២០១៦
ការស្វែងរក​ផ្លូវ​របស់​ខ្ញុំឆ្លងកាត់​អ័ព្ទ​នៃភាពងងឹត
January 2016


ការស្វែងរក​ផ្លូវ​របស់​ខ្ញុំឆ្លងកាត់​អ័ព្ទ​នៃភាពងងឹត

យូវ៉ានតា វេស្សានី រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា

រូបភាព
illustration of a book of scriptures on a table by a window

រូបភាព​លម្អ​ដោយ ស្ដែន ហ្វេឡូ

ខ្ញុំ​បាន​គិត​ត្រឡប់ទៅ​រដូវកាល​ជាពិសេស​ដ៏​ខ្មៅងងឹត​មួយ​នៃ​ជីវិត​របស់​ខ្ញុំ​កាលពី​ប៉ុន្មានឆ្នាំ​មុន ។ ខ្ញុំ​បាន​ជួបនឹង​ឧបសគ្គ​លំបាកៗ​ជាច្រើន ហើយ​ខ្ញុំ​មានអារម្មណ៍ស្រយុតចិត្ត និង​ទទួល​នូវ​អារម្មណ៍​ដ៏​លើសលុប​ដោយ​បន្ទុក​ដ៏ធ្ងន់ ។

នៅព្រះវិហារ​ថ្ងៃអាទិត្យ​មួយ ខ្ញុំបាន​ក្រឡេក​មើល​ជុំវិញ​ទៅក្រុមគ្រួសារ​ដ៏​រីករាយ​ទាំងអស់​ដែល​ច្រៀង​ទំនុកតម្កើង ហើយ​ទទួលទាន​សេចក្ដីស្រឡាញ់​នៃ​ព្រះ ។ ខ្ញុំ​ចង់​មានអារម្មណ៍​ដូចគ្នានោះ​ដែរ ប៉ុន្តែ​មានអ្វីមួយ​ដែលធ្វើឲ្យ​ខ្ញុំមានអារម្មណ៍​ថា​ខុស​ប្លែក​ខាងរាងកាយ​របស់ខ្ញុំ ។

ខ្ញុំ​ធ្លាប់មាន​អារម្មណ៍ពី​ព្រះវិញ្ញាណ​កាលពីមុន ប៉ុន្តែ​ខ្ញុំ​ខាន​មាន​អារម្មណ៍​បែប​នោះ​មួយរយៈ​ហើយ ។ ដូច​នៅក្នុង​ការនិមិត្ត​របស់​លីហៃអំពី​ដើមឈើ​ជីវិត ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ដូចជា​ត្រូវ​បាន​រុំព័ទ្ធ​ដោយ​ទាំងស្រុង​នៅកណ្ដាល​ភាព​ងងឹត — ខ្ញុំ​ពុំអាច​មើលឃើញ​ដើមឈើ​ឡើយ ( សូមមើលនីហ្វៃទី ១ ៨:២–២៤ ) ។

នៅពេល​ការអធិស្ឋាន​សាក្រាម៉ង់​បានចាប់​ផ្ដើម ខ្ញុំបាន​បិទភ្នែក ហើយបាន​ផ្ចង់​ទៅ​ព្រះវរបិតាសួគ៌ ទូលអង្វរ​សុំ​ការបញ្ជាក់​នៃ​សេចក្ដីស្រឡាញ់​របស់ទ្រង់ ។ ខ្ញុំ​បានទូល​សួរ​ទ្រង់​ថា​ហេតុអ្វី​ក៏​ខ្ញុំពុំអាច​ភ្លក់​ផ្លែឈើ​នៃដើមជីវិត​បាន​ដូច្នេះ ។

