២០១៦
សូម​ទុក​ឲ្យ​ព្រះ​ធ្វើជា​ស្ថាបត្យករ​របស់​អ្នក
January 2016


សូម​ទុក​ឲ្យ​ព្រះ​ធ្វើជា​ស្ថាបត្យករ​របស់​អ្នក

ជីវិត​របស់​អ្នក​អាច​ប្រែក្លាយ​កាន់តែ​ល្អប្រសើរ​ជាងអ្វី​ដែល​អ្នក​អាច​នឹក​ស្រមៃ​ដល់​ទៅ​ទៀត ។

រូបភាព
Architectural drawing of a building and lumber, nails and a hammer.

រចនា​រូបភាព​ដោយ ប្រាយអិន ប៊ីច

អ្នក​អាច​ឆ្លងកាត់​ការសាកល្បង​ជាច្រើន​នៅក្នុង​ជីវិត​ដោយ​ស្វែងរក​ដំណោះស្រាយ​​នានា នៅ​ពេល​អ្នក​ជួប​នៅ​តាម​ផ្លូវ​ជីវិត​នោះ ។ ទោះ​ជា​មានន័យថា ជា​ការមិន​យកចិត្តទុកដាក់​ដោយ​ល្អិតល្អន់​ចំពោះ​ការ​ណែនាំ​ដែល​សរសេរ​អំពី​របៀប​ផ្គុំ​គ្រឿង​សង្ហារឹម ដែល​មាន​រាប់​លាន​បំណែក ឬ​ការ​បង្រៀន​ខ្លួន​អ្នក​ឲ្យ​ចេះ​លេង​ឧបករណ៍​តន្ត្រី​ដោយ​ការ​គោះ​ចុច​ខ្ទង់​ណា​ក៏​បាន​ឲ្យ​តែ​ឮ​សំឡេង​ពិរោះក្ដី ក៏​សមត្ថភាព​របស់ អ្នក​ដើម្បី​រៀន​នៅ​ក្នុង​ការ​សាកល្បង និង​កំហុសឆ្គង គឺ​ពិត​ជា​គ្មាន​ដែន​កំណត់​ទេ ។

មាន​តែ​រឿង​មួយ​គត់​គឺ​ថា ជា​ធម្មតា វា​ពុំ​ងាយ​ស្រួល​តាមរបៀប​នោះ​ទេ ។

សូម​ស្រមៃ​អំពី​អ្វី​មួយ​ដែល​ពិតជា​ស្មុគ​ស្មាញ ។ ចុះ​បើ​អ្នក​មានភារកិច្ច​ដឹកនាំ​ក្នុងការ​សង់​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​អ្នក ហើយ​មាន​សម្ភារ​ទាំងអស់​ដាក់​នៅ​ខាងមុខ​អ្នក ។ តើអ្នក​អាច​មើល​ស្រមៃឃើញ​គំនរ​សម្ភារ​ដ៏ធំ​ឬទេ ? មានក្ដារ ដែកគោល ទុយោទឹក ខ្សែភ្លើង ឧបករណ៍​នានា និង​អ្វីៗ​ផ្សេងទៀត​ដែល​អ្នកត្រូវការ​ដើម្បី​សង់​ផ្ទះ​ដ៏​ប្រណីត​មួយ​សម្រាប់​អ្នកផ្ទាល់ និង​គ្រួសារ​របស់​អ្នក ។

តើ​អ្នក​នឹង​នៅតែចង់​សង់វា​ដោយ​មិនបាន​គ្រោងទុក​ជាមុន​ឬ ? ឬ​តើ​អ្នក​នឹង​ចង់​បាន​ជំនួយ​ពី​នរណា​ម្នាក់ ដែល​ពិត​ជា​ដឹង​អំពី​របៀប​ប្រើ​សម្ភារ​ទាំងអស់​នោះ​ដែរ​ឬ​ទេ ?

ផ្លូវ​ជីវិត​របស់​យើង គឺ​ដូចគ្នា ។ យើង​ទាំងអស់​គ្នា​ត្រូវការ​ជំនួយ​ដើម្បី​ស្ថាបនា​ជីវិត​រស់នៅ​របស់​យើង ។ ហើយ​គ្មាន​ជាង​សំណង់​ណា​ប្រសព្វ​ជាង​ព្រះ​នោះ​ទេ ។

ដូច​បាន​ពន្យល់​នៅក្នុង​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ « ព្រះអម្ចាស់​នឹង​សម្រេច​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ចេញ​ពី​ជីវិត​របស់​អ្នក ជា​ជាង​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ។ ទ្រង់​នឹង​ពង្រីក​ឱកាស​របស់​អ្នក បន្ថែម​ទៅលើ​ទស្សនវិស័យ​របស់​អ្នក និង ចម្រើន​កម្លាំង​ដល់​អ្នក ។ ទ្រង់​នឹង​ប្រទាន​ដល់​អ្នក​នូវ​ជំនួយ ដែល​អ្នក​ត្រូវការ​ស្រប​ទៅ​តាមការ​សាកល្បង និង ឧបសគ្គ​ទាំងឡាយ​របស់​អ្នក ។ អ្នក​នឹង​ទទួល​បាន​ទីបន្ទាល់​កាន់តែ​រឹងមាំ និង​រក​ឃើញ​នូវ​សេចក្តីអំណរ​ដ៏​ពិត នៅពេល​ដែល​អ្នក​ចាប់ផ្តើម​ស្គាល់​ព្រះវរបិតា ដែល​គង់​នៅ​ឯ​ស្ថានសួគ៌​របស់​អ្នក និង​ព្រះរាជ​បុត្រ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក » ( [ ឆ្នាំ ២០១១ ] ទំព័រ ៤៣ ) ។

នៅពេល​យើងគោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​ទ្រង់​មាន​ចំណែក​នៅក្នុង​ផែនការ​របស់​យើង នោះ​យើង​ក្លាយ​ទៅជា​មនុស្ស​ដែល​យើង​ចាំបាច់​ត្រូវតែ​ប្រែក្លាយ — ពុំ​មែនជា​មនុស្ស​ដែល​យើង​បានគិត​ចង់​ប្រែក្លាយ​នោះ​ទេ ។

នេះ​ជា​មនុស្ស​មួយចំនួន​ដែល​បាន​រក​ឃើញ​ផ្លូវ​ល្អ​ប្រសើរ​ជាង​ផ្លូវ​មួយ ដែលពួកគេ​បាន​រើស​ដោយខ្លួន​ឯង ដោយមាន​ជំនួយ​មកពីព្រះ ។

ការបំភ្លេច​ចោល​នូវ​កំហឹង

រូបភាព
Line drawing of a man praying and a bubble with the scriptures in it.

នៅក្នុង​វីដេអូ​មួយ​ក្នុង mormonchannel.org មាន​យុវជន​ម្នាក់ ឈ្មោះ ប័បបា បានចែកចាយ​រឿង​របស់​គាត់​អំពី​របៀប​ដែល​ជីវិត​របស់​គាត់​បាន​ធ្លាក់​ទៅ​ក្នុង​ភាព​អន្ដរាយ ។ គាត់បាន​ធំឡើង​នៅក្នុង​ផ្ទះ​ដែល​ប្រើ​អំពើ​ហិង្សា ដែល​ឪពុក​គាត់​ត្រូវ​បាន​គេ​សម្លាប់ នៅពេល​ប័បបា​មានអាយុ​ត្រឹម​បី​ឆ្នាំ ។

ប័បបា បានធំឡើង​ដោយជ្រើស​រើស​យកជីវិត​ដដែល ដែលគាត់​តែងតែ​មើលឃើញ ។ គាត់បាន​ចូល​រួម​ក្នុង​ក្រុមមនុស្ស​ខូច ហើយ​ចាប់​ផ្ដើម​វាយ​មនុស្ស​ដែល​ខ្វែងគំនិត​នឹង​គាត់ ។ មក​ដល់​វិទ្យាល័យ គាត់​បាន​គិត​ថា គាត់​នឹង​ត្រូវ​ជាប់គុក ។ ហើយ​គាត់​មិន​ខ្វល់​ទេ ។

ព្រះ​បានជួយ​អន្ដរាគម ។ មកដល់​ផ្លូវ​ខ្វែង​ដ៏គ្រោះ​ថ្នាក់​នៅក្នុង​ជីវិត​របស់​គាត់​ ប័បបា បានជួប​នឹង​គ្រួសារ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​មួយ ដែល​បង្ហាញ​សណ្ដានចិត្តល្អ និង​សេចក្ដីល្អ​ជាទី​ស្រឡាញ់​ដល់​គាត់ ។ គាត់ពុំ​ធ្លាប់​នៅក្នុង​ចំណោម​មនុស្ស​ដូច​នេះ​ពី​មុន​មក​ទេ — គឺ​ក្រុម​មនុស្ស​ដែល​បង្ហាញ​ក្ដីមេត្តា និង ក្ដីស្រឡាញ់ ។ គាត់បាន​ចាប់​ផ្ដើម​ចំណាយពេល​នៅ​ជាមួយ​ពួកគេ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ នៅ​ពេល​គាត់​សួរ​ដល់​គ្រួសារ​នោះ ថា​ហេតុអ្វី​ក៏​ពួកគេ​បានធ្វើ​ទង្វើ​បែប​នោះ នោះពួកគេ​បាន​និយាយថា វា​មកពី​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

គាត់​ចង់​ស្វែងយល់​អំពី​អ្វី​ដែល​ពួកគេ​បាន​ដឹង ។ គាត់បាន​ចាប់​ផ្ដើម​អធិស្ឋាន ហើយ​សិក្សា​ព្រះគម្ពីរ ។ ហើយ​មិនយូរ​ប៉ុន្មាន​គាត់បាន​ទទួល​អារម្មណ៍​អ្វីមួយ ដែល​គាត់​ពុំ​ធ្លាប់​មានពីមុនមក ។ « ប្រាកដ​ណាស់ នោះគឺជា​ព្រះ​មួយអង្គ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ ! » ប័បបា​បាន​និយាយ​ដូច្នោះ ។ ដោយ​មានជំនួយ​របស់​ព្រះ ប័បបា បានចាប់​ផ្ដើម​ស្ថាបនា​ជីវិត​របស់​គាត់​សារជាថ្មី ដោយមាន​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះ ដោយ​ចាកចេញ​ពី​ជីវិត​ចាស់​របស់គាត់ ។

គាត់​បាន​ពោលថា « ចរិតលក្ខណៈ​របស់​ខ្ញុំ​បាន​ផ្លាស់ប្ដូរ ។ រូប​ខ្ញុំ​ឥឡូវ​នេះ គឺ​ខុសគ្នា​ពី​រូប​ខ្ញុំ​កាល​ពី​មុន ។ ឥឡូវ​ខ្ញុំ​មាន​គោលបំណង​មួយ ។ ខ្ញុំ​មាន​ជោគវាសនា​មួយ » ។ « ខ្ញុំ​មាន​កន្លែង​មួយ​ដែល​ខ្ញុំនឹង​ទៅ » ។

មក​ដល់​ពេលនេះ ប័បបា បាន​មើល​ឃើញ​អនាគត​របស់​គាត់ ដោយ​ភាព​ភ្លឺចិញ្ចែង សេចក្ដីជំនឿ និង​សេចក្ដីសង្ឃឹម ។ គាត់​បាន​និយាយថា « ខ្ញុំដឹង​ថា គឺ​មានតែ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ជំនឿ​របស់​ខ្ញុំ​ទៅ​លើ​ទ្រង់​ប៉ុណ្ណោះ ដែល​នឹង​ជួយខ្ញុំ​ឲ្យ​ទៅដល់​កន្លែង​ដែល​ខ្ញុំ​ចង់​ទៅ » ។

ការផ្លាស់ប្តូរ​ទិសដៅ

រូបភាព
A man pruning a currant bush.

ប្រធាន ហ៊ូ ប៊ី ប្រោន ( ឆ្នាំ ១៨៨៣–១៩៧៥ ) ជា​សមាជិក​ម្នាក់​ក្នុង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​នៃ​គណៈ​ប្រធាន​ទី​មួយ បាន​ចែកចាយ​បទពិសោធន៍​មួយ​ដែល​ព្រះ​បានជួយ​គាត់ឲ្យ​សម្រេច​បាន​កាន់​តែ​ច្រើន ចេញ​ពី​ជីវិត​របស់​លោក ជាជាង​លោក​អាច​ធ្វើ​បាន​ដោយ​ខ្លួន​លោក​ផ្ទាល់ ។

លោក ហ៊ូ បាន​បម្រើ​នៅក្នុង​កងទ័ព​កាណាដា ហើយ​រំពឹង​ថា​នឹង​ត្រូវ​បាន​ដំឡើង​សក្ដិ​ទៅជា​ឧត្តមសេនីយ ។ គាត់បាន​ធ្វើការ មាន​ក្ដីសង្ឃឹម និង​អធិស្ឋាន​សុំ​ឲ្យមាន​ការ​ដំឡើងស័ក្ដិ​នោះ​អស់រយៈពេល​១០ ឆ្នាំ ។

នៅពេល​ឱកាស​ដំឡើង​សក្ដិ​នោះ​មកដល់ ទោះជា​យ៉ាងណាក៏ដោយ លោក​ពុំ​ត្រូវ​បានគេ​ជ្រើសរើស​ទេ ដោយសារ​លោក គឺជា​សមាជិក​នៃ​សាសនាចក្រ ។ នោះ​គឺជា​មូលហេតុ​តែមួយគត់ ហើយ​ពួកគេ​បាន​ប្រាប់​លោក​ដូច្នោះ ។

លោក ហ៊ូ បាន​ខឹង​យ៉ាង​ខ្លាំង ។ លោក​បាន​មាន​ប្រសាសន៍ ៖ « ខ្ញុំ​បាន​ឡើង​ជិះ​រត់ភ្លើង​ត្រឡប់​មកវិញ… ដោយ​ខូចចិត្ត ដោយ​មាន​កំហឹង​គុំគួន​នៅក្នុង​ព្រលឹង​ខ្ញុំ ។ … នៅពេល​ខ្ញុំ​ចូល​ដល់​ត្រសាល​របស់ខ្ញុំ ​… ខ្ញុំ​បាន​បោះមួក​របស់ខ្ញុំ​ទៅលើ​គ្រែ ។ ខ្ញុំ​បាន​ក្ដាប់​ដៃ ហើយខ្ញុំ​បាន​លើក​ដៃ​គ្រវី​ទៅលើ​ដោយកំហឹង​ឆេះឆួល ។ ខ្ញុំបាន​និយាយថា ‹ ព្រះអើយ យ៉ាងម៉េច​បានជា​ទ្រង់​ធ្វើ​ដូច្នេះ​ដាក់​ខ្ញុំ ? ខ្ញុំ​បាន​ខំ​ធ្វើអ្វីៗ​គ្រប់យ៉ាង​តាម​ដែល​ខ្ញុំអាច​ធ្វើ​ដើម្បី​ឲ្យមាន​លក្ខណៈ សម្បត្តិ​នឹង​តំណែង​នោះ ។ គ្មានអ្វី​ទៀត ដែល​ខ្ញុំអាច​ធ្វើ — ដែល​ខ្ញុំ​គួរតែ​បាន​ធ្វើ — ដែល​ខ្ញុំ​មិនបានធ្វើទេ ។ ​តើ​ទ្រង់​ធ្វើ​ដូច្នេះ​ដាក់​ទូលបង្គំ​បាន​យ៉ាង​ដូចម្ដេច ? › ខ្ញុំ​មាន​ភាពល្វីងជូរចត់​ដូច​ទឹកប្រម៉ាត់​អញ្ចឹង » ។

