស​ថា « ព្រះ​បញ្ញាត្តិ​របស់​ព្រះ​សម្រាប់​ឲ្យ​កូន​ចៅ​របស់​ទ្រង់​បង្កើត​កូន​ឲ្យ​ចម្រើន​ជាច្រើន​ឡើង ឲ្យ​មាន​ពាសពេញ​លើ​ផែន​ដី​នេះ​នៅ​តែ​ឲ្យ​ប្រតិបត្តិ​នៅ​ឡើយ » ។

ទោះជាយ៉ាងណា​ក៏ដោយ ពិភពលោក​សព្វថ្ងៃ មាន​មនុស្ស​ជាច្រើន​ឈប់ជឿ​ថា « កូន​ចៅ​ជា​មរតក​មក​ពី​ព្រះយេហូវ៉ា » ( ទំនុក​ដំកើង ១២៧:៣ ) ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ គូស្វាមីភរិយា​មួយ​គូ​ដែល​ជិត​រៀបការ​នឹង​គ្នា​បាន​មកជួប​នឹង​ខ្ញុំ ។ ពួកគេ​បាន​សុំ​ដំបូន្មាន​របស់ខ្ញុំ​ទាក់​ទង​នឹង​កូនចៅ ។ ខ្ញុំ​បាន​រំឭក​ពួកគេ​អំពីបទបញ្ញត្តិ​ដែល​ពួកគេ​នឹង​ទទួល នៅពេល​ពួកគេ​ត្រូវ​បានផ្សារភ្ជាប់ ហើយខ្ញុំ​បាន​ទូន្មាន​ពួកគេ​ថា ពួកគេ​អាច​រក្សា​បទបញ្ញត្តិ​នេះ​ក្នុងការ​ប្រឹក្សា​ជាមួយ​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​រំឭក​ពួកគេ​ថា វា​ជា​បទបញ្ញត្តិ​មួយ​ដូចជា ដង្វាយមួយភាគ​ក្នុង​ដប់ ការ​រក្សា​ថ្ងៃ​ឈប់សម្រាក និង​បទបញ្ញត្តិ​ដទៃទៀត ។ នៅពេល​ដែល​សេចក្ដីសញ្ញា​មួយ​ត្រូវ​បាន​ធ្វើឡើង នោះ​សំណួរ​គឺ​ពុំ​មែនសួរ​ថា​តើ​ត្រូវ​រក្សា​វាឬ​ក៏អត់​នោះទេ តែ​ត្រូវ​សួរ​ថា​តើ​ត្រូវ​រក្សា​វា​តាមរបៀប​មួយ​ណា ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ និង​អនុមតិ​ឲ្យ​វិញ ។

ខ្ញុំ​បាន​មើល ពេល​ពួកគេ​បាន​ចាប់​ផ្ដើម​អាពាហ៍ពិពាហ៍​ពួកគេ ។ គាត់​នៅ​រៀន​មួយឆ្នាំ​ទៀត​ដើម្បី​បញ្ចប់​មហា​វិទ្យាល័យ​ថ្នាក់​បរិញ្ញាប័ត្រ ហើយនាង​នៅ​សល់​មួយឆ្នាំ​ទៀត​ដើម្បី​បញ្ចប់​កម្មវិធី​ថ្នាក់​អនុបណ្ឌិត ។ ពួកគេ​បាន​ទទួលអារម្មណ៍​ដឹកនាំ​ថា ឲ្យ​មានកូន​ឆាប់ៗ — ទោះជា​កំពុង​នៅ​រៀន ហើយ​ពុំមាន​ការងារ​ច្បាស់លាស់​ក្ដី ។ វា​ពុំ​ងាយស្រួល ឬ​សុខស្រួល​ទេ ដើម្បី​មាន​កូន​ឆាប់ៗ​នោះ ។ គាត់ត្រូវ​ស្វែងរក​ការងារ​មួយ ពួកគេ​ត្រូវ​ផ្លាស់​លំនៅ ហើយ​នាង​ត្រូវ​បញ្ចប់​ការសិក្សា​របស់​នាង ។ ពួកគេ​បាន​ប្រឈម​នឹង​ការ​ស្មុគស្មាញ និង​ការ​លះបង់ ។ គាត់​ត្រូវ​ប្រញាប់​មកផ្ទះវិញ​រាល់ថ្ងៃ ហើយ​មើល​កូនតូច​ពេល​នាង​បាន​បញ្ចប់​និក្ខេបបទ និង​ការ​បំពាក់បំប៉ន​ផ្ទាល់​របស់​នាង ។ នាង​បាន​សិក្សា ហើយបាន​សរសេរ​និក្ខេបបទ​នៅ​ចន្លោះ​ពេល​នៃ​ការ​ថែបីបាច់ និងការ​ប្ដូរ​កន្ទប​កូនក្មេង ។

