ឆ្នាំ ២០១០-២០១៩
ទ្រព្យសម្បត្តិ​ខាង​វិញ្ញាណ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ទ្រព្យសម្បត្តិ​ខាង​វិញ្ញាណ

នៅពេល​បងប្អូន​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់ និង​អំណាច​បព្វជិតភាព​របស់​ទ្រង់ នោះ​សមត្ថភាព​របស់​បងប្អូនដើម្បី​ទាញ​យក​ទ្រព្យ​សម្បត្តិ​ខាង​វិញ្ញាណ ដែលព្រះ​បាន​មាន​សម្រាប់ បងប្អូន នឹង​ចម្រើនឡើង ។

អរគុណ​ចំពោះ​តន្ត្រី​ដ៏​ពិរោះ ។ នៅពេល​យើង​ទាំងអស់គ្នា​ក្រោកឈរ​ដើម្បី​ច្រៀង​ចម្រៀង​ពាក់​កណ្ដាល​ម៉ោង​នូវ​បទ « យើង​អរគុណ​ព្រះ​ចំពោះ​ព្យាការី » ខ្ញុំ​មាន​គំនិត​ដ៏​ខ្លាំង​ពីរ​យ៉ាង​កើត​មាន​ចំពោះ​ខ្ញុំ ។ ទីមួយ​គឺ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នៃ​គ្រាកាន់កាប់ត្រួតត្រានេះ ។ ក្ដីស្រឡាញ់ និង​ការ​កោតសរសើរ​របស់​ខ្ញុំ​ចំពោះ​លោក​មាន​ច្រើន​ឡើង​ជា​រៀងរាល់ថ្ងៃ ។ គំនិត​ទីពីរ​ដែល​បាន​កើត​មាន នៅពេល​ខ្ញុំ​មើល​ទៅ​ភរិយា​របស់ខ្ញុំ កូនស្រី ចៅស្រី និង​ជីទួតស្រី ។ ខ្ញុំ​មានអារម្មណ៍​ថា ខ្ញុំ​ចង់​ប្រកាស​ដល់​បងប្អូន​គ្រប់រូបថា​បងប្អូន​មាន​ចំណែក​ជា​គ្រួសារ​របស់​ខ្ញុំ ។

ជាច្រើនខែកន្លងទៅ នៅ​ពេល​ចប់សម័យ​​ប្រជុំ​អំណោយទាន​ពិសិដ្ឋក្នុង​ព្រះវិហារបរិសុទ្ធ ខ្ញុំ​បាន​និយាយ​នឹង​ភរិយា​ខ្ញុំ​ថា « បង​សង្ឃឹម​ថា​បងប្អូន​ស្ត្រីទាំងឡាយ​យល់​អំពី​ទ្រព្យសម្បត្តិ​ខាង​វិញ្ញាណ​ជាច្រើន​ដែល​ជា​របស់​ពួកគេ​នៅក្នុង​ព្រះវិហារបរិសុទ្ធ » ។ បងប្អូនស្ត្រី ជាញឹកញាប់ ខ្ញុំឃើញ​ថា​ខ្ញុំគិត​អំពី​បងប្អូន រួមទាំង​កាលពី​ពីរខែ​មុន នៅពេល​វិនឌី និងខ្ញុំ​បាន​ទៅ ភូមិ​ហាម៉ូនី រដ្ឋផែនស៊ីលវេញ៉ា ។

រូបភាព
ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​អើរ៉ុន

នេះគឺជា​ការធ្វើដំណើរ​ជាលើក​ទីពីរ​របស់យើង​ទៅទីនោះ ។ ទាំង​ពីរ​លើក យើង​បាន​រំជួល​ចិត្ត នៅពេល​យើង​ដើរ​នៅលើ​ដី​ដ៏​ពិសិដ្ឋ​នោះ ។ គឺ​នៅ​ភូមិ ហាម៉ូនី​នេះ​ហើយ ដែល​យ៉ូហាន បាទីស្ទ បាន​លេច​មក​ឯ​យ៉ូសែប ស្ម៊ីធ ហើយ​បាន​ស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើងវិញ ។

រូបភាព
ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាព​មិលគីស្សាដែក

គឺ​នៅ​ទីនោះហើយ ដែល​សាវក ពេត្រុស យ៉ាកុប និង​យ៉ូហាន បាន​លេច​មកដើម្បី​ស្ដារ​បព្វជិតភាព​មិលគីស្សាដែកឡើងវិញ ។

