២០១៦
ពុំមែនជា​អព្ភូតហេតុ​ដែល​យើង​ចង់បាន​ទេ
January 2016


កាគិត​ពិចារណា

ពុំមែនជា​អព្ភូតហេតុ​ដែល​យើង​ចង់បាន​ទេ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

ពេលខ្លះ​យើង​អធិស្ឋាន​ហើយ​អធិស្ឋាន​ទៀត រហូត​ដល់​ជង្គង់​របស់​យើង​ឈឺ ដើម្បីសុំ​ឲ្យមាន​អព្ភូតហេតុដែល​យើង​ចង់បាន ប៉ុន្តែ​ក្រោយមក​ព្រះ​បាន​ប្រទាន​ដល់​យើងនូវអព្ភូតហេតុ​ដែល​យើង​ត្រូវការ ។

រូបភាព
Close-up of the hands of a couple kneeling by a bed praying together.

ក្នុង​ប៉ុន្មានខែ​ទៀត ខ្ញុំ​នឹង​បញ្ចប់ការ​សិក្សា​នៅមហាវិទ្យាល័យ ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មានកូន​ដំបូង ។ ស្វាមី​ខ្ញុំ មានចិត្ត​អន្ទៈសារ​ឲ្យ​ខ្ញុំ​ចាប់​ផ្ដើម​មាន​កូនៗ ។

មួយឆ្នាំ បួនខែ មាន​ការ​ធ្វើតេស្ដ​អំពីការ​មាន​ផ្ទៃពោះ លទ្ធផល​អវិជ្ជមាន​ជាង​ដប់ពីរ​ដង ការធ្វើតេស្ដ​អំពី​ការបង្កកំណើត​លទ្ធផល​អវិជ្ជមាន​ប្រាំ​ដង ហើយ​បាន​លេបថ្នាំ​ចំនួនពីរ​ខែ​យ៉ាង​ធុញទ្រាន់ ហើយ​រងទឹកភ្នែក​រាប់​ពាន់​ដំណក់ យើង​គ្មាន​កូនទេ ហើយ​មានក្ដីសង្ឃឹម​តិចតួច​ណាស់​ចំពោះ​ការ​មានកូន​តាម​ធម្មជាតិ​នោះ ។ នៅពេល​ការិយាល័យ​វេជ្ជបណ្ឌិត​បាន​ទូរសព្ទ​មក ហើយ​សុំ​​ណែនាំ​យើង​ឲ្យទៅ​ពេទ្យជំនាញ​ខាង​ជំងឺអារ យើង​បាន​បដិសេធ ។ យើង​មាន​ភាពអស់សង្ឃឹម​ច្រើនល្មម​គ្រប់គ្រាន់​ហើយ យើង​ត្រូវការ​ការ​សម្រាក ។ ពីមុន​ខ្ញុំ​បិទទូរសព្ទ គិលានុប្បដ្ឋាយិកា​បាន​និយាយថា « សូម​ទូរសព្ទ​មក​កាន់​យើង បើ​អ្នក​មាន​អព្ភូតហេតុ​មួយ » ។

មែន​ហើយ អព្ភូតហេតុ គឺ​ជា​ភាពអស្ចារ្យ ។ វា​កើត​មានឡើង​ទាំងធំ និង​តូច ។ អព្ភូតហេតុ​កើតមាន​ឡើង នៅពេល​យើង​ពុំសូវ​រំពឹង​អំពីវា ហើយ​នៅពេល​យើង​ត្រូវការ​វា​ជាចាំបាច់ ។ ហើយ​ពេលខ្លះ​យើង​អធិស្ឋាន​ហើយ​អធិស្ឋាន​ទៀត រហូត​ដល់​ជង្គង់​របស់​យើង​ឈឺ ដើម្បីសុំ​ឲ្យមានអព្ភូតហេតុ​ដែល​យើង​ចង់បាន ប៉ុន្តែ​ក្រោយមក​ព្រះបាន​ប្រទាន​ដល់​យើង​នូវអព្ភូតហេតុ​ដែល​យើង​ត្រូវការ ។

អស់​រយៈពេលជាយូរ យើង​បាន​អធិស្ឋាន​យ៉ាងខ្លាំង​សុំ​ឲ្យ​មានកូន ប៉ុន្តែ​ស្ថានសួគ៌​ហាក់ដូចជា​ពុំ​ឆ្លើយ​តប​សោះ ។ នៅទីបញ្ចប់ វា​បាន​កើត​ឡើង​ចំពោះ​យើងថា យើង​កំពុងអធិស្ឋាន​សុំ​ខុសរឿង ។ ព្រះ​ជ្រាប​ថា​ពរជ័យអ្វីខ្លះ​ដែល​យើងត្រូវការ ហើយ​នៅពេលណា​យើង​ត្រូវការ​វា ។ ទ្រង់​ទតឃើញ​រូបភាព​ទាំងមូល ។ យើង​មើលឃើញ​តែពេល​ឥឡូវនេះ​ទេ ។ ដូច្នេះ​យើង​បាន​ផ្លាស់ប្ដូរ​គំនិត ។ យើង​ឈប់​អធិស្ឋាន​សុំ​អ្វី​ដែលយើង​ចង់បាន ប៉ុន្តែ​បាន​ចាប់​ផ្ដើម​ថ្លែង​ពាក្យ « អរគុណ » ។

ព្រះវរបិតា​សួគ៌​អើយ សូមអរគុណ​ទ្រង់​ដែល​ប្រទានពរ​ឲ្យ​យើង​បាន​រួមជីវិតនឹង​គ្នា ។

អរព្រះគុណ​ទ្រង់​ចំពោះ​គ្រួសារ និង​មិត្តភក្ដិ​ដែល​គេ​យកចិត្តទុកដាក់​នឹង​យើង ។

អរព្រះគុណ​ទ្រង់​ចំពោះ​កុមារតូចៗ​ដែល​នៅ​ជុំវិញ​យើង ដែល​យើងអាច​រីករាយ​រហូត​ដល់ពេល​យើង​នឹងមាន​កូន​តូចៗ​ខ្លួន​យើង ។

អរព្រះគុណទ្រង់​ចំពោះ​វេជ្ជបណ្ឌិត និង​វិទ្យាសាស្ត្រ ដែលជួយ​រកឃើញ​នូវ​អ្វី​ដែល​រូបកាយ​យើង​ដំណើរការ និង​មិន​ដំណើរ​ការ ។

ហើយ ( ឥឡូវ​រឿង​ដែល​លំបាក​បំផុត​ដែល​យើង​ត្រូវ​ថ្លែង​គឺ ) អរគុណ​ទ្រង់​ចំពោះ​ការសាកល្បង​នេះ ។

ការ​មានអំណរគុណ​ចំពោះ​អ្វីដែល​ធ្វើ​ឲ្យ​យើង​បាក់ទឹកចិត្ត គឺជា​រឿង​លំបាក ប៉ុន្តែ​យើង​ដឹង​ថា ព្រះវរបិតា​សួគ៌ ស្រឡាញ់​យើង ។ ដូច្នេះ​នៅក្នុង​ការ​សាកល្បងនេះ មាននូវ​ពរជ័យ​នៅកន្លែង​ណាមួយ​ហើយ ។ យើង​នឹង​ពុំ​រកឃើញ​ពរជ័យទេ បើ​យើង​ពុំ​ទុកឲ្យ​ការសាកល្បង​មាន​មកលើ​យើងនោះ ។ ផ្ទុយទៅវិញ យើង​បានជ្រើសរើស​ដើម្បី​មាន​អំណរគុណ — ហើយ​នៅពេល​យើង​បានធ្វើដូច្នោះ នោះពរជ័យ​បាន​បង្ហាញ​ច្បាស់ ៖

យើង​ពឹងផ្អែក​ទៅលើ​គ្នាទៅវិញទៅមក​ច្រើន​ជាងមុន បាន​ចែកចាយ​អារម្មណ៍​ច្រើនជាងមុន ហើយ​ស្រឡាញ់​គ្នា​ច្រើនជាង​មុន ។

យើង​ពឹង​ផ្អែកទៅលើ​ព្រះច្រើន​ជាងមុន ហើយអធិស្ឋាន​ច្រើនជាងមុន ។

យើង​បាន​ខិតមក​កាន់តែជិត​ព្រះអង្គសង្គ្រោះ​ច្រើនជាងមុន ហើយ​ដឹង​ពី​វត្តមាន​ទ្រង់​ច្រើនជាងមុន ហើយ​ស្រឡាញ់​ទ្រង់​ច្រើនជាង​មុន ។

យើង​ដឹង​ពី​ក្ដីស្រឡាញ់​របស់គ្រួសារ និង​មិត្តភក្ដិ​ដែល​កំពុងអធិស្ឋាន​សម្រាប់​យើង ។

ហើយ​នៅពេល​យើង​ទទួលស្គាល់​នូវ​ពរជ័យ​ទាំងអស់​នេះ នោះ​យើង​យកឈ្នះ​ដោយ​ដួងចិត្ត​បរិសុទ្ធ​បំផុត ភាពសុខសាន្ដ​ដ៏ផ្អែមល្ហែម​បំផុត​ តាម​ដែលអាច​នឹក​ស្រមៃដល់ ។

កាលដែល​យើងពុំ​មានគ្រួសារ​មួយនៅ​គ្រានោះ ពុំមែន​មានន័យថា​ព្រះ​ពុំ​យក​ព្រះទ័យ​ទុកដាក់​នឹង​យើង​នោះទេ ។ យើង​ចាំបាច់​គ្រាន់តែ​ទុកចិត្ត​ទៅលើ​ពេលវេលា​របស់ទ្រង់ ហើយ​យើង​ត្រូវការ​នូវភាពសុខសាន្ដ​របស់ទ្រង់ ដើម្បី​រក្សា​ឲ្យ​មានទំនុកចិត្ត​នោះ​ឲ្យ​រស់រវើក ។ យើង​ត្រូវការ​ភាពសុខសាន្ដ​របស់ទ្រង់ ដើម្បី​ចងរុំ​ដួងចិត្ត​ប្រេះស្រាំ​របស់​យើង ហើយ​ប្រទាន​ដល់​យើងនូវ​សេចក្ដីជំនឿ​ដើម្បី​បន្ដ​ឆ្ពោះទៅមុខ​ទៀត ។

ភាពសុខសាន្ដ​គឺជា​អព្ភូតហេតុ​ដែល​យើង​ត្រូវការ — ​ពុំ​មែនជា​អព្ភូតហេតុ​ដែល​យើង​ទទូច​សូម​នោះទេ ប៉ុន្តែ​ជា​អ្វីដែល​យើង​ត្រូវការ​បំផុត ។