បន្ទាប់មក ហ៊ូ បាន​ចាំ​បទពិសោធន៍​មួយ​កាលពី​ច្រើន​ឆ្នាំ​មុន ។ គាត់​ត្រូវ​បាន​នាំទៅ​ចម្ការ​ដែល​គ្មាន​គេឆ្ការ​កាប់គាស់ ដែល​មាន​ដើម​ឈើ​មួយបែប​ដុះ​ស៊ុបទ្រុប ។ បើ​ពុំ​កាត់​តម្រឹម​វា​ទេ នោះ​ដើមឈើ​នោះនឹង​ពុំ​ផ្ដល់​ផ្លែ​ឡើយ ។ ព្រោះ​អ្វី​ដែល​ដើមឈើ​នោះ​ចង់ធ្វើ គឺ​ដុះ​ឲ្យ​បាន​កាន់តែ​ខ្ពស់ ។

ដូច្នេះ ហ៊ូ បាន​កាត់​តម្រឹម​វា​យ៉ាង​ច្រើន ។ បន្ទាប់មក លោកបាន​មើលឃើញ​ជ័រដំណក់ៗ​ស្រក់ចេញមក​តាម​មែក​ដែលកាត់​ចេញ​នីមួយៗ​ទាំងនោះ ។ វា​ហាក់ដូចជា​ស្រក់ទឹកភ្នែក​អញ្ចឹង ។ លោកបាន​ប្រាប់​ដល់​ដើមឈើ​នោះថា « ខ្ញុំជា​អ្នក​មើល​ថែសួន​នៅទីនេះ » ។ ហ៊ូ បានដឹង​ថា​លោកចង់​ឲ្យ​ដើម​ឈើ​នោះ​ប្រែ​ទៅជា​យ៉ាងណា ហើយ​វា​ពុំ​មែន​ជា​ដើមឈើ​យក​ម្លប់​នោះទេ ។

បទពិសោធន៍​នោះ បាន​ជ្រៀតចូល​ក្នុងគំនិត​របស់​លោក នៅពេល​លោក​តទល់​នឹង​កំហឹង​ចំពោះ​ការ​មិន​ត្រូវ​បាន​គេ​តំឡើង​សក្ដិ ។ « ខ្ញុំ​ស្ដាប់​ឮ​សំឡេង​មួយ ហើយ​ខ្ញុំ​ស្គាល់​សំឡេង​នេះ ។ គឺជា​សំឡេង​របស់ខ្ញុំ ហើយ​សំឡេង​នេះ​បាន​និយាយ​ថា ‹ ខ្ញុំជា​អ្នក​មើល​ថែ​សួន​នៅទីនេះ ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វី › ។ ភាព​ល្វីងជូរចត់​បាន​រសាយ​បាត់ទៅ​ពី​ព្រលឹង​របស់​ខ្ញុំ ហើយ​បាន​លុត​ជង្គង់ចុះ​នៅជិត​គ្រែ ទូលសូម​ការ​អភ័យទោស​ចំពោះ​ការ​មិន​ចេះ​ដឹង​គុណ​របស់​ខ្ញុំ ។ …

« … ហើយ​ឥឡូវ ជិត​រយៈពេល ៥០ ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​សម្លឹងមើល​ទៅ [ ព្រះ ] ហើយ​និយាយ​ថា ‹ សូមអរ​គុណ លោក​អ្នកថែសួន ដែលបាន​កាត់​តម្រឹម​ធ្វើ​ឲ្យ​ខ្ញុំឈឺចាប់ តែដោយសារ​តែ​ស្រឡាញ់​ខ្ញុំ › » ។

លោក​ហ៊ូ ពុំ​បានក្លាយជា​ឧត្តមសេនីយ​ទេ ។ ប៉ុន្ដែ ព្រះអម្ចាស់​បាន​មានផែនការ​ផ្សេង​សម្រាប់ ប្រធាន​ប្រោន ។ ដោយ​មាន​ព្រះអម្ចាស់​ធ្វើជា​ស្ថាបត្យករ​របស់​លោក នោះ​ជីវិត​ប្រធាន ប្រោន បាន​ក្លាយទៅជា​អគារ​ដ៏​ប្រណិត ។

ការ​សាងសង់​ពី​សូន្យ

រូបភាព
Two people visiting a man who is sick in bed. Depicts Alma and Amulek visiting Zeezrom who has asked to be healed.