គឺ​នៅ​ភូមិ ហាម៉ូនី ដែល អិមម៉ា ហេល ស្ម៊ីធ បាន​បម្រើ​ជាស្មៀន​ដំបូងគេ​របស់​ស្វាមី​គាត់ ខណៈ​ដែល​ព្យាការី យ៉ូសែប បាន​បកប្រែ​ព្រះគម្ពីរមរមន ។

គឺ​នៅក្នុង​ភូមិ​ហាម៉ូនី​នេះ​ហើយ ដែល​យ៉ូសែប បាន​ទទួល​វិវរណៈ​បើក​សម្ដែង​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​ទៅកាន់ អិមម៉ា ។ ព្រះអម្ចាស់​បាន​បង្រៀន​អិមម៉ា​ឲ្យ​អធិប្បាយ​បទគម្ពីរ ដើម្បី​ដាស់តឿន​ដល់​សាសនាចក្រ ដើម្បី​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ចំណាយ​ពេល​ក្នុង​ជីវិត​គាត់ « រៀន​ឲ្យ​បាន​ច្រើន » ។ អិមម៉ា ក៏​ត្រូវ​បាន​ទូន្មាន​ផងដែរ​« ឲ្យ​ទុក​ចោល​រឿង​នៃ​លោកិយ ហើយ​ស្វែងរក​រឿង​ដែល​ល្អប្រសើរ ហើយ​កាន់ខ្ជាប់​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ។ ព្រះអម្ចាស់​បាន​បញ្ចប់​ការ​បង្រៀន​របស់ទ្រង់​ដោយនូវ​ពាក្យ​សម្ដី​ដ៏ជម្រុញ​នេះថា ៖ « នេះ​គឺជា​សំឡេង​របស់​យើង​ដល់​មនុស្ស​ទាំង​ពួង » ។

អ្វីៗ ដែល​បាន​កើត​ឡើង​នៅក្នុង​ភូមិ ហាម៉ូនី មាន​ការ​អនុវត្ត​ដ៏​ប្រពៃ​សម្រាប់ជីវិត របស់បងប្អូន ។ ការ​ស្ដារឡើងវិញ​នៃ​បព្វជិតភាព ព្រមជាមួយ​នឹង​ពាក្យទូន្មាន​របស់​ព្រះអម្ចាស់​ទៅកាន់​អិមម៉ា អាច​ដឹកនាំ និង​ប្រទានពរ​ដល់​បងប្អូន​ម្នាក់ៗ ។ ខ្ញុំពិតជា​ចង់​ឲ្យ​បងប្អូន​យល់​ថា ការស្ដារឡើងវិញ​នៃ​បព្វជិតភាព គឺទាក់ទង​នឹង​បងប្អូន​ក្នុងនាម​ជា​ស្ត្រី​មួយរូប ក៏​ដូចជា​ចំពោះ​មនុស្ស​នានា​ផងដែរ ។ ដោយសារ​តែ​បព្វជិតភាព​មិលគីស្សាដែក ត្រូវ​បាន​ស្ដារឡើងវិញ ទាំងស្ត្រី និង​បុរស​ដែលរក្សា​សេចក្ដីសញ្ញា អាចទទួលបាន « ព្រះពរ​ខាងវិញ្ញាណ​នៅក្នុង​សាសនាចក្រ ទាំងអស់ » ឬ យើង​អាច​និយាយ​ថា ទ្រព្យ​ខាងវិញ្ញាណ​ទាំងអស់​ដែល​ព្រះអម្ចាស់​មានគឺ​សម្រាប់កូនចៅ​របស់ទ្រង់ ។

ស្ត្រី និង​បុរស​គ្រប់រូប​ដែល​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងនោះ និងចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព​ដោយ​សក្ដិសម មាន​ឥទ្ធិពល​ផ្ទាល់​ចំពោះ​ព្រះចេស្ដារ​នៃ​ព្រះ ។ អ្នក​ដែល​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋនៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់​បាន​ទទួល​អំណោយទាន​មួយ​នៃ​អំណាច​បព្វជិតភាព​តាមរយៈ​គុណធម៌​នៃ​សេចក្ដី​សញ្ញា​របស់​ពួកគេ​ព្រមទាំង​អំណោយទាន​នៃ​ចំណេះដឹង​ដើម្បី​ដឹង​ពី​របៀប​ដើម្បី​ទាញ​យក​ព្រះចេស្ដា​នោះ ។

