២០១៦
ទីកន្លែង​របស់​យើង
January 2016


ទីកន្លែង​របស់​យើង

ការ​ទទួល​មេដាយ​យុវនារីរបស់ខ្ញុំ

រូបភាព
Illustration of a Young Women medallion.

ផ្នែកលើ​ខាង​ឆ្វេង និង​ខាង​ស្ដាំ ៖ រចនា​រូបភាព​ដោយ ដាវីឌ ម៉ាឡាន

ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់ ដែល​បាន​ទទួល​ការទទួលស្គាល់ភាព​ជា​យុវនារី​របស់​ខ្ញុំ ។ ខ្ញុំ​មាន​មោទនភាព​ដើម្បី​និយាយ​ថា ខ្ញុំ​រក្សា​ខ្លួន​ខ្ញុំ​ឲ្យ​បរិសុទ្ធ ហើយ​ស្អាតស្អំ ហើយ​ថា​ខ្ញុំ​អាច​ពាក់​មេដាយ​របស់ខ្ញុំ​ដោយ​មាន​មោទនភាព ។ « ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​តម្លៃ​ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត » ( សុភាសិត ៣១:១០ ) ។

អង្គការ​យុវនារី គឺ​អស្ចារ្យ​ណាស់ ។ វា​ជួយ​យុវនារី​ឲ្យ​រីកចម្រើន ហើយ​ត្រៀម​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​បរិសុទ្ធ ។ ខ្ញុំ​មាន​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ចំពោះ​អង្គការ​នេះ ។ តាមរយៈ​ការទទួលបាន​មេដាយ​របស់​ខ្ញុំ ខ្ញុំបាន​បញ្ចប់​គោលដៅ​មួយ​ដែល​ខ្ញុំ​បាន​ដាក់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​បន្ដ​ធ្វើ​កិច្ចការ​ល្អ​របស់​ព្រះអម្ចាស់​បាន​យ៉ាង​ច្រើន ។

ខាធើរិន ម៉ូរីណូ ប្រទេស វ៉េណេស្ស៊ូអេឡា

ទេពកោសល្យ​របស់​យើង អាច​ធ្វើ​ឲ្យ​ពិភព​លោក​ក្លាយ​ជា​កន្លែង​ដ៏​ល្អ​ប្រសើរ​មួយ

រូបភាព
artwork by a young woman for a Personal Progress award

ដោយ​មាន​ជំនួយ​ពី​ម្ដាយ និង​បងស្រី​ខ្ញុំ នោះ​ខ្ញុំ​បាន​គូរ​គំនូរ​នៅលើ​បដា​នេះ​សម្រាប់​កម្មវិធី​កីឡា​សមាគម​សង្គ្រោះ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ស្ដេក​របស់​យើង ។ ម្ដាយ​របស់​ខ្ញុំ​បាន​ណែនាំ​ខ្ញុំ​ទៅ​ដល់​ប្រធាន​សមាគមសង្គ្រោះ ដែល​គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ធ្វើ​បដា​សម្រាប់​ពួកគាត់ ។ ខ្ញុំ​បាន​ទទួល​យក​សេចក្ដី​ស្នើ​របស់​ពួកគាត់ ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​គូស​ព្រាង ។ តាមរយៈ​ការ​ខិតខំ​រួមគ្នា​របស់​គ្រួសារ​ខ្ញុំ និង​ខ្ញុំ នោះ​យើង​អាច​បង្កើត​នូវ​ការរចនា​សិល្បៈ​ដ៏​ស្រស់​ស្អាត​មួយ ដែល​តំណាង​ឲ្យបាវចនា « ស្វែងរក​ភាព​ថ្លៃថ្នូរ​នៅក្នុង​ភាពជា​ម្ដាយ និង​ក្ដីអំណរ​នៅ​ក្នុង​ភាព​ជា​ស្ត្រី » ។

