២០១៦
ពរជ័យ​នៃការឈាន​ទៅមុខ
January 2016


ពរជ័យ​នៃការឈាន​ទៅមុខ

ការរស់នៅ​ជា​សមាជិក​ស្មោះត្រង់​នៃ​សាសនាចក្រ​នាំ​មកនូវ​ពរជ័យ​ដ៏អស្ចារ្យ ។ ប៉ុន្តែ​នោះ​ពុំ​មានន័យ​ថា ជីវិត​នឹង​ពុំមាន​ការលំបាក​ម្តងម្កាល​នោះទេ ។ ការល្បួង មិត្តភក្ដិ​ដែល​ពុំ​មាន​ចិត្ត​ស្មោះត្រង់ បញ្ហា​ក្នុង​គ្រួសារ អ្នកអាចនិយាយ​រៀបរាប់​ជាច្រើន ។ មាន​រឿង​ជា​ច្រើន​ដែល​វា​នឹង​ព្យាយាម​ទាញអ្នក​ឲ្យចេញ​ពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

នោះជា​មូលហេតុ​ដែល​បាវចនា​ម៉្ញូឆល​ឆ្នាំ​នេះ​គឺ « ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ » ( នីហ្វៃទី ២ ៣១:២០ ) មាន​នូវ​សារលិខិត​ដ៏​មាន​អានុភាព​ដូច្នេះ ។ នៅ​ពេល​អ្នក​ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ កាន់យ៉ាងខ្ជាប់​តាម​សេចក្ដីសញ្ញា​របស់អ្នក នោះ​ព្រះអាច​ធ្វើនូវ​ការណ៍ដ៏អស្ចារ្យ​​សម្រាប់អ្នក និង​តាមរយៈ​អ្នក ។ ហើយ​ទ្រង់​អាច​ជួយ​អ្នក​មាន​អារម្មណ៍​នៃ​សេចក្ដី​សង្ឃឹម លួងលោមចិត្ត និង​សុខសាន្ដ​នៅក្នុង​ពេលដំណាល​គ្នា ។

វាជា​អ្វីមួយ​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បានដឹង​យ៉ាង​ច្បាស់ ។ លោក​ទើបតែ​មាន​អាយុ ១៤ ឆ្នាំ​ប៉ុណ្ណោះ ពេល​លោក​ទទួល​បានការនិមិត្ត​ដំបូង ។ នៅពេល​លោក​លុតជង្គង់​ចុះ​អធិស្ឋាន​នៅក្នុង​ព្រៃ​ពិសិដ្ឋ លោក​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​​ថាមពល​ដែលមើល​មិនឃើញ​មួយ ដែល​មាន​អំណាច​ដ៏ធំអនេក ដែល​វា​បាន​គំរាម​កំហែង​ចង់បំផ្លាញ​លោក​ចោល ។ មានតែ​តាមរយៈ​ការខិតខំ​ដោយ​អស់ពី​សមត្ថភាព​របស់​លោក ដើម្បី​ទទូចអង្វរទៅ​ព្រះទេ ទើប​លោក​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយបាន​ទទួល​នូវ​ការ​យាងមកជួប​ពីព្រះវរបិតា និងព្រះរាជបុត្រា ។

ក្រោយ​មក​ទៀត នៅពេល​យ៉ូសែប បាន​ចែកចាយ​បទពិសោធន៍​របស់លោក លោក​ក៏ត្រូវ​បាន​មិត្តភក្ដិ និង​អ្នកដឹកនាំ​ក្នុងមូលដ្ឋាន​សើចចំអក​ដាក់លោក ( សូមមើលយ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១: ១៥–១៧, ២១–២៦ ) ។ សេចក្ដី​បៀតបៀន​នោះ​ពុំ​បាន​បញ្ចប់​ឡើយ ហើយ​នៅ​ទីបំផុត វា​បាន​ដក​យកជីវិត​របស់​លោក​នៅ​រយៈពេល ២៤ ឆ្នាំ​ក្រោយ​មក ។

ប៉ុន្តែ​យ៉ូសែប បាន​ឈានទៅមុខ​ដោយ​ក្ដីសង្ឃឹម ហើយ​លោក​រីករាយ​ដើម្បី​ធ្វើ​ដូច្នោះ​នៅក្នុង​ការបម្រើ​ព្រះអម្ចាស់ ។ នៅ​ពេល​លោក​បន្ដ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ហើយ​អនុវត្ត​សេចក្ដីជំនឿ​ដើម្បី​ធ្វើអ្វី​ដែល​ត្រឹមត្រូវ នោះ​ព្រះ​បាន​ប្រទានពរ​ ហើយ​គាំទ្រ​ដល់​លោក ។ ហើយទ្រង់​នឹង​ធ្វើដូចគ្នា​ចំពោះអ្នក ។

ដូច្នេះ​ចូរ​ឈាន​ទៅមុខ ។ តាំងចិត្ត​​រស់នៅ​តាម​ដំណឹងល្អ ។ ចូរ​អ្នកសម្លឹង​ដោយមុតមាំ​ទៅលើ​ព្រះអង្គ​សង្គ្រោះ​ជានិច្ច ។ « ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប » ។ « [ ទទួលទាន ] នូវព្រះបន្ទូល​ទាំងឡាយ​នៃព្រះគ្រីស្ទ » ។ បម្រើ​នៅក្រោម​ការ​ដឹកនាំ​របស់​បព្វជិតភាព ។ ព្យាយាម​​ធ្វើ​នូវ​អ្វី​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​អ្នក​ធ្វើ ។

នៅពេល​អ្នកឈាន​ទៅ​មុខ ធ្វើ និងរក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​នៅលើ​មាគ៌ា​នៃ​ជីវិត​អស់កល្បជានិច្ច នោះ​យើង​សូម​ថ្លែង​ទីបន្ទាល់​ថា អ្នក​នឹង​រក​ឃើញ​សុភមង្គល ។