ស្ថានសួគ៌​គឺ​បើក​ចំពោះ ស្ត្រី ដែល​ត្រូវ​បាន​ប្រទាន​ឲ្យនូវ​ព្រះចេស្ដា​របស់​ព្រះ​តាមរយៈ​សេចក្ដី​សញ្ញា​បព្វជិតភាព​របស់​ពួកគេ ដូចជា​បុរស ដែល​កាន់បព្វជិតភាព​ផងដែរ ។ ខ្ញុំ​អធិស្ឋានថា សេចក្ដីពិត នឹង​ចុះ​នៅក្នុង​ដួងចិត្ត​របស់​បងប្អូន​ម្នាក់ៗ ដោយសារ​ខ្ញុំ​ជឿ​ថា​វា​នឹង​ផ្លាស់ប្ដូរ​ជីវិត​បងប្អូន ។ បងប្អូន​ស្ត្រី បងប្អូន​មាន​សិទ្ធិ​ដើម្បីទាញ​យក​ព្រះចេស្ដារ​​របស់ព្រះអង្គសង្គ្រោះ​ដើម្បី​ជួយ​គ្រួសារ​បងប្អូន និង​អ្នកដទៃ​ដែល​បងប្អូន​ស្រឡាញ់ ។

បងប្អូន​អាច​និយាយ​នឹងខ្លួន​ឯង​ថា « វា​ល្អណាស់ តែ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងម៉េច​ទៅ ? តើ​ខ្ញុំ​អាច​ទាញ​យក​ព្រះចេស្ដា​របស់ព្រះអង្គសង្គ្រោះ​ដាក់​ក្នុងជីវិត​ដោយរបៀប​ណា ? »

បងប្អូន​នឹង​រកមិន​ឃើញ​ដំណើរ​ការនេះ​ប្រាប់​នៅក្នុង​សៀវភៅណាទេ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ជា​គ្រូបង្វឹក​ផ្ទាល់ខ្លួន​របស់បងប្អូន នៅពេល​បងប្អូន​ស្វែងយល់​អំពី​អ្វី​ដែល​ព្រះអម្ចាស់ចង់​ឲ្យ​បងប្អូនដឹង និង​ធ្វើ ។ ដំណើរការ​នេះ​គឺ​មិន​ឆាប់រហ័ស និង​ងាយស្រួលទេ ប៉ុន្តែ​វា គឺជា ថាមពល​ខាង​វិញ្ញាណ ។ តើ​មាន​អ្វី​ដែល​រំភើបជាង​ការធ្វើការ​ជាមួយ​ព្រះវិញ្ញាណ​ដើម្បី​យល់​អំពី​អំណាច​បព្វជិតភាព — ជា​ព្រះចេស្ដា​របស់​ព្រះ​នោះ ?

អ្វី​ដែល​ខ្ញុំ អាច ប្រាប់​ដល់​បងប្អូន គឺ​ថា​ការ​ទទួល​ព្រះចេស្ដារ​នៃ​ព្រះ​នៅ​ក្នុង​ជីវិត​របស់បងប្អូន​តម្រូវ​នូវ​រឿង​ដូចគ្នា​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ទៅកាន់ អិមម៉ា និង​បងប្អូន​ម្នាក់ៗ​ឲ្យ​ធ្វើ ។

ដូច្នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​សិក្សា កណ្ឌ ២៥ នៃ គោលលទ្ធិ និង សេចក្តី​សញ្ញា ប្រកប​ដោយ​ការ​អធិស្ឋាន ហើយ​ស្វែងរក​នូវអ្វី​ដែល​ព្រះវិញ្ញាណបរិសុទ្ធ នឹង​បង្រៀន​ដល់ បងប្អូន ។ ការខិតខំ​ផ្ទាល់ខ្លួន និង​ខាងវិញ្ញាណ​របស់​បងប្អូន នឹង​នាំអំណរ​ដល់បងប្អូន នៅពេល​បងប្អូន​ទទួល​បាន យល់ដឹង ហើយ​ប្រើ​ព្រះចេស្ដា​ដែល​បងប្អូន​បាន​ទទួល​នោះ ។

