២០១៦
យើង​ជឿ​លើ​ការ​មាន​ភាពវិជ្ជមាន
January 2016


អ្វី​ដែល​យើង​ជឿ

យើង​ជឿ​លើ​ការ​មាន​ភាពវិជ្ជមាន

រូបភាព
Product Shot from January 2016 Liahona

ជាញឹកញាប់​យើង​បានរកឃើញ​ដំបូន្មាន​នៅក្នុង​បទគម្ពីរ​ឲ្យ « រីករាយ » និង « ឲ្យ​សង្ឃឹម​ឡើង » ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​យើង​នៅ​ក្នុង នីហ្វៃទី ២ ២:២៥ ថា « មាន​មនុស្ស​លោក​ដើម្បី​ឲ្យ​ពួកគេ​មាន​សេចក្តី​អំណរ » ។ គោលបំណង​នៃ​ជីវិត​នេះ គឺ​ត្រូវ​នាំ​យើង​ឲ្យ​ទៅរក​សេចក្ដីអំណរ ដែល​ព្រះអម្ចាស់​បាន​សន្យា​នៅទីបំផុត​នោះ ។

ការ​មាន​សង្ឃឹម ពុំ​មែន​មានន័យ​ថា ធ្វើ​ជា​មនុស្ស​ល្ងង់​ខ្លៅ ឬ​ងងឹតងងល់​ចំពោះ​ឧបសគ្គ​នៃជីវិត​នោះទេ ។ អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​ដោយ​សេចក្ដី​សោមនស្ស​ថា​ជា « ការទុកចិត្ត​ដ៏​ជ្រាលជ្រៅ​ទៅលើ​គោលបំណង​ដែល​បើក​បង្ហាញ​ដោយ​ព្រះ — ពុំ​គ្រាន់​តែ​សម្រាប់​មនុស្ស​លោក​ទាំង​អស់ទេ ប៉ុន្តែ​សម្រាប់​យើង​ដែលជា​បុគ្គលម្នាក់ៗ​ផងដែរ » ។​ ឧបសគ្គ​នឹង​កើតមាន​យ៉ាង​ជាក់ច្បាស់ ដ្បិត​វា​ជា​ចំណែក​មួយ​តាមធម្មជាតិ​នៃ​ជីវិត​រមែង​ស្លាប់​ ប៉ុន្តែ​យើង​ពុំ​ត្រូវ​ធ្ងន់ជ្រប់​ដោយ​ការបាក់ទឹកចិត្ត និង​ភាពសោកសៅ​ឡើយ ។ យើង​អាច​ដាក់ទីទុក​ចិត្ត​របស់​យើង​ទៅលើ​ព្រះអម្ចាស់ ហើយ​មាន​អាកប្បកិរិយា​វិជ្ជមាន ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យា​នឹង​យើង​ថា យើង​នឹង​ជួប​​សេចក្តី​វេទនា ប៉ុន្តែ​ទ្រង់​ក៏​បាន​ប្រាប់យើង​ « ឲ្យត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ( យ៉ូហាន ១៦:៣៣ ) ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៩៨៨–១៩៩៤ ) បានបង្រៀន​ថា ដោយសារ​តែ​យើង​មាន​ដំណឹង​ល្អ​នោះ « ក្នុងនាមជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​គប្បី​មាន​សុទិដ្ឋិនិយម​ឲ្យ​បាន​ច្រើន​បំផុត ហើយ​មាន​ទុទិដ្ឋិនិយម​ឲ្យ​បាន​តិចបំផុត » ។

យើង​ទាំងអស់គ្នា​មាន​អារម្មណ៍​សោកសៅ និង​បាក់ទឹកចិត្ត​ពីមួយគ្រា​ទៅមួយគ្រា ប៉ុន្តែ​យើង​នៅ​តែ​អាច​សង្ឃឹម​ជានិច្ច ។ អែលឌើរ រីឆាដ ជី ស្កត ( ១៩៨២-២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​ធ្វើ​ជាសាក្សី​ថា តាមរយៈការ​មាន​សេចក្ដីជំនឿ​ទៅលើ​ព្រះអង្គសង្គ្រោះ និង ការ​គោរពប្រតិបត្តិ​តាម​ការ​បង្រៀន​របស់ទ្រង់ នោះ​អ្នក​នឹង​មាន​សុភមង្គល​ជានិច្ច រីឯសេចក្ដី​សោកសៅ​នោះ​ក៏​នឹង​រសាយបាត់​ទៅវិញ »​ យើងអាច​រស់នៅ​ដោយ​ក្ដីអំណរ​ដោយដឹង​ថា « សេចក្ដីទុក្ខលំបាក​របស់​យើង​នោះ ​គ្រាន់តែ​មួយភ្លែត​ប៉ុណ្ណោះ​ទេ » ( គ. និង ស. ១២១:៧ ) ។

នៅពេល​យើងដាក់​នូវការទុកចិត្ត​របស់​យើង​ទៅលើ​ផែនការ​របស់ព្រះ​មាន​ចំពោះ​យើង ហើយ​ជ្រើស​រើស​រស់នៅ​ដោយមាន​អាកប្បកិរិយា​វិជ្ជមាន នោះ​សមត្ថភាព​របស់​យើង​ក្នុង​ការ​ទប់ទល់​នឹង​ឧបសគ្គ​នៃជីវិត​នឹង​ត្រូវ​បាន​ពង្រឹង​ឡើង ។ ការបារម្ភ និងភាពភ័យខ្លាច​របស់​យើង នឹង​ពុំ​សូវ​មានឥទ្ធិពល​មកលើ​យើង​ឡើយ ហើយ​យើង​នឹង​មាន​បទពិសោធន៍​នៃ​ក្ដីអំណរ​ដែលទ្រង់​សព្វព្រះទ័យ​ប្រទាន​ដល់​យើង​ជា​មិន​ខាន ។

កំណត់​ចំណាំ

  1. នែល អេ ម៉ាក់ស្វែល « But a Few Days » ( សុន្ទរកថា​ទៅ​កាន់​គ្រូ​បង្រៀន​សាសនា ស៊ី អ៊ី អេស ​ថ្ងៃ​ទី ១០ ខែ កញ្ញា ឆ្នាំ ១៩៨២ ) ទំព័រ ៤ ។

  2. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Do not Despair » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៧៤ ទំព័រ ៦៥ ។

  3. រីឆាដ ជី ស្កត « Finding Joy in Life » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ២៦ ។

  4. ហ្គរដុន ប៊ី ហ៊ិងគ្លី « The Continuing Pursuit of Truth » Ensign, ខែ មេសា ឆ្នាំ ១៩៨៦ ទំព័រ ៤ ។