កាល​ដែលត្រូវបាន​ហៅថាជា « កូន​នៃ​ស្ថាននរក » ដោយ​ព្យាការី​នៃ​ព្រះ ប្រហែល​ជា​ពុំ​ស្ដាប់ទៅ​ដូចជា​ជីវិត​របស់​អ្នក​ឆ្ពោះទៅរក​គោលដៅ​ល្អ​ទេ ។ ប៉ុន្តែ​នោះជា​អ្វីបាន​កើតឡើង​យ៉ាងជាក់​ចំពោះ ស៊ីអែសរ៉ុម ដែល​ជា​មេធាវី​ម្នាក់​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ( សូម​មើល អាលម៉ា ១១:២៣ ) ។

អាលម៉ា និង អាម៉ូលេក កំពុង​ផ្សព្វផ្សាយ​នៅក្នុង​ទឹកដី ដែល​ស៊ីអែសរ៉ុម កំពុង​ព្យាយាម​ដើម្បី​ប្រមូល​ប្រាក់កាស ក្នុង​នាមជា​មេធាវី ដោយ​ញ៉ុះញ៉ង់​ដល់​ប្រជាជន​ឲ្យ​ទាស់​នឹង​អាលម៉ា និង អាមូលេក ។ ស៊ីអែសរ៉ុម បាន​ព្យាយាម​ប្រើ​កលល្បិច​ដាក់​អាលម៉ា និង​អាមូលេក​ដោយ​ការសួរ​សំណួរ​ជាច្រើន​របស់​គាត់ ប៉ុន្តែ​ពួកគេ​បាន​ឆ្លើយ និង​ស្ដីបន្ទោស​ដល់គាត់ ។ គំនិត​របស់​ស៊ីអែសរ៉ុម ត្រូវ​បាន​បើក​បង្ហាញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ពួកគាត់​ដឹង ។ ( សូម​មើល អាលម៉ា ១១–១២ ) ។

នៅ​ពេល​ការសន្ទនា​បាន​បន្ដ នោះ​ស៊ីអែសរ៉ុម បាន​តក់ស្លុត​រហូតដល់​នៅស្ងៀម ។ គាត់​បាន​ចាប់​ផ្ដើម​ទទួលស្គាល់​កំហុស​របស់​គាត់ ហើយ​មាន​អារម្មណ៍​ខុសធ្ងន់ធ្ងរ​ក្នុងអំពើបាប​របស់​គាត់ និង​អ្វី​ដែល​គាត់​បាន​ធ្វើ ដែល​ដឹកនាំ​មនុស្ស​ឲ្យ​វង្វេង ។ មិនយូរ​ប៉ុន្មាន គាត់បាន​ព្យាយាម​កែជួសជុល​ភាពខូចខាត​ដែល​គាត់​បាន​ធ្វើ​ខ្លះៗ​ដោយ​និយាយថា « មើល​ចុះខ្ញុំ​មាន​ទោស រីឯអ្នក​ទាំងពីរ​នេះ​គ្មានទោស​នៅចំពោះ​ព្រះទេ » ( អាលម៉ា ១៤:៧ ) ។ 