ចំណែក​នៃ​ការ​ខិតខំនេះ នឹង​តម្រូវ​ឲ្យ​បងប្អូន​លះបង់​រឿង​ជាច្រើន​នៃ​លោកិយ​នេះ​ចោល ។ ពេលខ្លះ យើង​និយាយ​យ៉ាង​សាមញ្ញ​បំផុត​អំពី​ការ​ដើរ​ចេញ​ពីលោកិយ ដែលមាន​ការ​ឈ្លោះទាស់ទែង ការល្បួង និង​ទស្សនវិជ្ជា​ខុសឆ្គង​ជាច្រើន ។ ប៉ុន្តែ​តាម​ពិត ការ​ធ្វើ​ដូច្នោះ តម្រូវ​ឲ្យ​បងប្អូន​ពិនិត្យ​ពិច័យ​ពី​ជីវិត​របស់​បងប្អូន​ដោយ​ប្រយ័ត្ន​ប្រយែង និង​ជា​ទៀងទាត់ ។ នៅពេល​បងប្អូនធ្វើ​ដូច្នោះ ព្រះ​វិញ្ញាណ​បរិសុទ្ធនឹង​បំផុសគំនិត​បងប្អូន​អំពី​អ្វី​ដែល​លែង​ត្រូវការ អ្វី​ដែល​គ្មានភាព​សក្ដិសម​សម្រាប់ចំណាយពេល និង​ថាមពល​របស់បងប្អូន ។

នៅពេល​បងប្អូន​បង្វែរ​ការផ្ដោត​របស់​បងប្អូន​ពី​ការ​រំខាន​ខាង​លោកិយ មាន​រឿង​មួយចំនួន​ហាក់ដូចជា​សំខាន់​ចំពោះ​បងប្អូន​ក្នុងពេលឥឡូវនេះ នឹង​កាត់បន្ថយ​អាទិភាព​ ។ បងប្អូន​នឹង​ពុំចាំបាច់​និយាយ​អ្វី ទោះជា​ពួកគេ​ហាក់ដូចជា​គ្មាន​គ្រោះថ្នាក់​ក្ដី ។ នៅពេល​បងប្អូន​ចាប់ផ្ដើម ហើយ​បន្ដ​ដំណើរការ​នៃ​ឧទ្ទិស​ជីវិត​របស់បងប្អូន​ថ្វាយព្រះអម្ចាស់ នោះការ​ផ្លាស់ប្ដូរទស្សនវិស័យ អារម្មណ៍ និង​កម្លាំង​ខាង​វិញ្ញាណ នឹង​ធ្វើឲ្យ​បងប្អូន​មាន​ភាព​អស្ចារ្យ !

ឥឡូវ​មាន​ពាក្យ​ព្រមាន​ខ្លះៗ ។ មានអ្នក​ដែល​នឹងបង្អាក់​សមត្ថភាព​របស់​បងប្អូន​ក្នុងការ​ហៅរក​ព្រះចេស្ដារ​នៃ​ព្រះ ។ មាន​មនុស្ស​ខ្លះ​ដែល​នឹង​ធ្វើ​ឲ្យ​បងប្អូន​សង្ស័យ​នឹង​ខ្លួន​ឯង ហើយ​បន្ទាប​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ក្នុងនាមជា​ស្ត្រី​សុចរិត ។

ច្បាស់ណាស់ មារសត្រូវ​មិន​ចង់​ឲ្យ​បងប្អូន​យល់​សេចក្ដីសញ្ញា​ដែល​បងប្អូន​បាន​ធ្វើ​នៅ​ពិធីបុណ្យជ្រមុជទឹក ឬ​អំណោយទាន​នៃ​ចំណេះដឹងដ៏​មហិមា និង​អំណាច​ដែល​បងប្អូន​បាន​ទទួល ឬ​នឹង​ទទួល​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ— ព្រះដំណាក់​នៃ​ព្រះអម្ចាស់ នោះទេ ។​ ហើយ​សាតាំង ពិតជា​មិន​ចង់​ឲ្យ​បងប្អូន​យល់​ថា​គ្រប់ពេល​ដែល​បងប្អូន​បម្រើ និង​ថ្វាយ​បង្គំ​ដោយសក្ដិសម​នៅក្នុង​ព្រះវិហារបរិសុទ្ធ នោះ​បងប្អូន​បាន​ក្រសោប​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ហើយ​មាន​ពួកទេវតា​របស់ទ្រង់ « មើលថែ » បងប្អូន ឡើយ ។​

