២០១៦
មរ៉ូណៃ ម្ដាយ​ខ្ញុំ និង មេរៀន​មួយ​សម្រាប់​ជីវិត​ខ្ញុំ
January 2016


មរ៉ូណៃ ម្ដាយខ្ញុំ និង មេរៀន​មួយ​សម្រាប់​ជីវិត​របស់​ខ្ញុំ

អ្នកនិពន្ធ​រស់​នៅ​ក្នុង ប្រទេស​សិង្ហបុរី ។

មេរៀន​នេះ​ចេញមក​ពី​ព្រះគម្ពីរ​មរមន បានជួយ​ខ្ញុំ​ឲ្យដឹង​ថា ខ្ញុំ​ពុំ​នៅតែម្នាក់ឯង​ខាងវិញ្ញាណ​នោះ​ទេ ។

រូបភាព
Moroni (Book of Mormon prophet) kneeling beside a tree as he places the gold plates into a box. The box is lying in a hole dug into the ground. There are trees in the background.

ព័ត៌មាន​លម្អិត​ចេញ​មក​ពី Moroni Burying the Plates, ដោយ ហ្គែរី អ៊ឺណែស ស្ម៊ីធ

មានរឿង​ជាច្រើន​បានផ្លាស់​ប្ដូរ​សម្រាប់​ខ្ញុំ ក្នុងឆ្នាំ​ដែលខ្ញុំ​ឈានចូល​ដល់​វ័យ ១៧ ឆ្នាំ ។ ខ្ញុំ​បាន​ចូលទៅ​​សាលា​ថ្មីមួយ ហើយ​បាន​បន្ដ​ទៅ​ឆ្នាំ​ទីបី​នៃ​ថ្នាក់​សិក្ខាសាលា​របស់ខ្ញុំ ។ មិនគ្រាន់តែ​ប៉ុណ្ណោះ ប៉ុន្ដែ​ខ្ញុំ​ក៏​មានគ្រូ​ថ្នាក់សិក្ខាសាលា​ថ្មី ៖ ម្ដាយ​របស់ខ្ញុំ ។

តើ​ខ្ញុំ​បាន​ប្រាប់​ថា ខ្ញុំ​គឺជា​សិស្ស​តែម្នាក់គត់​នៅក្នុង​ថ្នាក់​របស់​គាត់​ដែរ​ឬទេ ? ដោយសារ​តែ​សាលា​រៀន​ដែល​ខ្ញុំ​ទៅ​រៀន​នោះ ត្រូវ​ជិះ​រថភ្លើង​រយៈពេល​មួយម៉ោង​ ពីកន្លែង​ដែលខ្ញុំ​រស់​នៅ នោះ​ម្ដាយ​របស់ខ្ញុំ​បាន​សម្រេចចិត្ត​ដើម្បីបង្រៀន​ថ្នាក់សិក្ខាសាលា​ពេលព្រលឹម​ដល់ខ្ញុំ​នៅផ្ទះ ដូច្នេះ​ខ្ញុំ​នឹង​អាច​ទៅរៀន​ទាន់​ម៉ោង ។ ខ្ញុំ​មានសំណាង​ល្អ​ដើម្បី​មាន​គាត់បង្រៀន​ខ្ញុំ​រាល់ថ្ងៃ ប៉ុន្តែ​វា​ក៏​រសាប់រសល់​ខ្លះៗ​ដែរ ។ ខ្ញុំ​បាន​យកចិត្តទុកដាក់​ទាំងស្រុង​ទៅលើគាត់ ហើយ​ជា​ពិសេស​វា​លំបាក​នៅ​ម៉ោង ៥:៣០ ព្រឹក ។

នៅពេល​យើង​សិក្សា​ព្រះគម្ពីរមរមន យើង​បាន​រៀន​ដល់​មរ៉ូណៃ ជា​ព្យាការី​ម្នាក់​ដែល​ខ្ញុំ​ពិតជា​គោរព​សរសើរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​តែងតែ​ងឿង​ឆ្ងល់ ៖ ហេតុអ្វី​ក៏​មរ៉ូណៃ​នៅតែម្នាក់​ឯង ? ហេតុអ្វី​ក៏​ព្រះវរបិតាសួគ៌​មិន​បញ្ជូន​នរណា​ម្នាក់​ឲ្យ​នៅ​ជាមួយ​នឹង​លោក ? ហេតុអ្វី​ក៏​លោក​ពុំ​រអ៊ូរទាំ​នៅពេល​ព្រះអម្ចាស់​ទុក​ឲ្យ​លោក​នៅ​តែ​ឯង​ដើម្បី​បញ្ចប់​ព្រះគម្ពីរមរមន ?

ម្ដាយ​របស់ខ្ញុំ​បានពន្យល់ថា ដោយសារ​តែ​សេចក្ដីសុចរិត និង​សេចក្ដីជំនឿ​របស់លោក​ទៅលើ​ព្រះវរបិតាសួគ៌ ទើប​មរ៉ូណៃ​បានដឹង​ថា លោកពុំ​នៅ​តែ​ម្នាក់ឯង​នោះ​ទេ ។ លោក​មាន​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ជួយ​លោក​ឲ្យ​បញ្ចប់​ព្រះគម្ពីរមរមន ។ ពេលនោះ​ខ្ញុំដឹង​ថា មរ៉ូណៃ ពុំ​ត្រូវការ​នរណា​ម្នាក់​ខាង​រូបកាយ​នៅទីនោះ​ជាមួយ​លោក​ទេ ដោយសារ​លោក​បាន​ដឹង​ថា មាន​តួអង្គ​ខាងវិញ្ញាណ​គង់នៅទីនោះ មើល​ថែ​ដល់​លោក ។ លោក​បានដឹង​ថា ព្រះវរបិតា​សួគ៌​នឹង​ពុំ​ទុក​លោក​ចោល​ឡើយ ។

រឿង​នោះ​មាន​ឥទ្ធិពល​ដ៏ធំ​ចំពោះ​ខ្ញុំ ។ ឥឡូវ​ខ្ញុំដឹង​ថា នៅពេល​ណា​ដែល​ខ្ញុំគិត​ថា ខ្ញុំ​នៅ​តែម្នាក់ឯង នោះ​ខ្ញុំ​មិន​នៅ​តែម្នាក់​ឯង​ខាង​វិញ្ញាណ​ទេ ពីព្រោះ​ខ្ញុំ​មាន​ដៃគូ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជួយ​ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​ជិត​នឹង​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ដរាបណា​ខ្ញុំ​មាន​សេចក្ដីជំនឿ ហើយ​ទុកចិត្ត​ទៅ​លើ​ព្រះអម្ចាស់ នោះ​ខ្ញុំ​នឹង​ពុំ​ដើរ​តែ​ឯកឯង ទេ ។

មេរៀន​ដ៏​សំខាន់​មួយ​នេះ បាន​មាន​អានុភាព​លើ​សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ។ ទោះជា​ខ្ញុំ​ព្រួយបារម្ភ​អំពី​ការមាន​ថ្នាក់​សិក្ខាសាលា​នៅ​ផ្ទះ​ក្ដី ក៏​ខ្ញុំ​ឥឡូវ​មាន​អំណរគុណ ដោយសារ​វាបាន​ផ្ដល់​នូវ​បទពិសោធន៍​រៀនសូត្រ​ជាពិសេស​ដល់​ខ្ញុំ​ជាមួយ​នឹង​ម្ដាយ​ខ្ញុំ ។