ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការអធិស្ឋាន និង​វិវរណៈ​ផ្ទាល់ខ្លួន


« មេរៀន​ទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការអធិស្ឋាន និង​វិវរណៈ​ផ្ទាល់ខ្លួន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ២៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការអធិស្ឋាន និង​វិវរណៈ​ផ្ទាល់​ខ្លួន

រូបភាព
ស្រ្តី​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យាថា « ត្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន ហើយ​អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ » ( នីហ្វៃទី ៣ ១៤:៨ ) ។ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ពី​ការសន្យា​នេះ ៖ « ការផ្តល់​ឲ្យ​ដែល​គ្មាន​ទីបញ្ចប់​នេះ គឺជា​ការ​ប្រទាន​នូវ​វិវរណៈ​ផ្ទាល់ខ្លួន​ដែល​កើត​មាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ។ វា​ហាក់​ដូចជា​ល្អ​ហួស​ពី​ការពិត ។ ប៉ុន្តែ​វា​គឺពិត​មែន ! »( « Ask, Seek, Knock » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨១ ) ។ នៅពេល​អ្នក​សិក្សា​ឯកសារ​នេះ សូម​គិតពិចារណា​ពី​ប្រសិទ្ធភាព​នៃ​ការអធិស្ឋាន​របស់​អ្នក និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​ជាផ្នែក​មួយ​ដ៏​កាន់តែ​មាន​អត្ថន័យ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ?

នៅពេល អាលម៉ា និង​អាមូលេក បាន​ដឹកនាំ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មួយក្រុម​ដើម្បី​នាំ​ពួក​សាសន៍​សូរាំ ដែល​ក្បត់​សាសនា​មកវិញ​នោះ ពួកលោក​បាន​ភ្ញាក់ផ្អើល កាល​ដែល​ពួកលោក​បាន​ឃើញ​ពី​របៀប​ដែល​សាសន៍​សូរាំ​ថ្វាយបង្គំ និង​អធិស្ឋាន​នៅក្នុង​សាលា​ប្រជុំ​របស់​ពួកគេ ។ ដោយឈរ​នៅលើ​វេទិកា​ដែល​ពួកគេ​ហៅថា រ៉ាមីអុមតុម នោះ​បុគ្គល​ម្នាក់ៗ​ប្ដូរ​វេនគ្នា​សូត្រ​ការអធិស្ឋាន​ដែល​បាន​សរសេរ​ទុកជាមុន ដោយ​ប្រកាស​ថា នឹង​គ្មាន​ព្រះគ្រីស្ទទេ ហើយ​ថា​ព្រះ​បាន​ជ្រើស​យក​ពួកគេ​ដើម្បី​ទទួល​បាន​ការ​សង្គ្រោះ ។ បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​បាន​បញ្ចប់ ពួកសាសន៍​សូរាំ​បាន​ត្រឡប់​ទៅ​ផ្ទះវិញ « ដោយ​មិន​និយាយ​អំពី​ព្រះ​របស់​ពួកគេ​ទៀតឡើយ » រហូតដល់​ពួកគេ​ត្រឡប់មកវិញ​នៅ​សប្តាហ៍​ក្រោយ ។ ( សូមមើល អាលម៉ា ៣១:១២–២៤ ) ។ ក្រោយមក អាលម៉ា និង​អាមូលេក អាច​បង្រៀន​ដំណឹងល្អ​បាន ដោយ​បាន​បញ្ជាក់​ពី​អត្ថន័យ និង​គោលបំណង​ពិតប្រាកដ​នៃ​ការអធិស្ឋាន​ដល់​ពួក​សាសន៍​សូរាំ​ដ៏​រាបសា​មួយ​ក្រុម ( សូមមើល អាលម៉ា ៣២–៣៤ ) ។

រូបភាព
សាសន៍​សូរាំ​កំពុង​អធិស្ឋាន​នៅលើ​រ៉ាមីអុមតុម
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូមអាន អាលម៉ា ៣៤:១៧–២៨ និង​ស្វែងរក​គោលការណ៍​ដែល អាមូលេក បាន​បង្រៀន​សាសន៍​សូរាំ​អំពីការ​អធិស្ឋាន ។