សាតាំង និង​ពួក​បរិវារវា នឹង​បង្កើត​ជា​ឧបសគ្គ​រារាំង​បងប្អូន​មិន​ឲ្យ​យល់​អំណោយទាន​ខាង​វិញ្ញាណ​ដែល​បងប្អូនមាន និង​អាច​ត្រូវ​បាន​ប្រទានពរ ។ ជាអកុសល ឧសបគ្គ​ទាំងនោះ​មួយចំនួន​កើត​ចេញមកពី​ទង្វើ​មិនល្អ​របស់អ្នកដទៃទៀត ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​សោកសៅ​ពេល​គិត​ថា បងប្អូន​រាល់គ្នា​ត្រូវ​បាន​គេមិន​ឲ្យ​តម្លៃ ឬ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ម្នាក់​មិន​ជឿ ឬ​ត្រូវ​បានប្ដី ឪពុក ឬ​មិត្ត​ម្នាក់​​បំពាន ឬ​ក្បត់​នោះ ។​ ខ្ញុំ​មានអារម្មណ៍​សោកស្ដាយ​ខ្លាំង​ដែល​បងប្អូន​មានអារម្មណ៍​ថា​គេ​មិន​ឲ្យ​តម្លៃ មិនគោរព ឬ​គិត​ខុស ។ ទង្វើ​អាក្រក់ទាំងនេះ គ្មាន​កន្លែង​នៅ​ក្នុង​នគរ​ព្រះឡើយ ។

ផ្ទុយ​ទៅវិញ វា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប នៅពេល​ខ្ញុំ​ដឹង​ថា​ថ្នាក់ដឹកនាំ​បព្វជិតភាព ព្យាយាម​ដាក់បញ្ចូល​ស្ត្រីនៅក្នុងវួដ និង​ស្ដេក​មក​ក្នុង​ក្រុមប្រឹក្សា ។​ ខ្ញុំមាន​ការបំផុសគំនិត​ពីស្វាមី​ម្នាក់ៗ ដែល​បាន​បង្ហាញ​ថា ការទទួលខុសត្រូវ​បព្វជិតភាព​សំខាន់បំផុត​របស់គាត់ គឺ​ដើម្បី​មើលថែ​ភរិយា​របស់គាត់ ។ ខ្ញុំ​សូម​សរសើរ​ដល់​បុរស​ដែល​គោរពដល់​សមត្ថភាព​ភរិយា​របស់គាត់​ក្នុងការ​ទទួល​វិវរណៈ ហើយ​ឲ្យ​តម្លៃ​នាង ជា​ដៃ​គូ​ស្នើ​ភាព​គ្នា​ក្នុង​អាពាហ៍ពិពាហ៍​របស់ពួកគេ ។​

​នៅពេល​បុរសម្នាក់​យល់​អំពី​ភាព​រុងរឿង និង​អំណាច​នៃស្ត្រី​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ដែល​បាន​ទទួលអំណោយទានពិសិដ្ឋ​ដ៏​សុចរិត ដោយព្យាយាម តើ​គាត់មានងឿងឆ្ងល់ទេ ដែលថាគាត់​មានអារម្មណ៍​ថា​ត្រូវក្រោកឈរនៅពេលនាង​ដើរចូ​ល​ក្នុងបន្ទប់នោះ ឬទេ?

ចាប់តាំងពីដំបូងស្ត្រីត្រូវ​បាន​ប្រទានពរឲ្យ​មាន​ត្រីវិស័យ​សីលធម៌​ពិសេស​មួយ— ជា​សមត្ថភាព​ដើម្បី​ញែកដឹងខុសត្រូវ​ ។ អំណោយទាននេះ គឺ​ត្រូវ​បាន​ពង្រីក​នៅ​ក្នុង​ខ្លួន​នៃអ្នកទាំងឡាយ​ដែល​ធ្វើ និងរក្សា​សេចក្ដីសញ្ញានានា ។ ហើយ​វា​កាត់បន្ថយ​​នៅ​ក្នុងខ្លួន​បងប្អូនដែល​មិន​ឲ្យ​តម្លៃដល់​បទបញ្ញត្តិ​របស់ព្រះ​ដោយ​ចេតនា ។