នៅពេល​ខ្ញុំបាន​សញ្ជឹងគិត​អំពី​សុបិន​របស់​លីហៃ ខ្ញុំបានទទួល​ការដឹង​ដោយ​អានុភាព​មួយ ។ ខ្ញុំ​បានគិតថា « ហេតុអ្វី​ក៏​ខ្ញុំពុំ​បាន​ចាំ​អំពី​រឿង​នេះ​កាលពីមុន​មក ? » ការធ្វើដំណើរ​នៅកណ្ដាល​ភាពងងឹត គឺ​ជាចំណែក​មួយដ៏​សាមញ្ញ​បំផុត​នៃ​ផែនការ​របស់ព្រះ ។ ទ្រង់​ទុក​ឲ្យ​យើង​មានបទពិសោធន៍​ការ​លំបាក​ពីមួយគ្រា​ទៅមួយគ្រា​ដើម្បី​យើង​អាច​ពឹង​អាស្រ័យ​ទៅលើ​ទ្រង់ និង​ព្រះរាជបុត្រា​របស់​ទ្រង់​ទាំងស្រុង ។ គន្លឹះ​ដើម្បី​តោង​ឲ្យជាប់​នឹង​ដំបងដែក ។ ខ្ញុំ​នៅតែ​មើល​ឃើញ​ខ្លួន​ឯង​ស្ថិត​នៅកណ្ដាល​ភាព​ងងឹត ប៉ុន្តែ​ខ្ញុំ​មាន​សេចក្ដីសង្ឃឹម ។

នៅពេល​អារម្មណ៍នេះ​ចាកចេញពី​គំនិត​ខ្ញុំ នោះ​ខ្ញុំ​បាន​ទទួលអារម្មណ៍​នូវ​ការអះអាង​ដ៏ផ្អែមល្ហែម មកពី​ព្រះវិញ្ញាណបរិសុទ្ធ​ថា ការលំបាក​របស់ខ្ញុំ​នឹង​កន្លង​ផុតទៅ ។ ព្រះវិញ្ញាណ​ថ្លែងទីបន្ទាល់​ថា ព្រះវរបិតា​សួគ៌ គង់នៅទីនោះ ។ ខ្ញុំបានជូត​ទឹកភ្នែក​ពីភ្នែក មាន​អំណរគុណ​ដែលខ្ញុំ​អាច​ទទួលបាន​ព្រះវិញ្ញាណ​ម្ដងទៀត ។

ខ្ញុំបាន​ចាប់​ផ្ដើម​ដាក់​ខ្លួន​ខ្ញុំ​ទៅក្នុង​បទគម្ពីរ ។ ខ្ញុំ​នៅ​តែ​មាន​ថ្ងៃ​ងងឹតងងល់​ជាច្រើន ប៉ុន្តែ​ខ្ញុំមាន​សេចក្ដីជំនឿ​ថា បើ​ខ្ញុំ​តោងជាប់នឹង​ដំបង​ដែក — ​ដែល​ជា​​ព្រះបន្ទូល​នៃព្រះ ( សូមមើល នីហ្វៃទី ១ ១១:២៥ ) — នោះ ខ្ញុំ​នឹង​បានរួច​ចេញពី​កណ្ដាល​នៃភាព​ងងឹត ។ ខ្ញុំ​ពុំដឹង​ច្បាស់​ថា​នឹងត្រូវ​ចំណាយពេល​យូរប៉ុណ្ណា​ទេ ប៉ុន្តែ​ថ្ងៃមួយ ខ្ញុំអាច​នឹង​ភ្លក់​សេចក្ដីស្រឡាញ់​នៃ​ព្រះម្ដងទៀត​នៅទីបំផុត ។ វា​គឺដូចជា​ពន្លឺព្រះអាទិត្យ​ដ៏​កក់ក្ដៅ​បន្ទាប់​ពី​រដូវ​រងារ​ដ៏​យូរអង្វែងមួយ ។

នៅពេល​ខ្ញុំ​ពុះពារ​នឹងការ​លំបាក​ទាំងឡាយ​នៃជីវិត ខ្ញុំ​បាន​ចងចាំ​ការសន្យា​របស់ខ្ញុំ​ថា​ត្រូវ​តោង​ឲ្យជាប់​ទៅនឹង​ដំបង​ដែក តាមរយៈ​ការ​សិក្សា​ព្រះគម្ពីរ និងប្រសាសន៍​របស់ពួក​ព្យាការី ។ ខ្ញុំដឹង​ថា នៅពេល​ស្ថិតនៅកណ្ដាល​អ័ព្ទនៃភាព​ងងឹត ខ្ញុំមាន​វិធី​សំខាន់ៗ​ដែល​អាច​មើលឃើញ​ផ្លូវ​របស់ខ្ញុំ​ដើម្បី​ដើរ​ឆ្លងកាត់​វា ហើយ​មាន​នូវការ​សន្យា​នៃការ​ទទួលយក​ដ៏កក់​ក្ដៅ​មួយ​នៅ​ឯកន្លែងម្ខាង​ទៀត ។