ខ្ញុំ​ដឹង​ថា បើ​យើង​ប្រើ​ទេពកោសល្យ​របស់​យើង​ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃ នោះ​យើង​ពុំគ្រាន់​តែ​នាំ​សុភមង្គល​ដល់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​យើង​ផងដែរ ។ ព្រះអម្ចាស់​ប្រទានពរ​ដល់​អ្នក​ទាំងឡាយ​ណា ដែល​ប្រើ​អំណោយ​ទាន​របស់​ពួកគេ​មក​ពី​ទ្រង់​ដើម្បី​ស្ថាបនា​នគរ​របស់​ទ្រង់ ។ ដូច​ជា​រឿង​ប្រៀបធៀប​អំពី​ប្រាក់ បង្រៀន​ថា បើ​យើង​ពុំ​ចែកចាយ​អំណោយទាន​របស់​យើង​ជាមួយ​អ្នកដទៃ នោះ​យើង​នឹង​បាត់​បង់​អំណោយទាន​ទាំងឡាយ​នោះ ( សូមមើល ម៉ាថាយ ២៥:២៤–២៩ ) ។ ប៉ុន្តែ​បើ​យើង​ប្រើ​ទេពកោសល្យ​របស់​យើង​សម្រាប់​ការណ៍​ល្អ នោះ​យើង​អាច​ធ្វើឲ្យ​ពិភព​លោក​ក្លាយទៅ​ជា​កន្លែង​ដ៏​ល្អ​ប្រសើរ​មួយ ។

វានេសា ផាមីតាន ប្រទេស​ហ្វីលីពីន

អ្វី​ដែល​អ្នក​អាច​រៀន​មកពី​កាតព្វកិច្ច​ចំពោះ​ព្រះ

ដោយ​ចូល​រួម​យ៉ាង​សកម្ម​នៅក្នុង​សកម្មភាព​នានា​នៅ​ក្នុង​កូន​សៀវភៅ ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ​ចំពោះ​ព្រះ នោះ​វា​តម្រូវ​ឲ្យ​មាន​នូវ​ដួងចិត្ត​ទាំង​មូល​របស់​អ្នក ការលះបង់ កម្លាំង និង​លើស​អ្វីៗ​ទាំងអស់ គឺ​សេចក្ដីជំនឿ​របស់អ្នក ។ កាតព្វកិច្ច​ចំពោះព្រះ​គឺ​ពិត​ជា​បំផុសគំនិត​ណាស់ ។

ក្នុង​នាម​ជា​យុវជន​មួយ​រូប អ្នក​អាច​រៀន​អំពីការណ៍យ៉ាង​អស្ចារ្យ ដែល​អ្នក​អាច​អនុវត្ត​នៅ​ពេញ​មួយ​ជីវិត​របស់​អ្នក ដោយ​ការបំពេញ​តាម​គោលដៅ​នៅ​ក្នុង​កូន​សៀវភៅ​កាតព្វកិច្ច​ចំពោះ​ព្រះ ៖ ខាង​វិញ្ញាណ ខាង​សាច់ឈាម ខាង​រូបកាយ និង​អ្វីផ្សេង​ជា​ច្រើនទៀត ។

ខ្ញុំ​អាច​និយាយ​ថា វា​មាន​តម្លៃ​ក្នុង​ការខិតខំ​លះបង់​ខ្លួន​អ្នក​ដើម្បី​សម្រេច​នូវ​គោលដៅ​ទាំងនេះ ។ ខ្ញុំ​បាន​រៀន​ធ្វើ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ជាង​មុន ខ្ញុំ​បាន​រីកចម្រើន​នៅ​ក្នុង​ទីបន្ទាល់​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​កាន់តែ​ល្អ​ប្រ​សើរ​ដើម្បី​ទទួល​បព្វជិតភាព​មិលគីស្សាដែក ។ វា​ស្កប់ស្កល់​ដល់ចិត្ត ពេល​ដែល​ដឹង​ថា ខ្ញុំ​នឹង​អាច​ធ្វើជា​គំរូ​ល្អ​សម្រាប់​កូនចៅ​នា​ពេល​អនាគត​របស់​ខ្ញុំ​នៅ​ថ្ងៃ​មួយ ដោយសារ​ខ្ញុំ​បាន​សម្រេច​នូវ​គោលដៅ​ដ៏​អស្ចារ្យ និង​សំខាន់​នេះ ។