ខ្ញុំ​ប្រញាប់បន្ថែម​ថា ខ្ញុំ​មិ​នមាន​ន័យ​ថា បុរស​អាច​គេច​ពី​តម្រូវការរបស់​ព្រះ​សម្រាប់ ​ពួកគេ ឲ្យ​ញែកដឹង​រវាង​ខុស និងត្រូវនោះទេ ។ ប៉ុន្តែ​បងប្អូន​ស្ត្រី​ជាទីស្រឡាញ់ សមត្ថភាព​របស់បងប្អូន​អាច​ដឹង​សេចក្ដីពិត​ពី​កំហុស ដើម្បី​ការពារ​សីលធម៌របស់សង្គម គឺ​សំខាន់​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ហើយ​យើង​ពឹងផ្អែក​លើ​បងប្អូន​ដើម្បី​បង្រៀន​អ្នកដទៃទៀត​ដូចគ្នា​ផងដែរ ។ ខ្ញុំ​សូម​និយាយ​ឲ្យ​ច្បាស់​ពី​រឿង​នេះ ៖ បើពិភពលោក​នេះ​បាត់បង់​សុចរិតភាព​ខាងសីលធម៌​នៃ​ស្ត្រី នោះពិភពលោក​នឹង ពុំអាច ជា​សះស្បើយ​បានទេ ។

យើងជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពុំ​មែនជា​របស់​ផងលោកិយទេ យើង​គឺជា​ពួក​អ៊ីស្រាអែល​ក្នុង​សេចក្ដីសញ្ញា ។ យើង​ត្រូវ​បាន​ហៅ​ឲ្យ​រៀបចំ​មនុស្ស​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះអម្ចាស់ ។

ឥឡូវ​ខ្ញុំ​សូមបញ្ជាក់​ចំនុច​បន្ថែម​មួយចំនួន​ដោយ​មាន​ការ​គោរព​ដល់​ស្ត្រី និង​បព្វជិតភាព ។​ នៅពេល​បងប្អូន​ត្រូវបាន​ញែកចេញ​ឲ្យ​បម្រើ​នៅក្នុង​ការ​ហៅ​មួយ នៅ​ក្រោម​ការ​ដឹកនាំ​នៃ​អ្នក​ដែល​កាន់កូនសោ​បព្វជិតភាព— ដូចជា​ប៊ីស្សព ឬ​ប្រធានស្ដេក​របស់បងប្អូន— នោះ​បងប្អូន​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​សិទ្ធិអំណាច​បព្វជិតភាព​ដើម្បី​ប្រើនៅ​ក្នុង​ការហៅនោះ ។

ស្រដៀងគ្នានេះផងដែរ នៅក្នុង​ព្រះវិហារបរិសុទ្ធ បងប្អូន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ និង​បម្រើ​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព រាល់​ពេល​ដែលបងប្អូន​ចូលរួម ។​ អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវហារបរិសុទ្ធ​របស់បងប្អូនរៀបចំ​បងប្អូន​ឲ្យ​ធ្វើដូច្នោះ ។

បើបងប្អូន​ត្រូវ​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ប៉ុន្តែ​មិន​ទាន់​បាន​រៀបការ​នឹង​បុរសណា​ម្នាក់​ដែល​កាន់បព្វជិតភាព ឬ​នរណា​ម្នាក់​និយាយ​មកកាន់បងប្អូនថា « ខ្ញុំ​សូម​ទោស ដែលអ្នក​ពុំ​មាន​បព្វជិតភាព​នៅ​ក្នុង​ផ្ទះរបស់អ្នក » សូម​យល់​ថា សេចក្ដីថ្លែង​នោះ​ពុំ​ត្រឹមត្រូវទេ ។ បងប្អូន​អាចពុំ​មែន​ជា អ្នក​កាន់ បព្វជិតភាព​នៅក្នុង​ផ្ទះរបស់​បងប្អូន​ពិត​មែន ប៉ុន្តែ​បងប្អូន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​អំណាច​បព្វជិតភាព​របស់​បងប្អូន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ក្នុង​សេចក្ដី​សញ្ញា​ទាំង​នោះ​ធ្វើ​ឲ្យ​កើត​មាន​នូវ​ការ​ប្រទាន​នៃ​អំណាច​បព្វជិតភាព​របស់​ទ្រង់​មក​លើ​បងប្អូន ។​ ហើយ​សូម​ចងចាំថា បើ​ស្វាមី​របស់​បងប្អូន​ស្លាប់ បងប្អូន នឹង​ធ្វើជា​អធិបតី​នៅក្នុង​ផ្ទះ​របស់​បងប្អូន ។

ក្នុងនាមជា​ស្ត្រី​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ សុចរិត នោះ​បងប្អូន​និយាយ និង​បង្រៀន​ដោយព្រះចេស្ដារ និង​សិទ្ធិអំណាច​មកពីព្រះ ។ ទោះជា​ដោយ​ការដាស់តឿន ឬ​ការ​សន្ទនា នោះយើង​ត្រូវការ​សំឡេង​របស់បងប្អូន​បង្រៀន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ យើង​ត្រូវការមតិ​របស់បងប្អូន​នៅ​ក្នុងក្រុមប្រឹក្សា​គ្រួសារ វួដ និងស្តេក ។ ការចូលរួម​របស់បងប្អូន​គឺ​ចាំបាច់ ហើយពុំ​មែន​មិន​សំខាន់ទេ !

