២០១៦
សូម​អធិស្ឋាន​អំពី​វា
January 2016


ការបម្រើ​នៅ​ក្នុង​សាសនាចក្រ

សូម​អធិស្ឋាន​អំពី​វា

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

ខ្ញុំ​បាន​សុំ​ព្រះអម្ចាស់​ឲ្យ​បង្ហាញ​ខ្ញុំ​អំពី​របៀប​ដើម្បី​ក្លាយជា​ម្ដាយ​កាន់តែ​ល្អ​ប្រសើរ ហើយ​ទ្រង់បាន​ប្រទាន​ដល់ខ្ញុំ​នូវការ​ហៅបម្រើ​ដែល​នឹង​បង្រៀនខ្ញុំ​អំពី​វិធីសាស្ត្រ​ដើម្បី​ធ្វើបែប​នោះ ។

រូបភាព
Illustration depicting a bishop extending a calling to a woman.

រចនារូបភាពដោយ ខាធី ផេន

ខ្ញុំ​បាន​ប្រាប់​ប៊ីស្សព​ថា លោកបាន​រើស​មនុស្ស​ខុស​ហើយ ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​ពុំ​ចូលចិត្ត​កូន​របស់​អ្នក​ផ្សេង​ទេ ខ្ញុំ​ពុំ​ដែល​បង្រៀន​កុមារ​តូចៗ​ទេ ហើយ​ខ្ញុំ​ពុំចេះ​ច្រៀង​ទេ » ។ 

លោក​បានតប​ថា « បងស្រី ថេលើរ ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យមនុស្ស​ទាំងអស់​ដែលទ្រង់​ហៅ​បានសក្ដិសម ។ បងស្រីនឹង​ធ្វើបាន​ល្អ » ។

លោកបាន​សុំ​ឲ្យ​ខ្ញុំ​គិត​អំពី​ការ​ហៅ​បម្រើ​នោះ ហើយ​ចូរ​ប្រាប់​ឲ្យ​លោក​បាន​ដឹង​វិញ​នៅ​ថ្ងៃអាទិត្យ​ក្រោយ ថា​ខ្ញុំនឹង​ទទួល​យក​ឬអត់ ។

ខ្ញុំ​បាននិយាយ​ថា « ខ្ញុំ​ព្យាយាម​ចិញ្ចឹម​កូន​អាយុ​ប្រាំមួយ​ឆ្នាំ បីឆ្នាំ និង​កូនតូច​មួយទៀត » ។ « ខ្ញុំ​ស្ទើរតែ​មិនអាច​មើលថែទាំ​កូន​របស់ខ្ញុំ​បាន​ផង ហើយ​ឥឡូវ​លោក​ចង់​ឲ្យ​ខ្ញុំ​មើល​កុមារ ៤០ នាក់ជាង​ទៀត ហើយ​ខ្ញុំ​ត្រូវបង្រៀន​តន្ត្រី​ដល់​ពួកគេ​ទៀត ? »

លោកបាន​តបថា « ចូរ​អធិស្ឋាន​អំពីវា » ។

នៅល្ងាចនោះ ខ្ញុំបាន​ព្យាយាម​ពន្យល់​ដល់ស្វាមី​របស់ខ្ញុំ ម៉ាក អំពី​មូលហេតុ​ដែលខ្ញុំ​គិត​ថា​ការហៅនេះ​ជា​គំនិត​មិន​ល្អ ។ តើ​ខ្ញុំអាច​ធ្វើការ​នៅក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា​បាន​យ៉ាង​ដូចម្ដេច បើ​ខ្ញុំ​ពុំអាច​ធ្វើជា​ម្ដាយ​ម្នាក់​ចំពោះកូនៗ​របស់ខ្ញុំ តាម​សេចក្ដីប្រាថ្នា​ចង់ធ្វើ​ផងនោះ ? ភាពភ័យខ្លាច​បាន​រំខាន​​ខ្ញុំ​រាប់ខែ ដែល​ខ្ញុំ​ពុំបាន​ធ្វើជា​ម្ដាយល្អ​ម្នាក់​នោះ​ទេ ។

មួយសប្ដាហ៍​បាន​កន្លង​ហួស​ទៅ​យ៉ាង​លឿន ប៉ុន្តែ​គំនិត​របស់ខ្ញុំ​បាន​គិត​ពីពាក្យ​របស់​ប៊ីស្សព ។ ទីបំផុត នៅព្រឹក​ថ្ងៃ​អាទិត្យ​ក្នុងបន្ទប់គេង​របស់ខ្ញុំ ខ្ញុំបាន​លុត​ជង្គង់​ចុះ​អធិស្ឋាន ។ ទឹកភ្នែក​បាន​ស្រក់​ចុះ ប៉ុន្តែ​ភាពសុខសាន្ដ​ដ៏​ផ្អែម​ល្ហែម​បាន​មាន​ពេញ​ក្នុង​ដួងចិត្ត​របស់ខ្ញុំ ។ រំពេច​នោះ ខ្ញុំ​បាន​ដឹងថា​វា​គឺជា​រឿង​ត្រឹមត្រូវ​ដើម្បីទទួល​យក​ការហៅបម្រើ​នោះ ។ ដោយបានចុះចូល​តាម​ព្រះទ័យ​នៃ​ព្រះអម្ចាស់ នោះ​រាល់​ភាពភ័យខ្លាច​ទាំងអស់​បាន​រលត់​បាត់ពី​ដួងចិត្ត​របស់ខ្ញុំ ។