ចូណាថាន អាហ្គូឡូ ប្រទេស វ៉េណេស្ស៊ូអេឡា

បេសកកម្ម គឺ​ល្អប្រសើរ​ជាង​អ្វី​ដែល​បាន​រំពឹងទុក

រូបភាព
illustration of missionaries studying

ផ្នែកលើ​ខាង​ឆ្វេង និង​ខាង​ស្ដាំ ៖ រចនា​រូបភាព​ដោយ ដាវីឌ ម៉ាឡាន

ក្នុង​នាម​ជា​យុវនារី​ម្នាក់ ខ្ញុំ​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​ខ្ញុំ​នឹង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ ទីបំផុត នៅ​ពេល​ខ្ញុំ​បាន​ចូល​ក្នុង​តំបន់​បេសកកម្ម ខ្ញុំបាន​ឃើញ​ថា ការបម្រើ​បេសកកម្ម​គឺ​ពុំ​មែនជា​អ្វី ដែល​ខ្ញុំ​បាន​រំពឹងទុក​នោះ​ទេ — វា​ល្អប្រសើរ​ជាង ។ វាពិត​ជា​ពិបាក​ជាង​អ្វី ដែល​ខ្ញុំ​បាន​គិត​ទុក ប៉ុន្តែ​ភាព​ស្កប់ស្កល់​ក្នុងចិត្ត ដែល​បាន​មក​ពីការ​ធ្វើនូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ពី​ខ្ញុំ គឺ​ពុំ​អាច​ថ្លែង​បាន​នោះ​ទេ ។

ខ្ញុំ​ពុំ​ធ្លាប់​មាន​បទពិសោធន៍​នូវក្ដីអំណរ​ក្នុងការ​ជួយដល់​មនុស្ស​ម្នាក់​ឲ្យ​ចូលរួម​ក្នុង​ព្រះវិហារ​ពីមុន​មកទេ ។ ខ្ញុំ​ពុំ​ធ្លាប់​មាន​អារម្មណ៍​ត្រេកអរ​ដើម្បី​ស្ដាប់​ឮ​នរណា​ម្នាក់​និយាយ​ថា « ប្រាកដ​ណាស់ សូម​ចូលមក » ដើម្បី​ពួកគេ​អាច​ស្ដាប់​ឮ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​ពីមុន​មក​ទេ ។ ខ្ញុំ​ពុំធ្លាប់​បាន​ដឹង​ពីភាពពិត​នៃ​ព្រះចេស្ដា​ដែល​កើតមក​ពេល​យើង​ប្រកាស​អំពីការ​ប្រែចិត្ត​ពីមុន​មក​ទេ ។ ខ្ញុំពុំ​ធ្លាប់​អធិស្ឋាន​ដោយ​បំណងពិត​ពីមុនមក​នោះ​ទេ ។ ខ្ញុំ​ពុំ​ធ្លាប់​បាន​សិក្សា​ព្រះគម្ពីរ​រយៈពេល​មួយ​ម៉ោង ដែល​ពេលវេលា​មួយ​ម៉ោង​នោះ បាន​កន្លង​ផុត​ទៅ​យ៉ាង​លឿន​ដូច្នោះ​ពីមុន​មក​នោះទេ ។ ខ្ញុំ​ពុំ​ដែល​ធ្លាប់​ស្រក់​ទឹកភ្នែក​ដោយសារ​តែ​បានដឹង​ពីភាព​មិនល្អ​ឥតខ្ចោះ​របស់ខ្ញុំ​ពី​មុន​មក​ទេ ។ ខ្ញុំ​ពុំធ្លាប់​មាន​បទពិសោធន៍ស្រងាកចិត្ត នឹងពាក្យ​ថា « អែលឌើរ សូមកុំ​មក​ផ្ទះខ្ញុំ​ម្ដងទៀត » ពីមុនមក​នោះ​ទេ ។ ខ្ញុំ​ពុំធ្លាប់​ដើរដល់​ពងជើង​ដែល​មាន​ទំហំ​ធំ​ប៉ុន​មេដៃ​របស់​ខ្ញុំ​ពីមុន​មកទេ ។ ខ្ញុំ​ពុំធ្លាប់​ទទួលអារម្មណ៍​ថា​ត្រូវបាន​ការពារ​យ៉ាងខ្លាំង​ពីមុន​មក​ទេ ។ ខ្ញុំ​ពុំ​ធ្លាប់​មាន​អារម្មណ៍​ថា​មានការ​ទទួលខុសត្រូវ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​ខ្ញុំ ដោយសារ​តែ​ខ្ញុំ​ពាក់​ស្លាក​ឈ្មោះ « ព្រះយេស៊ូវ​គ្រីស្ទ » នៅ​លើទ្រូង​របស់​ខ្ញុំ​ពី​មុន​មក​ទេ ។

ខ្ញុំ​ពុំ​ធ្លាប់​បាន​ទៅជិត​នឹង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ដូច​ពេល​ខ្ញុំ​មាន​នៅ​ក្នុង​បេសកកម្ម​ពេញ​ម៉ោង​របស់ខ្ញុំ​ពីមុនមក​ទេ ។

ណាហូល កាប្រាណេស ប្រទេស​ពេរ៉ូ