បងប្អូន​ស្រី​ជាទីស្រឡាញ់ អំណាច​របស់បងប្អូន​នឹង​ចម្រើនឡើង នៅពេល​បងប្អូន​បម្រើ​អ្នកដទៃ ។ ការអធិស្ឋាន ការតមអាហារ ពេលវេលា​អាន​បទគម្ពី និង​ការបម្រើ​នៅក្នុង​ព្រះវិហារបរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ​របស់​បងប្អូន នឹង​បើក​ស្ថានសួគ៌​ចំពោះបងប្អូន ។​

ខ្ញុំសូម​អញ្ជើញ​បងប្អូន​ឲ្យ​សិក្សាសេចក្ដីពិត ទាំងអស់ ប្រកប​ដោយ​ការ​អធិស្ឋាន តាម​ដែលបងប្អូន​អាចធ្វើទៅបាន ដើម្បី​ស្វែងរក​អំណាច​បព្វជិតភាព ។ បងប្អូនអាច​ចាប់​ផ្ដើម​ជាមួយ​នឹង គោលលទ្ធិ និង សេចក្តី​សញ្ញា កណ្ឌ​ទី ៨៤ និង ១០៧ ។ កណ្ឌ​ទាំងនោះ​នឹង​ដឹកនាំ​បងប្អូន​ទៅ​រក​វគ្គ​បទគម្ពីរ​ដទៃទៀត ។ បទគម្ពីរ និង​ការបង្រៀន​ដោយ​ពួកព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​សម័យ​ទំនើប ត្រូវ​បាន​បំពេញ​ដោយ​សេចក្ដីពិត​ទាំងនេះ ។ នៅពេល​ការយល់ដឹង​របស់បងប្អូន​ចម្រើនឡើង ហើយ​នៅពេល​បងប្អូន​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់ និង​​អំណាច​បព្វជិតភាព​របស់​ទ្រង់ នោះ​សមត្ថភាព​របស់បងប្អូន​ដើម្បី​​ទាញ​យក​ទ្រព្យ​សម្បត្តិ​ខាង​វិញ្ញាណ​នេះ ដែលព្រះ​បាន​មាន​សម្រាប់បងប្អូន នឹង​ចម្រើនឡើង ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ នោះបងប្អូននឹង​រកឃើញ​ថា​ខ្លួនឯង​អាច​ជួយ​បង្កើត​គ្រួសារ​អស់កល្បជានិច្ច​ដែល​មាន​សាមគ្គីភាព ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​របស់ព្រះអម្ចាស់ ហើយ​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង ។​

រាល់​ការ​ខិតខំ​របស់​យើង​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់គ្នាទៅវិញទៅមក ប្រកាសដំណឹងល្អ ធ្វើ​ឲ្យពួកបរិសុទ្ធ​បាន​គ្រប់លក្ខណ៍ ហើយ​ប្រោសលោះ​មនុស្ស​ស្លាប់ គឺទាក់ទង​គ្នានៅក្នុង​ព្រះវិហារបរិសុទ្ធ ។ ឥឡូវ​យើងមានព្រះវិហារបរិសុទ្ធ​ចំនួន ១៦៦ នៅទូទាំង​ពិភពលោក ហើយ​នឹង​មាន​ច្រើនទៀត ។

ដូច​បងប្អូនបាន​ដឹង​ហើយថា ព្រះវិហារបរិសុទ្ធ​ទីក្រុង​សលត៍ វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ផ្លាសារ​នៅជិត​នឹង​អគារ​ការិយាល័យ​សាសនាចក្រ​នឹង​ត្រូវ​ជួសជុល​ឡើងវិញ​នៅក្នុង​គម្រោងមួយ​ដែល​នឹង​ចាប់​ផ្ដើមបិទ​នៅ​ក្នុង​ឆ្នាំនេះ ។ ព្រះវិហារបរិសុទ្ធ​ពិសិដ្ឋ នេះ ត្រូវ​តែ​រក្សា និង​រៀបចំដើម្បី​បំផុសគំនិត​ជំនាន់​អនាគត ដូចដែល​វា​មាន​ឥទ្ធិពល​មក​លើ​យើង​នៅ​ជំនាន់​នេះ ។