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ជ្រើសរើស​ខគម្ពីរ​មួយ ឬ​ពីរ​ចេញពី អាលម៉ា ៣៤:១៧–២៨ និង​សូម​សរសេរ​ខគម្ពីរ​នោះ​ឡើងវិញ​ឲ្យ​ដូចជា អាមូលេក កំពុង​និយាយ​ជា​ភាសា​សព្វថ្ងៃ​នេះ​ទៅកាន់​នរណា​ម្នាក់​ដែល​មាន​អាយុ​ស្របាល​នឹង​អ្នក​ដែរ ។ ឧទាហរណ៍ សូមគិត​អំពី​យោបល់​ដើម្បី​អធិស្ឋាន « សម្រាប់​ហ្វូង​ចៀម នៅ​ឯ​វាលស្រែ​របស់​អ្នក » ( ខទី ២៥ ) និង​អនុវត្ត​គំនិត​ដូចគ្នា​នេះ​ទៅនឹង​កាលៈទេសៈ​សម័យ​ទំនើប​របស់​យើង ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​ខគម្ពីរ​ដែល​បាន​កែលម្អ​ឡើងវិញ​របស់​អ្នក​នៅក្នុង​ថ្នាក់ ។ សូមពិចារណា​ពីរបៀប​ដែល​អ្នក​អាច​អនុវត្ត​ការបង្រៀន​របស់ អាមូលេក ដើម្បី​កែលម្អ​ការអធិស្ឋាន​ដ៏​ស្មោះសរ និង​ញឹកញាប់​របស់​អ្នក​ផ្ទាល់ ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ?

នៅ​ដើម​នៃ​ព្រះគម្ពីរ​មរមន នីហ្វៃ បាន​កត់ត្រា​បំណងប្រាថ្នា​របស់​លោក​ដើម្បី​យល់ និង​មាន​សាក្សី​ផ្ទាល់ខ្លួន​ពី​សុបិន​របស់​ឪពុក​របស់​លោក ពី​ដើម​ឈើ​ជីវិត និង​ការបង្រៀន​របស់​លោក​ដទៃៗ​ទៀត ( សូមមើល នីហ្វៃទី ១ ១០:១៧ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃទី ១ ១០:១៧–១៩ ហើយ​រកមើល​ពី​អ្វី​ដែល​យើង​អាច​រៀន​ពី​នីហ្វៃ អំពី​ការទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ។ ( កំណត់ចំណាំ ៖ « សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ គឺជា​សេចក្ដី​ពិត​ខាង​វិញ្ញាណ ដែល​បាន​ដឹង​ដោយ​សារ​វិវរណៈ​ប៉ុណ្ណោះ » [ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ] ) ។ ឧទាហរណ៍ សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ​បាន​បើកសម្តែង​ចំពោះ​យើង នៅពេល​យើង​ទទួល​សាក្សី​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះគម្ពីរ​ពិត ។

រូបភាព
នីហ្វៃ​កំពុង​អធិស្ឋាន

ខណៈពេល​ដែល នីហ្វៃ កំពុង​សញ្ជឹងគិត​ពី​ការបង្រៀន​របស់ លីហៃ លោក « ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ » ហើយ​បាន​ទទួល​ការនិមិត្ត​របស់​លោក​ផ្ទាល់ ( នីហ្វៃទី ១ ១១:១ ) ។ នៅក្នុង​ទស្សននិមិត្ត​នេះ នីហ្វៃ បាន​ទទួល​ចំណេះដឹង​បន្ថែម​អំពី​សុបិន​របស់​ឪពុក​លោក​ពី​ដើមឈើ​ជីវិត ការងារបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះ​អង្គ​សង្រ្គោះ ពូជពង្ស​របស់​លោក​នាពេល​អនាគត និង​ការស្តារឡើង​វិញ​នៃ​ដំណឹងល្អ​នៅក្នុង​ថ្ងៃ​ចុងក្រោយ ( សូមមើល នីហ្វៃទី ១ ១១–១៤ ) ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​នីហ្វៃ​បាន​ទុកចិត្ត ហើយ​ជឿលើ​អ្វី​ខ្លះ អំពី​ព្រះ​ដែល​បង្កើន​សមត្ថភាព​របស់​លោក​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​នេះ ?

បន្ទាប់ពី​បទពិសោធន៍​នៃ​វិវរណៈ​នេះ នីហ្វៃ បាន​ត្រឡប់​ទៅ​កាន់​ត្រសាល​របស់​ឪពុក​លោកវិញ ហើយ​បាន​ឃើញ​បងៗ​របស់​គាត់ « កំពុងតែ​ប្រកែក​គ្នា​អំពី​រឿង​ទាំង​ឡាយ ដែល [ លីហៃ ] បាន​និយាយ​ប្រាប់​គេ » ( នីហ្វៃទី ១ ១៥:២ ) ។

រូបភាព
បងៗ​របស់​នីហ្វៃ​កំពុង​ប្រកែក​គ្នា
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃទី ១ ១៥:៣–៤, ៨–១១ ហើយ​សូម​ពិចារណា​ពី​មូលហេតុ​ដែល លេមិន និង​លេមយួល ពិបាក​យល់​ពី​ការបង្រៀន​របស់​លីហៃ ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ចម្ងល់ ឬ សំណួរ​អ្វី​ដែល​អ្នក​បាន​ទូល​ដល់​ព្រះអម្ចាស់ ហើយ​តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ ? តើ​មាន​ចម្ងល់ ឬ​សំណួរ​ណា​ដែល​អ្នក​អាច​ទូល​ទៅ​ព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន​បាន ប៉ុន្តែ​ពុំ​ទាន់​បាន​ទូលទៅ​ដែរ​ឬ​ទេ ? បើ​មាន តើ​អ្វី​ដែល​រារាំង​អ្នក​ពី​ការអធិស្ឋាន​អំពីចម្ងល់ និង​សំណួរ​នោះ ?

ក្រោយមក​នៅក្នុង​ព្រះគម្ពីរ​មរមន យើង​បាន​អាន​អំពី​អ្នក​ច្បាប់​ម្នាក់​ដែល​មាន​ឈ្មោះថា ស៊ីអែសរ៉ុម ដែល​ជា​អ្នក​ព្យាយាម​បំផ្លាញ​ការបង្រៀន​របស់​អាលម៉ា និង​អាមូលេក ។ ក្រោយពី អាមូលេក ចាប់បាន​ស៊ីអែសរ៉ុម នៅពេល​គាត់​ភូតកុហក នោះ​ស៊ីអែសរ៉ុម បាន​បន្ទាបខ្លួន និង​ចាប់ផ្តើម​សួរ អាលម៉ា នូវ​សំណួរ​ដ៏ស្មោះសរ​អំពី​ដំណឹងល្អ ។ អាលម៉ា បានបង្រៀន ស៊ីអែសរ៉ុម ថា សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ ឬ​វិវរណៈ​អាច​ប្រទាន​ឲ្យ​ដល់​តែ​អស់អ្នក​ដែល​មាន​ចិត្ត​រាបសា និង​ស្មោះត្រង់​ប៉ុណ្ណោះ ។ ( សូមមើល អាលម៉ា ១១:២១–១៣:៣១ ) ។

រូបភាព
អាលម៉ា​កំពុងបង្រៀន​ដល់​បណ្តាជន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូមអាន អាលម៉ា ១២:៩–១០ ហើយ​សូម​ពិចារណា​ពី​របៀប​ដែល​អាកប្បកិរិយា និង​សកម្មភាព​របស់​អ្នក​បច្ចុប្បន្ន​អាច​បង្កើន ឬ​បន្ថយ​សមត្ថភាព​ដើម្បី​ទទួល​វិវរណៈ ។

ដោយ​ថ្លែង​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​ទទួល​វិវរណៈ នោះ​ប្រធាន ណិលសុន បាន​បង្រៀន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

សូម​ស្វែង​រក​កន្លែង​ស្ងប់​ស្ងាត់​មួយ ជា​កន្លែង​ដែល​បងប្អូន​អាច​ទៅ​ជា​ប្រចាំ ។ សូម​ធ្វើ​ចិត្ត​រាបសា​នៅ​ចំពោះ​ព្រះ ។ សូម​ចាក់​ស្រោច​ដួង​ចិត្ត​របស់​បងប្អូន​ទៅ​រក​ព្រះវរបិតា​សួគ៌ ។ សូម​ងាក​មក​រក​ទ្រង់​ទូល​សូម​ចម្លើយ និង​ការ​លួង​លោម​ចិត្ត ។

សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​អំពី​កង្វល់ ការ​ភ័យខ្លាច ភាព​ទន់ខ្សោយ​របស់​បងប្អូន—ពិត​ណាស់ ជា​បំណង​ប្រាថ្នា​នៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន ។ បន្ទាប់​មក ចូរ​ស្តាប់ ! សូម​សរសេរ​គំនិត​ដែល​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ។ សូម​កត់​ត្រា​អារម្មណ៍​របស់​បងប្អូន ហើយ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បងប្អូន​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ ។ កាល​បងប្អូន​ធ្វើ​តាម​ដំណើរ​ការ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​រៀង​រាល់​ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ បងប្អូន​នឹង « រីកចម្រើន​នៅ​ក្នុង​គោលការណ៍​នៃ​វិវរណៈ » [ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ១៣២ ] ។ …

គ្មាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានសួគ៌​បើក​ចំហ​ដូចជា​ការដាក់​បញ្ចូល​គ្នា​នៃ​ការកើនឡើង​នូវ​បរិសុទ្ធភាព ការគោរព​ប្រតិបត្តិ​យ៉ាងមុតមាំ ការស្វែងរក​ដោយ​ស្មោះ ការទទួលទាន​ព្រះ​បន្ទូល​នៃ​ព្រះគ្រីស្ទ​រៀងរាល់​ថ្ងៃនៅ​ក្នុង​ព្រះគម្ពីរ​មរមន [ សូមមើល នីហ្វៃទី ២ ៣២:៣ ] និង​ការ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ជា​ទៀង​ទាត់​នោះ​ឡើយ ។ …

… ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ ។ ( « Revelation for the Church, Revelation for Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥, ៩៦ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​កាល​ពី​អតីតកាល​ដែល​បាន​ជួយ​អ្នក​ច្រើនបំផុត​ក្នុង​ការ​ទទួលវិវរណៈ ? តើ​អ្នក​អាច​ធ្វើអ្វី​ខ្លះ​ទៀត ដើម្បី​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុងការ​ទទួល​វិវរណៈ ?