នៅពេល​ខ្ញុំ​ចូលទៅក្នុង​បន្ទប់​ថ្នាក់​បឋមសិក្សា បន្ទាប់ពី​ការ​ប្រជុំ​សាក្រាម៉ង់ ប្រធាន​អង្គការ​បឋមសិក្សា​បាន​ណែនាំ​អំពីខ្ញុំ ហើយ​កុមារតូចៗ​បានច្រៀង​ចម្រៀង​ស្វាគមន៍​មួយបទ ។ ពេល​មើលទៅ​កែវភ្នែក​ប្រកប​ដោយក្ដីសង្ឃឹម​របស់ពួកគេ និង​ពេល​មើលឃើញ​រស្មី​នៅក្នុង​កូនប្រុស​អាយុ​ប្រាំមួយឆ្នាំ​របស់ខ្ញុំ នោះ​ខ្ញុំ​បាន​ក្លាយទៅ​ជា​អ្នកដឹកនាំ​ភ្លេង​ថ្នាក់​បឋមសិក្សា​ដ៏​ល្អបំផុត ដែលខ្ញុំអាច​ធ្វើបាន ។

ចាប់ពី​ពេលនោះ​មក ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​រៀន​បទចម្រៀង ហើយ​រៀបចំ​មេរៀន ។ ខ្ញុំបាន​ចាក់​បទ​ចម្រៀង​កុមារ​នៅផ្ទះ ក្នុង​ឡាន និង​ពេល​ដើរ ។ ខ្ញុំបាន​ស្រាវជ្រាវ​រក​វិធី​បង្រៀន​ផ្សេងៗ ហើយ​បាន​លះបង់​ពេលវេលា​ជាច្រើន​ម៉ោង​រាល់សប្ដាហ៍​ដើម្បី​ធ្វើ​បណ្ណប្រកាស ហើយ​បង្កើត​ល្បែង​កំសាន្ដ ។

នៅពេល​ខ្ញុំ​បាន​រៀបចំ​មេរៀន​សម្រាប់​ម៉ោង​ច្រៀង​នា​ល្ងាច​មួយ​នៅ​តុបាយ ខ្ញុំបាន​ច្រៀង​រហឹមៗ​នូវបទ « អំណាច​ព្រះគម្ពីរ » ។ កូន​ប្រុស​អាយុ​ប្រាំមួយឆ្នាំ​របស់​ខ្ញុំ​អង្គុយ​នៅ​តុ​ញ៉ាំ​សាំងវិច ហើយ​កូន​អាយុបីឆ្នាំ​របស់ខ្ញុំ អង្គុយ​កាត់​ក្រដាស​ក្បែរខ្ញុំ ។ នៅពេលខ្ញុំ​ច្រៀង​រហឹមៗ​នៅ​កន្លែង​បន្ទរ រំពេច​នោះ​កូន​ខ្ញុំទាំងពីរ​នេះ​បាន​ច្រៀង​ថា ៖

អំណាច​គម្ពីរ​រក្សា​ខ្ញុំ​ពីបាប ។

អំណាច​គម្ពីរ​ជា​អំណាច​ដើម្បី​ឈ្នះ ។

អំណាច​នៃព្រះគម្ពីរ ! ខ្ញុំ​ត្រូវការ​រាល់ថ្ងៃ

អំណាច​ដែលខ្ញុំ​ទទួល​រាល់ពេល​ខ្ញុំអាន ។

ពេលនោះ​ហើយដែល​ខ្ញុំដឹង​ថា ការហៅ​បម្រើ​គឺជា​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់ខ្ញុំ ។ ខ្ញុំ​បាន​ទូល​សូម​ព្រះអម្ចាស់​ដើម្បី​បង្ហាញ​ខ្ញុំពី​របៀប​ដើម្បី​ធ្វើ​ជាម្ដាយ​កាន់តែ​ល្អ​ប្រសើរ នោះទ្រង់​បាន​ប្រទានការ​ហៅបម្រើ​មួយ​ដល់​ខ្ញុំ ដែល​នឹង​បង្រៀន​ខ្ញុំពី​របៀប​នោះ ពេលខ្ញុំ​បង្រៀន​តន្ត្រី​ដល់កូនៗ​របស់ខ្ញុំ ។

ខ្ញុំមាន​អំណរគុណ​ចំពោះ​ការ​បំផុសគំនិត​របស់​ប៊ីស្សព​ខ្ញុំ និង​ពាក្យ​សម្ដី​ជាទីស្រឡាញ់​របស់​លោក ៖ « សូម​អធិស្ឋាន​អំពី​វា » ។