នៅពេល​សាសនាចក្រ​រីកចម្រើន ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ច្រើន​នឹង​ត្រូវ​បាន​សង់ឡើង ដើម្បី​ក្រុមគ្រួសារ​ជាច្រើន​អាច​ទទួលបានពរជ័យ​ដ៏​មហិមាបំផុត គឺ​ជីវិត​អស់កល្បជានិច្ច ។ យើង​គោរព​ព្រះវិហារបរិសុទ្ធ ​ជា សំណង់​អគារ​សាសនាចក្រ​ដែល​ពិសិដ្ឋ​បំផុត ។ នៅពេល​ណា​ផែនការ​ត្រូវបាន​ប្រកាសដើម្បី​សង់​ព្រះវិហារបរិសុទ្ធ​ថ្មី នោះ​វា​ក្លាយជា​ចំណែក​ដ៏សំខាន់​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង ។ ដូច​យើង​បាន​ពិភាក្សា​នា​យប់នេះ បងប្អូន​ស្ត្រីអើយ បងប្អូន​សំខាន់​ចំពោះ​កិច្ចការ​នៃព្រះវិហារបរិសុទ្ធ ហើយ​ព្រះវិហារបរិសុទ្ធ គឺ​ជា​កន្លែង​ដែល​បងប្អូន​នឹង​ទទួល​បាន​នូវទ្រព្យ​សម្បត្តិ​ខាង​វិញ្ញាណ​ដ៏ខ្ពស់បំផុត​របស់បងប្អូន ។

សូម​ស្ដាប់​ដោយ​យកចិត្ត​ទុកដាក់ និង​គារវភាព នៅពេល​ខ្ញុំ​ប្រកាស​អំពី​ផែនការ​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ​ថ្មី​ចំនួន​ប្រាំបីទៀត​ក្នុង​ពេល​ឥឡូវ​នេះ ។ បើ​មាន​ព្រះវិហារបរិសុទ្ធ​មួយ​ត្រូវ​បាន​ប្រកាស​នៅ​កន្លែង​ដែល​មាន​អត្ថន័យ​ចំពោះ​បងប្អូន ខ្ញុំ​សូម​ផ្ដល់​យោបល់​ឲ្យ​បងប្អូន​លំឱន​កាយ​អធិស្ឋាន​ថ្លែង​អំណរគុណ​ក្នុង​ដួងចិត្ត​របស់​បងប្អូន ។ យើង​មាន​ក្ដី​សោមនស្ស​ប្រកាស​អំពី​ផែនការ​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ​នៅ​ក្នុង​ទីតាំង​ដូច​ខាង​ក្រោម ៖ ហ្វ្រីថោន, សៀរ៉ា លីអន, អូរឹម, យូថាហ៍, ផត ម័រេសប៊ី, ប៉ាប៉ៅ នូវ ហ្គីនៀ, បិនតុនវិល, អាកានសាស, បាកូឡុត, ហ្វីលីពីន, ម៉ាក់អាឡិន, តិចសាស, ខូបាន, ហ្គ័រតាមីឡា, និង ថេលើរស្វិល យូថាហ៍ ។ សូម​អរគុណ បងប្អូន​ស្រី ។ ពួក​យើង​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ទទួល​យក​ផែនការ​ទាំងនេះ និង​ឆ្លើយតប​ដោយ​ការគោរព ។

ទីបញ្ចប់ ខ្ញុំ​ចង់​បន្សល់ទុក​ពរជ័យមួយ​មកលើ​បងប្អូន ថា​បងប្អូនអាច​យល់​អំពី​អំណាច​បព្វជិតភាព​ដែល​មាន​ដែល​ត្រូវ​បាន​ប្រទានពរឲ្យ ហើយ​ដែលបងប្អូននឹង​បំពេញ​បន្ថែម​អំណាច​នោះ​ដោយ​ការ​អនុវត្ត​សេចក្ដីជំនឿ​របស់​បងប្អូន លើព្រះអម្ចាស់ និង​ព្រះចេស្ដា​របស់​ទ្រង់ ។

បងប្អូន​ស្ត្រី​ជាទីស្រឡាញ់ ដោយការ​គោរព និងការដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ខ្ញុំ​សូម​សម្ដែង​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បងប្អូន ។ ខ្ញុំ​សូមប្រកាស​ដោយរាបសារ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ! ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។