ព្រះអម្ចាស់​បាន​ប្រទានពរ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ចម្រើន​ឡើង ។ ខណៈដែល​មនុស្ស​ជាច្រើន​ទៀត​បាន​បាត់បង់​ការងារ​នៅ​ក្នុង​ពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ​ក្នុង​ឆ្នាំ ២០០៨ គាត់​ត្រូវបាន​គេរក្សាទុក ហើយ​បាន​ដំឡើង​តួនាទី ។ ដោយសារ​ពួកគេ​រស់នៅ​ដោយ​សន្សំសំចៃ នោះពួកគេ​អាច​រួច​ផុត​ពី​បំណុល លើក​លែង​តែ​ការបញ្ចាំ​ទ្រព្យ​មួយ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ពួកគេអាច​បង់​ថ្លៃ​កម្មវិធី​ថ្នាក់អនុបណ្ឌិត​បាន​ទាំងអស់​ដោយ​គ្មាន​ជំពាក់បំណុល​អ្វីទេ ។ តាម​បទពិសោធន៍​នេះ ពួកគេ​បាន​បន្ដ​រៀន​មេរៀន​ដ៏​មាន​តម្លៃ ដែល​កើតចេញ​មកពី​ភាព​ជាឪពុក​ម្ដាយ​តែ​ប៉ុណ្ណោះ ។ ការ​បង្កើតកូន​ចៅ​ពុំ​ងាយស្រួល ឬ​សុខស្រួលទេ ប៉ុន្តែ​វា​ជា​បទបញ្ញត្តិ​មួយ ដែល​ជួយ​យើង​បានដឹង​អំពី​ពរជ័យពិត​នៃ​ជីវិត​រមែង​ស្លាប់ ។

អំណោយទាន​ដ៏​មហិមា​មួយ

ជីវិត​រមែង​ស្លាប់​គឺជា​អំណោយទាន​ដ៏​មហិមា​បំផុត​មួយ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​យើង ។ ទ្រង់​ស្រឡាញ់​យើង ហើយ​ចង់​មាន​ព្រះទ័យ​ឲ្យ​យើង​ប្រើ​អំណោយនេះ​ដោយ​ពេញលេញ និង ទាំងស្រុង ។ មានតែ​ដោយការ​ឱបក្រសោប និងការ​ផ្ដោត​ទៅលើ​ភាពពិត​ទាំងឡាយ ដែល​ព្រះបាន​បើក​សម្ដែង​ប៉ុណ្ណោះ ទើប​យើង​អាច​បំពេញ​នូវ​គោលបំណង​ទាំងឡាយ​ដែល​យើង​មក​កាន់ផែនដី​នេះ ។ សាតាំង ដឹង​ថា​វា​ពុំអាច​ធ្វើ​អ្វី​ដើម្បី​បញ្ឈប់​យើង​មិនឲ្យ​ទទួលរូបកាយ​បានទេ ដូច្នេះ​វា​ព្យាយាម​ដើម្បី​បង្វែរ​យើង​ចេញ​ពី​គោលបំណង​ទាំងឡាយ ដែល​ត្រូវបាន​បង្កើតឡើង — ដើម្បី​ធ្វើការ រៀបការ និង​បង្កើត​កូនចៅ ។

ចូរ​យើង​កុំ​រស់នៅ​ដោយ​គ្មាន​បំណងប្រាថ្នា ហើយ​ដោយ​គ្មាន​គោលបំណងឡើយ នៅ​ទីបំផុត​យើង​នឹង​ឃើញ​ថា យើង​បាន​ចំណាយពេល​របស់​យើង​នៅលើ​ផែនដី ផ្ដាច់​ចេញពី​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង​អំពី​ជីវិត​រមែង​ស្លាប់ ដែល​សំខាន់​ដើម្បី​សម្រេច​គោល​បំណង​របស់​យើង​នៅទីនេះ​នោះឡើយ ។ ចូរ​យើង​ចៀសវាង​ពី​គំនិត​ខុសឆ្គង​នៃ​ការ​បង្រៀន​របស់​មនុស្ស ហើយតោង​ជាប់​ភាពពិត​ដែល​បើក​សម្ដែង ដែល​បាន​ប្រទាន​ឲ្យ​ពី​ព្រះ ដើម្បី​ឲ្យ​ដំណើរ​ជីវិត​ក្នុង​ជីវិតរមែង​ស្លាប់​របស់​យើង មាន​ភាពបរិបូរណ៍ ពេញលេញ និង ពិត ។

កំណត់​ចំណាំ

  1. សូមមើល អ័ប្រាហាំ ៣:២៦, ២៨ ។

  2. សូមមើល « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » លីអាហូណា, ខែ​វិច្ឆិកា ឆ្នាំ ២០១០, ទំព័រ ១២៩ ) ។

  3. អេក ដេវីឌ ប៊ើរតុន « The Blessing of Work, » Liahona, ខែ ធ្នូ ឆ្នាំ ២០០៩, ៣៧ ។

  4. នែល អិល អាន់ឌើរសិន « ការមានគារវភាព​ចំពោះព្រះ គឺជា​ការ​ចាប់​ផ្ដើម​នៃ​ប្រាជ្ញា » លីអាហូណា, ខែ មករា ឆ្នាំ ២០១៣, ២៦; សូមមើល​ផងដែរ រ៉ូបឺត ឌី ហែល « Becoming Provident Providers Temporally and Spiritually » លីអាហូណា, ខែ ឧសភា ឆ្នាំ២០០៩, ៧–១០ ។

  5. អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ការញៀន​គឺជា​ការ​ស្រេកឃ្លាន​របស់​មនុស្ស​ខាងសាច់ឈាម ហើយវា​ពុំ​អាច​ស្កប់ស្កល់​បានទេ » ( « ការ​ប្រែក្លាយ​ទៅជា​អ្នក​ផ្គង់ផ្គង់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ » ទំព័រ ១០ ) ។

  6. « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ។

  7. សូមមើល យ៉ូសែប ហ្វីលឌិង ស៊្មីធ Doctrines of Salvation, comp. Bruce R. McConkie, វ៉ុលទី ៣ ( ឆ្នាំ ១៩៥៤–៥៦ ), ១:១១៥, ២:៧១ ។

  8. « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ។

  9. « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ។