ឆ្នាំ ២០១០-២០១៩
ការរក្សា​សេចក្ដី​សន្យា និង​សេចក្ដី​សញ្ញា​របស់​យើង
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ការរក្សា​សេចក្ដី​សន្យា និង​សេចក្ដី​សញ្ញា​របស់​យើង

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ពី​សេចក្ដី​សន្យា និង​សេចក្ដី​សញ្ញា​នានា​ដែល​បងប្អូន​ចុះ​ជាមួយ​ព្រះអម្ចាស់ និង​មនុស្ស​ដទៃ ដោយ​ភាពទៀងត្រង់​ដ៏​អស្ចារ្យ ដោយ​ដឹង​ថា សម្ដី​របស់​បងប្អូន​គឺជា​ចំណង​របស់​បងប្អូន ។

បងប្អូន​ប្រុស​ស្រី កាល​យើង​បញ្ចប់​សម័យ​ប្រជុំ​នេះ សូម​ឲ្យ​យើង​ម្នាក់ៗ​ចាំ​ក្នុង​ចិត្ត​ពី​សាក្សី​នៃ​សេចក្ដីពិត​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​កើត​មាន​នៅ​ថ្ងៃនេះ ។ យើង​មាន​ពរ ដែល​មាន​ពេល​ដ៏​ពិសិដ្ឋ​នេះ​រួមគ្នា​ដើម្បី​ពង្រឹង​សេចក្ដី​សន្យា​យើង​ចំពោះ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ថា យើង​គឺជា​អ្នកបម្រើ​របស់​ទ្រង់ ហើយ​ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

សារៈសំខាន់​នៃ​ការចុះ និង​ការរក្សា​សេចក្ដី​សន្យា និង​សេចក្ដី​សញ្ញា​នៅ​ដិត​ជាប់​នឹង​គំនិត​ខ្ញុំ ។ តើ​វា​សំខាន់​ប៉ុណ្ណា​ចំពោះ​បងប្អូន​ដើម្បី​រក្សា​ពាក្យ​សម្ដី​របស់​បងប្អូន ? ឲ្យ​គេ​ទុកចិត្ត ? ធ្វើ​អ្វី​ដែល​បងប្អូន​និយាយ​ថា បងប្អូន​នឹង​ធ្វើ ? ខិតខំ​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​របស់​បងប្អូន ? មាន​ភាពទៀងត្រង់ ? តាមរយៈ​ការប្រកាន់​ខ្ជាប់​នូវ​សេចក្ដី​សន្យា​របស់​យើង​ចំពោះ​ព្រះអម្ចាស់ និង​មនុស្ស​ដទៃ នោះ​យើង​ដើរ​លើ​ផ្លូវ​សេចក្ដី​សញ្ញា ត្រឡប់​ទៅរក​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើងវិញ ហើយ​យើង​ស្គាល់​ពី​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ក្នុង​ជីវិត​យើង ។

ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ គឺជា​គំរូ​ដ៏​អស្ចារ្យ​របស់​យើង ពេល​យើង​និយាយ​ពី​ការចុះ និង​ការរក្សា​សេចក្ដី​សន្យា និង​សេចក្ដី​សញ្ញា ។​ ទ្រង់​បាន​យាង​មក​ឯ​លោកិយ ដោយ​សន្យា​ថា​នឹង​ធ្វើតាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ។ ទ្រង់​បាន​បង្រៀន​គោលការណ៍​នៃ​ដំណឹងល្អ​តាមរយៈ​ព្រះបន្ទូល និង​តាមរយៈ​ទង្វើ ។ ទ្រង់​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​របស់​យើង ដើម្បី​យើង​អាច​បាន​រស់​ម្តងទៀត ។ ទ្រង់​បាន​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់​ទាំងអស់ ។

តើ​យើង​ម្នាក់ៗ​បាន​រក្សា​សេចក្ដី​សន្យា​យើង​ដូចជា​ទ្រង់​ឬ​ទេ ? តើ​មាន​គ្រោះថ្នាក់​អ្វីខ្លះ ប្រសិនបើ​យើង​លួច​បន្ដិច ភ្លាត់​បន្ដិច ឬ​មិន​សូវ​ធ្វើតាម​ការតាំងចិត្ត​របស់​យើង​នោះ ? ចុះ​បើ​យើង​ដើរ​ចេញ​ពី​សេចក្តីសញ្ញា​របស់​យើង​នោះ ? តើ​មនុស្ស​ដទៃ​នឹង « មក​រក​ព្រះគ្រីស្ទ » ដោយសារ​គំរូ​របស់​យើង​ឬទេ ? តើ​បងប្អូន​ចាំ​ពាក្យ​សម្ដី​របស់​បងប្អូន​ឬទេ ? ការរក្សា​សេចក្ដី​សន្យា​មិន​មែន​ជា​ទម្លាប់​ទេ វា​គឺជា​ចរិត​លក្ខណៈ​នៃ​ការក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ទ្រង់​ដឹង​ពី​ភាពទន់ខ្សោយ​របស់​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ បាន​សន្យា​ថា « ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ដ្បិត​យើង​ជា​ព្រះ​អម្ចាស់​គង់​នៅ​ជាមួយ​នឹង​អ្នក » ។ ខ្ញុំ​ដឹង​ពី​វត្តមាន​របស់ទ្រង់ ពេល​ខ្ញុំ​ត្រូវការ​ការអះអាង ការលួងលោម ការយល់​ដឹង ឬ​កម្លាំង​ខាង​វិញ្ញាណ​កាន់តែ​ខ្លាំង ហើយ​ខ្ញុំ​កាន់តែ​មាន​ភាពរាបសា និង​អំណរ​ចំពោះ​ភាពជា​ដៃគូ​ដ៏​ទេវភាព​របស់​ទ្រង់ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « មនុស្ស​គ្រប់រូប​ដែល​លះបង់​ចោល​អំពើបាប​ទាំងឡាយ​របស់​ខ្លួន ហើយ​មករក​យើង ហើយ​អំពាវនាវ​ដល់​ព្រះនាម​របស់​យើង ហើយ​គោរព​តាម​សំឡេង​របស់​យើង ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​យើង នោះ​នឹង​បាន​ឃើញ​ព្រះភក្រ្ត​របស់​យើង ហើយ​ស្គាល់​ថា​យើង​ជា​ព្រះ » ។ នោះ​គឺ​ជា​ការសន្យា​ចុង​បំផុត​របស់​ទ្រង់ ។

ខ្ញុំ​បាន​រៀន​ពី​សារៈសំខាន់​នៃ​ការរក្សា​ពាក្យ​សម្ដី​របស់​ខ្ញុំ​ក្នុង​យុវវ័យ​របស់​ខ្ញុំ ។ ឧទាហរណ៍ ពេល​ខ្ញុំ​ឈរ​យ៉ាង​ត្រង់​ខ្លួន​សូត្រ​សម្បថ​ក្រុម​កាយរិទ្ធិ ។ នៅ​ពេល​នេះ ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ក្រុម​កាយរិទ្ធិ​អាមេរិក​ត្រូវ​បាន​បញ្ចប់​តែ​វា​នឹង​ជា​មរតក​ដ៏​សំខាន់​មួយ​ចំពោះ​ខ្ញុំ និង​សាសនាចក្រ​នេះ​ជានិច្ច ។ ចំពោះ​អង្គភាព​ក្រុម​កាយរិទ្ធិ ចំពោះ​យុវជន និង​យុវនារី​ជាច្រើន​ដែល​បាន​បម្រើ​យ៉ាង​ឧស្សាហ៍​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ក្រុម​កាយរិទ្ធិ ចំពោះ​ម្ដាយ​ទាំងឡាយ—​ជា​អ្នកទទួល​គុណសម្បត្តិ​ពិត​ប្រាកដ—​និង​ចំពោះ​យុវជន ដែល​បាន​ចូលរួម​ក្នុង​ក្រុម​កាយរិទ្ធិ យើង​សូម​និយាយ​ថា « អរគុណ » ។

ក្នុង​សម័យ​ប្រជុំ​នេះ ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន និង​អែលឌើរ ឃ្វីនធិន អិល ឃុក បាន​ប្រកាស​ពី​ការកែសម្រួល​ដែល​នឹង​ប្ដូរ​ការផ្ដោត​សំខាន់​របស់​យើង​លើ​យុវវ័យ ហើយ​សម្រប​អង្គការ​របស់​យើង​ឲ្យ​ត្រូវ​នឹង​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង ។ លើសពី​នេះ កាល​ពី​ថ្ងៃអាទិត្យ​មុន ប្រធាន ណិលសុន និង​ប្រធាន អិម. រ័សុល បាឡឺត បាន​ពន្យល់​ពី​កម្មវិធី​កុមារ និង​យុវវ័យ​ថ្មី​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​សម្រាប់​សាសនាចក្រ​ទាំងមូល ។ វា​ជា​គំនិត​ផ្ដួចផ្ដើម​ទូទាំង​ពិភពលោក ដែល​ផ្ដោតលើ​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​រួបរួម​គ្នា​ក្នុង​ការដឹកនាំ​ថ្មី​នេះ ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ផ្ទាល់ខ្លួន​ខ្ញុំ​ថា ព្រះអម្ចាស់​បាន​ដឹកនាំ​យើង​គ្រប់​ជំហាន​នៅលើ​ផ្លូវ​នេះ ។ ខ្ញុំ​រំភើប​ចំពោះ​កុមារ និង​យុវវ័យ​ក្នុង​សាសនាចក្រ​ ដែល​នឹង​ដក​ពិសោធន៍​ការផ្ដោត​សំខាន់​រួមគ្នា​នេះ លើ​ពួកគេ​ទាំង​នៅ​ផ្ទះ និង​នៅ​សាសនាចក្រ—​តាមរយៈ​ការរៀន​សូត្រ​ដំណឹងល្អ ការបម្រើ និង​សកម្មភាព​នានា ព្រមទាំង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ។

បាវចនា​យុវវ័យ​សម្រាប់​ឆ្នាំ ២០២០ ក្រោយ​នេះ ​ថ្លែង​ពី​ការសន្យា​ពី​បុរាណ​របស់​នីហ្វៃ​ឲ្យ « ទៅ ហើយ​ធ្វើ » ។ លោក​បាន​សរសេរ​ថា « ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​និយាយ​ទៅ​ឪពុក​ខ្ញុំ​ថា ៖ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ​អម្ចាស់​ទ្រង់​មិន​ចេញ​បញ្ជា​ដល់​កូនចៅ​មនុស្ស​ណា​ឡើយ លើក​លែង​តែ​ទ្រង់​នឹង​រៀប​ចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួកគេ​ទុក​ជា​មុន​សិន » ។ ទោះ​បាន​ថ្លែង​ជា​យូរ​ហើយ​ក្ដី ក៏​យើង​រក្សា​សេចក្ដី​សន្យា​នោះ​នៅ​សព្វថ្ងៃ​នេះ​ក្នុង​សាសនាចក្រ​ដែរ ។​

ការ « ទៅ ហើយ​ធ្វើ » មាន​ន័យ​ថា ងើប​ផុត​ពី​របៀប​នៃ​ពិភពលោក​នេះ ការទទួល និង​ការធ្វើ​សកម្មភាព​តាម​វិវរណៈ​ផ្ទាល់ខ្លួន ការរស់នៅ​ដោយ​សុចរិត​ពេញ​ដោយ​ក្ដី​សង្ឃឹម និង​ក្ដី​ជំនឿ​ក្នុង​ពេល​អនាគត ការចុះ និង​រក្សា​សេចក្ដី​សញ្ញា​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បន្ទាប់មក​បង្កើន​ក្ដី​ស្រឡាញ់​របស់​យើង​សម្រាប់​ទ្រង់ ដែលជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ។

សេចក្តី​សញ្ញា​គឺជា​ការសន្យា​ទៅវិញទៅមក​រវាង​យើង​នឹង​ព្រះអម្ចាស់ ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ចុះ​សេចក្តីសញ្ញា​នៅ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ថា លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ រស់នៅ​ដូចជា​ទ្រង់ ។ ដូចជា​អស់​អ្នក​ដែល​បាន​ជ្រមុជ​ទឹក​នៅក្នុង​ទឹក​មរមន​ដែរ យើង​ចុះ​សេចក្ដី​សញ្ញា​ដើម្បី​ក្លាយជា​រាស្ដ្រ​របស់​ទ្រង់ « យល់ព្រម​ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល … ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ … កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី » ។ ការផ្ដល់​ការងារ​បម្រើ​របស់​យើង​ដល់​គ្នាទៅ​វិញ​ទៅ​មក​ក្នុង​សាសនាចក្រ ឆ្លុះ​បញ្ចាំង​ពី​ការតាំងចិត្ត​របស់​យើង​ដើម្បី​រក្សា​ការសន្យា​ទាំងនោះ ។

នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ យើង​រំឭក​ពី​សេចក្ដី​សញ្ញា​ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ទ្រង់ ហើយ​ធ្វើ​ការសន្យា​បន្ថែម​ទៀត​ដើម្បី​កែលម្អ ។ គំនិត និង​សកម្មភាព​របស់​យើង​ប្រចាំថ្ងៃ មិន​ថា​ធំ ឬ​តូច​ទេ ឆ្លុះ​បញ្ចាំង​ពី​ការតាំងចិត្ត​របស់​យើង​ចំពោះ​ទ្រង់ ។ សេចក្ដី​សន្យា​ដ៏​ពិសិដ្ឋ​របស់​ទ្រង់​ចំពោះ​យើង​វិញ​គឺ​ថា « ហើយ​បើសិនជា​អ្នក​រាល់​គ្នា​ចងចាំ​ដល់​យើង​ជានិច្ច នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះវិញ្ញាណ​របស់​យើង​នៅ​នឹង​អ្នក » ។

សំណួរ​ខ្ញុំ​នៅ​ថ្ងៃនេះ​គឺ​ថា តើ​យើង​រក្សា​សេចក្ដី​សន្យា និង​សេចក្ដី​សញ្ញា​របស់​យើង​ឬ​ទេ ឬ​វា​ជា​ការតាំងចិត្ត​មិន​អស់​ពី​ចិត្ត​ពេលខ្លះ ធ្វើ​ដោយ​គាប់ជួន ដូច្នេះ​ហើយ​ងាយ​នឹង​មិន​ធ្វើតាម ? ពេល​យើង​និយាយ​ទៅ​កាន់​នរណា​ម្នាក់​ថា « ខ្ញុំ​នឹង​អធិស្ឋាន​ឲ្យ​អ្នក » តើ​យើង​អធិស្ឋាន​មែន​ឬ​ទេ ? ពេល​យើង​តាំងចិត្ត​ថា « ខ្ញុំ​នឹង​ទៅ​ជួយ​អ្នក » តើ​យើង​នឹង​ទៅជួយ​ដែរឬទេ ? ពេល​យើង​សន្យា​នឹង​ខ្លួនឯង​ថា​នឹង​សង​បំណុល តើ​យើង​បង់​មែន​ឬ​ទេ ? ពេល​យើង​លើក​ដៃ​យើង​គាំទ្រ​សមាជិក​ក្នុង​ការហៅ​ថ្មី​មួយ មាន​ន័យ​ថា​ផ្ដល់​ការគាំទ្រ តើ​យើង​គាំទ្រ​មែន​ឬ​ទេ ?

នា​ល្ងាច​មួយ​កាល​ខ្ញុំ​នៅ​ក្មេង ម្ដាយ​ខ្ញុំ​បាន​អង្គុយ​ជាមួយ​ខ្ញុំ​នៅ​ចុង​គ្រែ​គាត់ ហើយ​និយាយ​ចំៗ​អំពី​សារៈសំខាន់ ក្នុង​ការរស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ គាត់​បាន​និយាយ​ថា « ម៉ែ​ដឹង​តាមរយៈ​បទពិសោធន៍​របស់​អ្នកដទៃ​ជាច្រើន​ឆ្នាំ​ហើយ​ថា ការបាត់បង់​ជីវភាព​ខាងវិញ្ញាណ និង​អារម្មណ៍​ដឹង គឺ​មកពី​ការមិន​ធ្វើតាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » ។ គាត់​បាន​មើល​ចំ​កែវភ្នែក​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា សម្ដី​របស់​គាត់​ចាក់​ទម្លុះ​បេះដូង​ខ្ញុំ ៖ « សន្យា​នឹង​ម៉ែ​ថ្ងៃនេះ​មក រូននី [ គាត់​ហៅ​ខ្ញុំ​ថា រូននី ] ថា​កូន​នឹង​រស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ជានិច្ច ។ ខ្ញុំ​បាន​ធ្វើ​ការសន្យា​នោះ​ជាមួយ​គាត់​យ៉ាង​មុតមាំ ហើយ​ខ្ញុំ​បាន​រក្សា​វា​រាប់​ឆ្នាំ​មក​ហើយ ។

ការប្តេជ្ញាចិត្ត​នោះ​បាន​ជួយ​ខ្ញុំ​យ៉ាងខ្លាំង នៅពេល​ខ្ញុំ​នៅ​ជាមួយ​មិត្តភក្តិ​ក្នុង​យុវវ័យ និង​ច្រើន​ឆ្នាំ​ក្រោយមក ពេល​ខ្ញុំ​ធ្វើ​ជំនួញ ដែល​ការផឹកស៊ី​វា​ជា​រឿង​ធម្មតា ។ ខ្ញុំ​បាន​ធ្វើការ​សម្រេច​ចិត្ត​ជាមុន ដើម្បី​ធ្វើតាម​ច្បាប់​របស់​ព្រះ ហើយ​ខ្ញុំ​មិន​ដែល​បកក្រោយ​ឡើយ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « យើង​ជា​ព្រះអម្ចាស់​ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វីដែល​យើង​មាន​បន្ទូល ប៉ុន្តែ​កាលណា​អ្នករាល់គ្នា មិន​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​មាន​បន្ទូល​ទេ នោះ​អ្នករាល់​គ្នា​ពុំ​មាន​សេចក្តី​សន្យា​ឡើយ » ។ តើ​ទ្រង់​មាន​បន្ទូល​អ្វី ទៅ​អ្នក​ដែល​កាន់តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ? ថា​យើង​នឹង​ទទួល​ការសន្យា​ថា មាន​សុខភាព កម្លាំង ប្រាជ្ញា ចំណេះដឹង ហើយ​ទេវតា​មក​ការពារ​យើង ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ស៊ិស្ទើរ រ៉ាសបាន និង​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ចូល​រួម​ការផ្សារភ្ជាប់​របស់​កូនស្រី​យើង​ម្នាក់ ។ ពេល​យើង​ឈរ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​កូនស្រី​ដែល​មិន​ទាន់​គ្រប់​អាយុ​ចូលរួម​ពិធី​នេះ យើង​បាន​និយាយ​ពី​សារៈសំខាន់​ក្នុង​ការផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ ។ ដូច​ម្ដាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ជាច្រើន​ឆ្នាំ​មុន យើង​បាន​និយាយ​ជាមួយ​កូនស្រី​យើង​ថា « យើង​ចង់​ឲ្យ​កូន​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​សុវត្ថិភាព ហើយ​យើង​ចង់​ឲ្យ​កូន​សន្យា​នឹង​ម៉ាក់​ប៉ា​ថា ពេល​កូន​រកឃើញ​ដៃគូ​ដ៏​អស់កល្ប​របស់​កូន កូន​នឹង​ណាត់​គ្នា​ដើម្បី​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ។ នាង​បាន​សន្យា​នឹង​យើង ។

