២០១៦
នីហ្វៃទី ២ ៣១:២០
January 2016


មួយ​បន្ទាត់​ម្តងៗ

នីហ្វៃទី ២ ៣១:២០

បាវចនា​ម៉្ញូឆល​ឆ្នាំ​នេះ ជួយ​យើង​មើល​ឃើញ​របៀប​ដែល​យើង​អាច​ឈានទៅមុខ​ខណៈពេល​ដែល​កំពុង​ឈរ​ដោយ​រឹងមាំ ។

រូបភាព
Product Shot from January 2016 Liahona

២០ ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើ​សិន​ជា​អ្នករាល់គ្នា​ខិតខំ​ជឿន​ទៅមុខ ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះវរបិតា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នករាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ការសាកល្បង​ដែល​ព្រះ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បាន​ដាក់​នៅ​ពី​មុខ​យើង គឺ​ពុំ​មែន​ដើម្បី​មើល​ថា​យើង​អាច​ស៊ូទ្រាំនឹង​ការលំបាក​នោះទេ ។ វា​គឺដើម្បី​មើលថា តើ​យើង​អាច​ស៊ូទ្រាំ​បាន​ល្អ​ដែរ​ឬ​អត់ ។ យើង​នឹង​ប្រឡង​ជាប់​ការសាកល្បង​តាមរយៈ​ការ​បង្ហាញ​ថា យើង​បាន​ចងចាំ​ទ្រង់ និង​ចងចាំ​បទបញ្ញត្តិ​ដែលទ្រង់​បាន​ប្រទាន​ដល់​យើង » ។

ប្រធាន ហិនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ « In the Strength of the Lord » Liahona, ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១៧ ។

អ្នករាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ព្រះវរបិតា​បាន​សន្យា​នឹង​យើង​នូវ​ជីវិត​អស់កល្បជានិច្ច — ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ — បើ​យើង​ធ្វើ​នូវ​រឿង​ជាក់លាក់ ។ នេះគឺជា​បទគម្ពីរ​ខ្លះៗ​ដែល​ប្រាប់​នូវ​រឿង​មួយ​ចំនួន​ទាំងនោះ ៖

ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

« ដើម្បី​ទទួលទាន​មានន័យ​ច្រើនជាង​ការភ្លក់ ។ ទទួលទាន មាន​ន័យ​ថា ក្រេប​យក​ឱជារស ។ យើង​ក្រេបឱជារស​នៃ​ព្រះគម្ពីរ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ នោះ​ក្នុង​ស្មារតី​នៃ​ការរកមើល​ដោយ​អំណរអរ និង ការគោរព​ប្រតិបត្តិ​ដ៏​ស្មោះត្រង់ ។ នៅពេល​យើង​ទទួលទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ នោះ​ព្រះបន្ទូល … ប្រែក្លាយ​ទៅ​ជា​ចំណែក​ដ៏​សំខាន់​នៃ​និស្ស័យ​របស់​យើង » ។

ប្រធាន រ័សុល អិម ណិលសុន ប្រធាន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ «Living by Scriptural Guidance» Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១៧ ។

ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង មនុស្ស​គ្រប់រូប

« ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង មនុស្ស​គ្រប់រូប » គ្របដណ្ដប់​នូវ​បទបញ្ញត្តិ​ធំពីរ ( សូមមើល ម៉ាថាយ ២២:៣៧–៤០ ) ។ ជា​ពាក្យ​ម្យ៉ាងទៀត​សម្រាប់​សេច​ក្ដីស្រឡាញ់​ប្រភេទ​នេះ អាច​ជា សេចក្ដី​សប្បុរស ឬ​សេចក្ដី​ស្រឡាញ់​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:៤៧ ) ។

ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ

« ខណៈដែល​សេចក្ដីសង្ឃឹម​ទន់ខ្សោយ​បន្សល់ទុក​ឲ្យ​យើង​ស្ថិត​នៅក្រោម​អារម្មណ៍ ​និង​ព្រឹត្តការណ៍ នោះ ‹ ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ › នាំ​ឲ្យ​បុគ្គល​ម្នាក់ៗ​បាន​ពេញ​ដោយ​ពន្លឺ ។ នោះ​សេចក្ដីសង្ឃឹម​របស់​ពួកគេ​នឹង​ត្រូវ​បាន​បង្ហាញ​ឡើង ហើយ​អ្វីៗ​ជាច្រើន​ក៏​ត្រូវ​បាន​មើល​ឃើញ​ដែរ ! … ពេល​ខ្លះ​នៅ​ក្នុង​ភាព​ងងឹត​ដ៏​ខ្លាំង​បំផុត នោះ​គ្មាន​ពន្លឺ​ពី​ខាង​ក្រៅ​ទេ — មាន​តែ​ពន្លឺ​ពីខាង​ក្នុង​មួយ ដើម្បី​ដឹកនាំ និង​ធានាអះអាង​ប៉ុណ្ណោះ » ។

អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ « Brightness of Hope » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ។

ឈានទៅ​មុខ

តើ​អ្នក​ចាំបាច់​ត្រូវ​ធ្វើអ្វីខ្លះ ខណៈ​ដែល​អ្នក​ឈាន​ទៅមុខ​នៅលើ​ផ្លូវ​ទៅ​កាន់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ? សូមអាន​នូវ​អ្វី​ដែល​មនុស្ស​នៅ​ក្នុង​ការនិមិត្ត​របស់លីហៃ អំពីដើម​ឈើជីវិត​បាន​ធ្វើ ( សូមមើលនីហ្វៃទី ១ ៨:៣០ ) ។ តើ​អ្នកអាច​គិតអំពី​គំរូ​ផ្សេងទៀត​មកពី​បទគម្ពីរ​ឬទេ ?

ភាពខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ

ភាពខ្ជាប់ខ្ជួន​មានន័យថា ឈរ​រឹងមាំ ពុំ​ផ្លាស់ប្ដូរ ។ ភាពខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ មាន​ន័យ​ថា​មាន​សេចក្ដីជំនឿ​ទៅលើ​ទ្រង់​ពុំងាករេ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ រួមមាន​ទាំង​ការ​ទទួល​ និងការធ្វើពិធីបរិសុទ្ធ ​ព្រមទាំងការ​រក្សា​សេចក្ដីសញ្ញា​នានា ។