ប៉ុន្តែ​នោះ​ទៅមិនរួច​ឡើយ ។ ប្រជាជន​បាន​បណ្ដេញ​ស៊ីអែសរ៉ុម​ចេញ​ពី​ទីក្រុង​របស់​ពួកគេ ។ កំហុស និង​ក្ដីអស់សង្ឃឹម​របស់​គាត់​បាន​គ្របដណ្ដប់លើ​គាត់​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ — រួម​ទាំង​ការភ័យខ្លាច​ចំពោះ​កំហុស ដែលគាត់​បាន​ផ្សាយ​ទាស់​នឹង​អាលម៉ា និង​អាមូលេក ដើម្បី​នាំ​ពួកគេ​ទៅ​សម្លាប់​នោះ — បាន​បណ្ដាល​ឲ្យ​ស៊ីអែសរ៉ុម ធ្លាក់ខ្លួនឈឺ​គ្រុនក្ដៅ « ដែល​កំពុង​ដុតរោល » ( អាលម៉ា ១៥:៣ ) ។

សំណង់​ដែល​គាត់​បាន​សង់ឡើង​សម្រាប់​ជីវិត​របស់គាត់ ត្រូវ​បាន​រលំ​ដួលចុះ ។ ប៉ុន្តែ​នោះ​ពុំ​មែនជា​ទីបញ្ចប់​នៃ​រឿង​របស់​ស៊ីអែសរ៉ុម​នោះ​ទេ ។

នៅពេល​គាត់​បាន​ដឹងថា អាលម៉ា និង អាមូលេក នៅ​រស់នៅ​ឡើយ នោះ​ស៊ីអែសរ៉ុម បាន​តាំងចិត្ត​ក្លាហាន ហើយ​បាន​សុំ​ឲ្យ​ពួកគេ​មក​រកគាត់ ។ នៅ​ពេល​ពួកគេ​មក​ដល់ ស៊ីអែសរ៉ុម បាន​សុំ​ការព្យាបាល ។ ដោយសារ​សេចក្ដីជំនឿ​របស់​គាត់ នោះ​ស៊ីអែសរ៉ុម​ត្រូវ​បាន​ជា​សះស្បើយ​ទាំងស្រុង ។ រួច​ហើយ គាត់បាន​ជ្រមុជទឹក ហើយបាន​ចាប់​ផ្ដើម​ផ្សាយ​ចាប់តាំងពី​ពេល​នោះ​មក ( សូមមើល​អាលម៉ា ១៥:១១–១២ ) ។

ជីវិត​ថ្មីរបស់​ស៊ីអែសរ៉ុម នៅពេល​នេះ​ដែល​មាន​ព្រះ​ជាស្ថាបត្យករ​របស់​គាត់ ទើបតែ​បានចាប់​ផ្ដើម ។

លើសពី​ញញួរ និង​ដែកគោល

ដំណឹងល្អ​នោះ គឺថា​យើង​ពុំ​ចង់​ឆ្លង​កាត់ជីវិត​នេះ​តែ​ឯកឯង​នោះ​ទេ ។ ព្រះ​សព្វ​ព្រះហឫទ័យជួយ​យើង​គ្រប់ជំហាន​នៅ​តាម​ផ្លូវ ។ ហើយ​នៅ​ពេល​យើង​​អនុញ្ញាតឲ្យ​ទ្រង់​ជួយ​យើង នោះ​សក្តានុភាព​របស់យើង នឹង​គ្មាន​កម្រិត​​នោះ​ទេ ។

កំណត់​ចំណាំ

  1. សេរី​វីដេអូ « His Grace » នៅលើ​គេហទំព័រ mormonchannel.org ។

  2. « From Gang Member to Good Man › » ( វីដេអូ ) នៅលើ​គេហទំព័រ mormonchannel.org

  3. ហ៊ូ ប៊ី ប្រោន « The Currant Bush » Liahona, ខែ មិនា ឆ្នាំ ២០០២, ២៤; New Era, ខែ មករា ឆ្នាំ ១៩៧៣, ១៥ ។

  4. ហ៊ូ ប៊ី ប្រោន , « The Currant Bush, » Liahona, ២២, ២៤; New Era, ១៤, ១៥ ។

  5. នែល អេ ម៉ាក់ស្វែល « Response to a Call » Ensign, ខែ ឧសភា ឆ្នាំ ១៩៧៤,ទំព័រ ១១២ ។