រូបភាព
កូន​ស្រី និង​កូន​ប្រសារ​របស់​អែលឌើរ រ៉ាសបាន

តាំងពី​នោះ​មក នាង​បាន​និយាយ​ថា ការនិយាយ​របស់​យើង និង​ការសន្យា​របស់​នាង​បាន​ការពារ​នាង ហើយ​រំឭក​នាង​ពី « អ្វី​ដែល​សំខាន់​បំផុត » ។ ក្រោយមក នាង​បាន​ចុះ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ កាល​នាង​បាន​ផ្សារភ្ជាប់​នឹង​ស្វាមី​នាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ប្រធាន​ណិលសុន​បាន​បង្រៀន ៖ « យើង … បង្កើន​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ជីវិត​របស់​យើង​ផងដែរ នៅពេល​យើង​ធ្វើ​សេចក្ដី​សញ្ញា ហើយ​រក្សា​សេចក្ដី​សញ្ញា​ទាំង​នោះ​ឲ្យ​បាន​ជាក់​លាក់ ។ សេចក្តីសញ្ញា​របស់​យើង​ចង​ភ្ជាប់​យើង​ទៅ​នឹង​ទ្រង់ ហើយ​ប្រទាន​ដល់​យើង​នូវ​ព្រះចេស្ដា​របស់​ព្រះ » ។

នៅពេល​យើង​រក្សា​ការសន្យា​ចំពោះ​គ្នា នោះ​យើង​នឹង​រក្សា​សេចក្ដី​សញ្ញា​ចំពោះ​ព្រះអម្ចាស់​កាន់តែ​ខ្លាំង ។ សូម​ចាំ​ដល់​បន្ទូល​របស់​ព្រះអម្ចាស់ ៖ « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ។

សូម​ពិចារណា​ជាមួយ​ខ្ញុំ​ពី​គំរូ​នៃ​សេចក្ដី​សន្យា​ក្នុង​ព្រះគម្ពីរ ។ អាំម៉ូន និង​បុត្រា​របស់​ម៉ូសាយ​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ប្ដេជ្ញា​ថា​នឹង « ទៅ​ប្រកាស​ប្រាប់​ព្រះបន្ទូល​នៃ​ព្រះ » ។១០ នៅពេល​អាំម៉ូន​ត្រូវបាន​ចាប់​ដោយ​ទ័ព​សាសន៍​លេមិន គាត់​ត្រូវបាន​នាំ​ទៅ​មុខ​ស្ដេច​ឡាំម៉ូណៃ​ជា​សាសន៍​លេមិន ។​ លោក​បាន​សន្យា​នឹង​ស្ដេច​ថា « ទូលបង្គំ​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់ » ។១១ នៅពេល​ចោរ​មក​លួច​ចៀម​របស់​ស្ដេច អាំម៉ូន​បាន​កាត់​ដៃ​របស់​ពួកគេ ។ ស្ដេច​បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ទ្រង់​បាន​ស្ដាប់​សារលិខិត​របស់​អាំម៉ូន​អំពី​ដំណឹងល្អ ហើយ​បាន​ប្រែចិត្ត​ជឿ ។

ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ នាង​រស់​បាន​សន្យា​នឹង​ម្ដាយ​ក្មេក​នាង​ថា « ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម » ។១២ នាង​បាន​រស់នៅ​តាម​ពាក្យ​សន្យា​នាង ។ ក្នុង​រឿង​ប្រៀបធៀប​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ សាសន៍​សាម៉ារី​ដ៏​ល្អ​បាន​សន្យា​នឹង​ម្ចាស់​ផ្ទះ​ថា បើ​គាត់​ថែទាំ​អ្នកដំណើរ​រង​របួស​នេះ « បើ​ចួនជា​អ្នក​ចាយ​លើស​ពី​នេះ​ទៅ នោះ​ដល់​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក » ។១៣ សូរាំ​ក្នុង​ព្រះគម្ពីរ​មរមន​បាន​សន្យា​ថា នឹង​ទៅ​ទីរហោស្ថាន​ជាមួយ​នីហ្វៃ និង​បងប្រុស​របស់​គាត់ ។ នីហ្វៃ​បាន​តំណាល​ថា « កាល​សូរាំ​បាន​ស្បថ​ចំពោះ​យើង​រួច​ស្រេច​ហើយ នោះ​សេចក្ដី​ខ្លាច​ទាំង​ប៉ុន្មាន​របស់​យើង​ដែល​មាន​ចំពោះ​គាត់​ក៏​បាត់​អស់​រលីង​ទៅ » ។១៤

តើ​ការ​សន្យា​កាល​ពី​បុរាណ​ដែល​« បាន​ធ្វើ​ដល់​ពួក​ឪពុក »​ដូច​ដែល​បាន​រៀបរាប់​នៅ​ក្នុង​បទគម្ពីរ​ថា « ចិត្ត​នៃ​កូនចៅ​នឹង​បានបង្វែរ​មករក​ពួកឪពុក​របស់​ពួកគេ​វិញ »​គឺជា​អ្វី ? ១៥ នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ពេល​យើង​បាន​ជ្រើស​យក​ផែនការ​របស់​ព្រះ យើង​បាន​ធ្វើ​ការ​សន្យា​មួយ​ដើម្បី​ជួយ​ប្រមូល​អ៊ីស្រាអែល​នៅ​ផ្នែក​សងខាង​នៃ​វាំង​នន ។ អែលឌើរ ចន អេ វិដសូ បាន​ពន្យល់​ច្រើន​ឆ្នាំ​កន្លង​ទៅ​ថា « យើង​បាន​ចូលរួម​ជា​ដៃគូ​មួយ​របស់​ព្រះអម្ចាស់ » ។ « ពេល​នោះ​ដំណោះស្រាយ​ចំពោះ​ផែនការ​នេះ​មិន​មែន​គ្រាន់តែ​ជា​កិច្ចការ​របស់​ព្រះវរបិតា​តែម្នាក់ និង​ជា​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏ជា​កិច្ចការ​របស់​យើង​ផងដែរ » ។១៦

ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍ កាល​លោក​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ថា « ការប្រមូល​ផ្ដុំ [ នេះ ] គឺជា​រឿង​ដ៏​សំខាន់​បំផុត​ដែល​កើតឡើង​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ » ។ « នៅពេល​យើង​និយាយ​អំពី​ការប្រមូលផ្ដុំ យើង​និយាយ​សាមញ្ញ​អំពី​សេចក្ដីពិត​ជា​មូលដ្ឋាន​គ្រឹះនេះ ៖ គ្រប់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​យើង នៅ​ទាំង​សងខាង​នៃ​វាំងនន ស័ក្ដិសម​នឹង​ស្ដាប់​ឮ​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។១៧

ក្នុងនាម​ជា​សាវក​ម្នាក់​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ខ្ញុំ​សូម​បញ្ចប់​ដោយ​ការអញ្ជើញ និង​ការសន្យា​មួយ ។ ការ​អញ្ជើញ​ទីមួយ ៖ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ពី​សេចក្ដី​សន្យា និង​សេចក្ដី​សញ្ញា​ដែល​បងប្អូន​ចុះ​ជាមួយ​ព្រះអម្ចាស់ និង​មនុស្ស​ដទៃ ដោយ​ភាពទៀងត្រង់​ដ៏​អស្ចារ្យ ដោយ​ដឹង​ថា សម្ដី​របស់​បងប្អូន​គឺជា​ចំណង​របស់​បងប្អូន ។ ទីពីរ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា កាល​បងប្អូន​ធ្វើ​ដូច្នេះ ព្រះអម្ចាស់​នឹង​ស្ថាបនា​ពាក្យ​សម្ដី​របស់​បងប្អូន ហើយ​យល់ព្រម​តាម​ទង្វើ​របស់​បងប្អូន កាល​បងប្អូន​ខិតខំ​ដោយ​ឧស្សាហ៍​មិន​ហត់នឿយ ដើម្បី​កសាង​ជីវិត​បងប្អូន គ្រួសារ​បងប្អូន និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ទ្រង់​នឹង​គង់​ជាមួយ​បងប្អូន ហើយ​បងប្អូន​អាច​មើល​ទៅមុខ​ដោយ​ទំនុកចិត្ត​ថា « នឹង​ត្រូវ​បាន​ទទួល​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ [ បងប្អូន ] អាច​រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថាន​ភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ … ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ » ។១៨

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង​សន្យា​អំពី​កិច្ចការ​នេះ ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។